បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ១៩ ទំ. ២១២-២២៣
  • ចូរនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះ
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ទទួល​ស្គាល់​ហើយ​ប្រព្រឹត្ត​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ
  • ចូរ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ជា​និច្ច
  • ការ​ទទួល​អំណរ​ពី​ការ​ថ្វាយ​បង្គំ
  • ចូរ​ខំ​ឲ្យ​បាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​
  • ចូរនៅជិតព្រះយេហូវ៉ា
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ចូរស្រឡាញ់ព្រះដែលស្រឡាញ់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • កុំឲ្យសេចក្ដីស្រឡាញ់របស់អ្នករសាយទៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ១៩ ទំ. ២១២-២២៣

ជំពូក​ទី​ដប់​ប្រាំ​បួន

ចូរ​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

តើ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ?

តើ​យើង​អាច​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​រង្វាន់​អ្វី​ដល់​អ្នក​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់?

១, ២​. សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​យក​អ្នក​ណា​ជា​ទី​ពឹង​ពំនាក់?

ឧបមា​ថា​នៅ​ថ្ងៃ​មួយ​អ្នក​កំពុង​ដើរ​តាម​ផ្លូវ ស្រាប់​តែ​ឃើញ​ពពក​ឡើង​ខ្មៅ ឃើញ​ផ្លេកបន្ទោរ​ភ្លែត​ៗ ឮ​ផ្គរ​លាន់​រំពង ហើយ​ចាប់​ផ្ដើម​ភ្លៀង​យ៉ាង​ខ្លាំង​ដូច​ជា​គេ​ហែក​មេឃ។ អ្នក​រត់​ត្របាញ់​ជើង​ខំ​រក​កន្លែង​ជ្រក​ភ្លៀង។ ខណៈ​នោះ​អ្នក​ឃើញ​ជម្រក​មួយ​ដែល​មាំ មាន​ដំបូល​ឥត​លិច​ទឹក ហើយ​មើល​ទៅ​គួរ​ឲ្យ​ចង់​ចូល​ជ្រក។ អ្នក​ច្បាស់​ជា​អរ​ណាស់!

២ យើង​កំពុង​តែ​រស់​នៅ​គ្រា​មួយ​ដែល​ជ្រួល​ច្របល់​ណាស់​ប្រៀប​ដូច​ថ្ងៃ​ដែល​មាន​ព្យុះ​ភ្លៀង។ ស្ថានភាព​ពិភព​លោក​គឺ​កាន់​តែ​អាក្រក់​ទៅ​ៗ។ ប៉ុន្តែ​មាន​ជម្រក​មួយ​ដែល​មាំ​ណាស់ ជា​ទី​ពឹង​ពំនាក់​ដែល​អាច​ផ្ដល់​សុវត្ថិភាព​និង​ការពារ​យើង​កុំ​ឲ្យ​អ្វី​កើត​ឡើង​ដែល​អាច​ធ្វើ​ឲ្យ​រង​ទុក្ខ​ជា​រៀង​រហូត។ តើ​ជម្រក​នោះ​ជា​អ្វី? សូម​កត់​សម្គាល់​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​៖ ​«​ទូល​បង្គំ​នឹង​ពោល​ពី​ព្រះ​យេហូវ៉ា​ថា ‹ទ្រង់​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូល​បង្គំ គឺ​ជា​ព្រះ​នៃ​ទូល​បង្គំ​ហើយ ទូល​បង្គំ​ទុក​ចិត្ត​នឹង​ទ្រង់› ​»។—ទំនុក​ដំកើង ៩១:២

៣​. តើ​យើង​អាច​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​របស់​យើង​យ៉ាង​ដូច​ម្ដេច?

៣ សូម​គិត​ទៅ​មើល! ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​សកល​លោក​ទាំង​មូល ទ្រង់​អាច​ជា​ទី​ពឹង​ពំនាក់​របស់​យើង។ ទ្រង់​អាច​ការពារ​យើង ដ្បិត​ទ្រង់​ខ្លាំង​ជាង​អ្នក​ណា​ទាំង​អស់​ឬ​អ្វី​ក៏​ដោយ​ដែល​អាច​ធ្វើ​ទុក្ខ​ទោស​យើង។ ទោះ​បើ​យើង​រង​ទុក្ខ​ក៏​ដោយ ក៏​ព្រះ​យេហូវ៉ា​អាច​លុប​បំបាត់​នូវ​ស្លាក​ស្នាម​និង​ផល​វិបាក​ពី​ទុក្ខ​លំបាក​នោះ​បាន។ តើ​យើង​អាច​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​របស់​យើង​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​តែ​ទុក​ចិត្ត​ទ្រង់។ ម្យ៉ាង​ទៀត​ព្រះ​គម្ពីរ​ជំរុញ​ឲ្យ​យើង​៖ ​«​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​»។ (​យូដាស ២០​) ដូច្នេះ យើង​ត្រូវ​តែ​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដោយ​រក្សា​សេចក្ដី​ស្រឡាញ់​ជា​មួយ​នឹង​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ឲ្យ​បាន​ស្ថិតស្ថេរ។ ពេល​នោះ​យើង​អាច​ដឹង​ប្រាកដ​ថា​ទ្រង់​ជា​ទី​ពឹង​ពំនាក់​របស់​យើង។ ប៉ុន្តែ តើ​យើង​អាច​បង្កើត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ​យ៉ាង​ដូច​ម្ដេច?

ចូរ​ទទួល​ស្គាល់​ហើយ​ប្រព្រឹត្ត​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

៤, ៥​. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​តាម​របៀប​ណា​ខ្លះ?

៤ ដើម្បី​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ យើង​ត្រូវ​តែ​យល់​នូវ​វិធី​ផ្សេង​ៗ ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង។ សូម​គិត​អំពី​សេចក្ដី​បង្រៀន​ខ្លះ​ៗ​ក្នុង​ព្រះ​គម្ពីរ​ដែល​អ្នក​បាន​រៀន​តាម​រយៈ​សៀវភៅ​នេះ។ ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​របស់​សព្វសារពើ ហើយ​បាន​ប្រទាន​ផែន​ដី​ជា​លំនៅ​ដែល​យើង​ពេញ​ចិត្ត។ ទ្រង់​បាន​ធ្វើ​ឲ្យ​ផែន​ដី​បរិបូរណ៍​ដោយ​អាហារ ទឹក ធន​ធាន​ធម្មជាតិ សត្វ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ទេសភាព​ល្អ​ស្រស់​ស្អាត។ ព្រះ​ក៏​បាន​និពន្ធ​ព្រះ​គម្ពីរ ហើយ​តាម​រយៈ​ព្រះ​គម្ពីរ​ទ្រង់​ឲ្យ​យើង​ស្គាល់​ព្រះ​នាម​និង​គុណ​សម្បត្ដិ​របស់​ទ្រង់។ ម្យ៉ាង​ទៀត ព្រះ​បន្ទូល​របស់​ព្រះ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​ចាត់​ព្រះ​យេស៊ូ​ជា​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​របស់​ទ្រង់​ឲ្យ​មក​ផែន​ដី​ដើម្បី​រង​ទុក្ខ​និង​សោយ​ទិវង្គត​ជំនួស​យើង។ (​យ៉ូហាន ៣:១៦​) តើ​អំណោយ​នេះ​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​យើង? នោះ​ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យ​យើង​មាន​អនាគត​ភ្លឺ​ស្វាង។

៥ សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ពេល​អនាគត​ក៏​មាន​មូលដ្ឋាន​ទៅ​លើ​អ្វី​មួយ​ទៀត​ដែល​ព្រះ​បាន​ធ្វើ។ ព្រះ​យេហូវ៉ា​បាន​ស្ថាបនា​រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌ គឺ​ជា​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។ មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​រាជាណាចក្រ​នោះ​នឹង​បំបាត់​ចោល​ការ​ឈឺ​ចាប់​ឲ្យ​អស់ ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​មនោ​រម្យ។ សូម​គិត​ទៅ​មើល! យើង​អាច​រស់​នៅ​ក្នុង​សួន​មនោ​រម្យ​ដោយ​មាន​សេចក្ដី​សុខ​និង​សុភមង្គល​ជា​រៀង​រហូត។ (​ទំនុក​ដំកើង ៣៧:២៩​) ប៉ុន្តែ​នៅ​បច្ចុប្បន្ន​នេះ​វិញ ព្រះ​ប្រទាន​ការ​ណែនាំ​អំពី​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត​សំរាប់​គ្រា​ឥឡូវ​នេះ។ ទ្រង់​ក៏​បាន​ប្រទាន​អំណោយ​មួយ​ទៀត​មក​យើង គឺ​ជា​សេចក្ដី​អធិស្ឋាន​ដើម្បី​យើង​អាច​ទាក់​ទង​ទ្រង់​ដោយ​សេរី។ នេះ​ជា​របៀប​ខ្លះ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ជាតិ​ហើយ​សំរាប់​រូប​អ្នក​ផ្ទាល់។

៦​. តើ​អ្នក​ប្រហែល​ជា​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៦ សំនួរ​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ពិចារណា​គឺ តើ​ខ្ញុំ​នឹង​ប្រព្រឹត្ត​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? មនុស្ស​ជា​ច្រើន​នឹង​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ត្រូវ​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា​វិញ​»។ តើ​អ្នក​មាន​អារម្មណ៍​ដូច​នេះ​ដែរ​ឬ​ទេ? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​បញ្ញត្ដិ​សំខាន់​បំផុត​គឺ​៖ ​«​ត្រូវ​ឲ្យ​ស្រឡាញ់[​ព្រះ​យេហូវ៉ា​] ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង​»។ (​ម៉ាថាយ ២២:៣៧​) អ្នក​ប្រាកដ​ជា​មាន​ហេតុ​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ តើ​ការ​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​និង​គំនិត​ត្រឹម​តែ​ជា​ការ​មាន​អារម្មណ៍​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ឬ?

៧​. តើ​ការ​ស្រឡាញ់​ព្រះ​គ្រាន់​តែ​ជា​ការ​មាន​អារម្មណ៍​ថា​ស្រឡាញ់​ទ្រង់​ប៉ុណ្ណោះ​ឬ? សូម​ពន្យល់។

៧ ដូច​ព្រះ​គម្ពីរ​បាន​ពណ៌នា​នោះ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​មិន​គ្រាន់​តែ​ជា​អារម្មណ៍​មួយ​ប៉ុណ្ណោះ​ទេ។ ពិត​មែន យើង​ត្រូវ​មាន​អារម្មណ៍​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​អារម្មណ៍​នោះ​គ្រាន់​តែ​ជា​ទី​ចាប់​ផ្ដើម​នៃ​ការ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ចំពោះ​ទ្រង់​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍ ដើម្បី​មាន​ដើម​ផ្លែ​ប៉ោម​មួយ ត្រូវ​តែ​មាន​គ្រាប់​ផ្លែ​ប៉ោម​ជា​មុន។ ក៏​ប៉ុន្តែ បើ​អ្នក​ចង់​បាន​ផ្លែ​ប៉ោម​មួយ ហើយ​គេ​ហុច​តែ​គ្រាប់​ផ្លែ​ប៉ោម​មួយ​មក​ឲ្យ​នោះ តើ​អ្នក​នឹង​ស្កប់​ចិត្ត​ទេ? ប្រាកដ​ជា​មិន​ស្កប់​ចិត្ត​ទេ! ស្រដៀង​គ្នា​ដែរ ការ​មាន​អារម្មណ៍​ថា​ស្រឡាញ់​ព្រះ​យេហូវ៉ា​គ្រាន់​តែ​ជា​ទី​ចាប់​ផ្ដើម។ ព្រះ​គម្ពីរ​បង្រៀន​ថា​៖ ​«​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ​»។ (​យ៉ូហាន​ទី១ ៥:៣​) សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ត្រូវ​បង្កើត​ផល​ល្អ ទើប​ចាត់​ទុក​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ពិត។ សេចក្ដី​ស្រឡាញ់​នោះ​ត្រូវ​សម្ដែង​ដោយ​ការ​ប្រព្រឹត្ត។—ម៉ាថាយ ៧:១៦​-​២០

៨, ៩​. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​កតញ្ញូ​ធម៌​ចំពោះ​ព្រះ​យ៉ាង​ដូច​ម្ដេច?

៨ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ពេល​ដែល​ធ្វើ​តាម​បញ្ញត្ដិ​ទ្រង់ និង​អនុវត្ត​តាម​គោល​ការណ៍​របស់​ទ្រង់ ហើយ​ទង្វើ​នេះ​មិន​ពិបាក​ពេក​នោះ​ទេ។ ច្បាប់​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ជា​បន្ទុក​ធ្ងន់​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ច្បាប់​ទាំង​នោះ គឺ​ដើម្បី​ជួយ​ឲ្យ​យើង​មាន​ជីវិត​សប្បាយ គាប់​ចិត្ត និង​ល្អ​ផង​ដែរ។ (​អេសាយ ៤៨:១៧, ១៨​) បើ​យើង​រស់​នៅ​សម​ស្រប​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា យើង​បង្ហាញ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ថា យើង​ពិត​ជា​មនុស្ស​កតញ្ញូ​ដោយ​សារ​អ្វី​ៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ដើម្បី​យើង។ គួរ​ឲ្យ​ស្ដាយ​ណាស់ សព្វ​ថ្ងៃ​នេះ​កម្រ​មាន​មនុស្ស​កតញ្ញូ។ យើង​មិន​ចង់​ជា​មនុស្ស​រមិល​គុណ​ដូច​មនុស្ស​ខ្លះ​ដែល​ធ្លាប់​រស់​នៅ​សម័យ​ព្រះ​យេស៊ូ។ ព្រះ​យេស៊ូ​បាន​ប្រោស​មនុស្ស​ឃ្លង់​ដប់​នាក់​ឲ្យ​ជា ប៉ុន្តែ​មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​វិល​មក​អរ​ព្រះ​គុណ​ទ្រង់​វិញ។ (​លូកា ១៧:១២​-​១៧​) យើង​ច្បាស់​ជា​ចង់​ធ្វើ​ដូច​អ្នក​នោះ​ដែល​ចេះ​ដឹង​គុណ មិន​មែន​ដូច​មនុស្ស​ប្រាំ​បួន​នាក់​ដែល​រមិល​គុណ​នោះ​ទេ!

៩ តើ​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​ត្រូវ​កាន់​តាម​មាន​អ្វី​ខ្លះ? យើង​បាន​រៀន​បញ្ញត្ដិ​មួយ​ចំនួន​រួច​ហើយ​ក្នុង​សៀវភៅ​នេះ ប៉ុន្តែ​ឥឡូវ​យើង​នឹង​បញ្ជាក់​បញ្ញត្ដិ​ខ្លះ​ៗ​ឡើង​វិញ។ ការ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ​នឹង​ជួយ​ឲ្យ​យើង​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។

ចូរ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ជា​និច្ច

១០​. សូម​ពន្យល់​មូលហេតុ​ដែល​ការ​បន្ត​ក្រេប​ជញ្ជក់​យក​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​គឺ​សំខាន់។

១០ ការ​រៀន​អំពី​ព្រះ​យេហូវ៉ា​ជា​ជំហាន​ដ៏​ចាំ​បាច់​មួយ​ក្នុង​ការ​ចូល​ទៅ​ជិត​ទ្រង់។ ការ​រៀន​អំពី​ព្រះ​ជា​ទង្វើ​ដែល​គួរ​បន្ត​ធ្វើ​ជា​និច្ច។ ប្រសិន​បើ​អ្នក​កំពុង​តែ​ឈរ​អាំង​ភ្លើង នៅ​ពេល​យប់​ដែល​មាន​ធាតុ​អាកាស​រងា​ខ្លាំង​នោះ តើ​អ្នក​នឹង​ឲ្យ​ភ្នក់​ភ្លើង​នោះ​រលត់​ឬ​ទេ? អ្នក​នឹង​មិន​ឲ្យ​វារ​លត់​ទេ។ អ្នក​នឹង​ដាក់​ឧស​ថែម​ទៀត​ដើម្បី​ឲ្យ​ភ្លើង​ឆេះ​កាន់​តែ​ខ្លាំង។ ពុំ​នោះ​អ្នក​អាច​ស្លាប់​ដោយ​សារ​រងា​ពេក! ការ​«​ស្គាល់​ដល់​ព្រះ​»​ឬ​ការ​ទទួល​ចំណេះ​អំពី​ព្រះ​ត​ទៅ​ទៀត ក៏​ជួយ​រក្សា​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ខ្លាំង​ជា​និច្ច ដូច​ជា​ថែម​ឧស​ក្នុង​ភ្នក់​ភ្លើង​នោះ​ឲ្យ​ឆេះ​ខ្លាំង​ជា​និច្ច។—សុភាសិត ២:១​-​៥

១១​. តើ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​កាន់​តាម​ទ្រង់?

១១ ព្រះ​យេស៊ូ​ចង់​ឲ្យ​អ្នក​កាន់​តាម​ទ្រង់ រក្សា​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ព្រះ​យេហូវ៉ា​និង​ព្រះ​បន្ទូល​ថ្លៃ​វិសេស​របស់​ទ្រង់​ឲ្យ​ខ្លាំង​និង​កក់​ក្ដៅ​ប្រៀប​ដូច​ជា​ភ្នក់​ភ្លើង​ដែល​ឆេះ​ខ្លាំង​ជា​និច្ច។ ក្រោយ​ព្រះ​យេស៊ូ​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​បង្រៀន​សិស្ស​ពីរ​នាក់​អំពី​ទំនាយ​ខ្លះ​ៗ​ក្នុង​បទ​គម្ពីរ​ហេព្រើរ​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​សម្រេច​នោះ។ តើ​ការ​បង្រៀន​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​សិស្ស​នោះ? ពួក​គេ​បាន​និយាយ​ក្រោយ​មក​ថា​៖ ​«​តើ​យើង​មិន​មាន[​«​អារម្មណ៍​រំភើប​និង​កក់​ក្ដៅ​យ៉ាង​ខ្លាំង​»​, ព.ថ.​]នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នឹង​យើង ហើយ​សំ​ដែង​ពី​គម្ពីរ​តាម​ផ្លូវ​នោះ​ទេ​ឬ​អី?​»។—លូកា ២៤:៣២

១២, ១៣​. (​ក​) សព្វ​ថ្ងៃ​នេះ តើ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ភាគ​ច្រើន​ចំពោះ​ព្រះ​និង​ព្រះ​គម្ពីរ​ទៅ​ជា​យ៉ាង​ណា? (​ខ​) តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​រសាយ​ទៅ?

១២ នៅ​ដើម​ដំបូង​ពេល​រៀន​ដឹង​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​នោះ តើ​អ្នក​មាន​អារម្មណ៍​រំភើប​និង​កក់​ក្ដៅ​យ៉ាង​ខ្លាំង ថែម​ទាំង​មាន​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​អំណរ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ឬ​ទេ? អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​នេះ​មែន។ មនុស្ស​ជា​ច្រើន​ធ្លាប់​មាន​អារម្មណ៍​ដូច​អ្នក​ដែរ។ ឥឡូវ​អ្វី​ដែល​ពិបាក​គឺ​ត្រូវ​រក្សា​សេចក្ដី​ស្រឡាញ់​នោះ​ឲ្យ​នៅ​តែ​ខ្លាំង​ជា​និច្ច ហើយ​ត្រូវ​ជួយ​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​នោះ​កាន់​តែ​ជ្រាល​ជ្រៅ​ថែម​ទៀត។ យើង​មិន​ចង់​ធ្វើ​តាម​គំរូ​មនុស្ស​លោកីយ៍​ទេ។ ព្រះ​យេស៊ូ​បាន​ទាយ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ​»។ (​ម៉ាថាយ ២៤:១២​) តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​រសាយ​ទៅ​នោះ?

១៣ ចូរ​បន្ត​ក្រេប​ជញ្ជក់​យក​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ។ (​យ៉ូហាន ១៧:៣​) ចូរ​រំពឹង​គិត​ឬ​គិត​ឲ្យ​បាន​ជ្រៅ​ជ្រះ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ព្រះ​បន្ទូល​របស់​ព្រះ ដោយ​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​នេះ​បង្រៀន​ខ្ញុំ​អ្វី​អំពី​ព្រះ​យេហូវ៉ា? តើ​នេះ​ផ្ដល់​មូលហេតុ​ថែម​ទៀត​ដែល​គួរ​ជំរុញ​ឲ្យ​ខ្ញុំ​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត គំនិត និង​ព្រលឹង​ឬ​ទេ?›។ (​ទំនុក​ដំកើង ៧៧:១២​) ការ​រំពឹង​គិត​យ៉ាង​នេះ​នឹង​ជួយ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​តែ​ខ្លាំង​និង​កក់​ក្ដៅ​ជា​និច្ច។

១៤​. តើ​ការ​អធិស្ឋាន​អាច​ជួយ​ឲ្យ​យើង​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ឲ្យ​នៅ​តែ​ខ្លាំង​និង​កក់​ក្ដៅ​យ៉ាង​ដូច​ម្ដេច?

១៤ វិធី​មួយ​ទៀត​ដែល​អ្នក​អាច​រក្សា​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ឲ្យ​ខ្លាំង​ជា​និច្ច​គឺ​ដោយ​អធិស្ឋាន​ជា​រឿយ​ៗ។ (​ថែស្សាឡូនីច​ទី១ ៥:១៧​) នៅ​ជំពូក​ទី​១៧​ក្នុង​សៀវភៅ​នេះ យើង​បាន​រៀន​ថា​សេចក្ដី​អធិស្ឋាន​ជា​អំណោយ​វិសេស​មួយ​ពី​ព្រះ។ ចំណង​មិត្តភាព​រវាង​មនុស្ស​ពីរ​នាក់​គឺ​កាន់​តែ​រឹង​មាំ​ទៅ​ៗ​ប្រសិន​បើ​ពួក​គេ​ប្រស្រ័យ​ទាក់​ទង​គ្នា​ជា​រឿយ​ៗ។ ដូច​គ្នា​ដែរ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​នឹង​មាន​ភាព​កក់​ក្ដៅ​ហើយ​រឹង​មាំ​ជា​និច្ច ប្រសិន​បើ​យើង​អធិស្ឋាន​ជា​រឿយ​ៗ។ យើង​មិន​ត្រូវ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​យើង​ទៅ​ជា​ការ​សូត្រ​រត់​មាត់​ពោល​ពាក្យ​ដដែល​ៗ​ដោយ​គ្មាន​អារម្មណ៍​ឬ​អត្ថន័យ​នោះ​ឡើយ។ យើង​ត្រូវ​តែ​ទូល​ព្រះ​យេហូវ៉ា​ដូច​ជា​កូន​និយាយ​ជា​មួយ​នឹង​បិតា​ជា​ទី​ស្រឡាញ់។ ពិត​មែន​យើង​ត្រូវ​ទូល​ដោយ​គោរព ប៉ុន្តែ​ក៏​ត្រូវ​ទូល​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដែរ។ (​ទំនុក​ដំកើង ៦២:៨​) ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯង ហើយ​ការ​អធិស្ឋាន​ស្មោះ​អស់​ពី​ចិត្ត ជា​ផ្នែក​សំខាន់​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង ហើយ​នោះ​ក៏​ជួយ​ឲ្យ​យើង​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។

ការ​ទទួល​អំណរ​ពី​ការ​ថ្វាយ​បង្គំ

១៥, ១៦​. ហេតុ​អ្វី​គឺ​សមរម្យ​ដែល​យើង​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​ជា​ឯកសិទ្ធិ​មួយ ហើយ​ជា​អ្វី​ដែល​មាន​តម្លៃ​ស្មើ​ទ្រព្យ​សម្បត្ដិ?

១៥ ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯង​និង​ការ​អធិស្ឋាន​ជា​ផ្នែក​នៃ​ការ​ថ្វាយ​បង្គំ ដែល​យើង​ប្រហែល​ជា​មិន​ធ្វើ​នៅ​មុខ​អ្នក​ឯ​ទៀត​ឡើយ។ ប៉ុន្តែ ឥឡូវ​យើង​នឹង​ពិចារណា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង ដែល​យើង​ធ្វើ​នៅ​មុខ​អ្នក​ឯ​ទៀត គឺ​យើង​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​យើង។ តើ​អ្នក​ធ្លាប់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ខ្លះ​ៗ​ពី​ព្រះ​គម្ពីរ​ទេ? បើ​បាន​ធ្វើ​ដូច្នេះ​មែន អ្នក​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ណាស់។ នៅ​ពេល​ដែល​យើង​ប្រាប់​សេចក្ដី​ពិត​ដែល​យើង​បាន​រៀន​ពី​ព្រះ​យេហូវ៉ា យើង​កំពុង​តែ​បំពេញ​ភារកិច្ច​មួយ​សំខាន់​ណាស់​ដែល​ត្រូវ​តម្រូវ​ឲ្យ​គ្រីស្ទាន​ពិត​ទាំង​ឡាយ​ធ្វើ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។—ម៉ាថាយ ២៤:​១៤; ២៨:១៩, ២០

១៦ សាវ័ក​ប៉ុល​បាន​ចាត់​ទុក​កិច្ច​បំរើ​របស់​គាត់​ជា​អ្វី​ដែល​មាន​តម្លៃ​វិសេស ហើយ​បាន​ប្រដូច​កិច្ច​បំរើ​នោះ​ទៅ​នឹង​ទ្រព្យ​សម្បត្ដិ។ (​កូរិនថូស​ទី២ ៤:៧​) ការ​និយាយ​ប្រាប់​មនុស្ស​អំពី​ព្រះ​និង​គោល​បំណង​របស់​ទ្រង់​ជា​កិច្ច​ការ​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន ដ្បិត​នោះ​ជា​កិច្ច​បំរើ​ថ្វាយ​ចំពោះ​ចៅហ្វាយ​ដ៏​ល្អ​បំផុត ហើយ​ក៏​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ ដោយ​ចូល​រួម​ធ្វើ​កិច្ច​ការ​នេះ អ្នក​កំពុង​តែ​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ហើយ​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត​ជា​រៀង​រហូត! ច្បាស់​ជា​គ្មាន​កិច្ច​ការ​ណា​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​ជាង​នេះ​ទេ មែន​ទេ? ម្យ៉ាង​ទៀត ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​បន្ទូល​របស់​ទ្រង់​ជួយ​បង្កើន​នូវ​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ទ្រង់។ ហើយ​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​ព្យាយាម​របស់​អ្នក។ (​ហេព្រើរ ៦:១០​) បើ​ខ្នះ​ខ្នែង​ធ្វើ​កិច្ច​ការ​នេះ​ជា​និច្ច នោះ​នឹង​ជួយ​ឲ្យ​យើង​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​និច្ច។—កូរិនថូស​ទី១ ១៥:៥៨

១៧​. ហេតុ​អ្វី​បាន​ជា​កិច្ច​ផ្សព្វ​ផ្សាយ​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​បង្អែ​បង្អង់?

១៧ គឺ​ជា​ការ​សំខាន់​ដែរ​បើ​អ្នក​ចាំ​ថា កិច្ច​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​ជា​កិច្ច​ការ​មួយ​ដែល​ត្រូវ​ធ្វើ​ដោយ​មិន​បង្អែ​បង្អង់​ឡើយ។ ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ​បន្ទូល​ចុះ! ហើយ​ទទូច​ជំរុញ​ផង​»។ (​ធីម៉ូថេ​ទី២ ៤:២​) ហេតុ​អ្វី​ពេល​គឺ​បន្ទាន់​ហើយ​សំរាប់​ធ្វើ​កិច្ច​ការ​នេះ? ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​៖ ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ​»។ (​សេផានា ១:១៤​) ដូច្នេះ​គឺ​ជិត​ដល់​ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​លោកីយ៍​ទាំង​មូល​នេះ​ចោល។ មនុស្ស​ត្រូវ​ទទួល​ការ​ព្រមាន! ពួក​គេ​ត្រូវ​ដឹង​ថា​ឥឡូវ​នេះ​ជា​ពេល​សំរាប់​ជ្រើស​រើស​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង។ ទី​បញ្ចប់​នឹង​មក​«​ឥត​រា​រង់​ឡើយ​»។—ហាបាគុក ២:៣

១៨​. ហេតុ​អ្វី​យើង​គួរ​ចូល​រួម​ជា​មួយ​គ្រីស្ទាន​ពិត​ឯ​ទៀត​ហើយ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​សាធារណៈ?

១៨ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​យើង​ចូល​រួម​ជា​មួយ​គ្រីស្ទាន​ពិត​ឯ​ទៀត​ហើយ​ថ្វាយ​បង្គំ​ទ្រង់។ នេះ​ជា​មូលហេតុ​ដែល​ព្រះ​បន្ទូល​របស់​ទ្រង់​ចែង​ថា​៖ ​«​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ​ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ​»។ (​ហេព្រើរ ១០:២៤, ២៥​) នៅ​ពេល​ដែល​យើង​ជួប​ជុំ​គ្នា​នៅ​កិច្ច​ប្រជុំ​គ្រីស្ទាន យើង​មាន​ឱកាស​ល្អ​ដើម្បី​សរសើរ​និង​ថ្វាយ​បង្គំ​ព្រះ​ជា​ទី​ស្រឡាញ់​របស់​យើង។ យើង​ក៏​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

១៩​. តើ​យើង​អាច​ជួយ​ពង្រឹង​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

១៩ ពេល​ដែល​យើង​ចូល​រួម​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា នោះ​យើង​ពង្រឹង​សេចក្ដី​ស្រឡាញ់​និង​មិត្តភាព​ក្នុង​ក្រុម​ជំនុំ។ គឺ​ជា​ការ​សំខាន់​ដែល​យើង​រិះ​រក​លក្ខណៈ​ល្អ​របស់​អ្នក​ជឿ​គ្នី​គ្នា ដូច​ព្រះ​យេហូវ៉ា​រិះ​រក​លក្ខណៈ​ល្អ​របស់​យើង​ដែរ។ កុំ​សង្ឃឹម​ថា​អ្នក​ជឿ​គ្នី​គ្នា​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​នោះ​ឡើយ។ សូម​ចាំ​ថា​អ្នក​ជឿ​គ្នី​គ្នា​ស្ថិត​នៅ​ដំណាក់​កាល​ខុស​ៗ​គ្នា​ចំពោះ​ការ​រីក​ចំរើន​ខាង​វិញ្ញាណ ហើយ​យើង​ទាំង​អស់​គ្នា​ភ្លាត់​ធ្វើ​ខុស​ម្ដង​ម្កាល។ (​កូល៉ុស ៣:១៣​) ចូរ​ព្យាយាម​បង្កើត​ឲ្យ​មាន​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង ហើយ​អ្នក​នឹង​ឃើញ​ថា​អ្នក​នឹង​រីក​ចំរើន​ខាង​វិញ្ញាណ​ដែរ។ ពិត​មែន​ថា​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​មួយ​បង​ប្អូន​ខាង​វិញ្ញាណ​នឹង​ជួយ​ឲ្យ​អ្នក​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។ តើ​ព្រះ​យេហូវ៉ា​ប្រទាន​រង្វាន់​អ្វី​ដល់​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់​យ៉ាង​ស្មោះ​ភក្ដី​ហើយ​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​នោះ?

ចូរ​ខំ​ឲ្យ​បាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​

២០, ២១​. តើ​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ជា​អ្វី? ហេតុ​អ្វី​នោះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ?

២០ ព្រះ​យេហូវ៉ា​ប្រទាន​ជីវិត​ជា​រង្វាន់​ចំពោះ​អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ទ្រង់។ ក៏​ប៉ុន្តែ​តើ​ជីវិត​នោះ​ជា​ជីវិត​បែប​ណា? ដើម្បី​ឆ្លើយ​សំនួរ​នោះ សូម​គិត​អំពី​សំនួរ​នេះ​វិញ។ តើ​អ្នក​ពិត​ជា​មាន​ជីវិត​រស់​នៅ​ឥឡូវ​នេះ​ទេ? យើង​ភាគ​ច្រើន​នឹង​ឆ្លើយ​ថា​យើង​មាន​ជីវិត​រស់​នៅ​មែន។ យ៉ាង​ណា​មិញ យើង​ដក​ដង្ហើម បរិភោគ ហើយ​ហូប​ទឹក។ ដូច្នេះ​យើង​ច្បាស់​ជា​មាន​ជីវិត​រស់​នៅ។ ហើយ​នៅ​គ្រា​ដែល​យើង​មាន​ក្ដី​រីក​រាយ​យ៉ាង​ខ្លាំង​នោះ យើង​ប្រហែល​ជា​គិត​ថា‹នេះ​ពិត​ជា​ជីវិត​សប្បាយ​បំផុត!›។ ក៏​ប៉ុន្តែ​ព្រះ​គម្ពីរ​បាន​ឲ្យ​យើង​ដឹង​ថា គ្មាន​មនុស្ស​ណា​ម្នាក់​សព្វ​ថ្ងៃ​នេះ​ដែល​ពិត​ជា​មាន​ជីវិត​ពិត​ប្រាកដ​នោះ​ទេ។

២១ ព្រះ​បន្ទូល​របស់​ព្រះ​ជំរុញ​យើង​ឲ្យ​«​ចាប់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច[​ឬ​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​, ខ.ស.​]​»។ (​ធីម៉ូថេ​ទី១ ៦:១៩​) បន្ទូល​នោះ​ប្រាប់​ឲ្យ​ដឹង​ថា​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ជា​អ្វី​មួយ​ដែល​យើង​សង្ឃឹម​នឹង​ទទួល​នៅ​អនាគត​កាល។ ពេល​ដែល​យើង​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ហើយ​នោះ យើង​នឹង​មាន​ជីវិត​រស់​នៅ​ពិត​ប្រាកដ ដ្បិត​យើង​នឹង​មាន​ជីវិត​រស់​នៅ​ដូច​ព្រះ​រាជ​បំណង​ដើម​របស់​ព្រះ។ នៅ​ពេល​ដែល​យើង​កំពុង​តែ​រស់​នៅ​លើ​ផែន​ដី​មនោ​រម្យ​ដោយ​មាន​សុខភាព សេចក្ដី​សុខ​សាន្ត និង​សុភមង្គល​យ៉ាង​ពេញ​លេញ​នោះ យើង​នឹង​មាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ ពោល​គឺ​ជីវិត​ជា​រៀង​រហូត។ (​ធីម៉ូថេ​ទី១ ៦:១២​) នេះ​ពិត​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ណាស់ មែន​ទេ?

២២​. តើ​យើង​អាច​ចាប់​បាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​យ៉ាង​ដូច​ម្ដេច?

២២ តើ​យើង​អាច​ចាប់​បាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​យ៉ាង​ដូច​ម្ដេច? ក្នុង​ជំពូក​ដដែល​នោះ ប៉ុល​បាន​ដាស់​តឿន​គ្រីស្ទាន​ទាំង​ឡាយ​ឲ្យ​«​ធ្វើ​គុណ​»​និង​«​ការ​ល្អ​ជា​បរិបូរ​»។ (​ធីម៉ូថេ​ទី១ ៦:​១៨​) នេះ​បញ្ជាក់​ថា​ការ​ចាប់​បាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ អាស្រ័យ​ទៅ​លើ​យើង​អនុវត្ត​តាម​សេចក្ដី​ពិត​ដែល​បាន​រៀន​ពី​ព្រះ​គម្ពីរ។ ប៉ុន្តែ តើ​ប៉ុល​ចង់​និយាយ​ថា​យើង​នឹង​មាន​សិទ្ធិ​ទទួល​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ ដោយ​សារ​បាន​ធ្វើ​ការ​ល្អ​ឬ? មិន​មែន​ទេ! ដ្បិត​លទ្ធភាព​ទទួល​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​អាស្រ័យ​ទៅ​លើ​ការ​ទទួល​នូវ​«​ព្រះ​គុណ​»​ពី​ព្រះ។ (​រ៉ូម ៥:១៥​) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ប្រទាន​រង្វាន់​ដល់​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់​យ៉ាង​ស្មោះ​ភក្ដី។ ទ្រង់​ចង់​ឲ្យ​អ្នក​មាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»។ ជីវិត​ជា​រៀង​រហូត​ដែល​មាន​ភាព​សុខ​សប្បាយ​ជា​អ្វី​ដែល​អស់​អ្នក​ដែល​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នឹង​ទទួល​នៅ​ថ្ងៃ​មុខ។

២៣​. ហេតុ​អ្វី​បាន​ជា​ការ​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ការ​សំខាន់?

២៣ យក​ល្អ​យើង​ម្នាក់​ៗ​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ខ្ញុំ​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ដែល​ទ្រង់​បាន​ណែនាំ​ក្នុង​ព្រះ​គម្ពីរ​ទេ?›។ ប្រសិន​បើ​យើង​គិត​ពិចារណា​អំពី​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ប្រាកដ​ថា​យើង​កំពុង​តែ​ធ្វើ​ដូច្នោះ​មែន នោះ​យើង​កំពុង​តែ​ដើរ​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ​ហើយ។ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​របស់​យើង។ ទ្រង់​នឹង​ការពារ​រាស្ត្រ​ស្មោះ​ភក្ដី​របស់​ទ្រង់​ឲ្យ​មាន​សុវត្ថិភាព​នៅ​ជាន់​ក្រោយ​បង្អស់​នៃ​របប​លោកីយ៍​ដែល​ជ្រួល​ច្របល់​នេះ។ ព្រះ​យេហូវ៉ា​ក៏​នឹង​នាំ​យើង​ចូល​ក្នុង​ពិភព​លោក​ថ្មី​ដ៏​រុង​រឿង​របស់​ទ្រង់​ដែល​ជិត​ដល់​ហើយ​នោះ​ដោយ​សុវត្ថិភាព។ យើង​ពិត​ជា​នឹង​រំភើប​ចិត្ត​ណាស់​នៅ​គ្រា​នោះ! ហើយ​យើង​នឹង​សប្បាយ​ណាស់​ដែល​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​នៅ​ជាន់​ក្រោយ​បង្អស់​នេះ! ប្រសិន​បើ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​នៅ​ឥឡូវ​នេះ នោះ​អ្នក​នឹង​មាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ជា​រៀង​រហូត គឺ​ជីវិត​ដូច​ព្រះ​រាជ​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា!

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ពិត​ចំពោះ​ព្រះ​ដោយ​កាន់​តាម​បញ្ញត្ដិ​ទ្រង់​ហើយ​អនុវត្ត​តាម​គោល​ការណ៍​របស់​ទ្រង់។—យ៉ូហាន​ទី១ ៥:៣

▪ ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ ការ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ស្មោះ​អស់​ពី​ចិត្ត ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ទ្រង់ និង​ការ​ថ្វាយ​បង្គំ​ទ្រង់​នៅ​ឯ​កិច្ច​ប្រជុំ នោះ​នឹង​ជួយ​ឲ្យ​យើង​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; យ៉ូហាន ១៧:៣; ថែស្សាឡូនីច​ទី១ ៥:១៧; ហេព្រើរ ១០:២៤, ២៥

▪ អ្នក​ដែល​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មាន​សេចក្ដី​សង្ឃឹម​ទទួល​បាន​«​ជីវិត​ដ៏​ពិត​ប្រាកដ​»។—ធីម៉ូថេ​ទី១ ៦:១២, ១៩; យូដាស ២០

[រូប​ភាព​នៅ​ទំព័រ​២១២]

តើ​អ្នក​នឹង​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ទេ​ក្នុង​គ្រា​ច្របូក​ច្របល់​នេះ ដូច​ពេល​ជ្រក​ព្យុះ​ភ្លៀង​នោះ?

​[រូប​ភាព​នៅ​ទំព័រ​២១៥]

យើង​ត្រូវ​រក្សា​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​តែ​ខ្លាំង​និង​កក់​ក្ដៅ​ជា​និច្ច ដូច​ជា​ថែម​ឧស​ក្នុង​ភក់​ភ្លើង​ឲ្យ​ឆេះ​ខ្លាំង​ជា​និច្ច

[រូប​ភាព​នៅ​ទំព័រ​២២០]

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​រីក​រាយ​នឹង«ជីវិត​ដ៏​ពិត​ប្រាកដ» តើ​រូប​អ្នក​នឹង​បាន«ជីវិត​ដ៏​ពិត​ប្រាកដ»ទេ?

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក