បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៦ ទំ. ២៩-ទំ. ៣១ វ. ៩
  • គោលសំខាន់ៗពីសៀវភៅរ៉ូម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅរ៉ូម
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រាប់​ជា​សុចរិត យ៉ាង​ដូច​ម្ដេច?
  • (រ៉ូម ១:១​–​១១:៣៦)
  • របៀប​រស់នៅ​របស់​អ្នក​ដែល​រាប់​ជា​សុចរិត
  • (រ៉ូម ១២:១​–​១៦:២៧)
  • ព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៦ ទំ. ២៩-ទំ. ៣១ វ. ៩

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​រ៉ូម

សាវ័ក​ប៉ុល​មានឈ្មោះ​ល្បី​ជា​សាសនទូត​ដែល​ឧស្សាហ៍​ធ្វើ​ដំណើរ​ដើម្បី​ផ្សាយដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។ លើក​ទី​៣​ដែល​ប៉ុល​ធ្វើ​ដំណើរ​បែប​នេះ គាត់​បាន​ទៅ​ដល់ទី​ក្រុង​កូរិនថូស​ប្រហែលជា​នៅ​ឆ្នាំ​៥៦ គ.ស.។ ដោយសារ​ប៉ុល​បាន​ទទួល​ដំណឹង​ថា គ្រិស្ត​សាសនិកជន​ជាតិ​យូដា​និង​គ្រិស្ត​សាសនិកជន​ជាតិ​ដទៃ​នៅ​ទីក្រុង​រ៉ូម​មានការ​ខ្វែងគំនិត​គ្នា​នោះ គាត់​សម្រេចចិត្ត​សរសេរ​សំបុត្រ​មួយ​ច្បាប់​ដោយ​មាន​បំណង​ចង់​ជួយ​ពួក​គេ​ឲ្យ​ចុះសម្រុង​គ្នា​ក្នុង​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូគ្រិស្ត។

នៅ​ក្នុង​សំបុត្រ​ដែល​ប៉ុល​បាន​សរសេរ​ជូន​ដល់​បង​ប្អូន​នៅ​ទីក្រុង​រ៉ូម គាត់​ពន្យល់​អំពី​របៀប​ដែល​មនុស្សជាតិ​អាច​រាប់​ជា​សុចរិត និង​វិថី​ជីវិត​ដែល​ពួក​គេ​គួរ​មាន។ ពាក្យ​ពេចន៍​ក្នុង​សំបុត្រ​នោះ​ក៏​ជួយ​បង្កើន​ចំណេះ​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​របស់​ទ្រង់ ព្រម​ទាំង​គូស​បញ្ជាក់​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា និង​លើក​តម្កើង​តួនាទី​ដ៏​សំខាន់​របស់​ព្រះ​យេស៊ូ​គ្រិស្ត​ក្នុង​ការ​សង្គ្រោះ​មនុស្សជាតិ។—ហេ. ៤:១២

រាប់​ជា​សុចរិត យ៉ាង​ដូច​ម្ដេច?

(រ៉ូម ១:១​–​១១:៣៦)

ប៉ុល​សរសេរ​ថា​៖ «គ្រប់​គ្នា​បាន​ធ្វើបាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ តែ​ដោយ​ពឹង​ដល់​ព្រះ​គុណ​ទ្រង់ នោះ​[ពួក​គេ]​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្ដី​ប្រោស​លោះ​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។ ប៉ុល​ក៏​សរសេរ​ទៀត​ថា​៖ «មនុស្ស​បាន​រាប់​ជា​សុចរិត ដោយសារ​សេចក្ដី​ជំនឿ គឺ​មិនមែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​ទេ»។ (រ៉ូម ៣:២៣, ២៤, ២៨) ដោយសារ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ និង​សមាជិក​នៃ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ពី​ពួក​«ចៀម​ឯ​ទៀត»​មាន​ជំនឿ​ទៅ​លើ​«អំពើ​សុចរិត​តែ​១» ពួក​គេ​ទាំងអស់​គ្នា​អាច​«រាប់​ជា​សុចរិត»​បាន។ ដោយសារ​បាន​រាប់​ជា​សុចរិត គ្រិស្ត​សាសនិក​ដែល​ឡើង​ទៅ​ស្ថាន​សួគ៌​នឹង​ទទួល​អំណាច​គ្រប់គ្រង​ជាមួយ​ព្រះ​យេស៊ូគ្រិស្ត ហើយ​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​ដែល​រាប់​ជា​មិត្តសម្លាញ់​របស់​ព្រះ​យេហូវ៉ា​ផង​ដែរ មាន​សេចក្ដី​សង្ឃឹម​រួច​រស់​ជីវិត​ពី​«គ្រា​វេទនា​យ៉ាង​ធំ»។—រ៉ូម ៥:១៨; វិវរ. ៧:៩, ១៤; យ៉ូន. ១០:១៦; យ៉ា. ២:២១​-​២៤; ម៉ាថ. ២៥:៤៦

ប៉ុល​សួរ​ថា​៖ «តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ព្រោះ​នៅ​ក្រោម​ព្រះ​គុណ មិន​នៅ​ក្រោម​ក្រឹត្យ​វិន័យ​ឬ​អី?»។ រួច​មក ប៉ុល​ឆ្លើយ​ថា​៖ «ទេ មិន​គួរ​ឡើយ!»។ ប៉ុល​ក៏​ពន្យល់​ថា យើង​រាល់​គ្នា​«ជា​បាវ​បំរើ» មិន​ថា​«របស់​ផង​អំពើ​បាប​ឲ្យ​បាន​សេចក្ដី​ស្លាប់ ឬ​ជា​របស់​ផង​សេចក្ដី​ស្ដាប់​បង្គាប់​ឲ្យ​បាន​សុចរិត»។ (រ៉ូម ៦:១៥, ១៦) ប៉ុល​មាន​ប្រសាសន៍​ទៀត​ថា​៖ «បើ​សំឡាប់​អំពើ​របស់​រូប​សាច់​ចេញ ដោយសារ​ព្រះ​វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​វិញ»។—រ៉ូម ៨:១៣

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:២៤​-​៣២—តើ​ប៉ុល​សំដៅ​ទៅ​លើ​ពួក​យូដា​ឬ​ក៏​ជន​ជាតិ​ដទៃ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ដ៏​ស្មោកគ្រោក​ទាំងនេះ? អ្វី​ដែល​ប៉ុល​រៀបរាប់​នោះ អាច​សំដៅ​ទៅ​លើ​ពួក​គេ​ទាំង​ពីរ​ក្រុម​បាន។ ប៉ុន្តែ​តាម​ការ​ពិត ក្នុង​ករណី​នេះ​ប៉ុល​បាន​សរសេរ​អំពី​ជន​ជាតិ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ដែល​មិន​បាន​ធ្វើ​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា។ ពួក​អ៊ីស្រាអែល​ទាំងនោះ​ដឹង​អំពី​គោលការណ៍​សុចរិត​របស់​ព្រះ​យេហូវ៉ា តែ‹មិន​ចូល​ចិត្ត​ស្គាល់​ព្រះ​សោះ›។ ហេតុនេះ​ហើយ​បានជា​ពួក​គេ​គួរ​នឹង​ទទួល​ទោស។

៣:២៤, ២៥—តើ​«សេចក្ដី​ប្រោស​លោះ​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»​អាច​គ្រប​បាំង​«អំពើ​បាប​ដែល​គេ​ប្រព្រឹត្ត​ពី​ដើម»​មុន​ព្រះ​យេស៊ូ​បាន​បង់​ថ្លៃ​លោះ​យ៉ាង​ដូច​ម្ដេច? ទំនាយ​ទី​១​ក្នុង​សៀវភៅ​លោកុប្បត្តិ ៣:១៥ អំពី​អ្នក​ដែល​ជា​មេស្ស៊ី បាន​សម្រេច​នៅ​ឆ្នាំ​៣៣ គ.ស. ពេល​ដែល​ព្រះ​យេស៊ូ​ត្រូវ​គេ​ធ្វើ​គុត​នៅ​លើ​បង្គោល​ទារុណកម្ម។ (កា. ៣:១៣, ១៦) យ៉ាង​ណា​ក្ដី ដោយសារ​គ្មាន​អ្វី​សោះ​អាច​រារាំង​ការ​សម្រេច​នៃ​គោលបំណង​របស់​ព្រះ​យេហូវ៉ា ចាប់ពី​ពេល​ដែល​ទ្រង់​ប្រកាស​ទំនាយ​នោះ គឺ​ហាក់​ដូច​ជា​ថ្លៃ​លោះ​បាន​ទូទាត់​រួច​ហើយ។ ដូច្នេះ សូម្បី​តែ​មុន​ព្រះ​យេស៊ូគ្រិស្ត​បាន​បូជា​ជីវិត​របស់​ទ្រង់​ក្ដី ព្រះ​យេហូវ៉ា​អាច​អត់​ទោស​ឲ្យ​អំពើ​ខុសឆ្គង​នៃ​កូនចៅ​របស់​អ័ដាម ឲ្យ​តែ​ពួក​គេ​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​នោះ។ ណាមួយ​ទៀត ដោយសារ​ថ្លៃ​លោះ​របស់​ព្រះ​យេស៊ូ អស់អ្នក​ដែល​បាន​ស្លាប់​មុន​សម័យ​ពួក​គ្រិស្ត​សាសនិក​ក៏​អាច​រស់​ឡើង​វិញ​ដែរ។—កិច្ច. ២៤:១៥

៦:៣​-​៥—តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ​យេស៊ូគ្រិស្ត និង​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​សុគត​នៃ​ទ្រង់​មាន​ន័យ​អ្វី? ពេល​ព្រះ​យេហូវ៉ា​រើស​តាំង​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ដោយ​ប្រទាន​សកម្ម​ពល​បរិសុទ្ធ​របស់​ទ្រង់​ទៅ​លើ​ពួក​គាត់ នោះ​ពួក​គាត់​មាន​សាមគ្គី​ភាព​ជាមួយ​ព្រះ​យេស៊ូគ្រិស្ត និង​ក្លាយ​ទៅ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ដែល​រួម​គ្នា​ប្រៀប​ដូច​ជា​រូប​កាយ​របស់​ទ្រង់។ រីឯ​ព្រះ​យេស៊ូ ទ្រង់​ជា​សិរសា​ឬ​មេ​លើ​ពួក​គាត់​វិញ។ (១កូ. ១២:​១២, ១៣, ២៧; កូល. ១:១៨) នេះ​ហើយ​ជា​របៀប​ដែល​ពួក​គាត់​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ​យេស៊ូគ្រិស្ត។ ប៉ុន្តែ ពួក​គ្រិស្ត​សាសនិក​ទាំងនោះ​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង ក៏​ត្រូវ​«ជ្រមុជ​ក្នុង​សេចក្ដី​សុគត​នៃ​[ព្រះ​យេស៊ូគ្រិស្ត]​ដែរ» ដោយ​មាន​របៀប​រស់នៅ​ដែល​បង្ហាញ​ថា ពួក​គាត់​សុខចិត្ត​លះបង់​ប្រយោជន៍​ខ្លួនឯង ហើយក៏​យល់ព្រម​លះ​ចោល​សេចក្ដី​សង្ឃឹម​ដើម្បី​រស់​ជា​រៀង​រហូត​នៅ​ផែនដី។ ដូច្នេះ ទោះជា​ជីវិត​របស់​ពួក​គាត់​មិន​ផ្ដល់​ជា​ថ្លៃ​លោះ​ក្ដី ពេល​ស្លាប់ ពួក​គាត់​ក៏​លះបង់​ជីវិត​និង​ប្រយោជន៍​ខ្លួនឯង​ដូច​ព្រះ​យេស៊ូ​ដែរ។ ពេល​ពួក​គាត់​ស្លាប់ និង​មានជីវិត​រស់​ឡើង​វិញ​នៅ​ឯ​ស្ថាន​សួគ៌ ការ​ជ្រមុជ​ក្នុង​សេចក្ដី​សុគត​របស់​ព្រះ​គ្រិស្ត​បាន​សម្រេច​យ៉ាង​ពេញលេញ​ហើយ។

៧:៨​-​១១—តើ​«អំពើ​បាប​បាន​ឱកាស​ដោយសារ​បញ្ញត្ត»​យ៉ាង​ដូច​ម្ដេច? ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​បណ្ដា​ជន​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ទង្វើ​ដែល​រាប់​ជា​អំពើ​បាប និង​ទទួល​ស្គាល់​ថា​ខ្លួន​ជា​មនុស្ស​ដែល​មាន​ភាព​ខុសឆ្គង​មែន។ ជា​លទ្ធផល ពួក​គេ​អាច​សម្គាល់​ការ​ប្រព្រឹត្ត​ច្រើន​ថែម​ទៀត​របស់​ខ្លួន​ថា​ជា​អំពើ​បាប ហើយ​នេះ​ក៏​បកអាក្រាត​ភាព​ខុសឆ្គង​របស់​មនុស្ស​កាន់តែ​ច្រើន​ផង។ គឺ​យ៉ាង​នេះ​ហើយ​ដែល​បាប​ឬ​ភាព​ខុសឆ្គង​មានឱកាស​លេចធ្លោ​ដោយសារ​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា។

មេរៀន​សម្រាប់​យើង:

១:១៤, ១៥: តាម​ការ​ពិត មាន​មូលហេតុ​ជា​ច្រើន​ដែល​គួរ​ជំរុញ​យើង​ឲ្យ​ប្រុងប្រៀប​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដោយ​ចិត្ត​ខ្នះខ្នែង។ មូលហេតុ​មួយ គឺ​ដោយសារ​យើង​ជំពាក់​មនុស្ស​ដែល​ព្រះ​យេស៊ូ​បាន​ចេញថ្លៃ​ទូទាត់​ដោយសារ​ឈាម​របស់​ទ្រង់ ហើយ​យើង​ក៏​មាន​ភារកិច្ច​ជួយ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​និង​គោលបំណង​របស់​ទ្រង់​ដែរ។

១:១៨​-​២០: មនុស្ស​ដែល​មិន​គោរព​ព្រះ​ព្រម​ទាំង​មនុស្ស​ទុច្ចរិត​មិន​អាច​ដោះសា​បាន​ឡើយ ពីព្រោះ​គុណសម្បត្ដិ​របស់​ទ្រង់​ដែល​យើង​មើល​មិន​ឃើញ បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្កើត​មក។

២:២៨; ៣:១, ២; ៧:៦, ៧: បន្ទាប់​ពី​ប៉ុល​សរសេរ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​អាក់អន់ចិត្ត គាត់​ក៏​សរសេរ​ពាក្យ​ទន់ភ្លន់​ទៀត​ផង។ នេះ​ជា​គំរូ​ដល់​យើង ថា​ពេល​ត្រូវ​ពន្យល់​ប្រធាន​ដ៏​សំខាន់​ណាមួយ គប្បី​ឲ្យ​យើង​ចេះ​និយាយ​ដោយ​ប៉ិនប្រសប់​និង​យោគ​យល់​ចំពោះ​អារម្មណ៍​របស់​អ្នក​ស្ដាប់​ផង។

៣:៤: ពេល​មនុស្ស​បង្រៀន​អ្វី​ដែល​ផ្ទុយ​ពី​សេចក្ដី​បង្រៀន​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា យើង​«ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត»​ដោយ​មាន​ទំនុក​ចិត្ត​ទៅ​លើ​សារ​ដែល​មាននៅ​ក្នុង​គម្ពីរ ហើយ​ប្រព្រឹត្ត​សម​ស្រប​ទៅ​តាម​ឆន្ទៈ​របស់​ទ្រង់​នៅ​ឡើយ។ បើ​យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​និង​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​ដោយ​ចិត្ត​ខ្នះខ្នែង យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​រាប់​ឬ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ពិតមែន!

៤:៩​-​១២: អ័ប្រាហាំ​បាន​កាត់​ស្បែក​ពេល​គាត់​មាន​អាយុ​៩៩​ឆ្នាំ។ ប៉ុន្តែ​តាម​ការ​ពិត យូរ​ឆ្នាំ​មុន​នោះ​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​អ័ប្រាហាំ​ជា​មនុស្ស​សុចរិត គឺ​ដោយសារ​ជំនឿ​របស់​គាត់។ (លោ. ១២:​៤; ១៥:​៦; ១៦:៣; ១៧:១, ៩, ១០) យ៉ាង​នេះ ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​មាន​អំណាច​ចាត់​ទុក​មនុស្ស​ម្នាក់​ថា​ជា​សុចរិត ដោយសារ​តែ​គេ​មាន​ជំនឿ​ទៅ​លើ​ទ្រង់។

៤:១៨: សេចក្ដី​សង្ឃឹម​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជំនឿ។ ជំនឿ​ជា​មូល​ដ្ឋាន​នៃ​សេចក្ដី​សង្ឃឹម។—ហេ. ១១:១

៥:១៨, ១៩: ដោយសារ​ប៉ុល​វែកញែក​ហេតុផល​ដែល​បង្ហាញ​ពី​លក្ខណៈ​ស្រ​ដៀង​គ្នា​រវាង​ព្រះ​យេស៊ូ​និង​អ័ដាម គាត់​ក៏​បាន​ពន្យល់​ដោយ​សង្ខេប​ហើយ​យ៉ាង​ច្បាស់លាស់​អំពី​របៀប​ដែល​មនុស្ស​តែ​ម្នាក់​អាច​«ឲ្យ​ជីវិត​ខ្លួន​ទុកជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»។ (ម៉ាថ. ២០:២៨) គប្បី​ឲ្យ​យើង​ចេះ​បង្រៀន​ដូច​ប៉ុល ដោយ​មាន​សមត្ថភាព​វែកញែក​ហេតុផល​ដោយ​សង្ខេប។—១កូ. ៤:១៧

៧:២៣: អវយវៈ​នៃ​រូប​កាយ​យើង ដូច​ជា​ដៃ ជើង​និង​អណ្ដាត​ជា​ដើម អាច‹នាំ​យើង​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប›។ ដូច្នេះ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​អវយវៈ​ទាំងនោះ។

៨:២៦, ២៧: ពេល​យើង​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ដ៏​ច្របូកច្របល់ ហើយ​មិន​ដឹង​ថា​គួរ​អធិដ្ឋាន​សូម​អ្វី​ទេ «វិញ្ញាណ»​ឬ​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​«ជួយ​អង្វរ​ជំនួស​យើង»។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​«ស្ដាប់​សេចក្ដី​អធិស្ឋាន» ទ្រង់​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​ក្នុង​គម្ពីរ​ដែល​ទាក់​ទង​នឹង​កាលៈទេសៈ​របស់​យើង ហាក់​ដូច​ជា​យើង​ជា​អ្នក​ពោល​ពាក្យ​ទាំង​នោះ។—ទំនុក. ៦៥:២

៨:៣៨, ៣៩: ទុក្ខ​លំបាក វិញ្ញាណ​កំណាច​និង​រដ្ឋាភិបាល​របស់​មនុស្ស មិន​អាច​ផ្ដល់​ហេតុ​ឲ្យ​ព្រះ​យេហូវ៉ា​ឈប់​ស្រឡាញ់​យើង​ទេ ហើយក៏​មិន​គួរ​ធ្វើ​ឲ្យ​យើង​ឈប់​ស្រឡាញ់​ទ្រង់​ដែរ។

៩:២២​-​២៨; ១១:១, ៥, ១៧​-​២៦: ទំនាយ​ជា​ច្រើន​អំពី​ការ​ប្រោស​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រួច​ដើម្បី​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ក៏​មានការ​សម្រេច​ម្យ៉ាងទៀត​ដែរ ទាក់ទង​នឹង​អ្នក​ដែល​មិនមែន​ជា​«សាសន៍​យូដា​តែ​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ផង»​ដែរ ពោល​គឺ ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។

១០:១០, ១៣, ១៤: សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​មនុស្ស​ដទៃ​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​មានចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​គ្រិស្ត​សាសនិក​មែន! ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ជំនឿ​មុតមាំ​ទៅ​លើ​ទ្រង់​និង​សេចក្ដី​សន្យា​របស់​ទ្រង់​ក៏​ជំរុញ​ចិត្ត​យើង​ដែរ។

១១:១៦​-​២៤, ៣៣: ព្រះ​យេហូវ៉ា​តែងតែ​បង្ហាញ​«សេចក្ដី​សប្បុរស​នឹង​សេចក្ដី​ប្រិត​ប្រៀប»​ល្មម​ត្រឹមត្រូវ​តាម​កាលៈទេសៈ។ ត្រូវ​មែន! ព្រះ​យេហូវ៉ា​ជា​«ថ្មដា [ហើយ]​ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​ល័ក្ខណ៍ [និង]​អស់​ទាំង​ផ្លូវ​ទ្រង់​សុទ្ធតែ​ប្រកបដោយ​យុត្ដិធម៌»។—ចោទិ. ៣២:៤

របៀប​រស់នៅ​របស់​អ្នក​ដែល​រាប់​ជា​សុចរិត

(រ៉ូម ១២:១​–​១៦:២៧)

ប៉ុល​សរសេរ​ថា​៖ «ដូច្នេះ​បង​ប្អូន​អើយ! ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​សេចក្ដី​មេត្ដា​ករុណា​នៃ​ព្រះ» ចូរ​«ថ្វាយ​រូប​កាយ​ទុកជា​យញ្ញ​បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ»​ចុះ! (រ៉ូម ១២:១) ដោយ​ហេតុ​ថា​ពួក​គ្រិស្ត​សាសនិក​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​របស់​ខ្លួន ប៉ុល​ប្រើ​ពាក្យ​«ដូច្នេះ»​នៅ​ទី​នេះ ដើម្បី​បញ្ជាក់​ថា​នេះ​គួរ​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​ដែល​ពួក​គេ​មាន​ចំពោះ​ខ្លួនឯង អ្នក​ដទៃ​និង​ពួក​រាជការ។

ប៉ុល​សរសេរ​ទៀត​ថា​៖ «ខ្ញុំ​និយាយ​នឹង​មនុស្ស​ទាំងអស់​ក្នុង​ពួក​អ្នក​រាល់​គ្នា . . . កុំ​ឲ្យ​មានគំនិត​ខ្ពស់ លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ»។ ប៉ុល​ក៏​ដាស់តឿន​ថា​៖ «ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុត​មាយា»។ (រ៉ូម ១២:៣, ៩) «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះចូល​នឹង​រាជការ»។ (រ៉ូម ១៣:១) ស្តី​អំពី​រឿង​ដែល​ទាក់ទង​នឹង​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន ប៉ុល​លើក​ទឹកចិត្ត​ពួក​គ្រិស្ត​សាសនិក​ថា​៖ «កុំបី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ»។—រ៉ូម ១៤:១៣

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១២:២០—តើ​យើង​«ប្រមូល​រងើក​ភ្លើង»​ដាក់​លើ​ក្បាល​ខ្មាំងសត្រូវ​យ៉ាង​ដូច​ម្ដេច? នៅ​សម័យ​គម្ពីរ ពេល​ដាក់​រ៉ែ​ក្នុង​ភ្លើង គេ​បាន​ដាក់​រងើក​ភ្លើង​នៅ​ពី​ក្រោម​ហើយ​នៅ​ពី​លើ​ផង។ ដោយសារ​មាន​រងើក​ភ្លើង​នៅ​ពី​លើ​រ៉ែ នេះ​ធ្វើ​ឲ្យ​មាន​កម្ដៅ​កាន់តែ​ក្ដៅ​ខ្លាំង ហើយ​ជាតិ​ដែក​និង​កាក​សំណល់​ស្រួល​រលាយ​ចេញពី​គ្នា។ ស្រ​ដៀង​គ្នា​ដែរ បើ​យើង​ប្រមូល​រងើក​ភ្លើង​ដាក់​នៅ​លើ​ក្បាល​ខ្មាំងសត្រូវ​ដោយ​ប្រព្រឹត្ត​ល្អ​នឹង​គេ នោះ​ចិត្ត​រឹង​រួស​ក៏​នឹង​រលាយ​ទៅ ហើយ​គេ​ក៏​ចាប់ផ្ដើម​បង្ហាញ​លក្ខណៈ​សម្បត្ដិ​ល្អៗ​វិញ។

១២:២១—តើ​យើង​អាចយ​ក​«ឈ្នះ​សេចក្ដី​អាក្រក់​ដោយសារ​សេចក្ដី​ល្អ»​យ៉ាង​ដូច​ម្ដេច? វិធី​មួយ គឺ​ដោយ​មានចិត្ត​ក្លាហាន​ក្នុង​ការ​បំពេញ​ការងារ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​យើង ពោល​គឺ កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ទ្រង់។ គប្បី​ឲ្យ​យើង​ធ្វើ​កិច្ចការ​នោះ​រហូត​ដល់​ពេល​ដែល​ទ្រង់​ថា​ល្មម​គ្រប់គ្រាន់​ហើយ។—ម៉ាក. ១៣:១០

១៣:១—ចំពោះ​ពួក​រាជការ តើ​«ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំងនោះ​ឲ្យ​មាន​អំណាច»​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​«បាន​តាំង​ពួក​[រាជការ]​ឲ្យ​មាន​អំណាច»​ក្នុង​ន័យ​ថា ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​គេ​គ្រប់គ្រង ហើយ​ក្នុង​ករណី​ខ្លះ​ទ្រង់​បាន​ដឹង​ទុកជា​មុន​អំពី​គ្រា​ដែល​ពួក​គេ​នឹង​មាន​អំណាច​គ្រប់​គ្រង។ យើង​អាច​យល់​ដូច្នេះ​បាន ដោយ​ពិនិត្យ​មើល​ទំនាយ​ក្នុង​គម្ពីរ​ដែល​បាន​ទាយ​ទុកជា​មុន​អំពី​អ្នកគ្រប់គ្រង​មួយ​ចំនួន។

មេរៀន​សម្រាប់​យើង:

១២:១៧, ១៩: បើ​យើង​ធ្វើការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ យើង​បាន​បំពេញ​ភារកិច្ច​ដែល​ជា​របស់​ផង​ព្រះ​យេហូវ៉ា។ យ៉ាង​នេះ អ្នក​ដែល​«ធ្វើការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់»​ជា​មនុស្ស​ដែល​បំពាន​សិទ្ធិ​ព្រះ​យេហូវ៉ា!

១៤:១៤, ១៥: យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​បង​ប្អូន​ព្រួយ​ចិត្ត​ឬ​ជំពប់​ដួល​ដោយសារ​ម្ហូបអាហារ​និង​ភេសជ្ជៈ​ដែល​យើង​ជូន​ដល់​គាត់​ឡើយ។

១៤:១៧: អ្វី​ដែល​យើង​បរិភោគ​ឬ​មិន​បរិភោគ​អត់​សូវ​មាន​ឥទ្ធិពល​ច្រើន​ប៉ុន្មាន​ទៅ​លើ​ចំណងមិត្តភាព​ល្អជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើយ។ ផ្ទុយ​ទៅ​វិញ ចំណងមិត្តភាព​ល្អ​ច្រើន​តែ​ស្រេច​ទៅ​នឹង​សេចក្ដី​សុចរិត សេចក្ដី​មេត្រី និង​សេចក្ដី​អំណរ​ជា​ជាង។

១៥:៧: ពេល​អ្នក​ដែល​ស្វែងរក​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្មោះ​ចូល​មក​ក្នុង​ក្រុម​ជំនុំ​របស់​យើង គប្បី​ឲ្យ​យើង​ទទួល​រាក់ទាក់​និង​មិន​រើសមុខ​គេ​ទេ ព្រម​ទាំង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ដល់​មនុស្ស​ទាំង​អស់​ផង។

[រូបភាព​នៅ​ទំព័រ​៣១]

តើ​ថ្លៃ​លោះ​អាច​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ដែល​បាន​ធ្វើអំពើ​ខុសឆ្គង​មុន​ព្រះ​យេស៊ូ​បាន​បង់​ថ្លៃ​នោះ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក