ជំពូកទីដប់ប្រាំមួយ
ចូរកាន់ជំហរខាងការថ្វាយបង្គំពិត
តើព្រះគម្ពីរបង្រៀនយ៉ាងណាស្តីអំពីការប្រើរូបព្រះ ហើយការសែនជីដូនជីតា?
តើជនគ្រីស្ទានមានទស្សនៈយ៉ាងណាចំពោះការធ្វើបុណ្យសាសនា?
តើអ្នកអាចពន្យល់អ្នកឯទៀតអំពីជំនឿរបស់អ្នកយ៉ាងដូចម្ដេច ដោយមិនធ្វើឲ្យពួកគេអាក់អន់ចិត្តនោះ?
១, ២. តើអ្នកត្រូវតែសួរខ្លួនឯងសំនួរអ្វីក្រោយបានចេញពីសាសនាមិនពិតរួចហើយ? ហេតុអ្វីអ្នកគិតថាសំនួរនោះគឺសំខាន់?
ឧបមាថាអ្នកទទួលដំណឹងថា មនុស្សបានលួចដាក់កាកសំណល់ជាតិពុលនៅតំបន់ដែលអ្នករស់នៅ ហើយឥឡូវជាតិពុលនោះកំពុងតែបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំងឡាយនៅតំបន់របស់អ្នក។ តើអ្នកនឹងធ្វើយ៉ាងណា? អ្នកច្បាស់ជានឹងរើទៅនៅកន្លែងផ្សេងបើមានលទ្ធភាព។ ក៏ប៉ុន្តែ ក្រោយអ្នកបានរើទៅនៅកន្លែងផ្សេងរួចហើយនោះ អ្នកនៅតែមានសំនួរសំខាន់មួយថា៖‹តើខ្ញុំមានជាតិពុលក្នុងខ្លួនឬទេ?›។
២ សាសនាមិនពិតស្ថិតក្នុងសភាពស្រដៀងគ្នានឹងឧទាហរណ៍នេះ។ ព្រះគម្ពីរបង្រៀនថាទំនៀមទម្លាប់និងការបង្រៀននៃសាសនាមិនពិត ជាអ្វីដែលស្មោកគ្រោក ហើយហេតុនេះនាំឲ្យសាសនាទាំងនោះមានសភាពដូចជាតំបន់នោះ ដែលពោរពេញទៅដោយជាតិពុល។ (កូរិនថូសទី២ ៦:១៧) ហេតុនេះហើយជាការសំខាន់ដែលអ្នកដកខ្លួនចេញពី«បាប៊ីឡូនដ៏ជាធំ» គឺសាសនាមិនពិតទាំងឡាយទូទាំងពិភពលោក។ (វិវរណៈ ១៨:២, ៤) តើអ្នកបានចេញពីបាប៊ីឡូនដ៏ធំហើយឬនៅ? បើបានចេញហើយ គួរឲ្យសរសើរអ្នកមែន។ ប៉ុន្តែការចេញពីបាប៊ីឡូនដ៏ធំរួមបញ្ចូលច្រើនជាងការដកឈ្មោះ ឬដកខ្លួនចេញពីសាសនាមិនពិតនោះ។ អ្នកក៏ត្រូវតែសួរខ្លួនឯងថា៖ ‹តើខ្ញុំនៅតែកាន់តាមជំនឿឬទំនៀមទម្លាប់ខ្លះៗនៃសាសនាមិនពិតឬទេ?›។ សូមពិចារណាគំរូខ្លះៗ។
រូបព្រះនិងការសែនជីដូនជីតា
៣. (ក) តើព្រះគម្ពីរចែងយ៉ាងណាអំពីការប្រើរូបព្រះ? ហេតុអ្វីបានជាមនុស្សខ្លះប្រហែលជាពិបាកទទួលស្គាល់ទស្សនៈរបស់ព្រះ? (ខ) បើអ្នកមានរបស់ណាដែលជាប់ទាក់ទងនឹងការថ្វាយបង្គំមិនពិត តើអ្នកគួរធ្វើយ៉ាងណាចំពោះរបស់ទាំងនោះ?
៣ មនុស្សខ្លះធ្លាប់មានរូបព្រះឬអាសនៈនៅក្នុងផ្ទះតាំងពីយូរហើយ។ តើអ្នកមានរបស់នោះឬទេ? បើដូច្នេះ អ្នកប្រហែលជាមានអារម្មណ៍មួយថាការអធិស្ឋានថ្វាយព្រះដោយគ្មានរបស់ទាំងនោះ ស្ដាប់ទៅចម្លែកឬក៏ជាការមិនត្រឹមត្រូវនោះទេ។ អ្នកប្រហែលជាស្រឡាញ់របស់ទាំងនោះទៀតផង។ ប៉ុន្តែគឺជាព្រះដែលមានសិទ្ធិប្រាប់មនុស្សថាត្រូវថ្វាយបង្គំទ្រង់តាមរបៀបណា ហើយព្រះគម្ពីរបង្រៀនថាទ្រង់មិនចង់ឲ្យយើងប្រើរូបព្រះឡើយ។ (និក្ខមនំ ២០:៤, ៥; ទំនុកដំកើង ១១៥:៤-៨; អេសាយ ៤២:៨; យ៉ូហានទី១ ៥:២១) ដូច្នេះបើអ្នកមានរបស់ណាដែលជាប់ទាក់ទងនឹងការថ្វាយបង្គំមិនពិត អ្នកអាចកាន់ជំហរខាងការថ្វាយបង្គំពិតដោយបំផ្លាញចោលរបស់ទាំងនោះ។ ចូរលត់ដំខ្លួនឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរបស់ទាំងនោះ ពោលគឺចាត់ទុករបស់ទាំងនោះ«ជាទីស្អប់ខ្ពើម»។—ចោទិយកថា ២៧:១៥
៤. (ក) ហេតុអ្វីយើងដឹងថាការសែនជីដូនជីតាជាការគ្មានប្រយោជន៍នោះ? (ខ) ហេតុអ្វីបានជាព្រះយេហូវ៉ាហាមរាស្ត្រទ្រង់មិនឲ្យធ្វើឬចូលរួមសកម្មភាពគ្រប់យ៉ាងដែលជាប់ពាក់ព័ន្ធនឹងមន្តអាគមនោះ?
៤ ការសែនជីដូនជីតាគឺជាទម្លាប់មួយនៃសាសនាជាច្រើនដែលជាសាសនាមិនពិត។ មុនដែលរៀនសេចក្ដីពិតពីព្រះគម្ពីរមនុស្សខ្លះធ្លាប់ជឿថា មនុស្សស្លាប់នៅតែមានស្មារតីក្នុងភពផ្សេងទៀតដែលយើងមើលមិនឃើញ ហើយពួកគេអាចជួយឬក៏ធ្វើទុក្ខមនុស្សដែលនៅរស់បាន។ ប្រហែលជាអ្នកធ្លាប់ខំប្រឹងយ៉ាងខ្លាំងដើម្បីផ្គាប់ចិត្តជីដូនជីតាដែលបានស្លាប់ទៅហើយ។ ក៏ប៉ុន្តែដូចអ្នកបានរៀនរួចហើយនៅជំពូកទី៦ក្នុងសៀវភៅនេះ មនុស្សស្លាប់គ្មានស្មារតីអ្វីឡើយ ហើយក៏មិននៅភពផ្សេងណាមួយទៀតដែរ។ ហេតុនេះការខំទាក់ទងជាមួយមនុស្សស្លាប់គ្មានប្រយោជន៍ទេ។ ព័ត៌មានណាដែលមើលទៅហាក់ដូចជាមកពីមនុស្សស្លាប់នោះ តាមពិតមកពីពួកបិសាចវិញទេ។ នេះជាមូលហេតុដែលព្រះយេហូវ៉ាហាមជនជាតិអ៊ីស្រាអែលមិនឲ្យទាក់ទងមនុស្សស្លាប់ និងក៏បានហាមធ្វើឬចូលរួមសកម្មភាពគ្រប់យ៉ាងដែលជាប់ពាក់ព័ន្ធនឹងមន្តអាគម។—ចោទិយកថា ១៨:១០-១២
៥. តើអ្នកអាចធ្វើយ៉ាងណាបើអ្នកធ្លាប់ថ្វាយបង្គំដោយប្រើរូបព្រះឬសែនជីដូនជីតានោះ?
៥ ប្រសិនបើអ្នកធ្លាប់ប្រើរូបព្រះឬសែនជីដូនជីតាក្នុងការថ្វាយបង្គំរបស់អ្នកពីមុន តើអ្នកអាចធ្វើយ៉ាងណា? ចូរអាននិងរំពឹងគិតទៅលើបទគម្ពីរ ដែលបង្ហាញពីទស្សនៈរបស់ព្រះចំពោះរឿងទាំងនេះ។ ចូរអធិស្ឋានទូលប្រាប់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃអំពីចិត្តប្រាថ្នារបស់អ្នក ដែលចង់កាន់ជំហរខាងការថ្វាយបង្គំពិត ហើយសុំទ្រង់ជួយអ្នកឲ្យមានគំនិតដូចជាទ្រង់ដែរ។—អេសាយ ៥៥:៩
គ្រីស្ទានជំនាន់ដើមមិនបានធ្វើបុណ្យណូអែលឡើយ
៦, ៧. (ក) តាមការអះអាង តើបុណ្យណូអែលគឺសំរាប់រំឭកពីអ្វី? តើអ្នកកាន់តាមព្រះយេស៊ូនៅសតវត្សរ៍ទីមួយធ្លាប់ធ្វើបុណ្យនោះទេ? (ខ) នៅសម័យសិស្សជំនាន់ដើមរបស់ព្រះយេស៊ូ តើបុណ្យខួបកំណើតជាប់ទាក់ទងនឹងអ្វី?
៦ លក្ខណៈស្មោកគ្រោកនៃសាសនាមិនពិត អាចជ្រាបចូលទៅក្នុងការថ្វាយបង្គំរបស់មនុស្សតាមរយៈពិធីបុណ្យ។ ជាឧទាហរណ៍ សូមពិចារណាអំពីបុណ្យណូអែល។ តាមការអះអាងបុណ្យណូអែលគឺសំរាប់រំឭកពីថ្ងៃខួបកំណើតរបស់ព្រះយេស៊ូគ្រីស្ទ ហើយសាសនាស្ទើរតែទាំងអស់ដែលអះអាងថាពួកគេជាគ្រីស្ទានក៏ធ្វើបុណ្យនេះដែរ។ ប៉ុន្តែគ្មានភស្តុតាងណាដែលបញ្ជាក់ថា សិស្សរបស់ព្រះយេស៊ូនៅសតវត្សរ៍ទីមួយធ្លាប់ធ្វើបុណ្យនេះឡើយ។ សៀវភៅមួយប្រាប់ថា៖ «អស់២០០ឆ្នាំក្រោយព្រះយេស៊ូប្រសូតមកនោះ គ្មានអ្នកណាដឹងហើយមិនសូវមានអ្នកណាចាប់អារម្មណ៍ ថាព្រះយេស៊ូបានប្រសូតមកនៅថ្ងៃណាខែណានោះឡើយ»។—Sacred Origins of Profound Things
៧ ទោះបើសិស្សរបស់ព្រះយេស៊ូធ្លាប់ដឹងថាទ្រង់ប្រសូតមកនៅថ្ងៃណាខែណានោះ ក៏ពួកគេនៅតែមិនធ្វើបុណ្យខួបកំណើតទ្រង់ឡើយ។ ហេតុអ្វី? ពីព្រោះសព្វវចនាធិប្បាយមួយប្រាប់ថា គ្រីស្ទានជំនាន់ដើម«បានចាត់ទុកការធ្វើបុណ្យខួបកំណើតរបស់មនុស្សណាម្នាក់ជាទំនៀមទម្លាប់របស់អ្នកដែលមិនជឿគ្រីស្ទសាសនា»។ (The World Book Encyclopedia) មានតែបុណ្យខួបកំណើតពីរគត់ដែលត្រូវរៀបរាប់ក្នុងព្រះគម្ពីរ ហើយនោះគឺជាបុណ្យចំរើនព្រះជន្មរបស់អ្នកគ្រប់គ្រងពីរអង្គដែលមិនមែនជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាឡើយ។ (លោកុប្បត្តិ ៤០:២០; ម៉ាកុស ៦:២១) មនុស្សដែលមិនជឿគ្រីស្ទសាសនាក៏ធ្លាប់ធ្វើបុណ្យខួបកំណើតថ្វាយព្រះផ្សេងៗរបស់ពួកគេដែរ។ ជាឧទាហរណ៍នៅថ្ងៃទី២៤ ខែឧសភាជនជាតិរ៉ូមធ្លាប់ធ្វើបុណ្យខួបកំណើតព្រះនាងឌីយ៉ាន៉ា។ នៅថ្ងៃបន្ទាប់ពួកគេធ្វើបុណ្យខួបកំណើតអាប៉ូឡូដែលជាអាទិទេពព្រះអាទិត្យ។ ដូច្នេះបុណ្យខួបកំណើតមិនបានជាប់ទាក់ទងនឹងគ្រីស្ទសាសនាឡើយ តែជាការថ្វាយបង្គំរបស់អ្នកមិនជឿគ្រីស្ទសាសនាវិញ។
៨. សូមពន្យល់ទំនាក់ទំនងរវាងបុណ្យខួបកំណើតនិងជំនឿឆ្វេង។
៨ មានហេតុមួយទៀតដែលគ្រីស្ទាននៅសតវត្សរ៍ទីមួយមិនធ្វើបុណ្យខួបកំណើតរបស់ព្រះយេស៊ូនោះ។ សិស្សរបស់ទ្រង់ទំនងជាដឹងថាបុណ្យខួបកំណើតជាប់ទាក់ទងនឹងជំនឿឆ្វេង។ ជាឧទាហរណ៍នៅសម័យបុរាណជនជាតិក្រិចនិងជនជាតិរ៉ូមជាច្រើនធ្លាប់ជឿថា វិញ្ញាណមួយរូបមានវត្តមានពេលដែលមនុស្សម្នាក់កើតមក ហើយវិញ្ញាណនោះនឹងការពារអ្នកនោះអស់មួយជីវិត។ សៀវភៅមួយប្រាប់ថា៖ «មានទំនាក់ទំនងអាថ៌កំបាំងមួយរវាងវិញ្ញាណនោះនិងព្រះណាដែលមានខួបកំណើតនៅចំថ្ងៃដែលបុគ្គលនោះកើតមក»។ (The Lore of Birthdays) ព្រះយេហូវ៉ាប្រាកដជាមិនសព្វព្រះហឫទ័យនឹងបុណ្យណាដែលនាំឲ្យព្រះយេស៊ូជាប់ពាក់ព័ន្ធនឹងជំនឿឆ្វេងនោះ។ (អេសាយ ៦៥:១១, ១២) បើដូច្នេះ ហេតុអ្វីមានមនុស្សច្រើនម្ល៉េះធ្វើបុណ្យណូអែល?
ដើមកំណើតនៃបុណ្យណូអែល
៩. ហេតុអ្វីថ្ងៃទី២៥ ខែធ្នូបានត្រូវរើសយកជាថ្ងៃធ្វើខួបកំណើតរបស់ព្រះយេស៊ូ?
៩ រាប់រយឆ្នាំក្រោយព្រះយេស៊ូគង់នៅផែនដី ទើបមនុស្សចាប់ផ្ដើមធ្វើបុណ្យខួបកំណើតព្រះយេស៊ូនៅថ្ងៃទី២៥ ខែធ្នូ។ ប៉ុន្តែថ្ងៃនោះមិនមែនជាថ្ងៃដែលព្រះយេស៊ូប្រសូតមកនោះទេ។a បើដូច្នេះហេតុអ្វីមនុស្សរើសថ្ងៃទី២៥ ខែធ្នូវិញ? អ្នកខ្លះដែលក្រោយមកអះអាងថាពួកគេជាគ្រីស្ទាន ទំនងជា«ចង់ឲ្យថ្ងៃបុណ្យនោះប្រារព្ធឡើងចំថ្ងៃដែលជនជាតិរ៉ូមដែលមិនកាន់គ្រីស្ទសាសនា»តែងធ្វើបុណ្យខួបកំណើតនៃព្រះអាទិត្យ។ (The New Encyclopædia Britannica) នៅរដូវរងាពេលដែលព្រះអាទិត្យហាក់ដូចជាមានថាមពលតិចបំផុតនោះ ជនជាតិរ៉ូមទាំងនេះធ្លាប់ធ្វើបុណ្យដើម្បីអង្វរសុំព្រះអាទិត្យដែលជាប្រភពកំដៅនិងពន្លឺ ឲ្យវិលត្រឡប់មកវិញពីការធ្វើដំណើរដ៏សែនឆ្ងាយ។ ថ្ងៃទី២៥ ខែធ្នូត្រូវចាត់ទុកជាថ្ងៃដែលព្រះអាទិត្យចាប់ផ្ដើមវិលត្រឡប់មកវិញ។ ក្នុងការព្យាយាមធ្វើឲ្យជនជាតិរ៉ូមទាំងនោះដូរសាសនាមកកាន់គ្រីស្ទសាសនានោះ អ្នកដឹកនាំគ្រីស្ទសាសនាបានយកបុណ្យខួបកំណើតព្រះអាទិត្យមកខំកែច្នៃឲ្យមើលទៅដូចជា«បុណ្យគ្រីស្ទាន»វិញ។b
១០. នៅអតីតកាល ហេតុអ្វីមនុស្សខ្លះមិនធ្វើបុណ្យណូអែល?
១០ តាំងពីយូរហើយមានគេទទួលស្គាល់ថា បុណ្យណូអែលមានដើមកំណើតចេញពីអ្នកមិនជឿគ្រីស្ទសាសនា។ ដោយសារគ្មានមូលដ្ឋានលើបទគម្ពីរ បុណ្យណូអែលបានត្រូវគេហាមធ្វើនៅប្រទេសអង់គ្លេសនិងអាណានិគមអាមេរិកខ្លះនៅសតវត្សរ៍ទី១៧។ បើត្រឹមតែមិនចេញទៅធ្វើការនៅថ្ងៃបុណ្យណូអែល គេត្រូវតែបង់ប្រាក់ពិន័យ។ ក៏ប៉ុន្តែមិនយូរក្រោយនោះទំនៀមទម្លាប់ចាស់បានទៅជាពេញនិយមម្ដងទៀតទាំងមានលក្ខណៈថ្មីខ្លះៗដែរ។ បុណ្យណូអែលបានក្លាយខ្លួនជាបុណ្យដ៏សំខាន់ម្ដងទៀត ហើយនៅប្រទេសជាច្រើនបុណ្យណូអែលនៅតែជាបុណ្យដ៏សំខាន់។ ក៏ប៉ុន្តែដោយសារបុណ្យណូអែលជាប់ទាក់ទងនឹងសាសនាមិនពិត អ្នកដែលចង់ឲ្យព្រះសព្វព្រះហឫទ័យមិនធ្វើបុណ្យណូអែល ឬបុណ្យណាផ្សេងទៀតដែលមានដើមកំណើតមកពីសាសនាមិនពិត។c
តើដើមកំណើតនៃបុណ្យផ្សេងៗពិតជាសំខាន់ឬ?
១១. ហេតុអ្វីមនុស្សខ្លះធ្វើបុណ្យផ្សេងៗ? តើអ្វីគួរជារឿងសំខាន់បំផុតចំពោះយើង?
១១ មនុស្សខ្លះយល់ស្របថា បុណ្យផ្សេងៗដូចបុណ្យណូអែលមានដើមកំណើតមកពីសាសនាមិនពិត។ ប៉ុន្តែពួកគេនៅមានអារម្មណ៍ថាការធ្វើបុណ្យទាំងនោះគឺមិនខុសទេ។ យ៉ាងណាមិញ ពេលដែលធ្វើបុណ្យនោះមនុស្សមិនគិតអំពីសាសនាមិនពិតឡើយ។ ឱកាសទាំងនោះក៏ផ្ដល់លទ្ធភាពឲ្យក្រុមគ្រួសារជួបជុំគ្នា។ តើអ្នកមានអារម្មណ៍ដូច្នេះដែរឬទេ? បើដូច្នេះ អ្វីដែលធ្វើឲ្យការកាន់ជំហរខាងការថ្វាយបង្គំពិតមើលទៅដូចជាអ្វីដ៏ពិបាកនោះ មិនមែនជាការស្រឡាញ់សាសនាមិនពិតនោះទេ តែគឺជាការស្រឡាញ់ក្រុមគ្រួសារវិញ។ អ្នកអាចប្រាកដថាព្រះយេហូវ៉ាដែលជាអ្នកផ្ដើមឲ្យមានក្រុមគ្រួសារមនុស្ស ទ្រង់មានព្រះទ័យចង់ឲ្យអ្នកមានទំនាក់ទំនងល្អជាមួយនឹងសមាជិកក្រុមគ្រួសារ។ (អេភេសូរ ៣:១៤, ១៥) ប៉ុន្តែ អ្នកអាចពង្រឹងទំនាក់ទំនងជាមួយនឹងពួកគេតាមរបៀបដែលព្រះសព្វព្រះហឫទ័យ។ សាវ័កប៉ុលបានសរសេរអំពីអ្វីដែលត្រូវជារឿងសំខាន់បំផុតចំពោះយើង។ គាត់បានសរសេរថា៖ «ចូរលមើលឲ្យដឹងសេចក្ដីអ្វីដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ!»។—អេភេសូរ ៥:១០
១២. សូមឲ្យឧទាហរណ៍ដែលបញ្ជាក់មូលហេតុ ដែលយើងត្រូវចៀសវាងពីទំនៀមទម្លាប់និងបុណ្យដែលមានប្រភពមិនល្អ។
១២ ប្រហែលជាអ្នកគិតថា របៀបមនុស្សធ្វើបុណ្យផ្សេងៗសព្វថ្ងៃនេះ មិនសូវទាក់ទងនឹងដើមកំណើតរបស់វាប៉ុន្មានទេ។ តើដើមកំណើតនៃទំនៀមទម្លាប់និងបុណ្យផ្សេងៗពិតជាសំខាន់ឬ? ពិតជាសំខាន់ណាស់! ជាឧទាហរណ៍: ប្រសិនបើអ្នកឃើញស្ករមួយគ្រាប់ក្នុងលូទឹកស្អុយ តើអ្នកនឹងរើសស្ករនោះមកបៀមទេ? ប្រាកដជាមិនធ្វើដូច្នេះឡើយ! ស្ករនោះគឺមិនស្អាតទេ។ បុណ្យផ្សេងៗក៏ដូចជាស្ករនោះដែរ ដ្បិតមើលទៅដូចជាគួរឲ្យចង់បាន តែបុណ្យផ្សេងៗទាំងនោះមកពីប្រភពមិនស្អាត។ ដើម្បីកាន់ជំហរខាងការថ្វាយបង្គំពិត យើងត្រូវតែមានទស្សនៈដូចព្យាការីអេសាយដែលប្រាប់អ្នកថ្វាយបង្គំពិតថា៖ «កុំឲ្យពាល់របស់អ្វីដែលមិនស្អាតឡើយ»។—អេសាយ ៥២:១១
ចូរគិតពិចារណាអំពីរបៀបប្រព្រឹត្តចំពោះអ្នកឯទៀត
១៣. នៅពេលដែលអ្នកមិនចូលរួមធ្វើបុណ្យផ្សេងៗនោះ តើអាចមានការពិបាកអ្វីខ្លះ?
១៣ ជួនកាលអ្នកអាចមានការពិបាកក្រោយសម្រេចចិត្តមិនចូលរួមបុណ្យផ្សេងៗ។ ជាឧទាហរណ៍អ្នកធ្វើការជាមួយប្រហែលជាឆ្ងល់ពីមូលហេតុ ដែលអ្នកមិនចូលរួមសកម្មភាពក្នុងបុណ្យផ្សេងៗនៅកន្លែងធ្វើការ។ ចុះបើពួកគេចង់ជូនកាដូឲ្យអ្នកសំរាប់បុណ្យណូអែល? តើការទទួលកាដូនោះជាការខុសទេ? ចុះបើប្ដីឬប្រពន្ធរបស់អ្នកមិនជឿដូចអ្នក? តើអ្នកអាចធ្វើយ៉ាងណាដើម្បីកុំឲ្យកូនរបស់អ្នកមានអារម្មណ៍ថា ជីវិតរបស់ពួកគេមិនសប្បាយដូចអ្នកឯទៀតដោយសារមិនធ្វើបុណ្យនោះ?
១៤, ១៥. បើអ្នកណាម្នាក់ជូនពរនៅថ្ងៃបុណ្យឬមួយក៏ចង់ជូនកាដូអ្នក តើអាចធ្វើយ៉ាងណា?
១៤ អ្នកត្រូវចេះគិតពិចារណាទើបអាចដឹងពីរបៀបដែលគួរធ្វើក្នុងករណីនីមួយៗ។ បើមានគេជូនពរអ្នកនៅថ្ងៃបុណ្យនោះ អ្នកអាចបង្ហាញការគួរសមដោយអរគុណអ្នកនោះវិញ ប្រហែលជាគ្រប់គ្រាន់ហើយ។ ប៉ុន្តែ ចុះយ៉ាងណាវិញបុគ្គលដែលអ្នកធ្វើការជាមួយឬជួបជាទៀងទាត់នោះ? ក្នុងករណីនេះអ្នកអាចពន្យល់ថែមទៀតក៏បាន។ ក្នុងគ្រប់ករណី ចូរប្រើសំដីដែលមិនធ្វើឲ្យពួកគេអាក់អន់ចិត្ត។ ព្រះគម្ពីរជូនឱវាទថា៖ «ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ»។ (កូល៉ុស ៤:៦) ចូរប្រុងប្រយ័ត្នមិនប្រព្រឹត្តឬនិយាយដោយឥតគោរព។ ផ្ទុយទៅវិញ ចូរពន្យល់ពីគោលជំហររបស់អ្នកដោយប្រើសំដីដែលមិនធ្វើឲ្យគេអាក់អន់ចិត្ត។ ចូរពន្យល់យ៉ាងច្បាស់ថាអ្នកមិនចាត់ទុកការជូនកាដូ ឬការជប់លៀងជាអ្វីខុសនោះទេ គ្រាន់តែអ្នកចូលចិត្តធ្វើសកម្មភាពទាំងនោះនៅគ្រាផ្សេងទៀតប៉ុណ្ណោះ។
១៥ ចុះបើអ្នកណាម្នាក់ចង់ជូនកាដូអ្នក? អ្នកត្រូវមើលតាមកាលៈទេសៈ។ អ្នកជូនកាដូនោះប្រហែលជានិយាយថា៖ «ខ្ញុំដឹងថាអ្នកមិនធ្វើបុណ្យនេះទេ។ យ៉ាងណាក៏ដោយខ្ញុំចង់ជូនកាដូនេះឲ្យអ្នក»។ ក្នុងករណីនេះ អ្នកប្រហែលជាសម្រេចចិត្តថាការទទួលកាដូពីគាត់ មិនមែនជាការចូលរួមធ្វើបុណ្យនោះឡើយ។ ប្រាកដហើយបើអ្នកនោះមិនដឹងពីជំនឿរបស់អ្នក អ្នកអាចប្រាប់ថាអ្នកមិនធ្វើបុណ្យនោះឡើយ។ នេះនឹងជួយឲ្យគាត់យល់នូវមូលហេតុដែលអ្នកព្រមទទួលកាដូពីគាត់ តែមិនបានជូនកាដូគាត់វិញនោះទេ។ ក៏ប៉ុន្តែ ជាការល្អបើអ្នកមិនព្រមទទួលកាដូពីអ្នកដែលជូនក្នុងបំណងបង្ហាញថា អ្នកមិនកាន់តាមជំនឿរបស់អ្នក ឬថាអ្នកសុខចិត្តធ្វើខុសនឹងជំនឿរបស់អ្នកដើម្បីបានប្រយោជន៍។
ចុះយ៉ាងណាវិញចំពោះសមាជិកក្រុមគ្រួសារ?
១៦. ស្តីអំពីបុណ្យ តើអ្នកអាចប្រព្រឹត្តយ៉ាងណាដើម្បីមិនធ្វើឲ្យអ្នកដទៃអាក់អន់ចិត្តនោះ?
១៦ ចុះបើសមាជិកក្រុមគ្រួសារមិនជឿដូចអ្នក? ក្នុងករណីនេះដែរ ចូរប្រើសំដីដែលមិនធ្វើឲ្យគេអាក់អន់ចិត្ត។ គ្មានហេតុឲ្យឈ្លោះជាមួយនឹងសមាជិកក្រុមគ្រួសារអំពីគ្រប់ទំនៀមទម្លាប់ និងបុណ្យដែលពួកគេធ្វើនោះទេ។ ផ្ទុយទៅវិញ ចូរគោរពសិទ្ធិរបស់ពួកគេក្នុងជំនឿសាសនា ដូចជាអ្នកចង់ឲ្យពួកគេគោរពសិទ្ធិរបស់អ្នកដែរ។ (ម៉ាថាយ ៧:១២) ចូរចៀសវាងពីការប្រព្រឹត្តណាដែលជាការចូលរួមក្នុងបុណ្យនោះ។ យ៉ាងណាក៏ដោយ ចូរយោគយល់ក្នុងរឿងដែលមិនមែនជាការចូលរួមធ្វើបុណ្យសុទ្ធសាធនោះទេ។ ម្យ៉ាងទៀតអ្នកមិនគួរប្រព្រឹត្តយ៉ាងណាដែលនឹងនាំឲ្យមនសិការធ្វើទុក្ខដល់ខ្លួន។—ធីម៉ូថេទី១ ១:១៨, ១៩
១៧. តើអ្នកអាចជួយកូនរបស់អ្នកយ៉ាងដូចម្ដេចមិនឲ្យពួកគេមានអារម្មណ៍ ថាជីវិតរបស់ពួកគេមិនសប្បាយដូចអ្នកឯទៀតដោយសារមិនចូលរួមធ្វើបុណ្យនោះ?
១៧ តើអ្នកអាចធ្វើយ៉ាងណាដើម្បីកុំឲ្យកូនរបស់អ្នកមានអារម្មណ៍ថា ជីវិតរបស់ពួកគេមិនសប្បាយដូចអ្នកឯទៀតដោយសារមិនធ្វើបុណ្យខុសពីបទគម្ពីរនោះ? នេះអាស្រ័យទៅលើអ្វីដែលអ្នកធ្វើនៅពេលផ្សេងទៀតក្នុងឆ្នាំនោះ។ មាតាបិតាខ្លះរៀបចំឲ្យមានឱកាសផ្សេងទៀតដើម្បីជូនកាដូដល់កូន។ អំណោយល្អបំផុតដែលអ្នកអាចជូនកូន គឺជាពេលវេលានិងការយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់។
ចូរកាន់តាមការថ្វាយបង្គំពិត
១៨. តើការចូលរួមកិច្ចប្រជុំគ្រីស្ទាន អាចជួយឲ្យអ្នកកាន់ជំហរខាងការថ្វាយបង្គំពិតយ៉ាងដូចម្ដេច?
១៨ ដើម្បីធ្វើឲ្យព្រះសព្វព្រះហឫទ័យ អ្នកត្រូវតែបដិសេធការថ្វាយបង្គំមិនពិត ហើយកាន់ជំហរខាងការថ្វាយបង្គំពិតវិញ។ តើនេះរួមបញ្ចូលអ្វី? ព្រះគម្ពីរចែងថា៖ «ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។ (ហេព្រើរ ១០:២៤, ២៥) កិច្ចប្រជុំគ្រីស្ទានជាឱកាសដ៏សប្បាយសំរាប់ថ្វាយបង្គំព្រះ តាមរបៀបដែលទ្រង់សព្វព្រះហឫទ័យ។ (ទំនុកដំកើង ២២:២២; ១២២:១) នៅកិច្ចប្រជុំទាំងនេះគ្រីស្ទានស្មោះត្រង់«លើកទឹកចិត្តគ្នាទៅវិញទៅមក»។—រ៉ូម ១:១២, ខ.ស.
១៩. ហេតុអ្វីជាការសំខាន់ដែលអ្នកនិយាយជាមួយអ្នកឯទៀត អំពីអ្វីដែលអ្នកបានរៀនពីព្រះគម្ពីរ?
១៩ វិធីមួយទៀតដែលអ្នកអាចកាន់ជំហរខាងការថ្វាយបង្គំពិត គឺដោយនិយាយជាមួយអ្នកឯទៀតអំពីអ្វីដែលអ្នកបានរៀនពីការសិក្សាព្រះគម្ពីរជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា។ មនុស្សជាច្រើនពិតជាកំពុងតែ«ដកដង្ហើមធំហើយថ្ងូរ» ដោយសារអំពើទុច្ចរិតដែលមានក្នុងរបបលោកីយ៍សព្វថ្ងៃនេះ។ (អេសេគាល ៩:៤) ប្រហែលជាអ្នកស្គាល់មនុស្សខ្លះដែលមានអារម្មណ៍ដូច្នេះ។ អ្នកអាចប្រាប់ពួកគេអំពីសេចក្ដីសង្ឃឹមរបស់អ្នកលើព្រះគម្ពីរ។ ពេលដែលអ្នកចូលរួមជាមួយគ្រីស្ទានពិត ហើយនិយាយជាមួយអ្នកឯទៀតអំពីសេចក្ដីពិតដ៏អស្ចារ្យ ដែលអ្នកបានរៀនក្នុងព្រះគម្ពីរនោះ អ្នកនឹងឃើញថា បន្ដិចម្ដងៗអ្នកនឹងលែងមានចំណង់ធ្វើបុណ្យសាសនាមិនពិតទៀតហើយ។ អ្នកប្រាកដជានឹងមានសុភមង្គលហើយនឹងទទួលពរជាច្រើនជាក់ជាពុំខាន បើអ្នកកាន់ជំហរខាងការថ្វាយបង្គំពិត។—ម៉ាឡាគី ៣:១០
[កំណត់សម្គាល់]
b បុណ្យអាទិទេពព្រះសៅរ៍ក៏ជាប់ទាក់ទងនឹងការជ្រើសរើសថ្ងៃទី២៥ ខែធ្នូផងដែរ បុណ្យជនជាតិរ៉ូមនេះប្រារព្ធឡើងដើម្បីថ្វាយបង្គំព្រះនៃភោគផល ហើយបុណ្យនេះធ្លាប់ធ្វើឡើងនៅថ្ងៃទី១៧-២៤ខែធ្នូ។ ពេលមានបុណ្យអាទិទេពព្រះសៅរ៍គេជប់លៀងលេងសប្បាយសើចក្អាកក្អាយនិងជូនកាដូគ្នាទៅវិញទៅមក។
c ដើម្បីរៀនអំពីទស្សនៈរបស់គ្រីស្ទានពិតចំពោះបុណ្យឯទៀត សូមមើលការពន្យល់បន្ថែមដែលមានចំណងជើងថា «តើយើងគួរធ្វើបុណ្យឬទេ?»។
អ្វីដែលព្រះគម្ពីរបង្រៀន
▪ មិនត្រូវប្រើរូបព្រះឬសែនជីដូនជីតាក្នុងការថ្វាយបង្គំពិតឡើយ។—និក្ខមនំ ២០:៤, ៥; ចោទិយកថា ១៨:១០-១២
▪ ការចូលរួមបុណ្យដែលមានដើមកំណើតមកពីសាសនាមិនពិតជាការខុស។—អេភេសូរ ៥:១០
▪ ពេលដែលគ្រីស្ទានពិតពន្យល់អ្នកឯទៀតអំពីជំនឿខ្លួន ពួកគេត្រូវប្រើសំដីដែលមិនធ្វើឲ្យអ្នកដទៃអាក់អន់ចិត្ត។—កូល៉ុស ៤:៦
[រូបភាពនៅទំព័រ១៨៤]
តើអ្នកសុខចិត្តបៀមស្ករគ្រាប់ដែលបានរើសពីលូទឹកស្អុយទេ?
[រូបភាពពេញមួយទំព័រនៅទំព័រ១៨៧]
ការកាន់តាមការថ្វាយបង្គំពិតនាំឲ្យមានសុភមង្គលពិត