ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី២៥-៣១ ខែធ្នូ
jd-E ទំ. ១២៥-១២៦ វ. ៤-៥
ចូរធ្វើឲ្យជីវិតគ្រួសារទទួលការពេញចិត្តពីព្រះ
៤ នៅសម័យម៉ាឡាគីនាសតវត្សរ៍ទី៥ មុនគ.ស. មានការលែងលះគ្នាច្រើនណាស់ក្នុងចំណោមជនជាតិយូដា។ ម៉ាឡាគីបានប្រាប់ពួកគេថា៖ «ព្រះយេហូវ៉ាទ្រង់ជាសាក្សីពីឯងនឹងប្រពន្ធដែលឯងបានគ្នាពីកាលក្រមុំកំឡោះនោះ ហើយទោះបីនាងជាគូរបស់ឯងនឹងជាប្រពន្ធដែលឯងបានចុះសញ្ញានឹងគ្នាក៏ដោយ គង់តែឯងបានប្រព្រឹត្តដោយក្បត់ចំពោះនាងដែរ»។ ដោយសារអំពើក្បត់របស់ប្ដី អាសនាឬទីបូជានៃព្រះយេហូវ៉ាបានត្រូវគ្របដោយទឹកភ្នែករបស់ប្រពន្ធ ដែល«យំសោក ហើយស្រែកថ្ងូរ»។ ឯពួកសង្ឃពុករលួយមិនបានប្រឆាំងអំពើឥតមេត្ដាបែបនេះឡើយ។—ម៉ាឡ. ២:១៣, ១៤
៥ តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាអំពីចិត្តគំនិតអាក្រក់នៅសម័យម៉ាឡាគីចំពោះអាពាហ៍ពិពាហ៍? ម៉ាឡាគីបានសរសេរថា៖ «‹អញស្អប់ការលះលែងគ្នាណាស់› នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល»។ គាត់ក៏បានបញ្ជាក់ដែរថា ព្រះយេហូវ៉ា«មិនប្រែប្រួលឡើយ»។ (ម៉ាឡ. ២:១៦; ៣:៦) តើអ្នកអាចរៀនអ្វីពីចំណុចនេះ? តាំងពីដើមដំបូង ព្រះបានប្រឆាំងការលះលែងគ្នា។ (លោ. ២:១៨, ២៤) លោកបានធ្វើដូច្នេះនៅសម័យម៉ាឡាគី ហើយលោកនៅតែធ្វើដូច្នេះនៅសព្វថ្ងៃនេះ។ មនុស្សខ្លះប្រហែលជាសម្រេចចិត្តចាកចេញពីគូអាពាហ៍ពិពាហ៍គ្រាន់តែដោយសារពួកគេមិនពេញចិត្តនឹងគូរបស់ខ្លួន។ ថ្វីបើចិត្តពួកគេប្រហែលជាបញ្ឆោតពួកគេក្ដី ព្រះយេហូវ៉ាស្ទង់មើលចិត្តពួកគេ។ (យេ. ១៧:៩, ១០) ទោះជាពួកគេអាងលេសអ្វីក៏ដោយដើម្បីលះលែងគ្នា លោកជ្រាបអំពីការបោកបញ្ឆោតឬឧបាយកលអាក្រក់ទាំងអស់។ ពិតមែន «គ្មានអ្វីសោះដែលលោកមិនអាចមើលឃើញនោះឡើយ តែអ្វីៗទាំងអស់នៅចំហនិងមិនកំបាំងភ្នែករបស់លោក ជាអ្នកដែលយើងត្រូវជម្រាបអំពីការដែលយើងបានធ្វើ»។—ហេ. ៤:១៣