បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w17 ឧសភា ទំ. ១៥-២០
  • កុំឲ្យសេចក្ដីស្រឡាញ់របស់អ្នករសាយទៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កុំឲ្យសេចក្ដីស្រឡាញ់របស់អ្នករសាយទៅ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា
  • សេចក្ដី​ស្រឡាញ់​ចំពោះ​សេចក្ដី​ពិត​ក្នុង​គម្ពីរ
  • សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ
  • ចូរ«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ច
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ចូរស្រឡាញ់ព្រះដែលស្រឡាញ់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • របៀបរក្សាសេចក្ដីស្រឡាញ់ឲ្យខ្លាំងចំពោះគ្នាទៅវិញទៅមក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
w17 ឧសភា ទំ. ១៥-២០
គ្រិស្ដសាសនិកនៅសតវត្សរ៍ទី១កំពុងផ្សព្វផ្សាយដំណឹងល្អ

កុំ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រសាយ​ទៅ

​«​ដោយ​សារ​ការ​ប្រឆាំង​ច្បាប់​នឹង​មាន​កាន់​តែ​ច្រើន​ឡើង នោះ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ភាគ​ច្រើន​នឹង​រសាយ​ទៅ​»។—ម៉ាថាយ ២៤:១២

ចម្រៀង​លេខ: ៦០, ២៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​តាម​របៀប​ណា​យើង​អាច​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ឲ្យ​មាំ​មួន?

  • តើ​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

  • ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ?

១, ២​. (​ក​) នៅ​មុន​បង្អស់ តើ​ពាក្យ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ២៤:១២​សំដៅ​លើ​អ្នក​ណា? (​ខ​) តើ​សៀវភៅ​សកម្មភាព​បង្ហាញ​យ៉ាង​ណា​ថា​គ្រិស្ត​សាសនិក​ភាគ​ច្រើន​នៅ​សម័យ​ដើម​បាន​រក្សា​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ឲ្យ​មាំ​មួន? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ពន្យល់​អំពី​របៀប​ដែល​មនុស្ស​នឹង​សម្គាល់​នូវ​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។ ក្នុង​ចំណោម​អ្វី​ៗ​ដែល​លោក​បាន​ប្រាប់​ទុក​ជា​មុន​អំពី​គ្រា​នោះ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ភាគ​ច្រើន​នឹង​រសាយ​ទៅ​»។ (​ម៉ាថាយ ២៤:៣, ១២​) ជន​ជាតិ​យូដា​នៅ​សតវត្សរ៍​ទី១​បាន​អះអាង​ថា​ពួក​គេ​គឺ​ជា​រាស្ត្រ​របស់​ព្រះ តែ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ព្រះ​រសាយ​ទៅ។

២ ក៏​ប៉ុន្តែ គ្រិស្ត​សាសនិក​ភាគ​ច្រើន​នៅ​សម័យ​នោះ មាន​ចិត្ត​គំនិត​ខុស​គ្នា។ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​នូវ‹ដំណឹង​ល្អ​អំពី​លោក​យេស៊ូ ដែល​ជា​គ្រិស្ត› ហើយ​ពួក​គេ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ចំពោះ​បង​ប្អូន​រួម​ជំនឿ និង​ថែម​ទាំង​ចំពោះ​ពួក​អ្នក​ដែល​មិន​ទាន់​ស្គាល់​សេចក្ដី​ពិត។ គ្រិស្ត​សាសនិក​ទាំង​នោះ បាន​រក្សា​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ព្រះ​ឲ្យ​មាំ​មួន។ (​សកម្មភាព ២:៤៤​-​៤៧; ៥:៤២​) ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សម័យ​ដើម​បាន​រសាយ​ទៅ។ តើ​យើង​ដឹង​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

៣​. តើ​អ្វី​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត​សាសនិក​ខ្លះ​រសាយ​ទៅ?

៣ លោក​យេស៊ូ​បាន​ប្រាប់​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ដែល​បាន​រស់​នៅ​ក្រុង​អេភេសូរ​ថា​៖ ​«​អ្នក​បាន​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង​»។ (​ការ​បើក​បង្ហាញ ២:៤​) គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ប្រហែល​ជា​បាន​ទទួល​ឥទ្ធិពល​ពី​មនុស្ស​ដែល​នៅ​ជុំ​វិញ​ពួក​គេ​ដែល​ច្រើន​តែ​ចង់​បំពេញ​ចិត្ត​ខ្លួន​ឯង។ (​អេភេសូរ ២:២, ៣​) ក្រុង​អេភេសូរ​គឺ​ជា​ក្រុង​អ្នក​មាន​ដែល​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​មាន​ជីវិត​ស្រណុក​សុខ​ស្រួល​និង​ការ​មាន​របស់​របរ​ថ្លៃ​ៗ​ច្រើន​ជាង​អ្វី​ផ្សេង​ទៀត។ មនុស្ស​ជា​ច្រើន​នៅ​ក្រុង​អេភេសូរ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ជា​ច្រើន ហើយ​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ច្បាប់​របស់​ព្រះ​ឡើយ។ ពួក​គេ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សប្បាយ​ជា​ជាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ចំពោះ​ព្រះ​និង​ចំពោះ​អ្នក​ឯ​ទៀត។

៤​. (​ក​) នៅ​សព្វ​ថ្ងៃ​នេះ តើ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ទៅ​ជា​យ៉ាង​ណា? (​ខ​) តើ​យើង​ត្រូវ​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ឲ្យ​មាំ​មួន​ចំពោះ​អ្វី​ខ្លះ?

៤ ពាក្យ​របស់​លោក​យេស៊ូ​ស្តី​អំពី​សេចក្ដី​ស្រឡាញ់​ដែល​រសាយ​ទៅ​ក៏​ជាប់​ទាក់​ទង​នឹង​សម័យ​របស់​យើង​ដែរ។ សព្វ​ថ្ងៃ​នេះ សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ចំពោះ​ព្រះ​កាន់​តែ​តិច​ទៅ​ៗ។ ជា​ជាង​ពឹង​ផ្អែក​លើ​ព្រះ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ពិភព​លោក មនុស្ស​រាប់​លាន​នាក់​ពឹង​ផ្អែក​លើ​អង្គ​ការ​របស់​មនុស្ស​ឲ្យ​ធ្វើ​ដូច្នេះ។ សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​បន្ត​រសាយ​ទៅ។ សូម្បី​តែ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​អាច​រសាយ​ទៅ​ដូច​ដែល​បាន​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ​នា​សម័យ​បុរាណ​ដែរ។ ដូច្នេះ សូម​ឲ្យ​យើង​ពិចារណា​ថា យើង​ត្រូវ​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ឲ្យ​មាំ​មួន​ចំពោះ​អ្វី​បី​យ៉ាង​គឺ​៖ (​១​) សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា (​២​) សេចក្ដី​ស្រឡាញ់​ចំពោះ​សេចក្ដី​ពិត​ក្នុង​គម្ពីរ និង (​៣​) សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ។

សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា

៥​. ហេតុ​អ្វី​យើង​ត្រូវ​ស្រឡាញ់​ព្រះ?

៥ តើ​យើង​គួរ​ស្រឡាញ់​អ្នក​ណា​ខ្លាំង​ជាង​គេ? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​‹អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត›។ នេះ​ជា​បញ្ញត្ដិ​ទី​មួយ ហើយ​ជា​បញ្ញត្ដិ​សំខាន់​ជាង​គេ​»។ (​ម៉ាថាយ ២២:៣៧, ៣៨​) សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ជួយ​យើង​ឲ្យ​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក ឲ្យ​ស៊ូ​ទ្រាំ និង​ឲ្យ​ស្អប់​អ្វី​ដែល​អាក្រក់។ (​សូម​អាន ទំនុក​តម្កើង ៩៧:១០​) ប៉ុន្តែ សាថាន​និង​ពិភព​លោក​របស់​វា ព្យាយាម​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ចុះ​ខ្សោយ ហើយ​បំផ្លាញ​សេចក្ដី​ស្រឡាញ់​នោះ។

៦​. តើ​មាន​អ្វី​កើត​ឡើង​ពេល​មនុស្ស​បាត់​បង់​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ព្រះ?

៦ មនុស្ស​ក្នុង​ពិភព​លោក​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​សេចក្ដី​ស្រឡាញ់។ ជា​ជាង​ស្រឡាញ់​ព្រះ មនុស្ស​ជា​ច្រើន​«​ស្រឡាញ់​តែ​ខ្លួន​ឯង​»។ (​ធីម៉ូថេ​ទី២ ៣:២​) ពួក​គេ​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង ការ​ចង់​បាន​អ្វី​ដែល​ទាក់​ទាញ​ភ្នែក និង​ការ​អួត​សម្ញែង​ភាព​មាន​បាន​របស់​ខ្លួន​»។ (​យ៉ូហាន​ទី១ ២:១៦​) សាវ័ក​ប៉ូល​បាន​ព្រមាន​អំពី​អ្វី​ដែល​អាច​កើត​ឡើង បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បំពេញ​ចិត្ត​ខ្លួន។ គាត់​បាន​និយាយ​ថា​៖ ​«​ការ​ផ្ដោត​គំនិត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​នាំ​ឲ្យ​ស្លាប់​»។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​អ្នក​ដែល​ធ្វើ​ដូច្នេះ​ទៅ​ជា​សត្រូវ​របស់​ព្រះ។ (​រ៉ូម ៨:៦, ៧​) មនុស្ស​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​រក​លុយ ឬ​ការ​បំពេញ​ចំណង់​ផ្លូវ​ភេទ ទី​បំផុត​នឹង​ខក​ចិត្ត​យ៉ាង​ខ្លាំង។—កូរិនថូស​ទី១ ៦:១៨; ធីម៉ូថេ​ទី១ ៦:៩, ១០

៧​. តើ​ទស្សនៈ​មិន​ត្រឹម​ត្រូវ​អ្វី​ខ្លះ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ?

៧ មនុស្ស​ជា​ច្រើន​ដែល​ជឿ​ថា​គ្មាន​ព្រះ​និង​មនុស្ស​ដែល​ជឿ​លើ​ការ​វិវត្តន៍ ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​ថា​មិន​គួរ​ស្រឡាញ់​ព្រះ​ឬ​ថែម​ទាំង​ជឿ​ថា​គ្មាន​ព្រះ​ទេ។ ពួក​គេ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​យល់​ថា​បុគ្គល​ដែល​ជឿ​ថា​មាន​ព្រះ​ដែល​ជា​អ្នក​បង្កើត ជា​មនុស្ស​ល្ងង់​ខ្លៅ ឬ​ជា​អ្នក​ដែល​មិន​បាន​ទទួល​ការ​អប់រំ។ បន្ថែម​ទៅ​ទៀត មនុស្ស​ជា​ច្រើន​គោរព​អ្នក​វិទ្យា​សាស្ត្រ​ច្រើន​ជាង​ព្រះ​ដែល​ជា​អ្នក​បង្កើត។ (​រ៉ូម ១:២៥​) សូម្បី​តែ​គ្រិស្ត​សាសនិក​ក៏​អាច​ទទួល​ឥទ្ធិពល​ពី​ទស្សនៈ​ទាំង​នេះ​ដែរ។ ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​អាច​ចុះ​ខ្សោយ ហើយ​សេចក្ដី​ស្រឡាញ់​របស់​យើង​អាច​រសាយ​ទៅ។—ហេប្រឺ ៣:១២

៨​. (​ក​) តើ​ស្ថានភាព​អ្វី​ខ្លះ​អាច​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ធ្លាក់​ទឹក​ចិត្ត? (​ខ​) តើ​តាម​របៀប​ណា​ទំនុក​តម្កើង ១៣៦ អាច​សម្រាល​ទុក្ខ​យើង?

៨ ដោយ​សារ​យើង​កំពុង​រស់​នៅ​ក្នុង​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន មាន​ស្ថានភាព​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត។ (​យ៉ូហាន​ទី១ ៥:១៩​) ប៉ុន្តែ បើ​យើង​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ហួស​ហេតុ​ពេក ជំនឿ​របស់​យើង​អាច​ចុះ​ខ្សោយ ហើយ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​អាច​រសាយ​ទៅ។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ​ដោយ​សារ​យើង​កាន់​តែ​ចាស់​ទៅ​ៗ មាន​សុខភាព​មិន​ល្អ ឬ​មាន​បញ្ហា​លុយ​កាក់។ ឬ​យើង​ប្រហែល​ជា​ពិបាក​ចិត្ត​ដោយ​សារ​យើង​មិន​អាច​ធ្វើ​អ្វី​ៗ​ដូច​ដែល​ចិត្ត​យើង​ចង់​ធ្វើ។ យើង​ប្រហែល​ជា​ខក​ចិត្ត​ដោយ​សារ​អ្វី​មួយ​ចំនួន​ក្នុង​ជីវិត​មិន​បាន​កើត​ឡើង​ដូច​ដែល​យើង​បាន​សង្ឃឹម​ទុក។ ទោះ​ជា​យើង​ប្រឈម​មុខ​នឹង​ការ​ពិបាក​ណា​ក៏​ដោយ យើង​មិន​គួរ​គិត​ថា​ព្រះ​យេហូវ៉ា​បោះ​បង់​ចោល​យើង​ឡើយ។ សូម​គិត​អំពី​ពាក្យ​ដែល​សម្រាល​ទុក្ខ​យើង​នៅ​ទំនុក​តម្កើង ១៣៦:២៣ ដែល​ថា ព្រះ​យេហូវ៉ា​«​ជា​ព្រះ​ដែល​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំ​ក្នុង​កាល​ដែល​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប​»។ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្ដាប់‹ពាក្យ​អង្វរ›របស់​យើង ហើយ​លោក​នឹង​តប​ឆ្លើយ​ចំពោះ​ពាក្យ​អង្វរ​ទាំង​នោះ។—ទំនុក​តម្កើង ១១៦:១; ១៣៦:២៤​-​២៦

៩​. តើ​អ្វី​បាន​ជួយ​ប៉ូល​ឲ្យ​មាន​កម្លាំង​ចិត្ត​ដើម្បី​រក្សា​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​ឲ្យ​មាំ​មួន?

៩ សាវ័ក​ប៉ូល​គឺ​ជា​អ្នក​បម្រើ​ព្រះ​ដែល​បាន​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​គាំ​ទ្រ​គាត់ ហើយ​នេះ​បាន​ជួយ​គាត់​ឲ្យ​មាន​កម្លាំង​ចិត្ត។ គាត់​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ?​»។ (​ហេប្រឺ ១៣:៦​) ទំនុក​ចិត្ត​របស់​ប៉ូល​ទៅ​លើ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ពិបាក​ក្នុង​ជីវិត។ ពេល​ប៉ូល​មាន​ស្ថានភាព​ពិបាក គាត់​មិន​បាន​បាត់​បង់​ទំនុក​ចិត្ត​របស់​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា​ទេ។ សូម្បី​តែ​ពេល​គាត់​បាន​ជាប់​គុក​ក្ដី គាត់​បាន​ជួយ​បង​ប្អូន​គ្រិស្ត​សាសនិក​ដោយ​សរសេរ​សំបុត្រ​ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ​នា​នា។ (​អេភេសូរ ៤:១; ភីលីព ១:៧; ភីលេម៉ូន ១​) ទោះ​ជា​ប៉ូល​បាន​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី​ក៏​ដោយ គាត់​បាន​រក្សា​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​ឲ្យ​មាំ​មួន។ គាត់​បាន​ពឹង​ផ្អែក​លើ​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង។ លោក​សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​»។ (​កូរិនថូស​ទី២ ១:៣, ៤​) តើ​យើង​អាច​យក​តម្រាប់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

បងស្រីម្នាក់កំពុងអធិដ្ឋាន

ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១០​)

១០​. តើ​តាម​របៀប​ណា​យើង​អាច​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ឲ្យ​មាំ​មួន?

១០ ប៉ូល​បាន​ពន្យល់​អំពី​របៀប​មួយ​ដែល​យើង​អាច​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ឲ្យ​មាំ​មួន​ពេល​គាត់​បាន​សរសេរ​ថា​៖ ​«​ចូរ​អធិដ្ឋាន​ឥត​ឈប់​»។ គាត់​ក៏​បាន​សរសេរ​ក្រោយ​មក​ថា​៖ ​«​ចូរ​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​»។ (​ថែស្សាឡូនិច​ទី១ ៥:១៧; រ៉ូម ១២:១២​) ហេតុ​អ្វី​សេចក្ដី​អធិដ្ឋាន​នាំ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ? ពេល​យើង​អធិដ្ឋាន យើង​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ នេះ​ផ្ដល់​ឱកាស​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក។ (​ទំនុក​តម្កើង ៨៦:៣​) ពេល​យើង​ប្រាប់​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​អំពី​គំនិត​និង​អារម្មណ៍​កប់​ជ្រៅ​ក្នុង​ចិត្ត​របស់​យើង នោះ​យើង​ចូល​ទៅ​ជិត​លោក។ (​ទំនុក​តម្កើង ៦៥:២​) ម្យ៉ាង​ទៀត សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ​កាល​ដែល​យើង​ឃើញ​របៀប​ដែល​លោក​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ យើង​មាន​ទំនុក​ចិត្ត​ថា​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់​»។ (​ទំនុក​តម្កើង ១៤៥:១៨​) ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​សេចក្ដី​ស្រឡាញ់​និង​ការ​គាំ​ទ្រ​ពី​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​ណា​ក៏​ដោយ​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ឥឡូវ​នេះ​និង​នៅ​ពេល​អនាគត។

សេចក្ដី​ស្រឡាញ់​ចំពោះ​សេចក្ដី​ពិត​ក្នុង​គម្ពីរ

១១, ១២​. តើ​តាម​របៀប​ណា​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​សេចក្ដី​ពិត​ក្នុង​គម្ពីរ?

១១ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ស្រឡាញ់​សេចក្ដី​ពិត។ យើង​រក​ឃើញ​សេចក្ដី​ពិត​ក្នុង​បណ្ដាំ​របស់​ព្រះ។ លោក​យេស៊ូ​បាន​ប្រាប់​បិតា​របស់​លោក​ថា​៖ ​«​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៧:១៧​) ដើម្បី​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​គម្ពីរ យើង​ត្រូវ​ដឹង​អំពី​អ្វី​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ (​កូឡុស ១:១០​) ប៉ុន្តែ យើង​ត្រូវ​ធ្វើ​លើស​ពី​នេះ​ទៅ​ទៀត។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​អ្នក​តែង​ទំនុក​តម្កើង ១១៩ ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ (​សូម​អាន ទំនុក​តម្កើង ១១៩:៩៧​-​១០០​) ច្រើន​ដង​ជា​រៀង​រាល់​ថ្ងៃ យើង​ត្រូវ​ពិចារណា​ឬ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​យើង​អាន​ក្នុង​គម្ពីរ។ កាល​ដែល​យើង​រំពឹង​គិត​អំពី​របៀប​ដែល​យើង​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​សេចក្ដី​ពិត​ពី​គម្ពីរ​ក្នុង​ជីវិត​របស់​យើង យើង​នឹង​កាន់​តែ​ស្រឡាញ់​សេចក្ដី​ពិត​នោះ​ខ្លាំង​ឡើង​ៗ។

១២ អ្នក​តែង​ទំនុក​តម្កើង​ក៏​បាន​និយាយ​ថា​៖ ​«​ព្រះ​បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្ដាត​ទូល​បង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូល​បង្គំ​ទៅ​ទៀត!​»។ (​ទំនុក​តម្កើង ១១៩:១០៣​) សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​អង្គ​ការ​របស់​ព្រះ​បាន​រៀប​ចំ​គឺ​ប្រៀប​ដូច​ជា​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់។ ពេល​យើង​បរិភោគ​អាហារ​លឿន​ពេក​ដោយ​លេប​ចូល​តែ​ម្ដង នោះ​យើង​នឹង​មិន​ដឹង​រស​ជាតិ ហើយ​ក៏​មិន​ដឹង​ថា​ឆ្ងាញ់​ដែរ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​សិក្សា​គម្ពីរ យើង​មិន​ចង់​ប្រញាប់​ប្រញាល់​នោះ​ទេ។ យ៉ាង​នេះ យើង​ពិត​ជា​នឹង​មាន​អំណរ​ចំពោះ​«​ពាក្យ​ពីរោះ​»​ដែល​ជា​ពាក្យ​ដ៏​ពិត ហើយ​យើង​នឹង​ស្រួល​ចាំ​ជាង​នូវ​អ្វី​ដែល​យើង​អាន ហើយ​ប្រើ​អ្វី​ដែល​យើង​បាន​អាន​នោះ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។—សាស្ដា ១២:១០

១៣​. តើ​អ្វី​បាន​ជួយ​យេរេមា​ឲ្យ​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ? តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គាត់?

១៣ យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ។ គាត់​បាន​និយាយ​ថា​៖ ​«​ទូល​បង្គំ​បាន​ឃើញ​ព្រះ​បន្ទូល​ទ្រង់ ទូល​បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ​បន្ទូល​របស់​ទ្រង់​ជា​សេចក្ដី​អំណរ ហើយ​ជា​ទី​រីក​រាយ​ចិត្ត​ដល់​ទូល​បង្គំ ដ្បិត​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​អើយ ទូល​បង្គំ​បាន​ហៅ​តាម​ព្រះ​នាម​ទ្រង់​»។ (​យេរេមា ១៥:១៦​) យេរេមា​បាន​គិត​យ៉ាង​ស៊ី​ជម្រៅ​អំពី​ពាក្យ​ដ៏​វិសេស​របស់​ព្រះ ហើយ​គាត់​ស្រឡាញ់​ពាក្យ​ទាំង​នោះ។ គាត់​បាន​ឲ្យ​តម្លៃ​ចំពោះ​ការ​ធ្វើ​ជា​តំណាង​របស់​ព្រះ​យេហូវ៉ា​និង​ចំពោះ​ការ​ប្រកាស​បណ្ដាំ​របស់​លោក។ បើ​យើង​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​គម្ពីរ យើង​នឹង​ទទួល​ស្គាល់​ថា​យើង​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដើម្បី​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​និង​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។

បងស្រីម្នាក់កំពុងអាននិងរំពឹងគិតទៅលើបទគម្ពីរ

ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​សេចក្ដី​ពិត​ក្នុង​គម្ពីរ (​សូម​មើល​វគ្គ​១៤​)

១៤​. តើ​យើង​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​កាន់​តែ​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​គម្ពីរ?

១៤ តើ​អ្វី​ទៀត​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​ស្រឡាញ់​សេចក្ដី​ពិត​ក្នុងគម្ពីរ? យើង​ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ជា​ទៀង​ទាត់​ដោយ​សារ​នៅ​ទី​នោះ​យើង​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា។ ការ​សិក្សា​គម្ពីរ​ដោយ​ប្រើ​ទស្សនាវដ្ដី​ប៉ម​យាម​ជា​រៀង​រាល់​សប្ដាហ៍​គឺ​ជា​វិធី​ដ៏​សំខាន់​មួយ​ដែល​យើង​ទទួល​ការ​បង្ហាត់​បង្រៀន។ បើ​យើង​ចង់​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​កិច្ច​ប្រជុំ​នោះ យើង​ត្រូវ​រៀប​ចំ​ទុក​ជា​មុន។ ជា​ឧទាហរណ៍ យើង​អាច​បើក​មើល​បទ​គម្ពីរ​នីមួយ​ៗ​ដែល​មិន​បាន​ត្រូវ​ដក​ស្រង់។ សព្វ​ថ្ងៃ​នេះ យើង​ងាយ​ស្រួល​អាន​ឬ​ថត​ចម្លង​ទស្សនាវដ្ដី​ប៉ម​យាម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​សារ​ទស្សនាវដ្ដី​នេះ​មាន​ជា​ច្រើន​ភាសា​តាម​គេហទំព័រ​jw.org និង​តាម​កម្ម​វិធី JW​បណ្ណាល័យ។ ឯកសារ​អេឡិចត្រូនិក​ខ្លះ​បាន​ត្រូវ​រៀប​ចំ​ឲ្យ​យើង​អាច​ឃើញ​ភ្លាម​ៗ​នូវ​បទ​គម្ពីរ​ដែល​មិន​បាន​ត្រូវ​ដក​ស្រង់។ ទោះ​ជា​យើង​ប្រើ​វិធី​ណា​ក៏​ដោយ​ដើម្បី​សិក្សា​អត្ថបទ​នីមួយ​ៗ ពេល​យើង​អាន​បទ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​បទ​គម្ពីរ​ទាំង​នោះ នោះ​យើង​នឹង​កាន់​តែ​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​គម្ពីរ។—សូម​អាន ទំនុក​តម្កើង ១:២

សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ

១៥, ១៦​. (​ក​) យោង​ទៅ​តាម​យ៉ូហាន ១៣:៣៤, ៣៥ តើ​លោក​យេស៊ូ​បាន​ឲ្យ​យើង​នូវ​បញ្ញត្ដិ​អ្វី? (​ខ​) តើ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​និង​ចំពោះ​គម្ពីរ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​យើង?

១៥ នៅ​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។—យ៉ូហាន ១៣:៣៤, ៣៥

១៦ សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ជាប់​ទាក់​ទង​នឹង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។ បើ​យើង​មិន​ស្រឡាញ់​ព្រះ យើង​មិន​អាច​ស្រឡាញ់​បង​ប្អូន​របស់​យើង​បាន​ឡើយ។ ម្យ៉ាង​ទៀត បើ​យើង​មិន​ស្រឡាញ់​បង​ប្អូន​របស់​យើង យើង​មិន​អាច​ស្រឡាញ់​ព្រះ​បាន​ទេ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន​ដែល​ខ្លួន​មើល​ឃើញ អ្នក​នោះ​មិន​អាច​ស្រឡាញ់​ព្រះ​ដែល​ខ្លួន​មើល​មិន​ឃើញ​ឡើយ​»។ (​យ៉ូហាន​ទី១ ៤:២០​) សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​បង​ប្អូន​របស់​យើង​ក៏​ជាប់​ទាក់​ទង​នឹង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គម្ពីរ​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​បើ​យើង​ស្រឡាញ់​អ្វី​ដែល​យើង​រៀន​ពី​គម្ពីរ យើង​នឹង​ចង់​ធ្វើ​តាម​បញ្ញត្ដិ​ដែល​មាន​ក្នុង​គម្ពីរ​ដែល​ឲ្យ​យើង​ស្រឡាញ់​ព្រះ​និង​បង​ប្អូន​របស់​យើង។—ពេត្រុស​ទី១ ១:២២; យ៉ូហាន​ទី១ ៤:២១

បងស្រីម្នាក់កំពុងជួយជួសជុលផ្ទះរបស់បងស្រីដែលមានវ័យចាស់ម្នាក់

ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន (​សូម​មើល​វគ្គ​១៧​)

១៧​. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ណា​ខ្លះ?

១៧ សូម​អាន ថែស្សាឡូនិច​ទី១ ៤:៩, ១០។ តើ​តាម​របៀបណា​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​យើង? បង​ប្អូន​វ័យ​ចាស់​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កិច្ច​ប្រជុំ​និង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ស្ត្រី​មេ​ម៉ាយ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​ជួស​ជុល​អ្វី​មួយ​ក្នុង​ផ្ទះ​របស់​គាត់។ (​យ៉ាកុប ១:២៧​) បង​ប្អូន​ដែល​ធ្លាក់​ទឹក​ចិត្ត តាន​តឹង​ចិត្ត ឬ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ឯ​ទៀត ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ ការ​លើក​ទឹក​ចិត្ត និង​ការ​សម្រាល​ទុក្ខ​ពី​យើង។ (​សុភាសិត ១២:២៥; កូឡុស ៤:១១​) យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​«​បង​ប្អូន​រួម​ជំនឿ​របស់​យើង​»​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត។—កាឡាទី ៦:១០

១៨​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង?

១៨ គម្ពីរ​ចែង​ថា​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ មនុស្ស​ជា​ច្រើន​នឹង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​ជា​អ្នក​លោភ​លន់។ (​ធីម៉ូថេ​ទី២ ៣:១, ២​) ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ត្រូវ​ខំ​ប្រឹង​ដើម្បី​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា ចំពោះ​បណ្ដាំ​របស់​លោក និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ជួន​កាល​យើង​ប្រហែល​ជា​ខ្វែង​គំនិត​គ្នា​តិច​តួច​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង។ ប៉ុន្តែ ដោយ​សារ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក យើង​នឹង​ព្យាយាម​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​ណា​ក៏​ដោយ​ដែល​យើង​មាន​ឲ្យ​បាន​ឆាប់​បំផុត​និង​ដោយ​សប្បុរស។ (​អេភេសូរ ៤:៣២; កូឡុស ៣:១៤​) សូម​កុំ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​រសាយ​ទៅ​ឡើយ! ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​បន្ត​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា បណ្ដាំ​របស់​លោក និង​បង​ប្អូន​របស់​យើង។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ពេល​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​រសាយ​ទៅ យើង​បាត់​បង់​ចិត្ត​រំភើប​របស់​យើង​ចំពោះ​សេចក្ដី​ពិត​និង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន។ នេះ​ប្រហែល​ជា​នឹង​កើត​ឡើង បើ​យើង​ទទួល​ឥទ្ធិពល​ពី​ពិភព​លោក​នេះ ហើយ​បើ​យើង​អនុញ្ញាត​ឲ្យ​អ្វី​ៗ​ឯ​ទៀត​ទៅ​ជា​សំខាន់​ជាង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក