បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះបើកបង្ហាញអនាគតដល់អ្នកប្រកាសទំនាយដែលបានត្រូវបំបរបង់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • រូបសំណាកមួយក្នុងសុបិនរបស់នេប៊ូក្នេសា

      ភាគ​១៥

      ព្រះ​បើក​បង្ហាញ​អនាគត​ដល់​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​បំបរបង់

      ដានីយ៉ែល​ប្រកាស​ទំនាយ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​អំពី​ការ​មក​ដល់​នៃ​មេស្ស៊ី។ ក្រុង​បាប៊ីឡូន​រលំ

      ដានីយ៉ែល​ជា​យុវជន​ដែល​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​យ៉ាង​អស្ចារ្យ​ត្រូវ​គេ​ចាប់​ជា​ឈ្លើយ​យក​ទៅ​បាប៊ីឡូន​មុន​នឹង​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល។ គាត់​និង​ជន​ជាតិ​យូដា​ខ្លះ​ទៀត​បាន​ត្រូវ​បំបរបង់​ចេញ​ពី​រាជាណាចក្រ​យូដា​ដែល​ទទួល​បរាជ័យ ហើយ​ពួក​អ្នក​ដែល​ចាប់​ពួក​គាត់​ជា​ឈ្លើយ​បាន​ឲ្យ​ពួក​គាត់​មាន​សេរី​ភាព​មួយ​កម្រិត។ ក្នុង​អំឡុង​ពេល​រស់​នៅ​យ៉ាង​យូរ​ឯ​បាប៊ីឡូន ដានីយ៉ែល​បាន​ទទួល​ពរ​យ៉ាង​ច្រើន​ពី​ព្រះ គឺ​បាន​រួច​ជីវិត​ពី​រូង​សិង្ហ ហើយ​ព្រះ​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត​នូវ​ព្រឹត្ដិការណ៍​នា​អនាគត​ដ៏​វែង​ឆ្ងាយ​ទៀត​ផង។ ទំនាយ​ដ៏​សំខាន់​បំផុត​របស់​ដានីយ៉ែល​សំដៅ​ទៅ​មេស្ស៊ី និង​ការ​គ្រប់​គ្រង​របស់​លោក។

      ដានីយ៉ែល​បាន​ទទួល​ដំណឹង​ស្តី​អំពី​ពេល​ដែល​មេស្ស៊ី​នឹង​មក។ ដានីយ៉ែល​បាន​ត្រូវ​ប្រាប់​ថា «អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្ដាច់»​នឹង​មក​ដល់​៦៩​អាទិត្យ​ដែល​ជា​ឆ្នាំ ក្រោយ​ពី​សេចក្ដី​បង្គាប់​ឲ្យ​ជួស​ជុល​និង​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។ មួយ​អាទិត្យ​ធម្មតា​មាន​៧​ថ្ងៃ ដូច្នេះ​មួយ​អាទិត្យ​ដែល​ជា​ឆ្នាំ​ស្មើ​នឹង​៧​ឆ្នាំ​វិញ។ សេចក្ដី​បង្គាប់​នោះ​បាន​ចេញ​យូរ​ក្រោយ​ពី​សម័យ​ដានីយ៉ែល ពោល​គឺ​នៅ​ឆ្នាំ​៤៥៥ មុន​គ.ស.។ ដូច្នេះ ៦៩«អាទិត្យ»ស្មើ​នឹង​៤៨៣​ឆ្នាំ។ ប្រសិនបើ​យើង​រាប់​៤៨៣​ឆ្នាំ​ចាប់​ពី​ឆ្នាំ​៤៥៥ មុន​គ.ស. នោះ​យើង​មក​ដល់​ឆ្នាំ​២៩ គ.ស.។ យើង​នឹង​ឃើញ​មាន​អ្វី​កើត​ឡើង​នៅ​ឆ្នាំ​២៩ គ.ស. នោះ ពេល​យើង​ពិនិត្យ​មើល​ផ្នែក​បន្ទាប់​ក្នុង​សៀវភៅ​នេះ។ ដានីយ៉ែល​ក៏​បាន​ឃើញ​ថា​មេស្ស៊ី​នឹង​ត្រូវ«ផ្ដាច់​ចេញ​វិញ» ឬ​ប្រហារ​ជីវិត​ដើម្បី​ឲ្យ​ធួន​នឹង​ភាព​ខុស​ឆ្គង។—ដានីយ៉ែល ៩:២៤​-​២៦

      មេស្ស៊ី​នឹង​ក្លាយ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌។ ព្រះ​បើក​បង្ហាញ​អ្វី​ដ៏​អស្ចារ្យ​មួយ​ឲ្យ​ដានីយ៉ែល​បាន​ឃើញ​ក្នុង​គំនិត។ គាត់​ឃើញ​ស្ថាន​សួគ៌ ហើយ​មេស្ស៊ី​ដែល​បាន​ត្រូវ​ពណ៌នា​ថា​ជា«១​អង្គ​ដូច​ជា​មនុស្ស​ជាតិ»​ចូល​មក​ជិត​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​លោក​នូវ«អំណាច​គ្រប់​គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​[រាជាណាចក្រ]​ផង»។ រាជាណាចក្រ​នោះ​នឹង​នៅ​ស្ថិតស្ថេរ​ជា​រៀង​រហូត។ ដានីយ៉ែល​ក៏​បាន​ដឹង​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ​ទៀត​អំពី​រាជាណាចក្រ​នៃ​មេស្ស៊ី ពោល​គឺ​ស្តេច​នោះ​នឹង​មាន​ពួក​អ្នក​ឯ​ទៀត​គ្រប់​គ្រង​ជា​មួយ​នឹង​លោក ជា​ក្រុម​មួយ​ដែល​ត្រូវ​ហៅ​ថា​ជា«ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត»។—ដានីយ៉ែល ៧:១៣, ១៤, ២៧

      រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​ចោល​រដ្ឋាភិបាល​ទាំង​ឡាយ​នៃ​ពិភព​លោក​នេះ។ ព្រះ​បាន​ឲ្យ​ដានីយ៉ែល​នូវ​សមត្ថភាព​បក​ស្រាយ​សុបិន​ដែល​ធ្វើ​ឲ្យ​ស្តេច​នៃ​ជន​ជាតិ​បាប៊ីឡូន​ឈ្មោះ​នេប៊ូក្នេសា​ច្របូក​ច្របល់​ក្នុង​ចិត្ត។ ស្តេច​ឃើញ​រូប​មួយ​ដែល​ធំ​សម្បើម​មាន​ក្បាល​ជា​មាស ដើម​ទ្រូង​នឹង​ដៃ​ជា​ប្រាក់ ពោះ​នឹង​ភ្លៅ​ជា​លង់​ហិន ជើង​ជា​ដែក ហើយ​ប្រអប់ជើង​ជា​ដែក​លាយ​នឹង​ដី​ឥដ្ឋ។ មាន​ថ្ម​មួយ​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ​បាន​មក​ទង្គិច​ត្រូវ​រូប​នោះ​ត្រង់​ប្រអប់ជើង​ដែល​ធ្វើ​ពី​ដែក​និង​ដី​ឥដ្ឋ ក៏​បំបាក់​បំបែក​រូប​នោះ​ខ្ទេច​ខ្ទី​អស់។ ដានីយ៉ែល​បាន​ពន្យល់​ថា​ផ្នែក​ផ្សេង​ៗ​នៃ​រូប​នោះ​តំណាង​មហា​អំណាច​ពិភព​លោក​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​គ្នា​យ៉ាង​យូរ ចាប់​ពី​បាប៊ីឡូន​ដែល​ជា​ក្បាល​ដែល​ធ្វើ​ពី​មាស។ ដានីយ៉ែល​បាន​ឃើញ​ជា​មុន​ថា​ក្នុង​គ្រា​នៃ​ការ​គ្រប់​គ្រង​ចុង​ក្រោយ​បង្អស់​របស់​ពួក​មហា​អំណាច​នៃ​ពិភព​លោក​ដ៏​អាក្រក់​នេះ រាជាណាចក្រ​របស់​ព្រះ​នឹង​ចាត់​វិធានការ។ រាជាណាចក្រ​របស់​ព្រះ​នឹង​កម្ទេច​ចោល​រដ្ឋាភិបាល​ទាំង​អស់​ក្នុង​ពិភព​លោក​នេះ។ រួច​មក រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។—ដានីយ៉ែល ជំពូក​ទី​២

      ដានីយ៉ែល​ដែល​មាន​អាយុ​ចាស់​ណាស់ រស់​រហូត​ដល់​បាន​ឃើញ​បាប៊ីឡូន​ត្រូវ​រលំ។ ស្តេច​ស៊ី​រូស​បាន​ច្បាំង​ឈ្នះ​ក្រុង​នោះ​ដូច​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាន​ទាយ​ទុក​មែន។ មិន​យូរ​ក្រោយ​មក នៅ​ទី​បំផុត ជន​ជាតិ​យូដា​បាន​ត្រូវ​ដោះ​លែង​ពី​ការ​បំបរបង់ នៅ​ចំ​ពេល​ដែល​គ្រា​៧០​ឆ្នាំ​បាន​ចប់ ពោល​គឺ ក្រោយ​ពី​ស្រុក​កំណើត​ទទួល​ការ​បំផ្លិចបំផ្លាញ​អស់​៧០​ឆ្នាំ​ដូច​បាន​ទាយ​ទុក​ជា​មុន។ ក្រោម​ការ​ដឹក​នាំ​នៃ​ពួក​អភិបាល​ខេត្ត ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​ដ៏​ស្មោះ​ត្រង់ នៅ​ទី​បំផុត ជន​ជាតិ​យូដា​បាន​សង់​ក្រុង​យេរូសាឡិម​និង​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ប៉ុន្តែ តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ទី​បញ្ចប់​នៃ​៤៨៣​ឆ្នាំ​នោះ?

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​ដានីយ៉ែល។

      • តើ​ដានីយ៉ែល​បាន​ទទួល​ដំណឹង​អ្វី​អំពី​មេស្ស៊ី​និង​រាជាណាចក្រ​របស់​ព្រះ?

      • តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​អ្វី​ដល់​រដ្ឋាភិបាល​ទាំង​ឡាយ​នៃ​ពិភព​លោក​នេះ?

  • មេស្ស៊ីមកដល់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • យ៉ូហានកំពុងជ្រមុជទឹកឲ្យលោកយេស៊ូ

      ភាគ​១៦

      មេស្ស៊ី​មក​ដល់

      ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​ស្គាល់​ថា​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​ជា​យូរ​មក​ហើយ

      តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​មនុស្ស​ឲ្យ​ស្គាល់​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​ឬ​ទេ? មែន​ហើយ។ ចូរ​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ។ នេះ​បាន​កើត​ឡើង​បួន​រយ​ឆ្នាំ​ក្រោយ​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​បាន​ត្រូវ​សរសេរ​ចប់។ នៅ​ក្រុង​មួយ​ឈ្មោះ​ណាសារ៉ែត ដែល​ស្ថិត​ក្នុង​តំបន់​ខាង​ជើង​នៃ​ស្រុក​កាលីឡេ ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ារៀ​បាន​ទទួល​ភ្ញៀវ​ដ៏​ចម្លែក​បំផុត​មួយ។ ទេវតា​មួយ​ឈ្មោះ​កាព្រីយ៉ែល​បាន​លេច​មក​ឲ្យ​នាង​ឃើញ ហើយ​បាន​ប្រាប់​នាង​ថា​ព្រះ​នឹង​ប្រើ​សកម្ម​ពល​បរិសុទ្ធ ដើម្បី​បណ្ដាល​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​កូន​ប្រុស​មួយ ថ្វី​បើ​នាង​ជា​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ក៏​ដោយ។ បុត្រ​នេះ​នឹង​ក្លាយ​ទៅ​ជា​ស្តេច​ដែល​ព្រះ​បាន​សន្យា​ជា​យូរ​មក​ហើយ ជា​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត! បុត្រ​នេះ​គឺ​ជា​បុត្រ​ផ្ទាល់​របស់​ព្រះ ដែល​ព្រះ​បាន​ផ្ទេរ​ជីវិត​ពី​ស្ថាន​សួគ៌​ទៅ​ក្នុង​ស្បូន​របស់​ម៉ារៀ។

      ដោយ​ចិត្ត​រាប​ទាប ម៉ារៀ​បាន​ទទួល​យក​ភារកិច្ច​ដ៏​អស្ចារ្យ​នេះ។ គូ​ដណ្ដឹង​របស់​នាង​ឈ្មោះ​យ៉ូសែប​ជា​ជាង​ឈើ​ក៏​បាន​រៀប​ការ​ជា​មួយ​នឹង​នាង ក្រោយ​ពី​ព្រះ​ចាត់​ទេវតា​មួយ​មក​ពង្រឹង​ទំនុក​ចិត្ត​ថា ម៉ារៀ​មាន​ផ្ទៃ​ពោះ​ដោយ​សារ​ព្រះ​ផ្ទេរ​ជីវិត​របស់​បុត្រ​លោក​មក​ក្នុង​ស្បូន​នាង។ ប៉ុន្តែ ចុះ​ទំនាយ​ដែល​ថា មេស្ស៊ី​នឹង​ត្រូវ​កើត​នៅ​ក្រុង​បេថ្លេហិម​យ៉ាង​ណា​ដែរ? (មីកា ៥:១) ក្រុង​តូច​នោះ​គឺ​មាន​ចម្ងាយ​ប្រហែល​១៤០​គីឡូម៉ែត្រ​ពី​ក្រុង​ណាសារ៉ែត!

      អ្នក​គ្រប់​គ្រង​ជាតិ​រ៉ូម​ម្នាក់​ចេញ​ក្រឹត្យ​ឲ្យ​ជំរឿន​មនុស្ស។ បណ្ដា​ជន​ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​តាម​ក្រុង​កំណើត​រៀង​ៗ​ខ្លួន។ តាម​មើល​ទៅ យ៉ូសែប​និង​ម៉ារៀ​បាន​កើត​នៅ​ក្រុង​បេថ្លេហិម ដូច្នេះ ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្រុង​នោះ។ (លូកា ២:៣) ម៉ារៀ​បាន​សម្រាល​កូន​ប្រុស​មួយ​នៅ​ក្នុង​ក្រោល​សត្វ រួច​ផ្ដេក​ក្នុង​ស្នូក។ រួច​មក ព្រះ​ចាត់​ទេវតា​ជា​ច្រើន​ឲ្យ​ប្រាប់​គង្វាល​ចៀម​មួយ​ក្រុម​នៅ​ជម្រាល​ភ្នំ​ថា បុត្រ​ដែល​ទើប​នឹង​កើត​គឺ​ជា​មេស្ស៊ី ឬ​គ្រិស្ត​ដែល​បាន​ត្រូវ​សន្យា។

      ក្រោយ​មក មនុស្ស​ឯ​ទៀត​ក៏​បាន​បញ្ជាក់​ថា លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​នោះ។ អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​អេសាយ​បាន​ប្រាប់​ថា នឹង​មាន​បុរស​ម្នាក់​មក​រៀប​ចំ​ផ្លូវ​សម្រាប់​កិច្ច​ការ​ដ៏​សំខាន់​របស់​មេស្ស៊ី។ (អេសាយ ៤០:៣) អ្នក​រៀប​ចំ​ផ្លូវ​នោះ​គឺ​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ នៅ​ពេល​ដែល​គាត់​ឃើញ​លោក​យេស៊ូ គាត់​បាន​លាន់​មាត់​ថា៖ «មើល​ហ្ន៎! កូន​ចៀម​របស់​ព្រះ ដែល​ដក​យក​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ!»។ អ្នក​កាន់​តាម​យ៉ូហាន​ខ្លះ​ក៏​ដើរ​តាម​លោក​យេស៊ូ​ភ្លាម។ ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ពោល​ថា៖ «យើង​រក​ឃើញ​មេស្ស៊ី​ហើយ»។—យ៉ូហាន ១:២៩, ៣៦, ៤១

      មាន​ការ​បញ្ជាក់​ថែម​ទៀត​ដែរ។ នៅ​ពេល​ដែល​យ៉ូហាន​ជ្រមុជ​ទឹក​ឲ្យ​លោក​យេស៊ូ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ពី​លើ​មេឃ។ តាម​រយៈ​សកម្ម​ពល​បរិសុទ្ធ ព្រះ​យេហូវ៉ា​បាន​រើស​តាំង​លោក​យេស៊ូ​ជា​មេស្ស៊ី ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់»។ (ម៉ាថាយ ៣:១៦, ១៧) មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​ជា​យូរ​មក​ហើយ​បាន​មក​ដល់!

      តើ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ណា? គឺ​នៅ​ឆ្នាំ​២៩ គ.ស. ចំ​ពេល​៤៨៣​ឆ្នាំ​ដែល​ដានីយ៉ែល​បាន​ទាយ​ទុក បាន​ចប់។ នេះ​ជា​ផ្នែក​នៃ​ទី​សំ​អាង​ដែល​មិន​អាច​ប្រកែក​បាន​ថា​លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី ឬ​គ្រិស្ត។ ប៉ុន្តែ តើ​លោក​នឹង​ប្រកាស​អំពី​អ្វី​ពេល​លោក​នៅ​លើ​ផែន​ដី?

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​ម៉ាថាយ ជំពូក​ទី​១​ដល់​ជំពូក​ទី​៣ ម៉ាកុស ជំពូក​ទី​១ លូកា ជំពូក​ទី​២ យ៉ូហាន ជំពូក​ទី​១។

      • តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ពួក​ទេវតា​តាម​របៀប​ណា​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី?

      • តើ​តាម​របៀប​ណា​ដែល​ព្រះ​បាន​ប្រើ​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​បង្ហាញ​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី?

      • តើ​ព្រះ​យេហូវ៉ា​បង្ហាញ​មនុស្ស​ឲ្យ​ស្គាល់​ថា​បុត្រ​លោក ជា​មេស្ស៊ី​យ៉ាង​ដូច​ម្ដេច?

      បុត្រ​របស់​ព្រះ​ក្នុង​ន័យ​អ្វី?

      ព្រះ​យេហូវ៉ា​ជា​បិតា​របស់​លោក​យេស៊ូ ប៉ុន្តែ មិន​មែន​ជា​ឪពុក​តាម​បែប​ដែល​មនុស្ស​ជា​ឪពុក​ទេ។ មុន​មក​ផែន​ដី លោក​យេស៊ូ​មិន​បាន​កើត​ពី​ស្ត្រី​ទេ គឺ​ព្រះ​បាន​បង្កើត​លោក​វិញ។ តាម​ពិត លោក​ជា​បុគ្គល​ទី​១​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត។ (កូឡុស ១:១៥​-​១៧) ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ជីវិត​ដល់​លោក​យេស៊ូ នោះ​អាច​ហៅ​ព្រះ​យេហូវ៉ា​ថា​ជា​បិតា​របស់​លោក​យេស៊ូ។ ក្រោយ​ពី​បាន​បង្កើត​បុត្រ​ជា​បុគ្គល​វិញ្ញាណ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រើ​លោក​ជា«មេ​ជាង»​ឲ្យ​បង្កើត​របស់​សព្វសារពើ ដែល​រួម​បញ្ចូល​សកលលោក​នេះ។—សុភាសិត ៨:៣០

  • កាលបរិច្ឆេទ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
      1. ក្រោយ​ឆ្នាំ​៤៤៣​មុន គ.ស. ម៉ាឡាគី​សរសេរ​ចប់​សៀវភៅ​ទំនាយ​របស់​គាត់

      2. ប្រហែល​ឆ្នាំ​២​មុន គ.ស. លោក​យេស៊ូ​កើត

      3. ឆ្នាំ​២៩ គ.ស. លោក​យេស៊ូ​ទទួលការ​ជ្រមុជ​ទឹក

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក