ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១-៧ ខែតុលា
nwtsty-E
ក្រោលចៀម
ក្រោលចៀមគឺជាកន្លែងមួយដែលមានជញ្ជាំងឫរបងនៅជុំវិញដើម្បីការពារចៀមពីពួកចោរនិងសត្វសាហាវ។ នៅពេលយប់ គង្វាលរក្សាទុកហ្វូងចៀមរបស់ពួកគេក្នុងក្រោលដើម្បីការពារពួកវា។ នៅសម័យគម្ពីរ ក្រោលមានរូបរាងនិងទំហំខុសៗគ្នា ហើយក្រោលគ្មានដំបូលទេ ច្រើនតែមានជញ្ជាំងថ្ម និងមានច្រកតែមួយ។ (ជន. ៣២:១៦; ១សាំ. ២៤:៣; សេផ. ២:៦) យ៉ូហាននិយាយអំពីការចូលក្នុងក្រោលចៀម«តាមទ្វារ» ដែលបានត្រូវការពារដោយ«អ្នកយាមទ្វារ»។ (យ៉ូន. ១០:១, ៣) នៅពេលយប់ បើមានហ្វូងចៀមជាច្រើនដេកជាមួយគ្នា អ្នកយាមទ្វារនឹងនៅយាមការពារចៀមទាំងនោះ។ នៅពេលព្រឹក អ្នកយាមទ្វារនឹងបើកទ្វារឲ្យពួកគង្វាល។ គង្វាលម្នាក់ៗនឹងប្រមូលហ្វូងចៀមរបស់គាត់ដោយហៅចៀមរបស់គាត់ ហើយចៀមរបស់គាត់ស្គាល់សំឡេងរបស់គង្វាលវា ហើយចេញទៅតាម។ (យ៉ូន. ១០:៣-៥) លោកយេស៊ូប្រើឧទាហរណ៍នេះដើម្បីបង្ហាញអំពីរបៀបដែលលោកថែរក្សាអ្នកកាន់តាមលោក។—យ៉ូន. ១០:៧-១៤
cf-E ទំ. ១២៤-១២៥ វ. ១៧
«លោកមិនដែលមានប្រសាសន៍ទៅពួកគេដោយមិនប្រើឧទាហរណ៍ឡើយ»
១៧ តាមការសង្កេតមើលដោយផ្ទាល់ ចច ស្មីត បានសរសេរក្នុងសៀវភៅរបស់គាត់ថា «ពេលខ្លះយើងចូលចិត្តសម្រាកនៅពេលថ្ងៃក្បែរអណ្ដូងណាមួយក្នុងតំបន់យូឌា នៅទីនោះមានគង្វាលបីឬបួននាក់មកជាមួយនឹងហ្វូងចៀមរបស់ពួកគេ។ ហ្វូងចៀមទាំងអស់នៅជាមួយគ្នា ហើយយើងឆ្ងល់ថាតើគង្វាលម្នាក់ៗនឹងរកហ្វូងចៀមរបស់ខ្លួនម្ដងទៀតយ៉ាងដូចម្ដេច? ប៉ុន្តែក្រោយពីចៀមបានផឹកទឹកនិងលេងសប្បាយ គង្វាលម្នាក់ៗបានទៅកន្លែងផ្សេងៗនៃចន្លោះភ្នំ ហើយម្នាក់ៗហៅចៀមរបស់ខ្លួនតាមរបៀបពិសេស។ ចៀមរបស់គង្វាលម្នាក់ៗចេញពីហ្វូងធំនោះដើម្បីទៅតាមគង្វាលរបស់ពួកវា ហើយចៀមទាំងនោះចេញទៅជួបគង្វាលជាក្រុមដោយមានរបៀបរៀបរយ»។ (The Historical Geography of the Holy Land) លោកយេស៊ូបានប្រើឧទាហរណ៍ដែលសមត្រឹមត្រូវណាស់ដើម្បីបញ្ជាក់ចំណុចថា បើយើងស្គាល់និងធ្វើតាមសេចក្ដីបង្រៀនរបស់លោក ហើយធ្វើតាមការណែនាំរបស់លោក នោះយើងអាចនៅក្រោមការថែរក្សារបស់«គង្វាលដ៏ល្អប្រសើរ»។
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១០:១៦
នាំ . . . មក: ជាគង្វាលដ៏ល្អប្រសើរ លោកយេស៊ូប្រមូល នាំមុខ ការពារ និងផ្ដល់ចំណីដល់ចៀមដែលនៅក្នុងក្រោលនេះ (ក៏សំដៅលើ«ហ្វូងតូច»នៅលូក. ១២:៣២) ព្រមទាំងចៀមឯទៀតរបស់លោក។ ចៀមទាំងនេះទៅជាហ្វូងតែមួយក្រោមការដឹកនាំរបស់គង្វាលតែម្នាក់។ ឧទាហរណ៍នេះបញ្ជាក់អំពីសាមគ្គីភាពដែលអ្នកកាន់តាមលោកយេស៊ូនឹងមាន។
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ៩:៣៨
លំឱនកាយគោរពលោក: ពេលកិរិយាសព្ទភាសាក្រិចនេះ(pro·sky·neʹo) បានត្រូវប្រើដើម្បីសំដៅលើការគោរពប្រណិប័តន៍ព្រះផ្សេងៗ កិរិយាសព្ទនោះបានត្រូវបកប្រែថា«គោរពប្រណិប័តន៍»។ (ម៉ាថ. ៤:១០; លូក. ៤:៨) ប៉ុន្តែ ក្នុងបរិបទនេះ បុរសងងឹតភ្នែកពីកំណើតដែលបានជាសះស្បើយ បានទទួលស្គាល់ថាលោកយេស៊ូជាអ្នកតំណាងព្រះ ហើយបានលំឱនកាយគោរពលោក។ គាត់មិនបានចាត់ទុកលោកជាព្រះទេ តែជា«កូនមនុស្ស»ដែលបានត្រូវប្រកាសទុកជាមុន ពោលគឺមេស្ស៊ីដែលទទួលអំណាចពីព្រះ។ (យ៉ូន. ៩:៣៥) ពេលគាត់ក្រាបចុះចំពោះលោកយេស៊ូ គាត់ប្រហែលជាបានធ្វើដូច្នេះស្រដៀងនឹងមនុស្សនៅក្នុងបទគម្ពីរភាសាហេប្រឺបានធ្វើដែរ។ ពួកគេបានក្រាបចុះពេលជួបស្តេច អ្នកប្រកាសទំនាយ ឬអ្នកតំណាងឯទៀតរបស់ព្រះ។ (១សាំ. ២៥:២៣, ២៤; ២សាំ. ១៤:៤-៧; ១ព. ១:១៦; ២ព. ៤:៣៦, ៣៧) ជាច្រើនដង ពេលបុគ្គលណាម្នាក់លំឱនកាយគោរពលោកយេស៊ូ គឺដើម្បីបង្ហាញអំពីចិត្តដឹងគុណដោយសារគាត់ឃើញថាលោកយេស៊ូទទួលការពេញចិត្តពីព្រះ។—ម៉ាថ. ២:២; ៨:២; ១៤:៣៣; ១៥:២៥
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១០:២២
បុណ្យឧទ្ទិស: ពាក្យភាសាហេប្រឺនៃបុណ្យនេះគឺហានូកា (ឆានូកា) មានន័យថា«ការសម្ពោធ ការប្រគល់ជូន»។ បុណ្យនេះមានរយៈពេលប្រាំបីថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែគីស្លេវ ជិតដល់ចុងខែធ្នូ។ បុណ្យនេះធ្វើឡើងដើម្បីរំលឹកអំពីការសម្ពោធវិហារក្រុងយេរូសាឡិមម្ដងទៀតកាលនៅឆ្នាំ១៦៥ មុនគ.ស.។ ហេតុអ្វីគេរំលឹកអំពីការសម្ពោធម្ដងទៀតនេះ? ស្តេចនៅស្រុកស៊ីរីឈ្មោះអាន់ទីយ៉ូកឹសទី៤ អេភីផាន មិនបានបង្ហាញការគោរពចំពោះព្រះយេហូវ៉ាជាព្រះនៃជនជាតិយូដាទេ។ គាត់បានធ្វើឲ្យវិហាររបស់ព្រះយេហូវ៉ាមិនស្អាតបរិសុទ្ធ។ ជាឧទាហរណ៍ គាត់បានសង់ទីបូជាលើទីបូជាធំ ជាកន្លែងដែលគេធ្លាប់ដុតគ្រឿងបូជាដល់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី២៥ ខែគីស្លេវ ឆ្នាំ១៦៨ មុនគ.ស. ដើម្បីធ្វើឲ្យវិហាររបស់ព្រះយេហូវ៉ាមិនស្អាតបរិសុទ្ធទាំងស្រុង អាន់ទីយ៉ូកឹសបានបូជាសត្វជ្រូកនៅលើទីបូជា ហើយបានយកទឹកដែលបានស្រុះសត្វជ្រូកទៅប្រោះនៅលើវិហារទាំងមូល។ គាត់បានដុតទ្វារវិហារ រំលំបន្ទប់របស់ពួកសង្ឃ និងដកចេញនូវទីបូជាដែលធ្វើពីមាស តុដាក់នំប៉័ងតាំងទុក និងជើងចង្កៀងដែលធ្វើពីមាស។ រួចមក គាត់បានធ្វើការសម្ពោធវិហាររបស់ព្រះយេហូវ៉ាម្ដងទៀតជូនដល់ព្រះសឺសដែលជាព្រះមិនពិត។ ពីរឆ្នាំក្រោយមក យូដាស ម៉ាកាបាយបានចាប់យកក្រុងនិងវិហារនោះមកវិញ។ ក្រោយពីវិហារបានត្រូវធ្វើឲ្យស្អាតបរិសុទ្ធ ការសម្ពោធម្ដងទៀតបានត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែគីស្លេវ ឆ្នាំ១៦៥ មុនគ.ស. នោះគឺបីឆ្នាំគត់ក្រោយអាន់ទីយ៉ូកឹសបានជូនគ្រឿងបូជាស្មោកគ្រោកលើទីបូជាដល់ព្រះសឺស។ ក្រោយមកទៀត គេចាប់ផ្ដើមដុតគ្រឿងបូជាដល់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃម្ដងទៀត។ គ្មានបទគម្ពីរណាដែលបញ្ជាក់ថាព្រះយេហូវ៉ាបានធ្វើឲ្យយូដាស ម៉ាកាបាយទទួលជ័យជម្នះ ហើយប្រាប់គាត់ឲ្យស្ថាបនាវិហារឡើងវិញនោះទេ។ ប៉ុន្តែ ព្រះយេហូវ៉ាធ្លាប់ប្រើបុរសពីប្រជាជាតិដទៃ ដូចជាស៊ីរូសដែលជាជនជាតិពើស៊ី ដើម្បីបំពេញគោលបំណងអំពីការគោរពប្រណិប័តន៍ពិតរបស់លោក។ (អេ. ៤៥:១) ហេតុនេះ គឺជាការសមហេតុផលឲ្យសន្និដ្ឋានថា ព្រះយេហូវ៉ាប្រហែលជាប្រើបុរសដែលជារាស្ត្រដែលបានប្រគល់ខ្លួនជូនលោកដើម្បីសម្រេចគោលបំណងរបស់លោក។ បទគម្ពីរឯទៀតបង្ហាញថាត្រូវតែមានវិហារ និងប្រើក្នុងការគោរពប្រណិប័តន៍ពិតដើម្បីឲ្យសម្រេចទំនាយអំពីមេស្ស៊ី កិច្ចបម្រើផ្សាយរបស់លោក និងគ្រឿងបូជារបស់លោក។ ម្យ៉ាងទៀត ពួកលេវីត្រូវជូនគ្រឿងបូជារហូតដល់ពេលដែលមេស្ស៊ីនឹងជូនគ្រឿងបូជាប្រសើរជាង ពោលគឺជីវិតរបស់លោកដើម្បីមនុស្សជាតិ។ (ដាន. ៩:២៧; យ៉ូន. ២:១៧; ហេ. ៩:១១-១៤) អ្នកកាន់តាមគ្រិស្តមិនបានត្រូវបង្គាប់ឲ្យធ្វើបុណ្យឧទ្ទិសទេ។ (កូឡ. ២:១៦, ១៧) ក៏ប៉ុន្តែ គ្មានកំណត់ហេតុដែលបង្ហាញថាលោកយេស៊ូឬអ្នកកាន់តាមលោកផ្ដន្ទាទោសអ្នកដែលធ្វើបុណ្យនេះឡើយ។
ថ្ងៃទី៨-១៤ ខែតុលា
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១១:២៤, ២៥
ខ្ញុំដឹងថាគាត់នឹងរស់ឡើងវិញ: ម៉ាថាបានគិតថាលោកយេស៊ូកំពុងមានប្រសាសន៍អំពីការប្រោសឲ្យរស់ឡើងវិញនៅថ្ងៃអនាគត គឺថ្ងៃចុងក្រោយ។ (យ៉ូន. ៦:៣៩) ជំនឿរបស់នាងទៅលើសេចក្ដីបង្រៀននេះគឺគួរឲ្យកត់សម្គាល់។ នៅសម័យរបស់នាង ពួកអ្នកដឹកនាំសាសនាខ្លះដែលគេហៅថាសាឌូស៊ី បានបដិសេធអំពីការប្រោសឲ្យរស់ឡើងវិញ ទោះជាមានសេចក្ដីបង្រៀនយ៉ាងច្បាស់នៅក្នុងបទគម្ពីរដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះក៏ដោយ។ (ដាន. ១២:១៣; ម៉ាក. ១២:១៨) មួយវិញទៀត ពួកផារិស៊ីជឿទៅលើព្រលឹងអមតៈ។ ប៉ុន្តែ ម៉ាថាបានដឹងថាលោកយេស៊ូបានបង្រៀនអំពីសេចក្ដីសង្ឃឹមនៃការប្រោសឲ្យរស់ឡើងវិញ ហើយបានប្រោសមនុស្សខ្លះឲ្យរស់ឡើងវិញផងដែរ ទោះជាពួកគេមិនបានស្លាប់យូរដូចឡាសាក្ដី។
ការរស់ឡើងវិញនិងជីវិតគឺដោយសារខ្ញុំ: សេចក្ដីស្លាប់និងការប្រោសឲ្យរស់ឡើងវិញរបស់លោកយេស៊ូបានបើកឱកាសឲ្យមនុស្សស្លាប់មានជីវិតម្ដងទៀត។ ក្រោយលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ព្រះយេហូវ៉ាមិនគ្រាន់តែប្រគល់អំណាចឲ្យលោកប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញប៉ុណ្ណោះទេ តែក៏ប្រគល់អំណាចអាចផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ផងដែរ។ (យ៉ូន. ៥:២៦) នៅបប. ១:១៨ លោកយេស៊ូហៅខ្លួនលោកថា«អ្នកដែលមានជីវិតរស់នៅ» ដែលមាន«កូនសោនៃសេចក្ដីស្លាប់និងកូនសោនៃផ្នូរ»។ ហេតុនេះហើយ លោកយេស៊ូគឺជាសេចក្ដីសង្ឃឹមចំពោះមនុស្សរស់និងមនុស្សស្លាប់។ លោកបានសន្យាថាផ្ដល់ជីវិតដល់មនុស្សស្លាប់ ទាំងអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដើម្បីធ្វើជាអ្នកគ្រប់គ្រងជាមួយនឹងលោក ទាំងអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីថ្មីក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកដែលនៅស្ថានសួគ៌។—យ៉ូន. ៥:២៨, ២៩; ២ពេ. ៣:១៣
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១១:៣៣-៣៥
កំពុងយំ: ពាក្យភាសាក្រិច«យំ»ច្រើនតែសំដៅលើយំដោយបញ្ចេញសំឡេង។ កិរិយាសព្ទនេះក៏បានត្រូវប្រើចំពោះលោកយេស៊ូ នៅពេលដែលលោកបានប្រកាសទុកជាមុនអំពីការបំផ្លាញក្រុងយេរូសាឡិម។—លូក. ១៩:៤១
ចិត្តក្ដុកក្ដួលក៏រំជួលចិត្តយ៉ាងខ្លាំង: ពាក្យទាំងនេះជាភាសាដើមរៀបរាប់អំពីអារម្មណ៍យ៉ាងខ្លាំងរបស់លោកយេស៊ូនៅពេលនោះ។ ជាធម្មតា កិរិយាសព្ទភាសាក្រិចនេះដែលបានត្រូវបកប្រែថា«ចិត្តក្ដុកក្ដួល» (em·bri·maʹo·mai) សំដៅលើអារម្មណ៍ខ្លាំង ប៉ុន្តែក្នុងបរិបទនេះពាក្យនេះបញ្ជាក់ថាលោកយេស៊ូមិនគ្រាន់តែមានអារម្មណ៍ក្ដុកក្ដួលប៉ុណ្ណោះទេ តែលោកក៏បានបង្ហាញអារម្មណ៍នោះដែរ។ ពាក្យភាសាក្រិច«រំជួលចិត្តយ៉ាងខ្លាំង» (ta·rasʹso) ជាន័យត្រង់សំដៅលើអារម្មណ៍ជ្រួលច្របល់។ យោងតាមបណ្ឌិតម្នាក់ ក្នុងបរិបទនេះពាក្យនេះមានន័យថា«ធ្វើឲ្យច្របូកច្របល់ក្នុងចិត្ត ធ្វើឲ្យកើតទុក្ខឬឈឺចាប់យ៉ាងខ្លាំង»។ កិរិយាសព្ទភាសាក្រិចនេះក៏បានត្រូវប្រើនៅយ៉ូន. ១៣:២១ ដើម្បីរៀបរាប់អំពីប្រតិកម្មរបស់លោកយេស៊ូពេលគិតអំពីការក្បត់របស់យូដាស។—យ៉ូន. ១១:៣៥
ស្រក់ទឹកភ្នែក: ពាក្យក្រិចនេះ (da·kryʹo) គឺជាកិរិយាសព្ទ ហើយពេលជានាមគឺ«ទឹកភ្នែក»ដែលបានត្រូវប្រើក្នុងបទគម្ពីរដូចជាលូក. ៧:៣៨; សកម្ម. ២០:១៩, ៣១; ហេ. ៥:៧; បប. ៧:១៧; ២១:៤។ តាមមើលទៅ ពាក្យ«ស្រក់ទឹកភ្នែក»នេះសំដៅលើការហូរទឹកភ្នែកជាជាងការយំឮៗ។ ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច កិរិយាសព្ទក្រិចនេះបានត្រូវប្រើនៅខនេះប៉ុណ្ណោះ ហើយពាក្យនេះខុសពីពាក្យដែលបានត្រូវប្រើនៅយ៉ូន. ១១:៣៣ ដើម្បីរៀបរាប់អំពីការយំរបស់ម៉ារៀនិងជនជាតិយូដា។ លោកយេស៊ូបានដឹងថាលោកនឹងប្រោសឡាសាឲ្យរស់ឡើងវិញ តែលោកកើតទុក្ខជាខ្លាំងពេលលោកឃើញមិត្តជាទីស្រឡាញ់របស់លោកកំពុងមានទុក្ខ។ លោកបានស្រក់ទឹកភ្នែកនៅមុខមនុស្ស ដោយសារលោកស្រឡាញ់និងមានចិត្តអាណិតមេត្ដាយ៉ាងជ្រាលជ្រៅចំពោះមិត្តរបស់លោក។ កំណត់ហេតុនេះបង្ហាញយ៉ាងច្បាស់ថាលោកយេស៊ូយល់អារម្មណ៍របស់ពួកអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារសេចក្ដីស្លាប់។
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១១:៤៩
សម្ដេចសង្ឃ: ពេលអ៊ីស្រាអែលជាប្រទេសឯករាជ្យ សម្ដេចសង្ឃកាន់តួនាទីរបស់គាត់អស់មួយជីវិត។ (ជន. ៣៥:២៥) ក៏ប៉ុន្តែ ក្នុងអំឡុងពេលអ៊ីស្រាអែលនៅក្រោមអាណានិគមរបស់ពួករ៉ូម អ្នកគ្រប់គ្រងដែលបានត្រូវតែងតាំងដោយពួករ៉ូមមានអំណាចតែងតាំងនិងដកតំណែងរបស់សម្ដេចសង្ឃ។ កៃផាសបានត្រូវតែងតាំងដោយពួករ៉ូម គាត់ពូកែខាងនយោបាយ ហើយគាត់បានកាន់តួនាទីនេះយូរជាងបុគ្គលមុនៗ។ គាត់បានត្រូវតែងតាំងប្រហែលនៅឆ្នាំ១៨ គ.ស. ហើយកាន់តួនាទីនេះរហូតដល់ប្រហែលជានៅឆ្នាំ៣៦ គ.ស.។ ដោយនិយាយថាកៃផាសជាសម្ដេចសង្ឃនៅឆ្នាំនោះ ពោលគឺឆ្នាំ៣៣ គ.ស. យ៉ូហានប្រហែលជាចង់មានន័យថាឆ្នាំដែលលោកយេស៊ូបានត្រូវគេសម្លាប់គឺជាឆ្នាំដែលកៃផាសកំពុងធ្វើជាសម្ដេចសង្ឃ។
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១២:៤២
ពួកអ្នកគ្រប់គ្រង: តាមមើលទៅ ពាក្យភាសាក្រិចនេះ«ពួកអ្នកគ្រប់គ្រង»សំដៅលើសមាជិកនៃតុលាជាន់ខ្ពស់របស់ពួកយូដា ពោលគឺក្រុមប្រឹក្សាជាន់ខ្ពស់។ ពាក្យនេះបានត្រូវប្រើនៅយ៉ូន. ៣:១ ពេលរៀបរាប់អំពីនីកូដេម ដែលជាសមាជិកនៃតុលាការនោះ។—យ៉ូន. ៣:១
បណ្ដេញចោលពីសាលាប្រជុំ: គុណនាមភាសាក្រិចនេះ(a·po·sy·naʹgo·gos) បានត្រូវប្រើនៅខនេះនិងនៅយ៉ូន. ១២:៤២និង១៦:២ប៉ុណ្ណោះ។ បុគ្គលដែលបានត្រូវបណ្ដេញចេញនឹងត្រូវគេមើលងាយនិងបដិសេធគាត់។ ការបណ្ដាច់ទំនាក់ទំនងជាមួយនឹងជនជាតិយូដានឹងធ្វើឲ្យក្រុមគ្រួសារមានបញ្ហាលុយកាក់ជាខ្លាំង។ សាលាប្រជុំជាធម្មតាបានត្រូវប្រើសម្រាប់ការអប់រំ ក៏ប៉ុន្តែពេលខ្លះក៏បានត្រូវប្រើធ្វើជាតុលាការដែលមានអំណាចដាក់ទោសដោយវាយនឹងរំពាត់ខ្សែតីនិងបណ្ដេញចោលដែរ។—ម៉ាថ. ១០:១៧
ថ្ងៃទី១៥-២១ ខែតុលា
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៣:៥
លាងជើងរបស់ពួកអ្នកកាន់តាម: នៅអ៊ីស្រាអែលសម័យបុរាណ មនុស្សចូលចិត្តពាក់ស្បែកជើងសង្រែក។ ស្បែកជើងនោះមានបាតដែលមានខ្សែក្រវាត់ដល់កជើង ដូច្នេះជើងរបស់អ្នកធ្វើដំណើរប្រាកដជាប្រឡាក់ដីឬពីផ្លូវនិងវាលដែលមានភក់។ ដូច្នេះ មនុស្សនៅសម័យនោះមានទម្លាប់ដោះស្បែកជើងពេលចូលផ្ទះ ហើយអ្នកទទួលភ្ញៀវដែលមានចិត្តរាក់ទាក់នឹងធ្វើឲ្យប្រាកដថាជើងរបស់ភ្ញៀវគាត់បានត្រូវលាងសម្អាត។ បទគម្ពីរមួយចំនួនរៀបរាប់អំពីទំនៀមទម្លាប់នេះ។ (លោ. ១៨:៤, ៥; ២៤:៣២; ១សាំ. ២៥:៤១; លូក. ៧:៣៧, ៣៨, ៤៤) ពេលលោកយេស៊ូលាងជើងរបស់ពួកអ្នកកាន់តាម លោកបានប្រើទំនៀមទម្លាប់នេះដើម្បីបង្រៀនពួកគេអំពីចិត្តរាបទាបនិងការបម្រើគ្នាទៅវិញទៅមក។
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៣:១២-១៤
ត្រូវ: ឬ«មានកាតព្វកិច្ចចំពោះ»។ កិរិយាសព្ទក្រិចនេះច្រើនតែបានត្រូវប្រើសម្រាប់ខាងលុយកាក់ មានអត្ថន័យថា«ជំពាក់អ្វីមួយដល់អ្នកណាម្នាក់»។ (ម៉ាថ. ១៨:២៨, ៣០, ៣៤; លូក. ១៦:៥, ៧) នៅបរិបទនេះនិងបរិបទឯទៀត ពាក្យនេះបានត្រូវប្រើក្នុងអត្ថន័យទូលាយជាងស្តីអំពីការមានកាតព្វកិច្ចចំពោះអ្នកណាម្នាក់ ឬធ្វើអ្វីមួយ។—១យ៉ូន. ៣:១៦; ៤:១១; ៣យ៉ូន. ៨
w៩៩-E ១/៣ ទំ. ៣១ វ. ១
បុរសឧត្តមបំផុតបង្ហាញចិត្តរាបទាប
ដោយលាងជើងរបស់ពួកអ្នកកាន់តាមលោក លោកយេស៊ូបានបង្រៀនមេរៀនដ៏ល្អប្រសើរអំពីចិត្តរាបទាប។ ពិតមែន គ្រិស្តសាសនិកមិនគួរគិតថាពួកគេគឺជាមនុស្សសំខាន់ដែលអ្នកឯទៀតគួរបម្រើពួកគេទេ ហើយពួកគេក៏មិនគួរគិតចង់បានឋានៈដែលមានកិត្ដិយសនិងមុខមាត់ដែរ។ ផ្ទុយទៅវិញ ពួកគេគួរធ្វើតាមគំរូរបស់លោកយេស៊ូដែល«មិនបានមកដើម្បីឲ្យគេបម្រើលោក . . . តែបានមកដើម្បីបម្រើគេវិញ ហើយឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាថ. ២០:២៨) ពិតមែន អ្នកកាន់តាមលោកយេស៊ូគួរស្ម័គ្រចិត្តបម្រើគ្នាទៅវិញទៅមកដោយចិត្តរាបទាប។
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៤:៦
ខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត: លោកយេស៊ូគឺជាផ្លូវ ដោយសារមានតែតាមរយៈលោកប៉ុណ្ណោះដែលបើកឱកាសឲ្យមនុស្សអាចអធិដ្ឋានទៅព្រះ។ លោកក៏ជា«ផ្លូវ»សម្រាប់មនុស្សដោយជួយពួកគេផ្សះផ្សាជាមួយនឹងព្រះ។ (យ៉ូន. ១៦:២៣; រ៉ូម ៥:៨) លោកយេស៊ូគឺជាសេចក្ដីពិតក្នុងន័យថាលោកនិយាយនិងរស់នៅសមស្របតាមសេចក្ដីពិត។ លោកក៏បានសម្រេចទំនាយជាច្រើនដែលបង្ហាញថាលោកមានតួនាទីសំខាន់បំផុតក្នុងការសម្រេចគោលបំណងរបស់ព្រះ។ (យ៉ូន. ១:១៤; បប. ១៩:១០) ទំនាយទាំងនេះបានទៅជា«មែន[ឬបានសម្រេច] តាមរយៈលោក»។ (២កូ. ១:២០) លោកយេស៊ូគឺជាជីវិត ដោយសារតាមរយៈថ្លៃលោះ លោកបានធ្វើឲ្យមនុស្សជាតិអាចទទួល«ជីវិតដ៏ពិតប្រាកដ» ពោលគឺ«ជីវិតដែលគ្មានទីបញ្ចប់»។ (១ធី. ៦:១២, ១៩; អេភ. ១:៧; ១យ៉ូន. ១:៧) លោកក៏នឹងបង្ហាញឲ្យឃើញថាលោកគឺជា«ជីវិត»សម្រាប់មនុស្សរាប់លាននាក់ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយនឹងទទួលឱកាសរស់ជារៀងរហូតក្នុងសួនឧទ្យាន។—យ៉ូន. ៥:២៨, ២៩
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៤:១២
ធ្វើការដ៏ធំជាងនោះទៅទៀត: លោកយេស៊ូមិនមែនចង់មានប្រសាសន៍ថាអព្ភូតហេតុដែលអ្នកកាន់តាមលោកធ្វើនឹងអស្ចារ្យជាងអព្ភូតហេតុរបស់លោកនោះទេ។ ផ្ទុយទៅវិញ ដោយចិត្តរាបទាប លោកទទួលស្គាល់ថាអ្នកកាន់តាមលោកនឹងផ្សព្វផ្សាយនៅតំបន់ច្រើនជាង ជួបមនុស្សច្រើនជាង និងផ្សព្វផ្សាយរយៈពេលយូរជាងលោក។ ពាក្យរបស់លោកយេស៊ូបង្ហាញយ៉ាងច្បាស់ថាលោកតម្រូវឲ្យអ្នកកាន់តាមលោកបន្តធ្វើកិច្ចការរបស់លោក។
ថ្ងៃទី២២-២៨ ខែតុលា
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៥:១៩
ពិភពលោក: ក្នុងបរិបទនេះ ពាក្យភាសាក្រិចនេះ (koʹsmos) សំដៅលើមនុស្សនៅក្នុងពិភពលោក ពោលគឺមនុស្សមិនសុចរិតដែលនៅដាច់ឆ្ងាយពីព្រះ តែមិនរួមបញ្ចូលអ្នកបម្រើរបស់ព្រះទេ។ យ៉ូហានគឺជាអ្នកសរសេរសៀវភៅដំណឹងល្អតែម្នាក់ប៉ុណ្ណោះដែលដកស្រង់ប្រសាសន៍របស់លោកយេស៊ូថាអ្នកកាន់តាមលោកមិនរួមចំណែកក្នុងពិភពលោកឡើយ។ គំនិតនេះក៏បានត្រូវបញ្ជាក់ពីរដងទៀតនៅក្នុងសេចក្ដីអធិដ្ឋានចុងក្រោយរបស់លោកយេស៊ូជាមួយនឹងសាវ័កស្មោះត្រង់របស់លោក។—យ៉ូន. ១៧:១៤, ១៦
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៥:២១
ដោយសារឈ្មោះខ្ញុំ: ក្នុងគម្ពីរ ពាក្យ«ឈ្មោះ»ជួនកាលជាតំណាងបុគ្គលដែលមានឈ្មោះនោះផ្ទាល់ កេរ្ដិ៍ឈ្មោះរបស់គាត់ និងគុណសម្បត្ដិទាំងអស់របស់គាត់។ (ម៉ាថ. ៦:៩) ស្តីអំពីឈ្មោះរបស់លោកយេស៊ូ នោះក៏ជាតំណាងអំណាចនិងឋានៈដែលបិតារបស់លោកបានប្រគល់ឲ្យលោក។ (ម៉ាថ. ២៨:១៨; ភី. ២:៩, ១០; ហេ. ១:៣, ៤) នៅទីនេះ លោកយេស៊ូពន្យល់អំពីមូលហេតុដែលមនុស្សក្នុងពិភពលោកនឹងទាស់នឹងអ្នកកាន់តាមលោក គឺពីព្រោះពួកគេមិនស្គាល់លោកដែលបានចាត់លោកយេស៊ូឲ្យមកទេ។ ការស្គាល់ព្រះនឹងជួយពួកគេឲ្យយល់និងទទួលស្គាល់អ្វីដែលឈ្មោះរបស់លោកយេស៊ូតំណាងឲ្យ។ (សកម្ម. ៤:១២) ឈ្មោះនេះរួមបញ្ចូលឋានៈរបស់លោកយេស៊ូជាអ្នកគ្រប់គ្រងដែលព្រះបានតែងតាំង គឺស្តេចលើស្តេចទាំងអស់ ដែលមនុស្សគ្រប់គ្នាគួរចុះចូលដើម្បីបានជីវិត។—យ៉ូន. ១៧:៣; បប. ១៩:១១-១៦; សូមពិនិត្យបន្ថែមទំនុក. ២:៧-១២
it-1-E ទំ. ៥១៦
ក្លាហាន
គ្រិស្តសាសនិកត្រូវការចិត្តក្លាហានដើម្បីរក្សាខ្លួនមិនឲ្យទទួលឥទ្ធិពលពីចិត្តគំនិតនិងការប្រព្រឹត្តរបស់ពិភពលោកដែលប្រឆាំងនឹងព្រះយេហូវ៉ា និងដើម្បីរក្សាភាពស្មោះត្រង់ចំពោះលោកទោះជាពិភពលោកនេះស្អប់ក្ដី។ លោកយេស៊ូគ្រិស្តបានប្រាប់អ្នកកាន់តាមលោកថា៖ «ក្នុងពិភពលោក អ្នករាល់គ្នាមានសេចក្ដីវេទនា ប៉ុន្តែចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»។ (យ៉ូន. ១៦:៣៣) បុត្ររបស់ព្រះបានឈ្នះពិភពលោកនេះ លោកមិនដែលមានការប្រព្រឹត្តស្របតាមចិត្តគំនិតរបស់ពិភពលោកនេះទេ។ គំរូដ៏ប្រសើររបស់លោកយេស៊ូគ្រិស្តក្នុងនាមជាអ្នកឈ្នះពិភពលោកនិងការមានរបៀបរស់នៅដ៏ល្អឥតខ្ចោះ អាចជួយយើងឲ្យមានចិត្តក្លាហានដែលយើងត្រូវការដើម្បីយកតម្រាប់លោកក្នុងការរក្សាខ្លួនមិនឲ្យទទួលឥទ្ធិពលពីពិភពលោកនេះ។—យ៉ូន. ១៧:១៦
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៧:២១-២៣
មួយ: ឬ«សាមគ្គីភាព»។ លោកយេស៊ូបានអធិដ្ឋានឲ្យអ្នកកាន់តាមពិតរបស់លោករួមគ្នាតែ«មួយ» ពោលគឺរួមសហការគ្នាដោយមានគោលបំណងដូចគ្នា ដូចលោកនិងបិតារបស់លោករួមគ្នាតែ«មួយ» ក្នុងន័យថាលោកទាំងពីរសហការគ្នា និងមានគំនិតតែមួយ។ (យ៉ូន. ១៧:២២) នៅ១កូ. ៣:៦-៩ ប៉ូលរៀបរាប់សាមគ្គីភាពប្រភេទនេះក្នុងចំណោមគ្រិស្តសាសនិកកាលដែលពួកគេរួមការងារជាមួយគ្នានិងជាមួយព្រះ។—សូមមើល ១កូ. ៣:៨ និងយ៉ូន. ១០:៣០; ១៧:១១
រួមគ្នាតែមួយយ៉ាងពិតប្រាកដ: ក្នុងខនេះ លោកយេស៊ូមានប្រសាសន៍ថាសាមគ្គីភាពល្អឥតខ្ចោះនេះគឺជាប់ទាក់ទងនឹងការទទួលសេចក្ដីស្រឡាញ់ពីបិតាដែលនៅស្ថានសួគ៌។ នេះគឺសមស្របនឹងកូឡ. ៣:១៤ ដែលចែងថា៖ «សេចក្ដីស្រឡាញ់ . . . ជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ សាមគ្គីភាពល្អឥតខ្ចោះនេះមិនមែនមានន័យថាត្រូវមានបុគ្គលិកលក្ខណៈដូចគ្នាបេះបិទ ដូចជាសមត្ថភាព ទម្លាប់ និងសមត្ថភាពវិនិច្ឆ័យទេ។ តែនេះមានន័យថាអ្នកកាន់តាមលោកយេស៊ូមានសាមគ្គីភាពក្នុងការប្រព្រឹត្ត ជំនឿ និងការបង្រៀន។—រ៉ូម ១៥:៥, ៦; ១កូ. ១:១០; អេភ. ៤:៣; ភី. ១:២៧
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៧:២៤
កំណើតពិភពលោក: ពាក្យភាសាក្រិច«កំណើត»បានត្រូវបកប្រែថា«មានផ្ទៃពោះ»នៅហេ. ១១:១១ ពេលរៀបរាប់អំពី«កូន»។ ពាក្យ«កំណើតពិភពលោក»ដែលបានត្រូវប្រើនៅទីនេះ តាមមើលទៅសំដៅលើកំណើតកូនរបស់អាដាមនិងអេវ៉ា។ ពេលលោកយេស៊ូរៀបរាប់អំពីអេបិល លោកបានប្រើពាក្យ«កំណើតពិភពលោក» តាមមើលទៅគាត់ជាមនុស្សដំបូងដែលសមនឹងលោះនិងជាមនុស្សដំបូងដែលមានឈ្មោះក្នុង«បញ្ជីជីវិតតាំងពីកំណើតពិភពលោក»។ (លូក. ១១:៥០, ៥១; បប. ១៧:៨) ពាក្យទាំងនេះក្នុងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូទៅកាន់បិតាលោកក៏បញ្ជាក់ដែរថាព្រះបានស្រឡាញ់បុត្រតែមួយរបស់លោក ជាយូរមុនអាដាមនិងអេវ៉ាមានកូន។
ថ្ងៃទី២៩ ខែតុលា–ថ្ងៃទី៤ ខែវិច្ឆិកា
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៨:៣៧
សាក្សីបញ្ជាក់អំពី: ពេលប្រើក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ធ្វើជាសាក្សីបញ្ជាក់» (mar·ty·reʹo) និង«សាក្សី» (mar·ty·riʹa; marʹtys) មានអត្ថន័យទូលំទូលាយ។ ពាក្យទាំងពីរនេះបានត្រូវប្រើពេលបុគ្គលម្នាក់ធ្វើជាសាក្សីអំពីអ្វីដែលគាត់បានឮឬឃើញដោយផ្ទាល់ភ្នែក តែក៏អាចរួមបញ្ចូល«ការប្រកាស ការលើកបញ្ជាក់ ការនិយាយល្អអំពី»។ លោកយេស៊ូមិនគ្រាន់តែធ្វើជាសាក្សីបញ្ជាក់និងប្រកាសអំពីសេចក្ដីពិតដែលលោកជឿជាក់ប៉ុណ្ណោះទេ តែលោកក៏មានរបៀបរស់នៅដែលបង្ហាញថាសេចក្ដីសន្យានិងអ្វីដែលបិតារបស់លោកបានមានប្រសាសន៍ទុកជាមុនគឺជាកាពិត។ (២កូ. ១:២០) គោលបំណងរបស់ព្រះដែលជាប់ទាក់ទងនឹងរាជាណាចក្រនិងមេស្ស៊ីដែលជាអ្នកគ្រប់គ្រងរាជាណាចក្រនោះបានត្រូវប្រកាសទុកជាមុនយ៉ាងល្អិតល្អន់។ តាមរយៈជីវិតរបស់លោកយេស៊ូនៅលើផែនដីរហូតដល់ពេលលោកស្លាប់ជាគ្រឿងបូជា ទំនាយទាំងអស់អំពីលោកបានត្រូវសម្រេច។ ទំនាយទាំងនោះរួមបញ្ចូលស្រមោលឬគំរូដែលមាននៅក្នុងកិច្ចព្រមព្រៀងខាងច្បាប់។ (កូឡ. ២:១៦, ១៧; ហេ. ១០:១) ដូច្នេះ តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត យើងអាចនិយាយថាលោកយេស៊ូបានធ្វើជា«សាក្សីបញ្ជាក់អំពីសេចក្ដីពិត»។
សេចក្ដីពិត: លោកយេស៊ូមិនមែនសំដៅលើសេចក្ដីពិតជាទូទៅទេ តែសំដៅលើសេចក្ដីពិតអំពីគោលបំណងរបស់ព្រះ។ ផ្នែកសំខាន់ជាងគេនៃគោលបំណងរបស់ព្រះគឺលោកយេស៊ូដែលជា«កូនរបស់ដាវីឌ»បម្រើជាសម្ដេចសង្ឃនិងជាអ្នកគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ។ (ម៉ាថ. ១:១) លោកយេស៊ូបានពន្យល់ថាមូលហេតុចម្បងដែលលោកមកពិភពលោកនេះ រស់នៅលើផែនដីនេះ និងផ្សព្វផ្សាយ គឺដើម្បីប្រកាសសេចក្ដីពិតអំពីរាជាណាចក្រនោះ។ ទេវតាបានប្រកាសដំណឹងស្រដៀងគ្នានេះមុនកំណើតរបស់លោកយេស៊ូ និងនៅពេលដែលលោកបានកើតនៅក្រុងបេថ្លេហិមក្នុងតំបន់យូឌា ជាក្រុងដែលដាវីឌបានកើត។—លូក. ១:៣២, ៣៣; ២:១០-១៤
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៨:៣៨ក
តើសេចក្ដីពិតជាអ្វី?: សំណួររបស់ពីឡាតប្រហែលជាសំដៅលើសេចក្ដីពិតជាទូទៅ មិនមែនទៅលើ«សេចក្ដីពិត»ដែលលោកយេស៊ូទើបតែបានមានប្រសាសន៍នោះទេ។ (យ៉ូន. ១៨:៣៧) បើនេះជាសំណួរដោយស្មោះ លោកយេស៊ូច្បាស់ជាឆ្លើយ។ ក៏ប៉ុន្តែ ពីឡាតទំនងជាសួរដោយមិនចង់បានចម្លើយក្នុងន័យសង្ស័យឬមិនអាចជឿ គឺហាក់ដូចជាគាត់និយាយថា «សេចក្ដីពិត? តើជាអ្វី? គ្មានសេចក្ដីពិតនោះទេ!»។ តាមពិត ពីឡាតមិនទាំងរង់ចាំចម្លើយផង តែគាត់បែរជាចេញទៅក្រៅជួបជនជាតិយូដាវិញ។
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៩:៣០
ផុតដង្ហើមទៅ: អ្នកខ្លះនិយាយថាពាក្យដែលបានត្រូវបកប្រែថា«ផុតដង្ហើមទៅ»មានន័យថាលោកយេស៊ូសុខចិត្តឈប់បន្តប្រឹងរស់ ដោយសារការទាំងអស់បានសម្រេចហើយ។ លោកសុខចិត្ត«ច្រួចព្រលឹងចេញ រហូតដល់ស្លាប់»។—អេ. ៥៣:១២; យ៉ូន. ១០:១១
nwtsty-E ការពន្យល់បន្ថែមនៅយ៉ូន. ១៩:៣១
ថ្ងៃឈប់សម្រាកដ៏ធំ: ថ្ងៃទី១៥ ខែណែសាន ថ្ងៃបន្ទាប់ពីបុណ្យរំលង គឺតែងតែជាថ្ងៃឈប់សម្រាក ទោះជាចំថ្ងៃណាក៏ដោយ។ (លេវី. ២៣:៥-៧) ពេលថ្ងៃឈប់សម្រាកពិសេសនេះកើតឡើងចំនឹងថ្ងៃឈប់សម្រាកធម្មតា(ថ្ងៃទី៧នៃសប្ដាហ៍ក្នុងប្រតិទិនរបស់ជនជាតិយូដា ដែលរាប់ចាប់ពីថ្ងៃលិចនៅថ្ងៃសុក្ររហូតដល់ថ្ងៃលិចនៅថ្ងៃសៅរ៍) នោះគឺជាថ្ងៃឈប់សម្រាក«ដ៏ធំ»។ ថ្ងៃឈប់សម្រាកដ៏ធំនេះកើតឡើងបន្ទាប់ពីថ្ងៃដែលលោកយេស៊ូស្លាប់ ដែលចំនឹងថ្ងៃសុក្រ។ ក្នុងអំឡុងរយៈពេលចាប់ពីឆ្នាំ២៩ គ.ស.ដល់ឆ្នាំ៣៥ គ.ស. មានតែមួយឆ្នាំប៉ុណ្ណោះដែលថ្ងៃទី១៤ ខែណែសានកើតឡើងចំនឹងថ្ងៃសុក្រ គឺជាឆ្នាំ៣៣ គ.ស.។ ដូច្នេះ ភ័ស្តុតាងនេះបញ្ជាក់ថាលោកយេស៊ូពិតជាបានស្លាប់នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស.។