បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bhs ជំ. ១៧ ទំ. ១៧៤-១៨៤
  • ឯកសិទ្ធិក្នុងការអធិដ្ឋាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឯកសិទ្ធិក្នុងការអធិដ្ឋាន
  • តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • អានក្នុង ព្រះគម្ពីរបង្រៀន
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា?
  • តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង?
  • សំណួរ​ទូ​ទៅ​អំពី​សេចក្ដី​អធិដ្ឋាន
  • របៀប​ដែល​ព្រះ​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង
  • យើងអាចចូលទៅជិតព្រះតាមរយៈការអធិដ្ឋាន
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចូលទៅជិតព្រះដោយសេចក្ដីអធិស្ឋាន
    តើព្រះតម្រូវអ្វីពីយើង?
  • របៀបទទួលជំនួយតាមរយៈការអធិស្ឋាន
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចូរឲ្យតម្លៃចំពោះឯកសិទ្ធិអធិដ្ឋាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
bhs ជំ. ១៧ ទំ. ១៧៤-១៨៤

ជំពូក​ទី​១៧

ឯកសិទ្ធិ​ក្នុង​ការ​អធិដ្ឋាន

ស្ដ្រីម្នាក់កំពុងអធិដ្ឋាននៅពេលយប់ដែលរពេញទៅដោយផ្កាយជាច្រើន

​«​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ នឹង​ផែន​ដី​»​ចង់​ស្ដាប់​សេចក្ដី​អធិដ្ឋាន របស់​យើង។—ទំនុក​តម្កើង ១១៥:១៥

១, ២​. ហេតុ​អ្វី​អ្នក​គិត​ថា​សេចក្ដី​អធិដ្ឋាន​គឺ​ជា​អំណោយ​ពិសេស​មួយ ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ដឹង​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​រឿង​នេះ?

បើ​ប្រៀប​ទំហំ​ផែន​ដី​ទៅ​នឹង​ទំហំ​សកល​លោក​ទាំង​មូល​នោះ ផែន​ដី​គឺ​តូច​ជាង​ឆ្ងាយ​ណាស់។ ពេល​ព្រះ​យេហូវ៉ា​មើល​មក​ផែន​ដី លោក​ឃើញ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ប្រៀប​ដូច​ជា​ទឹក​មួយ​ដំណក់​នៅ​ក្នុង​ថាំង។ (​ទំនុក​តម្កើង ១១៥:១៥; អេសាយ ៤០:១៥​) ពិត​មែន​តែ​យើង​តូច​ទាប​ខ្លាំង​ណាស់​បើ​ប្រៀប​នឹង​ទំហំ​សកល​លោក ប៉ុន្តែ​នៅ​ទំនុក​តម្កើង ១៤៥:១៨, ១៩ ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់ ទ្រង់​នឹង​បំពេញ​បំណង​ចិត្ត​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ក៏​នឹង​ឮ​ពាក្យ​អំពាវ​នាវ​របស់​គេ ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង​»។ សូម​គិត​ទៅ​មើល នេះ​ពិត​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​យើង ដែល​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ចង់​ចូល​មក​ជិត​យើង ហើយ​ថែម​ទាំង​ចង់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ទៀត​ផង! ពិត​ណាស់ សេចក្ដី​អធិដ្ឋាន​គឺ​ជា​ឯកសិទ្ធិ​មួយ និង​ជា​អំណោយ​ដ៏​ពិសេស​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​យើង​ម្នាក់​ៗ។

២ ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង លុះ​ត្រា​តែ​យើង​និយាយ​ទៅ​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ តើ​យើង​អាច​ធ្វើ​ដូច្នោះ​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​អ្វី​ដែល​គម្ពីរ​ចែង​អំពី​សេចក្ដី​អធិដ្ឋាន។

ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា?

៣​. ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា?

៣ ព្រះ​យេហូវ៉ា​អញ្ជើញ​អ្នក​ឲ្យ​អធិដ្ឋាន​ឬ​និយាយ​ទៅ​កាន់​លោក។ តើ​យើង​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? សូម​អាន ភីលីព ៤:៦, ៧។ សូម​គិត​អំពី​សេចក្ដី​អញ្ជើញ​ដ៏​សប្បុរស​នេះ។ ព្រះ​ដែល​ជា​អ្នក​បង្កើត​សកល​លោក​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​អ្នក ហើយ​អញ្ជើញ​អ្នក​ឲ្យ​ជម្រាប​លោក​អំពី​អារម្មណ៍​និង​បញ្ហា​របស់​អ្នក។

៤​. ហេតុ​អ្វី​ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់​អាច​ពង្រឹង​ចំណង​មិត្តភាព​រវាង​អ្នក​និង​លោក?

៤ សេចក្ដី​អធិដ្ឋាន​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ពេល​មិត្ត​ភក្ដិ​និយាយ​គ្នា​ជា​ទៀង​ទាត់​អំពី​គំនិត អារម្មណ៍ និង​កង្វល់​របស់​ខ្លួន នោះ​មិត្តភាព​របស់​ពួក​គេ​នឹង​កាន់​តែ​ជិត​ស្និទ្ធ។ នេះ​ស្រដៀង​គ្នា​នឹង​សេចក្ដី​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដែរ។ តាម​រយៈ​គម្ពីរ លោក​ប្រាប់​អ្នក​អំពី​គំនិត​និង​អារម្មណ៍​របស់​លោក ហើយ​ថែម​ទាំង​ប្រាប់​អ្នក​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​នា​អនាគត​ផង។ អ្នក​អាច​អធិដ្ឋាន​ជម្រាប​លោក​យ៉ាង​ទៀត​ទាត់ សូម្បី​តែ​អារម្មណ៍​ដែល​កប់​ជ្រៅ​ក្នុង​ចិត្ត​របស់​អ្នក។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ ចំណង​មិត្តភាព​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា​នឹង​កាន់​តែ​រឹង​មាំ។—យ៉ាកុប ៤:៨

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង?

៥​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ទាំង​អស់?

៥ តើ​ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ទាំង​អស់​ឬ? មិន​មែន​ទេ។ នៅ​សម័យ​អ្នក​ប្រកាស​ទំនាយ​អេសាយ ព្រះ​យេហូវ៉ា​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​កាល​ណា​ឯង​អធិស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្ដាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម​»។ (​អេសាយ ១:១៥​) ដូច្នេះ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន យើង​អាច​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​នេះ​ធ្វើ​ឲ្យ​លោក​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឡើយ។

៦​. ហេតុ​អ្វី​ការ​មាន​ជំនឿ​គឺ​សំខាន់​ម្ល៉េះ? តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ថា​អ្នក​មាន​ជំនឿ?

៦ បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង នោះ​យើង​ត្រូវ​មាន​ជំនឿ​លើ​លោក។ (​ម៉ាកុស ១១:២៤​) សាវ័ក​ប៉ូល​ពន្យល់​ថា​៖ ​«​បើ​គ្មាន​ជំនឿ មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​បាន​ឡើយ ព្រោះ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា​មាន​ព្រះ ហើយ​ជឿ​ថា​លោក​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ត​»។ (​ហេប្រឺ ១១:៦​) ប៉ុន្តែ បើ​យើង​គ្រាន់​តែ​និយាយ​ថា​យើង​មាន​ជំនឿ នោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​យើង​មាន​ជំនឿ​ដោយ​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ។—សូម​អាន យ៉ាកុប ២:២៦

៧​. (​ក​) ហេតុ​អ្វី​យើង​គួរ​មាន​ចិត្ត​រាប​ទាប​និង​ការ​គោរព​ពេល​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា? (​ខ​) តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​មាន​ចិត្ត​ស្មោះ​ពេល​អធិដ្ឋាន​ទៅ​ព្រះ?

៧ យើង​គួរ​មាន​ចិត្ត​រាប​ទាប​និង​ការ​គោរព ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? បើ​យើង​និយាយ​ជា​មួយ​នឹង​ស្តេច​ឬ​ប្រធានាធិបតី យើង​ច្បាស់​ជា​នឹង​និយាយ​ដោយ​គោរព​ចំពោះ​គាត់ ទម្រាំ​តែ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត យើង​គួរ​បង្ហាញ​ការ​គោរព​និង​ចិត្ត​រាប​ទាប​ច្រើន​ជាង​នោះ​ទៅ​ទៀត ពេល​និយាយ​ទៅ​កាន់​លោក មែន​ទេ? (​លោកុប្បត្តិ ១៧:១; ទំនុក​តម្កើង ១៣៨:៦​) ម្យ៉ាង​ទៀត ពេល​យើង​អធិដ្ឋាន​ទៅ​លោក យើង​គួរ​មាន​ចិត្ត​ស្មោះ​និង​និយាយ​ចេញ​ពី​ដួង​ចិត្ត មិន​មែន​គ្រាន់​តែ​និយាយ​ពាក្យ​ដដែល​ៗ​ហើយ​ចាំ​រត់​មាត់​នោះ​ទេ។—ម៉ាថាយ ៦:៧, ៨

៨​. ពេល​យើង​អធិដ្ឋាន​អំពី​រឿង​អ្វី​មួយ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត?

៨ បន្ថែម​ទៅ​ទៀត ពេល​យើង​អធិដ្ឋាន​អំពី​រឿង​អ្វី​មួយ យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ជា​ឧទាហរណ៍ បើ​យើង​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ នោះ​យើង​មិន​ត្រូវ​ខ្ជិល​ទេ ហើយ​មិន​គួរ​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ កាល​ដែល​យើង​មានសមត្ថភាព​អាច​ធ្វើ​ការ​បាន។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ងារ​ណា​ដែល​យើង​អាច​រក​បាន។ (​ម៉ាថាយ ៦:១១; ថែស្សាឡូនិច​ទី២ ៣:១០​) ម្យ៉ាង​ទៀត បើ​យើង​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ឈប់​ធ្វើ​អ្វី​ដែល​ខុស នោះ​យើង​ត្រូវ​ជៀស​វាង​ពី​ស្ថានភាព​ណា​ដែល​អាច​ល្បួង​យើង​បាន។ (​កូឡុស ៣:៥​) សូម​ឲ្យ​យើង​ពិនិត្យ​មើល​សំណួរ​ខ្លះ​អំពី​សេចក្ដី​អធិដ្ឋាន។

សំណួរ​ទូ​ទៅ​អំពី​សេចក្ដី​អធិដ្ឋាន

៩​. តើ​យើង​គួរ​អធិដ្ឋាន​ទៅ​អ្នក​ណា? តើ​យ៉ូហាន ១៤:៦ បង្រៀន​យើង​យ៉ាង​ណា​អំពី​សេចក្ដី​អធិដ្ឋាន?

៩ តើ​យើង​គួរ​អធិដ្ឋាន​ទៅ​អ្នក​ណា? លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ទៅ​«​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​»។ (​ម៉ាថាយ ៦:៩​) បន្ថែម​ទៀត លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ​»។ (​យ៉ូហាន ១៤:៦​) ដូច្នេះ យើង​គួរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​តាម​រយៈ​លោក​យេស៊ូ។ តើ​ការ​អធិដ្ឋាន​តាម​រយៈ​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ព្រម​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង នោះ​យើង​ត្រូវ​បង្ហាញ​ការ​គោរព​ចំពោះ​តួនាទី​ពិសេស​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​លោក​យេស៊ូ។ ដូច​យើង​បាន​រៀន​ហើយ​ថា​លោក​យេស៊ូ​បាន​មក​ផែន​ដី​ដើម្បី​សង្គ្រោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ (​យ៉ូហាន ៣:១៦; រ៉ូម ៥:១២​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ជា​សម្ដេច​សង្ឃ​និង​ជា​ចៅ​ក្រម។—យ៉ូហាន ៥:២២; ហេប្រឺ ៦:២០

មនុស្សកំពុងអធិដ្ឋានក្នុងស្ថានភាពផ្សេងៗ

អ្នក​អាច​អធិដ្ឋាន​ពេល​ណា​ក៏​បាន

១០​. តើ​យើង​ត្រូវ​មាន​ឥរិយាបថ​ពិសេស​ណា​មួយ​ពេល​អធិដ្ឋាន​ឬ​ទេ? សូម​ពន្យល់។

១០ តើ​យើង​ត្រូវ​មាន​ឥរិយាបថ​ពិសេស​ណា​មួយ​ពេល​អធិដ្ឋាន​ឬ​ទេ? មិន​ត្រូវ​មាន​ទេ។ ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​លុត​ជង្គង់ អង្គុយ ឬ​ឈរ ពេល​យើង​អធិដ្ឋាន​ឡើយ។ គម្ពីរ​បង្រៀន​យើង​ថា យើង​អាច​និយាយ​ទៅ​ព្រះ​យេហូវ៉ា​តាម​ឥរិយាបថ​ណា​ក៏​បាន​ដែល​បង្ហាញ​ការ​គោរព។ (​របា​ក្សត្រ​ទី១ ១៧:១៦; នេហេមា ៨:៦; ដានីយ៉ែល ៦:១០; ម៉ាកុស ១១:២៥​) អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ព្រះ​យេហូវ៉ា​ពេល​យើង​អធិដ្ឋាន​ទៅ​លោក គឺ​ចិត្ត​គំនិត​ត្រឹម​ត្រូវ មិន​មែន​ជា​ឥរិយាបថ​ណាមួយ​ទេ។ យើង​អាច​អធិដ្ឋាន​ឮ​ៗ​ឬ​ស្ងាត់​ៗ ទោះ​ជា​យើង​នៅ​កន្លែង​ណា​ឬ​នៅ​ពេល​ណា​ក៏​ដោយ។ ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា យើង​អាច​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ស្ដាប់​យើង សូម្បី​តែ​អ្នក​ឯ​ទៀត​មិន​បាន​ដឹង។—នេហេមា ២:១​-​៦

១១​. តើ​យើង​អាច​ជម្រាប​ព្រះ​យេហូវ៉ា​អំពី​រឿង​អ្វី​ខ្លះ?

១១ តើ​យើង​អាច​អធិដ្ឋាន​អំពី​រឿង​អ្វី​ខ្លះ? យើង​អាច​អធិដ្ឋាន​អំពី​រឿង​អ្វី​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ គម្ពីរ​ចែង​ថា​៖ ​«​អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង​»។ (​យ៉ូហាន​ទី១ ៥:១៤​) តើ​យើង​អាច​អធិដ្ឋាន​អំពី​បញ្ហា​ផ្ទាល់​ខ្លួន​បាន​ទេ? ពិត​ជា​បាន។ ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​គឺ​ស្រដៀង​គ្នា​នឹង​ការ​និយាយ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ។ យើង​អាច​ជម្រាប​ព្រះ​យេហូវ៉ា​អំពី​រឿង​ទាំង​អស់​ក្នុង​ចិត្ត​និង​គំនិត​របស់​យើង។ (​ទំនុក​តម្កើង ៦២:៨​) យើង​អាច​អធិដ្ឋាន​សុំ​ព្រះ​ឲ្យ​ផ្ដល់​សកម្មពល​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​លោក ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​លូកា ១១:១៣​) ម្យ៉ាង​ទៀត យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ ហើយ​ផ្ដល់​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ផ្សេង​ៗ​ដែរ។ (​យ៉ាកុប ១:៥​) យើង​គួរ​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង។ (​អេភេសូរ ១:៣, ៧​) បន្ថែម​ទៀត យើង​គួរ​អធិដ្ឋាន​ឲ្យ​អ្នក​ឯ​ទៀត រួម​បញ្ចូល​ក្រុម​គ្រួសារ​របស់​យើង និង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។—សកម្មភាព ១២:៥; កូឡុស ៤:១២

១២​. តើ​អ្វី​គួរ​ជា​រឿង​សំខាន់​បំផុត​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង?

១២ តើ​អ្វី​គួរ​ជា​រឿង​សំខាន់​បំផុត​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង? គឺ​អំពី​ព្រះ​យេហូវ៉ា​និង​បំណង​ប្រាថ្នា​របស់​លោក។ យើង​គួរ​អរគុណ​លោក​អស់​ពី​ចិត្ត​សម្រាប់​អ្វី​ៗ​ដែល​លោក​បាន​ធ្វើ​ដើម្បី​យើង។ (​របា​ក្សត្រ​ទី១ ២៩:១០​-​១៣​) យើង​ដឹង​ថា​យើង​គួរ​ធ្វើ​ដូច្នេះ គឺ​ដោយ​សារ​ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​អំពី​របៀប​អធិដ្ឋាន។ (​សូម​អាន ម៉ាថាយ ៦:៩​-​១៣​) លោក​យេស៊ូ​មាន​ប្រសាសន៍​ថា មុន​ដំបូង ពួក​គាត់​គួរ​អធិដ្ឋាន​សុំ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ ពោល​គឺ​ចាត់​ទុក​ថា​នាម​ព្រះ​ជា​អ្វី​ដ៏​ពិសិដ្ឋ​ឬ​បរិសុទ្ធ។ បន្ទាប់​មក លោក​យេស៊ូ​បង្រៀន​ថា​យើង​គួរ​អធិដ្ឋាន​សុំ​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់ ហើយ​សុំ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោកបាន​សម្រេច​នៅ​ទូ​ទាំង​ផែន​ដី។ ក្រោយ​ពី​បាន​លើក​រឿង​ដ៏​សំខាន់​ៗ​ទាំង​នេះ​ដែល​ទាក់​ទង​នឹង​ព្រះ​យេហូវ៉ា​ហើយ ទើប​លោក​យេស៊ូ​ប្រាប់​ថា​យើង​គួរ​អធិដ្ឋាន​អំពី​រឿង​ផ្ទាល់​ខ្លួន។ ពេល​យើង​អធិដ្ឋាន​អំពី​ព្រះ​យេហូវ៉ា​និង​បំណង​ប្រាថ្នា​របស់​លោក​ជា​មុន​សិន នោះ​បង្ហាញ​ថា​អ្វី​ទាំង​នោះ​គឺ​សំខាន់​បំផុត​ចំពោះ​យើង។

១៣​. តើ​សេចក្ដី​អធិដ្ឋាន​របស់​យើង​គួរ​យូរ​ប៉ុន​ណា?

១៣ តើ​សេចក្ដី​អធិដ្ឋាន​របស់​យើង​គួរ​យូរ​ប៉ុន​ណា? គម្ពីរ​មិន​បាន​ប្រាប់​ទេ។ យើង​អាច​អធិដ្ឋាន​វែង​ឬ​ខ្លី​អាស្រ័យ​ទៅ​លើ​ស្ថានភាព។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជាអធិដ្ឋាន​ខ្លី​មុន​ពេល​យើង​បរិភោគ​អាហារ តែ​យើង​អធិដ្ឋាន​វែង​ជាង​ពេល​យើង​ថ្លែង​អំណរ​គុណ​ព្រះ​យេហូវ៉ា​ឬ​ជម្រាប​លោក​អំពី​ទុក្ខ​កង្វល់​របស់​យើង។ (​សាំយូអែល​ទី១ ១:១២, ១៥​) យើង​មិន​ចង់​អធិដ្ឋាន​វែង​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​កោត​ស្ងើច​នឹង​យើង ដូច​មនុស្ស​ខ្លះ​បាន​ធ្វើ​នៅ​សម័យ​លោក​យេស៊ូ​នោះ​ទេ។ (​លូកា ២០:៤៦, ៤៧​) ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​អធិដ្ឋាន​ដូច​នោះ​ឡើយ តែ​លោក​ពេញ​ចិត្ត​នឹង​សេចក្ដី​អធិដ្ឋាន​ដែល​ចេញ​ពី​ចិត្ត។

១៤​. តើ​យើង​គួរ​អធិដ្ឋាន​ប៉ុន្មាន​ដង ហើយ​តើ​នេះ​បង្រៀន​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា?

១៤ តើ​យើង​គួរ​អធិដ្ឋាន​ប៉ុន្មាន​ដង? ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​និយាយ​ទៅ​លោក​ជា​ទៀង​ទាត់។ គម្ពីរ​ចែង​ថា​យើង​គួរ​«​អធិដ្ឋាន​ជា​និច្ច​»​ ហើយ​«​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​»​ ព្រម​ទាំង​«​អធិដ្ឋាន​ឥត​ឈប់​»។ (​ម៉ាថាយ ២៦:៤១; រ៉ូម ១២:១២; ថែស្សាឡូនិច​ទី១ ៥:១៧​) ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ជា​និច្ច។ យើង​អាច​អរគុណ​លោក​រាល់​ថ្ងៃ​ចំពោះ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​សប្បុរស​របស់លោក។ យើង​ក៏​អាច​សុំ​ការ​ណែនាំ កម្លាំង និង​ការ​សម្រាល​ទុក្ខ​ពី​លោក​ផង​ដែរ។ បើ​យើង​ពិត​ជា​ឲ្យ​តម្លៃ​ទៅ​លើ​ឯកសិទ្ធិ​ដែល​យើង​មាន​ក្នុង​ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​មែន នោះ​យើង​នឹង​ប្រើ​គ្រប់​ឱកាស​ដើម្បី​និយាយ​ទៅ​កាន់​លោក។

១៥​. ហេតុ​អ្វី​យើង​គួរ​និយាយ​ថា​«​អាមេន​»​នៅ​ពេល​អធិដ្ឋាន​ចប់?

១៥ ហេតុ​អ្វី​យើង​គួរ​និយាយ​ថា​«​អាមេន​»​នៅ​ពេល​អធិដ្ឋាន​ចប់? ពាក្យ​«​អាមេន​»​ មាន​ន័យ​ថា​«​ប្រាកដ​ហើយ​»​ ឬ​«​សូម​ឲ្យ​បាន​សម្រេច​ដូច​បំណង​»។ នេះ​ជា​វិធី​មួយ​ដែល​យើង​បង្ហាញ​ថា​អ្វី​ដែល​យើង​អធិដ្ឋាន​គឺ​ស្មោះ​អស់​ពី​ចិត្ត។ (​ទំនុក​តម្កើង ៤១:១៣​) គម្ពីរ​បង្រៀន​ថា ជា​ការ​ល្អ​ដែល​យើង​និយាយ​ថា​«​អាមេន​»​ដោយ​សំឡេង​ឮ​ៗ​ឬ​តិច​ៗ​នៅ​ពេល​ដែល​អ្នក​ឯ​ទៀត​អធិដ្ឋាន​ជា​សាធារណៈ​ចប់ ពី​ព្រោះ​នោះ​បង្ហាញ​ថា​យើង​យល់​ស្រប​នឹង​អ្វី​ដែល​គាត់​បាន​និយាយ។—របា​ក្សត្រ​ទី១ ១៦:៣៦; កូរិនថូស​ទី១ ១៤:១៦

របៀប​ដែល​ព្រះ​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង

១៦​. តើ​ព្រះ​យេហូវ៉ា​ពិត​ជា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឬ​ទេ? សូម​ពន្យល់។

១៦ តើ​ព្រះ​យេហូវ៉ា​ពិត​ជា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឬ​ទេ? លោក​ពិត​ជា​ឆ្លើយ​តប​មែន។ គម្ពីរ​ហៅ​លោក​ថា​៖ ​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»។ (​ទំនុក​តម្កើង ៦៥:២​) ដូច្នេះ ព្រះ​យេហូវ៉ា​ស្ដាប់​ហើយ​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​របស់​មនុស្ស​រាប់​លាន​នាក់​តាម​វិធី​ផ្សេង​ៗ។

១៧​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ប្រើ​ទេវតា​និង​អ្នក​បម្រើ​របស់​លោក​ដែល​នៅ​ផែន​ដី​ដើម្បី​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង?

១៧ ព្រះ​យេហូវ៉ា​ប្រើ​ទេវតា​និង​អ្នក​បម្រើ​របស់​លោក​ដែល​នៅ​ផែន​ដី ដើម្បី​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង។ (​ហេប្រឺ ១:១៣, ១៤​) មាន​គំរូ​ជា​ច្រើន​អំពី​មនុស្ស​ដែល​បាន​អធិដ្ឋាន​សុំ​ព្រះ​ឲ្យ​ជួយ​ពួក​គេ​យល់​គម្ពីរ ហើយ​មិន​យូរ​ក្រោយ​មក​ក៏​មាន​សាក្សី​ព្រះ​យេហូវ៉ា​មក​ជួប​ពួក​គេ។ គម្ពីរ​ក៏​បាន​ប្រាប់​ដែរ​ថា​ទេវតា​បាន​ចូល​រួម​ក្នុង​ការ​ប្រកាស​អំពី​«​ដំណឹង​ល្អ​»​នៅ​ទូ​ទាំង​ផែន​ដី។ (​សូម​អាន ការ​បើក​បង្ហាញ ១៤:៦​) ម្យ៉ាង​ទៀត យើង​ជា​ច្រើន​នាក់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​យ៉ាង​ចំ​ៗ​អំពី​សេចក្ដី​ត្រូវ​ការ ឬ​អំពី​បញ្ហា​ផ្ទាល់​ខ្លួន រួច​ក្រោយ​មក​យើង​បាន​ទទួល​ជំនួយ​ដែល​យើង​ត្រូវ​ការ​ពី​បង​ប្អូន​គ្រិស្ត​សាសនិក។—សុភាសិត ១២:២៥; យ៉ាកុប ២:១៦

ប្ដីប្រពន្ធជាគ្រិស្ដសាសនិកកំពុងជួយមិត្ដវ័យចាស់ម្នាក់ដែលមិនអាចធ្វើអ្វីដោយខ្លួនឯងបាន

ព្រះ​យេហូវ៉ា​អាច​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង តាម​រយៈ​ជំនួយ​ពី​បង​ប្អូន​គ្រិស្ត​សាសនិក

១៨​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ប្រើ​សកម្មពល​បរិសុទ្ធ​និង​គម្ពីរ​ដើម្បី​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង?

១៨ ព្រះ​យេហូវ៉ា​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ពេល​ដែល​យើង​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ណា​មួយ នោះ​លោក​ប្រហែល​ជា​ប្រើ​សកម្មពល​បរិសុទ្ធ​ដើម្បី​ផ្ដល់​ការ​ណែនាំ​និង​កម្លាំង​ដល់​យើង។ (​កូរិនថូស​ទី២ ៤:៧​) ព្រះ​យេហូវ៉ា​ក៏​បាន​ប្រើ​គម្ពីរ​ដើម្បី​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ផង​ដែរ។ ពេល​យើង​អាន​គម្ពីរ យើង​ប្រហែល​ជា​រក​ឃើញ​បទ​គម្ពីរ​ដែល​នឹង​ជួយ​យើង។ ម្យ៉ាង​ទៀត​នៅ​ឯ​កិច្ច​ប្រជុំ ព្រះ​យេហូវ៉ា​អាច​ជំរុញ​ចិត្ត​បុគ្គល​ណា​ម្នាក់​ឲ្យ​ឆ្លើយ​ចម្លើយ​ដែល​ចំ​នឹង​អ្វី​ដែល​យើង​ត្រូវ​ការ ឬ​តាម​រយៈ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ដែល​លើក​ឡើង​ចំណុច​ពី​បទ​គម្ពីរ។—កាឡាទី ៦:១

១៩​. ហេតុ​អ្វី​ពេល​ខ្លះ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​មិន​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង?

១៩ ក៏​ប៉ុន្តែ ពេល​ខ្លះ​យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​ទាន់​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ?›។ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ជ្រាប​អំពី​ពេល​និង​របៀប​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង។ លោក​ដឹង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។ យើង​ប្រហែល​ជា​ត្រូវ​ព្យាយាម​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​បង្ហាញ​ថា យើង​ពិត​ជា​ចង់​បាន​នូវ​អ្វី​ដែល​យើង​បាន​អធិដ្ឋាន​សុំ ព្រម​ទាំង​បង្ហាញ​ថា​យើង​ពិត​ជា​មាន​ជំនឿ​ទៅ​លើ​លោក។ (​លូកា ១១:៥​-​១០​) ជួន​កាល ព្រះ​យេហូវ៉ា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​របៀប​ដែល​យើង​នឹក​ស្មាន​មិន​ដល់។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​អធិដ្ឋាន​អំពី​ការ​លំបាក​ណា​មួយ ប៉ុន្តែ​ជា​ជាង​បំបាត់​ការ​លំបាក​នោះ ព្រះ​យេហូវ៉ា​ប្រហែល​ជា​ផ្ដល់​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​នោះ​វិញ។—សូម​អាន ភីលីព ៤:១៣

២០​. ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​ជា​រឿយ​ៗ​ទៅ​ព្រះ​យេហូវ៉ា?

២០ នេះ​ពិត​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ណាស់​ដែល​យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា! យើង​អាច​ប្រាកដ​ថា​លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ (​ទំនុក​តម្កើង ១៤៥:១៨​) ពេល​យើង​អធិដ្ឋាន​ជា​រឿយ​ៗ​ទៅ​ព្រះ​យេហូវ៉ា​ដោយ​អស់​ពី​ដួង​ចិត្ត នោះ​ចំណង​មិត្តភាព​រវាង​យើង​និង​លោក​កាន់​តែ​រឹង​មាំ​ឡើង។

សេចក្ដី​សង្ខេប

សេចក្ដី​ពិត​ទី១: ព្រះ​យេហូវ៉ា​ចង់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង

​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់​»។—ទំនុក​តម្កើង ១៤៥:១៨

តើ​យើង​គួរ​ធ្វើ​អ្វី​បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង?

  • ហេប្រឺ ១១:៦

    យើង​ត្រូវ​មាន​ជំនឿ។

  • ទំនុក​តម្កើង ១៣៨:៦

    យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​និង​ការ​គោរព។

  • យ៉ាកុប ២:២៦

    យើង​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង។

  • ម៉ាថាយ ៦:៧, ៨

    យើង​ត្រូវ​មាន​ចិត្ត​ស្មោះ​ពេល​យើង​អធិដ្ឋាន ហើយ​មិន​គួរ​ពោល​ពាក្យ​ដដែល​ៗ​នោះ​ទេ។

  • អេសាយ ១:១៥

    យើង​ត្រូវ​រស់​នៅ​ឲ្យ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។

សេចក្ដី​ពិត​ទី២: សំណួរ​ទូ​ទៅ​អំពី​សេចក្ដី​អធិដ្ឋាន

  • តើ​យើង​គួរ​អធិដ្ឋាន​ទៅ​អ្នក​ណា?

    ម៉ាថាយ ៦:៩; យ៉ូហាន ១៤:៦

  • តើ​យើង​ត្រូវ​មាន​ឥរិយាបថ​ពិសេស​ណា​មួយ​ក្នុង​ពេល​អធិដ្ឋាន​ឬ​ទេ?

    របា​ក្សត្រ​ទី១ ១៧:១៦; នេហេមា ៨:៥, ៦; ដានីយ៉ែល ៦:១០; ម៉ាកុស ១១:២៥

  • តើ​ព្រះ​យេហូវ៉ា​ឮ​សេចក្ដី​អធិដ្ឋាន​ដែល​យើង​និយាយ​ក្នុង​ចិត្ត​ឬ​ទេ?

    នេហេមា ២:១​-​៦

  • តើ​យើង​គួរ​អធិដ្ឋាន​យូរ​ប៉ុន​ណា?

    សាំយូអែល​ទី១ ១:១២, ១៥; លូកា ២០:៤៦, ៤៧

  • តើ​យើង​គួរ​អធិដ្ឋាន​ប៉ុន្មាន​ដង?

    រ៉ូម ១២:១២; ថែស្សាឡូនិច​ទី១ ៥:១៧

  • ហេតុ​អ្វី​យើង​និយាយ​ថា​«​អាមេន​»​នៅ​ពេល​អធិដ្ឋាន​ចប់?

    របា​ក្សត្រ​ទី១ ១៦:៣៦; កូរិនថូស​ទី១ ១៤:១៦

សេចក្ដី​ពិត​ទី៣: តើ​យើង​អាច​អធិដ្ឋាន​អំពី​រឿង​អ្វី​ខ្លះ?

​«​អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង​»។—យ៉ូហាន​ទី១ ៥:១៤

តើ​យើង​អាច​អធិដ្ឋាន​អំពី​រឿង​អ្វី​ខ្លះ?

  • ម៉ាថាយ ៦:៩, ១០

    អធិដ្ឋាន​សុំ​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច។

  • របា​ក្សត្រ​ទី១ ២៩:១០​-​១៣

    អធិដ្ឋាន​ថ្លែង​អំណរ​គុណ​ព្រះ។

  • ម៉ាថាយ ៦:១១​-​១៣

    អធិដ្ឋាន​អំពី​សេចក្ដី​ត្រូវ​ការ​និង​ទុក្ខ​កង្វល់។

  • លូកា ១១:១៣

    អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ។

  • យ៉ាកុប ១:៥

    អធិដ្ឋាន​សុំ​ប្រាជ្ញា​ដើម្បី​សម្រេច​ចិត្ត​ត្រឹម​ត្រូវ។

  • ភីលីព ៤:១៣

    អធិដ្ឋាន​សុំ​កម្លាំង​ស៊ូ​ទ្រាំ។

  • អេភេសូរ ១:៣, ៧

    អធិដ្ឋាន​សុំ​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង។

  • សកម្មភាព ១២:៥

    អធិដ្ឋាន​សម្រាប់​អ្នក​ឯ​ទៀត។

សេចក្ដី​ពិត​ទី​៤: ព្រះ​យេហូវ៉ា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង

​«​ឱ​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​អើយ អស់​ទាំង​មនុស្ស​នឹង​មូល​មក​ឯ​ទ្រង់​»។—ទំនុក​តម្កើង ៦៥:២

តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង?

  • សុភាសិត ១២:២៥; ការ​បើក​បង្ហាញ ១៤:៦

    ព្រះ​យេហូវ៉ា​អាច​ប្រើ​ទេវតា​ឬ​មនុស្ស​ឲ្យ​ជួយ​យើង។

  • កូរិនថូស​ទី២ ៤:៧

    សកម្មពល​បរិសុទ្ធ​របស់​ព្រះ​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។

  • ភីលីព ៤:៦, ៧, ១៣

    លោក​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សុខ​សាន្ត​និង​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។

  • កាឡាទី ៦:១; ធីម៉ូថេ​ទី២ ៣:១៦,១៧

    លោក​ផ្ដល់​ឲ្យ​យើង​នូវ​ប្រាជ្ញា​តាម​រយៈ​គម្ពីរ​និង​ក្រុម​ជំនុំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក