បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៥ ទំ. ៩-១៤
  • អ្នកអាចប្រយុទ្ធឈ្នះសាថានបាន!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកអាចប្រយុទ្ធឈ្នះសាថានបាន!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​បោះ​បង់​មោទនភាព​មិន​ត្រឹម​ត្រូវ
  • ចូរ​ជៀស​វាង​ពី​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ និង​ការ​ស្រឡាញ់​ពិភព​លោក
  • ចូរ​ជៀស​វាង​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ
  • ចូរ​ឈ្នះ​ការ​ប្រយុទ្ធ ដោយ​ចេះ​ស៊ូ​ទ្រាំ
  • ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចូរស្គាល់សត្រូវរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • តើអារក្សជាអ្នកណា?
    តើព្រះតម្រូវអ្វីពីយើង?
  • ចូរពិចារណាថាអ្នករាល់គ្នាគួរជាមនុស្សប្រភេទណា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៥ ទំ. ៩-១៤

អ្នក​អាច​ប្រយុទ្ធ​ឈ្នះ​សាថាន​បាន!

​«​ចូរ​តតាំង​នឹង[​សាថាន​] ដោយ​មាន​ជំនឿ​មាំ​មួន​»។—ពេត្រុស​ទី១ ៥:៩

តើ​តាម​របៀប​ណា​យើង​អាច​ប្រាកដ​ថា​យើង​មិន​ជាប់​អន្ទាក់​របស់​សាថាន​ដូច​ជា . . .

  • មោទនភាព​មិន​ត្រឹម​ត្រូវ?

  • ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ?

  • អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ?

១​. (​ក​) ហេតុ​អ្វី​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​សាថាន​នៅ​ឥឡូវ​នេះ? (​ខ​) តើ​តាម​របៀប​ណា​យើង​ដឹង​ថា​យើង​អាច​ប្រយុទ្ធ​ឈ្នះ​សាថាន​បាន?

សាថាន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​ផែន​ដី​នៅ​ឡើយ និង​«​ចៀម​ឯ​ទៀត​»។ (​យ៉ូហាន ១០:១៦​) ដោយ​សារ​មេ​កំណាច​នៅ​សល់​ពេល​តែ​បន្ដិច​បន្តួច នោះ​វា​ចង់​បំផ្លាញ​ជំនឿ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​នាក់​បំផុត។ (​សូម​អាន ការ​បើក​បង្ហាញ ១២:៩, ១២​) ប៉ុន្តែ យើង​អាច​ប្រយុទ្ធ​ឈ្នះ​សាថាន​បាន។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​តស៊ូ​នឹង​មេ​កំណាច រួច​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​»។—យ៉ាកុប ៤:៧

២, ៣​. (​ក​) ហេតុ​អ្វី​សាថាន​មិន​ចង់​ឲ្យ​មនុស្ស​ជឿ​ថា​មាន​វា​ទេ? (​ខ​) ហេតុ​អ្វី​អ្នក​ដឹង​ថា​សាថាន​ជា​បុគ្គល​ពិត?

២ មនុស្ស​ជា​ច្រើន​ចំអក​មើល​ងាយ​ពួក​អ្នក​ដែល​ជឿ​ថា​មាន​សាថាន។ ចំពោះ​ពួក​គេ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​គ្រាន់​តែ​ជា​តួ​អង្គ​ដែល​មាន​នៅ​ក្នុង​សៀវភៅ​ផ្សេង​ៗ ភាពយន្ត​ដែល​ធ្វើ​ឲ្យ​ភ័យ​រន្ធត់ និង​វីដេអូ​ហ្គេម​ប៉ុណ្ណោះ។ មនុស្ស​ទាំង​នោះ​គិត​ថា​បើ​អ្នក​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ អ្នក​នឹង​មិន​ជឿ​ថា​មាន​ពួក​វិញ្ញាណ​កំណាច​ទេ។ តើ​ការ​ដែល​មនុស្ស​មិន​ជឿ​ថា​សាថាន​និង​ពួក​វិញ្ញាណ​របស់​វា​គឺ​ជា​បុគ្គល​ពិត នោះ​ធ្វើ​ឲ្យ​សាថាន​ទើស​ចិត្ត​ឬ​ទេ? វា​មិន​ទើស​ចិត្ត​ទេ។ ផ្ទុយ​ទៅ​វិញ សាថាន​កាន់​តែ​ងាយ​ស្រួល​បោក​បញ្ឆោត​ពួក​អ្នក​ដែល​មិន​ប្រាកដ​ថា​មាន​វា​ទេ។ (​កូរិនថូស​ទី២ ៤:៤​) តាម​ពិត​សាថាន​បាន​លើក​ស្ទួយ​គំនិត​បែប​នោះ​ដើម្បី​វា​អាច​បំភាន់​មនុស្ស​បាន។

៣ ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា យើង​មិន​បាន​ត្រូវ​បំភាន់​បែប​នោះ​ទេ។ យើង​ដឹង​ថា​មេ​កំណាច​គឺ​ជា​បុគ្គល​ពិត។ ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ? គម្ពីរ​ប្រាប់​យើង​ថា​សាថាន​បាន​និយាយ​ទៅ​កាន់​អេវ៉ា​តាម​រយៈ​សត្វ​ពស់។ (​លោកុប្បត្តិ ៣:១​-​៥​) នៅ​ពេល​មួយ វា​បាន​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​បំណង​ចិត្ត​របស់​យ៉ូប។ (​យ៉ូប ១:៩​-​១២​) នៅ​ពេល​មួយ​ទៀត សាថាន​បាន​ព្យាយាម​ល្បួង​លោក​យេស៊ូ។ (​ម៉ាថាយ ៤:១​-​១០​) ម្យ៉ាង​ទៀត ក្រោយ​ពី​លោក​យេស៊ូ​បាន​ទៅ​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤ សាថាន​បាន​ចាប់​ផ្ដើម​«​ច្បាំង​»​ជា​មួយ​នឹង​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​ផែន​ដី​នៅ​ឡើយ។ (​ការ​បើក​បង្ហាញ ១២:១៧​) មេ​កំណាច​បន្ត​ធ្វើ​សង្គ្រាម​នេះ​ដើម្បី​ព្យាយាម​បំផ្លាញ​ជំនឿ​របស់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង និង​ចៀម​ឯ​ទៀត។ ដើម្បី​ឈ្នះ​ចម្បាំង​នេះ យើង​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​សាថាន ហើយ​រក្សា​ជំនឿ​របស់​យើង​ឲ្យ​បាន​រឹង​មាំ។ អត្ថបទ​នេះ​នឹង​ពិចារណា​អំពី​វិធី​បី​យ៉ាង​ដើម្បី​ធ្វើ​ដូច្នេះ។

ចូរ​បោះ​បង់​មោទនភាព​មិន​ត្រឹម​ត្រូវ

៤​. ហេតុ​អ្វី​សាថាន​ជា​គំរូ​ដ៏​អាក្រក់​បំផុត​ស្តី​អំពី​ការ​មាន​មោទនភាព​មិន​ត្រឹម​ត្រូវ?

៤ សាថាន​ជា​បុគ្គល​ដែល​មាន​មោទនភាព​ហួស​ហេតុ​ពេក។ ទេវតា​ដ៏​អាក្រក់​មួយ​រូប​នេះ​ហ៊ាន​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ ហើយ​វា​បាន​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គោរព​ប្រណិប័តន៍​វា​ជា​ជាង​ព្រះ​យេហូវ៉ា។ ដូច្នេះ វា​ជា​គំរូ​ដ៏​អាក្រក់​បំផុត​ស្តី​អំពី​ការ​មាន​មោទនភាព​មិន​ត្រឹម​ត្រូវ​និង​ភាព​ក្រអឺត​ក្រទម។ ហេតុ​នេះ វិធី​មួយ​ដែល​យើង​អាច​ប្រយុទ្ធ​ឈ្នះ​សាថាន​បាន​គឺ​ដោយ​បោះ​បង់​មោទនភាព​មិន​ត្រឹម​ត្រូវ ហើយ​មាន​ចិត្ត​រាប​ទាប។ (​សូម​អាន ពេត្រុស​ទី១ ៥:៥​) ប៉ុន្តែ តើ​មោទនភាព​ជា​អ្វី? តើ​ការ​មាន​មោទនភាព​តែង​តែ​មិន​ត្រឹម​ត្រូវ​ឬ​ទេ?

៥, ៦​. (​ក​) តើ​ការ​មាន​មោទនភាព​តែង​តែ​មិន​ត្រឹម​ត្រូវ​ឬ​ទេ? សូម​ពន្យល់។ (​ខ​) តើ​ការ​មាន​មោទនភាព​បែប​ណា​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​ស្តី​អំពី​មោទនភាព​បែប​នេះ តើ​មាន​គំរូ​ណា​ខ្លះ​ក្នុង​គម្ពីរ?

៥ យោង​ទៅ​តាម​វចនានុក្រម​មួយ មោទនភាព​គឺ​ជា​ការ​មាន​ទំនុក​ចិត្ត​និង​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង។ ម្យ៉ាង​ទៀត មោទនភាព​គឺ​ជា​«​អារម្មណ៍​ពេញ​ចិត្ត​ដែល​យើង​មាន ដោយ​សារ​យើង​ឬ​មនុស្ស​ជិត​ស្និទ្ធ​នឹង​យើង​បាន​ធ្វើ​អ្វី​ដែល​ល្អ ឬ​មាន​អ្វី​ដែល​ល្អ​»។ ការ​មាន​អារម្មណ៍​បែប​នេះ​គឺ​មិន​ខុស​នោះ​ទេ។ សាវ័ក​ប៉ូល​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​ថែស្សាឡូនិច​ថា​៖ ​«​យើង​មាន​មោទនភាព​ចំពោះ​អ្នក​រាល់​គ្នា​ក្នុង​ចំណោម​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ព្រះ ដោយ​សារ​ការ​ស៊ូ​ទ្រាំ​និង​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​ការ​បៀត​បៀន​និង​ទុក្ខ​វេទនា​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​កំពុង​ឆ្លង​កាត់​»។ (​ថែស្សាឡូនិច​ទី២ ១:៤​) ដូច្នេះ ការ​ដែល​យើង​ពេញ​ចិត្ត​ចំពោះ​កិច្ច​ការ​របស់​អ្នក​ឯ​ទៀត ហើយ​សូម្បី​តែ​ការ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​មួយ​កម្រិត​ក៏​អាច​មាន​ប្រយោជន៍​ចំពោះ​យើង​ដែរ។ យើង​មិន​ចាំ​បាច់​អៀន​ខ្មាស​ដោយ​សារ​ក្រុម​គ្រួសារ​របស់​យើង វប្បធម៌ ឬ​កន្លែង​ដែល​យើង​ធំ​ឡើង​នោះ​ទេ។—សកម្មភាព ២១:៣៩

៦ ប៉ុន្តែ មាន​មោទនភាព​ម្យ៉ាង​ទៀត​ដែល​អាច​បំផ្លាញ​ចំណង​មិត្តភាព​របស់​យើង​បាន ជា​ពិសេស​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ​យេហូវ៉ា។ មោទនភាព​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​ខឹង ពេល​ដែល​អ្នក​ណា​ម្នាក់​ឲ្យ​ឱវាទ​យើង ហើយ​រហូត​ដល់​បណ្ដាល​ឲ្យ​យើង​ទាត់​ចោល​ឱវាទ​នោះ​ទៀត ជា​ជាង​ទទួល​យក​ដោយ​ចិត្ត​រាប​ទាប។ (​ទំនុក​តម្កើង ១៤១:៥​) មោទនភាព​បែប​នេះ​បាន​ត្រូវ​រៀប​រាប់​ថា​ជា​ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ហួស​ហេតុ​ពេក ឬ​ជា​«​ចិត្ត​គំនិត​របស់​មនុស្ស​ក្រអឺត​ក្រទម​ដែល​គិត​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត មនុស្ស​បែប​នោះ​ច្រើន​តែ​ជឿ​ដូច្នេះ​ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ឡើយ​»។ ព្រះ​យេហូវ៉ា​ស្អប់​សេចក្ដី​ឆ្មើង​ឆ្មៃ ឬ​ការ​មាន​មោទនភាព​មិន​ត្រឹម​ត្រូវ។ (​អេសេគាល ៣៣:២៨; អេម៉ុស ៦:៨​) ប៉ុន្តែ សាថាន​ពេញ​ចិត្ត​ខ្លាំង​ណាស់​ពេល​ដែល​មនុស្ស​ណា​ម្នាក់​មាន​ចិត្ត​ក្រអឺត​ក្រទម​ដូច​វា ដោយ​អួត​អំពី​ខ្លួន​ឯង។ សូម​ស្រមៃ​គិត​ថា​សាថាន​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា ពេល​នីមរ៉ុឌ ផារ៉ូ និង​អាប់សាឡំម​បាន​បង្ហាញ​មោទនភាព​មិន​ត្រឹម​ត្រូវ​ដោយ​អួត​ខ្លួន! (​លោកុប្បត្តិ ១០:៨, ៩; និក្ខមនំ ៥:១, ២; សាំយូអែល​ទី២ ១៥:៤​-​៦​) មោទនភាព​មិន​ត្រឹម​ត្រូវ​ក៏​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​កាអ៊ីន​បាត់​បង់​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​ឲ្យ​ឱវាទ​ដល់​កាអ៊ីន ប៉ុន្តែ​កាអ៊ីន​មាន​មោទនភាព​ហួស​ហេតុ​ពេក​ដែល​នាំ​ឲ្យ​គាត់​មិន​ស្ដាប់​លោក។ គាត់​រឹង​ចចេស ហើយ​មិន​បាន​អើពើ​នឹង​ការ​ព្រមាន​របស់​ព្រះ​ទេ ថែម​ទាំង​មិន​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។—លោកុប្បត្តិ ៤:៦​-​៨

៧, ៨​. (​ក​) ដូច​ម្ដេច​ដែល​ហៅ​ថា​ការ​ប្រកាន់​ពូជ​សាសន៍ ហើយ​តើ​ការ​ប្រកាន់​ពូជ​សាសន៍​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​មោទនភាព​មិន​ត្រឹម​ត្រូវ? (​ខ​) សូម​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​មាន​មោទនភាព​មិន​ត្រឹម​ត្រូវ​អាច​បំផ្លាញ​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ។

៧ សព្វ​ថ្ងៃ​នេះ មនុស្ស​បង្ហាញ​មោទនភាព​មិន​ត្រឹម​ត្រូវ​តាម​របៀប​ជា​ច្រើន​ដែល​នាំ​ឲ្យ​អន្តរាយ។ ជួន​កាល មោទនភាព​ក៏​ជាប់​ទាក់​ទង​នឹង​ការ​ប្រកាន់​ពូជ​សាសន៍​ដែរ។ យោង​ទៅ​តាម​វចនានុក្រម​មួយ ការ​ប្រកាន់​ពូជ​សាសន៍​គឺ​ជា​ការ​រើសអើង​មនុស្ស​ដែល​ជា​ជាតិ​សាសន៍​ឯ​ទៀត។ ការ​ប្រកាន់​ពូជ​សាសន៍​ក៏​ជា​«​ការ​ជឿ​ថា​មនុស្ស​ដែល​មាន​ជាតិ​សាសន៍​ផ្សេង​គ្នា​មាន​គុណ​សម្បត្ដិ​និង​គុណ​វិបត្ដិ ព្រម​ទាំង​សមត្ថភាព​ខុស​ៗ​គ្នា ហើយ​ថា​ពូជ​សាសន៍​ខ្លះ​គឺ​ល្អ​ជាង ឬ​អន់​ជាង​ពូជ​សាសន៍​ឯ​ទៀត​»។ ការ​ប្រកាន់​ពូជ​សាសន៍​នាំ​ឲ្យ​មាន​ជម្លោះ សង្គ្រាម ហើយ​ថែម​ទាំង​នាំ​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​ទៀត​ផង។

មោទនភាព​មិន​ត្រឹម​ត្រូវ​អាច​បំផ្លាញ​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ​បាន

៨ អ្វី​ទាំង​អស់​នេះ​មិន​គួរ​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បើ​បង​ប្អូន​មាន​មោទនភាព​មិន​ត្រឹម​ត្រូវ នោះ​ពួក​គាត់​អាច​ខ្វែង​គំនិត​គ្នា ហើយ​នោះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ធំ​ក្នុង​ក្រុម​ជំនុំ។ រឿង​នោះ​បាន​កើត​ឡើង​ចំពោះ​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សម័យ​ដើម ដែល​ជា​មូលហេតុ​ដែល​យ៉ាកុប​បាន​សួរ​ពួក​គេ​នូវ​សំណួរ​ដ៏​មាន​ឥទ្ធិពល​មួយ​ថា​៖ ​«​តើ​អ្វី​បណ្ដាល​ឲ្យ​ឈ្លោះ​ប្រកែក​និង​កើត​មាន​វិវាទ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា?​»។ (​យ៉ាកុប ៤:១​) បើ​យើង​ស្អប់​អ្នក​ឯ​ទៀត ហើយ​មាន​អារម្មណ៍​ថា​យើង​ប្រសើរ​ជាង​ពួក​គេ នោះ​យើង​ប្រហែល​ជា​និយាយ ឬ​ធ្វើ​អ្វី​ដែល​ពិត​ជា​នាំ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត។ (​សុភាសិត ១២:១៨​) ច្បាស់​ណាស់ មោទនភាព​មិន​ត្រឹម​ត្រូវ​អាច​បំផ្លាញ​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ​បាន។

៩​. តើ​តាម​របៀប​ណា​គម្ពីរ​បាន​ជួយ​យើង​មិន​ឲ្យ​ប្រកាន់​ពូជ​សាសន៍ និង​មិន​ឲ្យ​មាន​មោទនភាព​មិន​ត្រឹម​ត្រូវ​គ្រប់​បែប​យ៉ាង? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៩ បើ​យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា​យើង​ប្រសើរ​ជាង​អ្នក​ឯ​ទៀត នោះ​យើង​ត្រូវ​ចាំ​ថា​ព្រះ​យេហូវ៉ា​ស្អប់​«​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង​ឆ្មៃ​»។ (​សុភាសិត ១៦:៥​) យើង​ក៏​ត្រូវ​ពិនិត្យ​មើល​ចិត្ត​របស់​យើង​ដែរ ហើយ​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ដែល​មាន​ជាតិ​សាសន៍ សញ្ជាតិ ឬ​វប្បធម៌​ផ្សេង​ឬ​ទេ?›។ បើ​ដូច្នេះ​មែន យើង​កំពុង​ភ្លេច​ថា​ព្រះ​«​បាន​បង្កើត​ជន​ជាតិ​ទាំង​ឡាយ​ពី​បុរស​តែ​មួយ​»។ (​សកម្មភាព ១៧:២៦​) ដូច្នេះ នេះ​មាន​ន័យ​ថា​យើង​ទាំង​អស់​គ្នា​គឺ​ជា​ពូជ​សាសន៍​តែ​មួយ ដោយ​សារ​យើង​ទាំង​អស់​គ្នា​មក​ពី​អាដាម។ បើ​យើង​ជឿ​ថា​ព្រះ​បង្កើត​ជាតិ​សាសន៍​ខ្លះ​ល្អ​ជាង​ជាតិ​សាសន៍​ឯ​ទៀត នោះ​គឺ​ជា​ការ​ល្ងង់​ខ្លៅ​ណាស់។ បើ​យើង​គិត​ដូច្នេះ យើង​កំពុង​អនុញ្ញាត​ឲ្យ​សាថាន​បំផ្លាញ​សេចក្ដី​ស្រឡាញ់​និង​សាមគ្គី​ភាព​ជា​គ្រិស្ត​សាសនិក​ពិត​របស់​យើង។ (​យ៉ូហាន ១៣:៣៥​) ដើម្បី​ប្រយុទ្ធ​ឈ្នះ​សាថាន យើង​ត្រូវ​តែ​ជៀស​វាង​ពី​ការ​មាន​មោទនភាព​មិន​ត្រឹម​ត្រូវ​គ្រប់​បែប​យ៉ាង។—សុភាសិត ១៦:១៨

ចូរ​ជៀស​វាង​ពី​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ និង​ការ​ស្រឡាញ់​ពិភព​លោក

១០, ១១​. (​ក​) ហេតុ​អ្វី​ប្រហែល​ជា​ងាយ​ស្រួល​ឲ្យ​យើង​ស្រឡាញ់​ពិភព​លោក​នេះ? (​ខ​) ដោយ​សារ​ដេម៉ាស​ស្រឡាញ់​ពិភព​លោក តើ​គាត់​បាន​ទទួល​លទ្ធផល​អ្វី?

១០ សាថាន​គឺ​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​ ហើយ​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​វា។ (​យ៉ូហាន ១២:៣១; យ៉ូហាន​ទី១ ៥:១៩​) អ្វី​ៗ​ជា​ច្រើន​ដែល​ពិភព​លោក​នេះ​លើក​ស្ទួយ​គឺ​ប្រឆាំង​នឹង​គោល​ការណ៍​គម្ពីរ។ ប៉ុន្តែ មិន​មែន​អ្វី​ទាំង​អស់​ក្នុង​ពិភព​លោក​នេះ​សុទ្ធតែ​អាក្រក់​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​អាច​ប្រាកដ​ថា​សាថាន​នឹង​ប្រើ​ពិភព​លោក​នេះ​ដើម្បី​កេង​យក​ប្រយោជន៍​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង ហើយ​វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ឬក៏​ព្យាយាម​ធ្វើ​ឲ្យ​យើង​ស្រឡាញ់​ពិភព​លោក​នេះ ហើយ​ខក​ខាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។—សូម​អាន យ៉ូហាន​ទី១ ២:១៥, ១៦

១១ គ្រិស្ត​សាសនិក​ខ្លះ​នៅ​សម័យ​ដើម​បាន​ស្រឡាញ់​ពិភព​លោក​នេះ។ ជា​ឧទាហរណ៍ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ដោយ​សារ​គាត់​ស្រឡាញ់​របៀប​របប​ពិភព​លោក​នា​បច្ចុប្បន្ន​នេះ​»។ (​ធីម៉ូថេ​ទី២ ៤:១០​) តើ​អ្វី​ទៅ​ក្នុង​ពិភព​លោក​នេះ ដែល​ដេម៉ាស​បាន​ស្រឡាញ់​រហូត​ដល់​គាត់​បោះ​បង់​ប៉ូល? គម្ពីរ​មិន​ចែង​ចំ​ៗ​នោះ​ទេ។ ប៉ុន្តែ ដេម៉ាស​ប្រហែល​ជា​ចាប់​ផ្ដើម​ស្រឡាញ់​វត្ថុ​ទ្រព្យ​ជាង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ បើ​នោះ​ពិត​មែន ដេម៉ាស​បាត់​បង់​ឱកាស​ដើម្បី​មាន​ឯកសិទ្ធិ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ក្នុង​កិច្ច​បម្រើ​ព្រះ។ តើ​ការ​សម្រេច​ចិត្ត​នេះ​មាន​ប្រយោជន៍​សម្រាប់​គាត់​ឬ​ទេ? មិន​មែន​ទេ។ ព្រោះ​ដេម៉ាស​បាន​បាត់​បង់​ឱកាស​ដើម្បី​ធ្វើ​ជា​ជំនួយ​ការ​របស់​ប៉ូល។ ពិភព​លោក​នេះ​មិន​អាច​ផ្ដល់​ឲ្យ​គាត់​នូវ​អ្វី​ដែល​ប្រសើរ​ជាង​អ្វី​ដែល​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ឲ្យ​គាត់​ឡើយ!—សុភាសិត ១០:២២

សូម​កុំ​ឲ្យ​យើង​ចាត់​ទុក​លុយ​ថា សំខាន់​ជាង​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ​យេហូវ៉ា​ឡើយ

១២​. តើ​តាម​របៀប​ណា​សាថាន​អាច​កេង​យក​ប្រយោជន៍​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង ដោយ​ប្រើ​«​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ​»​?

១២ នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ជា​គ្រិស្ត​សាសនិក​ពិត គឺ​ជា​ការ​ធម្មតា​ដែល​យើង​ចង់​ទំនុក​បម្រុង​ខ្លួន​យើង​និង​ក្រុម​គ្រួសារ​របស់​យើង។ (​ធីម៉ូថេ​ទី១ ៥:៨​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​សប្បាយ​នឹង​ជីវិត យើង​យល់​ដូច្នេះ​ដោយ​សារ​លោក​បាន​ឲ្យ​សួន​ឧទ្យាន​ដ៏​សែន​ស្អាត​ដល់​អាដាម​និង​អេវ៉ា​ដើម្បី​ឲ្យ​ពួក​គេ​រស់​នៅ។ (​លោកុប្បត្តិ ២:៩​) ប៉ុន្តែ សាថាន​អាច​កេង​យក​ប្រយោជន៍​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង ដោយ​ប្រើ​«​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ​»។ (​ម៉ាថាយ ១៣:២២​) មនុស្ស​ជា​ច្រើន​គិត​ថា​លុយ​និង​វត្ថុ​ទ្រព្យ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុភមង្គល ឬ​ជោគ​ជ័យ។ បើ​យើង​គិត​ដូច្នោះ នោះ​អាច​បណ្ដាល​ឲ្យ​យើង​បាត់​បង់​អ្វី​ដ៏​មាន​តម្លៃ​បំផុត​ដែល​យើង​មាន ពោល​គឺ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​ព្រមាន​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​អ្នក​នោះ​នឹង​ស្រឡាញ់​ម្ចាស់​មួយ​ហើយ​ស្អប់​ម្ចាស់​មួយ ឬ​ក៏​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ​ហើយ​មើល​ងាយ​ម្ចាស់​មួយ។ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ឡើយ​»។ (​ម៉ាថាយ ៦:២៤​) បើ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​តែ​ទ្រព្យ​សម្បត្ដិ​ប៉ុណ្ណោះ នោះ​មាន​ន័យ​ថា​យើង​បាន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ នោះ​ពិត​ជា​អ្វី​ដែល​សាថាន​ចង់​ឲ្យ​យើង​ធ្វើ។ សូម​កុំ​ឲ្យ​យើង​ចាត់​ទុក​លុយ​ឬ​អ្វី​ដែល​លុយ​អាច​ទិញ​បាន​ថា​សំខាន់​ជាង​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ​យេហូវ៉ា​ឡើយ។ ដើម្បី​ប្រយុទ្ធ​ឈ្នះ​សាថាន យើង​ត្រូវ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទ្រព្យ​សម្បត្ដិ។—សូម​អាន ធីម៉ូថេ​ទី១ ៦:៦​-​១០

ចូរ​ជៀស​វាង​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

១៣​. តើ​តាម​របៀប​ណា​ពិភព​លោក​នេះ​លើក​ស្ទួយ​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ស្តី​អំពី​អាពាហ៍ពិពាហ៍​និង​ការ​រួម​ភេទ?

១៣ អន្ទាក់​មួយ​ទៀត​របស់​សាថាន​គឺ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ មនុស្ស​ជា​ច្រើន​គិត​ថា​ការ​ស្មោះ​ត្រង់​នឹង​ប្ដី ឬ​ប្រពន្ធ និង​ការ​រៀប​អាពាហ៍ពិពាហ៍​គឺ​ហួស​សម័យ។ ម្យ៉ាង​ទៀត ពួក​គេ​គិត​ថា​ការ​រៀប​អាពាហ៍ពិពាហ៍​គឺ​ដាក់​កម្រិត​ទៅ​លើ​សេរី​ភាព​របស់​ពួក​គេ។ ជា​ឧទាហរណ៍ ស្ត្រី​ម្នាក់​ដែល​ជា​តារា​ភាពយន្ត​បាន​និយាយ​ថា គ្មាន​នរណា​អាច​ស្រឡាញ់​មនុស្ស​តែ​ម្នាក់​រហូត​បាន​ទេ។ នាង​បាន​និយាយ​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​ណា​ម្នាក់​សោះ ដែល​ស្មោះ​ត្រង់​ជា​មួយ​នឹង​គូ​របស់​ខ្លួន ឬ​ក៏​ចង់​នៅ​ស្មោះ​ត្រង់​រហូត​ឡើយ​»។ បុរស​ម្នាក់​ដែល​ជា​តារា​ភាពយន្ត​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា មនុស្ស​យើង​មាន​ទំនោរ​ចិត្ត​ចង់​រស់​នៅ​ជា​មួយ​នឹង​បុគ្គល​តែ​ម្នាក់​អស់​មួយ​ជីវិត​នោះ​ទេ​»។ សាថាន​ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់ ពេល​ដែល​បុគ្គល​ល្បី​ឈ្មោះ​មើល​ងាយ​ចំណង​អាពាហ៍ពិពាហ៍​ដែល​ជា​អំណោយ​ពី​ព្រះ។ មេ​កំណាច​មិន​គាំ​ទ្រ​ការ​រៀប​អាពាហ៍ពិពាហ៍ទេ ហើយ​វា​ក៏​មិន​ចង់​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​បាន​ជោគ​ជ័យ​ដែរ។ ដូច្នេះ​ដើម្បី​ប្រយុទ្ធ​ឈ្នះ​សាថាន យើង​ត្រូវ​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​អាពាហ៍ពិពាហ៍។

១៤, ១៥​. បើ​អ្នក​បាន​ត្រូវ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ តើ​អ្នក​អាច​ធ្វើ​អ្វី?

១៤ ទោះ​ជា​យើង​រៀប​ការ​ហើយ ឬ​នៅ​លីវ​ក្ដី យើង​ត្រូវ​ខំ​ព្យាយាម​យក​ឈ្នះ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​គ្រប់​បែប​យ៉ាង។ តើ​នេះ​ជា​ការ​ងាយ​ស្រួល​ឬ​ទេ? នេះ​មិន​ងាយ​ស្រួល​ទាល់​តែ​សោះ! ជា​ឧទាហរណ៍ បើ​អ្នក​ជា​បុគ្គល​វ័យ​ក្មេង អ្នក​ប្រហែល​ជា​បាន​ឮ​សិស្ស​រួម​ថ្នាក់​អួត​ថា ពួក​គេ​បាន​រួម​ភេទ​ជា​មួយ​នឹង​អ្នក​ណា​ក៏​ដោយ​ដែល​ពួក​គេ​ពេញ​ចិត្ត។ ពួក​គេ​ក៏​ប្រហែល​ជា​អួត​អំពី​ការ​ផ្ញើ​សារ​និង​រូប​ភាព​តាម​ទូរស័ព្ទ​ដៃ​ដែល​បង្ហាញ​អំពី​ការ​រួម​ភេទ។ នៅ​ប្រទេស​ខ្លះ ច្បាប់​ចាត់​ទុក​ថា​ការ​ផ្ញើ​សារ​និង​ផ្ញើ​រូប​ភាព​អំពី​ការ​រួម​ភេទ​គឺ​ដូច​គ្នា​នឹង​ការ​ផ្ញើ​រូប​ភាព​អាសអាភាស​អំពី​កូន​ក្មេង​ទៅ​អ្នក​ណា​ម្នាក់។ គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ​កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​ខ្លួន​»។ (​កូរិនថូស​ទី១ ៦:១៨​) ជំងឺ​ផ្សេង​ៗ​ដែល​ឆ្លង​តាម​ការ​រួម​ភេទ​បាន​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ហើយ​នាំ​ឲ្យ​ស្លាប់។ ម្យ៉ាង​ទៀត មនុស្ស​វ័យ​ក្មេង​ភាគ​ច្រើន​ដែល​ធ្លាប់​រួម​ភេទ​ដោយ​មិន​បាន​រៀប​ការ​និយាយ​ថា ពួក​គេ​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ។ ការ​កម្សាន្ត​ក្នុង​ពិភព​លោក​នេះ​ចង់​ឲ្យ​យើង​ជឿ​ថា​ការ​បំពាន​ច្បាប់​របស់​ព្រះ​មិន​នាំ​ឲ្យ​មាន​ផល​វិបាក​អ្វី​ទេ។ បើ​យើង​ជឿ​ពាក្យ​កុហក​ទាំង​នេះ យើង​អាច​ត្រូវ​បោក​បញ្ឆោត​ដោយ​«​ការ​ល្បួង​នៃ​ភាព​ខុស​ឆ្គង​»។—ហេប្រឺ ៣:១៣

១៥ បើ​អ្នក​បាន​ត្រូវ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ តើ​អ្នក​អាច​ធ្វើ​អ្វី? ចូរ​ទទួល​ស្គាល់​ថា​អ្នក​មាន​ភាពទន់​ខ្សោយ។ (​រ៉ូម ៧:២២, ២៣​) ចូរ​អធិដ្ឋាន​ទៅ​ព្រះ​សុំ​កម្លាំង​ពី​លោក។ (​ភីលីព ៤:៦, ៧, ១៣​) ចូរ​ជៀស​វាង​ពី​ស្ថានភាព​ណា​ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ (​សុភាសិត ២២:៣​) ម្យ៉ាង​វិញ​ទៀត ពេល​ដែល​មាន​ការ​ល្បួង​កើត​ឡើង ចូរ​បដិសេធ​ភ្លាម​ៗ។—លោកុប្បត្តិ ៣៩:១២

១៦​. ពេល​ដែល​សាថាន​បាន​ព្យាយាម​ល្បួង​លោក​យេស៊ូ តើ​លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ណា ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​លោក?

១៦ លោក​យេស៊ូ​បាន​ទុក​គំរូ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ចិត្ត​របស់​យើង។ លោក​មិន​បាន​ចាញ់​បោក​សាថាន ដោយ​ជឿ​តាម​សេចក្ដី​សន្យា​របស់​វា​នោះ​ទេ ហើយ​លោក​ក៏​មិន​ទាំង​គិត​អំពី​អ្វី​ទាំង​នោះ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ភ្លាម​ៗ​លោក​បាន​ប្រាប់​សាថាន​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​»។ (​សូម​អាន ម៉ាថាយ ៤:៤​-​១០​) លោក​យេស៊ូ​ស្គាល់​បទ​គម្ពីរ​ផ្សេង​ៗ​ក្នុង​បណ្ដាំ​របស់​ព្រះ ដូច្នេះ​លោក​អាច​ដក​ស្រង់​បទ​គម្ពីរ​ភ្លាម​ៗ ពេល​ដែល​សាថាន​ព្យាយាម​ល្បួង​លោក។ ដើម្បី​ប្រយុទ្ធ​ឈ្នះ​សាថាន យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​រង​ការ​ល្បួង​ដែល​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ឡើយ។—កូរិនថូស​ទី១ ៦:៩, ១០

ចូរ​ឈ្នះ​ការ​ប្រយុទ្ធ ដោយ​ចេះ​ស៊ូ​ទ្រាំ

១៧, ១៨​. (​ក​) តើ​សាថាន​ប្រើ​អន្ទាក់​អ្វី​ទៀត ហើយ​ហេតុ​អ្វី​យើង​ដឹង​ទុក​ជា​មុន​អំពី​រឿង​នោះ? (​ខ​) តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​សាថាន ហើយ​តើ​នោះ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច?

១៧ មោទនភាព​មិន​ត្រឹម​ត្រូវ ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ និង​ការ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ គឺ​គ្រាន់​តែ​ជា​អន្ទាក់​បី​យ៉ាង​របស់​សាថាន​ប៉ុណ្ណោះ។ សាថាន​មាន​អន្ទាក់​ជា​ច្រើន​ទៀត។ ជា​ឧទាហរណ៍ គ្រិស្ត​សាសនិក​ខ្លះ​ទទួល​ការ​ប្រឆាំង​ពី​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ ឬ​សិស្ស​រួម​ថ្នាក់​សើច​ចំអក​ពួក​គេ។ បង​ប្អូន​ខ្លះ​ទៀត​រស់​នៅ​ប្រទេស​ដែល​រដ្ឋាភិបាល​ព្យាយាម​បញ្ឈប់​ពួក​គេ​មិន​ឲ្យ​ផ្សព្វ​ផ្សាយ។ យើង​ដឹង​ទុក​ជា​មុន​ថា​យើង​នឹង​ជួប​ទុក្ខ​លំបាក​ទាំង​នេះ។ លោក​យេស៊ូ​ផ្ទាល់​បាន​ព្រមាន​យើង​ថា​៖ ​«​មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា​ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​»។—ម៉ាថាយ ១០:២២

១៨ តើ​តាម​របៀប​ណា​យើង​អាច​ប្រយុទ្ធ​ឈ្នះ​សាថាន? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បើ​ស៊ូ​ទ្រាំ នោះ​អ្នក​រាល់​គ្នា​នឹង​រក្សា​ជីវិត​ខ្លួន​»។ (​លូកា ២១:១៩​) មនុស្ស​មិន​អាច​ធ្វើ​ទុក្ខ​យើង​រហូត​បាន​ទេ។ គ្មាន​អ្នក​ណា​អាច​ដក​ហូត​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ​បាន​ឡើយ លុះ​ត្រា​តែ​យើង​អនុញ្ញាត​ឲ្យ​អ្វី​នោះ​កើត​ឡើង។ (​រ៉ូម ៨:៣៨, ៣៩​) ទោះ​ជា​អ្នក​បម្រើ​ខ្លះ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ស្លាប់​ក៏​ដោយ នោះ​មិន​មាន​ន័យ​ថា​សាថាន​ឈ្នះ​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​ប្រោស​ពួក​គាត់​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូហាន ៥:២៨, ២៩​) ប៉ុន្តែ សាថាន​គ្មាន​សេចក្ដី​សង្ឃឹម​ទេ។ ក្រោយ​ពី​ពិភព​លោក​ដ៏​អាក្រក់​នេះ​បាន​ត្រូវ​បំផ្លាញ វា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត​ដើម្បី​ឲ្យ​វា​នៅ​ទី​នោះ​សម្រាប់​រយៈ​ពេល​១.០០០​ឆ្នាំ។ (​ការ​បើក​បង្ហាញ ២០:១​-​៣​) នៅ​ដំណាច់​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត សាថាន​នឹង​ត្រូវ​«​ដោះ​លែង​ពី​គុក​»​ ហើយ​វា​នឹង​ព្យាយាម​បំភាន់​មនុស្ស​ល្អ​ឥត​ខ្ចោះ​ជា​លើក​ចុង​ក្រោយ។ ក្រោយ​ពី​នោះ វា​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​ការ​បើក​បង្ហាញ ២០:៧​-​១០​) ទោះ​ជា​មេ​កំណាច​គ្មាន​សេចក្ដី​សង្ឃឹម​ក៏​ដោយ អ្នក​ពិត​ជា​មាន​សេចក្ដី​សង្ឃឹម​មែន! ចូរ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​សាថាន ហើយ​រក្សា​ជំនឿ​ឲ្យ​រឹង​មាំ។ អ្នក​អាច​ប្រយុទ្ធ​ឈ្នះ​សាថាន​បាន!

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ: គឺ​ចិត្ត​គំនិត​របស់​បុគ្គល​ម្នាក់​ដែល​គិត​ថា​លុយ​គឺ​ជា​អ្វី​ដែល​សំខាន់​ជាង​ចំណង​មិត្តភាព​រវាង​គាត់​និង​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក