ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១-៧ ខែមិថុនា
it-2-E ទំ. ៨១៣
ការហែកសម្លៀកបំពាក់
នេះជារឿងធម្មតាដែលជនជាតិយូដាធ្វើដើម្បីបង្ហាញការកើតទុក្ខពេលឮថាសាច់ញាតិជិតដិតបានស្លាប់។ ក្នុងករណីជាច្រើន ការហែកបែបនេះគឺជាការហែកនៅខាងមុខនៃសម្លៀកបំពាក់បន្តិចដើម្បីឃើញទ្រូង មិនមែនជាការហែកសម្លៀកបំពាក់ទាំងមូលទេដែលពួកគេមិនអាចពាក់ម្ដងទៀតបានឡើយ។
នៅប្រទេសអេស៊ីបពួកបងៗរបស់យ៉ូសែបបានបង្ហាញការកើតទុក្ខដោយហែកសម្លៀកបំពាក់ ពេលឃើញគេចោទថាបេនយ៉ាមីនលួចពែង។—លោ. ៤៤:១៣
ថ្ងៃទី៨-១៤ ខែមិថុនា
w៨៧-E ១/៥ ទំ. ១៥ វ. ២
ការរក្សាជីវិតពេលមានគ្រាអត់ឃ្លាន
២ ឆ្នាំសម្បូរទាំងប្រាំពីរបានកន្លងផុត និងគ្រាអំណត់បានចាប់ផ្ដើមដូចព្រះយេហូវ៉ាបានទាយទុក ពោលគឺគ្រាអំណត់មិនមានតែប្រទេសអេស៊ីបទេ តែ«នៅពេញលើផែនដី»ដែរ។ ពេលបណ្ដាជននៅប្រទេសអេស៊ីបអត់ឃ្លាន ពួកគេស្រែកសុំអាហារពីផារ៉ូ ហើយផារ៉ូប្រាប់ពួកគេថា៖ «ចូរទៅឯយ៉ូសែបទៅ ហើយធ្វើតាមដែលលោកបង្គាប់ចុះ»។ យ៉ូសែបបានលក់ស្រូវដល់បណ្ដាជនអេស៊ីបរហូតដល់ពួកគេអស់លុយកាក់។ ក្រោយមក គាត់ព្រមទទួលយកហ្វូងសត្វប្ដូរនឹងស្រូវ។ នៅទីបំផុត បណ្ដាជនមកជួបយ៉ូសែបថា៖ «សូមទិញយើងខ្ញុំ និងដីរបស់យើងខ្ញុំប្ដូរនិងអាហារចុះ នោះយើងខ្ញុំ ហើយដីយើងខ្ញុំនឹងនៅបំរើផារ៉ោន»។ ដូច្នេះ យ៉ូសែបបានទិញដីទាំងអស់ពីបណ្ដាជនអេស៊ីបទុកឲ្យផារ៉ូ។—លោកុប្បត្តិ ៤១:៥៣-៥៧; ៤៧:១៣-២០
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ៧:១៤
ចំនួន៧៥នាក់: ស្ទេផានប្រហែលជាមិនបានដកស្រង់ខជាក់លាក់ណាមួយពីបទគម្ពីរភាសាហេប្រឺទេពេលគាត់ប្រាប់អំពីចំនួននៃក្រុមគ្រួសាររបស់យ៉ាកុបនៅប្រទេសអេស៊ីបគឺ៧៥នាក់។ ចំនួននេះមិនមាននៅឯកសារម៉ាសុរិតនៃបទគម្ពីរភាសាហេប្រឺទេ។ លោ. ៤៦:២៦ថា៖ «ពួកអ្នកដែលចូល ទៅឯស្រុកអេស៊ីព្ទជាមួយនឹងយ៉ាកុប ជាពួកអ្នកដែលកើតពីគាត់ទាំងប៉ុន្មាន នោះរួមទាំងអស់មាន៦៦នាក់ ឥតរាប់ប្រពន្ធរបស់កូនយ៉ាកុបទាំងប៉ុន្មានទេ»។ ខ២៧បន្តថា៖ «ពួកគ្រួរបស់យ៉ាកុបទាំងអស់ដែលចុះទៅឯស្រុកអេស៊ីព្ទ នោះរួមគ្នាមាន៧០នាក់»។ មើលទៅគេបានរាប់ចំនួនតាមវិធីពីរយ៉ាង ទីមួយរួមបញ្ចូលសាច់ញាតិប៉ុណ្ណោះ ហើយទីពីរគឺចំនួននៃមនុស្សទាំងអស់ដែលបានទៅប្រទេសអេស៊ីប។ ចំនួននៃសាច់ញាតិរបស់យ៉ាកុបក៏មាននៅនិក្ខ. ១:៥ និងចោ. ១០:២២ ដែលរៀបរាប់ថាមាន«៧០នាក់»។ តាមមើលទៅស្ទេផានផ្ដល់ចំនួនថ្មីដែលនេះរួមបញ្ចូលសាច់ញាតិឯទៀតរបស់យ៉ាកុប។ អ្នកខ្លះបង្ហើបថានេះរួមបញ្ចូលកូននិងចៅរបស់ម៉ាណាសេនិងអេប្រាអ៊ីម ដែលជាកូនរបស់យ៉ូសែប ដែលបានត្រូវរៀបរាប់ដែរក្នុងសេចក្ដីបកប្រែសេបធួជីននៅលោ. ៤៦:២០។ អ្នកឯទៀតគិតថា ចំនួននេះរួមបញ្ចូលប្រពន្ធរបស់កូនយ៉ាកុប ដែលពួកគេមិនបានបូកបញ្ចូលក្នុងចំនួនដែលបានកត់ទុកនៅលោ. ៤៦:២៦។ ដូច្នេះចំនួន«៧៥»ប្រហែលជាចំនួនសរុបទាំងអស់។ ប៉ុន្តែចំនួននេះប្រហែលមានមូលដ្ឋានលើបទគម្ពីរភាសាហេប្រឺដែលមាននៅសតវត្សរ៍ទី១ គ.ស.ដែរ។ អស់ជាច្រើនឆ្នាំ បណ្ឌិតមួយចំនួនដឹងថាចំនួន«៧៥»មាននៅលោ. ៤៦:២៧ និងនិក្ខ. ១:៥ ក្នុងសេចក្ដីបកប្រែសេបធួជីនជាភាសាក្រិច។ បន្ថែមទៅទៀត នៅសតវត្សរ៍ទី២០គេបានរកឃើញរមូរនៃសមុទ្រស្លាប់ជាភាសាហេប្រឺ ហើយក្នុងនោះនៅនិក្ខ. ១:៥ក៏មានលេខ«៧៥»ដែរ។ ដូច្នេះ ចំនួនរបស់ស្ទេផានប្រហែលជាមានមូលដ្ឋានលើឯកសារមួយក្នុងចំណោមឯកសារពីសម័យបុរាណទាំងនោះ។ មិនថាវិធីណាគឺត្រូវក៏ដោយ ចំនួនរបស់ស្ទេផានប្រហែលគ្រាន់តែជាវិធីផ្សេងក្នុងការរាប់ចំនួនទាំងអស់នៃសាច់ញាតិរបស់យ៉ាកុប។
ថ្ងៃទី១៥-២១ ខែមិថុនា
it-1-E ទំ. ១២៤៦ វ. ៨
យ៉ាកុប
មិនយូរមុនយ៉ាកុបស្លាប់ គាត់បានឲ្យពរទៅចៅ ដែលជាកូនរបស់យ៉ូសែប ហើយដោយមានការណែនាំពីព្រះ គាត់បានឲ្យអេប្រាអ៊ីមនៅខាងស្ដាំគាត់ ហើយម៉ាណាសេនៅខាងឆ្វេង ទោះជាម៉ាណាសេគឺបងច្បងក៏ដោយ។ ក្រោយមក ចំពោះយ៉ូសែបដែលនឹងទទួលមត៌កពីរចំណែក យ៉ាកុបបានប្រកាសថា៖ «ក្នុងរបស់ទាំងប៉ុន្មាន ដែលអញបានយកពីដៃនៃពួកសាសន៍អាម៉ូរី ដោយដាវនឹងធ្នូររបស់អញ នោះអញបានចែក១ចំណែកដល់ឯងលើសជាងបងឯងហើយ»។ (លោ. ៤៨:១-២២; ១រប. ៥:១) ដោយសារយ៉ាកុបបានទិញដីនៅជិតស៊ីគែមពីកូនចៅរបស់ហាម៉ោរ (លោ. ៣៣:១៩, ២០) នោះតាមមើលទៅ សេចក្ដីសន្យានេះទៅយ៉ូសែប គឺជាការបញ្ជាក់អំពីជំនឿរបស់យ៉ាកុប ដែលគាត់បានទាយទុកអំពីកូនចៅគាត់នឹងដណ្ដើមយកស្រុកកាណាននៅថ្ងៃអនាគត គឺហាក់ដូចជាបានកើតឡើងរួចទៅហើយដោយដាវនិងធ្នូររបស់គាត់ផ្ទាល់។ មត៌កពីរចំណែករបស់យ៉ូសែបគឺដីដែលបានត្រូវប្រគល់ឲ្យកុលសម្ព័ន្ធអេប្រាអ៊ីមនិងម៉ាណាសេ។
it-2-E ទំ. ២០៦ វ. ១
គ្រាជាន់ក្រោយ
ទំនាយដែលយ៉ាកុបបានទាយពេលគាត់ហៀបនឹងស្លាប់។ ពេលយ៉ាកុបប្រាប់កូនៗទាំងអស់របស់គាត់ថា៖ «ចូរឯងប្រមូលគ្នាទាំងអស់មក ដើម្បីអញនឹងប្រាប់ឲ្យដឹងពី ការដែលនឹងកើតដល់ឯងរាល់គ្នានៅជាន់ក្រោយ» នោះគាត់ចង់និយាយថាពាក្យសម្ដីរបស់គាត់នឹងចាប់ផ្ដើមសម្រេចនៅអនាគត។ (លោ. ៤៩:១) ច្រើនជាងពីរសតវត្សរ៍មុន ព្រះយេហូវ៉ាបានប្រាប់អាប់រ៉ាម (អាប្រាហាំ) ដែលជាតារបស់យ៉ាកុប ថាពូជរបស់អាប់រ៉ាមនឹងរងការសង្កត់សង្កិនអស់រយៈពេល៤០០ឆ្នាំ។ (លោ. ១៥:១៣) ដូច្នេះក្នុងករណីនេះ អនាគតដែលយ៉ាកុបចង់បញ្ជាក់ថាជា«ជាន់ក្រោយ» មិនអាចចាប់ផ្ដើមរហូតដល់៤០០ឆ្នាំនៃការសង្កត់សង្កិននោះបានកន្លងផុតទៅ។ ម្យ៉ាងទៀត ច្រើនឆ្នាំក្រោយមក ទំនាយនេះក៏ទាក់ទងនឹង«អ៊ីស្រាអែលនៃព្រះ»ដែរ។—កាឡ. ៦:១៦; រ៉ូម ៩:៦
it-1-E ទំ. ២៨៩ វ. ២
បេនយ៉ាមីន
ទំនាយដែលយ៉ាកុបបានទាយពេលគាត់ហៀបនឹងស្លាប់អំពីកូនចៅបេនយ៉ាមីន បញ្ជាក់ថាពួកគេពូកែប្រយុទ្ធ។ យ៉ាកុបបាននិយាយទៅកូនជាទីស្រឡាញ់របស់គាត់ថា៖ «បេនយ៉ាមីន ជាឆ្កែព្រៃដែលហែកស៊ី នៅពេលព្រឹកវាខាំស៊ីរំពា ហើយដល់ពេលល្ងាចវាចែករបឹប»។ (លោ. ៤៩:២៧) កូនចៅរបស់បេនយ៉ាមីនពូកែប្រើដង្ហក់ ដោយដៃស្ដាំឬឆ្វេងចំនឹងគោលដៅ«ត្រូវដល់សក់១សរសៃ»។ (ចៅ. ២០:១៦; ១រប. ១២:២) អេហ៊ុឌដែលជាអ្នកប្រើការខាងដៃឆ្វេងគឺមកពីកុលសម្ព័ន្ធបេនយ៉ាមីន ហើយគាត់ជាអ្នកដែលបានសម្លាប់ស្ដេចអេក្លុនដែលជាស្ដេចដ៏កាចសហាវម្នាក់។ (ចៅ. ៣:១៥-២១) គួរឲ្យចាប់អារម្មណ៍ថា «នៅពេលព្រឹក»នៃរាជាណាចក្រនៃអ៊ីស្រាអែល ស្ដេចទីមួយគឺមកពីកុលសម្ព័ន្ធបេនយ៉ាមីនដែល‹កុលសម្ព័ន្ធតូចជាងគេ›។ ស្ដេចនោះគឺសូលដែលជាកូនរបស់គីស ហើយគាត់ជាអ្នកប្រយុទ្ធដ៏ខ្លាំងម្នាក់ប្រឆាំងនឹងពួកភីលីស្ទីន។ (១សាំ. ៩:១៥-១៧, ២១) ដូចគ្នាដែរ នៅ«ពេលល្ងាច» មហាក្សត្រីអេសធើរនិងនាយករដ្ឋមន្ត្រីម៉ាដេកាយបានសង្គ្រោះបណ្ដាជនអ៊ីស្រាអែលពីការប្រល័យពូជពេលស្ថិតនៅក្រោមមហាអំណាចពើស៊ី។ ពួកគេទាំងពីរនាក់គឺមកពីកុលសម្ព័ន្ធបេនយ៉ាមីន។—អេធ. ២:៥-៧
ថ្ងៃទី២២-២៨ ខែមិថុនា
g០៤-E ៤/៨ ទំ. ៦ វ. ៥
ម៉ូសេ ជារឿងពិតឬក៏ជារឿងព្រេង?
តើពិបាកឲ្យយើងជឿថាកូនស្រីរបស់ស្ដេចផារ៉ូបានយកកូនក្មេងមកចិញ្ចឹមជាកូនឬទេ? មិនពិបាកទេ ព្រោះសាសនានៃប្រទេសអេស៊ីបបង្រៀនថា ការប្រព្រឹត្តល្អជាតម្រូវការមួយដើម្បីឡើងទៅស្ថានសួគ៌។ ស្ដីអំពីការយកកូនក្មេងមកចិញ្ចឹមជាកូន បុរាណវត្ថុវិទូម្នាក់ឈ្មោះចូអ៊ីស ថៀលដេស្លេសម្គាល់ថា៖ «ស្ត្រីជនជាតិអេស៊ីបមានភាពស្មើគ្នានឹងបុរស។ ពួកគេមានសិទ្ធខាងច្បាប់និងខាងសេដ្ឋកិច្ចដូចគ្នា ហើយស្ត្រីអាចយកកូនក្មេងឬអ្នកឯទៀតមកចិញ្ចឹមបាន»។ ឯកសារពីបុរាណនៃការយកមនុស្សមកចិញ្ចឹម បានកត់ទុកថាមានស្ត្រីជនជាតិអេស៊ីបម្នាក់បានយកខ្ញុំបម្រើរបស់គាត់មកចិញ្ចឹម។ ក្នុងគម្ពីរយើងអានថាកូនស្រីរបស់ផារ៉ូបានជួលម្ដាយម៉ូសេឲ្យជួយថែទាំគាត់។ សៀវភៅមួយបានចែងថា នេះគឺជាវិធីទូទៅមួយដើម្បីបញ្ជាក់ការយកកូនក្មេងមកចិញ្ចឹមជាកូននៅតំបន់មេសូប៉ូតាមៀ។ (The Anchor Bible Dictionary)
ថ្ងៃទី២៩ ខែមិថុនា–ថ្ងៃទី៥ ខែកក្កដា
w១០-E ១៥/១០ ទំ. ១៣-១៤
តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការដោះសារ?
«ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ទេ»។ អ្នកប្រហែលមានអារម្មណ៍ថាមិនមានសមត្ថភាពគ្រប់គ្រាន់ធ្វើជាអ្នកផ្សាយដំណឹងល្អ។ អ្នកបម្រើដ៏ស្មោះត្រង់ខ្លះរបស់ព្រះយេហូវ៉ានៅសម័យគម្ពីរក៏ធ្លាប់មានអារម្មណ៍ថា ពួកគេគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចដែលលោកផ្ដល់ឲ្យពួកគេ។ សូមគិតអំពីម៉ូសេ។ ពេលគាត់បានទទួលភារកិច្ចពីព្រះយេហូវ៉ា ម៉ូសេបាននិយាយថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្ដាតក៏ដំឡាន់ផង»។ ទោះជាព្រះយេហូវ៉ាថាលោកនឹងជួយគាត់ក៏ដោយ ម៉ូសេតបឆ្លើយថា៖ «ឱព្រះអម្ចាស់អើយ សូមទ្រង់ចាត់អ្នកណាមួយតាមព្រះហឫទ័យទ្រង់ចុះ»។ (និក្ខ. ៤:១០-១៣) តើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណា?
w១០-E ១៥/១០ ទំ. ១៤
តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការដោះសារ?
ព្រះយេហូវ៉ាមិនដកភារកិច្ចនោះពីម៉ូសេទេ។ ប៉ុន្តែព្រះយេហូវ៉ាបានតែងតាំងអេរ៉ុនឲ្យជួយម៉ូសេបំពេញភារកិច្ច។ (និក្ខ. ៤:១៤-១៧) ម្យ៉ាងទៀត នៅឆ្នាំបន្តបន្ទាប់ ព្រះយេហូវ៉ាបាននៅក្បែរម៉ូសេ ហើយផ្ដល់អ្វីដែលគាត់ត្រូវការដើម្បីបំពេញភារកិច្ចរបស់គាត់។ សព្វថ្ងៃនេះ អ្នកអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងជំរុញចិត្តបងប្អូនរួមជំនឿដែលមានបទពិសោធន៍ឲ្យជួយអ្នកដើម្បីបំពេញកិច្ចបម្រើផ្សាយរបស់អ្នកដែរ។ សំខាន់បំផុត បណ្ដាំរបស់ព្រះធានាថាព្រះយេហូវ៉ានឹងជួយយើងឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការដែលលោកបង្គាប់ឲ្យយើងធ្វើ។—២កូ. ៣:៥
it-2-E ទំ. ១២ វ. ៥
ព្រះយេហូវ៉ា
ការ«ស្គាល់»មិនគ្រាន់តែមានន័យថាដឹងឮអំពីអ្វីមួយឬបុគ្គលណាម្នាក់ទេ។ ណាបាលស្គាល់ឈ្មោះរបស់ដាវីឌ តែនៅតែសួរគេ«ដាវីឌជាអ្វី?» គឺដូចជាគាត់ចង់សួរ«តើគាត់សំខាន់ប៉ុណ្ណា?» (១សាំ. ២៥:៩-១១; សូមពិនិត្យបន្ថែម២សាំ. ៨:១៣) ដូចគ្នាដែរ ផារ៉ូបាននិយាយទៅម៉ូសេថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្ដាប់តាមទ្រង់ នឹងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ អញមិនស្គាល់ព្រះយេហូវ៉ាទេ ហើយក៏មិនព្រមឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។ (និក្ខ. ៥:១, ២) ផារ៉ូចង់និយាយថាគាត់មិនស្គាល់ព្រះយេហូវ៉ាជាព្រះពិតតែមួយ ឬមានអំណាចលើស្ដេចអេស៊ីប ឬមានឫទ្ធានុភាពធ្វើតាមបំណងប្រាថ្នា ដូចដែលម៉ូសេនិងអេរ៉ុនបានប្រកាសនោះទេ។ ប៉ុន្តែឥឡូវផារ៉ូនិងប្រទេសអេស៊ីបទាំងឡាយ និងស្គាល់អត្ថន័យពិតនៃនាមរបស់ព្រះ ហើយស្គាល់ថាលោកជាព្រះបែបណា។ ដូចព្រះយេហូវ៉ាបានបង្ហាញម៉ូសេ ការធ្វើដូចនេះនឹងនាំឲ្យលោកបំពេញគោលបំណងរបស់លោកសម្រាប់អ៊ីស្រាអែល រំដោះពួកគេ ផ្ដល់ស្រុកសន្យាឲ្យពួកគេ ហើយសម្រេចកិច្ចព្រមព្រៀងជាមួយបុព្វបុរសរបស់ពួកគេ។ តាមរបៀបខាងលើនេះ ព្រះមានប្រសាសន៍ថា៖ «ឯងនឹងបានដឹងថាអញនេះជាយេហូវ៉ា»។—និក្ខ. ៦:៤-៨