ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2022 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី៦-១២ ខែមីនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី១ ២៣–២៦
«ការគោរពប្រណិប័តន៍នៅវិហារបានត្រូវរៀបចំឡើងដោយមានរបៀបរៀបរយ»
it-2-E ទំ.២៤១
ពួកលេវី
នៅក្រោមការដឹកនាំរបស់ដាវីឌ កិច្ចការរបស់ពួកលេវីបានត្រូវរៀបចំឡើយដោយមានរបៀបរៀបរយ។ ដាវីឌបានចាត់ចែងឲ្យមានអ្នកមើលការខុសត្រូវលើកិច្ចការក្នុងវិហារ ឲ្យមានមន្ត្រី អ្នកសម្រេចក្ដី អ្នកយាមទ្វារ និងអ្នកមើលការខុសត្រូវលើឃ្លាំងវិហារ។ គាត់ក៏បានរៀបចំឲ្យមានជំនួយការជាច្រើននាក់ទៀតដើម្បីជួយពួកសង្ឃមើលការខុសត្រូវនៅវិហារ ទីធ្លា បន្ទប់បរិភោគអាហារដែលទាក់ទងនឹងគ្រឿងបូជា ហើយឲ្យសម្អាតរបស់របរបរិសុទ្ធទាំងអស់ ជួយវាស់អ្វីផ្សេងៗ និងធ្វើកិច្ចការឯទៀត។ ពួកលេវីដែលមានភារកិច្ចលេងភ្លេងបានត្រូវបែងចែកជា២៤ក្រុម ស្រដៀងនឹងក្រុមពួកសង្ឃដែរ ហើយពួកគេបានបម្រើតាមវេនរបស់ខ្លួន។ មុខងាររបស់ពួកគេបានត្រូវសម្រេចដោយការចាប់ឆ្នោត។ ក្រុមអ្នកយាមទ្វារក៏បានចាប់ឆ្នោតដើម្បីទទួលមុខងាររៀងៗខ្លួនដែរ។—១ប្រ. ២៣; ២៥; ២៦; ២ប្រ. ៣៥:៣-៥, ១០
it-2-E ទំ.៦៨៦
ពួកសង្ឃ
ដើម្បីសម្រេចកិច្ចការនៅវិហារ ពួកសង្ឃត្រូវមើលការខុសត្រូវទៅលើកិច្ចការផ្សេងៗ។ ពួកគេចាប់ឆ្នោតដើម្បីទទួលបានភារកិច្ចរបស់ខ្លួន។ ពួកលេវីបានត្រូវបែងចែកជា២៤ក្រុម ហើយក្រុមទាំងនោះប្ដូរវេនគ្នាជារៀងរាល់សប្ដាហ៍ដើម្បីបម្រើនៅវិហារ។ ក្រុមនីមួយៗអាចបម្រើពីរដងក្នុងមួយឆ្នាំ។ ជាក់ស្ដែងពួកសង្ឃទាំងអស់ត្រូវបម្រើនៅវិហារពេលមានបុណ្យផ្សេងៗ ដោយសារនៅពេលនោះ មនុស្សរាប់ពាន់នាក់បានមកជូនគ្រឿងបូជាជាច្រើន ដូចពួកគេបានធ្វើនៅពិធីសម្ពោធវិហារ។ (១ប្រ. ២៤:១-១៨, ៣១; ២ប្រ. ៥:១១; ២៩:៣១-៣៥; ៣០:២៣-២៥; ៣៥:១០-១៩) ពួកសង្ឃអាចបម្រើនៅពេលផ្សេងទៀតក៏បានបើនេះមិនប៉ះពាល់ដល់កិច្ចការរបស់សង្ឃឯទៀតដែលកំពុងបំពេញភារកិច្ចតាមវេនរបស់គាត់។ យោងទៅតាមទំនៀមទម្លាប់របស់ពួករ៉ាប៊ី នៅសម័យលោកយេស៊ូមានពួកសង្ឃច្រើនដល់ម្ល៉េះបានជាភារកិច្ចក្នុងមួយសប្ដាហ៍សម្រាប់ក្រុមនីមួយៗបានត្រូវបែងចែកតាមគ្រួសារវិញ។ ដូច្នេះក្រុមគ្រួសារមួយអាចបម្រើនៅវិហារតែមួយថ្ងៃឬពីរថ្ងៃប៉ុណ្ណោះ ហើយនេះគឺស្រេចទៅលើចំនួននៃសមាជិកក្រុមគ្រួសាររបស់ពួកគេ។
it-2-E ទំ.៤៥១-៤៥២
តន្ត្រី
ពេលដាវីឌរៀបចំវិហាររបស់ព្រះយេហូវ៉ា គាត់បានចាត់ពួកលេវី៤.០០០នាក់ឲ្យបម្រើព្រះយេហូវ៉ាដោយច្រៀងចម្រៀង។ (១ប្រ. ២៣:៤, ៥) ក្នុងចំណោមពួកគេ មាន២៨៨នាក់ដែលបាន«ទទួលការបង្ហាត់បង្រៀនឲ្យច្រៀងយ៉ាងពីរោះជូនព្រះយេហូវ៉ា»។ (១ប្រ. ២៥:៧) ការរៀបចំនេះគឺនៅក្រោមការដឹកនាំរបស់អ្នកលេងភ្លេងដ៏ជំនាញបីនាក់គឺអេសាភ ហេម៉ាន និងយេឌូថិន (ដែលត្រូវគេស្គាល់ថាអ៊ីថាន)។ ដោយសារពួកគេម្នាក់ៗជាកូនចៅរបស់កូនប្រុសបីនាក់របស់លេវី គឺគើសោម កូហាត និងមេរេរ៉ាយ ដូច្នេះពួកគេមានភារកិច្ចចាត់ចែងកិច្ចការលេងភ្លេងនៅវិហារ។ (១ប្រ. ៦:១៦, ៣១-៣៣, ៣៩-៤៤; ២៥:១-៦) កូនប្រុសៗរបស់ពួកគេទាំង៣មានទាំងអស់២៤នាក់ ហើយ២៤នាក់នោះនៅក្នុងចំណោមពួកលេវី២៨៨នាក់ដែលពូកែលេងភ្លេង ដែលបានត្រូវរៀបរាប់នៅខាងលើ។ ដោយការចាប់ឆ្នោត កូនប្រុសម្នាក់ៗបានក្លាយទៅជាអ្នកដឹកនាំក្រុមលេងភ្លេង។ ក្នុងមួយក្រុមៗមាន«អ្នកជំនាញខាងចម្រៀង»១១នាក់ទៀតដែលបានត្រូវជ្រើសរើសពីក្រុមគ្រួសារពួកគេនិងពួកលេវីឯទៀត។ ដោយរបៀបនេះ ពួកលេវីដែលពូកែលេងភ្លេងដែលមាន២៨៨នាក់ ([១ + ១១] × ២៤ = ២៨៨) បានត្រូវបែងចែកជា២៤ក្រុមដូចពួកសង្ឃដែរ។ បើសិនពួក«អ្នកមិនទាន់ស្ទាត់ជំនាញ»ចំនួន៣.៧១២នាក់បានត្រូវបែងចែកជា២៤ក្រុម នោះនឹងមានពួកបុរសចំនួន១៥៥នាក់ជាងក្នុងក្រុមនីមួយៗ។ នេះមានន័យថាអ្នកជំនាញខាងចម្រៀងម្នាក់ៗបានដឹកនាំអ្នកដែលមិនទាន់ស្ទាត់ជំនាញជាង១៣នាក់ដែលនៅក្នុងក្រុមរបស់ពួកគេ។ (១ប្រ. ២៥:១-៣១) ដោយសារអ្នកផ្លុំត្រែគឺជាពួកសង្ឃ ដូច្នេះចំនួនអ្នកផ្លុំត្រែបានត្រូវរាប់បន្ថែមពីលើចំនួនក្រុមចម្រៀងពួកលេវី។—២ប្រ. ៥:១២; សូមពិនិត្យបន្ថែម ជប. ១០:៨
it-1-E ទំ. ៨៩៨
អ្នកយាមទ្វារ
ខាងក្នុងវិហារ។ មុនពេលស្ដេចដាវីឌស្លាប់ គាត់បានរៀបចំពួកលេវីនិងអស់អ្នកដែលត្រូវបំពេញភារកិច្ចក្នុងវិហារយ៉ាងហ្មត់ចត់ ហើយនេះក៏រួមបញ្ចូលអ្នកយាមទ្វារដែលមានចំនួន៤.០០០នាក់ដែរ។ រាល់ដងដែលក្រុមរបស់ពួកគេមកបំពេញភារកិច្ច នេះគឺអស់រយៈពេល៧ថ្ងៃ។ ពួកគេមានតួនាទីយាមវិហាររបស់ព្រះយេហូវ៉ា ហើយបើកនិងបិទទ្វារតាមពេលត្រឹមត្រូវ។ (១ប្រ. ៩:២៣-២៧; ២៣:១-៦) ក្រៅពីភារកិច្ចយាមទ្វារ ពួកគេខ្លះក៏មានតួនាទីមើលថែវិភាគទានដែលបណ្ដាជនផ្ដល់ឲ្យសម្រាប់ប្រើប្រាស់នៅឯវិហារផងដែរ។ (២បស. ១២:៩; ២២:៤) នៅពេលក្រោយមក ពេលយេហូយ៉ាដាដែលជាសម្ដេចសង្ឃបានតែងតាំងយេហូអាសឲ្យធ្វើជាស្ដេច គាត់បានតែងតាំងអ្នកយាមពិសេសនៅទ្វារវិហារឲ្យការពារយេហូអាសដែលជាស្ដេចវ័យកក្មេង ពីម្ចាស់ក្សត្រីអាថាលៀដែលព្យាយាមដណ្ដើមយកអំណាច។ (២បស. ១១:៤-៨) នៅពេលស្ដេចយ៉ូសៀសបំផ្លាញកន្លែងគោរពប្រណិប័តន៍ព្រះមិនពិត អ្នកយាមទ្វារវិហារបានជួយរុះរើប្រដាប់ប្រដាសម្រាប់គោរពបូជាព្រះបាលចេញពីវិហាររបស់ព្រះយេហូវ៉ា។ ពួកគេបានយកប្រដាប់ប្រដាទាំងនោះទៅដុតចោលនៅក្រៅក្រុង។—២បស. ២៣:៤
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
តើព្រះមានអង្គការដែរឬទេ?
w១១-E ១/៦ ទំ.១៤-១៥
គ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានត្រូវរៀបចំយ៉ាងមានរបៀបរៀបរយ
ដោយសារចិត្តខ្នះខ្នែងក្នុងកិច្ចផ្សព្វផ្សាយរបស់ពួកសាវ័កនិងអស់អ្នកកាន់តាមលោកយេស៊ូ ក្រុមជំនុំគ្រិស្តសាសនិកបានត្រូវរៀបចំឡើងនៅតំបន់ជាច្រើននៃទ្វីបអាស៊ី និងទ្វីបអឺរ៉ុបនៅសតវត្សរ៍ទី១។ ទោះបីជាក្រុមជំនុំទាំងអស់នោះមិននៅជិតគ្នាក្ដី តែពួកគេមិនបានផ្ដាច់ខ្លួនពីក្រុមជំនុំឯទៀតឬធ្វើឯករាជ្យដោយខ្លួនឯងទោះទេ។ ផ្ទុយទៅវិញ ពួកគេមានរបៀបរៀបចំយ៉ាងត្រឹមត្រូវ ហើយពួកគេបានទទួលប្រយោជន៍ពីការមើលថែដោយសេចក្ដីស្រឡាញ់ពីពួកសាវ័ក។ ជាឧទាហរណ៍ សាវ័កប៉ូលបានចាត់ទីតុសឲ្យទៅកោះក្រេត«ដើម្បី . . . កែតម្រូវអ្វីដែលខុស»នៅទីនោះ។ (ទីតុស ១:៥) ប៉ូលក៏បានសរសេរសំបុត្រផ្ញើទៅកាន់ក្រុមជំនុំកូរិនថូសដើម្បីបញ្ជាក់ថាពួកគេ«ម្នាក់ៗក្នុងក្រុមជំនុំមានតួនាទី»ផ្សេងៗ។ (កូរិនថូសទី១ ១២:២៨) ប៉ុន្តែ តើអ្នកណាជាអ្នកចាត់ចែងតួនាទីឲ្យពួកគេ? ប៉ូលបាននិយាយថា«ព្រះបានផ្គុំរូបកាយ»ឬជាអ្នករៀបចំក្រុមជំនុំទាំងនោះ។—កូរិនថូសទី១ ១២:២៤
ពួកអ្នកត្រួតពិនិត្យដែលបានត្រូវតែងតាំងក្នុងក្រុមជំនុំគ្រិស្តសាសនិក មិនមែនជាចៅហ្វាយលើបងប្អូនឯទៀតក្នុងក្រុមជំនុំនោះទេ។ ផ្ទុយទៅវិញ ពួកគេជា«អ្នករួមការងារ»ដែលធ្វើតាមការណែនាំពីព្រះតាមរយៈឫទ្ធានុភាពបរិសុទ្ធ ហើយពួកគេជា«គំរូដល់ហ្វូងចៀម»ឯទៀត។ (កូរិនថូសទី២ ១:២៤; ពេត្រុសទី១ ៥:២, ៣) លោកយេស៊ូគ្រិស្តដែលបានត្រូវប្រោសឲ្យរស់ឡើងវិញគឺជា«ប្រមុខនៃក្រុមជំនុំ» មិនមែនជាមនុស្សណាម្នាក់ ឬក្រុមមនុស្សមិនល្អឥតខ្ចោះណាមួយឡើយ។—អេភេសូរ ៥:២៣
នៅពេលដែលក្រុមជំនុំកូរិនថូសដោះស្រាយបញ្ហាតាមរបៀបដែលខុសគ្នាឆ្ងាយពីរបៀបដែលក្រុមជំនុំឯទៀតធ្វើ នោះសាវ័កប៉ូលបានសរសេរថា៖ «តើប្រសាសន៍របស់ព្រះបានផ្ដើមចេញពីអ្នករាល់គ្នាឬ? ឬក៏មានតែអ្នករាល់គ្នាប៉ុណ្ណោះដែលបានទទួលប្រសាសន៍របស់ព្រះ?»។ (កូរិនថូសទី១ ១៤:៣៦) ប៉ូលបានប្រើសំណួរយ៉ាងប៉ិនប្រសប់នេះដើម្បីកែតម្រង់របៀបគិតគូរ និងជួយពួកគេឲ្យយល់ថាពួកគេមិនត្រូវធ្វើតាមចិត្តគំនិតរបស់ខ្លួនឡើយ។ ក្រុមជំនុំបានរីកចម្រើនពេលដែលពួកគេធ្វើតាមការណែនាំរបស់ពួកសាវ័ក។—សកម្មភាព ១៦:៤, ៥
ការបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះ
ចុះយ៉ាងណានៅសព្វថ្ងៃនេះ? មនុស្សខ្លះមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការរួមចំណែកជាមួយអង្គការសាសនាណាមួយ។ ទោះជាយ៉ាងនោះក្ដី គម្ពីរមានភ័ស្តុតាងដែលបង្ហាញថា ព្រះតែងតែប្រើអង្គការមួយដើម្បីសម្រេចគោលបំណងរបស់លោក។ លោកបានរៀបចំអ្នកគោរពប្រណិប័តន៍របស់លោកនៅស្រុកអ៊ីស្រាអែលសម័យបុរាណ ហើយលោកក៏បានរៀបចំការគោរពប្រណិប័តន៍ពិតសម្រាប់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ផងដែរ។
ដូច្នេះតើជាការត្រឹមត្រូវឲ្យយើងគិតថាព្រះយេហូវ៉ានៅតែបន្តដឹកនាំរាស្ត្ររបស់លោក ដូចដែលលោកធ្លាប់ធ្វើនៅអតីតកាលដែរឬទេ? ពិតមែន ការរៀបចំនិងការបង្រួបបង្រួមអ្នកគោរពប្រណិប័តន៍របស់លោកគឺជារបៀបដែលលោកបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាកំពុងប្រើអង្គការរបស់លោកដើម្បីសម្រេចគោលបំណងរបស់លោកចំពោះមនុស្សជាតិ។ តើយើងអាចសម្គាល់អង្គការរបស់ព្រះបានយ៉ាងដូចម្ដេច? សូមពិចារណាលក្ខណៈដូចខាងក្រោមនេះ។
▪ គ្រិស្តសាសនិកពិតបានត្រូវរៀបចំឡើងដើម្បីសម្រេចកិច្ចការមួយ។ (ម៉ាថាយ ២៤:១៤; ធីម៉ូថេទី១ ២:៣, ៤) លោកយេស៊ូបានបង្គាប់អស់អ្នកកាន់តាមលោកឲ្យផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះដល់គ្រប់ប្រជាជាតិ ហើយកិច្ចការនេះនឹងមិនអាចសម្រេចបានឡើយបើសិនជាគ្មានការរៀបចំឲ្យមានអង្គការអន្តរជាតិមួយ។ ជាឧទាហរណ៍ អ្នកអាចផ្ដល់អាហារឲ្យមនុស្សម្នាក់បានយ៉ាងងាយស្រួលដោយខ្លួនអ្នកផ្ទាល់ ប៉ុន្តែបើសិនជាអ្នកត្រូវផ្ដល់អាហារដល់មនុស្សរាប់ពាន់លាននាក់ អ្នកច្បាស់ជាត្រូវការមនុស្សមួយក្រុមដែលបានត្រូវរៀបចំឡើងយ៉ាងល្អ ហើយសហការគ្នា។ ដើម្បីបំពេញភារកិច្ចរបស់ពួកគេ គ្រិស្តសាសនិកពិតត្រូវ«គោរពប្រណិប័តន៍[ព្រះ]ដោយសាមគ្គីភាព»។ (សេផានា ៣:៩) តើកិច្ចការអន្តរជាតិដ៏ធំមួយនេះអាចសម្រេចបានដោយគ្មានអង្គការមួយដែលសហការគ្នា និងសាមគ្គីភាពបានដែរឬទេ? ពិតណាស់គឺត្រូវតែមាន។
▪ គ្រិស្តសាសនិកពិតបានរៀបចំឡើងដើម្បីគាំទ្រនិងលើកទឹកចិត្តគ្នាទៅវិញទៅមក។ បើបុគ្គលម្នាក់ឡើងភ្នំម្នាក់ឯង គាត់អាចសម្រេចចិត្តថាគាត់ចង់ឡើងភ្នំមួយណា ហើយគាត់មិនចាំបាច់គិតអំពីអ្នកឯទៀតនោះទេ។ ប៉ុន្តែបើសិនជាគាត់មានគ្រោះថ្នាក់ឬជួបការពិបាកណាមួយ នោះគ្មានអ្នកណាអាចជួយគាត់ទេ។ ការនៅដាច់ឆ្ងាយពីអ្នកឯទៀតគឺមិនឈ្លាសវៃឡើយ។ (សុភាសិត ១៨:១) ដើម្បីធ្វើតាមបញ្ញត្តិរបស់លោកយេស៊ូ គ្រិស្តសាសនិកត្រូវតែជួយនិងគាំទ្រគ្នាទៅវិញទៅមក។ (ម៉ាថាយ ២៨:១៩, ២០) ក្រុមជំនុំគ្រិស្តសាសនិកផ្ដល់ការណែនាំពីគម្ពីរ ការបង្ហាត់បង្រៀន និងការលើកទឹកចិត្តដែលយើងត្រូវការដើម្បីឲ្យយើងទាំងអស់គ្នាបន្តឈានទៅមុខ និងមិនឈប់ព្យាយាម។ តើបុគ្គលម្នាក់អាចទទួលការណែនាំពីព្រះយេហូវ៉ាបានយ៉ាងដូចម្ដេច បើគ្មានកិច្ចប្រជុំគ្រិស្តសាសនិក?—ហេប្រឺ ១០:២៤, ២៥
▪ គ្រិស្តសាសនិកពិតបានរៀបចំឡើងដើម្បីបម្រើព្រះដោយសាមគ្គីភាព។ ក្នុងនាមជាចៀមដែលស្ដាប់សំឡេងរបស់លោកយេស៊ូ ពួកគេក្លាយទៅជា«ហ្វូងតែមួយ»ក្រោមការដឹកនាំរបស់លោក។ (យ៉ូហាន ១០:១៦) ពួកគេមិនបានខ្ចាត់ខ្ចាយក្នុងចំណោមវិហារផ្សេងៗ ហើយពួកគេក៏មិនបានបែកបាក់គ្នាដោយសារមានសេចក្ដីបង្រៀនខុសគ្នាឡើយ។ តែផ្ទុយទៅវិញ ពួកគេ«និយាយដូចគ្នា»។ (កូរិនថូសទី១ ១:១០) ដើម្បីមានសាមគ្គីភាពយើងត្រូវការសណ្ដាប់ធ្នាប់ ហើយដើម្បីមានសណ្ដាប់ធ្នាប់គឺត្រូវការការរៀបចំ។ មានតែអង្គការដែលគោរពប្រណិប័តន៍ព្រះដោយសាមគ្គីភាពទេដែលអាចទទួលពរពីព្រះបាន។—ចម្រៀងសរសើរព្រះ ១៣៣:១, ៣
សេចក្ដីស្រឡាញ់ពិតប្រាកដចំពោះព្រះនិងសេចក្ដីពិតពីគម្ពីរបានទាក់ទាញមនុស្សរាប់លាននាក់ឲ្យចូលក្នុងអង្គការដែលមានលក្ខណៈដូចខាងលើនេះដែលមានមូលដ្ឋានលើគម្ពីរ។ សាក្សីព្រះយេហូវ៉ាជាអង្គការមួយដែលមានរបៀបរាបរយនិងសាមគ្គីភាព ព្យាយាមធ្វើតាមគោលបំណងរបស់ព្រះ។ ពួកគេជឿជាក់លើសេចក្ដីសន្យារបស់លោកដែលថា៖ «ខ្ញុំនឹងអាស្រ័យនៅក្នុងចំណោមពួកគេ ក៏នឹងដើរក្នុងចំណោមពួកគេ ហើយខ្ញុំនឹងធ្វើជាព្រះរបស់ពួកគេ ឯពួកគេនឹងធ្វើជារាស្ដ្ររបស់ខ្ញុំ»។ (កូរិនថូសទី២ ៦:១៦) អ្នកក៏អាចទទួលពរដ៏អស្ចារ្យនេះដែរបើអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយនឹងអង្គការរបស់លោក។
ថ្ងៃទី១៣-១៩ ខែមីនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w១៧.០៣ ទំ.២៩ វ.៦-៧
ការធ្វើជាមិត្តល្អក្នុងស្ថានភាពពិបាក
ដាវីឌមានមិត្តឯទៀតដែលស្មោះត្រង់នឹងគាត់នៅគ្រាលំបាក។ មិត្តម្នាក់របស់គាត់គឺហ៊ូសាយ ដែលគម្ពីរហៅថា៖ «សម្លាញ់របស់ដាវីឌ»។ (២សាំ. ១៦:១៦; ១ប្រ. ២៧:៣៣) គាត់ប្រហែលជាមន្ត្រីម្នាក់ដែលជាមិត្តជិតស្និទ្ធរបស់ស្ដេចដាវីឌ ហើយជាអ្នកដែលធ្វើកិច្ចការសំខាន់របស់ស្ដេច។
ពេលអាប់សាឡំដែលជាកូនរបស់ដាវីឌព្យាយាមដណ្ដើមរាជ្យ ពួកអ៊ីស្រាអែលជាច្រើននាក់ទៅតាមគាត់ ប៉ុន្តែហ៊ូសាយមិនបានធ្វើដូច្នេះទេ។ ពេលដាវីឌកំពុងរត់ភៀសខ្លួន ហ៊ូសាយទៅជួបគាត់។ ដាវីឌឈឺចិត្តណាស់ដោយសារកូនរបស់គាត់និងមនុស្សដែលគាត់ទុកចិត្តបានក្បត់គាត់។ ប៉ុន្តែ ហ៊ូសាយនៅស្មោះត្រង់ ហើយគាត់ជាបុគ្គលម្នាក់ដែលហ៊ានប្រថុយជីវិតដើម្បីទៅបង្ខូចគម្រោងការរបស់ពួកបះបោរ។ ហ៊ូសាយមិនបានធ្វើដូច្នេះដោយសារគាត់គិតថានេះគឺជាកាតព្វកិច្ចរបស់មន្ត្រីប៉ុណ្ណោះទេ។ តែគាត់បានបង្ហាញថាគាត់គឺជាមិត្តដ៏ស្មោះត្រង់។—២សាំ. ១៥:១៣-១៧, ៣២-៣៧; ១៦:១៥–១៧:១៦
ថ្ងៃទី២០-២៦ ខែមីនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី២ ១-៤
«ស្ដេចសាឡូម៉ូនធ្វើការសម្រេចចិត្តមិនឈ្លាសវៃ»
it-1-E ទំ.១៧៤ វ.៥
កងទ័ព
ក្រោមការគ្រប់គ្រងរបស់សាឡូម៉ូន កងទ័ពជនជាតិអ៊ីស្រាអែលបានកើនឡើង។ ការគ្រប់គ្រងរបស់គាត់គឺមានសន្តិភាពបើប្រៀបធៀបជាមួយនឹងការគ្រប់គ្រងរបស់ស្ដេចឯទៀត ប៉ុន្តែគាត់នៅតែប្រមូលសេះនិងរទេះចម្បាំងថែមទៀត។ ភាគច្រើនសេះទាំងនេះបានត្រូវដឹកជញ្ជូននិងទិញមកពីស្រុកអេហ្ស៊ីប។ ទីក្រុងជាច្រើនបានត្រូវសាងសង់ឡើងនៅគ្រប់តំបន់ដើម្បីរក្សាទុកសេះនិងគ្រឿងចម្បាំងទាំងនេះ។ (១បស. ៤:២៦; ៩:១៩; ១០:២៦, ២៩; ២ប្រ. ១:១៤-១៧) ទោះជាដូច្នោះក្ដី ព្រះយេហូវ៉ាមិនបានផ្ដល់ពរចំពោះការខំប្រឹងរបស់សាឡូម៉ូនក្នុងការពង្រីកកងទ័ពរបស់គាត់ឡើយ ហើយកងទ័ពជនជាតិអ៊ីស្រាអែលចាប់ផ្ដើមថយចុះក្រោយសាឡូម៉ូនស្លាប់និងក្រោយរាជាណាចក្ររបស់គាត់បានត្រូវបែងចែក។ នេះដូចអ្វីដែលអេសាយបានសរសេរក្រោយមកថា៖ «វេទនាហើយ! អស់អ្នកដែលធ្វើដំណើរទៅសុំជំនួយពីស្រុកអេហ្ស៊ីប គឺអស់អ្នកដែលពឹងផ្អែកលើកម្លាំងសេះ ជាអស់អ្នកដែលទុកចិត្តលើរទេះចម្បាំងដែលមានចំនួនច្រើន ហើយទុកចិត្តលើទ័ពសេះដែលខ្លាំងក្លា។ អ្នកទាំងនោះមិនបានពឹងផ្អែកលើព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលទេ ហើយពួកគេមិនបានស្វែងរកព្រះយេហូវ៉ាឡើយ»។—អេ. ៣១:១
it-1-E ទំ.៤២៧
រទេះចម្បាំង
ស្រុកអ៊ីស្រាអែលមិនធ្លាប់មានរទេះចម្បាំងច្រើននោះទេ រហូតដល់សម័យសាឡូម៉ូន ដោយសារព្រះព្រមានបណ្ដាស្ដេចមិនឲ្យប្រមូលសេះយ៉ាងច្រើនឡើយ។ សន្តិភាពនៃស្រុកអ៊ីស្រាអែលគឺមិនអាស្រ័យទៅលើទ័ពសេះទាំងនោះទេ។ ហេតុនេះហើយ ការដាក់កម្រិតទៅលើចំនួនសេះមានន័យថាកងទ័ពអ៊ីស្រាអែលមិនសូវមានរទេះចម្បាំងទេ។ (បច. ១៧:១៦) សាំយូអែលបានព្រមានថាស្ដេចដែលជាមនុស្សនឹងធ្វើបាបបណ្ដាជនដោយដាក់បន្ទុកលើពួកគេ ពេលដែលគាត់ប្រាប់ថា៖ «ស្ដេចនឹងយកកូនប្រុសៗរបស់អ្នក ឲ្យធ្វើជាទាហានរទេះចម្បាំង»។ (១សាំ. ៨:១១) ពេលអាប់សាឡំនិងអាដូនីយ៉ាព្យាយាមដណ្ដើមយកតំណែងជាស្ដេច ពួកគេបានជិះលើរទេះចម្បាំង ហើយចាត់បុរស៥០នាក់ឲ្យរត់នៅពីមុខរទេះចម្បាំងនោះ។ (២សាំ. ១៥:១; ១បស. ១:៥) ពេលដាវីឌបានវាយឈ្នះស្ដេចស្រុកសូបា គាត់បានទុកសេះចំនួន១០០ក្បាលប៉ុណ្ណោះ។—២សាំ. ៨:៣, ៤; ១០:១៨
នៅពេលស្ដេចសាឡូម៉ូនពង្រីកកងទ័ពជនជាតិអ៊ីស្រាអែល គាត់បានបង្កើនចំនួនរទេះសេះរហូតដល់១.៤០០គ្រឿង។ (១បស. ១០:២៦, ២៩; ២ប្រ. ១:១៤, ១៧) បន្ថែមទៅទៀតក្រុងយេរូសាឡិមនិងក្រុងឯទៀតបានត្រូវគេស្គាល់ថាជាក្រុងដែលមានកន្លែងពិសេសជាច្រើនដើម្បីថែរក្សាគ្រឿងចម្បាំងទាំងអស់នេះ។—១បស. ៩:១៩, ២២; ២ប្រ. ៨:៦, ៩; ៩:២៥
ថ្ងៃទី២៧ ខែមីនា–ថ្ងៃទី២ ខែមេសា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី២ ៥-៧
«ខ្ញុំនឹងថែរក្សាការពារវិហារនេះជានិច្ច»
w០២-E ១៥/១១ ទំ.៥ វ.១
កុំឈប់ចូលរួមកិច្ចប្រជុំជាមួយបងប្អូនឯទៀត
ក្រោយពីដាវីឌបានក្លាយទៅជាស្ដេចក្នុងក្រុងយេរូសាឡិម គាត់បានបង្ហាញថាគាត់ចង់សង់វិហារជូនព្រះយេហូវ៉ាយ៉ាងខ្លាំង។ ដោយសារដាវីឌជាអ្នកចម្បាំង ដូច្នេះព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ «អ្នកមិនអាចសង់វិហារសម្រាប់នាមខ្ញុំបានទេ»។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាបានជ្រើសរើសសាឡូម៉ូនដែលជាកូនប្រុសរបស់ដាវីឌឲ្យសង់វិហារជូនលោក។ (ប្រវត្តិហេតុទី១ ២២:៦-១០) សាឡូម៉ូនបានសម្ពោធវិហារនៅឆ្នាំ១០២៦មុនគ.ស. ក្រោយពីបានសាងសង់អស់រយៈពេល៧ឆ្នាំកន្លះ។ ព្រះយេហូវ៉ាបានបង្ហាញការពេញចិត្តចំពោះវិហារនេះដោយមានប្រសាសន៍ថា៖ «ខ្ញុំក៏បានញែកវិហារដែលអ្នកបានសាងសង់នេះទុកជាបរិសុទ្ធសម្រាប់នាមខ្ញុំនៅទីនេះរហូតតទៅ ហើយខ្ញុំនឹងថែរក្សាការពារវិហារនេះជានិច្ច»។ (បណ្ដាស្ដេចទី១ ៩:៣) ដរាបណាដែលជនជាតិអ៊ីស្រាអែលនៅបន្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា នោះលោកក៏នឹងបន្តពេញចិត្តចំពោះវិហារនោះដែរ។ ប៉ុន្តែបើសិនជាពួកគេលែងស្មោះត្រង់ ព្រះយេហូវ៉ានឹងលែងពេញចិត្តចំពោះវិហារនេះតទៅទៀត ហើយ«វិហារនេះនឹងទៅជាគំនរបាក់បែក»។—បណ្ដាស្ដេចទី១ ៩:៤-៩; ប្រវត្តិហេតុទី២ ៧:១៦, ១៩, ២០
it-2-E ទំ.១០៧៧-១០៧៨
វិហារ
ប្រវត្តិសាស្ត្រ។ វិហារនៅបន្តមានរហូតដល់ឆ្នាំ៦០៧មុនគ.ស. ហើយក្រោយមកបានត្រូវបំផ្លាញដោយពួកទាហានបាប៊ីឡូនក្រោមបង្គាប់របស់ស្ដេចនេប៊ូក្នេសា។ (២បស. ២៥:៩; ២ប្រ. ៣៦:១៩; យេ. ៥២:១៣) ដោយសារពួកអ៊ីស្រាអែលបានបែរទៅគោរពប្រណិប័តន៍ព្រះមិនពិត នោះព្រះយេហូវ៉ាអនុញ្ញាតឲ្យប្រជាជាតិនានាវាយលុកពួកយូដានិងក្រុងយេរូសាឡិម ហើយជួនកាលប្រជាជាតិទាំងនោះក៏បានប្លន់យកទ្រព្យសម្បត្តិពីវិហារផងដែរ។ មិនតែប៉ុណ្ណោះ មានពេលខ្លះទៀតដែលវិហារបានត្រូវគេទុកចោល។ ស្ដេចស៊ីសាក់នៃស្រុកអេហ្ស៊ីបបានប្លន់ទ្រព្យសម្បត្តិពីក្នុងវិហារ (ឆ្នាំ៩៩៣មុនគ.ស.) នៅក្នុងអំឡុងការគ្រប់គ្រងរបស់រេហូបោមដែលជាកូនប្រុសរបស់សាឡូម៉ូន គឺ៣៣ឆ្នាំក្រោយពីការសម្ពោធវិហារ។ (១បស. ១៤:២៥, ២៦; ២ប្រ. ១២:៩) ស្ដេចអេសា (ឆ្នាំ៩៧៧-៩៣៧មុនគ.ស.) គោរពវិហាររបស់ព្រះយេហូវ៉ា តែគាត់បានធ្វើអ្វីដែលល្ងង់ខ្លៅដើម្បីការពារក្រុងយេរូសាឡិម ដោយបានយកប្រាក់និងមាសចេញពីវិហាររបស់ព្រះយេហូវ៉ាទៅជូនដល់ស្ដេចបេនហាដាតនៃស្រុកស៊ីរី ដើម្បីឲ្យគាត់អាចផ្ដាច់កិច្ចព្រមព្រៀងជាមួយបាអាសាដែលជាស្ដេចស្រុកអ៊ីស្រាអែល។—១បស. ១៥:១៨, ១៩; ២ប្រ. ១៥:១៧, ១៨; ១៦:២, ៣
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w១០-E ១/១២ ទំ.១១ វ.៧
លោកស្គាល់«ចិត្តរបស់មនុស្សជាតិយ៉ាងច្បាស់»
យើងអាចទទួលការសម្រាលទុក្ខពីសេចក្ដីអធិដ្ឋានរបស់សាឡូម៉ូន។ អ្នកឯទៀតប្រហែលជាមិនយល់អំពីអារម្មណ៍កប់ជ្រៅនៅក្នុងចិត្តយើង ពោលគឺ«ទុក្ខវេទនា» និង«ភាពល្វីងជូរចត់»របស់យើងនោះទេ។ (សុភាសិត ១៤:១០) ប៉ុន្តែព្រះយេហូវ៉ាស្គាល់អារម្មណ៍របស់យើង ហើយលោកពិតជាយកចិត្តទុកដាក់ចំពោះយើង។ ការប្រាប់ព្រះយេហូវ៉ាអំពីអ្វីៗទាំងអស់ដែលមាននៅក្នុងចិត្តរបស់យើងតាមរយៈសេចក្ដីអធិដ្ឋាន នេះអាចជួយយើងឲ្យស្រួលរែកពន់បន្ទុករបស់យើង។ គម្ពីរចែងថា៖ «ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។—ពេត្រុសទី១ ៥:៧
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
សំណួរពីអ្នកអាន
w៩៣-E ១/២ ទំ.៣១
បើគ្រិស្តសាសនិកម្នាក់ឈឺ ឬគាត់កំពុងធ្វើដំណើរហើយមិនអាចចូលរួមពិធីរំលឹកបាន តើគាត់គួរធ្វើពិធីនេះនៅខែក្រោយឬទេ?
នៅអ៊ីស្រាអែលសម័យបុរាណ ជារៀងរាល់ឆ្នាំបុណ្យរំលងត្រូវធ្វើឡើងនៅថ្ងៃទី១៤នៃខែទី១ដែលជាខែណែសាន (ឬខែអាប៊ីប)។ ប៉ុន្តែយើងបានឃើញករណីពិសេសមួយដែលបានកត់ទុកនៅជំរឿនបណ្ដាជន ៩:១០, ១១ដែលថា៖ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹ចាប់ពីអ្នករាល់គ្នារហូតដល់ជំនាន់ក្រោយៗ បើអ្នកណាម្នាក់ទៅជាមិនស្អាតបរិសុទ្ធ ដោយសារបានប៉ះសាកសព ឬត្រូវធ្វើដំណើរទៅឆ្ងាយ នោះគាត់នៅតែត្រូវរៀបចំធ្វើបុណ្យរំលងជូនព្រះយេហូវ៉ា។ ពួកគេត្រូវរៀបចំធ្វើបុណ្យរំលងនៅល្ងាចថ្ងៃទី១៤ ក្នុងខែទី២ [ខែស៊ីវ]។ ពួកគេត្រូវបរិភោគសាច់ចៀមនៃបុណ្យរំលងជាមួយនំឥតដំបែនិងបន្លែល្វីង›»។
សូមកត់សម្គាល់ថាបង្គាប់នេះមិនមានន័យថាបុណ្យរំលងបានត្រូវរៀបចំឡើងពីរលើក (ថ្ងៃទី១៤ ខែណែសាន ឬ ថ្ងៃទី១៤ ខែស៊ីវ) ដែលអាចឲ្យជនជាតិអ៊ីស្រាអែលនិងអ្នកផ្ទះរបស់ពួកគេជ្រើសរើសពេលវេលាណាដែលស្រួលសម្រាប់ពួកគេនោះទេ។ ករណីពិសេសស្ដីអំពីបុណ្យរំលងក្នុងខែទី២គឺមានកម្រិត។ ករណីពិសេសបានត្រូវផ្ដល់ឲ្យជនជាតិអ៊ីស្រាអែលណាដែលមិនស្អាតបរិសុទ្ធនៅថ្ងៃទី១៤ ខែណែសាន ឬសម្រាប់អស់អ្នកដែលនៅឆ្ងាយពីកន្លែងដែលគេធ្វើពិធីបុណ្យនេះ។
មានកំណត់ហេតុតែមួយប៉ុណ្ណោះក្នុងគម្ពីរអំពីពេលដែលពួកអ៊ីស្រាអែលត្រូវការករណីពិសេសនេះ។ គឺពេលដែលស្ដេចហេសេគាបានរៀបចំឲ្យមានពិធីបុណ្យនំឥតដំបែឡើងវិញ។ នេះគឺដោយសារមិនមានពេលគ្រាប់គ្រាន់ដើម្បីរៀបចំពិធីបុណ្យនេះក្នុងខែទី១ (ពួកសង្ឃនិងបណ្ដាជនមិនបានត្រៀមខ្លួន) ដូច្នេះពិធីបុណ្យនោះបានត្រូវធ្វើឡើងនៅថ្ងៃទី១៤ នៃខែទី២។—ប្រវត្តិហេតុទី២ ២៩:១៧; ៣០:១-៥
ពួកយូដាធ្វើពិធីបុណ្យរំលងនៅថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ លុះត្រាតែមានកាលៈទេសៈពិសេសផ្សេងៗ។ (ដំណើរចាកចេញ ១២:១៧-២០, ៤១, ៤២; ច្បាប់លេវី ២៣:៥) លោកយេស៊ូនិងពួកអ្នកកាន់តាមរបស់លោកបានធ្វើពិធីបុណ្យនេះតាមថ្ងៃដែលបានត្រូវកំណត់តាមច្បាប់។ លូកាបានបញ្ជាក់ថា៖ «ថ្ងៃដំបូងនៃបុណ្យនំឥតដំបែក៏បានមកដល់ ជាថ្ងៃដែលគេបូជាសត្វសម្រាប់បុណ្យរំលង។ ដូច្នេះ លោកយេស៊ូចាត់ពេត្រុសនិងយ៉ូហានឲ្យទៅ ដោយប្រាប់ថា៖ ‹ចូរទៅរៀបចំអាហារបុណ្យរំលងឲ្យយើងបរិភោគ›»។—លូកា ២២:៧, ៨
ក្នុងឱកាសនោះដែរ លោកយេស៊ូបានរៀបចំពិធីប្រចាំឆ្នាំដែលក្រោយមកគ្រិស្តសាសនិកបានស្គាល់ថាជាពិធីអាហារល្ងាចរបស់លោកម្ចាស់។ ការចូលរួមពិធីនេះគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់គ្រិស្តសាសនិក។ នេះគឺជាពិធីដ៏សំខាន់បំផុតប្រចាំឆ្នាំរបស់សាក្សីព្រះយេហូវ៉ា។ ពាក្យសម្ដីរបស់លោកយេស៊ូបញ្ជាក់អំពីមូលហេតុ ដោយមានប្រសាសន៍ថា៖ «ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។ (លូកា ២២:១៩) ដូច្នេះសាក្សីព្រះយេហូវ៉ាម្នាក់ៗគួររៀបចំកាលវិភាគច្រើនខែជាមុន ដើម្បីកុំឲ្យខកខានចូលរួមកម្មវិធីនេះ។ ពិធីអាហារល្ងាចរបស់លោកម្ចាស់នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ១៩៩៣ ក្រោយថ្ងៃលិច។
ក្នុងករណីដែលយើងជួបបញ្ហាដែលមិនបានរំពឹងទុកជាមុនដូចជាជំងឺ ឬការពិបាកធ្វើដំណើរ នេះប្រហែលជាអាចរារាំងគ្រិស្តសាសនិកពីការចូលរួមពិធីរំលឹក។ ក្នុងករណីបែបនេះ តើគាត់គួរធ្វើយ៉ាងណា?
ក្នុងអំឡុងកម្មវិធី នំប៉័ងនិងស្រាទំពាំងបាយជូរបានត្រូវហុចតៗគ្នា ហើយអស់អ្នកដែលបានត្រូវរើសតាំងដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះនឹងបរិភោគវត្ថុតំណាងទាំងនេះ។ (ម៉ាថាយ ២៦:២៦-២៩; លូកា ២២:២៨-៣០) បើសិនជាគ្រិស្តសាសនិកណាម្នាក់ដែលបរិភោគវត្ថុតំណាងនោះជារៀងរាល់ឆ្នាំឈឺហើយត្រូវស្នាក់នៅផ្ទះឬនៅមន្ទីរពេទ្យ នោះអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំរបស់គាត់នឹងយកនំប៉័ងនិងស្រាទំពាំងបាយជូរទៅឲ្យគាត់ រួចពិចារណាបទគម្ពីរដែលទាក់ទងនឹងពិធីរំលឹក ហើយហុចវត្ថុតំណាងនោះឲ្យគាត់បរិភោគ។ តែបើគ្រិស្តសាសនិកម្នាក់នោះនៅឆ្ងាយពីក្រុមជំនុំរបស់ខ្លួន គាត់គួរចូលរួមជាមួយក្រុមជំនុំដែលនៅជិតគាត់នៅថ្ងៃដែលមានកម្មវិធីនោះ។
ដូច្នេះ មានតែនៅក្នុងករណីពិសេសប៉ុណ្ណោះទេដែលគ្រិស្តសាសនិកដែលបានត្រូវរើសតាំងនឹងត្រូវធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់៣០ថ្ងៃក្រោយថ្ងៃកំណត់ (មួយខែតាមច័ន្ទគតិ) ស្របទៅតាមបញ្ញត្តិដែលមាននៅជំរឿនបណ្ដាជន ៩:១០, ១១ និង គំរូនៅប្រវត្តិហេតុទី២ ៣០:១-៣, ១៥។
អ្នកកាន់តាមលោកយេស៊ូដែលជា«ចៀមឯទៀត»ដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដីដែលជាសួនឧទ្យាន គឺមិននៅក្រោមច្បាប់ដែលឲ្យបរិភោគនំប៉័ងនិងស្រាទំពាំងបាយជូរឡើយ។ (យ៉ូហាន ១០:១៦) គឺសំខាន់ដែលពួកគេត្រូវចូលរួមកម្មវិធីប្រចាំឆ្នាំនេះ ប៉ុន្តែពួកគេនឹងមិនបរិភោគវត្ថុតំណាងនោះឡើយ។ ដូច្នេះបើសិនជាបុគ្គលណាម្នាក់ក្នុងចំណោមពួកគេឈឺ ឬកំពុងធ្វើដំណើរហើយមិនអាចចូលរួមបាន ឬមិននៅជិតក្រុមជំនុំណាមួយនៅល្ងាចនោះទេ គាត់អាចអានអំណានគម្ពីរសម្រាប់កម្មវិធីនោះដោយខ្លួនឯង (រួមបញ្ចូលកំណត់ហេតុពេលដែលលោកយេស៊ូធ្វើពិធីនេះ) ហើយអធិដ្ឋានសុំព្រះយេហូវ៉ាផ្ដល់ពរចំពោះកម្មវិធីនេះដែលកំពុងធ្វើឡើងនៅទូទាំងពិភពលោក។ ក្នុងករណីនោះ គាត់មិនចាំបាច់រៀបចំកម្មវិធីពិសេសណាមួយនៅមួយខែក្រោយមកនោះទេ។
ថ្ងៃទី១០-១៦ ខែមេសា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី២ ៨-៩
«នាងឲ្យតម្លៃប្រាជ្ញា»
w៩៩-E ១/១១ ទំ.២០ វ.៤
ពេលសេចក្ដីសប្បុរសមានជាបរិបូរ
ជាការពិតណាស់ មហាក្សត្រីស្រុកសេបាបានធ្វើការលះបង់យ៉ាងច្រើនដើម្បីអាចទៅជួបសាឡូម៉ូន។ តាមមើលទៅ ឥឡូវស្រុកសេបាស្ថិតនៅក្នុងសាធារណៈរដ្ឋយេម៉ែន ដូច្នេះមហាក្សត្រីស្រុកសេបាប្រហែលជាបានធ្វើដំណើរយ៉ាងឆ្ងាយជាង១.៦០០គីឡូម៉ែត្រដើម្បីទៅក្រុងយេរូសាឡិម ជាមួយនឹងក្បូនដង្ហែយ៉ាងអធិកអធម។ លោកយេស៊ូមានប្រសាសន៍ថា៖ «នាងបានមកពីចុងផែនដី»។ ហេតុអ្វីមហាក្សត្រីស្រុកសេបាខំធ្វើដូច្នេះ? មូលហេតុចម្បងគឺនាងបានមក«ដើម្បីស្ដាប់សម្ដីប្រកបដោយប្រាជ្ញារបស់សាឡូម៉ូន»។—លូកា ១១:៣១
w៩៩-E ១/៧ ទំ.៣០ វ.៤-៥
នាងបានទទួលរង្វាន់ដ៏អស្ចារ្យតាមរយៈទស្សនកិច្ចរបស់នាង
យ៉ាងណាមិញ មហាក្សត្រីបានទៅដល់ក្រុងយេរូសាឡិម«ដោយក្បួនដង្ហែយ៉ាងអធិកអធម ទាំងមានសត្វអូដ្ឋដឹកប្រេងក្រអូប មាសជាច្រើន និងត្បូងដ៏មានតម្លៃ»។ (បណ្ដាស្ដេចទី១ ១០:២ក) អ្នកខ្លះគិតថា«ក្បួនដង្ហែយ៉ាងអធិកអធម»នោះរួមបញ្ចូលអង្គរក្សផងដែរ។ នេះអាចជាការពិតមែន ដោយសារមហាក្សត្រីគឺជាអ្នកគ្រប់គ្រងដែលមានអំណាច ហើយនាងកំពុងធ្វើដំណើរដឹកជញ្ជូនរបស់ទ្រព្យដ៏មានតម្លៃជាងរាប់លានដុល្លារ។
សូមកត់សម្គាល់ថា មហាក្សត្រីបានឮអំពីកិត្តិនាមរបស់សាឡូម៉ូន ហើយ«កិត្តិនាមនោះបានធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាទទួលការសរសើរតម្កើង»។ ដូច្នេះ នាងមិនគ្រាន់តែមកជួញដូរជាមួយនឹងសាឡូម៉ូនប៉ុណ្ណោះទេ។ ជាក់ស្ដែងនាងបានមកដើម្បីស្ដាប់សម្ដីដែលប្រកបដោយប្រាជ្ញារបស់សាឡូម៉ូន ហើយប្រហែលជាក៏ដើម្បីរៀនអំពីព្រះរបស់គាត់គឺព្រះយេហូវ៉ាផងដែរ។ ដោយសារមហាក្សត្រីស្រុកសេបាប្រហែលជាបានកើតមកពីពូជពង្សរបស់សិមឬហាំ ដូច្នេះនាងប្រហែលជាចង់ដឹងថែមទៀតអំពីសាសនារបស់បុព្វបុរសរបស់នាង។
it-2-E ទំ.៩៩០-៩៩១
សាឡូម៉ូន
ក្រោយពីមហាក្សត្រីបានឃើញភាពរុងរឿងនៃវិហារ វិមានរបស់សាឡូម៉ូន អាហារនៅលើតុរបស់គាត់ ឯកសណ្ឋានរបស់ពួកអ្នកបម្រើ របៀបដែលពួកគេបម្រើនៅតុ និងគ្រឿងបូជាដុតទាំងប៉ុន្មានដែលសាឡូម៉ូនជូននៅឯវិហាររបស់ព្រះយេហូវ៉ា នោះនាងក៏«កោតស្ងើច»យ៉ាងខ្លាំង។ ម្ល៉ោះហើយ នាងបាននិយាយទៅកាន់ស្ដេចថា៖ «អ្វីដែលគេបានប្រាប់គឺមិនទាំងដល់ពាក់កណ្ដាលផង។ លោកមានប្រាជ្ញាដ៏ឈ្លាសវៃនិងភាពចម្រុងចម្រើន លើសពីអ្វីដែលខ្ញុំបានឮឆ្ងាយណាស់»។ ក្រោយមក នាងបាននិយាយថាពួកអ្នកបម្រើរបស់សាឡូម៉ូនពិតជាមានសុភមង្គលមែន ដោយសារពួកគេអាចបម្រើស្ដេចបែបនេះ។ អ្វីៗទាំងអស់ដែលនាងបានឃើញនាំឲ្យនាងសរសើរតម្កើងព្រះយេហូវ៉ា ដែលបានបង្ហាញសេចក្ដីស្រឡាញ់ដល់ជនជាតិអ៊ីស្រាអែល ដោយតែងតាំងសាឡូម៉ូនឲ្យធ្វើជាស្ដេច ដែលគ្រប់គ្រងដោយសុចរិតយុត្តិធម៌។—១បស. ១០:៤-៩; ២ប្រ. ៩:៣-៨
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.១០៩៧
បល្ល័ង្ក
បល្ល័ង្កតែមួយគត់របស់ស្ដេចនៃជនជាតិអ៊ីស្រាអែលដែលបានត្រូវរៀបរាប់យ៉ាងល្អិតល្អន់គឺបល្ល័ង្កដែលសាឡូម៉ូនបានធ្វើ។ (១បស. ១០:១៨-២០; ២ប្រ. ៩:១៧-១៩) តាមមើលទៅបល្ល័ង្កនោះគឺនៅ«ល្វែងបល្ល័ង្ក»នៅឯភ្នំម៉ូរីយ៉ានៃក្រុងយេរូសាឡិម។ (១បស. ៧:៧) វាជា‹បល្ល័ង្កដ៏ធំមួយដែលធ្វើពីភ្លុក ហើយស្រោបដោយមាសសុទ្ធ។ បល្ល័ង្កនោះមានដំបូលតូចរាងមូលនៅពីក្រោយ ហើយមានភ្នាក់ដៃសងខាង›។ ទោះជាភ្លុកអាចជាសម្ភារមួយប្រភេទដែលគេប្រើដើម្បីសង់បល្ល័ង្កនេះក្ដី ប៉ុន្តែពេលយើងមើលរបៀបដែលគេសាងសង់វិហារ យើងអាចសន្និដ្ឋានថាគេក៏ប្រហែលជាបានប្រើឈើដែលស្រោបដោយមាសសុទ្ធ ហើយក្រោមមកបានត្រូវគេតុបតែងយ៉ាងស្អាតដោយប្រើភ្លុកដើម្បីសង់បល្ល័ង្កនេះដែរ។ ចំពោះអ្នកដែលទើបតែបានឃើញបល្ល័ង្កនេះ មើលទៅវាដូចជាបានត្រូវសង់ពីភ្លុកនិងមាសតែប៉ុណ្ណោះ។ ក្រោយពីបានប្រាប់អំពីជណ្ដើរ៦កាំចុះពីបល្ល័ង្ក កំណត់ហេតុក្នុងគម្ពីរចែងទៀតថា៖ «មានរូបតោពីរឈរនៅសងខាងភ្នាក់ដៃ . . . មានរូបតោ១២ឈរអមសងខាងជណ្ដើរទាំង៦កាំនោះ គឺនៅកាំនីមួយៗមានរូបតោពីរ»។ (២ប្រ. ៩:១៧-១៩) ការប្រើរូបតោគឺត្រឹមត្រូវដោយសារតោតំណាងអំណាចគ្រប់គ្រង។ (ដក. ៤៩:៩, ១០; បប. ៥:៥) តោទាំង១២មើលទៅតំណាងកុលសម្ព័ន្ធទាំង១២នៃស្រុកអ៊ីស្រាអែល ហើយតំណាងការចុះចូលនិងការគាំទ្ររបស់ពួកគេចំពោះស្ដេច។ បន្ថែមទៅទៀត មានកំណល់ជើងធ្វើពីមាសដែលនៅជាប់នឹងបល្ល័ង្ក។ តាមរយៈការពណ៌នានេះ បល្ល័ង្កដែលធ្វើពីភ្លុកនិងមាសដែលមានដំបូលរាងមូលនិងតោដ៏អស្ចារ្យនៅខាងមុខ ពិតជាពិសេសជាងបល្ល័ង្កផ្សេងទៀតនៅសម័យនោះដែលអ្នកបុរាណវត្ថុវិទូបានរកឃើញ មិនថានៅលើបង្គោលថ្ម ឬនៅលើសិលាចារិកក្ដី។ ដូចអ្នកកត់ទុកប្រវត្តិហេតុម្នាក់បាននិយាយថា៖ «គ្មានរាជាណាចក្រណាទៀតមានបល្ល័ង្កដូចនេះឡើយ»។—២ប្រ. ៩:១៩
ថ្ងៃទី១៧-២៣ ខែមេសា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី២ ១០-១២
«ចូរទទួលប្រយោជន៍ពីយោបល់ដែលប្រកបដោយប្រាជ្ញា»
it-2-E ទំ.៧៦៨ វ.១
រេហូបោម
រេហូបោមមានចិត្តក្រអឺតក្រទម ហើយនេះនាំឲ្យមនុស្សភាគច្រើនលែងគាំទ្រគាត់។ មានតែកុលសម្ព័ន្ធយូដានិងបេនយ៉ាមីនប៉ុណ្ណោះដែលបន្តគាំទ្ររេហូបោមជាស្ដេចដែលមកពីក្រុមគ្រួសារដាវីឌ។ ពួកសង្ឃនិងពួកលេវីពីរាជាណាចក្រទាំងពីរ និងមនុស្សខ្លះៗពីកុលសម្ព័ន្ធទាំង១០ក៏បានគាំទ្ររេហូបោមដែរ។—១បស. ១២:១៦, ១៧; ២ប្រ. ១០:១៦, ១៧; ១១:១៣, ១៤, ១៦
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៩៦៦-៩៦៧
រូបពពែឈ្មោល
ពាក្យរបស់យ៉ូស្វេដែលបានត្រូវកត់ទុកនៅយ៉ូស្វេ ២៤:១៤បង្ហាញថាជនជាតិអ៊ីស្រាអែលបានទទួលឥទ្ធិពលពីការគោរពប្រណិប័តន៍មិនពិតពីស្រុកអេហ្ស៊ីបពេលដែលពួកគេរស់នៅទីនោះ ហើយអេសេគាលក៏បានលើកបញ្ជាក់ផងដែរថាពួកអ៊ីស្រាអែលនៅតែបន្តគោរពប្រណិប័តន៍ព្រះមិនពិតរហូតដល់សម័យរបស់គាត់។ (អេគ. ២៣:៨, ២១) ដោយសារមូលហេតុនេះ បណ្ឌិតខាងគម្ពីរខ្លះបានសន្និដ្ឋានថា កាលដែលព្រះបានផ្ដល់ច្បាប់ឲ្យជនជាតិអ៊ីស្រាអែលក្នុងតំបន់ស្ងាត់ជ្រងំដើម្បីកុំឲ្យពួកគេ«ជូនគ្រឿងបូជាដល់រូបព្រះដែលមានរាងដូចពពែ» (ចល. ១៧:១-៧) និងកាលដែលយេរ៉ូបោមបានតែងតាំងពួកសង្ឃ«ដើម្បីឲ្យបម្រើនៅទីខ្ពស់ពិសិដ្ឋ និងដើម្បីគោរពបូជារូបពពែឈ្មោល ព្រមទាំងរូបកូនគោដែលគាត់បានធ្វើ» (២ប្រ. ១១:១៥) បង្ហាញថា មានការគោរពបូជារូបពពែឈ្មោលក្នុងចំណោមជនជាតិអ៊ីស្រាអែល ដូចនៅស្រុកអេហ្ស៊ីបដែរ ជាពិសេសនៅប៉ែកខាងក្រោមនៃស្រុកអេហ្ស៊ីប។ ហ៊ីរ៉ូដូថុសបានអះអាងថាជំនឿនៃការគោរពប្រណិប័តន៍របស់ជនជាតិក្រិចទៅលើអាទិទេពផេននិងអាទិទេពសេធើ ដែលជាព្រះតំណាងឲ្យការរួមភេទដែលមានស្នែង កន្ទុយពពែ និងជើងពពែ ក៏មានប្រភពមកពីជំនឿរបស់ជនជាតិអេហ្ស៊ីបដែរ។ អ្នកខ្លះសន្និដ្ឋានថារូបរាងរបស់ព្រះទាំងនេះដែលពាក់កណ្ដាលជាមនុស្សនិងពាក់កណ្ដាលជាសត្វនាំឲ្យមនុស្សជាច្រើនគិតថាសាថានមានកន្ទុយ ស្នែង និងមានជើងដូចពពែដែរ។ ជំនឿនេះបានរាលដាលដល់ពិភពគ្រិស្តសាសនាប្រហែលជាងមួយពាន់ឆ្នាំមុន។
ពាក្យភាសាដើមសេរីម មានន័យថា‹ដែលមានរោម› តែយើងមិនដឹងច្បាស់ថានេះចង់សំដៅទៅលើអ្វីទេ។ មនុស្សមួយចំនួនគិតថានោះជាសត្វពពែ ឬជារូបសំណាក់ដែលមានរូបរាងជាសត្វពពែ តែគ្មានបទគម្ពីរណាមួយដែលបញ្ជាក់ថានេះគឺត្រឹមត្រូវឡើយ។ ពាក្យទាំងនោះប្រហែលជាចង់បញ្ជាក់ថាក្នុងគំនិតរបស់អស់អ្នកដែលគោរពបូជារូបព្រះទាំងនោះ ដែលជាព្រះមិនពិត ពួកគេយល់ថាព្រះរបស់ពួកគេមានរូបរាងដូចពពែឬមានរោម។ ម្យ៉ាងទៀតការប្រើពាក្យ«ពពែ»ក្នុងឯកសារយោងទាំងនេះប្រហែលជាចង់បញ្ជាក់អំពីការស្អប់ខ្ពើមរបស់ព្រះចំពោះព្រះមិនពិតទាំងនោះ។ ពាក្យដែលចង់សំដៅទៅលើរូបព្រះភាគច្រើនបានដកស្រង់ពីពាក្យភាសាដើមដែលមានន័យថា«ដុំលាមក»។ ទោះបីជារូបព្រះជាច្រើនមិនបានធ្វើពីលាមកក្ដី តែរូបព្រះទាំងអស់គឺគួរឲ្យស្អប់ខ្ពើម។—ចល. ២៦:៣០; បច. ២៩:១៧
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
ចូរបង្ហាត់បង្រៀនសិស្សគម្ពីររបស់អ្នកពេលពួកគេសុំយោបល់ពីអ្នក
be-E ទំ.៦៩ វ.៤-៥
ពេលដែលសិស្សគម្ពីរម្នាក់ ឬបងប្អូនណាម្នាក់សុំយោបល់ពីអ្នកពេលដែលពួកគេជួបស្ថានភាពពិបាកណាមួយ តើអ្នកគួរធ្វើយ៉ាងណា? អ្នកប្រហែលជាដឹងថាអ្នកផ្ទាល់ត្រូវធ្វើយ៉ាងណារួចហើយក្នុងស្ថានភាពទាំងនោះ។ ប៉ុន្តែ មនុស្សម្នាក់ៗត្រូវទទួលខុសត្រូវចំពោះលទ្ធផលដែលមកពីការសម្រេចចិត្តផ្ទាល់ខ្លួន។ (កាឡ. ៦:៥) សាវ័កប៉ូលបានលើកទឹកចិត្តមនុស្សឲ្យ‹មានជំនឿលើព្រះ ហើយស្ដាប់បង្គាប់លោក›ពេលដែលគាត់ផ្សព្វផ្សាយ។ (រ៉ូម ១៦:២៦) នេះពិតជាគំរូដ៏ល្អសម្រាប់យើងទាំងអស់គ្នា។ មនុស្សដែលធ្វើការសម្រេចចិត្តដើម្បីផ្គាប់ចិត្តអ្នកបង្រៀនគម្ពីររបស់គាត់ឬអ្នកឯទៀត នោះគាត់កំពុងតែបម្រើមនុស្ស មិនមែនបម្រើព្រះទេ។ (កាឡ. ១:១០) ដូច្នេះការប្រាប់ចម្លើយភ្លាមៗតែម្ដង ប្រហែលមិនមែនជាចម្លើយដ៏ល្អបំផុតសម្រាប់អ្នកដែលសួរនោះទេ។
ដូច្នេះ តើអ្នកអាចឆ្លើយតាមរបៀបណាឲ្យស្របនឹងការណែនាំដែលមានក្នុងគម្ពីរ? អ្នកប្រហែលជាគិតអំពីគោលការណ៍គម្ពីរដែលសមរម្យ ឬកំណត់ហេតុក្នុងគម្ពីរណាមួយ។ ក្នុងករណីខ្លះ អ្នកអាចបង្ហាញគាត់ពីរបៀបធ្វើការស្រាវជ្រាវ ដូច្នេះគាត់នឹងអាចរកឃើញគោលការណ៍និងគំរូក្នុងគម្ពីរដោយខ្លួនគាត់ផ្ទាល់។ អ្នកក៏អាចពិចារណាជាមួយគាត់អំពីគោលការណ៍និងគំរូដ៏មានតម្លៃក្នុងគម្ពីរ តែមិនប្រាប់ចំៗថាគាត់គួរធ្វើអ្វីឬមិនគួរធ្វើអ្វីក្នុងស្ថានភាពរបស់គាត់នោះទេ។ សូមសួរថា គាត់អាចទាញមេរៀនអ្វីខ្លះពីអ្វីដែលអ្នកបានបង្ហាញគាត់ ដែលប្រហែលជាអាចជួយគាត់ឲ្យធ្វើសម្រេចចិត្តដោយឈ្លាសវៃ។ លើកទឹកចិត្តគាត់ឲ្យពិចារណាអំពីអ្វីដែលគាត់ត្រូវធ្វើដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្ត ស្របតាមគោលការណ៍និងគំរូក្នុងគម្ពីរទាំងនោះ។ ដោយធ្វើដូច្នេះ នោះអ្នកកំពុង‹បង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់គាត់ ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ›។—ហេ. ៥:១៤