ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១៩-២៥ ខែកញ្ញា
it-1-E ទំ. ៧៨៣ វ. ៥
ការចាកចេញពីស្រុកអេស៊ីប
ដូច្នេះ តាមរយៈការបង្ហាញឫទ្ធានុភាពដ៏អស្ចារ្យ ព្រះយេហូវ៉ាបានលើកតម្កើងឲ្យនាមរបស់លោក ហើយបានសង្គ្រោះបណ្ដាជនអ៊ីស្រាអែល។ ពេលទៅដល់ឆ្នេរខាងកើតសមុទ្រក្រហមដោយសុវត្ថិភាព ម៉ូសេបាននាំប្រុសៗអ៊ីស្រាអែលច្រៀងចម្រៀងមួយ ហើយបងស្រីរបស់គាត់ឈ្មោះម៉ារាមដែលជាអ្នកប្រកាសទំនាយ បានកាន់ក្រាប់នាំមុខពួកស្រីៗឡើងរាំនិងច្រៀងបន្ទរឆ្លើយឆ្លងនឹងពួកប្រុសៗ។ (និក្ខ. ១៥:១, ២០, ២១) ពួកគេបានត្រូវញែកដាច់ដោយឡែកពីពួកសត្រូវរបស់ពួកគេទាំងស្រុង។ ពេលពួកអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ព្រះមិនបណ្ដោយឲ្យមនុស្សធ្វើបាបឬសត្វធ្វើទុក្ខពួកគេឡើយ សូម្បីតែឆ្កែក៏មិនកម្រើកអណ្ដាតទាស់នឹងពួកគេដែរ។ (និក្ខ. ១១:៧) ទោះជាក្នុងសៀវភៅនិក្ខមនំមិនបានរៀបរាប់ថាផារ៉ូបានចូលទៅក្នុងសមុទ្រក្រហមជាមួយនឹងទ័ព ហើយបានត្រូវបំផ្លាញក៏ដោយ តែនៅទំនុកតម្កើង ១៣៦:១៥ ចែងថាព្រះយេហូវ៉ា«បានរលាស់ទំលាក់ផារ៉ោន ព្រមទាំងពលទ័ពទៅក្នុងសមុទ្រក្រហម»។
ថ្ងៃទី២៦ ខែកញ្ញា–ថ្ងៃទី២ ខែតុលា
w១០-E ១៥/១ ទំ. ២១ វ. ១-២
ចូរប្រើជីវិតរបស់អ្នកជារៀងរាល់ថ្ងៃដើម្បីសរសើរតម្កើងព្រះ
ដាវីឌដែលជាអ្នកតែងទំនុកតម្កើងបានអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «សូមឲ្យទូលបង្គំបានឮសេចក្ដីសប្បុរសរបស់ទ្រង់ នៅពេលព្រឹក» ហើយ«សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរ»។ (ទំនុក. ១៤៣:៨) ពេលអ្នកភ្ញាក់ពីគេងអ្នកអរគុណព្រះយេហូវ៉ាសម្រាប់ថ្ងៃថ្មី ដូចដាវីឌដែរ តើអ្នកសុំព្រះយេហូវ៉ាឲ្យណែនាំអ្នកក្នុងការសម្រេចចិត្តផ្សេងៗ និងមានការប្រព្រឹត្តល្អប្រសើរឬទេ? អ្នកច្បាស់ជាធ្វើដូចនោះមែន។
ក្នុងនាមជាអ្នកបម្រើដែលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា «ទោះជា[យើង]ផឹក បរិភោគ ឬធ្វើអ្វីទៀតក៏ដោយ» យើងព្យាយាម«ធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»។ (១កូ. ១០:៣១) យើងទទួលស្គាល់ថា របៀបរស់នៅប្រចាំថ្ងៃរបស់យើង អាចនាំឲ្យព្រះយេហូវ៉ាទទួលកិត្ដិយសឬអាប់កិត្ដិយស។ យើងក៏ចាំដែរថាបណ្ដាំរបស់ព្រះប្រាប់ថាសាថានកំពុងចោទប្រកាន់បងប្អូនរបស់គ្រិស្ត រួមទាំងអ្នកបម្រើទាំងអស់របស់ព្រះនៅផែនដីផងដែរ ហើយវាចោទប្រកាន់«ទាំងយប់ទាំងថ្ងៃ»។ (បប. ១២:១០) ហេតុនេះ យើងត្រូវប្ដេជ្ញាចិត្តបង្ហាញឲ្យសាថានឃើញថាការចោទប្រកាន់របស់វាគឺមិនពិត ហើយតាំងចិត្តធ្វើឲ្យព្រះយេហូវ៉ាសប្បាយរីករាយ ដោយជូនកិច្ចបម្រើពិសិដ្ឋដល់លោកដែលជាបិតានៅស្ថានសួគ៌របស់យើង«ទាំងយប់ទាំងថ្ងៃ»។—បប. ៧:១៥; សុភ. ២៧:១១
it-2-E ទំ. ៤៤៨
មាត់
មាត់ជាសរីរាង្គមួយដែលព្រះបានបង្កើតមក ដើម្បីឲ្យយើងទទួលនិងនាំម្ហូបចូលទៅក្នុងក្រពះ ហើយវាក៏ត្រូវប្រើសម្រាប់និយាយផងដែរ។ ពាក្យសម្ដីទាំងអស់ដែលយើងនិយាយគួរផ្ដល់ការសរសើរដល់លោក។ (ទំនុក. ៣៤:១; ៥១:១៥; ៧១:៨; ១៤៥:២១) អ្នកតែងទំនុកតម្កើងបានប្រកាសថាគួរឲ្យជីវិតទាំងឡាយសរសើរព្រះយេហូវ៉ា។ យ៉ាងនេះ មនុស្សជាតិត្រូវប្រើមាត់របស់ខ្លួនក្នុងគោលបំណងនេះ បើពួកគេចង់រស់។ សាវ័កប៉ូលពន្យល់ថាការជឿលើព្រះនិងបុត្ររបស់លោក មិនគ្រាន់តែជឿក្នុងចិត្តប៉ុណ្ណោះទេ។ យើងត្រូវប្រកាសជាសាធារណៈអំពីជំនឿនោះ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ។—ទំនុក. ១៥០:៦; រ៉ូម ១០:១០
ស្របទៅតាមគោលបំណងនិងសិទ្ធិអំណាចជាអ្នកបង្កើត ព្រះយេហូវ៉ាអាចដាក់ពាក្យសម្ដីសមរម្យទៅក្នុងមាត់របស់អ្នកបម្រើលោក។ ក្នុងករណីរបស់អ្នកប្រកាសទំនាយ លោកបានធ្វើដូច្នោះដោយអព្ភូតហេតុ ដោយបណ្ដាលឲ្យពួកគេនិយាយអ្វីដែលលោកចង់ឲ្យពួកគេនិយាយ។ (និក្ខ. ៤:១១, ១២, ១៥; យេ. ១:៩) ក្នុងករណីមួយ លោកថែមទាំងបណ្ដាលឲ្យសត្វលាចេះនិយាយទៀតផង។ (ជន. ២២:២៨, ៣០; ២ពេ. ២:១៥, ១៦) សព្វថ្ងៃនេះ អ្នកបម្រើព្រះអាចមានពាក្យសម្ដីរបស់លោកក្នុងមាត់របស់ពួកគេ មិនមែនដោយលោកដឹកនាំឲ្យនិយាយនោះទេ តែតាមរយៈបណ្ដាំដែលលោកបានដឹកនាំឲ្យសរសេរ ដែលជួយពួកគេត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង។ (២ធី. ៣:១៦, ១៧) ពួកគេមិនចាំបាច់រង់ចាំគ្រិស្តឲ្យមកផ្ដល់ដំណឹងល្អទៀតទេ ហើយពួកគេក៏មិនចាំបាច់ទៅរកប្រភពផ្សេងទៀតដើម្បីអ្វីដែលពួកគេផ្សព្វផ្សាយដែរ។ ពួកគេមានប្រភពនោះនៅខាងមុខពួកគេតែម្ដង ដើម្បីត្រៀមលក្ខណៈពួកគេឲ្យនិយាយ ដូចដែលចែងប្រាប់ថា៖ «បណ្ដាំនោះនៅជិតអ្នក គឺនៅក្នុងមាត់របស់អ្នក និងនៅក្នុងចិត្តរបស់អ្នក»។—រ៉ូម ១០:៦-៩; ចោ. ៣០:១១-១៤
អាចនាំឲ្យបានជីវិតឬសេចក្ដីស្លាប់។ ដូច្នេះការប្រើមាត់ដោយត្រឹមត្រូវគឺសំខាន់ចាំបាច់ណាស់ ហេតុនេះហើយព្រះយេហូវ៉ាប្រកាសប្រាប់អំពីនោះ។ បណ្ដាំរបស់លោកចែងថា៖ «មាត់នៃមនុស្សសុចរិត ជាអណ្ដូងជីវិត»។ (សុភ. ១០:១១) ហេតុនេះ យើងត្រូវប្រុងប្រយ័ត្នបំផុតក្នុងការប្រើមាត់របស់យើង (ទំនុក. ១៤១:៣; សុភ. ១៣:៣; ២១:២៣) ដោយសារការប្រើមាត់មិនត្រឹមត្រូវ អាចនាំឲ្យយើងជួបសេចក្ដីហិនវិនាស។ (សុភ. ១០:១៤; ១៨:៧) ព្រះឲ្យបុគ្គលម្នាក់ៗទទួលខុសត្រូវចំពោះអ្វីដែលចេញពីមាត់របស់គាត់។ (ម៉ាថ. ១២:៣៦, ៣៧) បុគ្គលម្នាក់ប្រហែលជានិយាយលឿនពេក ដោយធ្វើការសន្យាភ្លាមៗ។ (សាស្ដ. ៥:៤-៦) គាត់ប្រហែលជានិយាយបញ្ជោរអ្នកឯទៀត ដែលនោះនាំឲ្យបុគ្គលនោះវិនាស ហើយនាំឲ្យអ្នកដែលបញ្ជោរគេទទួលការផ្ដន្ទាទោស។ (សុភ. ២៦:២៨) ម្ល៉ោះហើយ សំខាន់ណាស់ដែលបុគ្គលម្នាក់ការពារមាត់របស់ខ្លួន ពេលគាត់កំពុងនិយាយជាមួយនឹងមនុស្សអាក្រក់ ដោយសារការប្រាសចាកពីប្រាជ្ញារបស់ព្រះសូម្បីតែបន្ដិច ក៏អាចនាំអ្នកបម្រើលោកនិយាយអ្វីមួយដែលអាចបង្ខូចកិត្ដិនាមរបស់ព្រះ ហើយក៏អាចបណ្ដាលឲ្យខ្លួនស្លាប់បានដែរ។ (ទំនុក. ៣៩:១) លោកយេស៊ូបានទុកគំរូល្អស្តីអំពីការចុះចូលនឹងបំណងប្រាថ្នារបស់ព្រះ ដោយគ្មានការត្អូញត្អែរ ឬជេរប្រមាថអ្នកប្រឆាំងលោកឡើយ។—អេ. ៥៣:៧; សកម្ម. ៨:៣២; ១ពេ. ២:២៣
គ្រិស្តសាសនិកម្នាក់ត្រូវខំប្រឹងយ៉ាងខ្លាំង ដោយសារគាត់មិនល្អឥតខ្ចោះ គាត់ត្រូវពិនិត្យមើលចិត្តរបស់ខ្លួន។ លោកយេស៊ូបានមានប្រសាសន៍ថា អ្វីដែលចូលតាមមាត់ពុំដែលធ្វើឲ្យមនុស្សម្នាក់មិនស្អាតបរិសុទ្ធឡើយ តែគឺអ្វីដែលចេញមកពីមាត់វិញទេ ដែលធ្វើឲ្យមនុស្សម្នាក់មិនស្អាតបរិសុទ្ធ ពីព្រោះ«មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត»។ (ម៉ាថ. ១២:៣៤; ១៥:១១) ហេតុនេះ បុគ្គលនោះត្រូវប្រយ័ត្នមិនឲ្យអ្វីដែលចេញពីមាត់ ដោយឥតគិតពិចារណាអំពីលទ្ធផលនោះទេ។ នេះតម្រូវឲ្យបុគ្គលនោះប្រើគំនិតធ្វើតាមអ្វីល្អៗដែលគាត់បានរៀនពីបណ្ដាំរបស់ព្រះ។—សុភ. ១៣:៣; ២១:២៣