ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី២-៨ ខែឧសភា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ២៧-២៩
«យុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់ដាវីឌ»
it-1-E ទំ.៤១
អាគីស
ពេលដាវីឌបានរត់គេចខ្លួនពីសុល គាត់ទៅជ្រកកោនក្នុងតំបន់ដែលគ្រប់គ្រងដោយស្ដេចអាគីសអស់ពីរលើក។ លើកទី១ ស្ដេចអាគីសសង្ស័យថាដាវីឌជាសត្រូវរបស់ពួកគេ ដូច្នេះដាវីឌបានក្លែងខ្លួនធ្វើជាមនុស្សឆ្កួត ហើយក្រោយមកស្ដេចបានដោះលែងគាត់។ (១សាំ. ២១:១០-១៥; ពាក្យផ្ដើមនៅចសព. ៣៤, ៥៦) លើកទី២ ដាវីឌមានបុរសខ្លាំងពូកែ៦០០នាក់និងក្រុមគ្រួសាររបស់ពួកគេដែលនៅជាមួយគាត់ ហើយស្ដេចអាគីសបានឲ្យពួកគេអាស្រ័យនៅក្នុងក្រុងស៊ីកឡាក់។ ក្នុងរយៈពេលមួយឆ្នាំបួនខែដែលពួកគេរស់នៅទីនោះ អាគីសជឿថាដាវីឌបានវាយលុកក្រុងផ្សេងៗនៃស្រុកយូដា ប៉ុន្តែតាមពិតដាវីឌបានឡើងទៅវាយលុកជនជាតិកេសឺ ជនជាតិគីសាយ និងជនជាតិអាម៉ាលេកសោះ។ (១សាំ. ២៧:១-១២) អាគីសបានទុកចិត្តដាវីឌដល់ម្ល៉េះបានជាគាត់ឲ្យដាវីឌធ្វើជាអង្គរក្សការពារគាត់ពេលដែលពួកភីលីស្ទីនត្រៀមខ្លួនទៅវាយប្រហារស្ដេចសុល ប៉ុន្តែដោយសារ«ពួកមេដឹកនាំ»ឯទៀតបានបដិសេធមិនឲ្យដាវីឌនិងបុរសរបស់គាត់ទៅជាមួយ ពួកគេបានត្រឡប់មកក្រុងស៊ីកឡាក់វិញ។ (១សាំ. ២៨:២; ២៩:១-១១) ពេលដាវីឌក្លាយជាស្ដេច ហើយទៅច្បាំងជាមួយនឹងក្រុងកាថ គាត់មិនបានសម្លាប់អាគីសនោះទេ ហើយអាគីសបានបន្តរស់នៅរហូតដល់សាឡូម៉ូនគ្រប់គ្រង។—១បស. ២:៣៩-៤១
ថ្ងៃទី១៦-២២ ខែឧសភា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៣៦៩ វ.២
បងឬប្អូនប្រុស
«បងឬប្អូនប្រុស»ក៏អាចសំដៅទៅលើមនុស្សដែលមានសាមគ្គីភាពនឹងគ្នា ហើយមានគោលបំណងនិងគោលដៅស្រដៀងគ្នាដែរ។ ជាឧទាហរណ៍ ស្ដេចហ៊ីរ៉ាមនៃក្រុងទីរ៉ុសហៅស្ដេចសាឡូម៉ូនថាប្អូនប្រុស មិនមែនដោយសារតែពួកគាត់មានឋានៈស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែពួកគាត់ទាំងពីរបានទទួលប្រយោជន៍ពីគ្នាទៅវិញទៅមក ដូចជាកាលដែលសាឡូម៉ូនបានទទួលឈើនិងសម្ភារៈផ្សេងៗសម្រាប់សាងសង់វិហារជាដើម។ (១បស. ៩:១៣; ៥:១-១២) ដាវីឌបានសរសេរថា៖ «មើល! ពេលបងប្អូននៅជាមួយគ្នាដោយសាមគ្គីភាព នោះជាការល្អប្រពៃ និងគួរឲ្យរីករាយខ្លាំងណាស់!»។ គាត់ចង់មានន័យថាមិនមែនមានតែបងប្អូនបង្កើតប៉ុណ្ណោះទេដែលអាចមានសាមគ្គីភាពនិងសន្តិភាពជាមួយគ្នាបាន។ (ចសព. ១៣៣:១) តាមពិត ដាវីឌបានហៅយ៉ូណាថានថាជាបងប្រុសរបស់គាត់ មិនមែនដោយសារគាត់ជាប់សាច់ឈាមជាមួយនឹងគ្នាទេ តែដោយសារពួកគាត់មានមនោសញ្ចេតនាចំពោះគ្នាទៅវិញទៅមកនិងគោលដៅដូចគ្នា។ (២សាំ. ១:២៦) មិត្តភក្តិដែលមានបុគ្គលិកលក្ខណៈស្រដៀងគ្នាក៏អាចត្រូវហៅថាជាបងប្អូននឹងគ្នាដែរ ទោះល្អឬអាក្រក់ក្ដី។—សុភ. ១៨:៩
ថ្ងៃទី២៣-២៩ ខែឧសភា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w៩៦-E ១/៤ ទំ.២៩ វ.១
ចូរបន្តផ្ទេរបន្ទុកទៅព្រះយេហូវ៉ា
ដាវីឌដែលជាស្ដេចត្រូវទទួលខុសត្រូវចំពោះរឿងនេះ។ ប្រតិកម្មរបស់គាត់បង្ហាញថា ជួនកាលសូម្បីតែអ្នកដែលមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ាក៏អាចធ្វើអ្វីដែលនាំឲ្យមានស្ថានភាពពិបាកដែរ។ ដំបូងដាវីឌបានខឹង ហើយក្រោយមកគាត់ភ័យខ្លាច។ (សាំយូអែលទី២ ៦:៨, ៩) ចំណងមិត្តភាពដ៏ជិតស្និទ្ធរបស់គាត់ជាមួយព្រះយេហូវ៉ាបានត្រូវល្បងល។ នេះគឺជាពេលមួយដែលគាត់មិនបានផ្ទេរបន្ទុករបស់គាត់ទៅព្រះយេហូវ៉ា ដោយសារគាត់មិនបានធ្វើតាមបង្គាប់របស់លោក។ តើពេលខ្លះស្ថានភាពនេះអាចកើតឡើងចំពោះយើងឬទេ? តើយើងអាចទម្លាក់កំហុសទៅលើយេហូវ៉ាចំពោះបញ្ហាផ្សេងៗដែលយើងជួបដោយសារយើងមិនអើពើនឹងការណែនាំរបស់លោកឬទេ?—សុភាសិត ១៩:៣
របៀបរស់នៅជាគ្រិស្តសាសនិក
jr-E ទំ.១២៥-១២៦ វ.២៣-២៤
តើអ្នកតែងតែសួរថា «តើព្រះយេហូវ៉ានៅឯណា»ឬទេ?
២៣ ក្រៅពីការអធិដ្ឋានទៅព្រះយេហូវ៉ាដើម្បីសុំការណែនាំ យើងក៏ត្រូវតែបន្តសិក្សាផ្ទាល់ខ្លួនដែរ ដោយសារនេះគឺជារបៀបដ៏សំខាន់មួយដែលជួយយើងឲ្យដឹងអំពីគោលបំណងរបស់ព្រះយេហូវ៉ា។ ក្នុងរឿងនេះ យើងមានជំនួយច្រើនជាងយេរេមា ដោយសារយើងមានគម្ពីរទាំងមូល។ ដូចយេរេមាដែលបានធ្វើការស្រាវជ្រាវយ៉ាងជ្រាលជ្រៅដើម្បីសរសេរព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើង យើងអាចពិនិត្យមើលបណ្ដាំរបស់ព្រះ ហើយរកមើលការណែនាំពីលោកដោយសួរថា «តើព្រះយេហូវ៉ានៅឯណា»? ដោយខំប្រឹងសិក្សាអំពីគោលបំណងរបស់លោក អ្នកនឹងទុកចិត្តលោក ហើយអ្នកនឹង«ប្រៀបដូចជាដើមឈើដែលដុះនៅក្បែរផ្លូវទឹក ហើយចាក់ឫសទៅរកប្រភពទឹក»។—សូមអាន យេរេមា ១៧:៥-៨
២៤ កាលដែលអ្នកអាននិងរំពឹងគិតអំពីគម្ពីរបរិសុទ្ធ សូមព្យាយាមយល់អំពីអ្វីដែលព្រះយេហូវ៉ាចង់ឲ្យអ្នកធ្វើក្នុងស្ថានភាពផ្សេងៗ។ អ្នកអាចរកមើលគោលការណ៍ផ្សេងៗដែលអ្នកចង់ចងចាំ ហើយអនុវត្តតាមក្នុងជីវិតរបស់អ្នក។ ពេលដែលអ្នកអានកំណត់ហេតុពីសម័យបុរាណ បង្គាប់ពីព្រះ គោលការណ៍របស់លោក និងពាក្យពេចន៍ដែលប្រកបដោយប្រាជ្ញាពីបណ្ដាំរបស់ព្រះ សូមពិចារណាអំពីរបៀបដែលអ្វីទាំងនេះអាចមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់អ្នកប្រចាំថ្ងៃ។ ព្រះយេហូវ៉ានឹងតបឆ្លើយពេលអ្នកសួរថា «តើព្រះយេហូវ៉ានៅឯណា»ដោយបង្ហាញអ្នកអំពីរបៀបដែលអ្នកអាចប្រឈមមុខនឹងស្ថានភាពពិបាកដែលអ្នកជួបប្រទះតាមរយៈបណ្ដាំរបស់លោក។ ក្នុងគម្ពីរ អ្នកអាចរៀនអំពី«ការដែលគ្មានអ្នកណាយល់ដឹង»បាន!—យេ. ៣៣:៣
g១៧.៥-E ទំ.៣
ជំហានផ្សេងៗដែលអាចសង្គ្រោះជីវិតពេលមានគ្រោះមហន្តរាយ
«សំឡេងផ្ទុះឡើងដ៏ខ្លាំងបានធ្វើឲ្យខ្ញុំជិតដួលទៅលើឥដ្ឋ។ ផ្សែងបានហុយចេញពីរន្ធខ្យល់ហើយក្រោយមកអគាររបស់យើងបានផ្ទុះឡើងក្នុងអណ្ដាតភ្លើង»។—យ៉ូស្វេ
ជាញឹកញយការរញ្ជួយដី ព្យុះសង្ឃរា ភេរវកម្ម និងការបាញ់រះនៅសាលាបានត្រូវលេចឡើងក្នុងសារព័ត៌មាន។ ការអានព័ត៌មានអំពីគ្រោះមហន្តរាយគឺខុសគ្នាពីការឆ្លងកាត់រឿងនោះដោយផ្ទាល់។ ដើម្បីអាចជួយអ្នកឲ្យរួចរស់ជីវិត តើអ្នកអាចធ្វើអ្វីមុនគ្រោះមហន្តរាយ ក្នុងអំឡុងពេលនោះ និងក្រោយគ្រោះមហន្តរាយកើតឡើង?
g១៧.៥-E ទំ.៥
ជំហានផ្សេងៗដែលអាចសង្គ្រោះជីវិតពេលមានគ្រោះមហន្តរាយ
ចាត់វិធានការភ្លាមៗ ក្នុងអំឡុងពេលមានគ្រោះមហន្តរាយ
យ៉ូស្វេដែលបានរៀបរាប់នៅខាងលើនិយាយថា៖ «ពេលភ្លើងឆេះ មនុស្សជាច្រើនមិនស្លន់ស្លោទេ ប៉ុន្តែពួកគេបង្អែរបង្អង់»។ គាត់បានបន្ថែមទៀតថា៖ «អ្នកខ្លះបិទកុំព្យូទ័រឬទៅចាក់ទឹកថែម។ បុរសម្នាក់និយាយថា៖ ‹ប្រហែលជាយើងគួររង់ចាំបន្តិចសិន›»។ ទោះជាមនុស្សឯទៀតស្ទាក់ស្ទើរ យ៉ូស្វេបានស្រែកថា៖ «យើងត្រូវតែចេញពីទីនេះឥឡូវ!» ក្រោយមក អ្នករួមការងាររបស់គាត់បានភ្ញាក់ខ្លួន ហើយចុះទៅក្រោមជាមួយគាត់។ យ៉ូស្វេបន្តស្រែកថា៖ «បើអ្នកណាម្នាក់ដួល សូមជួយលើកគាត់ឡើង ហើយយើងបន្តដើរទៅមុខទៀត។ យើងទាំងអស់គ្នានឹងរួចជីវិត!»
• ពេលមានភ្លើងឆេះ។ សូមព្យាយាមក្រាបខ្លួនឲ្យជិតឥដ្ឋ ហើយរកច្រកចេញឲ្យបានឆាប់បំផុត។ ផ្សែងធ្វើឲ្យយើងពិបាកមើលអ្វីឃើញ ហើយការស្លាប់ក្នុងភ្លើងឆេះភាគច្រើនបណ្ដាលមកពីការស្រូបផ្សែង។ សូមកុំយករបស់របរដែលអ្នកមាន។ មួយវិនាទីៗអាចសង្គ្រោះជីវិតយើងឬបណ្ដាលឲ្យយើងស្លាប់។
• ពេលមានរញ្ជួយដី។ សូមចូលក្រោមគ្រឿងសង្ហារឹមដែលមាំៗ ឬជញ្ជាំងខាងក្នុង។ ពេលរញ្ជួយដីស្ងប់ទៅ ចូរដឹងថានឹងមានការរញ្ជួយបន្ថែមទៀតក្រោយមក ដូច្នេះសូមចេញក្រៅឬទៅឲ្យឆ្ងាយពីអគារឲ្យបានឆាប់បំផុត។ អ្នកជួយសង្គ្រោះប្រហែលជាមិនអាចទៅដល់កន្លែងកើតហេតុរហូតដល់ប៉ុន្មានម៉ោងក្រោយមក ដូច្នេះសូមព្យាយាមជួយអ្នកឯទៀតបើអ្នកអាចធ្វើបាន។
• ពេលមានរលកយក្សស៊ូណាមី។ បើអ្នកឃើញទឹកហួតចេញពីឆ្នេរយ៉ាងឆាប់រហ័ស សូមរត់ទៅដីខ្ពស់ភ្លាមៗ ព្រោះនឹងមានរលកធំៗជាច្រើនវាយមក។
• ពេលមានខ្យល់ព្យុះ។ សូមរត់ទៅរកកន្លែងដែលមានសុវត្ថិភាពភ្លាមៗ។
• ពេលមានទឹកជំនន់។ សូមចេញពីអគារណាដែលលិចទឹក។ សូមកុំបើកបរកាត់ទឹកដោយសារអាចមានទឹកលូ និងអ្វីផ្សេងៗទៀតដែលនាំឲ្យមានគ្រោះថ្នាក់ដូចជា កម្ទេចផ្សេងៗ គ្រលុក និងខ្សែភ្លើងដាច់ជាដើម។
• តើអ្នកដឹងទេ? ទឹកដែលមានជម្រៅ០.៦ម៉ែតអាចកួចឡានទៅបាន។ ការស្លាប់ជាច្រើនក្នុងពេលទឹកជំនន់គឺបណ្ដាលមកពីការព្យាយាមបើកបរពេលដែលទឹកកំពុងជន់ឡើង។
• បើពួកអាជ្ញាធរបង្គាប់ឲ្យភៀសខ្លួន សូមចាកចេញភ្លាមៗ! សូមប្រាប់មិត្តភក្តិរបស់អ្នកថាអ្នកនៅឯណា បើមិនដូច្នោះទេ ពួកគេអាចប្រថុយជីវិតរបស់ពួកគេដើម្បីស្វែងរកអ្នក។
• តើអ្នកដឹងទេ? ការផ្ញើសារអាចមានសេវាល្អជាងការតេទូរសព្ទ។
• បើពួកអាជ្ញាធរបង្គាប់ថាឲ្យស្នាក់នៅផ្ទះឬនៅទីជម្រកណាមួយ សូមកុំចេញទៅក្រៅ។ ក្នុងករណីមានគ្រោះថ្នាក់ខាងជាតិគីមី ខាងជីវសាស្ត្រ ឬខាងនុយក្លេអ៊ែរ សូមនៅក្នុងផ្ទះ បិទទ្វារ និងបិទបង្អួចឲ្យជិតកុំឲ្យមានខ្យល់ចេញចូល។ បើមានការផ្ទុះនុយក្លេអ៊ែរ សូមទៅជាន់ក្រោមបំផុតនៃអគាររបស់អ្នកដើម្បីកុំឲ្យទទួលឥទ្ធិពលពីកាំរស្មីអាក្រក់។ សូមស្ដាប់ព័ត៌មានក្នុងទូរទស្សន៍ឬវិទ្យុ ហើយនៅផ្ទះរហូតទាល់តែពួកអាជ្ញាធរប្រកាសថាលែងមានគ្រោះថ្នាក់ទៀត។
g១៧.៥-E ទំ.៧
ជំហានផ្សេងៗដែលអាចសង្គ្រោះជីវិតពេលមានគ្រោះមហន្តរាយ
រក្សាសុវត្ថិភាព! ក្រោយមានគ្រោះមហន្តរាយ
ដើម្បីជៀសវាងពីជំងឺនិងគ្រោះថ្នាក់ សូមពិចារណាយោបល់ដូចតទៅនេះ៖
• ស្នាក់នៅជាមួយមិត្តភក្ដិ ជាជាងនៅក្នុងជំរំបើអាចធ្វើបាន។
• រក្សាកន្លែងរស់នៅឲ្យមានអនាម័យ។
• ប្រើឧបករណ៍ការពារផ្ទាល់ខ្លួនពេលធ្វើការសម្អាតកម្ទេច។ បើអាចធ្វើបានសូមពាក់ស្រោមដៃ ស្បែកជើងរឹងមាំ មួកដើម្បីការពារ និងម៉ាស។ ប្រយ័ត្នចំពោះខ្សែភ្លើងនិងរងើកភ្លើងដែលយើងមើលមិនឃើញ។
• រក្សាទម្លាប់ប្រចាំថ្ងៃរបស់អ្នកឲ្យបានធម្មតាតាមដែលអាចធ្វើទៅបាន។ កូនៗរបស់អ្នកត្រូវការឃើញថាអ្នកមានអារម្មណ៍ស្ងប់ហើយមានសង្ឃឹម។ ធ្វើកិច្ចការសាលា លេង និងគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ កុំគិតច្រើនពេកទៅលើការផ្សាយព័ត៌មានអំពីសោកនាដកម្មនោះ ហើយកុំឲ្យការថប់បារម្ភឬការតានតឹងធ្វើឲ្យអ្នកឈ្លោះប្រកែកជាមួយសមាជិកក្រុមគ្រួសារឡើយ។ សូមទទួលយកជំនួយពីអ្នកឯទៀត ហើយសូមជួយអ្នកឯទៀតផងដែរ។
• ទទួលស្គាល់ថាគ្រោះមហន្តរាយបណ្ដាលឲ្យមានការបាត់បង់។ រដ្ឋាភិបាលនិងជំនួយឯទៀតផ្ដោតអារម្មណ៍ទៅលើការជួយសង្គ្រោះជីវិតមនុស្ស មិនមែនជំនួសអ្វីទាំងអស់ដែលបានបាត់បង់នោះទេ។ ដើម្បីរស់ យើងត្រូវការទឹកស្អាត ម្ហូបអាហារ សម្លៀកបំពាក់ និងជម្រក។—ធីម៉ូថេទី១ ៦:៧, ៨
• ទទួលស្គាល់និងដោះស្រាយបញ្ហាផ្លូវចិត្ត។ ជារឿយៗ បញ្ហាផ្លូវចិត្តអាចកើតឡើងក្រោយគ្រោះមហន្តរាយបានកន្លងផុតទៅ។ រោគសញ្ញារួមបញ្ចូលការខ្វល់ខ្វាយ ការធ្លាក់ទឹកចិត្តខ្លាំង អារម្មណ៍តែងតែផ្លាស់ប្ដូរ ថែមទាំងពិបាកគិត ធ្វើការ និងពិបាកគេង។ សូមនិយាយជាមួយមិត្តភក្តិណាម្នាក់ដែលយកចិត្តទុកដាក់នឹងអ្នក។
ទោះជាយ៉ូស្វេបានរួចជីវិតពីអគ្គីភ័យនៅកន្លែងធ្វើការរបស់គាត់ក៏ដោយ តែអ្នករួមការងារជាច្រើនរបស់គាត់បានបាត់បង់ជីវិត។ គាត់បានទទួលជំនួយពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ និងអ្នកជំនាញខាងសុខភាពផ្លូវចិត្ត។ យ៉ូស្វេបាននិយាយថា៖ «ពួកគេពង្រឹងទំនុកចិត្តខ្ញុំថាទុក្ខសោករបស់ខ្ញុំគឺជារឿងធម្មតា ហើយវានឹងបាត់ទៅវិញ។ បន្ទាប់ពី៦ខែ សុបិនអាក្រក់បានថយចុះ តែរោគសញ្ញាឯទៀតត្រូវការរយៈពេលយូរជាងនេះ»។
គ្រោះមហន្តរាយប៉ះពាល់ដល់ទស្សនៈអំពីយុត្តិធម៌។ ជាលទ្ធផល មនុស្សខ្លះបានទម្លាក់កំហុសទៅលើព្រះ។ តែដូចយ៉ូស្វេ មនុស្សជាច្រើនមានអារម្មណ៍ថាខ្លួនជាអ្នកធ្វើខុសវិញ។ គាត់និយាយថា៖ «ខ្ញុំនៅតែឆ្ងល់ថា តើខ្ញុំអាចសង្គ្រោះមនុស្សបានច្រើនជាងនេះទេ។ តែខ្ញុំបានទទួលការសម្រាលទុក្ខពីជំនឿរបស់ខ្ញុំដែលថា បន្តិចទៀតព្រះនឹងនាំឲ្យមានភាពយុត្តិធម៌ទាំងស្រុងនៅផែនដី ហើយធ្វើឲ្យអ្វីៗទាំងអស់ប្រសើរឡើងវិញ។ ទម្រាំដល់ពេលនោះ ខ្ញុំឲ្យតម្លៃចំពោះជីវិតដែលខ្ញុំមានជារៀងរាល់ថ្ងៃ ហើយធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីរក្សាជីវិតខ្ញុំ»។—ការបើកបង្ហាញ ២១:៤, ៥
ថ្ងៃទី៣០ ខែឧសភា–ថ្ងៃទី៥ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី២ ៧-៨
«ព្រះយេហូវ៉ាធ្វើកិច្ចព្រមព្រៀងជាមួយដាវីឌ»
w១០-E ១/៤ ទំ.២០ វ.៣
«រាជាណាចក្ររបស់អ្នកនឹងនៅជាប់ស្ថិតស្ថេរ»
ព្រះយេហូវ៉ាពេញចិត្តនឹងបំណងប្រាថ្នាដ៏ស្មោះរបស់ដាវីឌ។ ដោយសារដាវីឌបង្ហាញភក្ដីភាព ហើយស្របតាមទំនាយ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងជាមួយដាវីឌថា លោកនឹងតែងតាំងបុគ្គលម្នាក់ពីវង្សត្រកូលរបស់គាត់ឲ្យគ្រប់គ្រងជាស្ដេចជារៀងរហូត។ ណាថាន់បានប្រាប់ដាវីឌអំពីសេចក្ដីសន្យារបស់ព្រះថា៖ «ពូជពង្សនិងរាជាណាចក្ររបស់អ្នកនឹងនៅជាប់ស្ថិតស្ថេរ ហើយបល្ល័ង្ករបស់អ្នកនឹងរឹងមាំជារៀងរហូត»។ (ខ១៦) តើអ្នកណាជាពូជពង្សដែលនឹងគ្រប់គ្រងជារៀងរហូត?—ចសព. ៨៩:២០, ២៩, ៣៤-៣៦
w១០-E ១/៤ ទំ.២០ វ.៤
«រាជាណាចក្ររបស់អ្នកនឹងនៅជាប់ស្ថិតស្ថេរ»
លោកយេស៊ូពីក្រុងណាសារ៉ែតជាពូជពង្សរបស់ដាវីឌ។ ពេលទេវតាបានប្រកាសអំពីកំណើតរបស់លោកយេស៊ូ ទេវតានោះនិយាយថា៖ «ព្រះយេហូវ៉ានឹងប្រគល់បល្ល័ង្ករបស់ដាវីឌជាបុព្វបុរស ឲ្យដល់បុត្រនោះ។ លោកនឹងគ្រប់គ្រងជាស្ដេចលើពូជពង្សយ៉ាកុបជារៀងរហូត ហើយរាជាណាចក្ររបស់លោកនឹងមិនសាបសូន្យឡើយ»។ (លូក. ១:៣២, ៣៣) ដូច្នេះ កិច្ចព្រមព្រៀងជាមួយដាវីឌបានត្រូវសម្រេចតាមរយៈលោកយេស៊ូគ្រិស្ត។ លោកគ្រប់គ្រង មិនមែនដោយសារការជ្រើសរើសរបស់មនុស្សទេ តែដោយសារសេចក្ដីសន្យារបស់ព្រះដែលផ្ដល់ឲ្យលោកមានសិទ្ធិគ្រប់គ្រងជារៀងរហូត។ សូមឲ្យយើងចាំថា សេចក្ដីសន្យារបស់ព្រះតែងតែសម្រេច។—អេ. ៥៥:១០, ១១
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.២០៦ វ.២
គ្រាចុងក្រោយបង្អស់
ទំនាយរបស់បាឡាម។ មុនបណ្ដាជនអ៊ីស្រាអែលចូលស្រុកសន្យា បាឡាមដែលជាអ្នកប្រកាសទំនាយបានប្រាប់បាឡាក់ដែលជាស្ដេចម៉ូអាប់ថា៖ «ចូរមកនេះ ខ្ញុំនឹងជម្រាបលោកអំពីអ្វីដែលប្រជាជាតិ[អ៊ីស្រាអែល]នោះនឹងធ្វើទៅលើប្រជាជាតិរបស់លោកនៅថ្ងៃអនាគត . . . នឹងមានផ្កាយមួយចេញពីយ៉ាកុប នឹងមានដំបងរាជ្យលេចចេញពីអ៊ីស្រាអែល គាត់នឹងបំបែកថ្ងាសរបស់ជនជាតិម៉ូអាប់ ព្រមទាំងលលាដ៍ក្បាលរបស់កូនចៅពួកអ្នកដែលបង្កការវឹកវរ»។ (ជប. ២៤:១៤-១៧) ក្នុងការសម្រេចទំនាយដំបូង «ផ្កាយ»សំដៅទៅលើដាវីឌដែលជាអ្នកឈ្នះលើជនជាតិម៉ូអាប់។ (២សាំ. ៨:២) ដូច្នេះ តាមមើលទៅការសម្រេចទំនាយនេះនៅ«ថ្ងៃអនាគត»ចាប់ផ្ដើមពីពេលដាវីឌគ្រប់គ្រងជាស្ដេច។ ម្យ៉ាងទៀត ដោយសារដាវីឌតំណាងលោកយេស៊ូដែលជាមេស្ស៊ីនិងជាស្ដេច នោះទំនាយនេះក៏ទាក់ទងនឹងលោកយេស៊ូដែរ នៅពេលដែលលោកយកឈ្នះសត្រូវរបស់លោក។—អេ. ៩:៧; ចសព. ២:៨, ៩
ថ្ងៃទី៦-១២ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី២ ៩-១០
«ដាវីឌបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
w០៦-E ១៥/៦ ទំ.១៤ វ.៦
អ្នកអាចរកឃើញសុភមង្គល
ដាវីឌបានសរសេរថា៖ «អ្នកណាដែលយកចិត្តទុកដាក់ចំពោះមនុស្សទន់ទាប អ្នកនោះមានសុភមង្គលហើយ»។ ហើយគាត់បានបន្ដថា៖ «ព្រះយេហូវ៉ានឹងសង្គ្រោះគាត់ក្នុងថ្ងៃដែលគាត់ជួបអន្តរាយ។ ព្រះយេហូវ៉ានឹងរក្សាការពារជីវិតរបស់គាត់ គាត់នឹងត្រូវប្រកាសនៅផែនដីថាជាមនុស្សដែលមានសុភមង្គល»។ (ចម្រៀងសរសើរព្រះ ៤១:១, ២) សេចក្ដីស្រឡាញ់ដែលដាវីឌបង្ហាញចំពោះមេភីបូសែត ដែលជាកូនប្រុសពិការរបស់មិត្តសម្លាញ់គាត់គឺយ៉ូណាថាន គឺជាគំរូដ៏ល្អមួយស្ដីអំពីរបៀបត្រឹមត្រូវក្នុងការបង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សទន់ទាប។—២សាំ. ៩:១-១៣
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.២៦៦
ពុកចង្កា
មនុស្សជាច្រើននៅសម័យបុរាណដែលរស់នៅមជ្ឈិមបូព៌ាប្រទេស នោះក៏រួមបញ្ចូលជនជាតិអ៊ីស្រាអែលដែរ ពុកចង្កាគឺជាអ្វីដែលសំខាន់ដើម្បីបញ្ជាក់ពីភាពជាបុរស។ តាមរយៈច្បាប់ដែលព្រះបានផ្ដល់ឲ្យជនជាតិអ៊ីស្រាអែលហាមពួកគេមិនឲ្យកោរ «ជើងសក់» រោមក្នុងត្រចៀក រោមភ្នែក និងតម្រឹមពុកចង្កាឡើយ។ (ចល. ១៩:២៧; ២១:៥) តែបើធ្វើអ្វីទាំងនេះ គឺជាការប្រព្រឹត្តដែលជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍មិនពិត។
ថ្ងៃទី១៣-១៩ ខែមិថុនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៥៩០ វ.១
ដាវីឌ
ព្រះយេហូវ៉ាបានមើលហើយបានបកអាក្រាតរឿងទាំងអស់។ បើសិនព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកចៅហ្វាយដែលជាមនុស្សកាត់ក្ដីរឿងក្ដីដែលទាក់ទងនឹងដាវីឌហើយបាតសេបាតាមរយៈច្បាប់ម៉ូសេ នោះពួកគេទាំងពីរច្បាស់ជាស្លាប់មិនខាន ហើយកូនដែលមិនទាន់កើតមកនោះក៏នឹងត្រូវស្លាប់ជាមួយម្ដាយដែរ។ (បច. ៥:១៨; ២២:២២) ទោះជាយ៉ាងនោះក្ដី ព្រះយេហូវ៉ាបានសម្រេចរឿងក្ដីនេះដោយខ្លួនលោកផ្ទាល់ ហើយលោកក៏បានបង្ហាញសេចក្ដីមេត្តាករុណាចំពោះដាវីឌដោយសារលោកបានគិតពីកិច្ចព្រមព្រៀងនៃរាជាណាចក្រ (២សាំ. ៧:១១-១៦) ដោយសារដាវីឌបានបង្ហាញសេក្ដីមេត្តាករុណាចំពោះអ្នកឯទៀត (១សាំ. ២៤:៤-៧; សូមពិនិត្យបន្ថែម យ៉ា. ២:១៣) ហើយដោយសារលោកបានឃើញថាពួកគេទាំងពីរនាក់បានកែប្រែចិត្ត។ (ចសព. ៥១:១-៤) តែនេះមិនមានន័យថាពួកគេអាចរួចពីការទទួលទោសនោះទេ។ តាមរយៈអ្នកប្រកាសទំនាយណាថាន់ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងធ្វើឲ្យមានអន្តរាយក្នុងក្រុមគ្រួសាររបស់អ្នក»។—២សាំ. ១២:១-១២
ថ្ងៃទី២០-២៦ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី២ ១៣-១៤
«ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនរបស់អាំណូននាំឲ្យមានរឿងខ្លោចផ្សា»
it-1-E ទំ.៣២
អាប់សាឡំ
ការសម្លាប់អាំណូន។ ភាពស្រស់ស្អាតរបស់ប្អូនស្រីអាប់សាឡំឈ្មោះថេម៉ា ធ្វើឲ្យបងប្រុសម្នាក់របស់នាងដែលមានម្ដាយខុសគ្នាលុងស្រឡាញ់នាង។ អាំណូនធ្វើពុតជាឈឺ ហើយសុំគេឲ្យហៅថេម៉ាមកបន្ទប់គាត់ដើម្បីធ្វើម្ហូបឲ្យគាត់ ហើយក្រោយមកគាត់បានរំលោភនាង។ សេចក្ដីស្រឡាញ់ដែលអាំណូនមានចំពោះថេម៉ាបានប្រែទៅជាការស្អប់ខ្ពើម ហើយគាត់បានបណ្ដេញនាងចេញពីផ្ទះគាត់។ នាងបានហែកអាវវែងប្រណីតដែលបញ្ជាក់ថានាងជាស្ត្រីក្រមុំបរិសុទ្ធរបស់កូនស្ដេច ហើយយកផេះដាក់លើក្បាល រួចមកនាងក៏បានជួបអាប់សាឡំ។ ភ្លាមៗនោះ អាប់សាឡំបានយល់អំពីអ្វីដែលបានកើតឡើង ហើយបានសង្ស័យអាំណូន ប្រហែលជាដោយសារគាត់ដឹងអំពីបំណងប្រាថ្នាខុសឆ្គងដែលអាំណូនមានចំពោះនាង។ ក៏ប៉ុន្តែ អាប់សាឡំបានបង្គាប់ប្អូនស្រីគាត់មិនឲ្យធ្វើការចោទប្រកាន់អ្វីឡើយ ហើយបានយកនាងទៅនៅផ្ទះរបស់គាត់។—២សាំ. ១៣:១-២០
it-1-E ទំ.៣៣ វ.១
អាប់សាឡំ
វេលាពីរឆ្នាំបានកន្លងផុតទៅ។ នៅរដូវដែលគេកាត់រោមចៀម អាប់សាឡំបានរៀបចំពិធីជប់លៀងនៅបាលហាសោ ដែលមានចម្ងាយប្រហែល២២គីឡូម៉ែត្រពីក្រុងយេរូសាឡិម ហើយបានអញ្ជើញកូនប្រុសៗទាំងអស់របស់ស្ដេច ព្រមទាំងស្ដេចដាវីឌដែរ។ ពេលដាវីឌមិនអាចចូលរួម អាប់សាឡំបានអង្វរសុំឲ្យគាត់បញ្ជូនអាំណូនដែលជាកូនច្បងឲ្យមកជំនួសគាត់វិញ។ (សុភ. ១០:១៨) នៅពិធីជប់លៀងនោះ ពេលដែលអាំណូនកំពុង«ផឹកស្រាសប្បាយ» អាប់សាឡំបានបង្គាប់អ្នកបម្រើរបស់គាត់ឲ្យសម្លាប់អាំណូន។ ក្រោយមកកូនប្រុសៗឯទៀតបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយអាប់សាឡំបានរត់គេចខ្លួនទៅអាស្រ័យនៅស្រុកកេសឺជាមួយតារបស់គាត់ដែលជាជនជាតិស៊ីរី។ (២សាំ. ១៣:២៣-៣៨) «ក្រុមគ្រួសារ»របស់ដាវីឌបានជួបភាព«អន្តរាយ»ដែលអ្នកប្រកាសទំនាយណាថាន់បានទាយទុក ហើយទុក្ខលំបាកនេះនឹងនៅមានអស់មួយជីវិតរបស់គាត់។—២សាំ. ១២:១០
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
g០៤-E ២២/១២ ទំ.៨-៩
ភាពស្រស់ស្អាតដែលសំខាន់បំផុត
សូមគិតអំពីកូនប្រុសម្នាក់របស់ដាវីឌ ឈ្មោះអាប់សាឡំ។ ទោះជាគាត់មានរូបសម្បត្តិដ៏ស្រស់ស្អាតក៏ដោយ គាត់បែរទៅជាបុរសដែលមានលក្ខណៈមិនល្អ។ គម្ពីរចែងអំពីគាត់ថា៖ «ក្នុងស្រុកអ៊ីស្រាអែលទាំងមូល គ្មានបុរសណាម្នាក់បានទទួលការសរសើរដោយសារមានរូបរាងសង្ហា ស្មើនឹងអាប់សាឡំឡើយ។ តាំងពីបាតជើងរហូតដល់សក់ក្បាល គាត់ឥតមានទាស់ត្រង់ណាសោះ»។ (២សាំ. ១៤:២៥) ក៏ប៉ុន្តែ មហិច្ឆតារបស់អាប់សាឡំនាំឲ្យគាត់បះបោរប្រឆាំងនឹងឪពុករបស់ខ្លួន ហើយដណ្ដើមយកតំណែងជាស្ដេច។ គាត់ក៏បានរំលោភប្រពន្ធរបស់ឪពុកគាត់ដែរ។ ជាលទ្ធផល ព្រះខឹងនឹងអាប់សាឡំ ហើយគាត់បានស្លាប់ដោយឈឺចាប់។—២សាំ. ១៥:១០-១៤; ១៦:១៣-២២; ១៧:១៤; ១៨:៩, ១៥
តើអ្នកចង់ចូលទៅជិតអាប់សាឡំឬទេ? ប្រាកដជាមិនចង់ទេ ព្រោះគាត់ជាមនុស្សដែលអាក្រក់ណាស់។ រូបសង្ហារបស់គាត់មិនបានជួយឲ្យគាត់មានចិត្តរាបទាបនិងស្មោះត្រង់ឡើយ ហើយក៏មិនបានជួយជីវិតគាត់ដែរ។ ផ្ទុយទៅវិញ គម្ពីរមានឧទាហរណ៍ជាច្រើនអំពីមនុស្សដែលមានប្រាជ្ញានិងលក្ខណៈដែលគួរឲ្យទាក់ទាញ តែគម្ពីរមិនបានរៀបរាប់អំពីរូបសម្បត្តិរបស់ពួកគេឡើយ។ ភាពស្រស់ស្អាតដែលសំខាន់បំផុត គឺជាអ្វីដែលនៅក្នុងចិត្ត។
ថ្ងៃទី២៧ ខែមិថុនា–ថ្ងៃទី៣ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី២ ១៥-១៧
«អាប់សាឡំបានបះបោរដោយសារតែអំណួត»
it-1-E ទំ.៨៦០
អ្នករត់នៅមុខរទេះចម្បាំង
ទំនៀមទម្លាប់នៅសម័យបុរាណតម្រូវឲ្យមានអ្នករត់នៅមុខរទេះរបស់ស្ដេចដើម្បីត្រៀមផ្លូវ ប្រកាសថាស្ដេចមកដល់ ហើយជួយស្ដេចក្នុងកិច្ចការផ្សេងៗ។ (១សាំ. ៨:១១) អាប់សាឡំនិងអាដូនីយ៉ាបានធ្វើតាមទំនៀមទម្លាប់នេះ ដោយឲ្យបុរស៥០នាក់រត់នៅខាងមុខរទេះរបស់ពួកគេដើម្បីលើកតម្កើងខ្លួននិងធ្វើឲ្យគេគិតថាបណ្ដាជនគាំទ្រការបះបោររបស់ពួកគេ។—២សាំ. ១៥:១; ១បស. ១:៥
it-1-E ទំ.១០៨៣-១០៨៤
ហេប្រុន
ប៉ុន្មានឆ្នាំក្រោយមក កូនប្រុសរបស់ដាវីឌឈ្មោះអាប់សាឡំបានត្រឡប់ទៅក្រុងហេប្រុនវិញ ហើយព្យាយាមដណ្ដើមយកតំណែងជាស្ដេចពីឪពុករបស់គាត់ តែមិនបានសម្រេចឡើយ។ (២សាំ. ១៥:៧-១០) អាប់សាឡំប្រហែលជាបានជ្រើសរើសក្រុងហេប្រុនធ្វើជាកន្លែងដែលគាត់ចាប់ផ្ដើមបះបោរប្រឆាំង ដោយសារកន្លែងនោះធ្លាប់ជារាជធានីនៃស្រុកយ៉ូដា ហើយជាទីក្រុងកំណើតរបស់គាត់។ ក្រោយមក ចៅរបស់ដាវីឌ ស្ដេចរេហូបោមបានសាងសង់ក្រុងហេប្រុនម្ដងទៀត។ (២ប្រ. ១១:៥-១០) ក្រោយទីក្រុងយូដាបានត្រូវបំផ្លាញដោយជនជាតិបាប៊ីឡូន ហើយក្រោយជនជាតិយូដាដែលជាឈ្លើយបានត្រឡប់មកវិញ ពួកគេខ្លះបានទៅរស់នៅក្រុងហេប្រុន (ក្រុងគារីអាតអាបា)។—នេហ. ១១:២៥
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
w០៩-E ១៥/៥ ទំ.២៧-២៨
‹ជនបរទេសនិងនិរទេសជន›
អ៊ីតថាយប្រហែលជាបានកើតនៅក្រុងដ៏ល្បីឈ្មោះមួយរបស់សាសន៍ភីលីស្ទីនហៅថាក្រុងកាថ ដែលជាកន្លែងរបស់កូលីយ៉ាតនិងសត្រូវឯទៀតរបស់ពួកអ៊ីស្រាអែល។ កំណត់ហេតុក្នុងគម្ពីរបានប្រាប់អំពីអ៊ីតថាយដែលជាបុរសខ្លាំងពូកែម្នាក់នៅក្នុងអំឡុងពេលដែលអាប់សាឡំកំពុងបះបោរប្រឆាំងនឹងស្ដេចដាវីឌ។ នៅពេលនោះ អ៊ីតថាយនិងបុរសជនជាតិភីលីស្ទីន៦០០នាក់ទៀតដែលដើរតាមគាត់បានរស់នៅក្រុងយេរូសាឡិមជានិរទេសជន។
ស្ថានភាពរបស់អ៊ីតថាយនិងពួកបុរសរបស់គាត់ ប្រហែលជាធ្វើឲ្យដាវីឌនឹកឃើញកាលដែលគាត់និងបុរស៦០០នាក់របស់គាត់បានរត់គេចខ្លួនទៅតំបន់ជនជាតិភីលីស្ទីន ដែលគ្រប់គ្រងដោយអាគីសជាស្ដេចនៃក្រុងកាថ។ (១សាំ. ២៧:២, ៣) តើអ៊ីតថាយនិងពួកបុរសរបស់គាត់នឹងធ្វើយ៉ាងណាពេលដាវីឌកំពុងប្រឈមមុខនឹងការបះបោរប្រឆាំងរបស់អាប់សាឡំ? តើពួកគេនឹងរួមដៃជាមួយអាប់សាឡំ រក្សាអព្យាក្រឹតភាព ឬជួយដាវីឌនិងពួកបុរសរបស់គាត់?
សូមស្រមៃគិតពេលដែលដាវីឌកំពុងរត់គេចខ្លួនចេញពីក្រុងយេរូសាឡិម ហើយឈប់នៅកន្លែងមួយដែលហៅថាបេតមើហាក មានន័យថា«ផ្ទះដ៏ឆ្ងាយ»។ ប្រហែលនេះគឺជាផ្ទះចុងក្រោយបំផុតនៅក្រុងយេរូសាឡិមតាមផ្លូវទៅភ្នំដើមអូលីវ មុនឆ្លងកាត់ជ្រលងគីដ្រុន។ (២សាំ. ១៥:១៧) នៅទីនេះ ដាវីឌបានពិនិត្យមើលកងទ័ពរបស់គាត់កាលដែលពួកគេដើរឆ្លងកាត់ ហើយមើល! អ្នកដែលមកជាមួយគាត់គឺមិនគ្រាន់តែពួកអ៊ីស្រាអែលស្មោះត្រង់ប៉ុណ្ណោះទេ តែក៏រួមបញ្ចូលពួកកេរ៉ែត និងពួកពេលេធីមទាំងអស់ដែរ។ បន្ថែមទៅទៀត មានពួកអ្នកក្រុងកាថគឺអ៊ីតថាយនិងបុរសខ្លាំងពូកែ៦០០នាក់របស់គាត់ដែរ។—២សាំ. ១៥:១៨
ដោយកក់ក្ដៅ ដាវីឌនិយាយទៅកាន់អ៊ីតថាយថា៖ «ហេតុអ្វីបានជាអ្នកមកតាមយើង? ចូរត្រឡប់ទៅនៅជាមួយនឹងស្ដេចថ្មី[សំដៅទៅលើអាប់សាឡំ]វិញទៅ ព្រោះអ្នកជាជនបរទេស ថែមទាំងជានិរទេសជនទៀតផង។ អ្នកទើបតែមកនៅជាមួយនឹងយើង តើគួរឲ្យយើងនាំអ្នកដើរសាត់ព្រាត់ទៅជាមួយដែរឬ? សូម្បីតែខ្ញុំក៏មិនដឹងថានឹងទៅកន្លែងណាដែរ។ ចូរអ្នកត្រឡប់ទៅវិញ ហើយនាំបងប្អូនរបស់អ្នកទៅជាមួយផង។ សូមព្រះយេហូវ៉ាបង្ហាញភក្ដីភាពនិងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នក!»។—២សាំ. ១៥:១៩, ២០
អ៊ីតថាយបានបង្ហាញថាគាត់មានភក្ដីភាពយ៉ាងមុតមាំចំពោះដាវីឌ ដោយឆ្លើយថា៖ «ខ្ញុំសូមយកព្រះយេហូវ៉ាជាសាក្សី និងសូមស្បថជូនស្ដេចជាម្ចាស់ថា នៅកន្លែងណាដែលលោកអញ្ជើញទៅ ទោះជាស្លាប់ឬរស់ក្ដី ខ្ញុំជាអ្នកបម្រើរបស់លោកនឹងនៅជាមួយនឹងលោក!»។ (២សាំ. ១៥:២១) ពាក្យទាំងនេះប្រហែលជាបានរំលឹកដាវីឌអំពីអ្វីដែលរូថជាយាយទួតរបស់គាត់ធ្លាប់និយាយ។ (រូថ ១:១៦, ១៧) សម្ដីរបស់អ៊ីតថាយមានឥទ្ធិពលទៅលើចិត្តរបស់ដាវីឌ ហើយដាវីឌបានប្រាប់អ៊ីតថាយថា៖ «ចូរឆ្លងទៅ»ជ្រលងគីដ្រុនចុះ។ ដូច្នេះ «អ៊ីតថាយជាអ្នកក្រុងកាថក៏ឆ្លងទៅជាមួយនឹងបុរសទាំងអស់របស់គាត់ ព្រមទាំងកូនចៅរបស់បុរសទាំងនោះ»។—២សាំ. ១៥:២២
«បានត្រូវសរសេរទុកដើម្បីណែនាំយើង»
រ៉ូម ១៥:៤ ចែងថា៖ «អ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកជាមុន បានត្រូវសរសេរទុកដើម្បីណែនាំយើង»។ ដូច្នេះ តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់អ៊ីតថាយ? សូមពិចារណាអំពីអ្វីដែលប្រហែលជាបានជំរុញចិត្តគាត់ឲ្យមានភក្ដីភាពចំពោះដាវីឌ។ ទោះជាគាត់ជាជនបរទេសនិងជានិរទេសជនពីស្រុកភីលីស្ទីនក៏ដោយ អ៊ីតថាយទទួលស្គាល់ថាព្រះយេហូវ៉ាជាព្រះពិត ហើយថាដាវីឌជាស្ដេចដែលព្រះយេហូវ៉ាបានរើសតាំង។ អ៊ីតថាយមិនបានផ្ដោតអារម្មណ៍ទៅលើបញ្ហារវាងជនជាតិអ៊ីស្រាអែលនិងជនជាតិភីលីស្ទីនទេ។ គាត់មិនគ្រាន់តែគិតថាដាវីឌគឺជាបុគ្គលម្នាក់ដែលបានសម្លាប់កូលីយ៉ាតដែលជាបុរសខ្លាំងក្លាម្នាក់របស់ជនជាតិភីលីស្ទីន និងជនរួមជាតិរបស់គាត់ប៉ុណ្ណោះទេ។ (១សាំ. ១៨:៦, ៧) ប៉ុន្តែ អ៊ីតថាយច្បាស់ជាបានឃើញគុណសម្បត្តិដ៏ល្អរបស់ដាវីឌ ហើយដឹងថាគាត់ជាបុរសម្នាក់ដែលស្រឡាញ់ព្រះយេហូវ៉ា។ ដូច្នេះ ដាវីឌមានការគោរពយ៉ាងខ្លាំងចំពោះអ៊ីតថាយ ហើយគាត់បានដាក់កងទ័ពមួយកងក្នុងចំណោមបីកងរបស់គាត់«ក្រោមការគ្រប់គ្រងរបស់អ៊ីតថាយ»ក្នុងចំបាំងជាមួយនឹងអាប់សាឡំ!—២សាំ. ១៨:២
យើងក៏គួរព្យាយាមមិនផ្ដោតអារម្មណ៍ទៅលើវប្បធម៌ ឬជាតិសាសន៍របស់អ្នកឯទៀត ហើយយកឈ្នះការរើសអើងចំពោះពួកគេដោយកត់សម្គាល់គុណសម្បត្តិល្អៗដែលគេមានដែរ។ ចំណងមិត្តភាពរវាងដាវីឌនិងអ៊ីតថាយបង្ហាញថា ការស្គាល់និងស្រឡាញ់ព្រះយេហូវ៉ាអាចជួយយើងឲ្យយកឈ្នះឧបសគ្គទាំងនេះ។
ពេលដែលយើងរំពឹងគិតអំពីគំរូរបស់អ៊ីតថាយ យើងអាចសួរខ្លួនឯងថា ‹តើខ្ញុំបង្ហាញភក្ដីភាពដ៏មុតមាំចំពោះដាវីឌដ៏ឧត្តមគឺគ្រិស្តយេស៊ូឬទេ? តើខ្ញុំបង្ហាញភក្ដីភាពដោយចូលរួមកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រ និងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូដោយខ្នះខ្នែងឬទេ?›។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ‹តើខ្ញុំនឹងខំប្រឹងយ៉ាងណាដើម្បីបង្ហាញភក្ដីភាពរបស់ខ្ញុំ?›។
មេគ្រួសារអាចទទួលប្រយោជន៍ដោយរំពឹងគិតអំពីគំរូរបស់អ៊ីតថាយស្ដីអំពីការមានភក្ដីភាព។ ភក្ដីភាពរបស់គាត់ចំពោះដាវីឌនិងការសម្រេចចិត្តទៅតាមស្ដេចដែលព្រះបានរើសតាំងបានជះឥទ្ធិពលទៅលើពួកបុរសរបស់គាត់។ ស្រដៀងគ្នាដែរ ពេលដែលមេគ្រួសារធ្វើការសម្រេចចិត្តផ្សេងៗដើម្បីគាំទ្រការគោរពប្រណិប័តន៍ពិត នេះមានឥទ្ធិពលទៅលើក្រុមគ្រួសាររបស់គាត់ ហើយប្រហែលជាអាចនាំឲ្យមានការពិបាកអស់មួយរយៈពេលដែរ។ ប៉ុន្តែគម្ពីរធានាថា៖ «[ព្រះយេហូវ៉ា]បង្ហាញភក្ដីភាពចំពោះអ្នកដែលមានភក្ដីភាព»។—ចសព. ១៨:២៥
ក្រោយដាវីឌច្បាំងជាមួយអាប់សាឡំ គម្ពីរមិនបាននិយាយអ្វីថែមទៀតអំពីអ៊ីតថាយនោះទេ។ ប៉ុន្តែ បណ្ដាំរបស់ព្រះបានបង្ហើបឲ្យយើងឃើញនូវលក្ខណៈរបស់គាត់ក្នុងអំឡុងពេលដ៏ពិបាកបំផុតក្នុងជីវិតរបស់ដាវីឌ។ ការដែលកំណត់ហេតុរបស់អ៊ីតថាយបានត្រូវរួមបញ្ចូលក្នុងគម្ពីរក្រោមការដឹកនាំរបស់ព្រះ នេះបង្ហាញថាព្រះយេហូវ៉ាកត់សម្គាល់និងផ្ដល់រង្វាន់ដល់អស់អ្នកដែលមានភក្ដីភាពបែបនេះ។—ហេ. ៦:១០