បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ១៧ ទំ. ១៨៩-២០០
  • ចូរចូលទៅជិតព្រះតាមរយៈការអធិស្ឋាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរចូលទៅជិតព្រះតាមរយៈការអធិស្ឋាន
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​គួរ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា?
  • តើ​យើង​ត្រូវ​បំពេញ​តម្រូវ​ការ​អ្វី​ខ្លះ?
  • ចម្លើយ​ចំពោះ​សំនួរ​ខ្លះ​ៗ​អំពី​សេចក្ដី​អធិស្ឋាន
  • វិធី​ដែល​ព្រះ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង
  • ឯកសិទ្ធិក្នុងការអធិដ្ឋាន
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • យើងអាចចូលទៅជិតព្រះតាមរយៈការអធិដ្ឋាន
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • របៀបទទួលជំនួយតាមរយៈការអធិស្ឋាន
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចូលទៅជិតព្រះដោយសេចក្ដីអធិស្ឋាន
    តើព្រះតម្រូវអ្វីពីយើង?
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ១៧ ទំ. ១៨៩-២០០

ជំពូក​ទី​ដប់​ប្រាំ​ពីរ

ចូរ​ចូល​ទៅ​ជិត​ព្រះ​តាម​រយៈ​ការ​អធិស្ឋាន

ហេតុ​អ្វី​យើង​គួរ​អធិស្ឋាន​ទូល​ព្រះ?

ដើម្បី​ឲ្យ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង តើ​យើង​ត្រូវ​ធ្វើ​អ្វី?

តើ​ព្រះ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​តាម​វិធី​ណា​ខ្លះ?

១, ២​. ហេតុ​អ្វី​យើង​គួរ​ចាត់​ទុក​សេចក្ដី​អធិស្ឋាន​ជា​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​ណាស់​សំរាប់​យើង? ហេតុ​អ្វី​យើង​ត្រូវ​ដឹង​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​សេចក្ដី​អធិស្ឋាន?

បើ​ប្រៀប​ទំហំ​ផែន​ដី​ទៅ​នឹង​ទំហំ​សកល​លោក​ទាំង​មូល​នោះ ផែន​ដី​គឺ​តូច​ជាង​ឆ្ងាយ​ណាស់។ តាម​ពិត ចំពោះ​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែន​ដី​»​ អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក​មួយ​ដំណក់​នៅ​ក្នុង​ថាំង។ (​ទំនុក​ដំកើង ១១៥:​១៥; អេសាយ ៤០:១៥​) យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវ​នា​វ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់ ទ្រង់​នឹង​បំពេញ​បំណង​ចិត្ត​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ក៏​នឹង​ឮ​ពាក្យ​អំពាវ​នាវ​របស់​គេ ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង​»។ (​ទំនុក​ដំកើង ១៤៥:១៨, ១៩​) សូម​គិត​ពី​អត្ថន័យ​ខ​នេះ! អ្នក​បង្កើត​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា ទ្រង់​គង់​នៅ​ជិត​នឹង​យើង​ហើយ​ក៏​សណ្ដាប់​យើង​ទៀត​ផង បើ​យើង​«​អំពាវ​នាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់!​»។ ការ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ពិត​ជា​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​ណាស់​សំរាប់​យើង!

២ ក៏​ប៉ុន្តែ ប្រសិន​បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង នោះ​យើង​ត្រូវ​តែ​អធិស្ឋាន​តាម​របៀប​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ នេះ​មាន​ន័យ​ថា​យើង​ត្រូវ​តែ​យល់​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​សេចក្ដី​អធិស្ឋាន មែន​ទេ? គឺ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ដឹង​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​សេចក្ដី​អធិស្ឋាន ដ្បិត​សេចក្ដី​អធិស្ឋាន​ជួយ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជាង។

ហេតុ​អ្វី​គួរ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា?

៣​. តើ​អ្វី​ជា​ហេតុ​ដ៏​សំខាន់​មួយ​ដែល​យើង​គួរ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា?

៣ ហេតុ​ដ៏​សំខាន់​មួយ​ដែល​យើង​គួរ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា គឺ​ដោយ​សារ​ទ្រង់​អញ្ជើញ​យើង​ឲ្យ​អធិស្ឋាន។ ព្រះ​បន្ទូល​របស់​ទ្រង់​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​កុំ​ឲ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ​ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង យ៉ាង​នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូ​វ​»។ (​ភីលីព ៤:៦, ៧​) យើង​ប្រាកដ​ជា​មិន​ចង់​ជា​មនុស្ស​ដែល​មិន​អើពើ​ចំពោះ​ការ​រៀបចំ​នេះ ដែល​អ្នក​គ្រប់​គ្រង​ខ្ពង់​ខ្ពស់​បំផុត​លើ​សកល​លោក​ទាំង​មូល បាន​រៀបចំ​ដោយ​សេចក្ដី​សប្បុរស​នោះ!

៤​. តើ​ការ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ទ្រង់​យ៉ាង​ដូច​ម្ដេច?

៤ ហេតុ​មួយ​ទៀត​ដែល​គួរ​អធិស្ឋាន​គឺ​ពី​ព្រោះ​ការ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ ជា​វិធី​មួយ​ដែល​យើង​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ទ្រង់។ មិត្ត​សំឡាញ់​ពិត​មិន​ទាក់​ទង​គ្នា​ត្រឹម​តែ​ពេល​ដែល​ត្រូវ​ការ​អ្វី​មួយ​ពី​មិត្ត​របស់​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មិត្ត​ជិត​ស្និទ្ធ​ចាប់​អារម្មណ៍​នឹង​សុខ​ទុក្ខ​របស់​មិត្ត​ខ្លួន ហើយ​មិត្តភាព​របស់​ពួក​គេ​គឺ​កាន់​តែ​ស្អិត​ល្មួត ពេល​ដែល​ពួក​គេ​រៀប​រាប់​ប្រាប់​អស់​ពី​ចិត្ត​អស់​ពី​គំនិត ការ​ព្រួយ​បារម្ភ និង​អារម្មណ៍​របស់​ខ្លួន។ មិត្តភាព​រវាង​យើង​នឹង​ព្រះ​យេហូវ៉ា​គឺ​ស្រដៀង​គ្នា​នេះ​ដែរ។ ដោយ​ជំនួយ​ពី​សៀវភៅ​នេះ អ្នក​បាន​រៀន​ជា​ច្រើន​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​អំពី​ព្រះ​យេហូវ៉ា បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ និង​គោល​បំណង​របស់​ទ្រង់។ អ្នក​បាន​រៀន​ថា ព្រះ​យេហូវ៉ា​ជា​បុគ្គល​ពិត​មួយ​អង្គ។ សេចក្ដី​អធិស្ឋាន​ផ្ដល់​ឱកាស​ឲ្យ​ទូល​ប្រាប់​ព្រះ​វរបិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌​អំពី​គំនិត​និង​អារម្មណ៍​ដែល​កប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​អ្នក។ ពេល​ដែល​ធ្វើ​ដូច្នេះ អ្នក​នឹង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជាង។—យ៉ាកុប ៤:៨

តើ​យើង​ត្រូវ​បំពេញ​តម្រូវ​ការ​អ្វី​ខ្លះ?

៥​. តើ​អ្វី​បង្ហាញ​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​សណ្ដាប់​សេចក្ដី​អធិស្ឋាន​ទាំង​អស់?

៥ តើ​ព្រះ​យេហូវ៉ា​សណ្ដាប់​សេចក្ដី​អធិស្ឋាន​ទាំង​អស់​ទេ? សូម​ពិចារណា​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល ដែល​មិន​ស្ដាប់​បង្គាប់​ទ្រង់​នៅ​សម័យ​ព្យាការី​អេសាយ។ ទ្រង់​មាន​បន្ទូល​ថា​៖ ​«​កាល​ណា​ឯង​អធិស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្ដាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម​»។ (​អេសាយ ១:១៥​) ដូច្នេះ ការ​ប្រព្រឹត្ត​ខ្លះ​របស់​យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​សណ្ដាប់​សេចក្ដី​អធិស្ឋាន​យើង។ ហេតុ​នេះ​ហើយ ដើម្បី​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង​នោះ យើង​ត្រូវ​តែ​បំពេញ​តម្រូវ​ការ​បឋម​ខ្លះ​ៗ។

៦​. តើ​អ្វី​ជា​តម្រូវ​ការ​មួយ​ដែល​ត្រូវ​បំពេញ​ជា​ចាំ​បាច់​ដើម្បី​ឲ្យ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង? តើ​យើង​អាច​បំពេញ​តម្រូវ​ការ​នោះ​យ៉ាង​ដូច​ម្ដេច?

៦ តម្រូវ​ការ​មួយ​ដែល​ត្រូវ​បំពេញ​ជា​ចាំ​បាច់​គឺ យើង​ត្រូវ​មាន​ជំនឿ។ (​ម៉ាកុស ១១:២៤​) សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ​«​បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា​ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​»។ (​ហេព្រើរ ១១:៦​) ការ​មាន​ជំនឿ​ពិត​មិន​ត្រឹម​តែ​ជា​ការ​ដឹង​ថា​មាន​ព្រះ​មួយ​អង្គ ហើយ​ដឹង​ថា​ទ្រង់​សណ្ដាប់​ព្រម​ទាំង​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​ប៉ុណ្ណោះ​ទេ។ ជំនឿ​របស់​យើង​គឺ​ស​ឲ្យ​ឃើញ​ដោយ​ការ​ប្រព្រឹត្ត។ ដោយ​របៀប​រស់​នៅ​របស់​យើង យើង​ត្រូវ​តែ​បង្ហាញ​ភស្តុ​តាង​ជាក់​ច្បាស់​ថា​យើង​មាន​ជំនឿ។—យ៉ាកុប ២:២៦

៧​. (​ក​) ហេតុ​អ្វី​យើង​គួរ​បង្ហាញ​ការ​គោរព​ពេល​ដែល​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា? (​ខ​) នៅ​ពេល​ដែល​អធិស្ឋាន​ទូល​ព្រះ តើ​យើង​អាច​បង្ហាញ​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្មោះ​យ៉ាង​ដូច​ម្ដេច?

៧ ព្រះ​យេហូវ៉ា​ក៏​តម្រូវ​ឲ្យ​អ្នក​ដែល​អធិស្ឋាន​ទូល​ទ្រង់ ទូល​ដោយ​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្មោះ។ យើង​មាន​ហេតុ​ជា​ច្រើន​ដែល​យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប ពេល​ដែល​ទូល​ព្រះ​យេហូវ៉ា មែន​ទេ? ធម្មតា​នៅ​ពេល​ដែល​មនុស្ស​មាន​ឱកាស​គាល់​ស្តេច ឬ​និយាយ​ជា​មួយ​នឹង​ប្រធានាធិបតី ពួក​គេ​និយាយ​ដោយ​គោរព​និង​ដោយ​ទទួល​ស្គាល់​ឋានៈ​របស់​អ្នក​គ្រប់​គ្រង​នោះ។ ដូច្នេះ​ពេល​ដែល​ទូល​ព្រះ​យេហូវ៉ា យើង​គួរ​បង្ហាញ​ការ​គោរព​ច្រើន​ជាង​នោះ​ទៅ​ទៀត! (​ទំនុក​ដំកើង ១៣៨:៦​) យ៉ាង​ណា​មិញ ទ្រង់​ជា​«​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​»។ (​លោកុប្បត្តិ ១៧:១​) នៅ​ពេល​ដែល​យើង​អធិស្ឋាន​ទូល​ព្រះ របៀប​យើង​ទូល​ទ្រង់​គួរ​បញ្ជាក់​ថា​យើង​មាន​ចិត្ត​រាប​ទាប និង​ទទួល​ស្គាល់​ឋានៈ​របស់​ទ្រង់។ ចិត្ត​រាប​ទាប​ក៏​នឹង​ជំរុញ​យើង​ឲ្យ​ទូល​ទ្រង់​ចេញ​ពី​ចិត្ត​ស្មោះ មិន​មែន​ជា​ការ​ចាំ​រត់​មាត់​ដោយ​ពោល​ពាក្យ​ដដែល​ៗ​នោះ​ឡើយ។—ម៉ាថាយ ៦:៧, ៨

៨​. តើ​យើង​អាច​ប្រព្រឹត្ត​តាម​សេចក្ដី​អធិស្ឋាន​របស់​យើង​យ៉ាង​ដូច​ម្ដេច?

៨ តម្រូវ​ការ​មួយ​ទៀត​ដើម្បី​ឲ្យ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង គឺ​យើង​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាម​សេចក្ដី​អធិស្ឋាន​របស់​យើង។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រព្រឹត្ត​សម​ស្រប​តាម​អ្វី​ដែល​យើង​បាន​អធិស្ឋាន​នោះ។ ជា​ឧទាហរណ៍ ប្រសិន​បើ​យើង​អធិស្ឋាន​ថា​៖ ​«​សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ​»​ នោះ​យើង​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ងារ​ណា​ដែល​យើង​អាច​រក​បាន។ (​ម៉ាថាយ ៦:១១; ថែស្សាឡូនីច​ទី២ ៣:១០​) បើ​យើង​អធិស្ឋាន​សុំ​ជំនួយ​ដើម្បី​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​ណា​មួយ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចៀស​ចេញ​ពី​កាលៈទេសៈ​ណា​ដែល​អាច​នាំ​ឲ្យ​ជួប​នឹង​ការ​ល្បួង។ (​កូល៉ុស ៣:៥​) បន្ថែម​នឹង​តម្រូវ​ការ​បឋម​ទាំង​នេះ ក៏​មាន​សំនួរ​ខ្លះ​ៗ​អំពី​សេចក្ដី​អធិស្ឋាន​ដែល​យើង​ត្រូវ​ឆ្លើយ​ដែរ។

ចម្លើយ​ចំពោះ​សំនួរ​ខ្លះ​ៗ​អំពី​សេចក្ដី​អធិស្ឋាន

៩​. (​ក​) តើ​យើង​គួរ​អធិស្ឋាន​ទូល​អ្នក​ណា? តើ​គួរ​អធិស្ឋាន​ដោយ​នូវ​ព្រះ​នាម​របស់​អ្នក​ណា? (​ខ​) តើ​ការ​អធិស្ឋាន​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូ​មាន​ន័យ​ដូច​ម្ដេច?

៩ តើ​យើង​គួរ​អធិស្ឋាន​ទូល​អ្នក​ណា? ព្រះ​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​ទូល​«​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​សួគ៌​»។ (​ម៉ាថាយ ៦:​៩​) ដូច្នេះ​យើង​ត្រូវ​តែ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​តែ​មួយ​អង្គ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ទទួល​ស្គាល់​ព្រះ​នាម​ឬ​ឋានៈ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ទ្រង់។ ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី​៥​នោះ ព្រះ​យេស៊ូ​ត្រូវ​បាន​ចាត់​ឲ្យ​មក​ផែន​ដី​ដើម្បី​ផ្ដល់​តម្លៃ​លោះ​សំរាប់​រំដោះ​យើង​ឲ្យ​រួច​ពី​អំណាច​បាប​និង​សេចក្ដី​ស្លាប់។ (​យ៉ូហាន ៣:១៦; រ៉ូម ៥:១២​) ព្រះ​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​សម្ដេច​សង្ឃ​និង​ជា​ចៅ​ក្រម។ (​យ៉ូហាន ៥:២២; ហេព្រើរ ៦:២០​) ហេតុ​នេះ បទ​គម្ពីរ​បង្គាប់​យើង​ឲ្យ​អធិស្ឋាន​ទូល​ព្រះ​តាម​ព្រះ​យេស៊ូ។ ព្រះ​យេស៊ូ​អង្គ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​អាច​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ​»។ (​យ៉ូហាន ១៤:៦​) ដើម្បី​ឲ្យ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង យើង​ត្រូវ​តែ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​តែ​មួយ​អង្គ​ប៉ុណ្ណោះ​តាម​ឬ​ដោយ​នូវ​ព្រះ​នាម​របស់​ព្រះ​រាជ​បុត្រ​ទ្រង់។

១០​. ហេតុ​អ្វី​មិន​ចាំ​បាច់​មាន​ឥរិយាបថ​ពិសេស​ណា​មួយ​ពេល​ដែល​យើង​អធិស្ឋាន?

១០ ពេល​ដែល​អធិស្ឋាន តើ​យើង​ត្រូវ​មាន​ឥរិយាបថ​ពិសេស​ឬ​ទេ? អត់​ទេ! ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​មាន​ឥរិយាបថ​ពិសេស​ណា​មួយ​ឡើយ។ ព្រះ​គម្ពីរ​បង្រៀន​ថា​មាន​ឥរិយាបថ​ជា​ច្រើន​ផ្សេង​ៗ​ដែល​សមរម្យ​ពេល​អធិស្ឋាន។ នេះ​រួម​បញ្ចូល​ការ​អង្គុយ ឱន​ក្បាល លុត​ជង្គង់ ឬ​ឈរ។ (​នេហេមា ៨:៦; ដានីយ៉ែល ៦:១០; ម៉ាកុស ១១:២៥​) អ្វី​ដែល​សំខាន់​មិន​មែន​ជា​ឥរិយាបថ​ពិសេស​ណា​មួយ​ដែល​មនុស្ស​ឯ​ទៀត​អាច​មើល​ឃើញ​នោះ​ទេ តែ​គឺ​ជា​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ តាម​ពិត​ក្នុង​កំលុង​ថ្ងៃ​នីមួយ​ៗ​ឬ​ពេល​យើង​មាន​រឿង​អាសន្ន យើង​អាច​អធិស្ឋាន​ក្នុង​ចិត្ត​ដោយ​ស្ងាត់​ៗ​មិន​ថា​យើង​នៅ​កន្លែង​ណា​ក៏​ដោយ។ ព្រះ​យេហូវ៉ា​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​បែប​នេះ ទោះ​ជា​អ្នក​ឯ​ទៀត​មិន​បាន​ដឹង​ថា​យើង​កំពុង​តែ​អធិស្ឋាន​ក៏​ដោយ។—នេហេមា ២:១​-​៦

១១​. តើ​មាន​រឿង​ផ្ទាល់​ខ្លួន​អ្វី​ខ្លះ​ដែល​សមរម្យ​សំរាប់​អធិស្ឋាន?

១១ តើ​យើង​អាច​អធិស្ឋាន​អំពី​រឿង​អ្វី​ខ្លះ? ព្រះ​គម្ពីរ​ពន្យល់​ថា​៖ ​«​បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះ​ហឫទ័យ​ទ្រង់ នោះ​ទ្រង់[​ព្រះ​យេហូវ៉ា​]នឹង​ទទួល​ព្រម​»។ (​យ៉ូហាន​ទី១ ៥:១៤​) ដូច្នេះ​យើង​អាច​អធិស្ឋាន​សុំ​អ្វី​ក៏​ដោយ​ដែល​សម​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ តើ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​យើង​អធិស្ឋាន​អំពី​បញ្ហា​ផ្ទាល់​ខ្លួន​ទេ? ប្រាកដ​ជា​ចង់​ឲ្យ​យើង​អធិស្ឋាន​អំពី​រឿង​នោះ​មែន! ការ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​គឺ​ស្រដៀង​នឹង​ការ​និយាយ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ។ យើង​អាច​«​ប្លុង​ចិត្ត​[​ឬ​«​ទូល​អស់​ពី​ចិត្ត​»​, ព.ថ.​]​»​ចំពោះ​ព្រះ។ (​ទំនុក​ដំកើង ៦២:៨​) ជា​ការ​សមរម្យ​បើ​យើង​អធិស្ឋាន​សុំ​វិញ្ញាណ​បរិសុទ្ធ ដ្បិត​នោះ​នឹង​ជួយ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​លូកា ១១:១៣​) យើង​ក៏​អាច​សុំ​ការ​ណែនាំ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ ហើយ​អាច​ទូល​សុំ​កម្លាំង​ពី​ទ្រង់​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក។ (​យ៉ាកុប ១:៥​) ពេល​ដែល​យើង​ធ្វើ​អំពើ​បាប យើង​គួរ​សុំ​ការ​អត់​ឱន​ទោស​ដោយ​ផ្អែក​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ។ (​អេភេសូរ ១:៣, ៧​) ពិត​មែន​ថា​យើង​មិន​គួរ​អធិស្ឋាន​អំពី​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ឡើយ។ យើង​ក៏​គួរ​អធិស្ឋាន​អំពី​អ្នក​ឯ​ទៀត​ដែរ ដូច​ជា​សមាជិក​ក្រុម​គ្រួសារ​និង​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា។—កិច្ច​ការ ១២:៥; កូល៉ុស ៤:១២

១២​. តើ​យើង​អាច​ឲ្យ​រឿង​ដែល​ទាក់​ទង​នឹង​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​មាន​អាទិ​ភាព​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១២ រឿង​ដែល​ទាក់​ទង​នឹង​ព្រះ​យេហូវ៉ា​គួរ​មាន​អាទិ​ភាព​ទី​មួយ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង។ យើង​ប្រាកដ​ជា​មាន​ហេតុ​សរសើរ​ទ្រង់​ចេញ​ពី​ដួង​ចិត្ត ហើយ​អរ​ព្រះ​គុណ​ទ្រង់​សំរាប់​សេចក្ដី​សប្បុរស​របស់​ទ្រង់។ (​របា​ក្សត្រ​ទី១ ២៩:១០​-​១៣​) ព្រះ​យេស៊ូ​បាន​ទុក​សេចក្ដី​អធិស្ឋាន​មួយ​ជា​គំរូ​នៅ​ម៉ាថាយ ៦:៩​-​១៣ ហើយ​ក្នុង​នោះ​ទ្រង់​បង្រៀន​យើង​ថា​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​នាម​ព្រះ​បាន​បរិសុទ្ធ។ នេះ​មាន​ន័យ​ថា​យើង​ចង់​ឲ្យ​ព្រះ​នាម​ព្រះ​បាន​ចាត់​ទុក​ជា​អ្វី​ដ៏​ពិសិដ្ឋ។ បន្ទាប់​ពី​នោះ​ទ្រង់​បង្រៀន​ឲ្យ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ ហើយ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន​សម្រេច​នៅ​ផែន​ដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ។ ក្រោយ​បាន​លើក​រឿង​សំខាន់​ៗ​ទាំង​នេះ​ដែល​ទាក់​ទង​នឹង​ព្រះ​យេហូវ៉ា ទើប​ព្រះ​យេស៊ូ​លើក​ឡើង​អំពី​រឿង​ផ្ទាល់​ខ្លួន។ ដូច​គ្នា​ដែរ ពេល​ដែល​យើង​ទុក​រឿង​ដែល​ទាក់​ទង​នឹង​ព្រះ​ជា​អាទិ​ភាព​ទី​មួយ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង នោះ​យើង​បង្ហាញ​ថា​យើង​មិន​ត្រឹម​តែ​ចាប់​អារម្មណ៍​នឹង​ប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ​ឡើយ។

១៣​. តើ​បទ​គម្ពីរ​បញ្ជាក់​យ៉ាង​ណា​អំពី​ប្រវែង​សេចក្ដី​អធិស្ឋាន​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នោះ?

១៣ តើ​សេចក្ដី​អធិស្ឋាន​របស់​យើង​ត្រូវ​វែង​ប៉ុន​ណា? ព្រះ​គម្ពីរ​មិន​បាន​ដាក់​កំហិត​ថា​សេចក្ដី​អធិស្ឋាន​អំពី​រឿង​ផ្ទាល់​ខ្លួន​ឬ​ការ​អធិស្ឋាន​តាង​នាម​មនុស្ស​មួយ​ក្រុម​ត្រូវ​មាន​ប្រវែង​ប៉ុន​ណា​នោះ​ឡើយ។ ប្រវែង​មាន​តាំង​ពី​សេចក្ដី​អធិស្ឋាន​ខ្លី​មួយ​មុន​ដែល​បរិភោគ រហូត​ដល់​សេចក្ដី​អធិស្ឋាន​វែង​មួយ​ពេល​ដែល​យើង​ទូល​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​អំពី​រឿង​ផ្ទាល់​ខ្លួន។ (​សាំយូអែល​ទី១ ១:១២, ១៥​) ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​បាន​ផ្ដន្ទា​ទោស​បុគ្គល​ដែល​ខំ​បង្ហាញ​ភាព​សុចរិត​របស់​ខ្លួន​ដោយ​អធិស្ឋាន​វែង​ៗ​ដើម្បី​បង្អួត​អ្នក​ឯ​ទៀត។ (​លូកា ២០:៤៦, ៤៧​) សេចក្ដី​អធិស្ឋាន​បែប​នេះ​មិន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សរសើរ​ពួក​គេ​សោះ​ឡើយ។ អ្វី​ដែល​សំខាន់​គឺ​យើង​អធិស្ឋាន​ចេញ​ពី​ចិត្ត។ ដូច្នេះ​ប្រវែង​សេចក្ដី​អធិស្ឋាន​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ​ប្រហែល​ជា​ខុស​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​និង​កាលៈទេសៈ។

១៤​. ពេល​ដែល​ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​«​អធិស្ឋាន​ជា​និច្ច​»​ តើ​នេះ​មាន​ន័យ​ដូច​ម្ដេច? ហេតុ​អ្វី​នេះ​ធ្វើ​ឲ្យ​យើង​សប្បាយ?

១៤ តើ​យើង​គួរ​អធិស្ឋាន​ច្រើន​ប៉ុន​ណា? ព្រះ​គម្ពីរ​ជំរុញ​យើង​ឲ្យ​«​អធិស្ឋាន​ជា​និច្ច ឥត​រសាយ​ចិត្ត​ឡើយ​»​ ​«​ខ្ជាប់​ខ្ជួន​ក្នុង​សេចក្ដី​អធិស្ឋាន​»​ ហើយ​«​អធិស្ឋាន​ឥត​ឈប់​ឈរ​»។ (​លូកា ១៨:១; រ៉ូម ១២:១២; ថែស្សាឡូនីច​ទី១ ៥:១៧​) នេះ​មិន​មាន​ន័យ​ថា យើង​ត្រូវ​តែ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ពី​ព្រលឹម​ទាល់​ព្រលប់​នោះ​ទេ តែ​ព្រះ​គម្ពីរ​កំពុង​ជំរុញ​យើង​ឲ្យ​អធិស្ឋាន​ជា​រឿយ​ៗ​ ដោយ​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា​ជា​និច្ច​សំរាប់​ព្រះ​ទ័យ​ល្អ​ដែល​ទ្រង់​សម្ដែង​ចំពោះ​យើង ហើយ​ទូល​សុំ​ការ​ណែនាំ ការ​សម្រាល​ទុក្ខ និង​កម្លាំង​ពី​ទ្រង់។ ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​ដាក់​កំហិត​ទៅ​លើ​សេចក្ដី​អធិស្ឋាន​ដោយ​ឲ្យ​យើង​ទូល​ទ្រង់​ប៉ុន្មាន​ដង​ឬ​អស់​ប៉ុន្មាន​នាទី​នោះ ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ណាស់ មែន​ទេ? បើ​យើង​ពិត​ជា​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ឯកសិទ្ធិ​នៃ​ការ​អធិស្ឋាន​នោះ យើង​នឹង​រក​ឱកាស​ជា​ច្រើន​ដើម្បី​អធិស្ឋាន​ទូល​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។

១៥​. ហេតុ​អ្វី​យើង​គួរ​និយាយ​«​អាម៉ែន​»​ ពេល​ដែល​យើង​ឬ​អ្នក​ឯ​ទៀត​អធិស្ឋាន​ចប់​នោះ?

១៥ ហេតុ​អ្វី​យើង​គួរ​ឆ្លើយ​ថា​«​អាម៉ែន​»​ ពេល​អធិស្ឋាន​ចប់​ហើយ​នោះ? ពាក្យ​ថា​«​អាម៉ែន​»​មាន​ន័យ​ថា​«​ប្រាកដ​ហើយ​»​ ឬ​«​សូម​ឲ្យ​បាន​សម្រេច​ដូច​បំណង​»។ ឧទាហរណ៍​ជា​ច្រើន​ក្នុង​បទ​គម្ពីរ​បង្ហាញ​ថា ការ​ពោល​ថា​«​អាម៉ែន​»​ពេល​ដែល​ចប់​សេចក្ដី​អធិស្ឋាន​របស់​ខ្លួន​ឬ​សំរាប់​មនុស្ស​មួយ​ក្រុម​ជា​ការ​សមរម្យ។ (​របា​ក្សត្រ​ទី១ ១៦:៣៦; ទំនុក​ដំកើង ៤១:១៣​) ដោយ​ពោល​ថា​«​អាម៉ែន​»​ពេល​យើង​អធិស្ឋាន​ចប់​នោះ យើង​បញ្ជាក់​ថា​អ្វី​ដែល​យើង​អធិស្ឋាន​គឺ​ស្មោះ​ពី​ចិត្ត។ នៅ​ពេល​ដែល​យើង​ពោល​ថា​«​អាម៉ែន​»​ដោយ​សម្លេង​ឮ​ឬ​ក្នុង​ចិត្ត​ពេល​ដែល​អ្នក​ឯ​ទៀត​អធិស្ឋាន​ចប់​នោះ យើង​បង្ហាញ​ថា​យើង​យល់​ស្រប​នឹង​អ្វី​ដែល​បាន​ត្រូវ​ទូល។—កូរិនថូស​ទី១ ១៤:១៦

វិធី​ដែល​ព្រះ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង

១៦​. ស្តី​អំពី​សេចក្ដី​អធិស្ឋាន តើ​មាន​មូលដ្ឋាន​រឹង​មាំ​សំរាប់​ឲ្យ​ជឿ​អ្វី?

១៦ តើ​ព្រះ​យេហូវ៉ា​ពិត​ជា​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​ទេ? ទ្រង់​ពិត​ជា​តប​ឆ្លើយ​មែន! យើង​មាន​មូលដ្ឋាន​រឹង​មាំ​សំរាប់​ជឿ​ជាក់​ថា ​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​ដ៏​ស្មោះ​របស់​មនុស្ស​រាប់​លាន​នាក់។ (​ទំនុក​ដំកើង ៦៥:២​) ការ​តប​ឆ្លើយ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​យើង​មក​តាម​វិធី​ផ្សេង​ៗ។

១៧​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ព្រះ​ប្រើ​ទេវតា​និង​អ្នក​បំរើ​នៅ​ផែន​ដី​ដើម្បី​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង?

១៧ ព្រះ​យេហូវ៉ា​ប្រើ​ទេវតា​របស់​ទ្រង់​និង​អ្នក​បំរើ​នៅ​ផែន​ដី​ដើម្បី​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​យើង។ (​ហេព្រើរ ១:១៣, ១៤​) មាន​បទ​ពិសោធន៍​ជា​ច្រើន​អំពី​បុគ្គល​ដែល​បាន​អធិស្ឋាន​សុំ​ព្រះ​ជួយ​ពួក​គេ​ឲ្យ​យល់​ព្រះ​គម្ពីរ ហើយ​មិន​យូរ​ក្រោយ​នោះ​មាន​អ្នក​បំរើ​ម្នាក់​របស់​ព្រះ​យេហូវ៉ា​ទៅ​ជួប​ពួក​គេ។ បទ​ពិសោធន៍​បែប​នេះ​បង្ហាញ​ជា​ភស្តុ​តាង​ថា​ទេវតា​ក៏​ជួយ​ដឹក​នាំ​កិច្ច​ការ​ផ្សាយ​ព្រះ​រាជាណាចក្រ​ដែរ។ (​វិវរណៈ ១៤:៦​) ដើម្បី​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​ពេល​មាន​អាសន្ន ព្រះ​យេហូវ៉ា​ប្រហែល​ជា​ជំរុញ​ចិត្ត​គ្រីស្ទាន​ម្នាក់​ឲ្យ​មក​ជួយ​យើង។​—សុភាសិត ១២:២៥; យ៉ាកុប ២:១៦

១៨​. តើ​ព្រះ​យេហូវ៉ា​ប្រើ​វិញ្ញាណ​បរិសុទ្ធ​និង​ព្រះ​បន្ទូល​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច​ដើម្បី​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​អ្នក​បំរើ​ទ្រង់?

១៨ ព្រះ​យេហូវ៉ា​ក៏​ប្រើ​វិញ្ញាណ​បរិសុទ្ធ​និង​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ទ្រង់ ដើម្បី​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​អ្នក​បំរើ​ទ្រង់​ដែរ។ ទ្រង់​ប្រហែល​ជា​តប​ឆ្លើយ​នឹង​ការ​ទូល​អង្វរ​សុំ​ជំនួយ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក ដោយ​ផ្ដល់​កម្លាំង​និង​ការ​ណែនាំ​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ។ (​កូរិនថូស​ទី២ ៤:៧​) ជា​រឿយ​ៗ ការ​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​យើង​មក​ពី​ព្រះ​គម្ពីរ ដែល​ក្នុង​នោះ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ។ ពេល​ដែល​យើង​សិក្សា​ដោយ​ខ្លួន​ឯង​និង​អាន​សៀវភៅ​គ្រីស្ទាន​ដូច​ជា​សៀវភៅ​នេះ​ជា​ដើម យើង​ប្រហែល​ជា​នឹង​រក​ឃើញ​បទ​គម្ពីរ​ដែល​ជួយ​យើង។ ចំណុច​ពី​បទ​គម្ពីរ​ដែល​យើង​ត្រូវ​តែ​ពិចារណា ប្រហែល​ជា​នឹង​ត្រូវ​លើក​ឡើង​នៅ​កិច្ច​ប្រជុំ​ឬ​តាម​រយៈ​សំ​ដី​របស់​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​យើង។—កាឡាទី ៦:១

១៩​. តើ​យើង​គួរ​ចាំ​អ្វី​បើ​មើល​ទៅ​ហាក់​ដូច​ជា​សេចក្ដី​អធិស្ឋាន​របស់​យើង​មិន​បាន​ទទួល​នូវ​ការ​តប​ឆ្លើយ​នោះ?

១៩ បើ​មើល​ទៅ​ដូច​ជា​ព្រះ​យេហូវ៉ា​មិន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​ភ្លាម​ៗ​ នេះ​មិន​មែន​ដោយ​សារ​ទ្រង់​មិន​អាច​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​តែ​ចាំ​ថា ព្រះ​យេហូវ៉ា​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​សម​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ និង​នៅ​ពេល​កំណត់​របស់​ទ្រង់។ ទ្រង់​ជ្រាប​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង​និង​របៀប​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង​ច្បាស់​ជាង​យើង​ឆ្ងាយ​ណាស់។ ជា​រឿយ​ៗ​ទ្រង់​ឲ្យ​យើង​‹[​បន្ត​]​សូម រក និង​គោះ›។ (​លូកា ១១:៥​-​១០​) ការ​ព្យាយាម​បែប​នេះ​បង្ហាញ​ឲ្យ​ព្រះ​ឃើញ​ថា យើង​ពិត​ជា​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​យើង​បាន​អធិស្ឋាន​សុំ​នោះ ហើយ​ក៏​មាន​ជំនឿ​ពិត​ប្រាកដ​ដែរ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​មិន​តែង​តែ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង​តាម​របៀប​មួយ​ដែល​យើង​អាច​ឃើញ​ជាក់​ស្តែង​នោះ​ឡើយ។ ជា​ឧទាហរណ៍ បើ​យើង​អធិស្ឋាន​អំពី​ការ​លំបាក​មួយ ទ្រង់​ប្រហែល​ជា​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​យើង​ដោយ​ផ្ដល់​កម្លាំង​ឲ្យ​ស៊ូ​ទ្រាំ ជា​ជាង​បំបាត់​ចោល​ការ​លំបាក​នោះ​តែ​ម្ដង។—ភីលីព ៤:១៣

២០​. ហេតុ​អ្វី​យើង​គួរ​ប្រើ​ឯកសិទ្ធិ​នៃ​ការ​អធិស្ឋាន​ដ៏​វិសេស​នេះ​ជា​រឿយ​ៗ​?

២០ យើង​គួរ​មាន​កតញ្ញូ​ធម៌​ជ្រាល​ជ្រៅ​ណាស់ ដែល​អ្នក​បង្កើត​សកល​លោក​ទាំង​មូល​គង់​នៅ​ជិត​អ្នក​ដែល​ទូល​ទ្រង់​តាម​របៀប​ត្រឹម​ត្រូវ! (​ទំនុក​ដំកើង ១៤៥:​១៨​) ចូរ​ឲ្យ​យើង​ប្រើ​ឯកសិទ្ធិ​នៃ​ការ​អធិស្ឋាន​ដ៏​វិសេស​នេះ​ជា​រឿយ​ៗ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​មាន​លទ្ធភាព​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​សណ្ដាប់​សេចក្ដី​អធិស្ឋាន។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ ការ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ​ជួយ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់។—យ៉ាកុប ៤:៨

▪ ដើម្បី​ឲ្យ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង យើង​ត្រូវ​តែ​អធិស្ឋាន​ដោយ​មាន​ជំនឿ ចិត្ត​រាប​ទាប ហើយ​ដោយ​ចិត្ត​ស្មោះ។—ម៉ាកុស ១១:២៤

▪ យើង​ត្រូវ​អធិស្ឋាន​ទូល​តែ​ព្រះ​យេហូវ៉ា​មួយ​អង្គ​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ​នាម​ព្រះ​រាជ​បុត្រា​របស់​ទ្រង់។—ម៉ាថាយ ៦:៩; យ៉ូហាន ១៤:៦

▪ ព្រះ​យេហូវ៉ា​ដែល​ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»​នោះ ទ្រង់​ប្រើ​ទេវតា អ្នក​បំរើ​នៅ​ផែន​ដី វិញ្ញាណ​បរិសុទ្ធ និង​ព្រះ​បន្ទូល​របស់​ទ្រង់​ដើម្បី​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង។—ទំនុក​ដំកើង ៦៥:២

[រូប​ភាព​នៅ​ទំព័រ​១៩១]

«ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែន​ដី»សព្វ​ព្រះ​ហឫទ័យ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង

[រូប​ភាព​នៅ​ទំព័រ​១៩៧]

ទ្រង់​អាច​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​គ្រប់​ពេល​វេលា

[រូប​ភាព​នៅ​ទំព័រ​១៩៨, ១៩៩]

ដើម្បី​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង ព្រះ​យេហូវ៉ា​អាច​ជំរុញ​គ្រីស្ទាន​ម្នាក់​ឲ្យ​ជួយ​យើង

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក