បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ២៨ ទំ. ៧០-ទំ. ៧១ វ. ៦
  • ហេតុអ្វីអ្នកកាន់តាមលោកយេស៊ូមិនតមអាហារ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីអ្នកកាន់តាមលោកយេស៊ូមិនតមអាហារ?
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • មានគេសួរអំពីការតមអាហារ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ២៨ ទំ. ៧០-ទំ. ៧១ វ. ៦
ពួកអ្នកកាន់តាមយ៉ូហានដែលជាអ្នកជ្រមុជទឹក សួរលោកយេស៊ូអំពីការតមអាហារ

ជំពូក​ទី​២៨

ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​តម​អាហារ?

ម៉ាថាយ ៩:១៤​-​១៧ ម៉ាកុស ២:១៨​-​២២ លូកា ៥:៣៣​-​៣៩

  • អ្នក​កាន់​តាម​យ៉ូហាន​សួរ​លោក​យេស៊ូ​អំពី​ការ​តម​អាហារ

យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ត្រូវ​គេ​ដាក់​គុក ក្រោយ​ពី​លោក​យេស៊ូ​បាន​ចូល​រួម​បុណ្យ​រំលង​នា​ឆ្នាំ​៣០ គ.ស.។ យ៉ូហាន​ចង់​ឲ្យ​អ្នក​កាន់​តាម​គាត់​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​វិញ ក៏​ប៉ុន្តែ អស់​ប៉ុន្មាន​ខែ​ហើយ​តាំង​ពី​គាត់​បាន​ជាប់​គុក ពួក​អ្នក​កាន់​តាម​ខ្លះ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។

បុណ្យ​រំលង​នា​ឆ្នាំ​៣១ គ.ស.​កំពុង​ខិត​ចូល​មក​ដល់។ ពេល​នោះ អ្នក​កាន់​តាម​យ៉ូហាន​ខ្លះ​បាន​មក​ឯ​លោក​យេស៊ូ ហើយ​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​យើង​និង​ពួក​ផារិស៊ី មាន​ទម្លាប់​តម​អាហារ តែ​អ្នក​កាន់​តាម​លោក​មិន​តម​អាហារ​ដូច្នេះ?​»។ (​ម៉ាថាយ ៩:១៤​) តាម​ធម្មតា ពួក​ផារិស៊ី​តម​អាហារ​តាម​ទម្លាប់​សាសនា។ ឧទាហរណ៍​មួយ​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​នៅ​ពេល​មួយ​ទៀត​ក៏​បញ្ជាក់​អំពី​រឿង​នោះ​ដែរ។ ក្នុង​ឧទាហរណ៍​នោះ ផារិស៊ី​ម្នាក់​ដែល​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​សុចរិត​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​អើយ ខ្ញុំ​អរគុណ​លោក​ដែល​ខ្ញុំ​មិន​ដូច​មនុស្ស​ឯ​ទៀត . . . ខ្ញុំ​តម​អាហារ​ពីរ​ដង​រាល់​សប្ដាហ៍​»។ (​លូកា ១៨:១១, ១២​) ចំណែក​ឯ​អ្នក​កាន់​តាម​យ៉ូហាន​វិញ ប្រហែល​ជា​បាន​តម​អាហារ​តាម​ទម្លាប់​ស្រដៀង​នឹង​ពួក​ផារិស៊ី​ដែរ ឬ​មួយ​ក៏​ពួក​គេ​ប្រហែល​ជា​តម​អាហារ​ដោយ​សារ​យ៉ូហាន​ជាប់​គុក ហើយ​ពួក​គេ​ពិបាក​ចិត្ត។ បន្ថែម​ទៀត ពួក​គេ​ឆ្ងល់​ថា ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​តម​អាហារ ឬ​រួម​ទុក្ខ​ជា​មួយ​នឹង​ពួក​គេ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​យ៉ូហាន?

លោក​យេស៊ូ​ឆ្លើយ​ដោយ​លើក​ឧទាហរណ៍​ប្រាប់​ពួក​គេ​ថា​៖ ​«​មិត្ត​ភក្ដិ​របស់​កូន​កំលោះ​គ្មាន​មូលហេតុ​ឲ្យ​តម​អាហារ ដរាប​ណា​ដែល​កូន​កំលោះ​នៅ​ជា​មួយ​នឹង​ពួក​គេ មែន​ទេ? ក៏​ប៉ុន្តែ​នឹង​មាន​គ្រា​មក​ដល់ ពេល​ដែល​កូន​កំលោះ​នឹង​ត្រូវ​គេ​ពង្រាត់​ចេញ​ពី​មិត្ត​ភក្ដិ ហើយ​ពេល​នោះ​ពួក​គេ​នឹង​តម​អាហារ​»។—ម៉ាថាយ ៩:១៥

យ៉ូហាន​ផ្ទាល់​បាន​ប្រាប់​អ្នក​កាន់​តាម​គាត់​ថា លោក​យេស៊ូ​ជា​កូន​កំលោះ។ (​យ៉ូហាន ៣:២៨, ២៩​) ដូច្នេះ កាល​ដែល​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក នោះ​ពួក​គេ​មិន​ចាំ​បាច់​តម​អាហារ​ឡើយ។ ប៉ុន្តែ ក្រោយ​ពេល​លោក​យេស៊ូ​ស្លាប់ អ្នក​កាន់​តាម​លោក​នឹង​កាន់​ទុក្ខ ហើយ​មិន​ចង់​បរិភោគ​អ្វី​ឡើយ។ យ៉ាង​ណា​មិញ ពេល​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ស្ថានភាព​នោះ​នឹង​ផ្លាស់​ប្ដូរ​ជា​មិន​ខាន! ដូច្នេះ ពេល​នោះ​ពួក​គេ​នឹង​លែង​មាន​មូលហេតុ​តម​អាហារ​ដោយ​កើត​ទុក្ខ​ទៀត​ហើយ។

ក្រោយ​មក លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​ពីរ​ទៀត ដែល​ថា​៖ ​«​គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ឡើយ ពី​ព្រោះ ក្រណាត់​ថ្មី​នោះ​នឹង​រួញ ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ចាស់​រហែក​លើស​ដើម។ ក៏​គ្មាន​អ្នក​ណា​យក​ស្រា​ថ្មី​មក​ច្រក​ថង់​ស្បែក​ចាស់​ដែរ។ បើ​ធ្វើ​ដូច្នោះ ថង់​ស្បែក​នឹង​ធ្លាយ ស្រា​ក៏​ហូរ​ចេញ​អស់ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ដែរ។ ប៉ុន្តែ គេ​ច្រក​ស្រា​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ​»។ (​ម៉ាថាយ ៩:១៦, ១៧​) តើ​លោក​យេស៊ូ​ចង់​បញ្ជាក់​អំពី​អ្វី?

លោក​យេស៊ូ​កំពុង​ជួយ​អ្នក​កាន់​តាម​យ៉ូហាន​ឲ្យ​យល់​ថា គ្មាន​អ្នក​ណា​ម្នាក់​គួរ​តម្រូវ​ឲ្យ​អ្នក​កាន់​តាម​លោក​យេស៊ូ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ចាស់​របស់​សាសនា​យូដា ដូច​ជា​ទម្លាប់​តម​អាហារ​នោះ​ទេ។ លោក​មិន​បាន​មក​ដើម្បី​លើក​ស្ទួយ​ការ​គោរព​ប្រណិប័តន៍​ចាស់​នេះ​ឲ្យ​នៅ​មាន​ជា​បន្ត​នោះ​ឡើយ ព្រោះ​ការ​គោរព​ប្រណិប័តន៍​នោះ​នឹង​លែង​មាន​ទៀត។ បើ​លោក​មក​ដើម្បី​ធ្វើ​ដូច្នោះ គឺ​ប្រៀប​ដូច​ជា លោក​ព្យាយាម​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់ ឬ​យក​ស្រា​ថ្មី​មក​ច្រក​ក្នុង​ថង់​ស្បែក​ចាស់​ដែល​តឹង។ ផ្ទុយ​ទៅ​វិញ ការ​គោរព​ប្រណិប័តន៍​ដែល​លោក​យេស៊ូ​កំពុង​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​តាម គឺ​មិន​មែន​ការ​គោរព​ប្រណិប័តន៍​តាម​សាសនា​យូដា ដែល​ជា​ទំនៀម​ទម្លាប់​របស់​មនុស្ស​នៅ​សម័យ​នោះ​ឡើយ។

ឧទាហរណ៍​អំពី​ការ​តម​អាហារ

ថង់ស្បែក

លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​ដែល​អ្នក​ស្ដាប់​ជា​ច្រើន​ងាយ​នឹង​ស្រមៃ​គិត ពោល​គឺ​ការ​ប៉ះ​សម្លៀក​បំពាក់។ បើ​អ្នក​ណា​ម្នាក់​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់ តើ​នឹង​ទៅ​ជា​យ៉ាង​ណា? ក្រោយ​ពេល​បោក​សម្លៀក​បំពាក់​នោះ ក្រណាត់​ថ្មី​នឹង​រួញ ហើយ​ធ្វើ​ឲ្យ​ក្រណាត់​សម្លៀក​បំពាក់​ចាស់​រហែក​ថែម​ទៀត​ផង។

ឧទាហរណ៍​អំពី​ស្រា​ក្នុង​ថង់​ស្បែក​ចាស់​ក៏​ស្រដៀង​នឹង​នេះ​ដែរ។ ពេល​ខ្លះ គេ​ច្រក​ស្រា​ក្នុង​ថង់​ធ្វើ​ពី​ស្បែក​សត្វ។ យូរ​ៗ​ទៅ ថង់​ស្បែក​ចាស់​នឹង​ទៅ​ជា​តឹង ហើយ​លែង​យារ​ទៀត។ បើ​ច្រក​ស្រា​ក្នុង​ថង់​ស្បែក​ដូច​នោះ គឺ​អាច​បង់​ប្រយោជន៍ ពី​ព្រោះ​មេ​ក្នុង​ស្រា​ថ្មី​នៅ​តែ​បន្ត​បង្កើត​ហ្គា​ស។ ដូច្នេះ បើ​ដាក់​ស្រា​ថ្មី​ក្នុង​ថង់​ស្បែក​ចាស់​ដែល​តឹង គឺ​អាច​ធ្លាយ​បាន។

  • នៅ​សម័យ​លោក​យេស៊ូ តើ​អ្នក​ណា​ខ្លះ​មាន​ទម្លាប់​តម​អាហារ ហើយ​ហេតុ​អ្វី?

  • ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​តម​អាហារ​កាល​ដែល​លោក​នៅ​ជា​មួយ​នឹង​ពួក​គាត់? ប៉ុន្តែ​ក្រោយ​មក តើ​មាន​មូលហេតុ​អ្វី​ដែល​ពួក​គាត់​នឹង​តម​អាហារ?

  • តើ​ឧទាហរណ៍​អំពី​ក្រណាត់​ថ្មី​និង​ស្រា​ថ្មី​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​មាន​ន័យ​យ៉ាង​ណា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក