បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/១០ ទំ. ២២-២៧
  • គ្រួសាររបស់ព្រះយេហូវ៉ាមានឯកភាពដ៏មានតម្លៃ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គ្រួសាររបស់ព្រះយេហូវ៉ាមានឯកភាពដ៏មានតម្លៃ
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជា​ការ​ល្អ ហើយ​សម​គួរ!
  • កត្ដា​ដែល​ធ្វើ​ឲ្យ​មាន​ឯកភាព
  • របៀប​រៀប​រយ​អធិតេយ្យ​គឺ​សំខាន់​ណាស់
  • គណៈ​អភិបាល​ចាត់​វិធានការ
  • បំរើ​ដោយ​មាន​ឯកភាព​ព្រះ​ធិបតេយ្យ
  • រក្សាឯកភាពក្នុងថ្ងៃជាន់ក្រោយបង្អស់
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ឯកភាពជាអ្វីដែលគេសម្គាល់ការគោរពប្រណិប័តន៍ពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ឯកភាពរបស់គ្រិស្តសាសនិកធ្វើឲ្យគេសរសើរតម្កើងព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើជនគ្រីស្ទានមានសាមគ្គីភាពដ៏ពិតដោយដូចម្ដេច?
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/១០ ទំ. ២២-២៧

គ្រួសារ​របស់​ព្រះ​យេហូវ៉ា​មាន​ឯកភាព​ដ៏​មាន​តម្លៃ

«មើល ដែល​បងប្អូន​នៅ​មូល​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ»។—ទំនុកដំកើង ១៣៣:១

១. តើ​គ្រួសារ​សព្វ​ថ្ងៃ​នេះ​មាន​ស្ថានភាព​យ៉ាង​ណា?

សព្វ​ថ្ងៃ​នេះ​គ្រួសារ​កំពុង​តែ​មាន​វិបត្ដិ។ ក្នុង​គ្រួសារ​ជា​ច្រើន ចំណង​អាពាហ៍ពិពាហ៍​បាន​ធ្លាក់​ដល់​កំរិត​ដ៏​លំបាក​មួយ។ ការ​លែង​លះ​គ្នា​មាន​កើន​ឡើង​ទូទៅ ហើយ​កូន​ក្មេង​ជា​ច្រើន​នៃ​ឪពុក​ម្ដាយ​ដែល​លែង​លះ​គ្នា​នោះ គឺ​កំពុង​តែ​ជួប​ការ​ដុនដាប​យ៉ាង​ខ្លាំង។ គ្រួសារ​រាប់​លាន​មិន​សប្បាយ​ចិត្ត​ហើយ​គ្មាន​ឯកភាព​នឹង​គ្នា​ទេ។ ប៉ុន្តែ មាន​គ្រួសារ​មួយ​ដែល​ដឹង​ស្គាល់​អំពី​ការ​អរ​សប្បាយ​និង​ឯកភាព​ពិត។ នេះ​ជា​គ្រួសារ​ក្នុង​សកលលោក​របស់​ព្រះ​យេហូវ៉ា។ ក្នុង​គ្រួសារ​នោះ មាន​ទេវតា​ជា​ច្រើន​អនេក​ដែល​អនុវត្ត​កិច្ចការ​របស់​គេ ស្រប​តាម​គោល​បំណង​របស់​ព្រះ។ (ទំនុកដំកើង ១០៣:២០, ២១) ប៉ុន្តែ តើ​មាន​គ្រួសារ​លើ​ផែនដី​ដែល​មាន​ឯកភាព​បែប​នេះ​ទេ?

២, ៣. (ក) តើ​អ្នក​ណា​ដែល​មាន​ផ្នែក​ក្នុង​គ្រួសារ​សកលលោក​របស់​ព្រះ ហើយ​តើ​យើង​អាច​ប្រដូច​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​អស់​សព្វ​ថ្ងៃ​នេះ​ទៅ​នឹង​អ្វី? (ខ) តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​យើង​នឹង​ពិគ្រោះ?

២ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​លុត​ជង្គង់ នៅ​ចំពោះ​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថានសួគ៌ ហើយ​នៅ​ផែនដី មាន​នាម​ត្រកូល​ពី​ទ្រង់​មក»។ (អេភេសូរ ៣:១៤, ១៥) ត្រកូល​គ្រួសារ​គ្រប់ៗ​គ្នា​នៅ​លើ​ផែនដី​មាន​ឈ្មោះ​ដោយសារ​ព្រះ ពីព្រោះ​ទ្រង់​ជា​ព្រះ​អាទិទេព។ ថ្វី​បើ​គ្មាន​គ្រួសារ​មនុស្ស​នៅ​លើ​ស្ថានសួគ៌​ក៏​ដោយ បើ​និយាយ​ជា​ប្រៀបប្រដូច ព្រះ​បាន​រៀប​ការ​ជា​មួយ​អង្គការ​ស្ថានសួគ៌​របស់​ទ្រង់ ហើយ​ព្រះ​យេស៊ូ​នឹង​មាន​កូន​ក្រមុំ​ខាង​វិញ្ញាណ​មក​ចូល​រួម​ជា​មួយ​ទ្រង់​ក្នុង​ស្ថានសួគ៌។ (អេសាយ ៥៤:៥; លូកា ២០:៣៤, ៣៥; កូរិនថូសទី១ ១៥:៥០; កូរិនថូសទី២ ១១:២) ពួក​ស្មោះ​ត្រង់​ចាក់​ប្រេង​តាំង​នៅ​លើ​ផែនដី ឥឡូវ​នេះ​ជា​ផ្នែក​នៃ​គ្រួសារ​ក្នុង​សកលលោក​របស់​ព្រះ ហើយ​«ចៀម​ឯ​ទៀត»​របស់​ព្រះ​យេស៊ូ ដែល​មាន​សង្ឃឹម​រស់​នៅ​លើ​ផែនដី ក៏​ជា​សមាជិក​នៃ​គ្រួសារ​នេះ​ដែរ។ (យ៉ូហាន ១០:១៦; រ៉ូម ៨:១៤​-​១៧; ប៉មយាម ខែ​មករា ១៥ ១៩៩៦ ទំព័រ ៣១) ប៉ុន្តែ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​អស់​នៅ​សព្វ​ថ្ងៃ​នេះ អាច​ប្រដូច​ជា​គ្រួសារ​ពេញ​ពិភពលោក​ដែល​មាន​ឯកភាព។

៣ តើ​អ្នក​មាន​ផ្នែក​ក្នុង​គ្រួសារ​អន្តរជាតិ​ដ៏​អស្ចារ្យ​នៃ​អ្នក​បំរើ​របស់​ព្រះ​ទេ? បើ​មាន​នោះ អ្នក​អាច​មាន​ពរ​ដ៏​ធំ​មួយ។ មនុស្ស​រាប់​លាន​នាក់​នឹង​ផ្ដល់​ភស្តុតាង​ថា គ្រួសារ​ពេញ​ពិភពលោក​របស់​ព្រះ​យេហូវ៉ា—អង្គការ​ដែល​មើល​ឃើញ​របស់​ទ្រង់—ជា​កន្លែង​មាន​សន្ដិភាព​និង​ឯកភាព​ក្នុង​តំបន់​ដែល​មាន​ការ​ទាស់ទែង​និង​ការ​គ្មាន​ឯកភាព។ តើ​ឯកភាព​នៃ​គ្រួសារ​ពេញ​ពិភពលោក​របស់​ព្រះ​យេហូវ៉ា អាច​រៀប​រាប់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​មាន​កត្ដា​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ឯកភាព​បែប​នេះ?

ជា​ការ​ល្អ ហើយ​សម​គួរ!

៤. ក្នុង​ពាក្យ​របស់​អ្នក តើ​អ្នក​អាច​បញ្ចេញ​យោបល់​យ៉ាង​ណា​អំពី​អ្វីៗ​ដែល​ទំនុកដំកើង ១៣៣ ចែង​អំពី​ឯកភាព​នៃ​បងប្អូន?

៤ ដាវីឌ ជា​អ្នក​តែង​បទ​ទំនុកដំកើង​អបអរ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ឯកភាព​នៃ​បងប្អូន។ ព្រះ​បាន​បណ្ដាល​ឲ្យ​គាត់​ច្រៀង​អំពី​រឿង​នេះ​ទៀត​ផង! ចូរ​គិត​អំពី​គាត់​លេង​ពិណ កាល​ដែល​គាត់​ច្រៀង​ថា​៖ «មើល! ដែល​បងប្អូន​នៅ​មូល​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ នោះ​ធៀប​ដូច​ជា​ប្រេង​ដ៏​វិសេស​ដែល​ចាក់​លើ​ក្បាល ក៏​ហូរ​ចុះ​មក​ដល់​ពុក​ចង្កា គឺ​ជា​ពុក​ចង្កា​របស់​អើរ៉ុន រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង ក៏​ធៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើម៉ូន ដែល​ធ្លាក់​មក​លើ​ភ្នំ​ស៊ីយ៉ូន ដ្បិត​នៅ​ទី​នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ព្រះ​ពរ គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច»។—ទំនុកដំកើង ១៣៣:១​-​៣

៥. ទៅ​លើ​មូលដ្ឋាន​នៃ​ទំនុកដំកើង ១៣៣:១, ២ តើ​ការ​ប្រៀបធៀប​អ្វី​ដែល​អាច​ធ្វើ​ឡើង​រវាង​ពួក​អ៊ីស្រាអែល​និង​ពួក​អ្នក​បំរើ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ?

៥ ពាក្យ​ទាំង​នោះ​គឺ​ទាក់ទង​ដល់​ឯកភាព​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ​ពីដើម គឺ​ពួក​អ៊ីស្រាអែល។ ពេល​សំណាក់​ក្នុង​ក្រុង​យេរូសាឡិម​សំរាប់​ធ្វើ​បុណ្យ​បី​ថ្ងៃ​របស់​គេ ពួក​គេ​បាន​រស់​នៅ​ជា​មួយ​គ្នា​ដោយ​ឯកភាព​មែន។ ថ្វី​បើ​ពួក​គេ​មក​ពី​កុលសម្ព័ន្ធ​ផ្សេងៗ​ក៏​ដោយ ពួក​គេ​ជា​គ្រួសារ​តែ​មួយ។ ការ​មក​ជួប​ជុំ​គ្នា​មាន​ឥទ្ធិពល​ដ៏​ល្អ​ទៅ​លើ​គេ ដូច​ជា​ប្រេង​ដ៏​វិសេស​ដែល​មាន​ក្លិន​ក្រអូប។ នៅ​ពេល​ដែល​ប្រេង​បែប​នេះ​បាន​ចាក់​ទៅ​លើ​ក្បាល​អើរ៉ុន គឺ​បាន​ហូរ​ចុះ​ដល់​ពុក​ចង្កា រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង។ ចំពោះ​ពួក​អ៊ីស្រាអែល ការ​មក​ជួប​ជុំ​គ្នា​មាន​ឥទ្ធិពល​ដ៏​ល្អ ដែល​ច្រៀប​ចូល​ដល់​បណ្ដាជន​ទាំង​មូល។ ការ​យល់​ច្រឡំ​បាន​ដោះ​ស្រាយ ហើយ​បាន​ផ្សព្វផ្សាយ​ឲ្យ​មាន​ឯកភាព។ ឯកភាព​បែប​នេះ​ក៏​មាន​នៅ​ក្នុង​គ្រួសារ​ទូទៅ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ដែរ។ ការ​ចូល​រួម​ទៀងទាត់​ជា​មួយ​អ្នក​ជឿ​គ្នីគ្នា មាន​លទ្ធផល​ដ៏​ល្អ​ខាង​វិញ្ញាណ​ទៅ​លើ​ពួក​សមាជិក​ទាំង​ឡាយ។ ការ​យល់​ច្រឡំ​ណា​មួយ ឬ​ការ​ពិបាក​អ្វី​មួយ​ត្រូវ​បាន​យក​ចេញ កាល​ដែល​គេ​អនុវត្ត​តាម​ឱវាទ​របស់​ព្រះ។ (ម៉ាថាយ ៥:២៣, ២៤; ១៨:១៥​-​១៧) ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​អបអរ​យ៉ាង​ខ្លាំង ដល់​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដែល​មាន​មក​ពី​ឯកភាព​នៃ​បងប្អូន​របស់​គេ។

៦, ៧. តើ​តាម​របៀប​ណា​ដែល​ឯកភាព​របស់​ពួក​អ៊ីស្រាអែល​ដូច​ជា​ទឹក​សន្សើម​នៃ​ភ្នំ​ហ៊ើម៉ូន ហើយ​សព្វ​ថ្ងៃ​នេះ​តើ​ពរ​របស់​ព្រះ​អាច​រក​ឃើញ​នៅ​កន្លែង​ណា?

៦ តើ​តាម​របៀប​ណា​ដែល​ឯកភាព​របស់​ពួក​អ៊ីស្រាអែល ដូច​ជា​ទឹក​សន្សើម​នៃ​ភ្នំ​ហ៊ើម៉ូន? ពីព្រោះ​កំពូល​ភ្នំ​នេះ​មាន​កំពស់​រហូត​ដល់​២.៨០០​ម៉ែត្រ​លើ​ផ្ទៃ​សមុទ្រ នោះ​មាន​ទឹក​កក​នៅ​លើ​កំពូល​សឹង​តែ​ពេញ​មួយ​ឆ្នាំ។ កំពូល​ភ្នំ​ទឹក​កក​នៃ​ភ្នំ​ហ៊ើម៉ូន​ធ្វើ​ឲ្យ​មាន​កំណ​នៃ​ចំហាយ​ពេល​យប់ ម្ល៉ោះ​ហើយ​ក៏​កើត​មាន​ទឹក​សន្សើម​បរិបូរ សំរាប់​ដំណាំ​ក្នុង​រដូវ​ស្ងួត។ ចរន្ត​ខ្យល់​ត្រជាក់​ពី​ភ្នំ​ហ៊ើម៉ូន​អាច​បក់​ចំហាយ​នេះ ទៅ​ដល់​ទិស​ខាង​ត្បូង​នៃ​តំបន់​យេរូសាឡិម ដែល​ធ្វើ​ឲ្យ​ទៅ​ជា​ទឹក​សន្សើម។ ដូច្នេះ អ្នក​តែង​បទ​ទំនុកដំកើង​បាន​និយាយ​យ៉ាង​ត្រឹម​ត្រូវ​អំពី‹ទឹក​សន្សើម​នៃ​ភ្នំ​ហ៊ើម៉ូន​ចុះ​ពី​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន›។ នេះ​ជា​ការ​រំឭក​អំពី​ឥទ្ធិពល​ដ៏​ត្រជាក់​ដែល​ធ្វើ​ឲ្យ​មាន​ឯកភាព​នៃ​គ្រួសារ​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា!

៧ មុន​ក្រុមជំនុំ​គ្រីស្ទាន​ត្រូវ​បាន​ស្ថាបនា​ឡើង ភ្នំ​ស៊ីយ៉ូន ឬ​ក្រុង​យេរូសាឡិម​ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​ពិត។ ដូច្នេះ​ហើយ បាន​ជា​ព្រះ​បញ្ជា​ឲ្យ​មាន​ពរ​មក​ដល់​ទី​នោះ។ ដោយ​ព្រោះ​តែ​ប្រភព​នៃ​ពរ​ស្ថិត​នៅ​ក្នុង​ទី​បរិសុទ្ធ​ក្នុង​យេរូសាឡិម ពរ​នឹង​ចេញ​ពី​ទី​នោះ។ ពីព្រោះ​តែ​ការ​ថ្វាយ​បង្គំ​ពិត​មិន​នៅ​កន្លែង​ពិត​ប្រាកដ​ណា​មួយ​នោះ ដូច្នេះ​ពរ សេចក្ដី​ស្រឡាញ់ និង​ឯកភាព​នៃ​ពួក​អ្នក​បំរើ​របស់​ព្រះ អាច​ឃើញ​មាន​គ្រប់​កន្លែង​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ។ (យ៉ូហាន ១៣:៣៤, ៣៥) តើ​កត្ដា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​ឯកភាព​នេះ?

កត្ដា​ដែល​ធ្វើ​ឲ្យ​មាន​ឯកភាព

៨. តើ​អ្វី​ដែល​យើង​រៀន​អំពី​ឯកភាព​ក្នុង​យ៉ូហាន ១៧:២០, ២១?

៨ ឯកភាព​នៃ​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា គឺ​មាន​មូលដ្ឋាន​ទៅ​លើ​ការ​គោរព​តាម​បន្ទូល​របស់​ព្រះ​ដែល​បាន​យល់​យ៉ាង​ត្រឹម​ត្រូវ រួម​បញ្ចូល​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ដោយសារ​ព្រះ​យេហូវ៉ា​បាន​បញ្ជូន​រាជបុត្រា​របស់​ទ្រង់​ឲ្យ​ចូល​មក​ក្នុង​លោក ឲ្យ​ធ្វើ​បន្ទាល់​ដល់​សេចក្ដី​ពិត ហើយ​ឲ្យ​សោយទិវង្គត​ជា​យញ្ញបូជា នេះ​បាន​បើក​ឲ្យ​បង្កើត​ក្រុមជំនុំ​គ្រីស្ទាន​ដ៏​មាន​ឯកភាព។ (យ៉ូហាន ៣:១៦; ១៨:៣៧) ដែល​ថា​ត្រូវ​មាន​ឯកភាព​ពិត​ក្នុង​ចំណោម​សមាជិក ត្រូវ​បាន​បញ្ជាក់​មក​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ថា​៖ «ទូល​បង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូល​បង្គំ ដោយសារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះ​វរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូល​បង្គំ ហើយ​ទូល​បង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង ប្រយោជន៍​ឲ្យ​លោកីយ​បាន​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូល​បង្គំ​មក​ពិត»។ (យ៉ូហាន ១៧:២០, ២១) ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​ទទួល​ឯកភាព​ដូច​មាន​រវាង​ព្រះ​និង​រាជបុត្រា​របស់​ទ្រង់។ នេះ​គឺ​ពីព្រោះ​ពួក​គេ​ធ្វើ​តាម​បន្ទូល​របស់​ព្រះ និង​តាម​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ។ អាកប្បកិរិយា​ដូច​នេះ​ជា​កត្ដា​ដ៏​ធំ​មួយ​ក្នុង​ឯកភាព​នៃ​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ពេញ​ពិភពលោក​សព្វ​ថ្ងៃ​នេះ។

៩. តើ​វិញ្ញាណ​បរិសុទ្ធ​មាន​មុខ​នាទី​អ្វី​ក្នុង​ឯកភាព​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

៩ កត្ដា​មួយ​ទៀត​ដែល​បង្រួបបង្រួម​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា គឺ​ពីព្រោះ​យើង​មាន​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ឬ​សកម្ម​ពល។ នេះ​បាន​ជួយ​យើង​ឲ្យ​យល់​សេចក្ដី​ពិត​នៃ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​លាត​ត្រដាង​មក ម្ល៉ោះ​ហើយ​យើង​បំរើ​ទ្រង់​ដោយ​ឯកភាព។ (យ៉ូហាន ១៦:១២, ១៣) វិញ្ញាណ​នេះ​ជួយ​យើង​ឲ្យ​ចៀស​វាង​កិច្ចការ​ខាង​សាច់​ឈាម​ដែល​ធ្វើ​ឲ្យ​បែក​ខ្ញែក ដូច​ជា​ការ​មិន​ស្រុះស្រួល​គ្នា ការ​ច្រណែន កំហឹង និង​ការ​ទាស់ទែង។ ផ្ទុយ​ទៅ​វិញ វិញ្ញាណ​របស់​ព្រះ​ជួយ​យើង​បណ្ដុះ​ផលផ្លែ​ដ៏​បង្រួបបង្រួម​នៃ​សេចក្ដី​ស្រឡាញ់ អំណរ មេត្រីភាព ចិត្ត​អត់ធ្មត់ ចិត្ត​សប្បុរស សេចក្ដី​ល្អ ជំនឿ ស្លូតបូត និង​ការ​ទប់​ចិត្ត។—កាឡាទី ៥:១៩​-​២៣

១០. (ក) តើ​មាន​ការ​ស្រដៀង​គ្នា​អ្វី​រវាង​សេចក្ដី​ស្រឡាញ់​ដែល​មាន​ក្នុង​គ្រួសារ​របស់​មនុស្ស និង​សេចក្ដី​ស្រឡាញ់​ដែល​ឃើញ​ជាក់​ស្តែង​ក្នុង​ចំណោម​ពួក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា? (ខ) តើ​សមាជិក​ម្នាក់​នៃ​គណៈ​អភិបាល​បញ្ចេញ​អារម្មណ៍​យ៉ាង​ណា​អំពី​កិច្ច​ប្រជុំ​ជា​មួយ​បងប្អូន​ខាង​វិញ្ញាណ​របស់​គាត់?

១០ សមាជិក​នៃ​គ្រួសារ​ដែល​មាន​សាមគ្គីភាព ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ចិត្ត​រីករាយ​នៅ​ជា​មួយ​គ្នា។ ជា​ការ​ស្រដៀង​គ្នា​ដែរ ពួក​អ្នក​ដែល​នៅ​ក្នុង​គ្រួសារ​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដោយ​ឯកភាព គឺ​ស្រឡាញ់​ទ្រង់ រាជបុត្រា​របស់​ទ្រង់ និង​ពួក​អ្នក​ជឿ​គ្នីគ្នា។ (ម៉ាកុស ១២:៣០; យ៉ូហាន ២១:១៥​-​១៧; យ៉ូហានទី១ ៤:២១) ដូច​ជា​គ្រួសារ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ដ៏​រីករាយ​ក្នុង​ការ​បរិភោគ​អាហារ​ជា​មួយ​គ្នា ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​ក៏​មាន​ចិត្ត​រីករាយ​ក្នុង​ការ​មក​កិច្ច​ប្រជុំ​គ្រីស្ទាន សន្និបាត មហា​សន្និបាត​ដើម្បី​ទទួល​ប្រយោជន៍​ពី​ការ​រួបរួម​ដ៏​ល្អ ហើយ​អាហារ​ខាង​វិញ្ញាណ​ដ៏​ប្រសើរ។ (ម៉ាថាយ ២៤:៤៥​-​៤៧; ហេព្រើរ ១០:២៤, ២៥) សមាជិក​នៃ​គណៈ​អភិបាល​របស់​ព្រះ​យេហូវ៉ា​ម្នាក់ នៅ​ពេល​មួយ​បាន​មាន​ប្រសាសន៍​ថា​៖ «ចំពោះ​ខ្ញុំ ការ​មក​ជួប​បងប្អូន​ជា​អ្វី​ដ៏​សប្បាយ​មួយ​ក្នុង​ជីវិត ហើយ​ជា​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត​ទៀត​ផង។ ខ្ញុំ​ចូល​ចិត្ត​មក​សាលព្រះរាជាណាចក្រ​មុន​គេ ហើយ​ចេញ​ទៅ​ផ្ទះ​ក្រោយ​គេ បើ​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​មាន​ចិត្ត​អរ​ណាស់ នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ជា​មួយ​ប្រជា​រាស្ត្រ​របស់​ព្រះ។ នៅ​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ចំណោម​ពួក​គេ ខ្ញុំ​មាន​ចិត្ត​ធូរ​ស្រាល​ល្ហែ​ល្ហើយ​ជា​មួយ​គ្រួសារ​របស់​ខ្ញុំ»។ តើ​អ្នក​មាន​អារម្មណ៍​ដូច​នេះ​ទេ?—ទំនុកដំកើង ២៧:៤

១១. ក្នុង​កិច្ចការ​អ្វី​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ពិសេស​មាន​ចិត្ត​រីករាយ​ធ្វើ ហើយ​មាន​លទ្ធផល​យ៉ាង​ណា ដោយ​ចាត់​ទុក​កិច្ច​បំរើ​ព្រះ​ទី​មួយ​ក្នុង​ជីវិត​របស់​យើង?

១១ គ្រួសារ​ដែល​ប្រកប​ដោយ​ឯកភាព​មាន​សុភមង្គល​ក្នុង​ការ​ធ្វើ​អ្វី​ជា​មួយ​គ្នា។ ស្រដៀង​គ្នា​នេះ​ដែរ ពួក​អ្នក​ដែល​នៅ​ក្នុង​គ្រួសារ​នៃ​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា មាន​ចិត្ត​អរ​សប្បាយ​ក្នុង​ការ​ផ្សាយ​ព្រះ​រាជាណាចក្រ​និង​ការ​បង្កើត​ឲ្យ​មាន​សិស្ស​ជា​មួយ​គ្នា។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ការ​ចូល​រួម​ដ៏​ទៀងទាត់​ក្នុង​កិច្ចការ​នេះ ធ្វើ​ឲ្យ​យើង​មក​ជិត​ស្មរបន្ទាល់​ឯ​ទៀត​នៃ​ព្រះ​យេហូវ៉ា។ ការ​ចាត់​ទុក​ការ​បំរើ​ព្រះ​ទី​មួយ​ក្នុង​ជីវិត​របស់​យើង ហើយ​គាំទ្រ​កិច្ចការ​ទាំង​ឡាយ​នៃ​ប្រជា​រាស្ត្រ​របស់​ទ្រង់ ក៏​ធ្វើ​ឲ្យ​មាន​គំនិត​ខាង​គ្រួសារ​ក្នុង​ចំណោម​យើង​ដែរ។

របៀប​រៀប​រយ​អធិតេយ្យ​គឺ​សំខាន់​ណាស់

១២. តើ​អ្វី​ជា​លក្ខណៈ​នៃ​គ្រួសារ​ដ៏​សប្បាយ​និង​មាន​ឯកភាព ហើយ​មាន​របៀប​រៀប​ចំ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ឯកភាព​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ក្នុង​សតវត្ស​ទី​មួយ?

១២ គ្រួសារ​ដែល​មាន​មេ​ដឹក​នាំ​ដ៏​ម៉ឺងម៉ាត់​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ដ៏​រៀប​រយ គឺ​ប្រហែល​ជា​នឹង​មាន​ឯកភាព​និង​សេចក្ដីរីករាយ។ (អេភេសូរ ៥:២២, ៣៣; ៦:១) ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​របៀប​រៀប​រយ​ដ៏​សុខសាន្ត ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​គ្រួសារ​របស់​ទ្រង់ ចាត់​ទុក​ទ្រង់​ជា​«ព្រះ​ដ៏​ខ្ពស់​បំផុត»។ (ដានីយ៉ែល ៧:១៨, ២២, ២៥, ២៧; កូរិនថូសទី១ ១៤:៣៣) ពួក​គេ​ក៏​ទទួល​ស្គាល់​ថា​ទ្រង់​បាន​តែងតាំង​រាជបុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ ជា​អ្នក​ទទួល​មរតក​នូវ​របស់​ទាំង​អស់ ហើយ​បាន​ផ្ទេរ​អំណាច​ទាំង​អស់​ដល់​ទ្រង់ គឺ​ទាំង​ក្នុង​ស្ថានសួគ៌​និង​នៅ​លើ​ផែនដី។ (ម៉ាថាយ ២៨:១៨; ហេព្រើរ ១:១, ២) ដោយ​មាន​ព្រះ​គ្រីស្ទ​ជា​អ្នក​នាំ​មុខ ក្រុមជំនុំ​គ្រីស្ទាន​ជា​អង្គការ​ដែល​មាន​ឯកភាព​និង​របៀប​រៀប​រយ។ (អេភេសូរ ៥:២៣) នៅ​សតវត្ស​ទី​មួយ​មាន​គណៈ​អភិបាល ដែល​មាន​ពួក​សាវ័ក​និង​«មនុស្ស​ចាស់»​ឯ​ទៀត​ដែល​មាន​គំនិត​ចាស់​ទុំ​ខាង​វិញ្ញាណ ដើម្បី​ត្រួតត្រា​លើ​សកម្មភាព​នៃ​ក្រុមជំនុំ។ ក្រុមជំនុំ​និមួយៗ​គឺ​មាន​អ្នក​ត្រួត​ពិនិត្យ ឬ​អ្នក​ចាស់​ទុំ និង​អ្នក​ងារ​ជំនួយ​ដែល​បាន​តែងតាំង​មក។ (កិច្ចការ ១៥:៦; ភីលីព ១:១) ការ​គោរព​តាម​ពួក​អ្នក​ដែល​នាំ​មុខ​នេះ នឹង​ធ្វើ​ឲ្យ​មាន​ឯកភាព។—ហេព្រើរ ១៣:១៧

១៣. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ទាញ​ចិត្ត​មនុស្ស ហើយ​មាន​លទ្ធផល​យ៉ាង​ណា?

១៣ ប៉ុន្តែ​តើ​របៀប​រៀប​រយ​ទាំង​នេះ បង្ហាញ​ថា​ឯកភាព​នៃ​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា មាន​ឡើង​ដោយសារ​ការ​ដឹក​នាំ​ដ៏​ម៉ឺងម៉ាត់​និង​គ្មាន​មេត្ដា​ឬ? គឺ​អត់​ទេ! គឺ​គ្មាន​អ្វី​ដែល​មិន​ស្រឡាញ់​អំពី​ព្រះ​និង​អង្គការ​របស់​ទ្រង់​ឡើយ។ ព្រះ​យេហូវ៉ា​ទាញ​យក​មនុស្ស ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​រៀង​រាល់​ឆ្នាំ​រាប់​សែន​នាក់​បាន​ស្ម័គ្រ​ចិត្ត​យ៉ាង​រីករាយ ក្លាយ​ទៅ​ជា​ផ្នែក​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ជា​និមិត្តរូប​នៃ​ការ​ថ្វាយ​ខ្លួន​ដ៏​អស់​ពី​ចិត្ត​របស់​គេ​ទៅ​ព្រះ។ ចិត្ត​គំនិត​របស់​គេ​គឺ​ដូច​នឹង​យ៉ូស្វេ​ដែរ ដែល​បាន​ដាស់​តឿន​ពួក​អ៊ីស្រាអែល​គ្នីគ្នា​ថា​៖ «ចូរ​រើស​យក​ព្រះ​ណា ដែល​ឯង​ចង់​គោរព​ប្រតិបត្ដិ​នៅ​ថ្ងៃ​នេះ​ចុះ . . . តែ​ឯ​អញ​នឹង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ»។—យ៉ូស្វេ ២៤:១៥

១៤. ហេតុ​អ្វី​ក៏​យើង​អាច​និយាយ​ថា អង្គការ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ធិបតេយ្យ?

១៤ ជា​ផ្នែក​នៃ​គ្រួសារ​របស់​ព្រះ​យេហូវ៉ា យើង​មិន​គ្រាន់​តែ​មាន​ចិត្ត​សប្បាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សុខ​ទៀត​ផង។ នេះ​គឺ​ពីព្រោះ​អង្គការ​របស់​ទ្រង់​ជា​ព្រះ​ធិបតេយ្យ។ ព្រះ​រាជាណាចក្រ​របស់​ព្រះ គឺ​ព្រះ​ធិបតេយ្យ (ពី​ពាក្យ​ក្រិក the·osʹ មាន​ន័យ​ថា​ព្រះ និង kraʹtos គ្រប់គ្រង) គឺ​មាន​ព្រះ​ជា​អ្នក​គ្រប់គ្រង តែងតាំង​និង​ស្ថាបនា​ដោយ​ទ្រង់។ «សាសន៍​បរិសុទ្ធ»​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ចាក់​ប្រេង​តាំង គឺ​ចុះ​ចូល​នឹង​ការ​គ្រប់គ្រង​របស់​ទ្រង់ ហើយ​ក៏​ជា​ព្រះ​ធិបតេយ្យ​ដែរ។ (ពេត្រុសទី១ ២:៩) ដោយ​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​ធិបតេយ្យ​ដ៏​ឧត្តម ជា​ចៅក្រម​របស់​យើង អ្នក​ប្រទាន​ច្បាប់ និង​ជា​ព្រះ​មហាក្សត្រ យើង​គួរ​តែ​មាន​ចិត្ត​ស្ងប់​សុខសាន្ត។ (អេសាយ ៣៣:២២) ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ បើ​មាន​ការ​ទាស់​គ្នា​ហើយ​អាច​គំរាម​កំហែង​ដល់​ឯកភាព សន្ដិសុខ​និង​អំណរ​របស់​យើង​នោះ?

គណៈ​អភិបាល​ចាត់​វិធានការ

១៥, ១៦. តើ​ការ​ទាស់ទែង​គ្នា​អ្វី​បាន​កើត​ឡើង​ក្នុង​សតវត្ស​ទី​មួយ ហើយ​ហេតុ​អ្វី?

១៥ ដើម្បី​រក្សា​ឲ្យ​មាន​ឯកភាព​ក្នុង​គ្រួសារ​មួយ មួយ​ដង​មួយ​កាល​គឺ​ត្រូវ​តែ​ដោះ​ស្រាយ​ការ​ទាស់​គ្នា។ ដូច្នេះ ឧបមា​ថា​មាន​បញ្ហា​ខាង​វិញ្ញាណ​ដែល​ត្រូវ​តែ​ដោះ​ស្រាយ ដើម្បី​រក្សា​ឯកភាព​នៃ​គ្រួសារ​ថ្វាយ​បង្គំ​របស់​ព្រះ ក្នុង​សតវត្ស​ទី​មួយ​ក្នុង​សករាជ​យើង។ តើ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា? គណៈ​អភិបាល​នឹង​ចាត់​វិធានការ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខាង​វិញ្ញាណ។ យើង​មាន​ភស្តុតាង​នៃ​ការ​ចាត់​វិធានការ​បែប​នេះ។

១៦ ក្នុង​ប្រហែល​ឆ្នាំ​៤៩ស.យ. គណៈ​អភិបាល​បាន​មក​ប្រជុំ​គ្នា​ក្នុង​ក្រុង​យេរូសាឡិម ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដ៏​ធំ​មួយ ហើយ​ក្រោយ​មក​បាន​រក្សា​ឯកភាព​នៃ​«ដំណាក់​របស់​ព្រះ»។ (អេភេសូរ ២:១៩) ប្រមាណ១៣ឆ្នាំ​មុន​នោះ សាវ័ក​ពេត្រុស​បាន​ផ្សាយ​ទៅ​កូនេលាស ហើយ​ដល់​មនុស្ស​នៃ​សាសន៍​ដទៃ​ជា​លើក​ដំបូង ដែល​បាន​ទៅ​ជា​អ្នក​ជឿ​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ (កិច្ចការ ជំពូក​១០) ក្នុង​កំឡុង​ធ្វើ​ដំណើរ​សាសនទូត​លើក​ដំបូង​របស់​ប៉ុល មាន​មនុស្ស​សាសន៍​ដទៃ​ជា​ច្រើន​បាន​ទទួល​យក​សាសនា​គ្រីស្ទាន។ (កិច្ចការ ១៣:១–១៤:២៨) តាម​ការ​ពិត ក្រុមជំនុំ​នៃ​គ្រីស្ទាន​របស់​សាសន៍​ដទៃ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​អាន់ទីយ៉ូក​នៃ​ស្រុក​ស៊ីរី។ ពួក​គ្រីស្ទាន​សាសន៍​យូដា​ខ្លះ​មាន​អារម្មណ៍​ថា ពួក​សាសន៍​ដទៃ​ដែល​ជឿ​ព្រះ ត្រូវ​តែ​កាត់​ស្បែក ហើយ​រក្សា​ទុក​ក្រិត្យ​របស់​លោក​ម៉ូសេ ប៉ុន្តែ​មនុស្ស​ដទៃ​ទៀត​មិន​យល់​ស្រប​ទេ។ (កិច្ចការ ១៥:១​-​៥) ការ​ទាស់ទែង​គ្នា​នេះ​អាច​នាំ​ឲ្យ​បាត់បង់​ឯកភាព ព្រម​ទាំង​អាច​នាំ​ឲ្យ​មាន​ក្រុមជំនុំ​យូដា​ផ្សេង​និង​សាសន៍​ដទៃ​ផ្សេង។ ដូច្នេះ​ហើយ គណៈ​អភិបាល​បាន​ចាត់​វិធានការ​ភ្លាម​ដើម្បី​រក្សា​ឯកភាព​គ្រីស្ទាន។

១៧. តើ​មាន​ទម្រង់​ការ​ខាង​ព្រះ​ធិបតេយ្យ​ដ៏​ស្រុះស្រួល​អ្វី ដែល​បាន​រៀប​រាប់​មក​ក្នុង​កិច្ចការ​ជំពូក ១៥?

១៧ យោង​ទៅ​តាម​កិច្ចការ ១៥:៦​-​២២ «ពួក​សាវ័ក នឹង​ពួក​ចាស់​ទុំ ក៏​ប្រជុំ​គ្នា​ប្រឹក្សា​ពី​ដំណើរ​នោះ»។ ពួក​អ្នក​ដែល​មក​ប្រជុំ​ឯ​ទៀត គឺ​រួម​បញ្ចូល​ពួក​អ្នក​ដែល​មក​ពី​ក្រុង​អាន់ទីយ៉ូក។ មុន​ដំបូង ពេត្រុស​បាន​ពន្យល់​ថា‹តាម​ពាក្យ​សំដី​របស់​គាត់​មនុស្ស​នៃ​សាសន៍​ដទៃ​បាន​ឮ​អំពី​ដំណឹង​ល្អ​ហើយ​ក៏​ជឿ​ទៅ›។ រួច​មក «ពួក​ជំនុំ​ទាំង​អស់​គ្នា»​បាន​ស្ដាប់​បាណាបាស​និង​ប៉ុល «រ៉ាយរឿង​ប្រាប់​ពី​ទី​សម្គាល់ នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយសារ​ខ្លួន»។ បន្ទាប់​មក យ៉ាកុប​បាន​ឲ្យ​យោបល់​នូវ​របៀប​ដោះ​ស្រាយ​សំនួរ​នេះ។ ក្រោយ​ពី​គណៈ​អភិបាល​បាន​សម្រេច​ចិត្ត យើង​ឃើញ​ថា​៖ «ពួក​សាវ័ក នឹង​ពួក​ចាស់​ទុំ ព្រម​ទាំង​ពួក​ជំនុំ​គ្រប់​គ្នា​ក៏​យល់​ព្រម​ថា គួរ​នឹង​រើស​យក​អ្នក​ខ្លះ​ក្នុង​ពួក​គេ . . . ដើម្បី​នឹង​ចាត់​ឲ្យ​ទៅ​ឯ​អាន់ទីយ៉ូក ជា​មួយ​នឹង​ប៉ុល ហើយ​នឹង​បាណាបាស»។ ‹បុគ្គល​រើស​តាំង›ទាំង​នោះ—យូដាស​និង​ស៊ីឡាស—បាន​យក​សំបុត្រ​ដ៏​លើក​ទឹក​ចិត្ត​ដល់​ពួក​អ្នក​ជឿ​គ្នីគ្នា។

១៨. គណៈ​អភិបាល​បាន​សម្រេច​ចិត្ត​អ្វី ដែល​ទាក់ទង​នឹង​ក្រិត្យ​របស់​លោក​ម៉ូសេ ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​គ្រីស្ទាន​សាសន៍​យូដា​និង​សាសន៍​ដទៃ?

១៨ សំបុត្រ​ដែល​ប្រកាស​អំពី​សេចក្ដី​សម្រេច​របស់​គណៈ​អភិបាល ចាប់​ផ្ដើម​ថា​៖ «សំបុត្រ​យើង​ខ្ញុំ ជា​ពួក​សាវ័ក ពួក​ចាស់​ទុំ នឹង​ពួក​បងប្អូន​ទាំង​អស់​គ្នា ផ្ញើ​មក​ជំរាប​សួរ​ដល់​ពួក​បងប្អូន​សាសន៍​ដទៃ»! បងប្អូន​ប្រុស​ឯ​ទៀត​មក​ប្រជុំ​ដែរ ប៉ុន្តែ​តាម​មើល​ទៅ​មាន​តែ​គណៈ​អភិបាល​ទេ ដែល​ជា​«ពួក​សាវ័ក ពួក​ចាស់​ទុំ»។ វិញ្ញាណ​របស់​ព្រះ​បាន​ដឹក​នាំ​គេ ពីព្រោះ​សំបុត្រ​នេះ​ចែង​ថា​៖ «ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​យើង​ខ្ញុំ​រាល់​គ្នា បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ គឺ​ឲ្យ​ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ នឹង​សេចក្ដី​កំផិត​១»។ (កិច្ចការ ១៥:២៣​-​២៩) ពួក​គ្រីស្ទាន​មិន​ចាំបាច់​កាត់​ស្បែក​ហើយ​រក្សា​ទុក​ក្រិត្យ​របស់​លោក​ម៉ូសេ​នោះ​ទេ។ សេចក្ដី​សម្រេច​នេះ​បាន​ជួយ​ពួក​គ្រីស្ទាន​សាសន៍​យូដា​និង​សាសន៍​ដទៃ ឲ្យ​ប្រព្រឹត្ត​ហើយ​និយាយ​ដោយ​មាន​ឯកភាព។ ក្រុមជំនុំ​មាន​សេចក្ដីរីករាយ ហើយ​ឯកភាព​ដ៏​មាន​តម្លៃ​ក៏​នៅ​មាន​ជា​បន្ត សូម្បីតែ​ដល់​សព្វ​ថ្ងៃ​នេះ​នៃ​គ្រួសារ​របស់​ព្រះ​លើ​ផែនដី ក្រោម​ការ​ដឹក​នាំ​ពី​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។—កិច្ចការ ១៥:៣០​-​៣៥

បំរើ​ដោយ​មាន​ឯកភាព​ព្រះ​ធិបតេយ្យ

១៩. ហេតុ​អ្វី​ក៏​មាន​ឯកភាព​ក្នុង​គ្រួសារ​នៃ​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា?

១៩ ឯកភាព​នឹង​លូត​លាស់​ឡើង នៅ​ពេល​ដែល​សមាជិក​នៃ​គ្រួសារ​ធ្វើ​ការ​ស្រប​នឹង​គ្នា។ នេះ​ក៏​ជា​ការ​ពិត​ចំពោះ​គ្រួសារ​នៃ​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​ដែរ។ ប្រកប​ដោយ​ព្រះ​ធិបតេយ្យ ពួក​ចាស់​ទុំ​និង​អ្នក​ដទៃ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ បាន​បំរើ​ព្រះ​ដោយ​ស្រុះស្រួល​ជា​មួយ​គណៈ​អភិបាល ហើយ​ទទួល​ព្រម​សេចក្ដី​សម្រេច​នោះ។ ដោយ​មាន​ជំនួយ​ពី​គណៈ​អភិបាល ពួក​ចាស់​ទុំ‹ផ្សាយ​បន្ទូល› ហើយ​ពួក​សមាជិក​ក្នុង​ក្រុមជំនុំ​ទូទៅ‹និយាយ​ស្រុះស្រួល​នឹង​គ្នា›។ (ធីម៉ូថេ​ទី២ ៤:១, ២; កូរិនថូសទី១ ១:១០) ដូច្នេះ​សេចក្ដី​ពិត​ដូច​គ្នា​ត្រូវ​បាន​យក​មក​ផ្សាយ​ហើយ​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន មិន​ថា​នៅ​ក្នុង​ក្រុង​យេរូសាឡិម អាន់ទីយ៉ូក រ៉ូម កូរិនថូស ឬ​កន្លែង​ផ្សេងៗ​ទៀត។ ឯកភាព​ព្រះ​ធិបតេយ្យ​បែប​នេះ​ក៏​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។

២០. ដើម្បី​រក្សា​ឯកភាព​គ្រីស្ទាន​របស់​យើង តើ​យើង​ត្រូវ​ធ្វើ​អ្វី?

២០ ដើម្បី​រក្សា​ឯកភាព​របស់​យើង យើង​គ្រប់ៗ​គ្នា​ដែល​មាន​ផ្នែក​ក្នុង​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ពេញ​ពិភពលោក ត្រូវ​ខំ​ប្រឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ព្រះ​ធិបតេយ្យ។ (យ៉ូហានទី១ ៤:១៦) យើង​ត្រូវ​តែ​ចុះ​ចូល​នឹង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​បង្ហាញ​សេចក្ដី​គោរព​ជ្រាល​ជ្រៅ​ដល់​‹អ្នក​បំរើ​ស្មោះ​ត្រង់› និង​គណៈ​អភិបាល។ ប្រាកដ​ហើយ ដូច​ជា​ការ​ថ្វាយ​ខ្លួន​របស់​យើង​ជូន​ព្រះ ការ​គោរព​តាម​របស់​យើង គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ពី​ចិត្ត​និង​ដោយ​អំណរ។ (យ៉ូហានទី១ ៥:៣) ជា​ការ​សម​ណាស់ ដែល​អ្នក​តែង​បទ​ទំនុកដំកើង​ភ្ជាប់​អំណរ​និង​ការ​គោរព​តាម​ជា​មួយ​គ្នា​នោះ! គាត់​បាន​ច្រៀង​ថា​៖ «ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា! មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ចំពោះ​សេចក្ដី​បង្គាប់​របស់​ទ្រង់»។—ទំនុកដំកើង ១១២:១

២១. តើ​យើង​អាច​បង្ហាញ​ថា ខ្លួន​យើង​ប្រកប​ដោយ​ព្រះ​ធិបតេយ្យ​យ៉ាង​ណា?

២១ ព្រះ​យេស៊ូ ជា​មេ​ដឹក​នាំ​នៃ​ក្រុមជំនុំ គឺ​ប្រកប​ដោយ​ព្រះ​ធិបតេយ្យ ហើយ​តែង​តែ​ធ្វើ​តាម​បំណង​របស់​ព្រះ​វរបិតា​ទ្រង់​ជានិច្ច។ (យ៉ូហាន ៥:៣០) ដូច្នេះ សូម​ឲ្យ​យើង​កាន់​តាម​គំរូ​នេះ ធ្វើ​តាម​បំណង​របស់​ព្រះ​យេហូវ៉ា​ដោយ​ឯកភាព​និង​ព្រះ​ធិបតេយ្យ​ភាព ដោយ​ស្រុះ​គ្នា​ជា​មួយ​អង្គការ​របស់​ទ្រង់។ រួច​មក​ដោយ​មាន​អំណរ​និង​កតញ្ញូ​ធម៌​ដ៏​ខ្លាំង យើង​អាច​ច្រៀង​ចំរៀង​របស់​អ្នក​តែង​បទ​ទំនុកដំកើង​ថា​៖ «មើល! ដែល​បងប្អូន​នៅ​មូល​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ»!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​ឯកភាព​គ្រីស្ទាន​របស់​យើង​ទាក់ទង​នឹង​ទំនុកដំកើង ១៣៣ យ៉ាង​ណា?

◻ តើ​មាន​កត្ដា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​ឯកភាព?

◻ ហេតុ​អ្វី​របៀប​រៀប​រយ​ខាង​ព្រះ​ធិបតេយ្យ​សំខាន់​ចំពោះ​ឯកភាព​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ?

◻ តើ​គណៈ​អភិបាល​នៃ​សតវត្ស​ទី​មួយ​ប្រព្រឹត្ត​យ៉ាង​ណា​ដើម្បី​រក្សា​ឯកភាព?

◻ តើ​ការ​បំរើ​ដោយ​ឯកភាព​ព្រះ​ធិបតេយ្យ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក?

[រូបភាព​នៅ​ទំព័រ​២៥]

គណៈ​អភិបាល​បាន​ចាត់​វិធានការ​រក្សា​ឯកភាព

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក