ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៤-១០ ខែកញ្ញា
it-2-E ទំ. ១០៨២ វ. ២
វិហារ
វិហារដែលអេសេគាលបានឃើញក្នុងគំនិត។ ក្នុងឆ្នាំ៥៩៣មុនគ.ស.នៅឆ្នាំទី១៤ ក្រោយការបំផ្លាញចោលក្រុងយេរូសាឡិមនិងវិហារស្តេចសាឡូម៉ូនដែលនៅក្នុងក្រុងនោះ អេសេគាលដែលជាសង្ឃនិងជាអ្នកប្រកាសទំនាយបានឃើញក្នុងគំនិតថាព្រះបាននាំគាត់ទៅលើភ្នំដ៏ខ្ពស់មួយ។ នៅលើភ្នំនោះ គាត់បានឃើញវិហារដ៏ធំរបស់ព្រះយេហូវ៉ា។ (អេស. ៤០:១, ២) ដើម្បីធ្វើឲ្យនិរទេសជនដែលជាជនជាតិយូដាមានអារម្មណ៍ខ្មាសនិងប្រែចិត្ត ហើយដើម្បីសម្រាលទុក្ខពួកអ្នកស្មោះត្រង់ អេសេគាលបានទទួលការណែនាំឲ្យប្រាប់អំពីអ្វីទាំងអស់ដែលគាត់បានឃើញដល់«ពួកវង្សអ៊ីស្រាអែល»។ (អេស. ៤០:៤; ៤៣:១០, ១១) ការបើកបង្ហាញឲ្យឃើញក្នុងគំនិតនោះផ្ដល់ព័ត៌មានល្អិតល្អន់អំពីទំហំ។ «បបុស»ឬដើមត្រែង (ដើមត្រែងវែងគឺស្មើនឹង៦ហត្ថវែងឬ៣,១១ម៉ែត្រ) និង«ហត្ថ» (ហត្ថវែងគឺស្មើនឹង៥១,៨សង់ទីម៉ែត្រ) បានត្រូវប្រើជាខ្នាតសម្រាប់វាស់វែង។ (អេស. ៤០:៥) ព័ត៌មានល្អិតល្អន់នេះអំពីទំហំបាននាំឲ្យអ្នកខ្លះជឿថាវិហារដែលអេសេគាលបានឃើញក្នុងគំនិតនេះ គឺជាគំរូនៃវិហារដែលសូរ៉ូបាបិលបានសង់ក្រោយមក ក្រោយពីជនជាតិយូដាត្រឡប់មកពីនិរទេសវិញ។ ប៉ុន្តែ គ្មានភ័ស្តុតាងណាបញ្ជាក់ថាការអះអាងនេះគឺត្រឹមត្រូវឡើយ។
it-2-E ទំ. ៤៦៧ វ. ៤
នាម
ជនជាតិអ៊ីស្រាអែលគឺជារាស្ត្រដែលជាតំណាងនាមរបស់ព្រះ ហើយដោយសារពួកគេមិនបានធ្វើតាមបង្គាប់ដ៏សុចរិតរបស់ព្រះ នោះពួកគេបង្អាប់នាមរបស់លោក។ (អេស. ៤៣:៨; អេម. ២:៧) ដោយហេតុថាភាពមិនស្មោះត្រង់របស់ជនជាតិអ៊ីស្រាអែលបាននាំឲ្យព្រះដាក់ទោសពួកគេ នេះក៏បានផ្ដល់ឱកាសឲ្យប្រជាជាតិឯទៀតនិយាយអំពីនាមរបស់ព្រះដោយមិនគោរព។ (សូមពិនិត្យបន្ថែម ទំនុក. ៧៤:១០, ១៨; អេ. ៥២:៥) ដោយមិនទទួលស្គាល់ថាការដាក់ទោសនោះគឺមកពីព្រះយេហូវ៉ា ប្រជាជាតិទាំងនោះបានសន្មតដោយមិនត្រឹមត្រូវថាទុក្ខវេទនាដែលបានកើតឡើងដល់ជនជាតិអ៊ីស្រាអែលគឺដោយសារព្រះយេហូវ៉ាគ្មានសមត្ថភាពការពាររាស្ត្ររបស់លោក។ ដើម្បីធ្វើឲ្យនាមរបស់លោកជ្រះស្អាតពីការដៀលត្មះបែបនេះ ព្រះយេហូវ៉ាបានចាត់វិធានការ ហើយបាននាំជនជាតិយូដាដែលនៅសល់ទាំងប៉ុន្មានទៅស្រុកកំណើតវិញ។—អេស. ៣៦:២២-២៤
it-2-E ទំ. ១៤០
យុត្ដិធម៌
ហេតុនេះ ព្រះយេហូវ៉ាតែងតែតម្រូវយ៉ាងត្រឹមត្រូវឲ្យពួកអ្នកដែលប្រាថ្នាចង់បានការពេញចិត្តពីលោក ស្គាល់ខ្នាតតម្រារបស់លោកស្តីអំពីយុត្ដិធម៌ ហើយធ្វើតាមខ្នាតតម្រានោះ។ (អេ. ១:១៧, ១៨; ១០:១, ២; យេ. ៧:៥-៧; ២១:១២; ២២:៣, ៤; អេស. ៤៥:៩, ១០; អេម. ៥:១៥; មីកា ៣:៩-១២; ៦:៨; សាក. ៧:៩-១២) ពួកគេត្រូវធ្វើតាមគំរូរបស់ព្រះ គឺប្រព្រឹត្តដោយមិនលម្អៀងទៅខាងណាឡើយ។ បើមិនដូច្នោះទេ ពួកគេបានប្រព្រឹត្តដោយអយុត្ដិធម៌ ហើយបានបំពានច្បាប់ស្តីអំពីការបង្ហាញសេចក្ដីស្រឡាញ់។ (យ៉ា. ២:១-៩) ក៏ប៉ុន្តែការប្រព្រឹត្តដោយយុត្ដិធម៌សមស្របតាមខ្នាតតម្រារបស់ព្រះ មិនមែនជាបន្ទុកធ្ងន់ទេ។ តាមពិត បើមនុស្សមិនប្រព្រឹត្តតាមខ្នាតតម្រាស្តីអំពីយុត្ដិធម៌ ពួកគេមិនអាចមានសុភមង្គលបានឡើយ។ (ទំនុក. ១០៦:៣; សូមពិនិត្យបន្ថែម អេ. ៥៦:១, ២) លោកប្លាកស្តូន ដែលជាអ្នកជំនាញច្បាប់បានបញ្ជាក់ចំណុចនេះថា៖«[ព្រះ]បានធ្វើឲ្យសុភមង្គលរបស់មនុស្សនិងយុត្ដិធម៌ជាអ្វីដែលជាប់ពាក់ព័ន្ធគ្នា។ មនុស្សមិនអាចមានសុភមង្គលបើមិនប្រព្រឹត្តដោយយុត្ដិធម៌។ ក៏ប៉ុន្តែបើប្រព្រឹត្តដោយយុត្ដិធម៌ នោះយើងនឹងមានសុភមង្គលជាមិនខាន» (Chadman’s Cyclopedia of Law, 1912, Vol. I, p. 88)។
ថ្ងៃទី១១-១៧ ខែកញ្ញា
it-2-E ទំ. ១០០១
កូនមនុស្ស
យើងឃើញពាក្យនេះភាគច្រើននៅក្នុងសៀវភៅអេសេគាលក្នុងបទគម្ពីរភាសាហេប្រឺ។ ជាង៩០ដងព្រះបានប្រើពាក្យ«កូនមនុស្ស»ដើម្បីហៅអ្នកប្រកាសទំនាយនោះ។ (អេស. ២:១, ៣, ៦, ៨) ពាក្យនេះបានត្រូវប្រើទំនងជាដើម្បីបញ្ជាក់ថាអ្នកប្រកាសទំនាយនោះគឺគ្រាន់តែជាមនុស្សជាតិដែលរស់នៅលើផែនដី ហើយបញ្ជាក់អំពីភាពខុសគ្នារវាងអ្នកប្រកាសទំនាយនោះនិងព្រះដ៏ខ្ពស់បំផុតដែលបានប្រាប់ទំនាយនោះឲ្យគាត់ប្រកាស។ នៅដានីយ៉ែល ៨:១៧ ពាក្យនេះក៏បានត្រូវប្រើចំពោះដានីយ៉ែលដែលជាអ្នកប្រកាសទំនាយដែរ។
ថ្ងៃទី១៨-២៤ ខែកញ្ញា
it-2-E ទំ. ៣៨២
មែសាក់
មានមូលហេតុដ៏សមទំនងបីដែលពួកគាត់ចាត់ទុកអាហាររបស់ស្តេចថាអាចធ្វើឲ្យពួកគាត់មិនបរិសុទ្ធចំពោះព្រះ: (១) ជនជាតិបាប៊ីឡូនបានបរិភោគសត្វដែលច្បាប់ម៉ូសេបានចែងថាមិនស្អាត (២) ពួកគេមិនខ្វល់ថាសត្វទាំងនោះបានត្រូវសម្រក់ឈាមឲ្យបានត្រឹមត្រូវនោះទេ សត្វខ្លះប្រហែលជាបានត្រូវរឹតកទៀតផង (៣) ប្រជាជាតិដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ាដំបូងបង្អស់ច្រើនតែជូនសត្វទាំងនោះជាគ្រឿងបូជាដល់ព្រះរបស់ពួកគេ ដោយចាត់ទុកការបរិភោគសាច់សត្វបែបនេះជាផ្នែកមួយនៃការគោរពបូជាព្រះទាំងនេះ។—ដាន. ១:៨; សូមពិនិត្យបន្ថែម ១កូ. ១០:១៨-២០, ២៨
ថ្ងៃទី២៥ ខែកញ្ញា–ថ្ងៃទី១ ខែតុលា
w៨៨-E ១/១០ ទំ. ៣០ វ. ៣-៥
សំណួរពីអ្នកអាន
នៅទីបំផុត ពេលដែលដានីយ៉ែលដែលជាជនជាតិហេប្រឺបានត្រូវគេនាំចូលមក ស្តេចបាននិយាយម្ដងទៀតអំពីអ្វីដែលគាត់នឹងផ្ដល់ឲ្យសម្រាប់ដានីយ៉ែល ពោលគឺបំពាក់សម្លៀកបំពាក់ពណ៌ស្វាយឲ្យដានីយ៉ែល បំពាក់ខ្សែកមាសឲ្យគាត់ ហើយតែងតាំងគាត់ជាអ្នកគ្រប់គ្រងទី៣នៃរាជាណាចក្រនោះ។ អ្នកប្រកាសទំនាយបានតបឆ្លើយដោយការគោរពថា៖ «ឯអំណោយទានរបស់ព្រះករុណា សូមទុកសំរាប់ព្រះអង្គទ្រង់ ហើយសូមប្រទានរង្វាន់ដល់អ្នកដទៃទៀតចុះ ប៉ុន្តែចំណែកទូលបង្គំៗនឹងអានមើលអក្សរនេះថ្វាយទ្រង់ព្រះករុណា ហើយនឹងបកប្រែថ្វាយទ្រង់ជ្រាបផង»។—ដាន. ៥:១៧
ដូច្នេះ ដានីយ៉ែលមិនត្រូវការសំណូកឬរង្វាន់ដើម្បីឲ្យគាត់បកស្រាយឡើយ។ ស្តេចអាចទុកអំណោយរបស់គាត់ឬប្រគល់វាឲ្យអ្នកណាម្នាក់ផ្សេងទៀត។ ដានីយ៉ែលបានពន្យល់អំពីអក្សរទាំងនោះ មិនមែនដើម្បីរង្វាន់ណាមួយទេ ប៉ុន្តែដោយសារគាត់បានទទួលអំណាចពីព្រះយេហូវ៉ាដែលជាព្រះពិត ដែលហៀបនឹងអនុវត្តការវិនិច្ឆ័យរបស់លោកទៅលើក្រុងបាប៊ីឡូន។
យោងទៅតាមដានីយ៉ែល ៥:២៩ ក្រោយពីដានីយ៉ែលបានអាននិងបកស្រាយពាក្យទាំងនោះដូចគាត់បាននិយាយ ស្តេចបានបង្គាប់ថាត្រូវរង្វាន់ឲ្យដល់ដានីយ៉ែលទោះជាគាត់មិនចង់បានក៏ដោយ។ ដានីយ៉ែលមិនបានពាក់សម្លៀកបំពាក់និងខ្សែកនោះដោយខ្លួនឯងទេ។ គេបានបំពាក់ឲ្យគាត់តាមបង្គាប់របស់ស្តេចបេលសាសារដែលមានអំណាចផ្ដាច់ការ។ ប៉ុន្តែ នេះគឺស្របនឹងអ្វីដែលបានត្រូវរៀបរាប់នៅដានីយ៉ែល ៥:១៧ ដែលអ្នកប្រកាសទំនាយនោះបានបញ្ជាក់យ៉ាងច្បាស់ថាមូលហេតុដែលគាត់ធ្វើដូច្នេះគឺមិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ។
dp-E ទំ. ១០៩ វ. ២២
បួនពាក្យដែលផ្លាស់ប្ដូរពិភពលោក
២២ ដូច្នេះ ប្រស្នានោះបានត្រូវដោះស្រាយ។ ក្រុងបាប៊ីឡូនដ៏ខ្លាំងក្លាហៀបនឹងធ្លាក់ក្រោមអំណាចកងទ័ពមេឌីនិងពើស៊ី។ ទោះជាបេលសាសារមានការអាម៉ាស់មុខយ៉ាងខ្លាំងដោយសារការប្រកាសអំពីសេចក្ដីហិនវិនាសនេះក៏ដោយ គាត់បានធ្វើតាមពាក្យសន្យារបស់គាត់។ ស្តេចនោះបានបង្គាប់អ្នកបម្រើរបស់គាត់ឲ្យបំពាក់សម្លៀកបំពាក់ពណ៌ស្វាយឲ្យដានីយ៉ែល តាក់តែងខ្លួនដានីយ៉ែលដោយខ្សែកមាស ហើយប្រកាសថាគាត់ជាអ្នកគ្រប់គ្រងទី៣នៅក្នុងរាជាណាចក្រនោះ។ (ដាន. ៥:២៩) ដានីយ៉ែលមិនបានបដិសេធការលើកកិត្ដិយសទាំងនេះទេ ដោយទទួលស្គាល់ថាព្រះយេហូវ៉ាសមនឹងទទួលកិត្ដិយសនោះ។ ដោយលើកកិត្ដិយសអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា បេលសាសារប្រហែលជាបានសង្ឃឹមថាព្រះនឹងបន្ធូរបន្ថយ ពេលលោកអនុវត្តការវិនិច្ឆ័យរបស់លោក។ គាត់គួរតែធ្វើដូច្នេះមុននេះ ឥឡូវហួសពេលហើយ។