ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៥-១១ ខែកុម្ភៈ
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១២:២០
ប្រឆេះ: ចង្កៀងធម្មតាដែលមានរាងជាក្អមនៅខាងក្នុងមានប្រេងអូលីវ។ ប្រឆេះដែលធ្វើពីរុក្ខជាតិជួយបឺតប្រេងឲ្យឡើងទៅដល់ភ្លើងចង្កៀង។ ពាក្យភាសាក្រិច‹ប្រឆេះដែលជិតរលត់›ប្រហែលជាសំដៅទៅលើដើមត្រែងដែលចេញផ្សែងដោយសារនៅតែមានរងើកភ្លើង តែអណ្ដាតភ្លើងខ្សោយទៅៗ ឬជិតរលត់។ ទំនាយនៅអេសាយ ៤២:៣ បានប្រាប់អំពីចិត្តអាណិតមេត្ដារបស់លោកយេស៊ូ ថាលោកនឹងមិនពន្លត់ប្រឆេះដែលជិតរលត់ ពោលគឺសេចក្ដីសង្ឃឹមរបស់មនុស្សទន់ទាបដែលត្រូវគេសង្កត់សង្កិន។
ថ្ងៃទី១២-១៨ ខែកុម្ភៈ
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១៤:២១
ទាំងស្ត្រីនិងកូនក្មេង: មានតែម៉ាថាយទេដែលលើកឡើងអំពីស្ត្រីនិងកូនក្មេងពេលរៀបរាប់អំពីអព្ភូតហេតុនេះ។ មនុស្សដែលទទួលអាហារតាមរយៈអព្ភូតហេតុនេះ អាចមានចំនួនសរុបជាង១៥.០០០នាក់។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១៥:៧
លាក់ពុត: ពាក្យភាសាក្រិចដើមនេះ (hy·po·kri·tesʹ) សំដៅទៅលើតួសម្ដែងនៅលើឆាកដែលពាក់ម៉ាសធំៗដើម្បីធ្វើឲ្យសំឡេងកាន់តែធំ។ ពាក្យនេះបានត្រូវប្រើក្នុងន័យធៀបដើម្បីបង្ហាញអំពីបុគ្គលដែលលាក់បំណងចិត្តឬបុគ្គលិកលក្ខណៈពិតប្រាកដរបស់ខ្លួន ដោយធ្វើតែសម្បកក្រៅឬធ្វើពុត។ នៅទីនេះលោកយេស៊ូហៅពួកអ្នកដឹកនាំសាសនាយូដាថា«មនុស្សលាក់ពុត»។—ម៉ាថ. ៦:៥, ១៦
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១៥:២៦
កូនក្មេង . . . ឆ្កែតូចៗ: ដោយសារឆ្កែជាសត្វមិនស្អាតបរិសុទ្ធតាមច្បាប់របស់ម៉ូសេ នោះបទគម្ពីរច្រើនតែប្រើពាក្យនេះសំដៅលើអ្វីដែលគ្មានតម្លៃ។ (លេវី. ១១:២៧; ម៉ាថ. ៧:៦; ភី. ៣:២; បប. ២២:១៥) ប៉ុន្តែ ស្តីអំពីការសន្ទនារបស់លោកយេស៊ូនៅក្នុងកំណត់ហេតុរបស់ម៉ាកុស (៧:២៧) និងរបស់ម៉ាថាយ ដែលបានប្រើពាក្យ«ឆ្កែតូចៗ»ឬ«ឆ្កែក្នុងផ្ទះ» គឺជាការប្រៀបធៀបដ៏សមរម្យ។ នេះប្រហែលជាបង្ហាញថាលោកយេស៊ូចង់បញ្ជាក់អំពីមនោសញ្ចេតនាចំពោះសត្វចិញ្ចឹមក្នុងផ្ទះរបស់អ្នកដែលមិនមែនជាជនជាតិយូដា។ ដោយប្រដូចជនជាតិអ៊ីស្រាអែលទៅនឹង«កូនក្មេង» ហើយជនជាតិដទៃទៅនឹង«ឆ្កែតូចៗ» លោកយេស៊ូច្បាស់ជាចង់បង្ហាញចំណាត់ថ្នាក់នៃអាទិភាព។ នៅក្នុងផ្ទះដែលមានកូនក្មេងនិងឆ្កែ ធម្មតាកូនក្មេងបានត្រូវផ្ដល់អាហារមុន។
ថ្ងៃទី១៩-២៥ ខែកុម្ភៈ
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១៦:១៨
អ្នកគឺពេត្រុស ហើយលើផ្ទាំងថ្មនេះ: ពាក្យភាសាក្រិចនេះ (peʹtros) ពេលប្រើពាក្យនេះជាលក្ខណៈភេទប្រុស មានន័យថា«ថ្ម»។ នៅទីនេះបានត្រូវប្រើជាឈ្មោះមួយ (ពេត្រុស) ជាឈ្មោះភាសាក្រិចដែលលោកយេស៊ូបានដាក់ឲ្យស៊ីម៉ូន។ (យ៉ូន. ១:៤២) ពាក្យនេះពេលប្រើជាលក្ខណៈភេទស្រី (peʹtra) គឺសំដៅលើ«ផ្ទាំងថ្ម» ហើយអាចជាផ្ទាំងថ្មក្រោមដី គែមភ្នំ ឬផ្ទាំងសិលា។ ពាក្យភាសាក្រិចនេះក៏មាននៅម៉ាថ. ៧:២៤, ២៥; ២៧:៦០; លូក. ៦:៤៨; ៨:៦; រ៉ូម ៩:៣៣; ១កូ. ១០:៤; ១ពេ. ២:៨។ ពេត្រុសទំនងជាមិនបានចាត់ទុកខ្លួនគាត់ថាជាថ្មដែលលោកយេស៊ូនឹងសាងក្រុមជំនុំរបស់លោកលើនោះទេ ដោយសារគាត់បានសរសេរនៅ១ពេ. ២:៤-៨ ថាលោកយេស៊ូគឺជា«ថ្មគ្រឹះសំខាន់ជាងគេ»ដែលបានត្រូវប្រកាសទុកយូរជាមុន ហើយដែលបានត្រូវជ្រើសរើសដោយព្រះផ្ទាល់។ ស្រដៀងគ្នាដែរ សាវ័កប៉ូលហៅលោកយេស៊ូថា«គ្រឹះ»និង«ផ្ទាំងថ្មដែលមកពីព្រះ»។ (១កូ. ៣:១១; ១០:៤) ដូច្នេះ លោកយេស៊ូទំនងជាចង់មានប្រសាសន៍ថា ‹ខ្ញុំបានហៅអ្នកថាពេត្រុស គឺមានន័យថាថ្ម។ អ្នកចេះសម្គាល់អត្តសញ្ញាណពិតរបស់គ្រិស្ត ដែលគឺជា«ផ្ទាំងថ្ម»ដែលនឹងធ្វើជាគ្រឹះនៃក្រុមជំនុំគ្រិស្តសាសនិក›។
ក្រុមជំនុំ: ពាក្យភាសាក្រិចនេះ (ek·kle·siʹa) មានជាលើកដំបូងក្នុងខនេះ។ នេះមកពីពាក្យភាសាក្រិចពីរ (ek)ដែលមានន័យថា«ចេញ» និង(ka·leʹo)ដែលមានន័យថា«ហៅ»។ នេះសំដៅលើមនុស្សមួយក្រុមដែលបានត្រូវកោះហៅ ឬហៅជួបជុំក្នុងគោលបំណងឬសកម្មភាពណាមួយ។ ក្នុងបរិបទនេះ លោកយេស៊ូបានប្រាប់ទុកជាមុនអំពីការបង្កើតក្រុមជំនុំគ្រិស្តសាសនិកដែលព្រះបានរើសតាំង។ ពួកគេប្រៀបដូចជា«ថ្មដែលមានជីវិតរស់នៅ» ហើយ«កំពុងត្រូវសង់ឡើងជាផ្ទះមួយតាមរយៈសកម្មពលរបស់ព្រះ»។ (១ពេ. ២:៤, ៥) ពាក្យភាសាក្រិចនេះបានត្រូវប្រើច្រើនដងក្នុងសេចក្ដីបកប្រែសេបធួជីន ដើម្បីបញ្ជាក់ន័យដូចគ្នានឹងពាក្យភាសាហេប្រឺ«ក្រុមជំនុំ» ដែលភាគច្រើនសំដៅលើប្រជាជាតិទាំងមូលនៃរាស្ត្ររបស់ព្រះ។ (ចោ. ២៣:៣; ៣១:៣០) នៅសកម្ម. ៧:៣៨ ជនជាតិអ៊ីស្រាអែលដែលបានហៅចេញពីស្រុកអេស៊ីបគឺបានត្រូវហៅថា«ក្រុមជំនុំ»។ ស្រដៀងគ្នាដែរ គ្រិស្តសាសនិកដែលបានត្រូវ«ហៅ . . . ចេញពីសេចក្ដីងងឹត»និងបានត្រូវ«ជ្រើសរើស . . . ចេញពីពិភពលោក» គឺជា«ក្រុមជំនុំរបស់ព្រះ»។—១ពេ. ២:៩; យ៉ូន. ១៥:១៩; ១កូ. ១:២
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១៦:១៩
កូនសោនៃរាជាណាចក្រស្ថានសួគ៌: ក្នុងគម្ពីរ អ្នកដែលទទួលសោបានទទួលអំណាចមួយកម្រិត ទោះជាទទួលសោក្នុងន័យត្រង់ឬន័យធៀបក្ដី។ (១រប. ៩:២៦, ២៧; អេ. ២២:២០-២២) ដូច្នេះ ពាក្យ«សោ»ជាតំណាងអំណាចនិងភារកិច្ច។ ពេត្រុសប្រើ«សោ»ទាំងនេះដែលគាត់បានទទួលដើម្បីបើកឱកាសឲ្យជនជាតិយូដា (សកម្ម. ២:២២-៤១) ជនជាតិសាម៉ារី (សកម្ម. ៨:១៤-១៧) និងជនជាតិដទៃ (សកម្ម. ១០:៣៤-៣៨) ទទួលសកម្មពលរបស់ព្រះដើម្បីចូលក្នុងរាជាណាចក្រស្ថានសួគ៌។
ថ្ងៃទី២៦ ខែកុម្ភៈ–ថ្ងៃទី៤ ខែមីនា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១៨:៦, ៧
ថ្មត្បាល់កិនយ៉ាងធំមួយ: ថ្មបែបនេះទំនងជាមានទំហំពី១,២ដល់១,៥ ម៉ែត្រ ហើយមានទម្ងន់ធ្ងន់ណាស់បានជាត្រូវបង្វិលដោយសត្វលា។
ឧបសគ្គដែលនាំឲ្យជំពប់ដួល: ពាក្យភាសាក្រិចដើមនេះ (skanʹda·lon) ដែលបកប្រែថា«ឧបសគ្គដែលនាំឲ្យជំពប់ដួល» គេបានគិតថាទំនងជាសំដៅលើអន្ទាក់ អ្នកខ្លះទៀតគិតថាគឺជាគន្លឹះអន្ទាក់ដែលគេដាក់នុយ។ ដូច្នេះ គេប្រើពាក្យនេះសំដៅលើអ្វីក៏ដោយដែលធ្វើឲ្យគេជំពប់ឬដួល។ ក្នុងន័យធៀប នេះសំដៅលើការប្រព្រឹត្តឬស្ថានភាពដែលធ្វើឲ្យបុគ្គលម្នាក់ប្រព្រឹត្តមិនត្រឹមត្រូវ ធ្វើខុសខ្នាតតម្រាសីលធម៌ ឬប្រព្រឹត្តអំពើខុសឆ្គង។ នៅម៉ាថ. ១៨:៨, ៩ កិរិយាសព្ទ (skan·da·liʹzo) ដែលបានត្រូវបកប្រែថា«ធ្វើឲ្យជំពប់ដួល» ក៏អាចបកប្រែថា«ទៅជាអន្ទាក់ ឬធ្វើឲ្យប្រព្រឹត្តអំពើខុសឆ្គង»។
nwtsty-E រូបភាពនិងវីដេអូ
ថ្មត្បាល់កិន
ថ្មត្បាល់កិនបានត្រូវប្រើដើម្បីកិនស្រូវនិងសង្កត់ផ្លែអូលីវយកប្រេង។ ថ្មត្បាល់កិនខ្លះតូចល្មមដែលឲ្យបង្វិលដោយដៃបាន តែខ្លះទៀតធំពេកណាស់បានជាត្រូវបង្វិលដោយសត្វ។ ថ្មត្បាល់កិនធំៗទាំងនេះប្រហែលជាស្រដៀងនឹងថ្មត្បាល់កិនដែលគេបានបង្ខំសាំសុនឲ្យបង្វិលសម្រាប់ពួកភីលីស្ទីន។ (ចៅ. ១៦:២១) ការប្រើកម្លាំងសត្វមិនគ្រាន់តែជារឿងធម្មតានៅស្រុកអ៊ីស្រាអែលទេ តែក៏នៅកន្លែងភាគច្រើននៃចក្រភពរ៉ូមផងដែរ។
ថ្មត្បាល់កិនពីរជាន់
ថ្មត្បាល់កិនធំដូចដែលបានត្រូវបង្ហាញក្នុងរូបភាពនេះ គឺត្រូវបង្វិលដោយសត្វ ដូចជាសត្វលាជាដើម ហើយបានត្រូវប្រើដើម្បីកិនស្រូវឬសង្កត់ផ្លែអូលីវ។ ថ្មត្បាល់កិនធំអាចមានទំហំ១,៥ម៉ែត្រ ហើយបានត្រូវបង្វិលលើថ្មមួយដែលធំជាង។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១៨:៩
ហ្គេហេណា: ពាក្យនេះមកពីភាសាហេប្រឺ (geh hin·nomʹ) មានន័យថា«ជ្រលងភ្នំហ៊ីណុំ»ដែលនៅខាងលិចឆៀងខាងត្បូងក្រុងយេរូសាឡិមសម័យបុរាណ។ (សូមមើលជំនួយសិក្សា ផ្នែក១៦ ផែនទី«យេរូសាឡិមនិងតំបន់នៅជុំវិញ») នៅសម័យលោកយេស៊ូ ជ្រលងភ្នំបានទៅជាកន្លែងដុតសំរាម ដូច្នេះពាក្យ«ហ្គេហេណា»ជានិមិត្តរូបតំណាងការបំផ្លាញឲ្យសាបសូន្យ។
nwtstg-E សេចក្ដីពន្យល់បន្ថែម
ហ្គេហេណា
ឈ្មោះភាសាក្រិចសម្រាប់ជ្រលងភ្នំហ៊ីណុំ ខាងលិចឆៀងខាងត្បូងក្រុងយេរូសាឡិមសម័យបុរាណ។ (យេ. ៧:៣១) បទទំនាយបញ្ជាក់ថានឹងមានសាកសពជាច្រើននៅទីនោះ។ (យេ. ៧:៣២; ១៩:៦) គ្មានទីសំអាងដែលបង្ហាញថាគេបោះសត្វ ឬមនុស្សនៅរស់ទៅក្នុងហ្គេហេណាដើម្បីឲ្យភ្លើងឆេះទាំងរស់ឬឲ្យទទួលទារុណកម្មទេ។ ដូច្នេះកន្លែងនោះមិនអាចជានិមិត្តរូបនៃស្ថានមួយដែលមនុស្សមើលមិនឃើញ ហើយដែលព្រលឹងមនុស្សត្រូវទទួលទារុណកម្មជារៀងរហូតក្នុងភ្លើងមែនទែនឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូនិងពួកអ្នកកាន់តាមលោកបានប្រើពាក្យហ្គេហេណាជាតំណាងទោសដែលជា«សេចក្ដីស្លាប់ទីពីរ»គឺការបំផ្លាញចោលដើម្បីកុំឲ្យមានជារៀងរហូត។—បប. ២០:១៤; ម៉ាថ. ៥:២២; ១០:២៨
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១៨:១០
ឃើញមុខបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌: ឬ«នៅមុខបិតារបស់ខ្ញុំ»។ មានតែបុគ្គលវិញ្ញាណប៉ុណ្ណោះអាចឃើញមុខរបស់ព្រះ ដោយសារពួកគេបម្រើនៅកន្លែងវត្តមានរបស់លោក។—និក្ខ. ៣៣:២០
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១៨:២២
ចិតសិបប្រាំពីរដង: ពាក្យភាសាក្រិចនេះអាចមានន័យថា«៧០និង៧»(៧៧ដង) ឬក៏«៧០គុណនឹង៧» (៤៩០ដង)។ នៅលោ. ៤:២៤ ក្នុងសេចក្ដីបកប្រែសេបធួជីន ពាក្យភាសាហេប្រឺនេះក៏បានត្រូវបកប្រែថា«៧៧ដង»ដែរ។ ដូច្នេះ នេះគាំទ្រម៉ាថ. ១៨:២២ ដែលបកប្រែថា«ចិតសិបប្រាំពីរដង»។ ទោះជាយល់ន័យមួយណាក៏ដោយ ការបញ្ជាក់លេខ៧ច្រើនដងគឺស្មើនឹងន័យថា«ជារៀងរហូត»ឬ«គ្មានកំណត់»។ ដោយប្រាប់ពេត្រុសឲ្យអភ័យទោសរហូតដល់៧៧ដង លោកយេស៊ូកំពុងប្រាប់អ្នកកាន់តាមលោកមិនឲ្យកំណត់ការអភ័យទោស។ ផ្ទុយទៅវិញ សៀវភៅមួយរបស់ជនជាតិយូដា (Babylonian Talmud Yoma 86b) ចែងថា៖ «បើអ្នកណាធ្វើខុសលើកទី១ ទី២និងទី៣ គាត់អាចទទួលការអភ័យទោសបាន តែលើកទី៤គាត់មិនអាចទទួលការអភ័យទោសបានទេ»។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១៩:៧
សំបុត្រលែងលះ: ដោយតម្រូវឲ្យបុរសដែលគិតចង់លែងលះរៀបចំឯកសារស្របច្បាប់ ហើយទំនងជាពិគ្រោះជាមួយអ្នកចាស់ទុំ នោះច្បាប់ទុកឱកាសឲ្យគាត់គិតពិចារណាឡើងវិញដោយហេតុថានេះជាការសម្រេចចិត្តដ៏សំខាន់។ គោលបំណងនៃច្បាប់នេះគឺដើម្បីការពារមិនឲ្យមានការលែងលះដោយតក់ក្រហល់ ហើយដើម្បីផ្ដល់ច្បាប់ការពារដល់ស្ត្រី។ (ចោ. ២៤:១) ប៉ុន្តែ នៅសម័យលោកយេស៊ូ ពួកអ្នកដឹកនាំសាសនាបានធ្វើឲ្យការលែងលះជាអ្វីដែលស្រួលធ្វើ។ យ៉ូសេហ្វឺសដែលជាប្រវត្ដិវិទូនៅសតវត្សរ៍ទី១ ជាផារិស៊ីម្នាក់ដែលធ្លាប់លែងលះប្រពន្ធ។ គាត់បានប្រាប់ថាការលែងលះអាចធ្វើបាន«ដោយមូលហេតុណាក៏បាន (ហើយមូលហេតុជាច្រើនកើតឡើងមែន)»។
nwtsty-E រូបភាពនិងវីដេអូ
សំបុត្រលែងលះ
សំបុត្រលែងលះនៅឆ្នាំ៧១ឬ៧២ គ.ស. បានត្រូវសរសេរជាភាសាអារ៉ាម ហើយវាបានត្រូវរកឃើញនៅភាគខាងជើងនៃវ៉ាឌី មូរ៉ាបាត ដែលជាបាតទន្លេនៅតំបន់ស្ងាត់ជ្រងំក្នុងស្រុកយូឌា។ នេះចែងថានៅឆ្នាំទី៦នៃការបះបោររបស់ជនជាតិយូដា យ៉ូសែបកូនប្រុសរបស់ណាបសាន បានលែងលះម៉ារៀមដែលជាកូនស្រីរបស់យ៉ូណាថានដែលរស់នៅក្រុងម៉ាសាដា។