បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lv ជំ. ៧ ទំ. ៨៤-៩៧
  • តើអ្នកមានទស្សនៈដូចព្រះឬទេថាជីវិតមានតម្លៃ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកមានទស្សនៈដូចព្រះឬទេថាជីវិតមានតម្លៃ?
  • «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជីវិត​និង​ឈាម​គឺ​ពិសិដ្ឋ
  • ការ​ប្រើ​ឈាម​ក្នុង​វេជ្ជសាស្ត្រ
  • ច្បាប់​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង​ដូច​ឪពុក​ស្រឡាញ់​កូន
  • កុំ​ស្អប់​អ្នក​ឯ​ទៀត!
  • កុំ​ចូល​រួម​ក្នុង​អង្គការ​ដែល​មាន​ទោស​កម្ចាយ​ឈាម
  • ចូរ​ចាត់​ទុក​ជីវិត​ថា​មាន​តម្លៃ​ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ
  • ចូរមានទស្សនៈដូចព្រះចំពោះជីវិត
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចូរមានទស្សនៈត្រឹមត្រូវអំពីតម្លៃនៃជីវិតរបស់អ្នកដែលជាអំណោយទាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ចូរទទួលការណែនាំពីព្រះដ៏មានព្រះជន្មរស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
lv ជំ. ៧ ទំ. ៨៤-៩៧
ស្ដ្រីម្នាក់ដែលជាគ្រិស្ដសាសនិកបំពេញការសម្រេចចិត្ដរបស់គាត់លើលិខិតប្រគល់សិទ្ធិអំណាច

ជំពូក​ទី​៧

តើ​អ្នក​មាន​ទស្សនៈ​ដូច​ព្រះ​ឬ​ទេ​ថា​ជីវិត​មាន​តម្លៃ?

​«​ជ្រោះ​[​ឬ​«​ប្រភព​»​]​នៃ​ជីវិត នោះ​នៅ​ជា​មួយ​នឹង​ទ្រង់​»។—ទំនុកតម្កើង ៣៦:៩; ៣៦:១០, ខ.ស.

១, ២​. តើ​ព្រះ​បាន​ឲ្យ​អំណោយ​អ្វី​ដែល​សំខាន់​ណាស់​សព្វ​ថ្ងៃ​នេះ? ហើយ​ហេតុ​អ្វី​អំណោយ​នេះ​សំខាន់​ម្ល៉េះ?

បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​បាន​ឲ្យ​អំណោយ​ដ៏​វិសេស​លើស​លប់​មួយ​មក​យើង ពោល​គឺ​ជីវិត​ជា​មនុស្ស​ជាតិ​ដែល​អាច​រិះ​គិត​ពិចារណា ហើយ​បង្ហាញ​គុណ​សម្បត្ដិ​ដូច​លោក។ (​លោកុប្បត្តិ ១:២៧​) ដោយ​សារ​លោក​បាន​ឲ្យ​អំណោយ​ដ៏​វិសេស​នេះ យើង​អាច​ត្រិះរិះ​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ធ្វើ​តាម​គោលការណ៍​គម្ពីរ។ ពេល​ដែល​យើង​អនុវត្ត​គោលការណ៍​គម្ពីរ យើង​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ ហើយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ព្រម​ទាំង​«​បង្វឹក​បង្ហាត់​[​សមត្ថភាព​យល់​ដឹង​]​ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​»។—ហេប្រឺ ៥:១៤

២ សព្វ​ថ្ងៃ​នេះ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ចេះ​ត្រិះរិះ​អំពី​គោលការណ៍​គម្ពីរ ពី​ព្រោះ​ជីវិត​ក្នុង​ពិភព​លោក​នេះ​បាន​ទៅ​ជា​ស្មុគ​ស្មាញ​ដល់​ម្ល៉េះ ដែល​ទោះ​ជា​មាន​ច្បាប់​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​ច្បាប់​ទាំង​នោះ​នឹង​នៅ​តែ​មិន​គ្រប់​គ្រាន់​ដើម្បី​យក​មក​អនុវត្ត​ក្នុង​គ្រប់​កាលៈទេសៈ​ដែល​អាច​កើត​ឡើង​ក្នុង​ជីវិត​ដែរ។ យើង​អាច​ឃើញ​ច្បាស់​ថា​នោះ​គឺ​ពិត​មែន បើ​គិត​អំពី​វេជ្ជសាស្ត្រ ជា​ពិសេស​ផ្នែក​ខាង​វិធី​ព្យាបាល​និង​ផលិតផល​ដែល​ទាក់​ទង​នឹង​ឈាម។ នេះ​ជា​រឿង​សំខាន់​មួយ​ដែល​អស់​អ្នក​ដែល​ចង់​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ ទោះ​ជា​មាន​ជម្រើស​ច្រើន​យ៉ាង​ណា​ក៏​ដោយ បើ​យើង​យល់​គោលការណ៍​គម្ពីរ​ដែល​ទាក់​ទង​នឹង​វិធី​ព្យាបាល​និង​ផលិតផល​ទាំង​នោះ យើង​នឹង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​សម​ស្រប​តាម​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង ហើយ​ដែល​ជួយ​យើង​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។ (​សុភាសិត ២:៦​-​១១​) សូម​ពិចារណា​អំពី​គោលការណ៍​បន្ត​បន្ទាប់​នេះ។

ជីវិត​និង​ឈាម​គឺ​ពិសិដ្ឋ

៣, ៤​. តើ​ពេល​ណា​ដែល​គម្ពីរ​បញ្ជាក់​ជា​លើក​ដំបូង​អំពី​ភាព​ពិសិដ្ឋ​នៃ​ឈាម? តើ​ភាព​ពិសិដ្ឋ​នៃ​ឈាម​មាន​មូលដ្ឋាន​លើ​គោលការណ៍​អ្វី?

៣ មិន​យូរ​ក្រោយ​ពី​កាអ៊ីន​សម្លាប់​អេបិល ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ជា​លើក​ដំបូង​ឲ្យ​ដឹង​ថា​ជីវិត​និង​ឈាម​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​ថា​ជីវិត​និង​ឈាម​គឺ​បរិសុទ្ធ​ឬ​ពិសិដ្ឋ។ ព្រះ​មាន​ប្រសាសន៍​ទៅ​កាអ៊ីន​ថា​៖ ​«​ឮ​សូរ​សំរែ​ក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ​»។ (​លោកុប្បត្តិ ៤:១០​) តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ឈាម​របស់​អេបិល​ជា​តំណាង​ជីវិត​របស់​គាត់ ដែល​បាន​ត្រូវ​កាត់​ផ្ដាច់​យ៉ាង​ឃោរឃៅ។ ដូច្នេះ ក្នុង​ន័យ​មួយ ឈាម​របស់​អេបិល​ស្រែក​អង្វរ​សុំ​ព្រះ​សង​សឹក​ឲ្យ​គាត់។—ហេប្រឺ ១២:២៤

៤ បន្ទាប់​ពី​ទឹក​ជំនន់​នៅ​សម័យ​ណូអេ ព្រះ​បាន​បើក​ឲ្យ​មនុស្ស​បរិភោគ​សាច់​សត្វ តែ​មិន​ឲ្យ​បរិភោគ​ឈាម​របស់​វា​ទេ។ ព្រះ​មាន​ប្រសាសន៍​ថា​៖ ​«​សាច់​ណា​ដែល​នៅ​មាន​ជីវិត គឺជា​ឈាម នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ។ រីឯ​ជីវិត​មនុស្ស​វិញ . . . អញ​នឹង​ទារ​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​នោះ​ជា​មិន​ខាន​»។ (​លោកុប្បត្តិ ៩:៤, ៥​) កូន​ចៅ​ទាំង​អស់​របស់​ណូអេ​ដែល​កើត​មក​ជា​បន្ត​បន្ទាប់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ត្រូវ​ធ្វើ​តាម​បញ្ញត្ដិ​នោះ​ដែរ។ នោះ​បញ្ជាក់​ឡើង​វិញ​នូវ​អត្ថន័យ​នៃ​អ្វី​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាអ៊ីន​ពី​មុន គឺថា​ឈាម​របស់​សត្វ​និង​មនុស្ស​ទាំង​ឡាយ​ជា​តំណាង​ជីវិត។ បញ្ញត្ដិ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ដល់​ណូអេ​ក៏​ជា​ភ័ស្តុតាង​ថា ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​ជីវិត នឹង​ដាក់​ទោស​មនុស្ស​ទាំង​អស់​ដែល​មិន​ចាត់​ទុក​ជីវិត​និង​ឈាម​ជា​អ្វី​ដ៏​ពិសិដ្ឋ​ទេ។—ទំនុកតម្កើង ៣៦:៩

៥, ៦​. តើ​ច្បាប់​ម៉ូសេ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ឈាម​គឺ​ពិសិដ្ឋ​និង​មាន​តម្លៃ​វិសេស? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ចូរ​គោរព​ជីវិត​របស់​សត្វ​»​)

៥ ច្បាប់​ម៉ូសេ​បាន​ស​ឲ្យ​ឃើញ​ការ​ពិត​ដ៏​សំខាន់​លើស​លប់​ទាំង​ពីរ​នេះ។ លេវីវិន័យ ១៧:​១០, ១១​ចែង​ថា​៖ ​«​អ្នក​ណា . . . ដែល​នឹង​បរិភោគ​ឈាម​អ្វី​ក៏​ដោយ នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​ដែល​បរិភោគ​ឈាម​នោះ ហើយ​នឹង​កាត់​គេ​ចេញ​ពី​សាសន៍​របស់​ខ្លួន ដ្បិត​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សំ​រាប់​នឹង​ថ្វាយ​នៅ​លើ​អាស​នា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង។ ដ្បិត​គឺជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន​»​a (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ឈាម​អាច​ជម្រះ​ការ​ខុស​ឆ្គង​»​)។

ឈាម​អាច​ជម្រះ​ការ​ខុស​ឆ្គង

ក្នុង​បណ្ដាំ​របស់​ព្រះ ឈាម​បាន​ត្រូវ​ចាត់​ទុក​ថា​ស្មើ​នឹង​ជីវិត។ ដូច្នេះ នៅ​អ៊ីស្រាអែល​សម័យ​បុរាណ អ្នក​ដែល​ធ្វើ​ខុស​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា​តែ​ប្រែ​ចិត្ត អាច​បូជា​សត្វ​លើ​ទី​បូជា​របស់​ព្រះ ជា​ជាង​ទទួល​ការ​ផ្ដន្ទា​ទោស។ (​លេវីវិន័យ ៤:២៧​-​៣១​) គ្រឿង​បូជា​នេះ​បាន​ជម្រះ​ការ​ខុស​ឆ្គង​របស់​គាត់ ប៉ុន្តែ​គ្រាន់តែ​បណ្ដោះ​អាសន្ន​ទេ។

ពាក្យ​ក្នុង​គម្ពីរ​ថា​«​ជម្រះ​ការ​ខុស​ឆ្គង​»​រួម​បញ្ចូល​អត្ថន័យ​ថា​«​ប្ដូរ​»​ឬ​«​គ្រប​បាំង​»​ ដូច​គម្រប​ត្រឹម​ត្រូវ​អាច​គ្រប​មាត់​ឆ្នាំង​ជិត។ គ្មាន​សត្វ​ណា​អាច​«​គ្រប​បាំង​»​ឬ​ជម្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​ការ​ខុស​ឆ្គង​របស់​មនុស្ស​ណា​ម្នាក់​បាន​ទេ។ ក៏​ប៉ុន្តែ គ្រឿង​បូជា​ដែល​ជា​សត្វ បាន​បង្ហាញ​ទុក​ជា​មុន​អំពី​គ្រឿង​បូជា​ដែល​នឹង​ជម្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​ការ​ខុស​ឆ្គង​នៅ​ថ្ងៃ​មុខ។—ហេប្រឺ ១០:១, ៤

​«​ការ​ប្រគល់​រូប​កាយ​របស់​លោក​យេស៊ូ​គ្រិស្ត មួយ​ដង​ជា​ការ​ស្រេច​»​ បាន​ជម្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​ការ​ខុស​ឆ្គង។ (​ហេប្រឺ ១០:១០​) ​«​ឈាម​ដ៏​ថ្លៃ​វិសេស​»​របស់​គ្រិស្ត ដែល​«​ដូច​ឈាម​របស់​ចៀម​ដែល​គ្មាន​ស្នាម គ្មាន​ប្រឡាក់​»​ ជា​តំណាង​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​គ្រិស្ត​ពេល​លោក​ជា​មនុស្ស ហើយ​ជីវិត​នោះ​គឺ​ស្មើ​នឹង​ជីវិត​របស់​អាដាម​ទាំង​ស្រុង។ (​ពេត្រុសទី១ ១:​១៩​) យ៉ាង​នេះ ដោយ​វិធី​ដ៏​ល្អ​អស្ចារ្យ និង​ដែល​ស​ឲ្យ​ឃើញ​នូវ​សេចក្ដី​ស្រឡាញ់​និង​យុត្ដិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ នោះ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ទទួល​នូវ​«​សេចក្ដី​សង្គ្រោះ​ដែល​គ្មាន​ទី​បញ្ចប់​»។—ហេប្រឺ ៩:១១, ១២; យ៉ូហាន ៣:១៦; ការ​បើក​បង្ហាញ ៧:១៤

៦ បើ​ពួក​គេ​មិន​យក​ឈាម​របស់​សត្វ​ដែល​ពួក​គេ​សម្លាប់​ទៅ​ដាក់​លើ​ទី​បូជា​ទេ នោះ​ពួក​គេ​ត្រូវ​ចាក់​ឈាម​សត្វ​នោះ​ទៅ​លើ​ដី​វិញ។ យ៉ាង​នេះ ក្នុង​ន័យ​ធៀប ជីវិត​របស់​សត្វ​នោះ​បាន​ត្រូវ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ។ (​ចោទិយកថា ១២:១៦; អេសេគាល ១៨:៤​) ប៉ុន្តែ សូម​កត់​សម្គាល់​ថា​ជន​ជាតិ​អ៊ីស្រាអែល​មិន​ចាំ​បាច់​ខំ​ប្រឹង​ពូត​ច្របាច់​លាង​ជម្រះ​សាច់​ដែល​ពួក​គេ​នឹង​បរិភោគ​ទាល់​តែ​អស់​ឈាម​ឡើយ។ ជន​ជាតិ​អ៊ីស្រាអែល​អាច​បរិភោគ​ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ឲ្យ​តែ​ពួក​គេ​បាន​សម្លាប់ ហើយ​សម្រក់​ឈាម​សត្វ​នោះ​តាម​របៀប​ត្រឹម​ត្រូវ ពីព្រោះ​ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បង្ហាញ​ការ​គោរព​ចំពោះ​លោក​ដែល​ជា​អ្នក​ឲ្យ​ជីវិត។

៧​. តើ​ដាវីឌ​បង្ហាញ​ការ​គោរព​ចំពោះ​ភាព​ពិសិដ្ឋ​នៃ​ឈាម​យ៉ាង​ដូច​ម្ដេច?

៧ ដាវីឌ​ដែល​ជា​«​អ្នក​ត្រូវ​នឹង​ចិត្ត​របស់​[​ព្រះ​]​»​ បាន​យល់​គោលការណ៍​ដែល​ជា​មូលដ្ឋាន​នៃ​ច្បាប់​របស់​ព្រះ។ (​សកម្មភាព ១៣:២២​) នៅ​គ្រា​មួយ​ពេល​ដែល​គាត់​ស្រេក​ទឹក​ខ្លាំង នោះ​បុរស​បី​នាក់​របស់​គាត់​បាន​ទម្លាយ​ចូល​ជំរំ​របស់​ទ័ព​សត្រូវ​ទៅ​ដង​ទឹក​ពី​អណ្ដូង រួច​យក​ទៅ​ឲ្យ​ដាវីឌ។ តើ​ដាវីឌ​មាន​ប្រតិកម្ម​យ៉ាង​ណា? ដាវីឌ​សួរ​ថា​៖ ​«​តើ​គួរ​ឲ្យ​ទូល​បង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ?​»។ តាម​ទស្សនៈ​របស់​ដាវីឌ ទឹក​នោះ​គឺ​ដូច​ជា​ឈាម​របស់​បុរស​ទាំង​នោះ​តែ​ម្ដង។ ដូច្នេះ ទោះ​ជា​គាត់​ស្រេក​ទឹក​ខ្លាំង​ក៏​ដោយ គាត់​បាន​«​ចាក់​ច្រួច​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា​»​វិញ។—សាំយូអែល​ទី​២ ២៣:១៥​-​១៧

៨, ៩​. ពេល​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​រៀប​ចំ​ឡើង តើ​ទស្សនៈ​របស់​ព្រះ​ស្តី​អំពី​ជីវិត​និង​ឈាម​បាន​ផ្លាស់​ប្ដូរ​ឬ​ទេ? សូម​ពន្យល់។

៨ ប្រហែល​២.៤០០​ឆ្នាំ​ក្រោយ​ពី​ណូអេ​បាន​ទទួល​បញ្ញត្ដិ​ស្តី​អំពី​ឈាម ហើយ​ប្រហែល​១.៥០០​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ខាង​ច្បាប់ នោះ​លោក​បាន​ដឹក​នាំ​គណៈ​អភិបាល​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ឲ្យ​សរសេរ​ថា​៖ ​«​សកម្មពល​បរិសុទ្ធ​និង​យើង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា លើក​លែង​តែ​អ្វី​ៗ​ដូច​ត​ទៅ​នេះ ដែល​ជា​ការ​ចាំ​បាច់ ពោល​គឺ ជៀស​វាង​ជា​ដាច់​ខាត​ពី​អ្វី​ៗ​ដែល​បាន​ត្រូវ​បូជា​ចំពោះ​រូប​ព្រះ ហើយ​ជៀស​វាង​ពី​ឈាម សាច់​សត្វ​ដែល​បាន​ត្រូវ​សម្លាប់​ដោយ​ច្របាច់ក និង​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។—សកម្មភាព ១៥:​២៨, ២៩

៩ នេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា គណៈ​អភិបាល​នៅ​សម័យ​ដើម​បាន​យល់​អំពី​ភាព​ពិសិដ្ឋ​នៃ​ឈាម ហើយ​ថា​ការ​ប្រើ​ឈាម​តាម​របៀប​មិន​ត្រឹម​ត្រូវ​គឺ​ខុស​សីលធម៌ ដូច​ការ​គោរព​បូជា​រូប​ព្រះ​និង​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដែរ។ គ្រិស្ត​សាសនិក​ពិត​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​គាំទ្រ​គោល​ជំហរ​នោះ​ដែរ។ ម្យ៉ាង​ទៀត ដោយ​សារ​ពួក​គេ​គិត​អំពី​គោលការណ៍​គម្ពីរ​ហើយ​ធ្វើ​តាម​គោលការណ៍​នោះ ពួក​គេ​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ស្តី​អំពី​របៀប​ប្រើ​ឈាម។

ការ​ប្រើ​ឈាម​ក្នុង​វេជ្ជសាស្ត្រ

ស្ដ្រីម្នាក់ដែលជាគ្រិស្ដសាសនិកពន្យល់អំពីការសម្រេចចិត្ដផ្ទាល់ខ្លួនស្ដីអំពីការប្រើឈាមក្នុងការព្យាបាលដល់គ្រូពេទ្យរបស់គាត់

តើ​ខ្ញុំ​នឹង​ពន្យល់​វេជ្ជបណ្ឌិត​យ៉ាង​ដូច​ម្ដេច​អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ស្តី​អំពី​សារធាតុ​ផ្សេង​ៗ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម?

១០, ១១​. (​ក​) តើ​សាក្សី​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឈាម​សុទ្ធ និង​សមាសធាតុ​សំខាន់​ទាំង​បួន​នៃ​ឈាម? (​ខ​) តើ​គ្រិស្ត​សាសនិក​ម្នាក់​ៗ​ប្រហែលជា​មាន​មតិ​ខុស​គ្នា​ចំពោះ​រឿង​អ្វី​ខ្លះ​ស្តី​អំពី​ឈាម?

១០ សាក្សី​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​ថា ការ​«​ជៀស​វាង​ជា​ដាច់​ខាត . . . ពី​ឈាម​»​ មាន​ន័យ​ថា​មិន​ទទួល​ការ​ចាក់​បញ្ចូល​ឈាម មិន​បរិច្ចាគ​ឈាម ឬ​ឲ្យ​គេ​បូម​ឈាម​ខ្លួន​ទុក​ដើម្បី​ចាក់​បញ្ចូល​វិញ​នៅ​ពេល​ក្រោយ​ទេ។ ដោយ​សារ​ពួក​គេ​គោរព​ច្បាប់​របស់​ព្រះ ពួក​គេ​ក៏​មិន​ព្រម​ទទួល​នូវ​សមាសធាតុ​សំខាន់​ទាំង​បួន​នៃ​ឈាម ពោល​គឺ​គោលិកា​ក្រហម គោលិកា​ស ប្លាកែត និង​ប្លាស្មា​ដែរ។

១១ សព្វ​ថ្ងៃ​នេះ តាម​រយៈ​ការ​បំបែក​ធាតុ នោះ​ធាតុ​ផ្សេង​ៗ​ទៀត​អាច​ត្រូវ​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ទាំង​បួន​នៃ​ឈាម ហើយ​យក​ទៅ​ប្រើ​តាម​វិធី​ផ្សេង​ៗ។ តើ​គ្រិស្ត​សាសនិក​ពិត​ម្នាក់​អាច​ទទួល​សារធាតុ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម​បាន​ឬ​ទេ? តើ​គាត់​នៅ​តែ​ចាត់​ទុក​សារធាតុ​នោះ​ថា​ជា​«​ឈាម​»​ឬ​ទេ? គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​រឿង​នេះ ថែម​ទាំង​សម្រេច​ចិត្ត​អំពី​វិធី​ព្យាបាល​ឯ​ទៀត​ដែល​ប្រើ​ឈាម​របស់​អ្នក​ជំងឺ​ផ្ទាល់​ឲ្យ​តែ​ឈាម​នោះ​មិន​បាន​ត្រូវ​ទុក​មួយ​រយៈ​ពេល​សិន។ វិធី​ព្យាបាល​ទាំង​នោះ​មាន​ដូច​ជា​ការ​ច្រោះ​និង​សម្អាត​ឈាម (​hemodialysis​) ការ​បំបែរ​ឈាម​ចូល​ក្នុង​ប្លោក​ហើយ​ចាក់​បញ្ចូល​សូលុយស្យុង​ជំនួស (​hemodilution​) និង​ការ​បូម​ឈាម​ដែល​ហូរ​ចេញ​ក្នុង​អំឡុង​ពេល​វះ​កាត់​ចូល​ក្នុង​ម៉ាស៊ីន​ច្រោះ រួច​បើក​បង្ហូរ​ទៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​វិញ (​cell salvage​) (​សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា ​«ធាតុ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម និង​បច្ចេកទេស​វះ​កាត់​ផ្សេង​ៗ​»​)។

១២​. ពេល​មាន​រឿង​ទាក់​ទង​នឹង​សមត្ថភាព​វិនិច្ឆ័យ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា? ហើយ​តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា?

១២ ដោយ​សារ​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​រឿង​ណា​មួយ តើ​នោះ​មាន​ន័យ​ថា​ការ​សម្រេច​ចិត្ត​របស់​យើង​គឺ​មិន​សូវ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា​ឬ? មិន​មែន​ទេ ពីព្រោះ​ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​គំនិត​និង​បំណង​ចិត្ត​របស់​យើង។ (សូម​អាន សុភាសិត ១៧:៣; ២៤:១២) ដូច្នេះ ក្រោយ​ពី​យើង​បាន​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​ស្រាវជ្រាវ​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​វិធី​ព្យាបាល​ឬ​ផលិត​ផល​វេជ្ជសាស្ត្រ​ណា​មួយ នោះ​យើង​ត្រូវ​ធ្វើ​តាម​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ដែល​បាន​ត្រូវ​អប់រំ​ទៅ​តាម​គម្ពីរ។ (​រ៉ូម ១៤:២, ២២, ២៣​) អ្នក​ឯ​ទៀត​មិន​គួរ​បង្ខំ​យើង​ឲ្យ​ធ្វើ​តាម​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ​ឡើយ។ យើង​ក៏​មិន​ត្រូវ​សួរ​ដែរ​ថា​«​បើ​អ្នក​ជា​ខ្ញុំ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?​»។ ក្នុង​ករណី​បែប​នេះ គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​«​ទទួល​ភារៈ​របស់​ខ្លួន​»​ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​តើ​ខ្ញុំ​ចាត់​ទុក​ឈាម​ជា​អ្វី​ដែល​ពិសិដ្ឋ​ឬ​ទេ?​»​)។—កាឡាទី ៦:៥; រ៉ូម ១៤:១២

តើ​ខ្ញុំ​ចាត់​ទុក​ឈាម​ជា​អ្វី​ដែល​ពិសិដ្ឋ​ឬ​ទេ?

គោលការណ៍: ​«​ជៀស​វាង​ជា​ដាច់​ខាត . . . ពី​ឈាម​»។—សកម្មភាព ១៥:២០

សំណួរ​ខ្លះ​ដែល​អ្នក​អាច​ដណ្ដឹង​សួរ​ខ្លួន

  • តើ​ខ្ញុំ​នឹង​ពន្យល់​យ៉ាង​ដូច​ម្ដេច​នូវ​ភាព​ខុស​គ្នា​រវាង​សារធាតុ​សំខាន់​ទាំង​បួន​នៃ​ឈាម និង​សារធាតុ​ផ្សេង​ៗ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម?d

  • ហេតុ​អ្វី​ខ្ញុំ​គួរ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​នឹង​ទទួល​ឬ​មិន​ទទួល​នូវ​សារធាតុ​ផ្សេង​ៗ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម​ឬ​វិធី​ព្យាបាល​ខ្លះ​ដែល​ប្រើ​ឈាម​របស់​ខ្ញុំ​ផ្ទាល់?—រ៉ូម ១២:២; កាឡាទី ៦:៥

  • តើ​ខ្ញុំ​នឹង​ពន្យល់​វេជ្ជបណ្ឌិត​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​អំពី​មូលហេតុ​ដែល​ខ្ញុំ​ព្រម​ទទួល​ឬ​មិន​ព្រម​ទទួល​នូវ​សារធាតុ​ផ្សេង​ៗ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម?—សុភាសិត ១៣:១៦

ច្បាប់​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង​ដូច​ឪពុក​ស្រឡាញ់​កូន

១៣​. តើ​ច្បាប់​និង​គោលការណ៍​របស់​ព្រះ​យេហូវ៉ា​ស​ឲ្យ​ឃើញ​អ្វី​ខ្លះ​អំពី​លោក? សូម​ឲ្យ​ឧទាហរណ៍។

១៣ ច្បាប់​និង​គោលការណ៍​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​តាម​រយៈ​គម្ពីរ បង្ហាញ​ថា​លោក​ជា​អ្នក​តែង​ច្បាប់​ដែល​មាន​ប្រាជ្ញា ហើយ​បង្ហាញ​ថា​លោក​ជា​បិតា​ដែល​មាន​សេចក្ដី​ស្រឡាញ់ ហើយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខុមាលភាព​របស់​កូន​លោក។ (​ទំនុកតម្កើង ១៩:៧​-​១១​) ពិត​មែន​តែ​បញ្ញត្ដិ​ដែល​ឲ្យ​«​ជៀស​វាង​ជា​ដាច់​ខាត​ពី . . . ឈាម​»​ មិន​មែន​ជា​វិន័យ​សម្រាប់​ថែ​ទាំ​សុខភាព​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បញ្ញត្ដិ​នោះ​ការពារ​យើង​ពី​បញ្ហា​សុខភាព​ដែល​បណ្ដាល​មក​ពី​ការ​ចាក់​បញ្ចូល​ឈាម។ (​សកម្មភាព ១៥:​២០​) តាម​ការ​ពិត វេជ្ជបណ្ឌិត​ជា​ច្រើន​នាក់​ចាត់​ទុក​ការ​វះ​កាត់​ដោយ​មិន​ចាក់​បញ្ចូល​ឈាម​ជា​វិធី​ថែ​ទាំ​សុខភាព​ដែល​«​មាន​គុណ​ភាព​ល្អ​បំផុត​»​នៅ​សម័យ​ទំនើប​នេះ។ ចំពោះ​គ្រិស្ត​សាសនិក​ពិត មតិ​នេះ​ជួយ​បញ្ជាក់​បន្ថែម​ថា​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ដែល​ស្ទង់​ពុំ​បាន​ឡើយ ហើយ​ថា​លោក​ស្រឡាញ់​យើង​ដូច​ឪពុក​ស្រឡាញ់​កូន។—សូម​អាន អេសាយ ៥៥:៩; យ៉ូហាន ១៤:២១, ២៣

១៤, ១៥​. (​ក​) តើ​ច្បាប់​អ្វី​ខ្លះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ព្រះ​ស្រឡាញ់​រាស្ត្រ​របស់​លោក? (​ខ​) តើ​អ្នក​អាច​ធ្វើ​តាម​គោលការណ៍​ដែល​ជា​មូលដ្ឋាន​នៃ​វិន័យ​សម្រាប់​ការពារ​សុវត្ថិភាព​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

១៤ ច្បាប់​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ បញ្ជាក់​ថា​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខុមាលភាព​របស់​រាស្ត្រ​លោក។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​តម្រូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​បង្កាន់​ដៃ​នៅ​ជុំ​វិញ​ដំបូល​ផ្ទះ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដោយ​សារ​ដំបូល​ផ្ទះ​ជា​កន្លែង​ដែល​ពួក​គេ​ធ្វើ​អ្វី​ៗ​ជា​ច្រើន។ (​ចោទិយកថា ២២:​៨; សាំយូអែលទី១ ៩:២៥, ២៦; នេហេមា ៨:១៦; សកម្មភាព ១០:៩​) ព្រះ​ក៏​បាន​បង្គាប់​ឲ្យ​ពួក​គេ​បង្ខាំង​គោ​ឈ្មោល​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ឯ​ទៀត​ដែរ។ (​និក្ខមនំ ២១:២៨, ២៩​) បើ​អ្នក​ណា​រំលង​វិន័យ​ទាំង​នេះ មាន​ន័យ​ថា​អ្នក​នោះ​មិន​គិត​ដល់​សុវត្ថិភាព​និង​សុខុមាលភាព​របស់​អ្នក​ឯ​ទៀត​សោះ ហើយ​អាច​នាំ​ឲ្យ​មាន​ទោស​ឈាម​ទៀត​ផង។

១៥ តើ​អ្នក​អាច​ធ្វើ​តាម​គោលការណ៍​ដែល​ជា​មូលដ្ឋាន​នៃ​ច្បាប់​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច? សូម​គិត​អំពី​ឡាន​ឬ​ម៉ូតូ​របស់​អ្នក របៀប​អ្នក​បើក​បរ សត្វ​ចិញ្ចឹម ផ្ទះ កន្លែង​ធ្វើ​ការ និង​ការ​កម្សាន្ត​របស់​អ្នក។ នៅ​ប្រទេស​ខ្លះ មូលហេតុ​ធំ​ជាង​គេ​ដែល​យុវជន​ស្លាប់ គឺ​គ្រោះ​ថ្នាក់ ដោយ​សារ​យុវជន​ច្រើន​តែ​ប្រថុយ​ជីវិត​ដោយ​មិន​ចាំ​បាច់។ ក៏​ប៉ុន្តែ យុវជន​ដែល​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ជីវិត ហើយ​មិន​ខំ​រក​ការ​សប្បាយ​ដោយ​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​ខ្លួន​មាន​គ្រោះ​ថ្នាក់​ទេ។ ពួក​គេ​មិន​គិត​ដោយ​ល្ងង់​ខ្លៅ​ថា ដោយ​សារ​ពួក​គេ​នៅ​ក្មេង​មិន​អាច​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​សប្បាយ​នឹង​យុវភាព​របស់​ខ្លួន ដោយ​មិន​ផ្សង​គ្រោះ​ថ្នាក់។—សាស្ដា ១១:៩, ១០

១៦​. តើ​គោលការណ៍​គម្ពីរ​អ្វី​ជាប់​ទាក់​ទង​នឹង​ការ​ពន្លូត​កូន? (​សូម​មើល​កំណត់​សម្គាល់​ដែរ​)

១៦ សូម្បី​តែ​ជីវិត​របស់​កូន​ដែល​មិន​ទាន់​កើត​មក ក៏​មាន​តម្លៃ​វិសេស​ចំពោះ​ព្រះ​ដែរ។ នៅ​អ៊ីស្រាអែល​នា​សម័យ​បុរាណ បើ​អ្នក​ណា​បណ្ដាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​គ្រោះ​ថ្នាក់ ហើយ​នាង​ឬ​កូន​របស់​នាង​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​នោះ ព្រះ​បាន​ចាត់​ទុក​ថា​អ្នក​ដែល​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​ឃាតករ ហើយ​អ្នក​នោះ​ត្រូវ​សង​«​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត​»។b (សូម​អាន និក្ខមនំ ២១:២២, ២៣) បើ​ដូច្នេះ សូម​គិត​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​ឃើញ​កូន​ជា​ច្រើន​រាប់​មិន​អស់​ត្រូវ​គេ​ពន្លូត​ដោយ​ចេតនា​រៀង​រាល់​ឆ្នាំ ដោយ​ករណី​ជា​ច្រើន គឺ​ដោយ​សារ​ការ​គិតតែ​ប្រយោជន៍​ខ្លួន​ឬ​ដើម្បី​មាន​សេរីភាព​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។

១៧​. បើ​មនុស្ស​ម្នាក់​បាន​ពន្លូត​កូន​មុន​រៀន​អំពី​ខ្នាត​តម្រា​របស់​ព្រះ តើ​អ្នក​នឹង​សម្រាល​ទុក្ខ​គាត់​យ៉ាង​ដូច​ម្ដេច?

១៧ ចុះ​យ៉ាង​ណា​ស្ត្រី​ដែល​បាន​ពន្លូត​កូន​មុន​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ? តើ​នោះ​មាន​ន័យ​ថា​ព្រះ​នឹង​មិន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​នាង​ឬ? មិន​មាន​ន័យ​ដូច្នេះ​ទេ! តាម​ការ​ពិត មនុស្ស​ដែល​ពិត​ជា​ប្រែ​ចិត្ត​មាន​មូលហេតុ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ​ដោយ​ផ្អែក​លើ​តម្លៃ​នៃ​ឈាម​របស់​លោក​យេស៊ូ។ (​ទំនុកតម្កើង ១០៣:៨​-​១៤; អេភេសូរ ១:៧​) គឺ​ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ឡើយ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​»។—លូកា ៥:៣២

កុំ​ស្អប់​អ្នក​ឯ​ទៀត!

១៨​. តើ​គម្ពីរ​បញ្ជាក់​អំពី​ដើម​ហេតុ​នៃ​ការ​បង្ហូរ​ឈាម​គ្នា​ជា​ច្រើន​យ៉ាង​ដូច​ម្ដេច?

១៨ ព្រះ​យេហូវ៉ា​មិន​គ្រាន់តែ​មិន​ចង់​ឲ្យ​យើង​ធ្វើ​បាប​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ​ទេ តែ​លោក​ចង់​ឲ្យ​យើង​ជម្រុះ​ចេញ​ពី​ចិត្ត​នូវ​មូលហេតុ​ធំ​បំផុត​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា​ជា​ច្រើន ពោល​គឺ​សេចក្ដី​ស្អប់។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​អ្នក​ណា​ដែល​ស្អប់​បង​ប្អូន​ខ្លួន អ្នក​នោះ​ជា​ឃាតករ​»។ (​យ៉ូហានទី១ ៣:១៥​) បុគ្គល​បែប​នោះ​មិន​ត្រឹម​តែ​មិន​ចូល​ចិត្ត​បង​ប្អូន​របស់​ខ្លួន​ទេ តែ​ចង់​ឲ្យ​គាត់​ស្លាប់​តែ​ម្ដង។ សេចក្ដី​ស្អប់​នោះ​ប្រហែលជា​ស​ឲ្យ​ឃើញ​ដោយ​ការ​បង្កាច់​បង្ខូច​បង​ប្អូន​យ៉ាង​សាហាវ ឬ​ការ​ចោទ​ប្រកាន់​ដោយ​មិន​ពិត​ថា​បាន​ធ្វើ​អ្វី​ដែល​គួរ​ទទួល​នូវ​ការ​ផ្ដន្ទា​ទោស​ពី​ព្រះ។ (​លេវីវិន័យ ១៩:១៦; ចោទិយកថា ១៩:១៨​-​២១; ម៉ាថាយ ៥:២២​) បើ​ដូច្នេះ ជា​ការ​សំខាន់​ណាស់​ដែល​យើង​បំបាត់​ឲ្យ​អស់​នូវ​សេចក្ដី​ស្អប់​ណា​ដែល​មាន​ក្នុង​ចិត្ត​យើង!—យ៉ាកុប ១:១៤, ១៥; ៤:១​-​៣

១៩​. តើ​បុគ្គល​ដែល​ឲ្យ​គោលការណ៍​គម្ពីរ​ដឹក​នាំ​ជីវិត មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ​គម្ពីរ​ដូច​ទំនុកតម្កើង ១១:៥ និង​ភីលីព ៤:៨, ៩?

១៩ អ្នក​ដែល​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ថា​ជីវិត​មាន​តម្លៃ ហើយ​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ ក៏​ជៀស​វាង​ពី​អំពើ​ឃោរឃៅ​សព្វ​បែប​យ៉ាង​ដែរ។ ទំនុក​តម្កើង ១១:៥​ចែង​ថា៖ «[ទ្រង់]​ស្អប់​ដល់ . . . ពួក​អ្នក​ដែល​ចូល​ចិត្ត​ខាង​សេចក្ដី​ច្រឡោត​[ឬ​«អំពើ​ឃោរឃៅ»​, ខ.ស.]»។ ខ​គម្ពីរ​នេះ​មិន​គ្រាន់តែ​ជា​ការ​បញ្ជាក់អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ទេ តែ​ជា​គោលការណ៍​មួយ​ដែល​គួរ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​រស់​នៅ​របស់​យើង។ គោលការណ៍​នោះ​ជំរុញ​អ្នក​ដែល​ស្រឡាញ់​ព្រះ​ឲ្យ​ជៀស​វាង​ពី​ការ​កម្សាន្ត​ណា​ដែល​អាច​នាំ​ឲ្យ​ចូល​ចិត្ត​អំពើ​ឃោរឃៅ។ ដូច​គ្នា​ដែរ ពាក្យ​ដែល​ថា​ព្រះ​យេហូវ៉ា​ជា​«ព្រះ​នៃ​សេចក្ដី​សុខសាន្ត» ជំរុញ​អ្នក​បម្រើ​របស់​លោក​ឲ្យ​បំពេញ​ចិត្ត​គំនិត​របស់​ពួក​គេ​ដោយ​អ្វី​ដែល​គួរ​ឲ្យ​ស្រឡាញ់ ប្រកប​ដោយ​គុណធម៌ គួរ​ឲ្យ​សរសើរ និង​ធ្វើ​ឲ្យ​មាន​សន្ដិភាព។—សូម​អាន ភីលីព ៤:៨, ៩

កុំ​ចូល​រួម​ក្នុង​អង្គការ​ដែល​មាន​ទោស​កម្ចាយ​ឈាម

២០​-​២២​. តើ​គ្រិស្ត​សាសនិក​ពិត​កាន់​ជំហរ​អ្វី​ចំពោះ​ពិភព​លោក​នេះ? ហើយ​ហេតុ​អ្វី?

២០ តាម​ទស្សនៈ​របស់​ព្រះ ពិភព​លោក​ទាំង​មូល​របស់​សាថាន​មាន​ទោស​កម្ចាយ​ឈាម។ របប​នយោបាយ​របស់​ពិភព​លោក​នេះ ដែល​គម្ពីរ​ប្រដូច​ទៅ​នឹង​សត្វ​សាហាវ បាន​សម្លាប់​មនុស្ស​ច្រើន​ឥត​គណនា​ដែល​រួម​ទាំង​អ្នក​បម្រើ​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា​ដែរ។ (​ដានីយ៉ែល ៨:៣, ៤, ២០​-​២២; ការ​បើក​បង្ហាញ ១៣:១, ២, ៧, ៨​) ពាណិជ្ជកម្ម​និង​វិទ្យាសាស្ត្រ​បាន​រួម​សហការ​ជា​មួយ​នឹង​រដ្ឋាភិបាល​ដ៏​ឃោរឃៅ​ទាំង​នេះ ដើម្បី​បង្កើត​អាវុធ​ដ៏​សាហាវ​បំផុត ហើយ​ទទួល​ប្រាក់​ចំណេញ​ជា​ច្រើន​ទៀត​ផង។ ជា​ការ​ពិត​ណាស់​ដែល​ថា​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេកំណាច​»។—យ៉ូហាន​ទី​១ ៥:១៩

២១ ដោយ​សារ​អ្នក​កាន់​តាម​លោក​យេស៊ូ​«​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​»​ ហើយ​កាន់​ជំហរ​អព្យាក្រឹត​ទាំង​ស្រុង​ក្នុង​រឿង​នយោបាយ​និង​សង្គ្រាម នោះ​ពួក​គេ​ម្នាក់​ៗ​មិន​ទទួល​ទោស​ឈាម ហើយ​ជា​ក្រុម​ពួក​គេ​ក៏​មិន​ទទួល​ទោស​ឈាម​ដែរ។c (​យ៉ូហាន ១៥:​១៩; ១៧:១៦​) ម្យ៉ាង​ទៀត ពួក​គេ​ធ្វើ​តាម​គំរូ​របស់​គ្រិស្ត​ដោយ​មិន​ប្រើ​អំពើ​ហិង្សា​ដើម្បី​តបត​នឹង​អ្នក​ដែល​បៀតបៀន​ពួក​គេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​សត្រូវ​របស់​ពួក​គេ ហើយ​រហូត​ដល់​អធិដ្ឋាន​ឲ្យ​អ្នក​ទាំង​នោះ​ទៀត​ផង។—ម៉ាថាយ ៥:៤៤; រ៉ូម ១២:១៧​-​២១

២២ សំខាន់​ជាង​នោះ​ទៅ​ទៀត គ្រិស្ត​សាសនិក​ពិត​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​«​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​»​ ដែល​ជា​តំណាង​សាសនា​មិន​ពិត​ទាំង​ឡាយ​ទូ​ទាំង​ពិភព​លោក ហើយ​ដែល​មាន​ទោស​ឈាម​ច្រើន​ជាង​គេ​បំផុត។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​នៅ​ក្នុង​នាង មាន​ឈាម​របស់​ពួក​អ្នក​ប្រកាស​ទំនាយ ពួក​អ្នក​បរិសុទ្ធ និង​អស់​អ្នក​ដែល​បាន​ត្រូវ​សម្លាប់​នៅ​ផែនដី​»។ ហេតុ​នេះ​ហើយ​គម្ពីរ​ព្រមាន​យើង​ថា​៖ ​«​រាស្ត្រ​ខ្ញុំ​អើយ ចូរ​ចេញ​ពី​ក្រុង​នោះ​មក​»។—ការ​បើក​បង្ហាញ ១៧:៦; ១៨:២, ៤, ២៤

២៣​. តើ​ការ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​មាន​ន័យ​ដូច​ម្ដេច?

២៣ ការ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​មិន​គ្រាន់តែ​មាន​ន័យ​ថា​យើង​ឲ្យ​គេ​លុប​ឈ្មោះ​យើង​ចេញ​ពី​បញ្ជី​សមាជិក​ទេ តែ​នោះ​ក៏​មាន​ន័យ​ថា​យើង​ស្អប់​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់​ដែល​សាសនា​មិន​ពិត​បណ្ដោយ​ឲ្យ​មនុស្ស​ធ្វើ ឬ​ដែល​វា​គាំទ្រ​ជា​ចំហ ដូច​ជា​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ និង​ការ​ព្យាយាម​ឲ្យ​បាន​ទ្រព្យ​សម្បត្ដិ​ដោយ​ចិត្ត​លោភ​លន់។ (សូម​អាន ទំនុកតម្កើង ៩៧:១០; ការ​បើក​បង្ហាញ ១៨:៧, ៩, ១១​-​១៧​) សកម្មភាព​ទាំង​នេះ​បាន​នាំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា​ច្រើន​ណាស់!

២៤, ២៥​. (​ក​) តើ​ព្រះ​អាច​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​យ៉ាង​ដូច​ម្ដេច​ចំពោះ​អ្នក​ដែល​មាន​ទោស​ឈាម​តែ​ប្រែ​ចិត្ត​នោះ? (​ខ​) តើ​នេះ​រំលឹក​យើង​អំពី​ការ​រៀប​ចំ​អ្វី​នៅ​សម័យ​គម្ពីរ?

២៤ មុន​យើង​បាន​ចូល​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដ៏​ពិត យើង​ម្នាក់​ៗ​ធ្លាប់​គាំទ្រ​របៀប​របប​ពិភព​លោក​របស់​សាថាន​តាម​របៀប​ណា​មួយ។ ហេតុ​នេះ​យើង​បាន​មាន​ទោស​ឈាម​មួយ​កម្រិត។ ក៏​ប៉ុន្តែ ដោយ​សារ​យើង​បាន​កែប្រែ​ការ​ប្រព្រឹត្ត​របស់​យើង អប់រំ​ខ្លួន​ឲ្យ​មាន​ជំនឿ​លើ​គ្រឿង​បូជា​របស់​គ្រិស្ត​ដែល​ជា​ថ្លៃ​លោះ ហើយ​បាន​ប្រគល់​ជីវិត​ជូន​ព្រះ នោះ​យើង​ទទួល​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ ហើយ​លោក​ការពារ​យើង​ពី​អ្វី​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក។ (​សកម្មភាព ៣:១៩​) ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន​នៅ​សម័យ​គម្ពីរ​រំលឹកយើងអំពី​ការ​ការពារ​នេះ។—ជនគណនា ៣៥:១១​-​១៥; ចោទិយកថា ២១:១​-​៩

២៥ តើ​ក្រុង​ពំនាក់​ជា​អ្វី? បើ​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ដោយ​គ្មាន​ចេតនា នោះ​គាត់​អាច​រត់​ទៅ​ក្រុង​ពំនាក់​មួយ។ ក្រោយ​ពី​ពួក​ចៅ​ក្រម​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​វិនិច្ឆ័យ​រឿង​ក្ដី​ឃើញ​ថា បុគ្គល​នោះ​បាន​សម្លាប់​គេ​ដោយ​អចេតនា​មែន បុគ្គល​នោះ​ត្រូវ​រស់​នៅ​ក្នុង​ក្រុង​ពំនាក់​រហូត​ដល់​សម្ដេច​សង្ឃ​ស្លាប់។ រួច​មក គាត់​មាន​សេរីភាព​ដើម្បី​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ទៀត​វិញ។ គំរូ​នេះ​បង្ហាញ​យ៉ាង​ល្អ​ប្រសើរ​អំពី​សេចក្ដី​មេត្ដា​របស់​ព្រះ​និង​តម្លៃ​ដែល​លោក​ឲ្យ​ទៅ​លើ​ជីវិត​របស់​មនុស្ស! ក្រុង​ពំនាក់​នៅ​សម័យ​បុរាណ​គឺ​ស្រដៀង​នឹង​របៀប​រៀប​ចំ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ ដែល​ការពារ​យើង​កុំ​ឲ្យ​បំពាន​ដោយ​អចេតនា​នូវ​ច្បាប់​របស់​ព្រះ​ស្តី​អំពី​ភាព​ពិសិដ្ឋ​នៃ​ជីវិត​និង​ឈាម។ របៀប​រៀប​ចំ​នេះ​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​របស់​គ្រិស្ត​ដែល​ជា​ថ្លៃ​លោះ។ តើ​អ្នក​យល់​តម្លៃ​នៃ​របៀប​រៀប​ចំ​នេះ​ឬ​ទេ? តើ​អ្នក​អាច​បង្ហាញ​ថា​អ្នក​យល់​តម្លៃ​នៃ​របៀប​រៀប​ចំ​នេះ​យ៉ាង​ដូច​ម្ដេច? វិធី​មួយ​គឺ​ដោយ​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​យក​ការ​ការពារ​ដែល​ព្រះ​បាន​រៀប​ចំ ជា​ពិសេស​ដោយ​សារ​«ទុក្ខវេទនា​ជា​ខ្លាំង»​កំពុង​ឆ្ពោះ​មក​យ៉ាង​លឿន។—ម៉ាថាយ ២៤:២១; កូរិនថូសទី២ ៦:១, ២

ចូរ​ចាត់​ទុក​ជីវិត​ថា​មាន​តម្លៃ​ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ

២៦​-​២៨​. តើ​ស្ថានភាព​របស់​យើង​ស្រដៀង​នឹង​ស្ថានភាព​របស់​អេសេគាល​យ៉ាង​ដូច​ម្ដេច? តើ​តាម​របៀប​ណា​ដែល​យើង​អាច​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់?

២៦ ស្ថានភាព​របស់​រាស្ត្រ​ព្រះ​នៅ​សម័យ​យើង​ធ្វើ​ឲ្យ​នឹក​ឃើញ​ស្ថានភាព​របស់​អេសេគាល ដែល​ជា​អ្នក​ប្រកាស​ទំនាយ​នៅ​សម័យ​បុរាណ។ ព្រះ​យេហូវ៉ា​បាន​តែង​តាំង ហើយ​បាន​បង្គាប់​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​យាម​ល្បាត ដែល​ត្រូវ​ប្រកាស​សេចក្ដី​ព្រមាន​របស់​ព្រះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល។ ព្រះ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ស្ដាប់​ពាក្យ​ពី​មាត់​អញ ហើយ​ប្រកាស​ប្រាប់​គេ​ឲ្យ​អញ​»។ បើ​អេសេគាល​ខក​ខាន​មិន​បំពេញ​កិច្ចការ​នេះ គាត់​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​របស់​អ្នក​ដែល​ត្រូវ​សម្លាប់​ពេល​ក្រុង​យេរូសាឡិម​ទទួល​ការ​វិនិច្ឆ័យ។ (​អេសេគាល ៣៣:៧​-​៩​) ប៉ុន្តែ​អេសេគាល​បាន​ស្ដាប់​បង្គាប់ ហើយ​មិន​មាន​ទោស​ឈាម​ទេ។

២៧ សព្វ​ថ្ងៃ​នេះ យើង​កំពុង​ប្រឈម​មុខ​នឹង​ទី​បញ្ចប់​នៃ​របៀប​របប​ទាំង​មូល​របស់​សាថាន។ ដូច្នេះ សាក្សី​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា ការ​ប្រកាស​អំពី​«​ថ្ងៃ​ដែល​ព្រះ . . . នឹង​សង​សឹក​»​ ហើយ​អំពី​រាជាណាចក្រ​របស់​លោក​ជា​ឯកសិទ្ធិ​និង​ជា​កាតព្វកិច្ច​មួយ។ (​អេសាយ ៦១:២; ម៉ាថាយ ២៤:១៤​) តើ​អ្នក​ចូល​រួម​អស់ពី​សមត្ថភាព​ក្នុង​កិច្ច​ការ​ដ៏​សំខាន់​នេះ​ឬ​ទេ? សាវ័ក​ប៉ូល​បាន​ចាត់​ទុក​កាតព្វកិច្ច​ផ្សព្វ​ផ្សាយ​ថា​ជា​កិច្ចការ​សំខាន់​ណាស់។ ជា​លទ្ធផល គាត់​អាច​និយាយ​ថា​៖ ​«​ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ណា​ម្នាក់​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ខាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​ឱវាទ​ណា​មួយ​របស់​ព្រះ​ឡើយ​»។ (​សកម្មភាព ២០:២៦, ២៧​) នេះ​ជា​គំរូ​ល្អ​ណាស់​ដែល​យើង​អាច​ធ្វើ​តាម!

២៨ ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា នោះ​យើង​មិន​គ្រាន់តែ​ត្រូវ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ឈាម​និង​ជីវិត​ទេ។ យើង​ក៏​ត្រូវ​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ​ឬ​បរិសុទ្ធ​តាម​ទស្សនៈ​លោក​ដែរ ដូច​យើង​នឹង​រៀន​ក្នុង​ជំពូក​បន្ទាប់។

a ស្តី​អំពី​ប្រសាសន៍​របស់​ព្រះ​ដែល​ថា​«​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម​»​ ទស្សនាវដ្ដី​មួយ​បាន​ប្រាប់​ថា​៖ ​«​ពិត​មែន​តែ​ពាក្យ​នេះ​អាច​មាន​ន័យ​ធៀប ប៉ុន្តែ​អត្ថន័យ​ត្រង់​នៃ​ពាក្យ​នេះ​ក៏​ជា​ការ​ពិត​ដែរ គឺ​ប្រភេទ​នីមួយ​ៗ​នៃ​គោលិកា​ឈាម​គឺ​ចាំ​បាច់​ដើម្បី​ទ្រទ្រង់​ជីវិត​»​ (​Scientific American​)។

b ស្តី​អំពី​ពាក្យ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​ខ​នេះ បណ្ឌិត​ខាង​អត្ថន័យ​ពាក្យ​ក្នុង​គម្ពីរ​ប្រាប់​ថា​ពាក្យ​នោះ​«​តាម​មើល​ទៅ​មិន​អាច​សំដៅ​ទៅ​លើ​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​ជា​ម្ដាយ​តែ​ប៉ុណ្ណោះ​ទេ​»។ សូម​កត់​សម្គាល់​ដែរ​ថា គម្ពីរ​មិន​ចែង​សោះ​ថា​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ទោស​ដោយ​គិត​អំពី​អាយុ​នៃ​កូន​ក្នុង​ផ្ទៃ​ម្ដាយ។

c សូម​មើល​ជំពូក​ទី​៥ ​«​របៀប​បង្ហាញ​ថា​យើង​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​»។

d សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​ធាតុ​ដែល​ចម្រាញ់​ចេញ​ពី​ឈាម និង​បច្ចេកទេស​វះ​កាត់​ផ្សេង​ៗ​» ដើម្បី​ទទួល​ព័ត៌មាន​ជាក់​លាក់។

ចូរ​គោរព​ជីវិត​របស់​សត្វ

ទោះ​ជា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​សម្លាប់​សត្វ​ដើម្បី​ធ្វើ​ជា​អាហារ សម្លៀក​បំពាក់​ឬ​ដើម្បី​ការពារ​ខ្លួន​ពី​គ្រោះ​ថ្នាក់​ក៏​ដោយ យើង​ត្រូវ​ប្រើ​សិទ្ធិ​អំណាច​នេះ​ដោយ​មាន​តុល្យ​ភាព​និង​ចិត្ត​សប្បុរស។ (​លោកុប្បត្តិ ៣:២១; ៩:​៣​) យើង​មិន​ចង់​ធ្វើ​តាម​គំរូ​របស់​នីមរ៉ុឌ ជា​មនុស្ស​ឃោរឃៅ​ដែល​តាម​មើល​ទៅ​ធ្លាប់​សម្លាប់​សត្វ គ្រាន់តែ​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ។ (​លោកុប្បត្តិ ១០:៩​) ផ្ទុយ​ទៅ​វិញ យើង​គួរ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​សត្វ​ទាំង​អស់ សូម្បី​តែ​ចាប​ពូក​តូច​ៗ​ក៏​ដោយ។—យ៉ូណាស ៤:១១; ម៉ាថាយ ១០:២៩

ច្បាប់​ម៉ូសេ​បាន​ស​ឲ្យ​ឃើញ​ថា​ព្រះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សត្វ។ (​និក្ខមនំ ២៣:៤, ៥, ១២; ចោទិយកថា ២២:១០; ២៥:៤​) សម​ស្រប​តាម​ច្បាប់​នោះ សុភាសិត ១២:១០​ចែង​ថា​៖ ​«​មនុស្ស​សុចរិត​រមែង​ប្រណី​ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ នោះ​សាហាវ​ណាស់​»។ មិន​យូរ​ទៀត មនុស្ស​ឃោរឃៅ​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​នឹង​លែង​មាន​ទៀត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក