ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅអូបាឌា យ៉ូណាសនិងមីកា
សៀវភៅអូបាឌានៅក្នុងគម្ពីរ ចាប់ផ្ដើមដោយពាក្យថា៖ «នេះជាការជាក់ស្តែងរបស់អូបាឌា»។ (អូបាឌា ១) លោកអូបាឌាជាអ្នកប្រកាសទំនាយរបស់ព្រះ តែក្នុងសៀវភៅដែលគាត់សរសេរនៅឆ្នាំ៦០៧ មុនគ.ស. គាត់មិនរៀបរាប់អ្វីសោះអំពីខ្លួនគាត់ លើកលែងតែឈ្មោះប៉ុណ្ណោះ។ រីឯលោកយ៉ូណាសវិញ គាត់ជាអ្នកប្រកាសទំនាយរបស់ព្រះដែរ ហើយគាត់បានសរសេរសៀវភៅរបស់ខ្លួនជាង២០០ឆ្នាំមុនអូបាឌាសរសេរសៀវភៅរបស់គាត់។ ក្នុងសៀវភៅរបស់យ៉ូណាស គាត់រៀបរាប់ដោយឥតលាក់លៀមអំពីអ្វីដែលគាត់បានពិសោធក្នុងកិច្ចការជាសាសនទូត។ លោកមីកាជាអ្នកប្រកាសទំនាយរបស់ព្រះអស់រយៈពេល៦០ឆ្នាំ ហើយគាត់បានរស់នៅសម័យមុនយ៉ូណាសតែក្រោយអូបាឌា គឺរវាងឆ្នាំ៧៧៧ មុនគ.ស. និងឆ្នាំ៧១៧ មុនគ.ស.។ មីការៀបរាប់តែបន្ដិចបន្តួចអំពីខ្លួនគាត់ថា មកពីភូមិ«ម៉ូរ៉ាស៊ីត» ហើយថាព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់គាត់«នៅក្នុងរាជ្យនៃយ៉ូថាម អេហាស នឹងហេសេគា ជាស្តេចយូដា»។ (មីកា ១:១) យើងដឹងថាមីកាយល់អំពីជីវិតនៅឯស្រុកស្រែ ពីព្រោះពាក្យប្រៀបប្រដូចដែលគាត់ប្រើដើម្បីបញ្ជាក់ចំណុចសំខាន់ៗក្នុងសារដែលគាត់ផ្សាយនោះ គឺទាក់ទងនឹងរឿងស្រុកស្រែ។
ស្រុកអេដំម«នឹងត្រូវកាត់ចេញជារៀងរាបដរាប»
អូបាឌាមានប្រសាសន៍អំពីជនជាតិអេដំមថា៖ «សេចក្ដីអាម៉ាស់ខ្មាសនឹងគ្របលើឯង ឯងនឹងត្រូវកាត់ចេញជារៀងរាបដរាប ដោយព្រោះការច្រឡោតដែលឯងបានប្រព្រឹត្តនឹងពួកយ៉ាកុបជាបងប្អូនឯង»។ អូបាឌាចាំច្បាស់នូវអំពើឃោរឃៅរបស់ពួកអេដំម ដែលពួកគេបានប្រព្រឹត្តទៅលើកូនចៅរបស់យ៉ាកុបឬពួកអ៊ីស្រាអែល មិនយូរប៉ុន្មានមុននោះ។ នៅឆ្នាំ៦០៧មុនគ.ស. ពេលដែលពួកបាប៊ីឡូនបានបំផ្លាញទីក្រុងយេរូសាឡិមចោល ពួកអេដំម«បានឈរមើល» ថែមទាំងចងសម្ព័ន្ធមេត្រីជាមួយ«ពួកអ្នកដទៃ»ដែលបានទន្ទ្រានចូលស្រុកយូដា។—អូបាឌា ១០, ១១
រីឯពួកវង្សយ៉ាកុប ព្រះយេហូវ៉ាមានបំណងស្ដារពួកគេឡើងវិញ។ បទទំនាយរបស់អូបាឌារៀបរាប់ថា៖ «នៅភ្នំស៊ីយ៉ូននឹងមានពួកអ្នកខ្លះដែលរួចជីវិត ហើយភ្នំនោះនឹងបានបរិសុទ្ធ»។—អូបាឌា ១៧
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៥-៨—ពេលប្រៀបធៀបសេចក្ដីហិនវិនាសរបស់ជនជាតិអេដំមទៅនឹងពួកចោរដែលមកប្លន់នៅពេលយប់ និងពួកអ្នកដែលបេះផ្លែទំពាំងបាយជូរ តើនេះបង្កប់អត្ថន័យដ៏សំខាន់អ្វី? បើបណ្ដាជនអេដំមមានចោរចូលស្រុកប្លន់ពួកគេ ចោរទាំងនោះនឹងយកតែអ្វីដែលគេចង់បានប៉ុណ្ណោះ។ បើអ្នកបេះផ្លែទំពាំងបាយជូរបានចូលទៅក្នុងស្រុកអេដំម ពួកគេនឹងទុកផ្លែខ្លះឲ្យជនជាតិអេដំមហូបដែរ។ ប៉ុន្តែ ពេលខ្មាំងសត្រូវទន្ទ្រានចូលស្រុកអេដំមវិញ ពួកគេនឹងឆែកឆេររុករកទ្រព្យសម្បត្ដិទាំងអស់ ហើយ«គ្រប់អស់អ្នកដែលបានពួតដៃជាមួយនឹង»ពួកអេដំម ពោលគឺ ជនជាតិបាប៊ីឡូន នឹងយកទាំងអស់ទៅជារំពា គ្មានអ្វីសល់ឡើយ។—យេរេមា ៤៩:៩, ១០
១០—តើអេដំម«ត្រូវកាត់ចេញជារៀងរាបដរាប»យ៉ាងដូចម្ដេច? ស្របទៅតាមទំនាយរបស់ព្រះ ជនជាតិអេដំមដែលធ្លាប់មានពលរដ្ឋមួយចំនួនស្ថិតក្រោមអំណាចរដ្ឋាភិបាលដែលគ្រប់គ្រងលើទឹកដីដែលមានទល់ដែនជាក់លាក់ បានផុតពូជសូន្យអស់ទៅ។ ប្រមាណ៥៥០ឆ្នាំ មុនគ.ស. ស្តេចរបស់ចក្រភពបាប៊ីឡូន ឈ្មោះណាបូនីដាស បានដណ្ដើមយកទឹកដីរបស់ពួកអេដំម។ ជាង៣០០ឆ្នាំ មុនគ.ស. ជនជាតិអារ៉ាប់មួយពួក ហៅថាជនជាតិណាបាថេ បានទៅរស់នៅលើទឹកដីរបស់ពួកអេដំម ដែលបង្ខំឲ្យបណ្ដាជនអេដំមរើទៅនៅស្រុកយូដាប៉ែកខាងត្បូង។ ក្រោយពួករ៉ូមបានបំផ្លាញចោលទីក្រុងយេរូសាឡិមនៅឆ្នាំ៧០ គ.ស. ជនជាតិអេដំមលែងមានទៀត។
មេរៀនសម្រាប់យើង:
៣, ៤: ស្រុកអេដំមស្ថិតនៅតំបន់ដែលសម្បូរទៅដោយក្រហែងថ្មនិងភ្នំខ្ពស់ៗផង ដូច្នេះមិនស្រួលទេ ឲ្យខ្មាំងសត្រូវឈ្នះលើពួកគេ។ អាស្រ័យហេតុនេះ ជនជាតិអេដំមប្រហែលជាមានអំណួតនៅក្នុងចិត្តថា ពួកគេមានសុវត្ថិភាពហើយមិនចាំបាច់ខ្លាចអ្វីសោះ។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាអាចគេចរួចឡើយ ពេលព្រះយេហូវ៉ាវិនិច្ឆ័យទោស។
៨, ៩, ១៥: ទោះបើមនុស្សមានប្រាជ្ញានិងអំណាចខ្លាំងពូកែក៏ដោយ នេះមិនអាចជួយពួកគេនៅ«ថ្ងៃរបស់ព្រះយេហូវ៉ា»ទេ។—យេរេមា ៤៩:៧, ២២
១២-១៤: មនុស្សដែលមានចិត្តរីករាយពេលឃើញរាស្ត្ររបស់ព្រះយេហូវ៉ារងទុក្ខលំបាក គួរយកគំរូពីពួកអេដំមទុកជាការព្រមាន។ ព្រះយេហូវ៉ាមិនត្រាប្រណីចំពោះអស់អ្នកដែលធ្វើបាបរាស្ត្រទ្រង់ឡើយ។
១៧-២០: ទំនាយនេះបញ្ជាក់ពីការនាំកូនចៅរបស់យ៉ាកុបឲ្យមកស្រុកវិញ ចាប់ផ្ដើមសម្រេចពេលជនជាតិអ៊ីស្រាអែលខ្លះបានចេញពីស្រុកបាប៊ីឡូន ដើម្បីវិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ នៅឆ្នាំ៥៣៧ មុនគ.ស.។ ពាក្យរបស់ព្រះយេហូវ៉ាតែងតែសម្រេច។ យើងអាចទុកចិត្តទាំងស្រុងទៅលើសេចក្ដីសន្យារបស់ទ្រង់។
«ក្រុងនីនីវេនឹងត្រូវបំផ្លាញ»
ជាជាងធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាពេលទ្រង់ចាត់យ៉ូណាសឲ្យ«ទៅឯនីនីវេជាទីក្រុងធំ ហើយស្រែកប្រកាសទាស់នឹងក្រុងនោះ» គាត់បានភៀសខ្លួនទៅឆ្ងាយពីទីនោះវិញ។ ព្រះយេហូវ៉ាបានធ្វើឲ្យ«មានខ្យល់យ៉ាងខ្លាំងបក់មកលើសមុទ្រ» ព្រមទាំងប្រើ«ត្រី១យ៉ាងធំ»ដើម្បីនាំយ៉ូណាសឲ្យមកវិញ ហើយទ្រង់ក៏បង្គាប់គាត់ម្ដងទៀត ឲ្យទៅឯរាជធានីរបស់ចក្រភពអាសស៊ើរ។—យ៉ូណាស ១:២, ៤; ២:១; ៣:១, ២
នៅទីបំផុត យ៉ូណាសបានចូលទៅក្នុងទីក្រុងនីនីវេ ហើយចាប់ផ្ដើមប្រកាសយ៉ាងឥតលាក់លៀមថា៖ «នៅតែ៤០ថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ»។ (យ៉ូណាស ៣:៤) លទ្ធផលពីកិច្ចការផ្សព្វផ្សាយរបស់យ៉ូណាស គឺខុសស្រឡះពីអ្វីដែលគាត់នឹកស្មាន ហើយនេះនាំឲ្យគាត់ទៅជា«ខឹង»យ៉ាងខ្លាំងវិញ។ ព្រះយេហូវ៉ាយក«ដើមវល្លិ»ទុកជាមេរៀនដើម្បីបង្រៀនយ៉ូណាសនូវសារៈសំខាន់នៃចិត្តមេត្ដា។—យ៉ូណាស ៤:១, ៦
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៣:៣—តើទីក្រុងនីនីវេពិតជាមានទំហំធំដល់ម្ល៉េះ ដែលមនុស្សត្រូវ«ដើរអស់ចំនួន៣ថ្ងៃ»ដើម្បីដើរក្រឡឹងទីក្រុងឬ? ទីក្រុងនីនីវេពិតជាមានទំហំធំប៉ុណ្ណោះមែន! យើងអាចយល់ថា នៅសម័យបុរាណ ឈ្មោះនីនីវេនោះបានរួមបញ្ចូលទីតាំងផ្សេងៗដែលបណ្ដាជនស្នាក់នៅ ចាប់ពីក្រុងឃោសាបាដនៅទិសខាងជើង រហូតដល់ក្រុងនីមរូឌនៅប៉ែកខាងត្បូង។ ទីតាំងទាំងឡាយក្នុងបរិវេណក្រុងនីនីវេ បានស្ថិតក្នុងតំបន់ដែលមានរាងបួនជ្រុង ហើយមានប្រវែង១០០គីឡូម៉ែត្រជុំវិញ។
៣:៤—តើយ៉ូណាសត្រូវរៀនភាសាអាសស៊ើរដើម្បីផ្សព្វផ្សាយដល់អ្នកទីក្រុងនីនីវេឬ? យ៉ូណាសប្រហែលជាចេះភាសាអាសស៊ើររួចហើយ ឬព្រះយេហូវ៉ាធ្វើអព្ភូតហេតុដើម្បីឲ្យគាត់ចេះភ្លាម។ ឬមួយក៏ ប្រហែលជាគាត់និយាយភាសាហេព្រើរ តែប្រកាសសារយ៉ាងខ្លី ហើយមានគេបកប្រែឲ្យ។ បើគាត់បាននិយាយភាសាហេព្រើរមែន នេះប្រហែលជានាំឲ្យអ្នកទីក្រុងចង់ដឹងចង់ឮកាន់តែច្រើនដែរ។
មេរៀនសម្រាប់យើង:
១:១-៣: បើយើងរៀបចំកាលវិភាគដើម្បីឲ្យមានហេតុយកលេសថា យើងរវល់ពេក ហើយមិនអាចរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស នេះបង្ហាញថាយើងមានបំណងចិត្តមិនល្អ។ ទង្វើបែបនេះ គឺប្រហាក់ប្រហែលនឹងការរត់គេចពីកិច្ចការដែលព្រះយេហូវ៉ាប្រទានឲ្យយើង។
១:១, ២; ៣:១០: ព្រះយេហូវ៉ាមិនបង្ហាញចិត្តមេត្ដាដោយសន្ដោសប្រណីដល់ជនជាតិតែមួយ ឬមនុស្សមួយពួកដ៏ពិសេសណាទេ។ «ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្ដោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន»។—ទំនុកដំកើង ១៤៥:៩
២:១, ១១: បីថ្ងៃបីយប់ដែលយ៉ូណាសស្ថិតនៅក្នុងពោះត្រីដ៏ធំនោះ ជាទំនាយដែលសំដៅទៅលើមរណភាពនិងការរស់ឡើងវិញរបស់ព្រះយេស៊ូ។—ម៉ាថាយ ១២:៣៩, ៤០; ១៦:២១
២:១, ១១; ៤:៦: ព្រះយេហូវ៉ាបានសង្គ្រោះយ៉ូណាសពីសមុទ្រដែលបក់បោកយ៉ាងខ្លាំង។ ព្រះយេហូវ៉ាក៏បាន«បំរុងឲ្យមានដើមវល្លិដុះឡើងគ្របបាំងយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាលប្រយោជន៍ឲ្យលោកបានរួចពីសេចក្ដីតប់ប្រមល់ទៅ»។ ពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ានៅសម័យនេះក៏អាចទុកចិត្តទៅលើទ្រង់និងចិត្តសប្បុរសរបស់ទ្រង់ថា ទ្រង់នឹងការពារហើយសង្គ្រោះពួកគេមែន។—ទំនុកដំកើង ១៣:៥; ៤០:១១
២:២, ៣, ១០, ១១: ព្រះយេហូវ៉ាតែងតែស្ដាប់ការអធិស្ឋានរបស់អ្នកបម្រើទ្រង់ ហើយក៏យកចិត្តទុកដាក់ពេលដែលពួកគេអង្វរសូមជំនួយពីទ្រង់។—ទំនុកដំកើង ១២០:១; ១៣០:១, ២
៣:៨, ១០: ព្រះយេហូវ៉ាបាន«ប្រែគំនិត»ឬដូរគំនិតស្តីអំពីការអាក្រក់ឬការហិនហោចដែលទ្រង់បានគំរាមថានឹងធ្វើនោះ ដូច្នេះ«ទ្រង់លែងធ្វើទៅ»។ ហេតុអ្វី? ពីព្រោះអ្នកទីក្រុងនីនីវេ«បានលាកចេញពីផ្លូវអាក្រក់របស់គេ»។ ស្រដៀងគ្នានៅសព្វថ្ងៃនេះ ព្រះយេហូវ៉ានឹងមិនកាត់ទោសមនុស្សដែលធ្វើបាប ឲ្យតែពួកគេប្រែចិត្តយ៉ាងស្មោះ។
៤:១-៤: មនុស្សមិនអាចឃាត់ព្រះយេហូវ៉ាពីការបង្ហាញចិត្តអាណិតអាសូរឡើយ។ យើងត្រូវតែប្រុងប្រយ័ត្ន កុំឲ្យមានទំនោរចិត្តចង់រិះគន់ពេលដែលព្រះយេហូវ៉ាអាណិតមេត្ដាដល់នរណាម្នាក់។
៤:១១: ព្រះយេហូវ៉ាបានបង្ហាញចិត្តអត់ធ្មត់ដោយចាត់រាស្ត្រទ្រង់ឲ្យប្រកាសសារអំពីរាជាណាចក្ររបស់ទ្រង់នៅទូទាំងពិភពលោក ពីព្រោះទ្រង់អាល័យឬអាណិតដល់មនុស្សដែលមានលក្ខណៈដូចមនុស្សជាង១២០.០០០នាក់នៅទីក្រុងនីនីវេ «ដែលមិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេងសោះ»។ ដូចគ្នាដែរ យើងក៏គួរបង្ហាញចិត្តអាណិតចំពោះមនុស្សក្នុងតំបន់ផ្សាយរបស់យើង ហើយមានចិត្តខ្នះខ្នែងក្នុងកិច្ចការប្រកាសសារស្តីអំពីរាជាណាចក្ររបស់ព្រះ និងការបញ្ចុះបញ្ចូលឲ្យមានសិស្ស មែនទេ?—ពេត្រុសទី២ ៣:៩
‹កន្លែងកោររំលីងនឹងពង្រីកធ្វើឲ្យធំឡើង›
មីកាបានបកអាក្រាតនូវអំពើបាបរបស់បណ្ដាជនអ៊ីស្រាអែលនិងពួកយូដា ហើយគាត់សរសេរទំនាយអំពីការបំផ្លាញចោលរាជធានីរបស់រាជាណាចក្រទាំងពីរ តែក៏មានសេចក្ដីសន្យាថា ព្រះយេហូវ៉ានឹងនាំពួកគេឲ្យត្រឡប់មកស្រុកវិញដែរ។ ក្រុងសាម៉ារីនឹងក្លាយទៅជា«គំនរនៅទីវាល»។ គប្បីឲ្យជនជាតិអ៊ីស្រាអែលនិងពួកយូដាមានចិត្តខ្មាសហើយ‹កោរក្បាល›របស់ខ្លួន ពីព្រោះពួកគេបានថ្វាយបង្គំព្រះដទៃ។ ពេលសត្រូវមកចាប់យកពួកគេចេញពីស្រុក ទុកជាឈ្លើយសឹក នេះគឺហាក់ដូចជាកន្លែងកោររំលីងត្រូវពង្រីកទៅទៀត «ដូចជាឥន្ទ្រី» ដែលតាមមើលទៅ សំដៅទៅលើសត្វត្មាតម្យ៉ាងដែលមានសក់ទន់ៗតែប៉ុន្មានសរសៃនៅលើក្បាលវា។ ព្រះយេហូវ៉ាសន្យាថា៖ «ឱយ៉ាកុបអើយ! អញនឹងកៀរប្រមូលឯង»មកវិញ។ (មីកា ១:៦, ១៦; ២:១២) ដោយសារទីក្រុងយេរូសាឡិមពេញទៅដោយអ្នកដឹកនាំដែលចេះតែពុករលួយ និងអ្នកប្រកាសទំនាយដែលមិនបំពេញភារកិច្ចរបស់ខ្លួន ទីក្រុងនោះក៏«នឹងត្រឡប់ជាកងគំនរ»ផងដែរ។ ប៉ុន្តែក្រោយមក ព្រះយេហូវ៉ានឹង«ប្រមូល»រាស្ត្ររបស់ទ្រង់ឲ្យវិលមកវិញ។ អ្នកដែល«ត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល»នឹងចេញពីក្រុង«បេថ្លេហិមអេប្រាតា»។—មីកា ៣:១២; ៤:១២; ៥:១
តើព្រះយេហូវ៉ាបានប្រព្រឹត្តដោយអយុត្ដិធម៌ទៅលើបណ្ដាជនអ៊ីស្រាអែលឬ? តើតម្រូវការរបស់ទ្រង់តឹងរ៉ឹងពេកឬទេ? មិនមែនទេ។ ព្រះយេហូវ៉ាគ្រាន់តែតម្រូវឲ្យអ្នកថ្វាយបង្គំទ្រង់‹ប្រព្រឹត្តដោយយុត្ដិធម៌ ស្រឡាញ់សេចក្ដីសប្បុរស និងមានចិត្តសុភាពរាបទាប›ក្នុងការដើរជាមួយទ្រង់ឬពេលថ្វាយបង្គំទ្រង់។ (មីកា ៦:៨) ក៏ប៉ុន្តែ បណ្ដាជនទាំងឡាយនៅសម័យមីកាបានក្លាយទៅជាមនុស្សអាក្រក់ដល់ម្ល៉េះបានជា«មនុស្សល្អបំផុតនៅក្នុងពួកគេ ក៏ប្រៀបដូចជាបន្លា ហើយអ្នកដែលរាប់ជាទៀងត្រង់ ក៏អាក្រក់ជាងរបងធ្វើពីបន្លាទៅទៀត» ដែលមានន័យធៀបថា ពួកគេបញ្ឈឺចិត្តអស់អ្នកដែលមកជិត។ ក្រោយមក មីកាសួរថា៖ «តើមានអ្នកណាជាព្រះឲ្យដូច[ព្រះយេហូវ៉ាឬ]?» ពីព្រោះទ្រង់នឹងមានចិត្តអាណិតអាសូរចំពោះរាស្ត្រទ្រង់ម្ដងទៀត ដោយ«បោះអស់ទាំងអំពើបាបរបស់[ពួកគេ]ទៅក្នុងសមុទ្រជ្រៅ»។—មីកា ៧:៤, ១៨, ១៩
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២:១២—តើបទទំនាយអំពីការ«នាំសំណល់ពួកអ៊ីស្រាអែលមក» បានសម្រេចនៅឆ្នាំណា? បទទំនាយនោះបានសម្រេចជាលើកដំបូងនៅឆ្នាំ៥៣៧ មុនគ.ស. ពេលដែលបណ្ដាជនយូដាមួយចំនួនបានចេញពីស្រុកបាប៊ីឡូន ហើយវិលត្រឡប់ទៅស្រុកកំណើតវិញ។ ទំនាយនោះក៏បានសម្រេចនៅសម័យនេះដែរ ចំពោះ«សាសន៍អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៦:១៦) តាំងពីឆ្នាំ១៩១៩ ព្រះយេហូវ៉ាបាននាំពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ឲ្យមកជុំគ្នា «ដូចជាហ្វូងចៀម»ក្នុងក្រោល។ ពេល«មនុស្ស១ហ្វូងយ៉ាងធំ»មូលគ្នាជាមួយពួក«ចៀមឯទៀត»នោះ ជាពិសេសតាំងពីឆ្នាំ១៩៣៥ ពួកគេមាន«សូរអ៊ូអរជាខ្លាំងដោយមានគ្នាច្រើន»។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) ពួកគេរួមគ្នាដើម្បីលើកតម្កើងការថ្វាយបង្គំពិតដោយចិត្តខ្នះខ្នែង។
៤:១-៤—«នៅជាន់ក្រោយ» តើព្រះយេហូវ៉ា«ធ្វើជាចៅក្រមដល់សាសន៍ជាច្រើន ហើយនឹងសំរេចសេចក្ដីពីដំណើរប្រទេសមានអំណាចខ្លាំងផ្សេងៗ»យ៉ាងដូចម្ដេច? ពាក្យ «សាសន៍ជាច្រើន»និង«ប្រទេសមានអំណាចខ្លាំងផ្សេងៗ»នោះ មិនសំដៅទៅលើជនជាតិនានាឬពួកនយោបាយទេ។ ផ្ទុយទៅវិញ ពាក្យទាំងនេះសំដៅទៅលើអ្នកថ្វាយបង្គំម្នាក់ៗរបស់ព្រះយេហូវ៉ា ដែលមកពីគ្រប់ទាំងប្រជាជាតិ។ ព្រះយេហូវ៉ាធ្វើជាចៅក្រមនិងសម្រេចសេចក្ដី ពីដំណើររបស់ពួកគេដោយជួយរៀបចំឲ្យពួកគេមានចំណងមិត្តភាពល្អជាមួយនឹងទ្រង់។
មេរៀនសម្រាប់យើង:
១:៦, ៩; ៣:១២; ៥:១: ពួកអាសស៊ើរបានបំផ្លាញចោលទីក្រុងសាម៉ារីនៅឆ្នាំ៧៤០ មុនគ.ស. គឺនៅសម័យមីកា។ (ពង្សាវតារក្សត្រទី២ ១៧:៥, ៦) ក្នុងរាជ្យស្តេចហេសេគា ពួកអាសស៊ើរបានទន្ទ្រានចូលស្រុកអ៊ីស្រាអែលរហូតដល់ទីក្រុងយេរូសាឡិម។ (ពង្សាវតារក្សត្រទី២ ១៨:១៣) នៅឆ្នាំ៦០៧ មុនគ.ស. ពួកបាប៊ីឡូនបានដុតចោលទីក្រុងយេរូសាឡិម។ (របាក្សត្រទី២ ៣៦:១៩) ណាមួយទៀត ព្រះមេស្ស៊ីបានកើតមកនៅឯក្រុង«បេថ្លេហិមអេប្រាតា» ស្របទៅតាមទំនាយមែន! (ម៉ាថាយ ២:៣-៦) បណ្ដាំរបស់ព្រះយេហូវ៉ាដែលជាទំនាយនោះ តែងតែសម្រេចគ្រប់ជំពូក។
២:១, ២: គប្បីឲ្យយើងប្រុងប្រយ័ត្ន កុំឲ្យអះអាងថា យើងកំពុងបម្រើព្រះយេហូវ៉ា តែតាមពិតចាត់ទុកការស្វែងរកទ្រព្យសម្បត្ដិជាអាទិភាពក្នុងជីវិត ជាជាងស្វែងរក«នគរនឹងសេចក្ដីសុចរិតនៃ[ទ្រង់]»ជាមុនសិន។—ម៉ាថាយ ៦:៣៣; ធីម៉ូថេទី១ ៦:៩, ១០
៣:១-៣, ៥: ចំពោះអស់អ្នកដែលមានភារកិច្ចនាំមុខរាស្ត្ររបស់ព្រះយេហូវ៉ា ទ្រង់តម្រូវឲ្យពួកគេប្រព្រឹត្តដោយយុត្ដិធម៌។
៣:៤: បើយើងចង់ឲ្យព្រះយេហូវ៉ាធ្វើតាមសំណូមពររបស់យើង យើងមិនគួរប្រព្រឹត្តអំពើបាបជាទម្លាប់ ឬមានមុខពីរឡើយ។
៣:៨: យើងអាចបំពេញភារកិច្ចរបស់យើងជាអ្នកប្រកាសដំណឹងល្អបាន ដែលរួមបញ្ចូលការប្រកាសសារអំពីទោសដែលមនុស្សនឹងទទួលពីព្រះយេហូវ៉ា ឲ្យតែយើងទទួលកម្លាំងពីសកម្មពលរបស់ទ្រង់។
៥:៤: ទំនាយនេះសំដៅទៅលើព្រះមេស្ស៊ី ហើយបញ្ជាក់ថា ពេលខ្មាំងសត្រូវពាធារាស្ត្ររបស់ព្រះយេហូវ៉ា ទ្រង់នឹងលើក«អ្នកគង្វាល៧នាក់»និង«ពួកជាប្រធាន៨នាក់»ឲ្យនាំមុខពួកគេ។ លេខ៧នេះបញ្ជាក់ថា អ្នកនាំមុខមានចំនួនពេញលេញ ហើយលេខ៨ក៏បញ្ជាក់ទៀតថា ពួកគេមានគ្នាច្រើនណាស់!
៥:៦, ៧: មនុស្សជាច្រើននៅសព្វថ្ងៃនេះ ចាត់ទុកពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ជាអំណោយពរពីព្រះយេហូវ៉ា ប្រៀប«ដូចជាទឹកសន្សើមមកពី[ទ្រង់]»។ នេះគឺដោយសារព្រះយេហូវ៉ាចាត់ពួកគេឲ្យប្រកាសសារអំពីរាជាណាចក្ររបស់ទ្រង់។ ពួក«ចៀមឯទៀត»ក៏ជួយមនុស្សឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាដែរ ហើយគាំទ្របងប្អូនដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដោយមានសកម្មភាពក្នុងកិច្ចការផ្សព្វផ្សាយ។ (យ៉ូហាន ១០:១៦) យើងពិតជាមានឯកសិទ្ធិធ្វើកិច្ចបម្រើផ្សាយដើម្បីជួយមនុស្សឯទៀតមែន!
៦:៣, ៤: គប្បីឲ្យយើងយកតម្រាប់តាមព្រះយេហូវ៉ាដោយមានមេត្ដានិងចិត្តអាណិតអាសូរ សូម្បីតែចំពោះអស់អ្នកដែលពិបាកស្រឡាញ់ និងអ្នកដែលមិនបានរក្សាឲ្យមានភាពជិតស្និទ្ធជាមួយនឹងទ្រង់។
៧:៧: ទោះជាយើងជួបប្រទះបញ្ហាផ្សេងៗនៅគ្រានេះដែលជិតដល់អវសានកាលនៃពិភពលោកដ៏អាក្រក់ក្ដី យើងមិនគួរធ្លាក់ទឹកចិត្តឡើយ។ ផ្ទុយទៅវិញ យើងគួរមានទឹកចិត្តដូចមីកា ដោយ«រង់ចាំព្រះ»ដើម្បីជួយយើង។
៧:១៨, ១៩: គប្បីឲ្យយើងសុខចិត្តអត់ទោសឲ្យអ្នកដែលធ្វើខុសនឹងយើង ដូចព្រះយេហូវ៉ាសុខចិត្តអត់ទោសចំពោះអំពើទុច្ចរិតរបស់យើងដែរ។
ចូរ«ប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា»ជានិច្ច
អស់អ្នកដែលប្រឆាំងព្រះយេហូវ៉ានិងរាស្ត្រទ្រង់ «នឹងត្រូវកាត់ចេញជារៀងរាបដរាប»។ (អូបាឌា ១០) ក៏ប៉ុន្តែ បើយើងធ្វើតាមការព្រមានរបស់ព្រះយេហូវ៉ា និង«លាកចេញពីផ្លូវអាក្រក់» ទ្រង់ក៏នឹងលែងមានកំហឹងចំពោះយើងទៀត។ (យ៉ូណាស ៣:១០) «នៅជាន់ក្រោយ» គឺសម័យ«ជាន់ក្រោយបង្អស់»នេះ ព្រះយេហូវ៉ាកំពុងលើកតម្កើងការថ្វាយបង្គំពិតឲ្យបានខ្ពស់ជាងសាសនាមិនពិតទាំងឡាយ ហើយមនុស្សដែលចេះស្ដាប់បង្គាប់ទ្រង់កំពុងចូលមកយ៉ាងហូរហែ។ (មីកា ៤:១; ធីម៉ូថេទី២ ៣:១) បើដូច្នេះ ចូរឲ្យយើងតាំងចិត្ត«ប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅ»។—មីកា ៤:៥
សៀវភៅអូបាឌា យ៉ូណាសនិងមីកាពិតជាមានមេរៀនល្អៗចំពោះយើងមែន! ទោះជាសៀវភៅទាំងបីនេះបានសរសេរជាង២.៥០០ឆ្នាំហើយក៏ដោយ សារនៅក្នុងសៀវភៅទាំងនេះនៅតែ«រស់នៅហើយពូកែផង» រហូតមកដល់សម័យនេះ។—ហេព្រើរ ៤:១២