បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwbr18 វិច្ឆិកា ទំ. ១-៥
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • ចំណងជើងតូច
  • ថ្ងៃ​ទី​៥​-​១១ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​១២​-​១៨ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​១៩​-​២៥ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា–ថ្ងៃ​ទី២ ខែ​ធ្នូ
ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
mwbr18 វិច្ឆិកា ទំ. ១-៥

ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ

ថ្ងៃ​ទី​៥​-​១១ ខែ​វិច្ឆិកា

nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅ​យ៉ូន. ២១:១៥, ១៧

លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ស៊ីម៉ូន​ពេត្រុស: លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ពេត្រុស​មិន​យូរ​ក្រោយ​ពី​ពេត្រុស​បាន​បដិសេធ​លោក​អស់​បី​ដង។ លោក​យេស៊ូ​បាន​សួរ​សំណួរ​បី​ឲ្យ​ជាក់​ច្បាស់​អំពី​អារម្មណ៍​របស់​ពេត្រុស​ចំពោះ​លោក រហូត​ដល់​«​ពេត្រុស​តាំង​កើត​ទុក្ខ​ក្នុង​ចិត្ត​»។ (​យ៉ូន. ២១:១៧​) កំណត់​ហេតុ​របស់​យ៉ូហាន​នៅ​យ៉ូន. ២១:១៥​-​១៧ ប្រើ​កិរិយាសព្ទ​ភាសា​ក្រិច​ពីរ​ផ្សេង​គ្នា​គឺ​អាហ្គាប៉េ​អូ (​a·ga·paʹo​) និង​ហ្វែលីអូ (​phi·leʹo​)។ កិរិយាសព្ទ​ទាំង​ពីរ​នេះ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ស្រឡាញ់។ លោក​យេស៊ូ​បាន​សួរ​ពេត្រុស​បី​ដង​ថា​៖ ‹តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ?›។ រាល់​បី​ដង​នោះ​ពេត្រុស​បាន​បញ្ជាក់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ថា​គាត់​ស្រឡាញ់​លោក​យេស៊ូ។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា​សេចក្ដី​ស្រឡាញ់​ដែល​ពេត្រុស​បញ្ជាក់​រាល់​ដង​នោះ គួរ​តែ​ជំរុញ​ចិត្ត​ពេត្រុស​ឲ្យ​ផ្ដល់​ចំណី​និង​«​ឃ្វាល​»​កូន​ចៀម ឬ​«​ចៀម​តូច​ៗ​»​របស់​លោក ពោល​គឺ​អ្នក​កាន់​តាម​លោក​យេស៊ូ។ (​យ៉ូន. ២១:១៦, ១៧; ១ពេ. ៥:១​-​៣​) លោក​យេស៊ូ​បាន​ឲ្យ​ពេត្រុស​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​គាត់​បី​ដង ហើយ​ក្រោយ​មក​លោក​បាន​ប្រគល់​ភារកិច្ច​ថែ​រក្សា​ចៀម​របស់​លោក​ដល់​គាត់។ យ៉ាង​នេះ លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​ពិត​ជា​បាន​អភ័យ​ទោស​ឲ្យ​ពេត្រុស​ចំពោះ​ការ​ដែល​គាត់​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​អស់​បី​ដង។

តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​អ្វី​ៗ​ទាំង​នេះ​ទេ?: តាម​វេយ្យាករណ៍ ឃ្លា​«​ច្រើន​ជាង​អ្វី​ៗ​ទាំង​នេះ​»​អាច​មាន​អត្ថន័យ​ច្រើន​យ៉ាង។ បណ្ឌិត​ខ្លះ​បក​ស្រាយ​អត្ថន័យ​ឃ្លា​នោះ​ថា​«​តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​អ្នក​ស្រឡាញ់​អ្នក​កាន់​តាម​ឯ​ទៀត​ទាំង​នេះ​ទេ?​»​ ឬ​«​តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​អ្នក​កាន់​តាម​ឯ​ទៀត​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ទេ?​»។ ប៉ុន្តែ អត្ថន័យ​ទំនង​ជា​«​តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​អ្វី​ៗ​ទាំង​នេះ​ទេ?​»​ ពោល​គឺ​សំដៅ​លើ​ត្រី​ដែល​ពួក​គេ​ទើប​តែ​ចាប់​បាន ឬ​អ្វី​ដែល​ទាក់​ទង​នឹង​មុខ​របរ​នេសាទ​ត្រី។ ដូច្នេះ​តាម​មើល​ទៅ​គំនិត​នៃ​ខ​នេះ​គឺ: ‹តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​ទ្រព្យ​សម្បត្ដិ​ឬ​ការ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​ទេ? បើ​ដូច្នេះ សូម​ឲ្យ​ចំណី​ដល់​កូន​ចៀម​របស់​ខ្ញុំ›។ សំណួរ​នេះ​គឺ​សម​ត្រឹម​ត្រូវ​បើ​គិត​អំពី​ប្រវត្ដិ​របស់​ពេត្រុស។ ទោះ​ជា​ពេត្រុស​គឺ​ជា​អ្នក​កាន់​តាម​ដំបូង​ម្នាក់​របស់​លោក​យេស៊ូ​ក្ដី (​យ៉ូន. ១:៣៥​-​៤២​) គាត់​មិន​បាន​តាម​លោក​យេស៊ូ​ពេញ​ពេល​ភ្លាម​ៗ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ត្រឡប់​ទៅ​ប្រកប​មុខ​របរ​នេសាទ​ត្រី​របស់​គាត់។ ប៉ុន្មាន​ខែ​ក្រោយ​មក លោក​យេស៊ូ​បាន​ហៅ​ពេត្រុស​ឲ្យ​ធ្វើ​ជា​«​អ្នក​នេសាទ​មនុស្ស​»​វិញ ហើយ​ឲ្យ​គាត់​ឈប់​ប្រកប​មុខ​របរ​នេសាទ​ត្រី។ (​ម៉ាថ. ៤:១៨​-​២០; លូក. ៥:១​-​១១​) ម្ដង​ទៀត មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ ពេត្រុស​បាន​និយាយ​ថា​គាត់​នឹង​ទៅ​នេសាទ​ត្រី ហើយ​សាវ័ក​ឯ​ទៀត​ក៏​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ (​យ៉ូន. ២១:២, ៣​) ដូច្នេះ តាម​មើល​ទៅ​លោក​យេស៊ូ​ទំនង​ជា​ចង់​ឲ្យ​ពេត្រុស​សម្រេច​ចិត្ត​ឲ្យ​ជាក់​ច្បាស់​ថា: តើ​គាត់​នឹង​ចាត់​ទុក​មុខ​របរ​របស់​គាត់​ជា​អ្នក​នេសាទ​ត្រី​ថា​ជា​អ្វី​សំខាន់​បំផុត ឬ​ក៏​តើ​គាត់​នឹង​ចាត់​ទុក​ការ​ផ្ដល់​ចំណី​ដល់​កូន​ចៀម​របស់​លោក​យេស៊ូ ឬ​អ្នក​កាន់​តាម​លោក​ថា​សំខាន់​បំផុត?—យ៉ូន. ២១:៤​-​៨

លើក​ទី​បី: ពេត្រុស​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម្ចាស់​របស់​គាត់​បី​ដង ឥឡូវ​លោក​បាន​ផ្ដល់​ឱកាស​ឲ្យ​គាត់​បី​ដង​ដើម្បី​បញ្ជាក់​អំពី​អារម្មណ៍​របស់​គាត់។ កាល​ដែល​ពេត្រុស​ធ្វើ​ដូច្នេះ លោក​យេស៊ូ​បាន​ប្រាប់​គាត់​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ ដោយ​ចាត់​ទុក​កិច្ច​បម្រើ​ពិសិដ្ឋ​ថា​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់។ ពេត្រុស​និង​បង​ប្រុស​ឯ​ទៀត​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នឹង​ផ្ដល់​ចំណី ពង្រឹង​កម្លាំង និង​ឃ្វាល​ហ្វូង​ចៀម​ដែល​ជា​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​គ្រិស្ត។ ពួក​គេ​ទាំង​នេះ​គឺ​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវ​ការ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ។—លូក. ២២:៣២

nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅ​យ៉ូន. ២០:១៧

ឈប់​តោង​ខ្ញុំ: កិរិយាសព្ទ​ភាសា​ក្រិច​នេះ (​haʹpto·mai​) អាច​មាន​ន័យ​ថា​«​ពាល់​»​ឬ​«​តោង កាន់​»។ អ្នក​បក​ប្រែ​ខ្លះ​បក​ប្រែ​ពាក្យ​របស់​លោក​យេស៊ូ​ថា​៖ ​«​កុំ​ពាល់​ខ្ញុំ​»។ ប៉ុន្តែ លោក​យេស៊ូ​មិន​មែន​ហាម​មិន​ឲ្យ​ម៉ារៀ ម៉ាក់ដាឡេន​ពាល់​លោក​នោះទេ ដោយ​សារ​ពេល​ស្ត្រី​ឯ​ទៀត​បាន​ឃើញ​លោក​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​បាន​«​ឱប​ជើង​លោក​»​ នោះ​លោក​មិន​បាន​ហាម​ពួក​គេ​ឡើយ។ (​ម៉ាថ. ២៨:៩​) តាម​មើល​ទៅ ម៉ារៀ ម៉ាក់ដាឡេន​ខ្លាច​ថា​លោក​យេស៊ូ​ជិត​នឹង​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌។ ដោយ​សារ​នាង​ពិត​ជា​ចង់​នៅ​ជា​មួយ​នឹង​ម្ចាស់​របស់​នាង នោះ​នាង​បាន​កាន់​លោក​យេស៊ូ​យ៉ាង​ជាប់ មិន​ឲ្យ​លោក​ទៅ​ណា​ឡើយ។ ដើម្បី​ធ្វើ​ឲ្យ​នាង​ប្រាកដ​ថា​លោក​មិន​ទាន់​ចាក​ចេញ​ទេ នោះ​លោក​យេស៊ូ​បាន​ប្រាប់​ម៉ារៀ​ឲ្យ​ឈប់​តោង​លោក តែ​ឲ្យ​នាង​ទៅ​ជួប​អ្នក​កាន់​តាម​ឯ​ទៀត ហើយ​ប្រាប់​អំពី​ការ​ដែល​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅ​យ៉ូន. ២០:២៨

លោក​ម្ចាស់​របស់​ខ្ញុំ​និង​ព្រះ​របស់​ខ្ញុំ​អើយ!: ដើម្បី​យល់​ឃ្លា​«​លោក​ម្ចាស់​របស់​ខ្ញុំ​និង​ព្រះ​របស់​ខ្ញុំ​»​ សូម​ពិចារណា​បទ​គម្ពីរ​ឯ​ទៀត។ កំណត់​ហេតុ​ក្នុង​គម្ពីរ​បង្ហាញ​ថា​លោក​យេស៊ូ​បាន​ផ្ដាំ​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​បិតា​របស់​ខ្ញុំ​និង​បិតា​របស់​អ្នក​រាល់​គ្នា ហើយ​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​និង​ព្រះ​របស់​អ្នក​រាល់​គ្នា​»​ ដូច្នេះ​គ្មាន​ហេតុ​ឲ្យ​ជឿ​ថា​ថូម៉ាស់​បាន​គិត​ថា​លោក​យេស៊ូ​គឺ​ជា​ព្រះ​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​ឡើយ។ (​យ៉ូន. ២០:១៧​) ថូម៉ាស់​បាន​ឮ​លោក​យេស៊ូ​អធិដ្ឋាន​ទៅ​កាន់​«​បិតា​»​របស់​លោក​ដោយ​ហៅ​ព្រះ​ថា​«​ព្រះ​ពិត​តែ​មួយ​»។ (​យ៉ូន. ១៧:១​-​៣​) ដូច្នេះ​ថូម៉ាស់​ប្រហែល​ជា​បាន​ហៅ​លោក​យេស៊ូ​ថា​«​ព្រះ​របស់​ខ្ញុំ​»​ដោយ​សារ​មូលហេតុ​ដូច​ត​ទៅ​នេះ: គាត់​បាន​ចាត់​ទុក​លោក​យេស៊ូ​ជា​«​ព្រះ​មួយ​»​ តែ​មិន​មែន​ជា​ព្រះ​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​ទេ។ (​សូម​មើល​ការ​ពន្យល់​បន្ថែម​នៅ យ៉ូន. ១:១​) ឬ​ក៏​គាត់​ប្រហែល​ជា​ហៅ​លោក​យេស៊ូ​ស្រដៀង​នឹង​របៀប​ដែល​អ្នក​បម្រើ​របស់​ព្រះ​បាន​ហៅ​ទេវតា​ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ​យេហូវ៉ា ដូច​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ថូម៉ាស់​ស្គាល់​កំណត់​ហេតុ​ផ្សេង​ៗ​ដែល​ក្នុង​នោះ​បុគ្គល​ខ្លះ ឬ​ជួន​កាល​អ្នក​សរសេរ​អំពី​កំណត់​ហេតុ​គម្ពីរ បាន​តប​ឆ្លើយ​ឬ​និយាយ​ជា​មួយ​នឹង​ទេវតា​ដែល​ជា​អ្នក​នាំ​ពាក្យ​ហាក់​ដូច​ជា​ពួក​គេ​កំពុង​និយាយ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​សូម​ពិនិត្យ​បន្ថែម​លោ. ១៦:៧​-​១១, ១៣; ១៨:១​-​៥, ២២​-​៣៣; ៣២:២៤​-​៣០; ចៅ. ៦:១១​-​១៥; ១៣:២០​-​២២​) ហេតុ​នេះ​ហើយ ថូម៉ាស់​ប្រហែល​ជា​បាន​ហៅ​លោក​យេស៊ូ​ថា​«​ព្រះ​របស់​ខ្ញុំ​»​ក្នុង​ន័យ​ថា​គាត់​ទទួល​ស្គាល់​លោក​យេស៊ូ​ថា​ជា​អ្នក​តំណាង​និង​អ្នក​នាំ​ពាក្យ​របស់​ព្រះ​ពិត។

ថ្ងៃ​ទី​១២​-​១៨ ខែ​វិច្ឆិកា

w​៨៦​-​E ១/១២ ទំ. ២៩ វ. ៤​-​៥, ៧

វិភាគទាន​ដែល​ធ្វើ​ឲ្យ​ចិត្ត​រីក​រាយ

នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នា​ឆ្នាំ​៣៣ គ.ស. អ្នក​ដែល​ទើប​តែ​ទទួល​ការ​ជ្រមុជ​ទឹក​ថ្មី​៣.០០០​នាក់‹បាន​ចែក​អ្វី​ៗ​ទាំង​អស់​ជា​មួយ​គ្នា ហើយ​បរិភោគ​ជា​មួយ​គ្នា ព្រម​ទាំង​បាន​អធិដ្ឋាន›។ ហេតុ​អ្វី? ដើម្បី​ពួក​គេ​អាច​ពង្រឹង​ជំនឿ​ដោយ​«​បន្ត​ប្រុង​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក​»។—សកម្ម. ២:៤១, ៤២

ជន​ជាតិ​យូដា​និង​អ្នក​ដូរ​សាសនា​បាន​មក​ក្រុង​យេរូសាឡិម ហើយ​មាន​គម្រោង​ស្នាក់​នៅ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ថ្ងៃ​ទី​៥០​ប៉ុណ្ណោះ។ ប៉ុន្តែ ពួក​អ្នក​ដែល​បាន​ទៅ​ជា​គ្រិស្ត​សាសនិក​ចង់​ស្នាក់​នៅ​យូរ​ជាង ហើយ​រៀន​ថែម​ទៀត​ដើម្បី​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ នេះ​នាំ​ឲ្យ​ត្រូវ​ការ​អាហារ​និង​កន្លែង​ស្នាក់​នៅ​ជា​បន្ទាន់។ អ្នក​ខ្លះ​ដែល​មក​ក្រុង​យេរូសាឡិម​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ទេ តែ​អ្នក​ខ្លះ​ទៀត​មាន​ច្រើន​លើស​លប់។ ដូច្នេះ ជា​បណ្ដោះ​អាសន្ន មាន​ការ​ប្រមូល​ប្រាក់​ដាក់​បញ្ចូល​គ្នា ព្រម​ទាំង​មាន​ការ​ចែក​ដល់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។—សកម្ម. ២:៤៣​-​៤៧

ការ​លក់​ដី​និង​ការ​ចែក​អ្វី​ៗ​ទាំង​អស់​ជា​មួយ​គ្នា​គឺ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត។ គ្មាន​អ្នក​ណា​មាន​កាតព្វកិច្ច​លក់​ឬ​ធ្វើ​វិភាគទាន​ទេ ហើយ​ក៏​មិន​តម្រូវ​ឲ្យ​ពួក​គេ​ធ្លាក់​ខ្លួន​ក្រ​នោះ​ដែរ។ នេះ​មិន​មាន​ន័យ​ថា​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​មាន​លក់​អ្វី​ៗ​ទាំង​អស់ ហើយ​ទៅ​ជា​អ្នក​ក្រ​ទេ។ ផ្ទុយ​ទៅ​វិញ ដោយ​សារ​ពួក​គេ​មាន​ចិត្ត​អាណិត​មេត្ដា​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ក្នុង​ស្ថានភាព​នៅ​ពេល​នោះ ពួក​គេ​បាន​លក់​ដី ហើយ​ធ្វើ​ជា​វិភាគទាន​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​រាជាណាចក្រ។—សូម​ពិនិត្យ​បន្ថែម ២កូ. ៨:១២​-​១៥

it​-​2​-​E ទំ. ៦១ វ. ១

លោក​យេស៊ូ​គ្រិស្ត

«​មេ​ដឹក​នាំ​ដែល​ផ្ដល់​ជីវិត​»។ លោក​យេស៊ូ​គ្រិស្ត​បាន​លះ​បង់​ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​លោក​ជា​ថ្លៃ​លោះ នេះ​បង្ហាញ​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​បិតា​លោក។ នេះ​បើក​ឱកាស​ឲ្យ​អ្នក​កាន់​តាម​គ្រិស្ត​ដែល​បាន​ត្រូវ​រើស​តាំង​អាច​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​បើក​ឱកាស​ឲ្យ​មាន​ការ​រៀប​ចំ​សម្រាប់​ពលរដ្ឋ​នៅ​ផែន​ដី​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក។ (​ម៉ាថ. ៦:១០; យ៉ូន. ៣:១៦; អេភ. ១:៧; ហេ. ២:៥​) ហេតុ​នេះ លោក​បាន​ទៅ​ជា​«​មេ​ដឹក​នាំ​ដែល​ផ្ដល់​ជីវិត​»​សម្រាប់​មនុស្សជាតិ​ទាំង​អស់។ (​សកម្ម. ៣:១៥​) ភាសា​ក្រិច​ដែល​បាន​ត្រូវ​ប្រើ​នៅ​ទី​នេះ​មាន​ន័យ​ថា​«​មេ​ដឹក​នាំ​»។ ពាក្យ​នេះ​ជាប់​ទាក់​ទង​នឹង​ពាក្យ​ដែល​បាន​ត្រូវ​ប្រើ​ពេល​សំដៅ​លើ​ម៉ូសេ​ដែល​ជា​«​អ្នក​គ្រប់​គ្រង​»​ក្នុង​ស្រុក​អ៊ីស្រាអែល។

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

it​-​1​-​E ទំ. ១២៩ វ. ២​-​៣

តើ​អ្នក​ណា​បាន​ជំនួស​យូដាស​អ៊ីស្ការីយ៉ុត​ជា​សាវ័ក​ទី​១២?

យូដាស​អ៊ីស្ការីយ៉ុត​បាន​បោះ​បង់​ឯកសិទ្ធិ​របស់​គាត់ ហើយ​បាន​ស្លាប់​ក្នុង​នាម​ជា​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់។ ដូច្នេះ នៅ​សល់​តែ​សាវ័ក​១១​នាក់​ប៉ុណ្ណោះ ហើយ​ក្នុង​រយៈ​ពេល​៤០​ថ្ងៃ​ចាប់​ពី​ពេល​ដែល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​រហូត​ដល់​ពេល​ដែល​លោក​បាន​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌ លោក​មិន​បាន​តែង​តាំង​អ្នក​ណា​ជំនួស​ទេ។ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​រវាង​ពេល​ដែល​លោក​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌​និង​បុណ្យ​ថ្ងៃ​ទី​៥០ មាន​ពេល​មួយ​ដែល​គេ​គិត​ថា​គឺ​ចាំ​បាច់​ឲ្យ​មាន​ម្នាក់​ទៀត​ជំនួស​យូដាស។ នេះ​មិន​គ្រាន់​តែ​ដោយ​សារ​យូដាស​បាន​ស្លាប់​នោះ​ទេ តែ​ដោយ​សារ​យូដាស​បាន​បោះ​បង់​ឯកសិទ្ធិ ហើយ​ទៅ​ជា​អាក្រក់ ដូច​អ្វី​ដែល​ពេត្រុស​បាន​ដក​ស្រង់​ក្នុង​បទ​គម្ពីរ។ (​សកម្ម. ១:១៥​-​២២; ទំនុក. ៦៩:២៥; ១០៩:៨; សូម​ពិនិត្យ​បន្ថែម បប. ៣:១១​) ផ្ទុយ​ទៅ​វិញ ពេល​សាវ័ក​យ៉ាកុប​ដែល​ស្មោះ​ត្រង់​បាន​ត្រូវ​គេ​សម្លាប់ គ្មាន​កំណត់​ហេតុ​ដែល​ប្រាប់​ថា​ត្រូវ​មាន​បុគ្គល​ណា​ម្នាក់​ជំនួស​គាត់​ជា​សាវ័ក​ឡើយ។—សកម្ម. ១២:២

តាម​រយៈ​អ្វី​ដែល​ពេត្រុស​បាន​និយាយ បុគ្គល​ដែល​បំពេញ​មុខ​ងារ​ជា​សាវ័ក​របស់​លោក​យេស៊ូ​គ្រិស្ត​ត្រូវ​បំពេញ​តម្រូវ​ការ​មួយ​ចំនួន​ដើម្បី​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់។ តម្រូវ​ការ​ទាំង​នោះ​គឺ​ធ្លាប់​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​លោក​យេស៊ូ ថែម​ទាំង​ជា​សាក្សី​អំពី​កិច្ច​ការ​និង​អព្ភូតហេតុ​របស់​លោក ជា​ពិសេស​ការ​ដែល​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ តម្រូវ​ការ​ទាំង​នោះ​គឺ​គ្មាន​អ្នក​ណា​អាច​បំពេញ​បាន​ទេ​នៅ​ពេល​ក្រោយ​ៗ​មក លុះ​ត្រា​តែ​ព្រះ​យេហូវ៉ា​ជួយ​បុគ្គល​នោះ​ឲ្យ​បំពេញ​តម្រូវ​ការ​ដើម្បី​អាច​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់។ នៅ​មុន​ពេល​បុណ្យ​ថ្ងៃ​ទី​៥០ មាន​បុរស​ខ្លះ​ដែល​អាច​បំពេញ​តម្រូវ​ការ​ទាំង​នោះ ហើយ​បុរស​ពីរ​នាក់​បាន​ត្រូវ​លើក​ឈ្មោះ​ដែល​សាក​សម​នឹង​ជំនួស​យូដាស​ដែល​មិន​ស្មោះ​ត្រង់។ ដោយ​គិត​អំពី​សុភាសិត ១៦:៣៣ ពួក​គេ​បាន​ចាប់​ឆ្នោត ហើយ​ម៉ាធាស​បាន​ត្រូវ​ជ្រើស​រើស ក្រោយ​មក​«​គាត់​បាន​ត្រូវ​រាប់​ជា​មួយ​នឹង​សាវ័ក​ដប់​មួយ​នាក់​ទៀត​»។ (​សកម្ម. ១:២៣​-​២៦​) ដូច្នេះ គាត់​បាន​ត្រូវ​រួម​បញ្ចូល​ក្នុង​«​សាវ័ក​ទាំង​ដប់​ពីរ​នាក់​»​ដែល​បាន​ដោះ​ស្រាយ​បញ្ហា​ស្តី​អំពី​ពួក​អ្នក​កាន់​តាម​ដែល​និយាយ​ភាសា​ក្រិច (​សកម្ម. ៦:១, ២​) ហើយ​នៅ​១កូ. ១៥:៤​-​៨ ពេល​ប៉ូល​និយាយ​អំពី​ការ​លេច​មក​ជួប​របស់​លោក​យេស៊ូ​ក្នុង​អំឡុង​ពេល​ដែល​លោក​រស់​ឡើង​វិញ ប៉ូល​រួម​បញ្ចូល​ម៉ាធាស​ពេល​សំដៅ​លើ​«​សាវ័ក​ទាំង​ដប់​ពីរ​នាក់​»។ ដូច្នេះ ពេល​បុណ្យ​ថ្ងៃ​ទី​៥០​មក​ដល់ មាន​សាវ័ក​១២​នាក់​ដែល​បាន​ធ្វើ​ជា​គ្រឹះ​សម្រាប់​អ៊ីស្រាអែល​នៃ​ព្រះ។

ថ្ងៃ​ទី​១៩​-​២៥ ខែ​វិច្ឆិកា

w​០៨​-​E ១/៩ ទំ. ១៥, ប្រអប់

ពាក្យ​សម្ដី​ទៅ​ជា​គម្ពីរ​បរិសុទ្ធ សំណេរ​និង​គ្រិស្ត​សាសនិក​សម័យ​ដើម

តើ​ពួក​សាវ័ក​មិន​បាន​រៀន​សូត្រ​ឬ?

ពេល​ពួក​អ្នក​គ្រប់​គ្រង​និង​ពួក​បុរស​ចាស់​ទុំ​ក្នុង​ក្រុង​យេរូសាឡិម​«​ឃើញ​ថា​ពេត្រុស​និង​យ៉ូហាន​និយាយ​ដោយ​សេចក្ដី​ក្លាហាន​ដូច្នេះ ក៏​យល់​ឃើញ​ថា​ពួក​គាត់​មិន​បាន​រៀន​សូត្រ នោះ​ពួក​គេ​តាំង​ឆ្ងល់​»។ (​សកម្ម. ៤:១៣​) តើ​ពួក​សាវ័ក​ពិត​ជា​មិន​បាន​រៀន​សូត្រ​មែន​ឬ? ស្តី​អំពី​ការ​បញ្ជាក់​នេះ សៀវភៅមួយ​រៀប​រាប់​ថា​«​ពាក្យ​ទាំង​នេះ​មិន​មែន​មាន​ន័យ​ត្រង់​ថា​ពេត្រុស[​និង​យ៉ូហាន​]មិន​បាន​រៀន​សូត្រ និង​មិន​ចេះ​សរសេរ​ឬ​អាន​ទេ។ ពួក​គេ​គ្រាន់​តែ​ទទួល​ស្គាល់​ថា​ពួក​សាវ័ក​មាន​ឋានៈ​ខុស​គ្នា​ឆ្ងាយ​ពី​ពួក​អ្នក​ដែល​វិនិច្ឆ័យ​»។ (​The New In​terpreter’s Bible​)

it​-​1​-​E ទំ. ១២៨ វ. ៣

សាវ័ក

សកម្មភាព​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ពេល​ព្រះ​បាន​ចាក់​សកម្មពល​របស់​លោក​លើ​ពួក​សាវ័ក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នោះ​បាន​ពង្រឹង​កម្លាំង​ចិត្ត​របស់​ពួក​គេ​ជា​ខ្លាំង។ ជំពូក​ប្រាំ​ដំបូង​នៃ​សៀវភៅ​សកម្មភាព​របស់​ពួក​សាវ័ក​បញ្ជាក់​អំពី​ភាព​អង់អាច​និង​ចិត្ត​ក្លាហាន​របស់​ពួក​សាវ័ក​ក្នុង​ការ​ប្រកាស​អំពី​ដំណឹង​ល្អ​និង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​លោក​យេស៊ូ ទោះ​ជា​ពួក​គេ​ត្រូវ​ជាប់​គុក ត្រូវ​គេ​វាយ​និង​ត្រូវ​ពួក​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ​គំរាម​សម្លាប់​ពួក​គេ​ក្ដី។ ក្នុង​អំឡុង​ថ្ងៃ​បន្ទាប់​ពី​បុណ្យ​ថ្ងៃ​ទី​៥០ ការ​ដឹក​នាំ​ដោយ​ខ្នះ​ខ្នែង​របស់​ពួក​សាវ័ក​ក្រោម​ឥទ្ធិពល​នៃ​សកម្មពល​បរិសុទ្ធ បាន​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​រីក​ចម្រើន​យ៉ាង​លឿន។ (​សកម្ម. ២:៤១; ៤:៤​) ដំបូង​ពួក​គេ​ផ្ចង់​អារម្មណ៍​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​នៅ​ក្រុង​យេរូសាឡិម ក្រោយ​មក​ពង្រីក​ដល់​ស្រុក​សាម៉ារី និង​ក្រោយ​មក​ទៀត​នៅ​ស្រុក​ឯ​ទៀត​នៅ​សម័យ​នោះ។—សកម្ម. ៥:៤២; ៦:៧; ៨:៥​-​១៧, ២៥; ១:៨

it​-​1​-​E ទំ. ៥១៤ វ. ៤

ថ្ម​ជ្រុង

ទំនុក​តម្កើង ១១៨:២២​ប្រាប់​ថា​ថ្ម​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក នឹង​ទៅ​ជា​«​ថ្ម​ជ្រុង​យ៉ាង​ឯក​»។ លោក​យេស៊ូ​បាន​ដក​ស្រង់​ទំនាយ​នេះ ហើយ​ថា​សំដៅ​លើ​លោក​ផ្ទាល់​ជា​«​ថ្ម​ជ្រុង​ដែល​នៅ​លើ​ថ្ម​ជ្រុង​ទាំង​អស់​»។ (​ម៉ាថ. ២១:៤២; ម៉ាក. ១២:១០, ១១; លូក. ២០:១៧​) ដូច​ថ្ម​ដែល​នៅ​លើ​គេ​បំផុត​នៃ​អគារ​លេច​ធ្លោ​ជាង​ថ្ម​ឯ​ទៀត ដូច្នេះ​លោក​យេស៊ូ​គ្រិស្ត​គឺ​ជា​ថ្ម​សំខាន់​ជាង​គេ​បំផុត​ក្នុង​ក្រុម​ជំនុំ​របស់​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដែល​បាន​ត្រូវ​ប្រៀប​ប្រដូច​ជា​វិហារ​របស់​ព្រះ។ ពេត្រុស​ក៏​បាន​ប្រាប់​ថា​ទំនុក​តម្កើង ១១៨:២២​សំដៅ​លើ​គ្រិស្ត​ផង​ដែរ បង្ហាញ​ថា​លោក​គឺ​ជា​«​ថ្ម​»​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក តែ​ព្រះ​បាន​ជ្រើស​រើស​ឲ្យ​ក្លាយ​ទៅ​ជា​«​ថ្ម​ជ្រុង​យ៉ាង​ឯក​»។—សកម្ម. ៤:៨​-​១២; សូម​មើល​ផង​ដែរ ១ពេ. ២:៤​-​៧

ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា–ថ្ងៃ​ទី២ ខែ​ធ្នូ

bt​-​E ទំ. ៤១ វ. ១៧

​«​យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង​»​

១៧ ក្រុម​ជំនុំ​ថ្មី​ឥឡូវ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ក្រុម​ជំនុំ។ តើ​បញ្ហា​នោះ​ជា​អ្វី​ទៅ? អ្នក​កាន់​តាម​គ្រិស្ត​ជា​ច្រើន​នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក គឺ​ជា​អ្នក​ទៅ​ក្រុង​យេរូសាឡិម ហើយ​ចង់​រៀន​ថែម​ទៀត​មុន​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ អ្នក​កាន់​តាម​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​ស្ម័គ្រ​ចិត្ត​ធ្វើ​វិភាគទាន​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​អាហារ​និង​អ្វី​ផ្សេង​ទៀត។ (​សកម្ម. ២:៤៤​-​៤៦; ៤:៣៤​-​៣៧​) នៅ​ពេល​នោះ មាន​ស្ថានភាព​មួយ​បាន​កើត​ឡើង។ ​«​រាល់​ថ្ងៃ ពេល​ធ្វើ​ការ​ចែក​ចាយ​អាហារ​»​ ពួក​ស្ត្រី​មេ​ម៉ាយ​ដែល​និយាយ​ភាសា​ក្រិច​មិន​បាន​ត្រូវ​គេ​យក​ចិត្ត​ទុក​ដាក់​ទេ។ (​សកម្ម. ៦:១​) ប៉ុន្តែ ពួក​ស្ត្រី​មេ​ម៉ាយ​ដែល​និយាយ​ភាសា​ហេប្រឺ​បាន​ត្រូវ​គេ​យក​ចិត្ត​ទុក​ដាក់។ ដូច្នេះ តាម​មើល​ទៅ​បញ្ហា​នេះ​មក​ពី​ការ​រើស​អើង។ បញ្ហា​បែប​នេះ​អាច​ស្រួល​ធ្វើ​ឲ្យ​លែង​មាន​សាមគ្គី​ភាព​ជាង​បញ្ហា​ណា​ផ្សេង​ទៀត។

bt​-​E ទំ. ៤២ វ. ១៨

​«​យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង​»​

១៨ ពួក​សាវ័ក​ដែល​ធ្វើ​ជា​គណៈ​អភិបាល​នៃ​ក្រុម​ជំនុំ ទទួល​ស្គាល់​ថា គឺ​មិន​មែន​ជា​ការ​ឈ្លាស​វៃ​ទេ​ដែល​ពួក​គេ​«​ឈប់​បង្រៀន​បណ្ដាំ​របស់​ព្រះ ហើយ​ទៅ​បម្រើ​នៅ​តុ​»។ (​សកម្ម. ៦:២​) ដើម្បី​ដោះ​ស្រាយ​បញ្ហា ពួក​គេ​បាន​ឲ្យ​ការ​ណែនាំ​ដល់​ពួក​អ្នក​កាន់​តាម​ឲ្យ​ស្វែង​រក​បុរស​៧​នាក់​«​ដែល​ពោរ​ពេញ​ទៅ​ដោយ​ប្រាជ្ញា​និង​សកម្មពល​របស់​ព្រះ​»​ ហើយ​ជា​អ្នក​ដែល​ពួក​សាវ័ក​អាច​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​«​កិច្ច​ការ​ដ៏​ចាំ​បាច់​»​នេះ។ (​សកម្ម. ៦:៣​) ដោយ​សារ​កិច្ច​ការ​នោះ​ទំនង​ជា​មិន​គ្រាន់​តែ​រួម​បញ្ចូល​ការ​ផ្ដល់​អាហារ​ប៉ុណ្ណោះ តែ​ក៏​ទាក់​ទង​នឹង​ការ​ចាត់​ចែង​លុយ​កាក់ ទិញ​អ្វី​ផ្សេង​ៗ និង​កត់​ទុក​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ដែរ ដូច្នេះ​គឺ​ត្រូវ​ការ​បុរស​ដែល​មាន​គុណសម្បត្ដិ​គ្រប់​គ្រាន់។ បុរស​ដែល​បាន​ត្រូវ​ជ្រើស​រើស​ទាំង​អស់​មាន​ឈ្មោះ​ជា​ភាសា​ក្រិច នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ស្ត្រី​មេ​ម៉ាយ​ដែល​ទើស​ចិត្ត​ស្រួល​ទទួល​យក​ពួក​គេ​ជាង។ ក្រោយ​ពួក​សាវ័ក​បាន​អធិដ្ឋាន​អំពី​យោបល់​ដែល​ពួក​គេ​បាន​ទទួល ពួក​គេ​បាន​តែង​តាំង​បុរស​៧​នាក់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​«​កិច្ច​ការ​ដ៏​ចាំ​បាច់​»​នេះ។

bt​-​E ទំ. ៤៥ វ. ២

ស្ទេផាន​«​ពោរ​ពេញ​ទៅ​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​ឫទ្ធា​នុភាព​»​

២ មាន​អ្វី​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​អំពី​ទឹក​មុខ​របស់​ស្ទេផាន។ ចៅ​ក្រម​បាន​សម្លឹង​មើល​គាត់ ហើយ​ឃើញ​ថា​មុខ​គាត់​គឺ​«​ដូច​មុខ​ទេវតា​»។ (​សកម្ម. ៦:១៥​) ទេវតា​នាំ​ដំណឹង​ពី​ព្រះ​យេហូវ៉ា ដូច្នេះ​ពួក​គេ​មាន​ចិត្ត​ក្លាហាន ចិត្ត​ស្ងប់ និង​សេចក្ដី​សុខ​សាន្ត។ ស្ទេផាន​ក៏​ដូច​គ្នា​ដែរ សូម្បី​តែ​ពួក​ចៅ​ក្រម​ដែល​ស្អប់​គាត់​ក៏​អាច​ឃើញ​ដូច្នេះ។ តើ​គាត់​អាច​មាន​ចិត្ត​ស្ងប់​ដូច​នេះ​យ៉ាង​ដូច​ម្ដេច​បាន?

bt​-​E ទំ. ៥៨ វ. ១៦

ការ​ប្រកាស​«​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​»​

១៦ សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​មាន​ឯកសិទ្ធិ​ធ្វើ​កិច្ច​ការ​ដូច​ភីលីព​បាន​ធ្វើ​ដែរ។ ជា​ច្រើន​ដង ពួក​គេ​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ដល់​អ្នក​ដែល​ពួក​គេ​ជួប​ក្រៅ​ផ្លូវ​ការ ដូច​ជា​ពេល​ធ្វើ​ដំណើរ​ជា​ដើម។ ក្នុង​ករណី​ជា​ច្រើន ពេល​ពួក​គេ​ជួប​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ នោះ​មិន​មែន​ជា​ការ​ចៃដន្យ​ទេ។ ពី​ព្រោះ​គម្ពីរ​ប្រាប់​យ៉ាង​ច្បាស់​ថា​ទេវតា​កំពុង​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ឲ្យ​ដំណឹង​ឮ​ដល់​«​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជាតិ​សាសន៍​»។ (​បប. ១៤:៦​) ការ​ដឹក​នាំ​ពី​ទេវតា​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​ជា​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន។ ក្នុង​ឧទាហរណ៍​របស់​លោក​អំពី​ស្រូវ​សាលី​និង​ស្រងែ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ក្នុង​អំឡុង​ពេល​ច្រូត​កាត់ ពោល​គឺ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ ​«​បណ្ដា​ទេវតា​គឺ​ជា​អ្នក​ច្រូត​»។ លោក​បាន​បន្ថែម​ទៀត​ថា​បុគ្គល​វិញ្ញាណ​ទាំង​នេះ​នឹង​«​ដក​ចេញ​ពី​រាជាណាចក្រ​របស់​លោក នូវ​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ជំពប់​ដួល ព្រម​ទាំង​មនុស្ស​ទាំង​អស់​ដែល​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់​»។ (​ម៉ាថ. ១៣:៣៧​-​៤១​) នៅ​ដំណាល​គ្នា​នោះ ទេវតា​នឹង​ប្រមូល​អ្នក​ដែល​មាន​ឱកាស​ទទួល​មត៌ក​ជា​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ ហើយ​ក្រោយ​មក​ប្រមូល​«​មនុស្ស​មួយ​ក្រុម​ធំ​»​ឬ​«​ចៀម​ឯ​ទៀត​»។ ពួក​គេ​គឺ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​ចង់​ទាញ​នាំ​ឲ្យ​ចូល​ក្នុង​អង្គ​ការ​របស់​លោក។—បប. ៧:៩; យ៉ូន. ៦:៤៤, ៦៥; ១០:១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក