ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៤-១០ ខែមិថុនា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ១៥:២៤, ២៩
ចែកសម្លៀកបំពាក់ក្រៅ: កំណត់ហេតុនៅយ៉ូន. ១៩:២៣, ២៤ ប្រាប់ព័ត៌មានបន្ថែមដែលម៉ាថាយ ម៉ាកុស និងលូកាមិនបានលើកបញ្ជាក់។ ព័ត៌មាននោះគឺ តាមមើលទៅទាហានរ៉ូមបានចាប់ឆ្នោតយកសម្លៀកបំពាក់ក្រៅនិងសម្លៀកបំពាក់ក្នុង ហើយបានចែកសម្លៀកបំពាក់ក្រៅ«ជាបួនផ្នែក ដោយទាហានម្នាក់ៗបានមួយផ្នែក» ម្យ៉ាងទៀតពួកគេមិនចង់ចែកសម្លៀកបំពាក់ក្នុងទេ ដូច្នេះពួកគេបានចាប់ឆ្នោត ហើយនេះបានសម្រេចទំនាយនៅទំនុក. ២២:១៨ ដែលបញ្ជាក់អំពីការចាប់ឆ្នោតចែកសម្លៀកបំពាក់របស់មេស្ស៊ី។ តាមមើលទៅ នេះជាទំនៀមទម្លាប់ដែលឲ្យអ្នកប្រហារជីវិតទុកសម្លៀកបំពាក់របស់ជនល្មើស ដូច្នេះគេដោះចេញនូវសម្លៀកបំពាក់និងទ្រព្យសម្បត្ដិឯទៀតរបស់ជនល្មើសមុនប្រហារជីវិត ហើយនេះធ្វើឲ្យជនល្មើសនោះកាន់តែអាម៉ាស់មុខ។
គ្រវីក្បាល: ជាទូទៅ នេះក៏រួមបញ្ចូលពាក្យសម្ដីដែរ។ អាកប្បកិរិយានេះបង្ហាញអំពីការមើលងាយមើលថោក ការបង្អាប់ ឬការឡកឡឺយ។ ដោយមិនដឹងខ្លួន ពួកអ្នកដើរកាត់ បានសម្រេចទំនាយនៅទំនុក. ២២:៧។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ១៥:៤៣
យ៉ូសែប: ព័ត៌មានល្អិតល្អន់ដែលអ្នកសរសេរសៀវភៅដំណឹងល្អបានកត់ទុកអំពីយ៉ូសែបគឺខុសៗគ្នា ហើយនេះបង្ហាញថាពួកគេមិនបានចម្លងឯកសារគ្នាទៅវិញទៅមកទេ។ ជាឧទាហរណ៍ម៉ាថាយដែលជាអ្នកយកពន្ធបានកត់សម្គាល់ថាយ៉ូសែបជា«បុរសអ្នកមានម្នាក់»។ ចំណែកម៉ាកុស គាត់បានសរសេរសៀវភៅរបស់គាត់សម្រាប់ជនជាតិរ៉ូម ហើយគាត់និយាយថាយ៉ូសែបគឺជា«សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ម្នាក់ដែលមានកេរ្ដិ៍ឈ្មោះល្អ» ហើយដែលកំពុងរង់ចាំរាជាណាចក្ររបស់ព្រះ។ ឯលូកាដែលជាគ្រូពេទ្យចេះយល់អារម្មណ៍អ្នកឯទៀត គាត់បាននិយាយថាយ៉ូសែបជា«មនុស្សល្អនិងសុចរិត»ដែលមិនបានបោះឆ្នោតគាំទ្រគម្រោងការអាក្រក់ទៅលើលោកយេស៊ូឡើយ។ យ៉ូហានគឺជាបុគ្គលតែម្នាក់គត់ដែលនិយាយថាយ៉ូសែបគឺជា«អ្នកកាន់តាមលោកយេស៊ូដោយសម្ងាត់ ព្រោះខ្លាចជនជាតិយូដា»។—ម៉ាថ. ២៧:៥៧-៦០; ម៉ាក. ១៥:៤៣-៤៦; លូក. ២៣:៥០-៥៣; យ៉ូន. ១៩:៣៨-៤២
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ១៥:២៥
ម៉ោងទីបី: ពោលគឺប្រហែលជាម៉ោង៩ព្រឹក។ មនុស្សខ្លះលើកឡើងថា ពេលវេលាក្នុងកំណត់ហេតុនេះនិងកំណត់ហេតុនៅយ៉ូន. ១៩:១៤-១៦គឺខុសគ្នា ព្រោះយ៉ូហានចែងថាពេលពីឡាតប្រគល់លោកយេស៊ូទៅឲ្យគេប្រហារជីវិត គឺ«ប្រហែលនៅម៉ោងទីប្រាំមួយ»។ ទោះជាបទគម្ពីរមិនពន្យល់ពេញលេញអំពីភាពខុសគ្នានេះក្ដី តែមានចំណុចខ្លះដែលយើងចង់ពិចារណាគឺ: ជាទូទៅ កំណត់ហេតុនៅក្នុងសៀវភៅដំណឹងល្អទាំងបួនគឺស្របគ្នាស្តីអំពីពេលវេលានៃព្រឹត្ដិការណ៍ក្នុងអំឡុងថ្ងៃចុងក្រោយរបស់លោកយេស៊ូនៅផែនដី។ កំណត់ហេតុទាំងបួនបញ្ជាក់ថាពេលព្រឹកឡើង ពួកសង្ឃនាយកនិងពួកបុរសចាស់ទុំបានមកជុំគ្នា ហើយក្រោយមកបាននាំលោកយេស៊ូទៅប្រគល់ឲ្យប៉ុនទាសពីឡាតដែលជាអភិបាល។ (ម៉ាថ. ២៧:១, ២; ម៉ាក. ១៥:១; លូក. ២២:៦៦–២៣:១; យ៉ូន. ១៨:២៨) ម៉ាថាយ ម៉ាកុស និងលូកា ប្រាប់ថាពេលលោកយេស៊ូនៅលើបង្គោលទារុណកម្មរួចហើយ នោះស្រុកទាំងមូលបានទៅជាងងឹត ចាប់ពី«ម៉ោងទីប្រាំមួយរហូតដល់ម៉ោងទីប្រាំបួន»។ (ម៉ាថ. ២៧:៤៥, ៤៦; ម៉ាក. ១៥:៣៣, ៣៤; លូក. ២៣:៤៤) ចំណុចមួយដែលជាប់ទាក់ទងនឹងពេលវេលានៃការប្រហារជីវិតរបស់លោកយេស៊ូគឺ: អ្នកខ្លះបានចាត់ទុកថាការវាយនឹងរំពាត់ខ្សែតី គឺជាដំណាក់កាលមួយនៃការប្រហារជីវិត។ ជួនកាលគេវាយសាហាវដល់ម្ល៉េះបានជានាំឲ្យជនល្មើសស្លាប់។ ក្នុងករណីរបស់លោកយេស៊ូ គេវាយលោកសាហាវដល់ម្ល៉េះបានជាលោកមិនអាចលីបង្គោលទារុណកម្មម្នាក់ឯងបានទេ ហើយចាំបាច់ត្រូវមានបុគ្គលម្នាក់ទៀតឲ្យលីពីក្រោយលោក។ (លូក. ២៣:២៦; យ៉ូន. ១៩:១៧) បើគេចាត់ទុកថាការវាយនឹងរំពាត់ខ្សែតី ជាការចាប់ផ្ដើមនៃដំណាក់កាលប្រហារជីវិត នោះមួយរយៈពេលបានកន្លងទៅមុនលោកយេស៊ូបានត្រូវព្យួរនៅលើបង្គោលទារុណកម្ម។ ដោយគាំទ្រចំណុចនេះ ម៉ាថ. ២៧:២៦និងម៉ាក. ១៥:១៥ លើកបញ្ជាក់ថាការវាយនឹងរំពាត់ខ្សែតីនិងការប្រហារជីវិតនៅលើបង្គោលទារុណកម្មជាសកម្មភាពដែលធ្វើជាមួយគ្នា។ នេះបង្ហាញថាបុគ្គលម្នាក់ៗប្រហែលប្រាប់ពេលវេលាផ្សេងពីគ្នាស្តីអំពីការប្រហារជីវិត អាស្រ័យទៅលើការយល់ឃើញរបស់ពួកគេអំពីពេលវេលានៃដំណាក់កាលនោះបានចាប់ផ្ដើម។ នេះប្រហែលជាពន្យល់អំពីមូលហេតុដែលពីឡាតឆ្ងល់ថាតើលោកបានស្លាប់រួចហើយឬមិនទាន់ មិនយូរក្រោយពីលោកបានត្រូវព្យួរលើបង្គោលទារុណកម្ម។ (ម៉ាក. ១៥:៤៤) បន្ថែមទៅទៀត ជាច្រើនដង អ្នកសរសេរគម្ពីរបង្ហាញអំពីទម្លាប់បែងចែកពេលវេលានៅពេលថ្ងៃជាបួនផ្នែក ក្នុងមួយផ្នែកៗមានបីម៉ោង ពេលវេលានៅពេលយប់ក៏ដូចគ្នាដែរ។ ការបែងចែកពេលវេលានៅពេលថ្ងៃតាមរបៀបនោះ ឲ្យយើងដឹងអំពីមូលហេតុដែលឯកសារយោងផ្សេងៗច្រើនតែសំដៅលើម៉ោងទី៣ ទី៦ និងទី៩ រាប់ចាប់ពីថ្ងៃរះប្រហែលនៅម៉ោង៦ព្រឹក។ (ម៉ាថ. ២០:១-៥; យ៉ូន. ៤:៦; សកម្ម. ២:១៥; ៣:១; ១០:៣, ៩, ៣០) ម្យ៉ាងទៀត នៅសម័យនោះ មនុស្សជាទូទៅមិនមាននាឡិកាទេ ដូច្នេះគេច្រើនតែប្រើពាក្យ«ប្រហែល»សម្រាប់ពេលវេលា ដូចយើងឃើញនៅយ៉ូន. ១៩:១៤។ (ម៉ាថ. ២៧:៤៦; លូក. ២៣:៤៤; យ៉ូន. ៤:៦; សកម្ម. ១០:៣, ៩) សរុបសេចក្ដីមក: ម៉ាកុសប្រហែលជារាប់បញ្ចូលទាំងពេលវាយនឹងរំពាត់ខ្សែតីទាំងពេលព្យួរលើបង្គោលទារុណកម្ម រីឯយ៉ូហានសំដៅលើតែពេលព្យួរលើបង្គោលទារុណកម្មប៉ុណ្ណោះ។ ម៉ាកុសនិងយ៉ូហានប្រហែលជាបញ្ជាក់អំពីពេលវេលាដោយគិតថាគឺជិតដល់ម៉ោងទីប៉ុន្មាន។ ម្យ៉ាងទៀត យ៉ូហានប្រើពាក្យថា«ប្រហែល»ពេលរៀបរាប់អំពីវេលាក្នុងកំណត់ហេតុគាត់។ ចំណុចទាំងនេះអាចឲ្យយើងយល់អំពីមូលហេតុដែលកំណត់ហេតុទាំងនេះប្រាប់ពេលវេលាផ្សេងពីគ្នា។ ចុងក្រោយ ប៉ុន្មានសតវត្សរ៍ក្រោយមក ពេលយ៉ូហានសរសេរព្រឹត្ដិការណ៍នោះ គាត់បានរួមបញ្ចូលពេលវេលាផ្សេងពីពេលវេលាដែលម៉ាកុសបានលើកឡើង បង្ហាញថាយ៉ូហានមិនមែនចម្លងពីកំណត់ហេតុម៉ាកុសនោះទេ។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាក. ១៦:៨
ពីព្រោះពួកគាត់ភ័យខ្លាច: យោងទៅតាមឯកសារបុរាណដែលទើបនឹងរកឃើញអំពីផ្នែកចុងក្រោយនៃសៀវភៅម៉ាកុស សៀវភៅដំណឹងល្អនេះចប់ត្រឹមខ៨។ អ្នកខ្លះអះអាងថាការបញ្ចប់ដូចនេះគឺខ្លីពេក មិនអាចជាសេចក្ដីបញ្ចប់ស្របតាមឯកសារដើមនៃសៀវភៅនោះទេ។ ប៉ុន្តែរបៀបដែលម៉ាកុសសរសេរគឺខ្លីនិងសង្ខេប។ ដូច្នេះបើគិតអំពីចំណុចនេះ ការអះអាងនោះគឺមិនសមហេតុផលទេ។ ម្យ៉ាងវិញទៀត យេរ៉ូមនិងយូស៊ីបៀសដែលជាបណ្ឌិតគម្ពីរនៅសតវត្សរ៍ទី៤ លើកឡើងថាកំណត់ហេតុផ្លូវការបញ្ចប់ដោយពាក្យថា«ពីព្រោះពួកគាត់ភ័យខ្លាច»។
ក្រោយមក ឯកសារបុរាណភាសាក្រិចនិងការបកប្រែជាភាសាផ្សេងៗមួយចំនួន បានបន្ថែមសេចក្ដីបញ្ចប់ខ្លី (មានតែប៉ុន្មានឃ្លាប៉ុណ្ណោះ)។ ឯកសារបុរាណនៅសតវត្សរ៍ទី៨ គ.ស. (Codex Regius) មានសេចក្ដីបញ្ចប់ទាំងពីរ សេចក្ដីបញ្ចប់ខ្លីជាងនៅមុន។ ឯកសារបុរាណនោះមានកំណត់មួយមុនសេចក្ដីបញ្ចប់ទាំងពីរនោះដែលបញ្ជាក់ថាឯកសារខ្លះដាក់សេចក្ដីបញ្ចប់ទាំងនោះ។ ទោះជាយ៉ាងនេះក៏ដោយ តាមមើលទៅឯកសារបុរាណនោះមិនចាត់ទុកសេចក្ដីបញ្ចប់ទាំងពីរថាជាផ្នែកនៃសៀវភៅម៉ាកុសនោះទេ។
ថ្ងៃទី១១-១៧ ខែមិថុនា
ia-E ទំ. ១៤៩ វ. ១២
«មើល! ខ្ញុំជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ា!»
១២ ពាក្យសម្ដីរបស់នាងគឺស្រួលយល់ ហើយបង្ហាញអំពីចិត្តរាបទាបនិងការស្ដាប់បង្គាប់។ ពាក្យសម្ដីនេះមានឥទ្ធិពលទៅលើជំនឿរបស់មនុស្សគ្រប់រូប។ នាងបាននិយាយទៅកាន់ទេវតាឈ្មោះកាព្រីយ៉ែលថា៖ «មើល! ខ្ញុំជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ា! សូមឲ្យការនេះកើតឡើងដល់ខ្ញុំ តាមសេចក្ដីប្រកាសរបស់អ្នកចុះ»។ (លូក. ១:៣៨) ស្ត្រីខ្ញុំបម្រើគឺជាឋានៈដែលទាបជាងគេ ដូច្នេះជីវិតរបស់នាងទាំងស្រុងគឺប្រគល់ទៅឲ្យម្ចាស់របស់នាង។ ម៉ារៀមានអារម្មណ៍ដូច្នេះចំពោះព្រះយេហូវ៉ាដែលជាម្ចាស់របស់នាង។ នាងដឹងថាជីវិតនាងមានសុវត្ថិភាពនៅក្រោមដៃរបស់លោក ព្រោះថាលោកស្មោះត្រង់ចំពោះពួកអ្នកដែលស្មោះត្រង់ចំពោះលោក ហើយថាលោកនឹងផ្ដល់ពរដល់នាងកាលដែលនាងខំអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចដ៏ពិបាកនេះ។—ទំនុក. ១៨:២៥
ia-E ទំ. ១៥០-១៥១ វ. ១៥-១៦
«មើល! ខ្ញុំជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ា!»
១៥ ម៉ារៀបានតបឆ្លើយ។ ពាក្យសម្ដីរបស់នាងបានរក្សាទុកក្នុងបណ្ដាំរបស់ព្រះ។ (សូមអាន លូកា ១:៤៦-៥៥) ពាក្យសម្ដីវែងជាងគេរបស់ម៉ារៀបានត្រូវកត់ទុកក្នុងគម្ពីរ ហើយពាក្យទាំងនោះធ្វើឲ្យយើងដឹងច្រើនអំពីនាង។ ពាក្យទាំងនោះបង្ហាញអំពីចិត្តដឹងគុណរបស់នាងចំពោះឯកសិទ្ធិក្នុងការធ្វើជាម្ដាយរបស់មេស្ស៊ី ដែលនាំឲ្យនាងលើកតម្កើងព្រះយេហូវ៉ាចំពោះពរនេះ។ នោះក៏បង្ហាញអំពីជំនឿមុតមាំរបស់នាង ពេលនាងរៀបរាប់អំពីព្រះយេហូវ៉ាថាលោកបន្ទាបមនុស្សដែលមានអំណួតនិងអំណាច ហើយថាលោកជួយមនុស្សក្រីក្រនិងទន់ទាបដែលចង់បម្រើលោក។ នោះក៏ធ្វើឲ្យយើងដឹងអំពីចំណេះដឹងរបស់នាងផងដែរ។ តាមមើលទៅ នាងបានដកស្រង់បទគម្ពីរភាសាហេប្រឺប្រហែលជា២០ដង!
១៦ ម៉ារៀច្បាស់ជាគិតយ៉ាងជ្រាលជ្រៅអំពីបណ្ដាំរបស់ព្រះ។ ទោះជាយ៉ាងនេះក្ដី នាងរក្សាចិត្តរាបទាប។ តើតាមរបៀបណា? គឺនាងនិយាយដោយប្រើបទគម្ពីរ មិនមែននិយាយដោយខ្លួនឯងទេ។ កូនប្រុសដែលនឹងកើតពីក្នុងផ្ទៃរបស់នាង ក៏បង្ហាញគុណសម្បត្ដិនេះដែរ គឺដោយមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំបង្រៀន មិនមែនជាសេចក្ដីបង្រៀនរបស់ខ្ញុំទេ តែជាសេចក្ដីបង្រៀនរបស់លោកដែលបានចាត់ខ្ញុំឲ្យមក»។ (យ៉ូន. ៧:១៦) យើងអាចសួរខ្លួនថា ‹តើខ្ញុំគោរពនិងឲ្យតម្លៃចំពោះបណ្ដាំរបស់ព្រះឬទេ? ឬតើខ្ញុំចូលចិត្តប្រើគំនិតនិងការបង្រៀនរបស់ខ្លួនវិញ?›។ យើងអាចឃើញច្បាស់អំពីគំនិតរបស់ម៉ារៀ។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១:៦៩
ស្នែងមួយ . . . ដើម្បីផ្ដល់សេចក្ដីសង្គ្រោះ: ឬ«អ្នកសង្គ្រោះដ៏មានឫទ្ធានុភាព»។ ក្នុងគម្ពីរ ស្នែងរបស់សត្វ ច្រើនតែជាតំណាងកម្លាំង និងជ័យជម្នះ។ (១សាំ. ២:១; ទំនុក. ៧៥:៤, ៥, ១០; ១៤៨:១៤) ម្យ៉ាងទៀត ស្នែងជាតំណាងអ្នកគ្រប់គ្រងនិងការគ្រប់គ្រងតពីវង្សត្រកូល ទាំងសុចរិតទាំងទុច្ចរិត ហើយជ័យជម្នះរបស់ពួកគេគឺប្រៀបដូចជាការជល់ដោយស្នែង។ (ចោ. ៣៣:១៧; ដាន. ៧:២៤; ៨:២-១០, ២០-២៤) ក្នុងបរិបទនេះ ពាក្យ«ស្នែងមួយ . . . ដើម្បីផ្ដល់សេចក្ដីសង្គ្រោះ»សំដៅលើមេស្ស៊ីក្នុងនាមជាបុគ្គលម្នាក់ដែលមានឫទ្ធានុភាពដើម្បីសង្គ្រោះ ពោលគឺអ្នកសង្គ្រោះដ៏មានឫទ្ធានុភាព។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១:៧៦
អ្នកនឹងទៅមុន នៅខាងមុខព្រះយេហូវ៉ា: យ៉ូហានដែលជាអ្នកជ្រមុជទឹកនឹង«ទៅមុន នៅខាងមុខ» ក្នុងន័យថាគាត់នឹងធ្វើជាអ្នករៀបចំផ្លូវជូនលោកយេស៊ូ។ លោកយេស៊ូជាតំណាងបិតារបស់លោក និងមកក្នុងនាមបិតារបស់លោក។—យ៉ូន. ៥:៤៣; ៨:២៩
ថ្ងៃទី១៨-២៤ ខែមិថុនា
nwtsty-E ការពន្យល់បន្ថែមនៅលូក. ២:៤១
ឪពុកម្ដាយកុមារនោះ មានទម្លាប់: ច្បាប់ម៉ូសេមិនតម្រូវឲ្យស្ត្រីចូលរួមបុណ្យរំលងទេ។ ប៉ុន្តែ រាល់ឆ្នាំម៉ារៀមានទម្លាប់ធ្វើដំណើរទៅក្រុងយេរូសាឡិមជាមួយយ៉ូសែបដើម្បីចូលរួមបុណ្យនោះ។ (និក្ខ. ២៣:១៧; ៣៤:២៣) ជារៀងរាល់ឆ្នាំ ពួកគេធ្វើដំណើរទៅមកជិត៣០០គីឡូម៉ែត្រជាមួយកូនៗផងដែរ។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ២:៤៦, ៤៧
សួរពួកគេនូវសំណួរផ្សេងៗ: តាមរយៈប្រតិកម្មរបស់ពួកអ្នកដែលស្ដាប់លោកយេស៊ូ សំណួររបស់លោកមិនមែនជាសំណួរធម្មតាដែលក្មេងប្រុសសាមញ្ញម្នាក់សួរដើម្បីឲ្យបាត់ចម្ងល់នោះទេ។ (លូក. ២:៤៧) ពាក្យភាសាក្រិចនេះបានត្រូវបកប្រែថា«សួរ . . . សំណួរផ្សេងៗ»ក្នុងខខ្លះៗទៀត អាចសំដៅលើប្រភេទសំណួរនិងចម្លើយដែលបានត្រូវប្រើក្នុងការវិនិច្ឆ័យរឿងក្ដី។ (ម៉ាថ. ២៧:១១; ម៉ាក. ១៤:៦០, ៦១; ១៥:២, ៤; សកម្ម. ៥:២៧) អ្នកប្រវត្ដិវិទូនិយាយថាអ្នកដឹកនាំសាសនាខ្លះដែលមានឋានៈខ្ពស់មានទម្លាប់បន្តនៅវិហារក្រោយពីបុណ្យផ្សេងៗ ហើយបង្រៀននៅទីលានណាមួយនៅទីនោះ។ បណ្ដាជនអាចអង្គុយស្ដាប់បុរសទាំងនោះ ហើយសួរសំណួរផ្សេងៗ។
ចេះតែនឹកអស្ចារ្យក្នុងចិត្ត: កិរិយាសព្ទភាសាក្រិច«នឹកអស្ចារ្យក្នុងចិត្ត»នៅទីនេះ ប្រហែលជាបញ្ជាក់អំពីការកោតសរសើរឥតឈប់។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ២:៥១, ៥២
បន្តចុះចូល: ឬ«ស្ដាប់បង្គាប់ជានិច្ច»។ កិរិយាសព្ទភាសាក្រិចកំពុងបន្តនេះបញ្ជាក់ថា ក្រោយពីលោកយេស៊ូបានធ្វើឲ្យពួកគ្រូនៅវិហារកោតស្ងើចនឹងចំណេះដឹងរបស់លោកអំពីបណ្ដាំរបស់ព្រះ លោកបានទៅផ្ទះ ហើយចុះចូលនឹងឪពុកម្ដាយរបស់លោកដោយចិត្តរាបទាប។ ការស្ដាប់បង្គាប់របស់លោកយេស៊ូគឺខុសពីការស្ដាប់បង្គាប់របស់ក្មេងទូទៅ។ ការស្ដាប់បង្គាប់នោះគឺពិសេសជាង ព្រោះនោះទាក់ទងនឹងការសម្រេចច្បាប់របស់ម៉ូសេគ្រប់ជំពូក។—និក្ខ. ២០:១២; កាឡ. ៤:៤
nwtsty-E ការពន្យល់បន្ថែមនៅលូក. ២:១៤
នៅផែនដី សូមឲ្យមនុស្សជាទីគាប់ចិត្តលោកប្រកបដោយសេចក្ដីសុខសាន្ត: សំណេរក្នុងឯកសារបុរាណខ្លះអាចត្រូវបកប្រែថា«នៅផែនដីសូមឲ្យមានសេចក្ដីសុខសាន្ត សូមឲ្យបានជាទីគាប់ចិត្តមនុស្ស» ហើយពាក្យនេះបានត្រូវឃើញក្នុងសេចក្ដីបកប្រែខ្លះនៃគម្ពីរ។ ប៉ុន្តែពាក្យដែលបានត្រូវប្រើក្នុងសេចក្ដីបកប្រែពិភពលោកថ្មី មានមូលដ្ឋានពីឯកសារបុរាណឬសំណេរដែលចាស់ៗជាងនិងគួរឲ្យទុកចិត្តជាង។ សេចក្ដីប្រកាសនេះដែលមកពីទេវតា មិនមែនសំដៅលើពាក្យថាព្រះគាប់ចិត្តដល់មនុស្សទាំងអស់ស្របតាមអាកប្បកិរិយានិងការប្រព្រឹត្តរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ នោះសំដៅលើអ្នកដែលទទួលការគាប់ចិត្តពីព្រះ ដោយសារពួកគេបង្ហាញជំនឿដ៏ស្មោះលើលោក ហើយទៅជាអ្នកកាន់តាមបុត្ររបស់លោក។
ថ្ងៃទី២៥ ខែមិថុនា–ថ្ងៃទី១ ខែកក្កដា
nwtsty-E រូបភាពនិងវីដេអូ
កំពែងវិហារ
សាថានប្រហែលជាបានដាក់លោកយេស៊ូលើ«កំពែងវិហារ [ឬ«កន្លែងខ្ពស់បំផុត»]» ហើយបានប្រាប់លោកឲ្យលោតចុះពីកំពែងនោះ តែទីតាំងច្បាស់លាស់ដែលលោកយេស៊ូប្រហែលជាឈរ គឺមិនដឹងនោះទេ។ ដោយសារពាក្យ«វិហារ»ដែលបានត្រូវប្រើនៅទីនេះប្រហែលជាសំដៅលើវិហារទាំងមូល នោះលោកយេស៊ូប្រហែលជាបានឈរនៅជ្រុងភាគខាងត្បូងឆៀងខាងកើតនៃបរិវេណវិហារ។ ឬលោកប្រហែលជាបានឈរនៅជ្រុងណាផ្សេងទៀតនៃវិហារ។ ការធ្លាក់ពីទីតាំងណាក៏ដោយ លទ្ធផលគឺច្បាស់ជាស្លាប់ លុះត្រាតែព្រះយេហូវ៉ាចាត់វិធានការ។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ៤:១៧
រមូរក្រដាសរបស់អេសាយ ជាអ្នកប្រកាសទំនាយ: រមូររបស់អេសាយពីសមុទ្រស្លាប់បានត្រូវធ្វើមកពីផ្ទាំងស្បែក១៧ដែលបិទភ្ជាប់គ្នា ទៅជារមូរមួយមានប្រវែង៧.៣ម៉ែត្រនិង៥៤ប្រឡោះ។ រមូរនោះប្រហែលជាមានប្រវែងស្រដៀងនឹងរមូរដែលបានត្រូវប្រើក្នុងសាលាប្រជុំនៅស្រុកណាសារ៉ែត។ ដោយសារនៅសតវត្សរ៍ទី១គ្មានជំពូកនិងខ នោះលោកយេស៊ូត្រូវរកព័ត៌មានក្នុងរមូរទាំងនោះតាមកន្លែងណាដែលលោកចង់អាន។ ការដែលលោកបានរកឃើញកន្លែងដែលទំនាយបានត្រូវសរសេរ បង្ហាញថាលោកស្គាល់បណ្ដាំរបស់ព្រះច្បាស់។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ៤:២៥
បីឆ្នាំកន្លះ: យោងតាម១ព. ១៨:១ អេលីយ៉ាបានប្រកាសថានឹងលែងមានគ្រោះរាំងស្ងួតនៅ«ឆ្នាំទី៣»។ ដូច្នេះ អ្នកខ្លះអះអាងថាលោកយេស៊ូមានប្រសាសន៍ខុសពីកំណត់ហេតុនៅក្នុងពង្សាវតារក្សត្រទី១។ ប៉ុន្តែ កំណត់ហេតុនៅបទគម្ពីរភាសាហេប្រឺមិនបានប្រាប់ថាគ្រោះរាំងស្ងួតនោះមានរយៈពេលតិចជាងបីឆ្នាំនោះទេ។ ឃ្លាដែលថា«ឆ្នាំទី៣»ទំនងជាសំដៅលើរយៈពេលដែលបានចាប់ផ្ដើមនៅពេលអេលីយ៉ាបានប្រកាសប្រាប់ជាលើកដំបូងដល់អ័ហាប់អំពីគ្រោះរាំងស្ងួត។ (១ព. ១៧:១) ការប្រកាសនោះទំនងជាបានកើតឡើងពេលចូលដល់រដូវប្រាំង ដែលមានរយៈពេលច្រើនជាង៦ខែ ក៏ប៉ុន្តែប្រហែលជានោះមានរយៈពេលយូរជាងធម្មតា។ លើសពីនេះទៀត គ្រោះរាំងស្ងួតនោះមិនបានចប់ភ្លាមៗពេលអេលីយ៉ាបានមកជួបអ័ហាប់ម្ដងទៀតនៅ«ឆ្នាំទី៣»ឡើយ តែគឺក្រោយពីលទ្ធផលនៃភ្លើងធ្លាក់ដើម្បីដឹងថាព្រះណាជាព្រះពិតនៅលើភ្នំកើមែល។ (១ព. ១៨:១៨-៤៥) ដូច្នេះ ពាក្យរបស់លោកយេស៊ូដែលបានកត់ទុកនៅទីនេះ និងពាក្យរបស់ប្អូនប្រុសរបស់លោកយេស៊ូដែលបានកត់ទុកនៅយ៉ា. ៥:១៧ គឺស្របនឹងលំដាប់ពេលនៅ១ព. ១៨:១។