បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bhs ជំ. ៣ ទំ. ២៩-៣៩
  • តើព្រះមានគោលបំណងអ្វីសម្រាប់មនុស្សជាតិ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះមានគោលបំណងអ្វីសម្រាប់មនុស្សជាតិ?
  • តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • អានក្នុង ព្រះគម្ពីរបង្រៀន
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សត្រូវ​របស់​ព្រះ
  • តើ​អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ?
  • តើ​តាម​របៀប​ណា​ពិភព​លោក​របស់​សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល?
  • ពិភព​លោក​ថ្មី​គឺ​ជិត​មក​ដល់​ហើយ!
  • គោលបំណងរបស់ព្រះយេហូវ៉ានឹងបានសម្រេច!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ហេតុអ្វីមានទុក្ខវេទនាច្រើនម្ល៉េះ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • សត្រូវចុងក្រោយ ពោលគឺសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • បុគ្គលដែលមានឋានៈខ្ពស់ជាងយើង
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
bhs ជំ. ៣ ទំ. ២៩-៣៩

ជំពូក​ទី៣

តើ​ព្រះ​មាន​គោល​បំណង​អ្វី​សម្រាប់​មនុស្សជាតិ?

១​. តើ​ព្រះ​មាន​គោល​បំណង​អ្វី​សម្រាប់​មនុស្សជាតិ?

ព្រះ​មាន​គោល​បំណង​ដ៏​អស្ចារ្យ​សម្រាប់​មនុស្សជាតិ។ លោក​បាន​បង្កើត​បុរស​ស្ត្រី​ដំបូង គឺ​អាដាម​និង​អេវ៉ា។ លោក​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​សួន​ដ៏​សែន​ស្អាត​មួយ។ លោក​មាន​គោល​បំណង​ឲ្យ​ពួក​គេ​បង្កើត​កូន ពង្រីក​សួន​ឧទ្យាន​នោះ​ឲ្យ​ពេញ​ផែន​ដី ហើយ​ថែ​រក្សា​សត្វ​ទាំង​ឡាយ (​សូម​មើលលេខ​៦​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។—លោកុប្បត្តិ ១:២៨; ២:៨, ៩, ១៥

២​. (​ក​) ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក? (​ខ​) តើ​ព្រះ​ចង់​ឲ្យ​មនុស្ស​បែប​ណា​រស់​នៅ​ផែន​ដី ហើយ​រស់​នៅ​ប៉ុន្មាន​ឆ្នាំ?

២ តើ​អ្នក​គិត​ថា​គោល​បំណង​របស់​ព្រះ​ដែល​ចង់​ឲ្យ​យើង​រស់​ក្នុង​សួន​ឧទ្យាន​នៅ​ផែន​ដី​នឹង​សម្រេច​ឬ​ទេ? ព្រះ​យេហូវ៉ា​ប្រាប់​យើង​ថា​៖ ‹ខ្ញុំ​បាន​គិត​សំ​រេច​ស្រេច​ហើយ ខ្ញុំ​នឹង​ធ្វើ​ការ​នោះ​ឯង›។ (​អេសាយ ៤៦:៩​-​១១; ៥៥:១១​) ពិត​ណាស់ ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក​ជាក់​ជា​មិន​ខាន គ្មាន​អ្វី​អាច​រា​រាំង​លោក​បាន​ឡើយ។ ព្រះ​យេហូវ៉ា​«​មិន​មែន​បង្កើត[​ផែន​ដី​]មក​ឲ្យ​នៅ​ទទេ​ទេ​»​ តែ​លោក​មាន​គោល​បំណង​មួយ។ តើ​នោះ​ជា​អ្វី? (​អេសាយ ៤៥:១៨​) លោក​ចង់​ឲ្យ​មនុស្ស​រស់​នៅ​ពេញ​ផែន​ដី។ តើ​ព្រះ​ចង់​ឲ្យ​មនុស្ស​បែប​ណា​រស់​នៅ​ផែន​ដី ហើយ​រស់​នៅ​ប៉ុន្មាន​ឆ្នាំ? គម្ពីរ​ចែង​ថា​៖ ​«​ពួក​អ្នក​សុចរិត[​ឬ​ពួក​អ្នក​ស្ដាប់​បង្គាប់​]នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។—ទំនុក​តម្កើង ៣៧:២៩; ការ​បើក​បង្ហាញ ២១:៣, ៤

៣​. ដោយ​សារ​មនុស្ស​តែង​តែ​ឈឺ​ហើយ​ស្លាប់ តើ​អ្នក​ប្រហែល​ជា​មាន​សំណួរ​អ្វី​ខ្លះ?

៣ ប៉ុន្តែ​នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​តែង​តែ​ឈឺ​ហើយ​ស្លាប់។ នៅ​កន្លែង​ជា​ច្រើន មនុស្ស​វាយ​តប់​គ្នា​ហើយ​សម្លាប់​គ្នា​ទៀត​ផង។ ព្រះ​ប្រាកដ​ជា​គ្មាន​បំណង​ឲ្យ​ផែន​ដី​មាន​សភាព​ដូច​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ​ឡើយ! ដូច្នេះ តើ​អ្វី​បាន​កើត​ឡើង? ហេតុ​អ្វី​គោល​បំណង​របស់​ព្រះ​មិន​ទាន់​សម្រេច? មាន​តែ​គម្ពីរ​ប៉ុណ្ណោះ​ដែល​អាច​ឆ្លើយ​បាន។

សត្រូវ​របស់​ព្រះ

៤, ៥​. (​ក​) តើ​អ្នក​ណា​បាន​និយាយ​ជា​មួយ​នឹង​អេវ៉ា​តាម​រយៈ​សត្វ​ពស់​ក្នុង​សួន​អេដែន? (​ខ​) តើ​មនុស្ស​ម្នាក់​ដែល​ទៀង​ត្រង់​អាច​ក្លាយ​ទៅ​ជា​ចោរ​យ៉ាង​ដូច​ម្ដេច?

៤ គម្ពីរ​ប្រាប់​យើង​ថា​ព្រះ​មាន​សត្រូវ​ម្នាក់​ដែល​ជា​ទេវតា​មួយ​រូប​«​ហៅ​ថា​មេ​កំណាច​និង​សាថាន​»។ សាថាន​បាន​ប្រើ​សត្វ​ពស់​មួយ​ដើម្បី​និយាយ​ជា​មួយ​នឹង​អេវ៉ា​ក្នុង​សួន​អេដែន។ (​ការ​បើក​បង្ហាញ ១២:៩; លោកុប្បត្តិ ៣:១​) វា​ធ្វើ​ឲ្យ​សត្វ​ពស់​នោះ​មើល​ទៅ​ហាក់​ដូច​ជា​ចេះ​និយាយ (​សូម​មើលលេខ​៧​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

៥ ដូច្នេះ តើ​ព្រះ​បាន​បង្កើត​ទេវតា​មួយ​រូប​ឲ្យ​ក្លាយ​ទៅ​ជា​មេ​កំណាច​សាថាន​ឬ? មិន​មែន​ទេ! ពេល​ដែល​ព្រះ​បាន​រៀប​ចំ​ផែន​ដី​សម្រាប់​អាដាម​និង​អេវ៉ា ទេវតា​មួយ​រូប​នេះ​ក៏​មាន​វត្តមាន​នៅ​ស្ថាន​សួគ៌​ដែរ។ ប៉ុន្តែ​ក្រោយ​មក ទេវតា​នេះ​បាន​ធ្វើ​ឲ្យ​ខ្លួន​វា​ទៅ​ជា​មេ​កំណាច។ (​យ៉ូប ៣៨:៤, ៧​) តើ​នេះ​អាច​កើត​ឡើង​តាម​របៀប​ណា? ជា​ឧទាហរណ៍ សព្វ​ថ្ងៃ​នេះ តើ​មនុស្ស​ម្នាក់​ដែល​ទៀង​ត្រង់​អាច​ក្លាយ​ទៅ​ជា​ចោរ​យ៉ាង​ដូច​ម្ដេច? គាត់​មិន​បាន​កើត​មក​ជា​ចោរ​នោះ​ទេ។ ប៉ុន្តែ បើ​គាត់​មាន​បំណង​ចង់​បាន​អ្វី​ដែល​មិន​មែន​ជា​របស់​ខ្លួន ហើយ​បន្ត​គិត​អំពី​រឿង​នោះ​ទៀត ជា​លទ្ធផល គាត់​នឹង​មាន​បំណង​ចិត្ត​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង។ រួច​មក​ពេល​មាន​ឱកាស គាត់​នឹង​លួច​របស់​នោះ។ យ៉ាង​នេះ គាត់​បាន​ធ្វើ​ឲ្យ​ខ្លួន​គាត់​ទៅ​ជា​ចោរ (​សូម​មើលលេខ​៨​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។—សូម​អាន យ៉ាកុប ១:១៣​-​១៥

៦​. តើ​ទេវតា​មួយ​រូប​បាន​ក្លាយ​ទៅ​ជា​សត្រូវ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

៦ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ទេវតា​នោះ។ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​បង្កើត​អាដាម​និង​អេវ៉ា លោក​បង្គាប់​ពួក​គេ​ឲ្យ​បង្កើត​កូន​«​ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី​»។ (​លោកុប្បត្តិ ១:២៧, ២៨​) ពេល​នោះ​ទេវតា​នេះ​ប្រហែល​ជា​គិត​ថា ‹មនុស្ស​ទាំង​អស់​គួរ​គោរព​ប្រណិប័តន៍​ខ្ញុំ​វិញ​មិន​មែន​ព្រះ​យេហូវ៉ា​ទេ!›។ ពេល​ដែល​វា​កាន់​តែ​គិត​អំពី​រឿង​នេះ វា​ក៏​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង​ចង់​បាន​អ្វី​ដែល​ជា​របស់​ព្រះ​យេហូវ៉ា។ ទេវតា​នោះ​ចង់​ឲ្យ​មនុស្ស​គោរព​ប្រណិប័តន៍​វា។ ដូច្នេះ វា​បាន​កុហក​អេវ៉ា​ហើយ​បំភាន់​នាង។ (​សូម​អាន លោកុប្បត្តិ ៣:១​-​៥​) ដោយ​ធ្វើ​ដូច្នេះ វា​បាន​ក្លាយ​ទៅ​ជា​មេ​កំណាច​សាថាន ពោល​គឺ​សត្រូវ​របស់​ព្រះ។

៧​. (​ក​) ហេតុ​អ្វី​អាដាម​និង​អេវ៉ា​ស្លាប់? (​ខ​) ហេតុ​អ្វី​បាន​ជា​យើង​ទៅ​ជា​ចាស់​ហើយ​ស្លាប់?

៧ អាដាម​និង​អេវ៉ា​បាន​ឈប់​ស្ដាប់​បង្គាប់​ព្រះ ហើយ​បរិភោគ​ផ្លែ​ឈើ​ដែល​ព្រះ​ហាម។ (​លោកុប្បត្តិ ២:១៧; ៣:៦​) យ៉ាង​នេះ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ​យេហូវ៉ា រួច​ក្រោយ​មក​ពួក​គេ​បាន​ស្លាប់ ដូច​ប្រសាសន៍​របស់​ព្រះ​មែន។ (​លោកុប្បត្តិ ៣:១៧​-​១៩​) កូន​ចៅ​របស់​អាដាម​និង​អេវ៉ា​បាន​ទទួល​ភាព​ខុស​ឆ្គង​នោះ ហេតុ​នេះ​ពួក​គេ​ក៏​ស្លាប់​ដែរ។ (​សូម​អាន រ៉ូម ៥:១២​) ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​កូន​ចៅ​របស់​អាដាម​និង​អេវ៉ា​មាន​ភាព​ខុស​ឆ្គង សូម​ពិចារណា​ឧទាហរណ៍​មួយ​អំពី​ពុម្ព​ចាក់​នំ។ បើ​ពុម្ព​នោះ​មាន​ស្នាម​ពៀច នំ​ទាំង​អស់​ដែល​ចេញ​ពី​ពុម្ព​នោះ​នឹង​មាន​ស្នាម​ពៀច​ដែរ។ ស្រដៀង​គ្នា​ដែរ ពេល​ដែល​អាដាម​លែង​ស្ដាប់​បង្គាប់​ព្រះ អាដាម​មាន​ភាព​ខុស​ឆ្គង។ ដោយ​សារ​យើង​ជា​កូន​ចៅ​របស់​អាដាម យើង​ទាំង​អស់​ក៏​មាន​ភាព​ខុស​ឆ្គង​ដែល​ហាក់​ដូច​ជា​«​ស្នាម​ពៀច​»​នោះ​ដែរ។ ម្យ៉ាង​ទៀត ដោយ​សារ​យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង នោះ​យើង​ទាំង​អស់​គ្នា​ក៏​ទៅ​ជា​ចាស់​ហើយ​ស្លាប់ (​សូម​មើលលេខ​៩​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។—រ៉ូម ៣:២៣

៨, ៩​. (​ក​) តើ​សាថាន​ចង់​ឲ្យ​អាដាម​និង​អេវ៉ា​ជឿ​អំពី​អ្វី? (​ខ​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​សម្លាប់​ពួក​បះ​បោរ​ទាំង​នោះ​ភ្លាម​ៗ​?

៨ សាថាន​ចាប់​ផ្ដើម​នាំ​ឲ្យ​មាន​ការ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ពេល​ដែល​វា​នាំ​ឲ្យ​អាដាម​និង​អេវ៉ា​សម្រេច​ចិត្ត​ឈប់​ស្ដាប់​បង្គាប់​ព្រះ។ វា​ចង់​ឲ្យ​អាដាម​និង​អេវ៉ា​ជឿ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​កុហក និង​ជា​អ្នក​គ្រប់​គ្រង​អាក្រក់​ដែល​មិន​ព្រម​ឲ្យ​អ្វី​ដ៏​ល្អ​បំផុត​ដល់​ពួក​គេ​ឡើយ។ សាថាន​ហាក់​ដូច​ជា​និយាយ​ថា​មនុស្សជាតិ​មិន​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ​ទេ។ ម្យ៉ាង​ទៀត វា​ក៏​ប្រាប់​ដែរ​ថា​អាដាម​និង​អេវ៉ា​គួរ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ស្តី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ដូច្នេះ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យ៉ាង​ណា? លោក​អាច​សម្លាប់​ពួក​អ្នក​បះ​បោរ​ទាំង​នោះ​ចោល ហើយ​បញ្ចប់​ការ​បះ​បោរ​ប្រឆាំង​ទៀត។ ប៉ុន្តែ តើ​នេះ​នឹង​បង្ហាញ​ថា​សាថាន​គឺ​ជា​អ្នក​កុហក​ឬ​ទេ? មិន​មែន​ទេ។

៩ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​មិន​បាន​សម្លាប់​ពួក​អ្នក​បះ​បោរ​ទាំង​នោះ​ភ្លាម​ៗ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ទុក​ពេល​ឲ្យ​មនុស្ស​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង។ នេះ​នឹង​បង្ហាញ​យ៉ាងច្បាស់​ថា​សាថាន​គឺ​ជា​អ្នក​កុហក ហើយ​ថា​ព្រះ​យេហូវ៉ា​ស្គាល់​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​មនុស្សជាតិ។ យើង​នឹង​រៀន​ថែម​ទៀត​អំពី​រឿង​នេះ​ក្នុងជំពូក​ទី​១១។ ប៉ុន្តែ តើ​អ្នក​គិត​យ៉ាង​ណា​អំពី​ការ​សម្រេច​ចិត្ត​របស់​អាដាម​និង​អេវ៉ា? តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​អាដាម​និង​អេវ៉ា​ជឿ​សាថាន ហើយ​ឈប់​ស្ដាប់​បង្គាប់​ព្រះ? ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្វី​ៗ​ទាំង​អស់​ដល់​អាដាម​និង​អេវ៉ា។ លោក​ឲ្យ​ពួក​គេ​មាន​ជីវិត​ល្អ​ឥត​ខ្ចោះ ទី​លំនៅ​ដ៏​សែនស្អាត និង​ការ​ងារ​ដែល​ពួក​គេ​ពេញ​ចិត្ត។ ប៉ុន្តែ​សាថាន​វិញ វា​មិន​បាន​ឲ្យ​អ្វី​ល្អ​ទាល់​តែ​សោះ​ដល់​ពួក​គេ។ បើ​អ្នក​ជា​អាដាម​និង​អេវ៉ា តើ​អ្នក​នឹង​សម្រេច​ចិត្ត​យ៉ាង​ណា?

១០​. តើ​យើង​ម្នាក់​ៗ​មាន​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​អ្វី?

១០ នៅ​សព្វ​ថ្ងៃ​នេះ​យើង​ម្នាក់​ៗ​មាន​ការ​សម្រេច​ចិត្ត​ស្រដៀង​នេះ​ដែរ ហើយ​ជីវិត​យើង​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​នោះ។ យើង​អាច​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ ហើយ​ទទួល​ស្គាល់​លោក​ជា​អ្នក​គ្រប់​គ្រង​យើង និង​ជួយ​បង្ហាញ​ថា​សាថាន​ជា​អ្នក​កុហក ឬ​ក៏​យើង​អាច​សម្រេច​ចិត្ត​ឲ្យ​សាថាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​យើង​វិញ។ (​ទំនុក​តម្កើង ៧៣:២៨; សូម​អាន សុភាសិត ២៧:១១​) គួរ​ឲ្យ​ស្ដាយ​ណាស់ ក្នុង​ពិភព​លោក​នេះ មាន​មនុស្ស​តិច​ណាស់​ដែល​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ។ តាម​ពិត លោក​មិន​មែន​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​ទេ ប៉ុន្តែ​បើ​មិន​មែន​ព្រះ​ទេ តើ​អ្នក​ណា​វិញ?

តើ​អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ?

សាថានស្នើផ្ដល់ឲ្យលោកយេស៊ូនូវរដ្ឋាភិបាល ឬរាជាណាចក្រទាំងអស់នៃពិភពលោកនេះ

បើ​រាជាណាចក្រ​ទាំង​អស់​ក្នុង​ពិភព​លោក​នេះ មិន​មែន​ជា​របស់​សាថាន​ទេ តើ​វា​អាច​ឲ្យ លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច​បាន?

១១, ១២​. (​ក​) តើ​ការ​ដែល​សាថាន​ស្នើ​ជូន​ទៅ​លោក​យេស៊ូ​បង្ហាញ​យើង​អ្វី? (​ខ​) តើ​មាន​ខ​គម្ពីរ​ណា​ខ្លះ​ដែល​បង្ហាញ​ថា​សាថាន​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ?

១១ លោក​យេស៊ូ​បាន​ជ្រាប​ច្បាស់​ថា​អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ។ មាន​ពេល​មួយ​សាថាន​«​បង្ហាញ​លោក​នូវ​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក​និង​ភាព​រុង​រឿង​របស់​រាជាណាចក្រ​ទាំង​នោះ​»។ រួច​មក សាថាន​សន្យា​នឹង​លោក​យេស៊ូ​ថា​៖ ​«​អ្វី​ៗ​ទាំង​នេះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក ប្រសិន​បើ​អ្នក​ក្រាប​ប្រណិប័តន៍​ខ្ញុំ​ម្ដង​»។ (​ម៉ាថាយ ៤:៨, ៩; លូកា ៤:៥, ៦​) ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹បើ​រាជាណាចក្រ​ទាំង​នោះ​មិន​មែន​ជា​របស់​សាថាន​ទេ តើ​វា​អាច​ឲ្យ​លោក​យេស៊ូ​បាន​ទេ?› ពិត​ជា​មិន​បាន​ទេ។ ពិត​ណាស់ រដ្ឋាភិបាល​ទាំង​អស់​ជា​របស់​សាថាន​មែន។

១២ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ហើយ​ជា​អ្នក​បង្កើត​សកល​លោក​នេះ។ បើ​ដូច្នេះ តើ​សាថាន​អាច​ទៅ​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​បាន​យ៉ាង​ដូច​ម្ដេច?›។ (​ការ​បើក​បង្ហាញ ៤:១១​) ព្រះ​ជា​អ្នក​បង្កើត​មែន ប៉ុន្តែ​លោក​យេស៊ូ​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា​សាថាន​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»។ (​យ៉ូហាន ១២:៣១; ១៤:៣០; ១៦:១១​) ស្រដៀង​គ្នា​ដែរ សាវ័ក​ប៉ូល​ហៅ​មេ​កំណាច​សាថាន​ថា​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ (​កូរិនថូស​ទី២ ៤:៣, ៤​) ម្យ៉ាង​ទៀត សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។—យ៉ូហាន​ទី១ ៥:១៩

តើ​តាម​របៀប​ណា​ពិភព​លោក​របស់​សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល?

១៣​. ហេតុ​អ្វី​យើង​ត្រូវ​ការ​ពិភព​លោក​ថ្មី?

១៣ ពិភព​លោក​នេះ​មាន​សុវត្ថិភាព​កាន់​តែ​តិច​ទៅ​ៗ។ យើង​ឃើញ​មាន​សង្គ្រាម អំពើ​ពុក​រលួយ ភាព​លាក់​ពុត និង​អំពើ​ហិង្សា​នៅ​គ្រប់​ទី​កន្លែង។ មនុស្សជាតិ​មិន​អាច​បំបាត់​ចោល​បញ្ហា​ទាំង​អស់​នោះ​បាន​ទេ ទោះ​ជា​ពួក​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ មិន​យូរ​ទៀត​ព្រះ​នឹង​បំផ្លាញ​ចោល​ពិភព​លោក​ដ៏​អាក្រក់​នេះ​ក្នុង​សង្គ្រាម​ហាម៉ាគេដូន ហើយ​ជំនួស​វិញ​ដោយ​ពិភព​លោក​ថ្មី​ដ៏​សុចរិត (​សូម​មើលលេខ​១០​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។—ការ​បើក​បង្ហាញ ១៦:១៤​-​១៦

១៤​. តើ​ព្រះ​បាន​ជ្រើស​រើស​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​លោក? តើ​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​យ៉ាង​ណា​អំពី​លោក​យេស៊ូ?

១៤ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​រាជាណាចក្រ ឬ​រដ្ឋាភិបាល​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។ រាប់​ពាន់​ឆ្នាំ​មុន គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​ថា​លោក​យេស៊ូ​នឹង​គ្រប់​គ្រង​ជា​«​ម្ចាស់​នៃ​មេត្រី​ភាព​»​ ហើយ​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ចេះ​ផុត​ឡើយ។ (​អេសាយ ៩:៦, ៧​) ស្តី​អំពី​រដ្ឋាភិបាល​នេះ លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៦:១០​) ក្នុងជំពូក​ទី​៨ យើង​នឹង​រៀន​អំពី​របៀប​ដែល​រាជាណាចក្រ​ព្រះ​នឹង​ជំនួស​រដ្ឋាភិបាល​ទាំង​ឡាយ​របស់​ពិភព​លោក​នេះ។ (​សូម​អាន ដានីយ៉ែល ២:៤៤​) បន្ទាប់​មក រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន (​សូម​មើលលេខ​១១​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

ពិភព​លោក​ថ្មី​គឺ​ជិត​មក​ដល់​ហើយ!

មនុស្សកំពុងច្រៀង លេងភ្លេង ហើយសប្បាយនឹងជីវិតក្នុងពិភពលោកថ្មី

១៥​. តើ​«​ផែន​ដី​ថ្មី​»​សំដៅ​ទៅ​លើ​អ្វី?

១៥ គម្ពីរ​សន្យា​ថា​៖ ​«​យើង​កំពុង​ទន្ទឹង​រង់​ចាំ​មេឃ​ថ្មី​និង​ផែន​ដី​ថ្មី​»​ ហើយ​«​ទី​នោះ សេចក្ដី​សុចរិត​នឹង​ស្ថិតស្ថេរ​ជា​ដរាប​»។ (​ពេត្រុស​ទី២ ៣:១៣; អេសាយ ៦៥:១៧​) ជួន​កាល​នៅ​ពេល​គម្ពីរ​ប្រាប់​អំពី​«​ផែន​ដី​»​ នោះ​សំដៅ​លើ​មនុស្ស​ដែល​រស់​នៅ​ផែន​ដី​វិញ។ (​លោកុប្បត្តិ ១១:១​) ដូច្នេះ ​«​ផែន​ដី​ថ្មី​»​ដ៏​សុចរិត​សំដៅ​ទៅ​លើ​សង្គម​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ព្រះ ហើយ​ពួក​គេ​នឹង​ទទួល​ពរ​ពី​លោក។

១៦​. តើ​អំណោយ​ដ៏​អស្ចារ្យ​អ្វី​ដែល​ព្រះ​នឹង​ឲ្យ​ដល់​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី ហើយ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​អំណោយ​នេះ?

១៦ លោក​យេស៊ូ​សន្យា​ថា​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​នឹង​ទទួល​អំណោយ​ជា​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​ម៉ាកុស ១០:៣០​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​អំណោយ​នេះ? ដើម្បី​ដឹង​ចម្លើយ សូម​អាន យ៉ូហាន ៣:១៦ និង១៧:៣។ ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​នូវ​អ្វី​ដែល​គម្ពីរ​ប្រាប់​អំពី​ជីវិត​ក្នុង​សួន​ឧទ្យាន​នៅ​ផែន​ដី។

១៧, ១៨​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​នឹង​មាន​សេចក្ដី​សុខ​សាន្ត​គ្រប់​ទី​កន្លែង​នៅ​ផែន​ដី ហើយ​ថា​យើង​នឹង​មាន​សន្ដិ​សុខ?

១៧ អំពើ​ទុច្ចរិត សង្គ្រាម ឧក្រិដ្ឋកម្ម អំពើ​ហិង្សា​នឹង​លែង​មាន​ទៀត។ នៅ​ពេល​នោះ​នឹង​គ្មាន​មនុស្ស​អាក្រក់​នៅ​ផែន​ដី​ទេ។ (​ទំនុក​តម្កើង ៣៧:១០, ១១​) ព្រះ​នឹង​ធ្វើ​ឲ្យ​«​សង្គ្រាម​ស្ងប់​រំ​ងាប់ រហូត​ដល់​ចុង​ផែន​ដី​»។ (​ទំនុក​តម្កើង ៤៦:៩; អេសាយ ២:៤​) ផែន​ដី​នឹង​ពេញ​ដោយ​មនុស្ស​ដែល​ស្រឡាញ់​ព្រះ ហើយ​ស្ដាប់​បង្គាប់​លោក ព្រម​ទាំង​មាន​សេចក្ដី​សុខ​សាន្ត​ជា​រៀង​រហូត។—ទំនុក​តម្កើង ៧២:៧

១៨ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​សុវត្ថិភាព។ នៅ​សម័យ​គម្ពីរ ដរាប​ណា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ស្ដាប់​បង្គាប់​ព្រះ ដរាប​នោះ​ពួក​គេ​មាន​សេចក្ដី​សុខ​សាន្ត ដោយ​សារ​ព្រះ​ការពារ​ពួក​គេ។ (​លេវីវិន័យ ២៥:១៨, ១៩​) ក្នុង​សួន​ឧទ្យាន យើង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ណា​មួយ ឬ​បុគ្គល​ណា​ឡើយ។ យើង​នឹង​មាន​សន្ដិ​សុខ​ជា​និច្ច!—សូម​អាន អេសាយ ៣២:១៨; មីកា ៤:៤

១៩​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​នឹង​មាន​អាហារ​ជា​បរិបូរ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ?

១៩ នឹង​មាន​អាហារ​ជា​បរិបូរ។ ​«​នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ​»។ (​ទំនុក​តម្កើង ៧២:១៦​) ព្រះ​យេហូវ៉ា​«​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ​»​ ហើយ​«​ដី​នឹង​បង្កើត​ផល​ឡើង​»។—ទំនុក​តម្កើង ៦៧:៦

២០​. តើ​តាម​របៀប​ណា​យើង​ដឹង​ថា​ផែន​ដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន?

២០ ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។ មនុស្ស​នឹង​មាន​ផ្ទះ​ស្អាត ព្រមទាំង​សួន​ច្បារ​ដែរ។ (​សូម​អាន អេសាយ ៦៥:២១​-​២៤; ការ​បើក​បង្ហាញ ១១:១៨​) ផែន​ដី​ទាំង​មូល​នឹង​មាន​សោភ័ណ​ភាព​ដូច​សួន​អេដែន។ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ។ គម្ពីរ​ចែង​អំពី​លោក​ថា​៖ ​«​ទ្រង់​លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ​»។—ទំនុក​តម្កើង ១៤៥:១៦

២១​. តើ​យើង​ដឹង​ដូច​ម្ដេច​ថា​មនុស្ស​ហើយ​សត្វ​នឹង​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត?

២១ មនុស្ស​ហើយ​សត្វ​នឹង​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត។ សត្វ​នឹង​មិន​ធ្វើ​បាប​មនុស្ស​ទៀត។ នៅ​ពេល​នោះ សូម្បី​តែ​ក្មេង​តូច​ក៏​មិន​ចាំ​បាច់​ខ្លាច​សត្វ​សាហាវ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។—សូម​អាន អេសាយ ១១:៦​-​៩; ៦៥:២៥

២២​. តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​ចំពោះ​ពួក​អ្នក​ដែល​ឈឺ?

២២ នឹង​គ្មាន​អ្នក​ណា​ឈឺ​ទៀត។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជា​សះ​ស្បើយ​ពី​ជំងឺ​ផ្សេង​ៗ។ (​ម៉ាថាយ ៩:៣៥; ម៉ាកុស ១:៤០​-​៤២; យ៉ូហាន ៥:៥​-​៩​) លើស​ជាង​នោះ​ទៅ​ទៀត ក្នុង​នាម​ជា​ស្តេច​នៃ​រាជាណាចក្រ​ព្រះ លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ជា​ឡើង​វិញ។ គ្មាន​អ្នក​ណា​ម្នាក់​នឹង​និយាយ​ថា​៖ ​«​ខ្ញុំ​ឈឺ​ទៀត​ឡើយ​»។—អេសាយ ៣៣:២៤; ៣៥:៥, ៦

២៣​. តើ​ព្រះ​នឹង​ធ្វើ​អ្វី​ចំពោះ​មនុស្ស​ដែល​បាន​ស្លាប់?

២៣ មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ។ ព្រះ​សន្យា​ថា​លោក​នឹង​ប្រោស​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។—សូម​អាន យ៉ូហាន ៥:២៨, ២៩; សកម្មភាព ២៤:១៥

២៤​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ជីវិត​ក្នុង​សួន​ឧទ្យាន?

២៤ យើង​ទាំង​អស់​គ្នា​មាន​ការ​សម្រេច​ចិត្ត​មួយ។ យើង​អាច​សម្រេច​ចិត្ត​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​បម្រើ​លោក ឬ​ក៏​យើង​អាច​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ​ប៉ុណ្ណោះ។ បើ​យើង​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា នោះ​យើង​អាច​មាន​អនាគត​ដ៏​ភ្លឺ​ស្វាង។ ពេល​បុរស​ម្នាក់​បាន​សុំ​លោក​យេស៊ូ​ឲ្យ​នឹក​ចាំ​អំពី​គាត់​ក្រោយ​ពី​គាត់​បាន​ស្លាប់ នោះ​លោក​យេស៊ូ​បាន​សន្យា​នឹង​គាត់​ថា​៖ ​«​អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»។ (​លូកា ២៣:៤៣​) សូម​ឲ្យ​យើង​រៀន​ថែម​ទៀត​អំពី​លោក​យេស៊ូ​គ្រិស្ត និង​របៀប​ដែល​លោក​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះ​ក្លាយ​ជា​ការ​ពិត។

សេចក្ដី​សង្ខេប

សេចក្ដី​ពិត​ទី១: ព្រះ​បង្កើត​យើង​ដោយ​មាន​គោល​បំណង

​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។—ទំនុក​តម្កើង ៣៧:២៩

តើ​ព្រះ​មាន​គោល​បំណង​អ្វី​សម្រាប់​មនុស្សជាតិ?

  • លោកុប្បត្តិ ១:២៨

    ព្រះ​ចង់​ឲ្យ​ក្រុម​គ្រួសារ​ទាំង​ឡាយ​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន ហើយ​ថែ​រក្សា​សត្វ។

  • អេសាយ ៤៦:៩​-​១១; ៥៥:១១

    ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក ហើយ​គ្មាន​អ្វី​ដែល​អាច​រា​រាំង​លោក​បាន​ឡើយ។

សេចក្ដី​ពិត​ទី២: មូលហេតុ​ដែល​ជីវិត​មាន​ទុក្ខ​លំបាក

​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។—យ៉ូហាន​ទី១ ៥:១៩

តើ​អ្នក​ណា​គ្រប់​គ្រង​ពិភព​លោក​នេះ?

  • យ៉ូហាន ១២:៣១

    លោក​យេស៊ូ​ហៅ​សាថាន​ថា​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក។

  • យ៉ាកុប ១:១៣​-​១៥

    សាថាន​ចង់​បាន​អ្វី​ដែល​មិន​មែន​ជា​របស់​វា។

  • លោកុប្បត្តិ ២:១៧; ៣:១​-​៦

    សាថាន​បាន​បំភាន់​អេវ៉ា។ អាដាម​និង​អេវ៉ា​ឈប់​ស្ដាប់​បង្គាប់​ព្រះ ក្រោយ​មក​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ស្លាប់។

  • រ៉ូម ៣:២៣; ៥:១២

    យើង​ស្លាប់​ដោយ​សារ​យើង​ទទួល​ភាព​ខុស​ឆ្គង​ជា​មត៌ក​ពី​អាដាម។

  • កូរិនថូស​ទី២ ៤:៣, ៤

    សាថាន​បំភាន់​មនុស្ស។

សេចក្ដី​ពិត​ទី៣: រាជាណាចក្រ​របស់​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់

​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី​»។—ម៉ាថាយ ៦:១០

តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី?

  • ដានីយ៉ែល ២:៤៤

    រដ្ឋាភិបាល​របស់​ព្រះ​នឹង​ជំនួស​រដ្ឋាភិបាល​ទាំង​អស់​របស់​ពិភព​លោក​នេះ។

  • ការ​បើក​បង្ហាញ ១៦:១៤​-​១៦

    ព្រះ​នឹង​បំផ្លាញ​ចោល​ពិភព​លោក​ដ៏​អាក្រក់​នេះ​នៅ​សង្គ្រាម​ហាម៉ាគេដូន។

  • អេសាយ ៩:៦, ៧

    ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្តេច​នៃ​រដ្ឋាភិបាល​របស់​លោក​នៅ​ស្ថាន​សួគ៌។ លោក​យេស៊ូ​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី។

សេចក្ដី​ពិត​ទី​៤: រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន

​«​ទ្រង់​លា​ព្រះ​ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ​»។—ទំនុក​តម្កើង ១៤៥:១៦

តើ​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង?

  • ទំនុក​តម្កើង ៤៦:៩

    សង្គ្រាម ឧក្រិដ្ឋកម្ម អំពើ​ហិង្សា​នឹង​លែង​មាន​ទៀត។

  • អេសាយ ៣២:១៨; ៦៥:២១​-​២៤

    ក្នុង​ពិភព​លោក​ថ្មី មនុស្ស​ទាំង​អស់​នឹង​មាន​ផ្ទះ​ស្អាត​និង​សួន​ច្បារ ថែម​ទាំង​រស់​នៅ​ដោយ​សេចក្ដី​សុខ​សាន្ត។

  • ទំនុក​តម្កើង ៧២:១៦

    នឹង​មាន​អាហារ​ជា​បរិបូរ។

  • អេសាយ ១១:៦​-​៩

    មនុស្ស​ហើយ​សត្វ​នឹង​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត។

  • អេសាយ ៣៣:២៤; សកម្មភាព ២៤:១៥

    គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឈឺ​ទៀត ហើយ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក