-
លោកយេស៊ូបង្រៀនអំពីរាជាណាចក្ររបស់ព្រះគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ភាគ១៧
លោកយេស៊ូបង្រៀនអំពីរាជាណាចក្ររបស់ព្រះ
លោកយេស៊ូបង្រៀនអ្នកកាន់តាមលោកអំពីចំណុចជាច្រើន ប៉ុន្តែបញ្ជាក់ប្រធានបទតែមួយ គឺរាជាណាចក្ររបស់ព្រះ
តើលោកយេស៊ូមកផែនដីដើម្បីធ្វើកិច្ចការអ្វី? លោកមានប្រសាសន៍ថា៖ «ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ . . . ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។ (លូកា ៤:៤៣) ចូរពិចារណាចំណុចបួនយ៉ាងដែលលោកយេស៊ូបានបង្រៀនអំពីរាជាណាចក្ររបស់ព្រះ ដែលជាប្រធានបទសំខាន់ចម្បងនៃការផ្សព្វផ្សាយរបស់លោក។
១. លោកយេស៊ូជាអ្នកដែលបានត្រូវតែងតាំងជាស្តេច។ លោកយេស៊ូផ្ទាល់មានប្រសាសន៍ថាលោកជាមេស្ស៊ីដែលបានត្រូវបញ្ជាក់ក្នុងទំនាយ។ (យ៉ូហាន ៤:២៥, ២៦) លោកក៏បានបង្ហាញថា លោកជាស្តេចដែលអ្នកប្រកាសទំនាយឈ្មោះដានីយ៉ែលបានឃើញក្នុងគំនិតនោះដែរ។ លោកយេស៊ូមានប្រសាសន៍ប្រាប់ពួកសាវ័កថា ថ្ងៃណាមួយលោកនឹងអង្គុយលើ«បល្ល័ង្ករុងរឿងរបស់លោក» ហើយថា ពួកគេក៏នឹងអង្គុយលើបល្ល័ង្កដែរ។ (ម៉ាថាយ ១៩:២៨) លោកបានហៅក្រុមនៃពួកអ្នកគ្រប់គ្រងនេះជា«ហ្វូងតូច» ហើយលោកក៏បានកត់សម្គាល់ថា លោកមាន«ចៀមឯទៀត»ដែលមិនមែនជាផ្នែកនៃហ្វូងតូចនោះទេ។—លូកា ១២:៣២; យ៉ូហាន ១០:១៦
២. រាជាណាចក្ររបស់ព្រះនឹងនាំឲ្យមានយុត្ដិធម៌ពិត។ លោកយេស៊ូបញ្ជាក់ថា រាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលនូវភាពអយុត្ដិធម៌ដ៏ធំបំផុត ដោយធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ និងសម្អាតនាមនោះពីការតិះដៀលទាំងអស់ ដែលសាថានបានធ្វើតាំងតែពីការបះបោរនៅសួនអេដែន។ (ម៉ាថាយ ៦:៩, ១០) ជារៀងរាល់ថ្ងៃ លោកយេស៊ូក៏បានបង្ហាញថាលោកមិនរើសមុខទេ ដោយបង្រៀនបុរសនិងស្ត្រី អ្នកមាននិងអ្នកក្រដោយមិនប្រកាន់វណ្ណៈឬភេទឡើយ។ ទោះជាកិច្ចការដ៏ចម្បងរបស់លោកគឺបង្រៀនជនជាតិអ៊ីស្រាអែលក្ដី តែលោកក៏បានបង្រៀនជនជាតិសាម៉ារីនិងជនជាតិដទៃដែរ។ មិនដូចពួកមេដឹកនាំសាសនានៅសម័យលោក លោកមិនមានការលម្អៀងសោះឡើយ។
៣. រាជាណាចក្ររបស់ព្រះនឹងមិនមានចំណែកក្នុងពិភពលោកនេះទេ។ លោកយេស៊ូបានរស់នៅក្នុងគ្រាដែលមានភាពជ្រួលច្របល់ខ្លាំងខាងនយោបាយ។ ស្រុកកំណើតរបស់លោកបានស្ថិតនៅក្រោមអំណាចបរទេស។ ប៉ុន្តែ នៅពេលដែលមនុស្សចង់ឲ្យលោកចូលប្រឡូកនឹងរឿងនយោបាយនៅសម័យនោះ លោកបានដកខ្លួនចេញ។ (យ៉ូហាន ៦:១៤, ១៥) លោកបានប្រាប់អ្នកនយោបាយម្នាក់ថា៖ «រាជាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»។ (យ៉ូហាន ១៨:៣៦) លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកឡើយ»។ (យ៉ូហាន ១៥:១៩) លោកមិនបានអនុញ្ញាតឲ្យពួកគេប្រើអាវុធ សូម្បីតែដើម្បីការពារខ្លួនលោកក៏ដោយ។—ម៉ាថាយ ២៦:៥១, ៥២
«លោកចាប់ផ្ដើមធ្វើដំណើរ . . . ពីភូមិមួយទៅភូមិមួយ ដោយផ្សព្វផ្សាយនិងប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»។—លូកា ៨:១
៤. ការគ្រប់គ្រងរបស់គ្រិស្តនឹងមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។ លោកយេស៊ូបានសន្យាឲ្យមនុស្សមានកម្លាំងចិត្ត និងជួយកាត់បន្ថយបន្ទុករបស់ពួកគេ។ (ម៉ាថាយ ១១:២៨-៣០) លោកបានធ្វើតាមពាក្យរបស់លោក។ លោកជូនឱវាទដែលប្រកបដោយក្ដីស្រឡាញ់ស្តីអំពីរបៀបប្រឈមមុខនឹងកង្វល់ ធ្វើឲ្យមានទំនាក់ទំនងល្អ កុំឲ្យចង់មានចង់បានពេក និងរបៀបស្វែងរកសុភមង្គល។ (ម៉ាថាយ ជំពូក៥-៧) ពីព្រោះលោកបានបង្ហាញសេចក្ដីស្រឡាញ់ មនុស្សគ្រប់មជ្ឈដ្ឋានស្រួលទាក់ទងនឹងលោក។ សូម្បីតែមនុស្សដែលត្រូវគេជិះជាន់ខ្លាំងក៏បានមកជួបលោក ដោយទុកចិត្តថាលោកនឹងប្រព្រឹត្តលើពួកគេដោយសប្បុរសនិងថ្លៃថ្នូរ។ លោកយេស៊ូនឹងជាអ្នកគ្រប់គ្រងដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎!
គឺមានវិធីដ៏សំខាន់មួយទៀត ដែលលោកយេស៊ូបានបង្រៀនអំពីរាជាណាចក្ររបស់ព្រះ។ លោកបានធ្វើអព្ភូតហេតុជាច្រើន។ ហេតុអ្វីបានជាលោកធ្វើដូច្នេះ? សូមឲ្យយើងពិនិត្យមើល។
—មានមូលដ្ឋានលើសៀវភៅម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។
-
-
លោកយេស៊ូធ្វើអព្ភូតហេតុគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ភាគ១៨
លោកយេស៊ូធ្វើអព្ភូតហេតុ
តាមរយៈអព្ភូតហេតុ លោកយេស៊ូបង្ហាញនូវរបៀបដែលលោកនឹងប្រើអំណាច ពេលគ្រប់គ្រងជាស្តេច
ព្រះបានឲ្យឫទ្ធានុភាពដល់លោកយេស៊ូឲ្យធ្វើអ្វីៗ ដែលមនុស្សឯទៀតពុំអាចធ្វើបាន។ លោកយេស៊ូបានធ្វើអព្ភូតហេតុជាច្រើន ហើយជារឿយៗនៅពីមុខប្រជុំជន។ អព្ភូតហេតុទាំងនោះបានបង្ហាញថា លោកយេស៊ូមានអំណាចលើពួកសត្រូវនិងឧបសគ្គផ្សេងៗ ដែលមនុស្សមានភាពខុសឆ្គងមិនអាចបំបាត់បាន។ សូមឲ្យយើងពិនិត្យមើលឧទាហរណ៍ខ្លះៗ។
លោកយេស៊ូបានផ្ដល់អាហារនិងភេសជ្ជៈ។ អព្ភូតហេតុដំបូងរបស់លោកយេស៊ូ គឺលោកធ្វើទឹកឲ្យក្លាយជាស្រា។ នៅពេលពីរលើកទៀត លោកបានឲ្យអាហារដល់មនុស្សរាប់ពាន់នាក់ ដោយប្រើតែនំប៉័ងពីរបីដុំនិងត្រីពីរបីកន្ទុយប៉ុណ្ណោះ។ ក្នុងករណីទាំងពីរនេះ គឺមានអាហារលើសពីសេចក្ដីត្រូវការសម្រាប់គ្រប់គ្នា។
លោកយេស៊ូបានធ្វើឲ្យមនុស្សឈឺជាសះស្បើយ។ លោកយេស៊ូបានធ្វើឲ្យមនុស្សជាសះស្បើយពី«ជំងឺនិងរោគាគ្រប់ប្រភេទ»។ (ម៉ាថាយ ៤:២៣) លោកបានធ្វើឲ្យមនុស្សងងឹតភ្នែក មនុស្សថ្លង់ មនុស្សកើតឃ្លង់និងមនុស្សមានជំងឺឆ្កួតជ្រូកជាសះស្បើយ។ លោកក៏បានធ្វើឲ្យមនុស្សពិការ និងមនុស្សខ្វិនជាដែរ។ គ្មានជំងឺណាដែលលោកមិនអាចធ្វើឲ្យជាសះស្បើយនោះឡើយ។
លោកយេស៊ូគ្រប់គ្រងធាតុអាកាសដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់។ នៅពេលដែលលោកយេស៊ូនិងអ្នកកាន់តាមលោកជិះទូកឆ្លងសមុទ្រកាលីឡេ នោះមានព្យុះដ៏ខ្លាំងមួយបានកើតឡើងមួយរំពេច។ ពួកអ្នកកាន់តាមភ័យខ្លាចណាស់។ លោកយេស៊ូគ្រាន់តែមើលព្យុះនោះ ហើយស្រដីទៅសមុទ្រថា៖ «ចូរស្ងៀមទៅ!»។ រួចខ្យល់ក៏ស្ងប់ ហើយក៏កើតមានសភាពស្ងប់ស្ងាត់ក្រៃលែង។ (ម៉ាកុស ៤:៣៧-៣៩) នៅពេលមួយទៀត លោកបានដើរលើទឹកពេលមានព្យុះគួរឲ្យខ្លាចមួយ។—ម៉ាថាយ ១៤:២៤-៣៣
ពួកវិញ្ញាណកំណាច។ ពួកវិញ្ញាណកំណាចខ្លាំងជាងមនុស្សឆ្ងាយណាស់។ មនុស្សជាច្រើនមិនអាចរំដោះខ្លួនចេញពីពួកវានេះដែលជាសត្រូវកាចសាហាវរបស់ព្រះឡើយ។ ប៉ុន្តែជាច្រើនដង ពេលលោកយេស៊ូបានបង្គាប់ពួកវាឲ្យចេញពីមនុស្សដែលពួកវាធ្វើបាប នោះពួកវាពុំអាចធ្វើបាបដល់ជនរងគ្រោះទៀតឡើយ។ លោកមិនខ្លាចពួកវិញ្ញាណកំណាចទាំងនោះទេ។ ផ្ទុយទៅវិញ ពួកវិញ្ញាណកំណាចបានស្គាល់អំណាចលោក ហើយខ្លាចលោក។
សេចក្ដីស្លាប់។ គម្ពីរហៅសេចក្ដីស្លាប់យ៉ាងត្រឹមត្រូវថាជា«សត្រូវចុងក្រោយ» ហើយសេចក្ដីស្លាប់ជាសត្រូវដែលគ្មានមនុស្សណាមានអំណាចលើទេ។ (កូរិនថូសទី១ ១៥:២៦) ប៉ុន្តែ លោកយេស៊ូបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ក្នុងចំណោមពួកគេមានកូនប្រុសវ័យក្មេងម្នាក់របស់ស្ត្រីមេម៉ាយ និងកូនស្រីវ័យក្មេងម្នាក់របស់ឪពុកម្ដាយដែលកំពុងកើតទុក្ខ។ ក្នុងករណីគួរឲ្យចាប់អារម្មណ៍បំផុតមួយ លោកយេស៊ូបានប្រោសមិត្តជិតស្និទ្ធរបស់លោកឈ្មោះឡាសារ នៅមុខបណ្ដាមនុស្សដែលកំពុងកាន់ទុក្ខ ថ្វីបើបុរសនេះបានស្លាប់អស់បួនថ្ងៃហើយក្ដី! សូម្បីតែពួកសត្រូវដែលប្ដេជ្ញាចិត្តសម្លាប់លោកយេស៊ូក៏បានទទួលស្គាល់ថា លោកបានធ្វើអព្ភូតហេតុនេះដែរ។—យ៉ូហាន ១១:៣៨-៤៨; ១២:៩-១១
ហេតុអ្វីបានជាលោកយេស៊ូធ្វើអព្ភូតហេតុទាំងនោះ? ដ្បិតមនុស្សទាំងអស់ដែលលោកបានជួយ នៅទីបំផុតក៏បានស្លាប់ទៅវិញដែរ មែនទេ? ពួកគេបានស្លាប់មែន ប៉ុន្តែអព្ភូតហេតុរបស់លោកយេស៊ូមានប្រយោជន៍យូរអង្វែង។ អព្ភូតហេតុទាំងនោះបញ្ជាក់ថា ទំនាយគួរឲ្យរំភើបចិត្តទាំងអស់អំពីការគ្រប់គ្រងរបស់មេស្ស៊ី មានមូលដ្ឋានពិតប្រាកដមែន។ ច្បាស់ណាស់ ស្តេចដែលបានត្រូវតែងតាំងដោយព្រះអាចបំបាត់ចោលនូវការអត់ឃ្លាន ជំងឺ ធាតុអាកាសដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ ពួកវិញ្ញាណកំណាច ឬសេចក្ដីស្លាប់ទៀតផង។ លោកក៏បានបង្ហាញថាព្រះបានឲ្យលោកនូវឫទ្ធានុភាពឲ្យធ្វើអ្វីៗទាំងនោះ។
—មានមូលដ្ឋានលើសៀវភៅម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។
-
-
កាលបរិច្ឆេទគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
លោកយេស៊ូចាប់ផ្ដើមផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ
ឆ្នាំ៣១ គ.ស. លោកយេស៊ូរើសសាវ័ក១២នាក់។ ថ្លែងសុន្ទរកថានៅលើភ្នំ
ឆ្នាំ៣២ គ.ស. លោកយេស៊ូប្រោសឡាសាឲ្យរស់ឡើងវិញ
-