ប្រអប់សំណួរ
◼ តើកូនៗត្រូវរៀនអ្វីខ្លះដើម្បីមានភាពចាស់ទុំក្នុងការគោរពប្រណិប័តន៍ព្រះ?
ឪពុកម្ដាយគ្រិស្តសាសនិកខំព្យាយាមខ្លាំងណាស់ក្នុងការជួយអប់រំកូនៗ«ទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា»។ (អេភ. ៦:៤) ជាឧទាហរណ៍ ឪពុកម្ដាយយល់ឃើញថា គឺមានប្រយោជន៍ដែលពួកគាត់ពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃជាមួយនឹងកូនៗជារៀងរាល់ព្រឹក។ ក្រុមគ្រួសារជាច្រើន ពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ និងនៅពេលផ្សេងទៀត ពួកគាត់ប្រហែលជាមើលវីដេអូរបស់អង្គការយើងជាមួយគ្នា ហើយពិគ្រោះគ្នាអំពីវីដេអូនោះ ឬពិគ្រោះគ្នាអំពីព័ត៌មានជាក់លាក់ណាមួយពីអត្ថបទផ្សេងៗ ឬដើរតួតាមកំណត់ហេតុគម្ពីរ ឬក៏ហាត់ពាក្យផ្សព្វផ្សាយជាដើម។ ប៉ុន្តែ ដើម្បីឲ្យកូនៗ«ឈានទៅរកភាពចាស់ទុំ» ពួកគាត់ក៏ត្រូវបង្រៀនសេចក្ដីពិតជ្រាលជ្រៅពីគម្ពីរដល់កូនដែរ។—ហេ. ៦:១
សូមគិតអំពីអ្វីដែលយើងបង្រៀនមនុស្សក្នុងតំបន់ផ្សាយ។ ជាទូទៅ ពេលជួបម្ចាស់ផ្ទះនៅលើកដំបូង ឬត្រឡប់ទៅជួប យើងព្យាយាមចាប់ផ្ដើមបង្រៀនគម្ពីរដោយប្រើសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ក្រោយពីបង្រៀនគាត់ចប់សៀវភៅនោះហើយ យើងប្រើសៀវភៅ«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»។ ហេតុអ្វីយើងប្រើសៀវភៅទាំងពីរនេះ? ព្រោះសៀវភៅព្រះគម្ពីរបង្រៀន ផ្ដល់ចំណេះបឋមពីគម្ពីរដល់សិស្ស។ រីឯសៀវភៅ«ព្រះស្រឡាញ់»វិញ ជួយបង្រៀនពួកគេឲ្យចេះធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិតប្រចាំថ្ងៃ។ ការរៀនសៀវភៅទាំងពីរនេះនឹងជួយអ្នកថ្មីឲ្យ«ចាក់ឫស»ក្នុងគ្រិស្ត ថែមទាំង«តាំងខ្លួនឲ្យមាំមួនឡើងក្នុងជំនឿ»។ (កូឡ. ២:៦, ៧) ដូច្នេះ បើសៀវភៅទាំងពីរនោះផ្ដល់ប្រយោជន៍ដល់សិស្សគម្ពីរ សៀវភៅទាំងពីរនោះក៏នឹងផ្ដល់ប្រយោជន៍ដល់កូនរបស់យើងដែរ មែនទេ? កូនៗក៏ត្រូវរៀនអំពីថ្លៃលោះ រាជាណាចក្រព្រះ និងស្ថានភាពនៃមនុស្សស្លាប់ដែរ។ ម្យ៉ាងទៀត កូនៗត្រូវដឹងនូវមូលហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា ហើយក៏ត្រូវដឹងអំពីសញ្ញាសម្គាល់នៃគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកនេះដែរ។ កូនៗត្រូវតែជឿជាក់ថាសាក្សីព្រះយេហូវ៉ាមានសេចក្ដីពិត។ បន្ថែមទៅទៀត ប្អូនៗវ័យក្មេងត្រូវយល់អំពីគោលការណ៍គម្ពីរ និងរបៀបបង្វឹកបង្ហាត់«សមត្ថភាពយល់ដឹង»របស់ខ្លួន។ (ហេ. ៥:១៤) ពិតណាស់ ឪពុកម្ដាយត្រូវគិតអំពីអាយុនិងកម្រិតយល់ដឹងរបស់កូនៗ។ ទោះជាយ៉ាងនោះក៏ដោយ កូនជាច្រើនមានសមត្ថភាពរៀនសេចក្ដីពិតជ្រាលជ្រៅពីគម្ពីរបាន សូម្បីតែពួកគាត់នៅក្មេងក្ដី។—លូក. ២:៤២, ៤៦, ៤៧
ដើម្បីជួយឪពុកម្ដាយ ឥឡូវនេះគេហទំព័រjw.orgរបស់អង្គការយើង មានជំនួយសិក្សាជាភាសាជាច្រើនដែលមានមូលដ្ឋានលើសៀវភៅព្រះគម្ពីរបង្រៀន។ ឪពុកម្ដាយអាចរកជំនួយសិក្សាទាំងនោះក្នុងគេហទំព័ររបស់យើង ដោយចុចBIBLE TEACHINGS រួចមកចុចTEENAGERS។ នៅថ្ងៃអនាគតជំនួយសិក្សាដែលមានមូលដ្ឋានលើសៀវភៅ«ព្រះស្រឡាញ់» នឹងត្រូវដាក់បញ្ចូលទៅក្នុងគេហទំព័រនោះដែរ។ ប៉ុន្តែ យើងក៏មានសៀវភៅទាំងនេះបោះពុម្ពរួចហើយដែរ ដូច្នេះយើងអាចប្រើសៀវភៅទាំងនេះតែម្ដងក៏បាន។ តែជំនួយសិក្សាដែលមានក្នុងគេហទំព័រយើង ឪពុកម្ដាយអាចសម្រេចចិត្តថាត្រូវប្រើយ៉ាងដូចម្ដេច សម្រាប់គោរពប្រណិប័តន៍ជាក្រុមគ្រួសារ ឬក៏បង្រៀនដល់កូនម្នាក់ៗដោយឡែកពីគ្នា ឬមួយក៏បង្រៀនកូនៗឲ្យសិក្សាព័ត៌មាននោះដោយខ្លួនឯង។