ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2023 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី៤-១០ ខែកញ្ញា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសធើរ ១-២
«ចូរព្យាយាមមានចិត្តរាបទាបដូចអេសធើរ»
ia-E ទំ.១៣០ វ.១៥
នាងបានក្រោកឈរឡើងដើម្បីរាស្ត្ររបស់ព្រះ
១៥ ពេលដែលអេសធើរត្រូវទៅជួបស្ដេច នាងអាចយកអ្វីក៏ដោយដែលនាងត្រូវការដើម្បីធ្វើឲ្យនាងកាន់តែស្រស់ស្អាត។ ប៉ុន្តែ ដោយមានចិត្តរាបទាប នាងមិនបានសុំអ្វីទេ លើកលែងតែអ្វីដែលហេកាយបានឲ្យនាង។ (អេសធើរ ២:១៥) នាងប្រហែលជាដឹងថាការមានសម្រស់ស្អាតតែប៉ុណ្ណោះ គឺមិនអាចផ្គាប់ចិត្តស្ដេចនោះទេ តែការមានចិត្តសុភាពរាបសាគឺជាអ្វីដែលមានតម្លៃបំផុតនៅក្នុងវិមាន។ តើនាងគិតដូច្នេះគឺត្រឹមត្រូវទេ?
ថ្ងៃទី១១-១៧ ខែកញ្ញា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសធើរ ៣-៥
«ចូរជួយអ្នកឯទៀតឲ្យប្រើសមត្ថភាពទាំងអស់របស់ពួកគាត់»
it-2-E ទំ.៤៣១ វ.៧
ម៉ាដេកាយ
មិនព្រមក្រាបគោរពហាម៉ាន។ ហាម៉ានដែលជាកូនចៅអាកាក់ បានត្រូវតែងតាំងជានាយករដ្ឋមន្ត្រីដោយស្ដេចអាហាស៊ូរុស ហើយស្ដេចបានចេញបញ្ជាឲ្យអ្នកបម្រើទាំងអស់ដែលប្រចាំការនៅខ្លោងទ្វារវិមានស្ដេច ក្រាបគោរពហាម៉ាន។ ប៉ុន្តែ ម៉ាដេកាយមិនព្រមក្រាបគោរពហាម៉ានទេ ហើយគាត់បានប្រាប់ពួកគេថាគាត់ជាជនជាតិយូដា។ (អេធ. ៣:១-៤) មូលហេតុដែលគាត់ធ្វើដូច្នេះគឺទាក់ទងនឹងចំណងមិត្តភាពរបស់គាត់ជាមួយព្រះយេហូវ៉ា។ គាត់យល់ថាការក្រាបគោរពហាម៉ានមិនគ្រាន់តែជាការឱនគោរពអ្នកដែលមានតំណែងខ្ពស់ ឬទទួលស្គាល់ថាបុគ្គលនោះមានអំណាចខ្ពស់ជាងគាត់ ដូចជនជាតិអ៊ីស្រាអែលធ្លាប់ធ្វើនៅអតីតកាលទេ។ (២សាំ. ១៤:៤; ១៨:២៨; ១បស. ១:១៦) ក្នុងករណីហាម៉ាន មានមូលហេតុត្រឹមត្រូវដែលម៉ាដេកាយមិនក្រាបគោរពគាត់។ ហាម៉ានប្រហែលជាជនជាតិអាម៉ាលេក ហើយព្រះយេហូវ៉ាប្រាប់ថា លោកនឹងធ្វើសង្គ្រាមទាស់នឹងពួកគេ«ពីជំនាន់មួយទៅជំនាន់មួយ»។ (ដច. ១៧:១៦) ដូច្នេះ ចំពោះម៉ាដេកាយ នេះជាប់ទាក់ទងនឹងការមានចិត្តស្មោះឥតងាករេចំពោះព្រះ មិនគ្រាន់តែជារឿងនយោបាយនោះទេ។
it-2-E ទំ.៤៣១ វ.៩
ម៉ាដេកាយ
ជួយសង្គ្រោះជនជាតិអ៊ីស្រាអែល។ ពេលម៉ាដេកាយឮរាជបញ្ជាអំពីការបំផ្លាញជនជាតិយូដាទាំងអស់ពីទឹកដីនេះ គាត់បានបង្ហាញទំនុកចិត្តថាអេសធើរបានត្រូវតែងតាំងជាអគ្គមហេសីដើម្បីជួយសង្គ្រោះជនជាតិយូដា។ គាត់បញ្ជាក់ប្រាប់អេសធើរអំពីភារកិច្ចដ៏ធ្ងន់ធ្ងររបស់នាង ហើយណែនាំនាងឲ្យអង្វរសុំជំនួយពីស្ដេច។ ទោះបីជាការធ្វើដូច្នេះអាចប្រថុយជីវិតនាងក្ដី តែអេសធើរបានសម្រេចចិត្តធ្វើតាមការណែនាំនោះ។—អេធ. ៤:៧–៥:២
ia-E ទំ.១៣៣ វ.២២-២៣
នាងបានក្រោកឈរឡើងដើម្បីរាស្ត្ររបស់ព្រះ
២២ អេសធើរច្បាស់ជារន្ធត់ចិត្តណាស់ពេលដែលនាងឮដំណឹងនេះ។ នេះគឺជាការសាកល្បងដ៏ធំមួយដែលនាងជួប។ នាងមានអារម្មណ៍ភ័យខ្លាច ហើយនាងបានប្រាប់អំពីអារម្មណ៍របស់នាងទៅម៉ាដេកាយ។ នាងរំលឹកគាត់អំពីច្បាប់របស់ស្ដេចដែលថា បើអ្នកណាម្នាក់ចូលទៅទីលានខាងក្នុងវិមានស្ដេច ដោយគ្មានការកោះហៅទេ អ្នកនោះត្រូវប្រហារជីវិត។ លុះត្រាតែស្ដេចហុចដំបងរាជ្យឲ្យគាត់ប៉ះ ទើបអ្នកនោះអាចរួចជីវិតបាន។ ក្រោយពីអ្វីដែលបានកើតឡើងចំពោះវ៉ាសធីពេលគាត់មិនព្រមមកជួបស្ដេច តើអេសធើរអាចរំពឹងថាស្ដេចនឹងបង្ហាញចិត្តមេត្តាចំពោះនាងដែរឬទេ? អេសធើរប្រាប់ម៉ាដេកាយថាស្ដេចមិនបានហៅនាងឲ្យទៅជួបអស់រយៈពេល៣០ថ្ងៃហើយ! ដូច្នេះ នាងប្រហែលជាសន្និដ្ឋានថាស្ដេចលែងពេញចិត្តនឹងនាងហើយ។—អេសធើរ ៤:៩-១១
២៣ ម៉ាដេកាយតបឆ្លើយយ៉ាងម៉ឺងម៉ាត់ដើម្បីពង្រឹងជំនឿរបស់អេសធើរ។ គាត់និយាយថាបើនាងមិនចាត់វិធានការ នោះជនជាតិយូដានឹងទទួលសេចក្ដីសង្គ្រោះពីប្រភពផ្សេងវិញ។ ប៉ុន្តែ តើនាងនឹងរួចរស់ជីវិតយ៉ាងដូចម្ដេចពេលដែលការបៀតបៀនមានកាន់តែខ្លាំងឡើង? ម៉ាដេកាយបានបង្ហាញជំនឿដ៏មុតមាំទៅលើព្រះយេហូវ៉ា ថាលោកនឹងមិនអនុញ្ញាតឲ្យរាស្ត្ររបស់លោកត្រូវបំផ្លាញ ហើយឲ្យសេចក្ដីសន្យារបស់លោកមិនសម្រេចឡើយ។ (យ៉ូស. ២៣:១៤) រួចមក ម៉ាដេកាយនិយាយទៅកាន់អេសធើរថា៖ «នាងបានត្រូវតែងតាំងជាអគ្គមហេសី ប្រហែលជាសម្រាប់គ្រាដូចនេះទេដឹង»។ (អេសធើរ ៤:១២-១៤) ម៉ាដេកាយពិតជាគំរូដ៏ល្អដែលយើងគួរយកតម្រាប់តាម មែនទេ? គាត់បានទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ាដែលជាព្រះរបស់គាត់។ ចុះយើងវិញ?—សុភ. ៣:៥, ៦
ថ្ងៃទី១៨-២៤ ខែកញ្ញា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសធើរ ៦-៨
«មេរៀនពីការប្រាស្រ័យទាក់ទងល្អ»
ia-E ទំ.១៤០ វ.១៥-១៦
នាងអេសធើរប្រព្រឹត្តដោយមានប្រាជ្ញា ចិត្តក្លាហាន និងស្មារតីលះបង់ប្រយោជន៍ខ្លួន
១៥ ដោយសារអេសធើរមានចិត្តអត់ធ្មត់ហើយរង់ចាំមួយថ្ងៃទៀតមុនប្រាប់ស្ដេចអំពីសំណូមពររបស់នាង នោះហាម៉ានមានពេលរៀបចំគម្រោងការណ៍អាក្រក់ដែលនៅទីបំផុតបានបរាជ័យ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះយេហូវ៉ាក៏ប្រហែលជាបានបណ្ដាលឲ្យស្ដេចគេងមិនលក់ដែរ។ (សុភ. ២១:១) ហេតុនេះហើយ បណ្ដាំរបស់ព្រះលើកទឹកចិត្តយើងឲ្យបង្ហាញ«ចិត្តអត់ធ្មត់»! (សូមអាន មីកា ៧:៧) ពេលយើងរង់ចាំព្រះ យើងប្រហែលជានឹងឃើញថាដំណោះស្រាយរបស់លោកចំពោះបញ្ហារបស់យើងគឺប្រសើរជាងអ្វីដែលយើងអាចធ្វើដោយខ្លួនឯង។
នាងនិយាយដោយចិត្តក្លាហាន
១៦ អេសធើរមិនហ៊ានទុកឲ្យស្ដេចចាំយូរទៀតទេ ដូច្នេះនៅថ្ងៃទី២ដែលនាងបានរៀបចំពិធីជប់លៀង នាងត្រូវប្រាប់គាត់អំពីរឿងនេះ។ តែតើតាមរបៀបណា? គឺស្ដេចបានផ្ដល់ឱកាសឲ្យនាងប្រាប់គាត់ដោយសួរនាងថា តើនាងចង់បានអ្វី? (អេសធើរ ៧:២) នេះជា‹ពេលដែលអេសធើរត្រូវនិយាយ›!
ia-E ទំ.១៤០ វ.១៧
នាងអេសធើរប្រព្រឹត្តដោយមានប្រាជ្ញា ចិត្តក្លាហាន និងស្មារតីលះបង់ប្រយោជន៍ខ្លួន
១៧ យើងអាចស្រមៃឃើញថាអេសធើរបានអធិដ្ឋានក្នុងចិត្តទៅព្រះរបស់នាងមុននិយាយថា៖ «បើស្ដេចជាម្ចាស់ប្រណីមេត្តាចំពោះនាងខ្ញុំ ហើយបើលោកម្ចាស់មិនយល់ទាស់ទេ នាងខ្ញុំសូមអង្វរលោកម្ចាស់មេត្តាទុកជីវិតឲ្យនាងខ្ញុំនិងជនរួមជាតិរបស់នាងខ្ញុំផង»។ (អេសធើរ ៧:៣) សូមកត់សម្គាល់ថានាងប្រាប់ស្ដេចថានាងគោរពការវិនិច្ឆ័យរបស់គាត់អំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ អេសធើរពិតជាខុសពីវ៉ាសធីជាអតីតអគ្គមហេសីរបស់ស្ដេច ដែលបានធ្វើឲ្យស្ដេចបាក់មុខដោយចេតនា! (អេសធើរ ១:១០-១២) បន្ថែមទៅទៀត អេសធើរមិនបានរិះគន់ស្ដេចដោយសារគាត់បានចាញ់បោកហាម៉ានទេ! ផ្ទុយទៅវិញ នាងបានអង្វរស្ដេចឲ្យការពារជីវិតរបស់នាង។
ia-E ទំ.១៤១ វ.១៨-១៩
នាងអេសធើរប្រព្រឹត្តដោយមានប្រាជ្ញា ចិត្តក្លាហាន និងស្មារតីលះបង់ប្រយោជន៍ខ្លួន
១៨ សំណូមពរនេះច្បាស់ជាធ្វើឲ្យស្ដេចភ្ញាក់ផ្អើល ហើយជំរុញចិត្តស្ដេច។ តើអ្នកណាហ៊ានប៉ះពាល់អគ្គមហេសីរបស់គាត់? អេសធើរបាននិយាយថា៖ «នាងខ្ញុំនិងជនរួមជាតិរបស់នាងខ្ញុំ បានត្រូវប្រគល់ឲ្យគេបំផ្លាញចោលទាំងអស់គ្មានសល់ហើយ។ បើគេគ្រាន់តែលក់ពួកយើងឲ្យធ្វើជាខ្ញុំបម្រើប៉ុណ្ណោះ នោះនាងខ្ញុំសុខចិត្តនៅស្ងៀម។ ប៉ុន្តែ គេចង់សម្លាប់ពួកយើងខ្ញុំទាំងអស់វិញ។ រឿងខ្លោចផ្សានេះមិនគួរកើតឡើងទេ ព្រោះនឹងនាំឲ្យស្ដេចជាម្ចាស់ខាតបង់ប្រយោជន៍ហើយ»។ (អេសធើរ ៧:៤) សូមកត់សម្គាល់ថាអេសធើរលាតត្រដាងបញ្ហានេះដោយឥតលាក់លៀម ហើយនាងបានបន្ថែមទៀតថា នាងប្រហែលជាសុខចិត្តនៅស្ងៀមបើគេគ្រាន់តែលក់ជនជាតិយូដាជាខ្ញុំបម្រើប៉ុណ្ណោះ។ ប៉ុន្តែ នេះគឺជាការប្រល័យពូជសាសន៍ ដូច្នេះស្ដេចច្បាស់ជាខាតបង់ប្រយោជន៍ជាមិនខានបើនាងនៅស្ងៀមអំពីរឿងនេះ។
១៩ គំរូរបស់អេសធើរបង្រៀនយើងច្រើនអំពីរបៀបដែលយើងអាចធ្វើឲ្យអ្នកឯទៀតមានទំនុកចិត្ត។ បើអ្នកត្រូវការនិយាយអំពីបញ្ហាធ្ងន់ធ្ងរណាមួយជាមួយនឹងមនុស្សជាទីស្រឡាញ់ ឬអ្នកដែលមានអំណាច ការមានចិត្តអត់ធ្មត់ ការគោរព និងការនិយាយឥតលាក់លៀមអាចជួយអ្នកឲ្យនិយាយដោយមានប្រសិទ្ធភាព។—សុភ. ១៦:២១, ២៣
ថ្ងៃទី២៥ ខែកញ្ញា–ថ្ងៃទី១ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសធើរ ៩-១០
«គាត់ប្រើអំណាចរបស់គាត់ដើម្បីជួយអ្នកឯទៀត»
it-2-E ទំ.៤៣២ វ.២
ម៉ាដេកាយ
ឥឡូវម៉ាដេកាយបានត្រូវតែងតាំងជានាយករដ្ឋមន្ត្រីជំនួសហាម៉ាន ហើយគាត់បានទទួលចិញ្ចៀនត្រារបស់ស្ដេចដើម្បីបោះត្រាលើឯកសារផ្សេងៗជាផ្លូវការ។ ស្ដេចបានប្រគល់ផ្ទះរបស់ហាម៉ានដល់អេសធើរ ហើយនាងបានប្រគល់ផ្ទះនោះឲ្យទៅម៉ាដេកាយគ្រប់គ្រង។ ក្រោយមក ដោយមានការអនុញ្ញាតពីស្ដេច ម៉ាដេកាយចេញលិខិតថ្មីមួយដើម្បីឲ្យជនជាតិយូដាមានសិទ្ធិការពារខ្លួន។ សម្រាប់ពួកគេ នេះគឺជាសេចក្ដីសង្គ្រោះ ហើយនាំឲ្យពួកគេមានអំណរជាខ្លាំង។ មនុស្សជាច្រើននៅចក្រភពពើស៊ីបានគាំទ្រជនជាតិយូដា ហើយនៅថ្ងៃទី១៣ ខែអេដា ពេលដែលសេចក្ដីប្រកាសនេះមានសុពលភាព ជនជាតិយូដាបានត្រៀមប្រយុទ្ធការពារខ្លួនពីពួកសត្រូវរួចជាស្រេច។ ដោយសារឋានៈដ៏ខ្ពស់ខ្ពស់របស់ម៉ាដេកាយ ពួកគេក៏មានការគាំទ្រពីពួកអាជ្ញាធរដែរ។ នៅក្រុងស៊ូសាន ជនជាតិយូដាអនុវត្តច្បាប់នេះមួយថ្ងៃទៀត។ សត្រូវរបស់ពួកគេជាង៧៥.០០០នាក់នៅចក្រភពពើស៊ីបានត្រូវបំផ្លាញចោល រួមបញ្ចូលកូន១០នាក់របស់ហាម៉ានផងដែរ។ (អេធ. ៨:១–៩:១៨) ដោយមានការអនុញ្ញាតពីអេសធើរ ម៉ាដេកាយបានបង្គាប់ឲ្យពួកគេកំណត់ទុកថ្ងៃទី១៤និង១៥ ក្នុងខែអេដា ដែលគេហៅថា«ថ្ងៃភូរឹម» ជាថ្ងៃបុណ្យដែលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ។ ថ្ងៃទាំងនោះពួកគេត្រូវធ្វើពិធីជប់លៀងអបអរដោយអំណរ ហើយជូនអំណោយដល់គ្នាទៅវិញទៅមករួមទាំងដល់អ្នកក្រីក្រផងដែរ។ ជនជាតិយូដានិងកូនចៅពួកគេព្រមទាំងអស់អ្នកដែលចូលខាងពួកគេត្រូវធ្វើបុណ្យនេះ។ ក្នុងនាមជាអ្នកដែលមានអំណាចជាងគេបំផុតបន្ទាប់ពីស្ដេច ម៉ាដេកាយបានទទួលការគោរពពីជនជាតិយូដា ហើយបន្តធ្វើកិច្ចការផ្សេងៗដើម្បីមើលថែពួកគេ។—អេធ. ៩:១៩-២២, ២៧-៣២; ១០:២, ៣
it-2-E ទំ.៧១៦ វ.៥
ភូរឹម
គោលបំណង។ មនុស្សខ្លះនិយាយថាបុណ្យភូរឹមដែលធ្វើឡើងនៅសព្វថ្ងៃនេះមិនសូវទាក់ទងនឹងសាសនាប៉ុន្មានទេ ហើយជួនកាលមានការពិសាស្រាហួសប្រមាណ តែពេលពិធីបុណ្យនេះទើបតែចាប់ផ្ដើមមានគឺមិនដូច្នេះទេ។ ទាំងម៉ាដេកាយនិងអេសធើរគឺជាអ្នកបម្រើរបស់ព្រះយេហូវ៉ា ហើយបុណ្យនេះធ្វើឡើងដើម្បីលើកកិត្តិយសលោក។ ការសង្គ្រោះជនជាតិយូដានៅពេលនោះគឺមកពីព្រះយេហូវ៉ា ដោយសារលោកឃើញពីចិត្តស្មោះឥតងាករេរបស់ម៉ាដេកាយក្នុងការចាត់ទុកការគោរពប្រណិប័តន៍លោកជាអ្វីដែលសំខាន់។ ហាម៉ានប្រហែលជាជនជាតិអាម៉ាលេក ជាប្រជាជាតិដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា ហើយត្រូវបំផ្លាញ។ ម៉ាដេកាយបានគោរពបញ្ញត្តិរបស់ព្រះ ហើយមិនព្រមក្រាបគោរពហាម៉ានទេ។ (អេធ. ៣:២, ៥; ដច. ១៧:១៤-១៦) ម្យ៉ាងទៀត ពាក្យសម្ដីរបស់ម៉ាដេកាយទៅកាន់អេសធើរ (អេធ. ៤:១៤, ១៦) បញ្ជាក់ថាគាត់ពឹងទៅលើឫទ្ធានុភាពពីស្ថានលើដើម្បីសង្គ្រោះពួកយូដា។ ហើយការដែលអេសធើរតមអាហារមុននាងចូលទៅជួបស្ដេចដើម្បីអញ្ជើញស្ដេចឲ្យពិសាអាហារ បញ្ជាក់ថានាងពឹងលើជំនួយរបស់ព្រះដែរ។—អេធ. ៤:១៤, ១៦
ថ្ងៃទី៩-១៥ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ៤-៥
«ចូរបដិសេធព័ត៌មានក្លែងក្លាយ»
it-1-E ទំ.៧១៣ វ.១១
អេលីផាស
២. គាត់ជាមិត្តម្នាក់ក្នុងចំណោមមិត្តបីអ្នករបស់យ៉ូប។ (យ៉ូប ២:១១) គាត់ជាអ្នកស្រុកថេម៉ាន ហើយទំនងជាងកូនចៅនៃកូនច្បងរបស់អេសាវ ហេតុនេះគាត់ជាញាតិសន្ដានរបស់អាប្រាហាំ ហើយជាសាច់ឆ្ងាយរបស់យ៉ូប។ គាត់និងកូនចៅរបស់គាត់អួតអំពីប្រាជ្ញារបស់ខ្លួន។ (យេ. ៤៩:៧) ក្នុងចំណោម«អ្នកសម្រាលទុក្ខ»ទាំងបីនាក់ អេលីផាសជាអ្នកដែលសំខាន់និងមានឥទ្ធិពលជាងគេ ដែលនេះបង្ហើបថាគាត់មានអាយុច្រើនជាងគេ។ គាត់និយាយមុនគេក្នុងចំណោមមិត្តទាំងបីនោះ ហើយគាត់និយាយយូរជាងគេ។
w០៥-E ១៥/៩ ទំ.២៦ វ.២
ចូរបដិសេធការគិតគូរមិនត្រឹមត្រូវ!
មានអ្វីមួយដែលកើតឡើងដល់អេលីផាសដែលទាក់ទងនឹងពួកវិញ្ញាណ គាត់និយាយថា៖ «មានវិញ្ញាណមួយកាត់មុខខ្ញុំធ្វើឲ្យខ្ញុំព្រឺរោមច្រាងឡើង។ វិញ្ញាណនោះក៏នៅទ្រឹង តែខ្ញុំមិនស្គាល់ថាជាវិញ្ញាណអ្វីទេ។ វិញ្ញាណនោះនៅខាងមុខខ្ញុំ បន្ទាប់មកមានភាពស្ងប់ស្ងាត់ រួចខ្ញុំបានឮសំឡេងមួយ»។ (យ៉ូប ៤:១៥, ១៦) តើវិញ្ញាណបែបណាដែលកំពុងមានឥទ្ធិពលលើការគិតគូររបស់អេលីផាស? ពាក្យរិះគន់របស់គាត់បង្ហាញថាវិញ្ញាណនោះមិនមែនជាទេវតាដ៏សុចរិតរបស់ព្រះទេ។ (យ៉ូប ៤:១៧, ១៨) តែនោះជាវិញ្ញាណកំណាច។ បើមិនដូច្នេះទេ ហេតុអ្វីព្រះយេហូវ៉ាបានប្រដៅតម្រង់អេលីផាសនិងមិត្តភក្ដិពីរនាក់របស់គាត់ដោយសារពួកគាត់និយាយកុហក? (យ៉ូប ៤២:៧) មែន អេលីផាសបានទទួលឥទ្ធិពលពីពួកវិញ្ញាណកំណាច។ ពាក្យសម្ដីរបស់គាត់បង្ហាញថាគាត់មិនមានគំនិតដូចព្រះយេហូវ៉ាទេ។
w១០-E ១៥/២ ទំ.១៩ វ.៥-៦
ចូរបដិសេធពាក្យឃោសនាពីសាថាន
សាថានបានប្រើអេលីផាស ដែលជាមិត្តម្នាក់ក្នុងចំណោមមិត្តបីនាក់ដែលបានទៅជួបយ៉ូប ឲ្យចោទថាមនុស្សយើងគឺខ្សោយណាស់។ ដោយសំដៅទៅលើមនុស្ស«ប្រៀបដូចជាផ្ទះធ្វើពីដីឥដ្ឋសង់លើដី» គាត់បានប្រាប់យ៉ូបថា៖ «[ពួកគេ]ស្រួលកម្ទេចជាងញេចសត្វល្អិត នោះលោកច្បាស់ជាស្រួលចាប់កំហុសជាងនោះទៅទៀត! នៅពេលព្រឹកពួកគេមានជីវិត តែពេលល្ងាចពួកគេបានត្រូវបំផ្លាញចោលទាំងស្រុង ពួកគេវិនាសសូន្យទៅ ហើយគ្មាននរណាចាប់អារម្មណ៍ឡើយ»។—យ៉ូប ៤:១៩, ២០
នៅខគម្ពីរឯទៀត មនុស្សបានត្រូវប្រដូចទៅនឹង«ភាជនៈដី»។ (២កូ. ៤:៧) យើងខ្សោយដោយសារភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះដែលយើងទទួលជាមត៌ក។ (រ៉ូម ៥:១២) បើគ្មានជំនួយ យើងងាយរងការវាយប្រហារពីសាថាន។ ប៉ុន្តែជាគ្រិស្តសាសនិក យើងមិនមែនគ្មានជំនួយទេ។ ទោះជាយើងទន់ខ្សោយក៏ដោយ យើងមានតម្លៃចំពោះព្រះ។ (អេ. ៤៣:៤) ម្យ៉ាងទៀត ព្រះយេហូវ៉ាផ្ដល់ឫទ្ធានុភាពបរិសុទ្ធដល់អស់អ្នកដែលសុំលោក។ (លូក. ១១:១៣) លោកអាចផ្ដល់ឲ្យយើងនូវ«ឫទ្ធានុភាពដែលលើសពីធម្មតា» ហើយនេះជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកណាដែលសាថានវាយប្រហារមកលើយើង។ (២កូ. ៤:៧; ភី. ៤:១៣) បើយើងតស៊ូនឹងមេកំណាច«ដោយមានជំនឿមាំមួន» នោះព្រះនឹងធ្វើឲ្យយើងរឹងមាំហើយខ្លាំងក្លា។ (១ពេ. ៥:៨-១០) ដូច្នេះ យើងមិនចាំបាច់ខ្លាចមេកំណាចសាថានទេ។
mrt-E លេខ៣២ វ.១៣-១៧
ចូរការពារខ្លួនពីព័ត៌មានក្លែងក្លាយ
● ពិនិត្យមើលប្រភពនិងព័ត៌មាន
គម្ពីរចែងថា៖ «ចូរពិចារណាអ្វីៗទាំងអស់ឲ្យប្រាកដថាត្រឹមត្រូវ»។—ថែស្សាឡូនិចទី១ ៥:២១
មុនជឿឬផ្ញើបន្តនូវព័ត៌មានណាមួយ ទោះបីព័ត៌មាននោះល្បីឬមានគេផ្សាយច្រើនក្ដី សូមធ្វើឲ្យប្រាកដថានោះជាព័ត៌មានពិត។ តើតាមរបៀបណា?
ពិនិត្យមើលថាប្រភពនៃព័ត៌មាននោះគួរឲ្យទុកចិត្តឬយ៉ាងណា។ ក្រុមហ៊ុនសារព័ត៌មាននិងអង្គការឯទៀតប្រហែលជាកាន់ជើងចំពោះរឿងណាមួយដោយសារតែពួកគេចង់ទទួលផលចំណេញឬគាំទ្រគណៈបក្សនយោបាយណាមួយ។ ប្រៀបធៀបអ្វីដែលអ្នកឃើញពីប្រភពមួយទៅនឹងប្រភពមួយទៀត។ ជួនកាល មិត្តភក្ដិយើងប្រហែលជាផ្ញើព័ត៌មានមិនពិតមកយើងដោយអចេតនាតាមរយៈអ៊ីម៉ែល ឬបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាជាដើម។ ដូច្នេះ សូមកុំទុកចិត្តព័ត៌មានណាមួយភ្លាមៗ រហូតទាល់តែអ្នកបានពិនិត្យមើលប្រភពដើមជាមុនសិន។
ធ្វើឲ្យប្រាកដថាព័ត៌មាននោះគឺថ្មីបំផុតនិងត្រឹមត្រូវ។ ស្វែងរកកាលបរិច្ឆេទ ព័ត៌មានដែលផ្ទៀងផ្ទាត់បាន និងភ័ស្តុតាងរឹងមាំដែលគាំទ្រអ្វីដែលគេកំពុងនិយាយនោះ។ សូមកាន់តែប្រុងប្រយ័ត្នបើព័ត៌មាននោះជាអ្វីដែលស្មុគស្មាញ តែអ្នកផ្សាយធ្វើឲ្យវាទៅជាសាមញ្ញពេក ឬប្រសិនបើហេតុការណ៍នោះបានត្រូវរៀបចំឡើងដើម្បីជំរុញចិត្តអ្នកមើលឲ្យរំជួលអារម្មណ៍។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០៣-E ១៥/៥ ទំ.២២ វ.៥-៦
ចូរពង្រឹងជំហរមាំមួន ហើយឈ្នះក្នុងការរត់ប្រណាំងឲ្យបានជីវិត
ការរួមចំណែកក្នុងអង្គការដែលគោរពប្រណិប័តន៍ព្រះពិតនៅទូទាំងពិភពលោក អាចមានឥទ្ធិពលខ្លាំងមកលើយើង។ ពិតជាមានពរមែនដែលយើងអាចសេពគប់ជាមួយបងប្អូនរួមជំនឿនៅទូទាំងផែនដី! (ពេត្រុសទី១ ២:១៧) ហើយយើងក៏អាចមានឥទ្ធិពលទៅលើបងប្អូនយើងដែរ។
សូមពិចារណាគំរូរបស់យ៉ូបដែលជាបុរសស្មោះត្រង់ម្នាក់។ ទោះបីជាអេលីផាសដែលជាអ្នកសម្រាលទុក្ខក្លែងក្លាយក៏បានសារភាពថា៖ «ពាក្យសម្ដីរបស់អ្នកបានជួយទប់មនុស្សដែលជំពប់ដួល ហើយអ្នកតែងតែធ្វើឲ្យមនុស្សដែលទន់ខ្សោយហៀបនឹងដួល មានកម្លាំងឡើងវិញ»។ (យ៉ូប ៤:៤) ចុះយើងវិញ? យើងម្នាក់ៗមានភារកិច្ចជួយបងប្អូនរួមជំនឿឲ្យស៊ូទ្រាំក្នុងកិច្ចបម្រើព្រះ។ ពេលដែលយើងជួបពួកគេ យើងអាចធ្វើដូចខគម្ពីរនេះដែលថា៖ «ចូរចម្រើនកម្លាំងដល់ដៃដែលខ្សោយ ហើយពង្រឹងជង្គង់ដែលញ័រឲ្យមាំ»។ (អេសាយ ៣៥:៣) ដូច្នេះ សូមមានគោលដៅពង្រឹងនិងលើកទឹកចិត្តបងប្អូនពីរបីនាក់រាល់ដងដែលអ្នកជួបពួកគេ។ (ហេប្រឺ ១០:២៤, ២៥) ការសរសើរយ៉ាងកក់ក្ដៅនិងការដឹងគុណពួកគេចំពោះការខំព្យាយាមដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត អាចជួយពួកគេឲ្យកាន់ជំហរមាំមួន ហើយឈ្នះក្នុងការរត់ប្រណាំងឲ្យបានជីវិត។
ថ្ងៃទី១៦-២២ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ៦-៧
«ពេលជីវិតពិបាកស៊ូទ្រាំ»
g-E ១/១២ ទំ.១៦-១៧
ពេលដែលអ្នកមិនអាចស៊ូទ្រាំតទៅទៀតក្នុងជីវិត
ទោះបីជាស្ថានភាពរបស់អ្នកមើលទៅគ្មានដំណោះស្រាយ សូមចាំថាអ្នកមិនដែលនៅម្នាក់ឯងទេ ហើយគួរឲ្យស្ដាយមនុស្សស្ទើរតែទាំងអស់កំពុងជួបបញ្ហានៅសព្វថ្ងៃ។ គម្ពីរចែងថា៖ «អ្វីៗទាំងឡាយដែលព្រះបានបង្កើត ក៏ថ្ងូរនិងឈឺចាប់ជាមួយគ្នាឥតឈប់»។ (រ៉ូម ៨:២២) ក្នុងរយៈពេលខ្លីបញ្ហារបស់អ្នកមើលទៅហាក់ដូចជាគ្មានដំណោះស្រាយនោះទេ តែកាលដែលពេលវេលាកន្លងទៅ អ្វីទាំងនោះអាចល្អប្រសើរឡើងវិញ។ តែទម្រាំដល់ពេលនោះ តើអ្នកអាចធ្វើអ្វី?
ប្រាប់ពីអារម្មណ៍របស់អ្នកទៅកាន់មិត្តភក្ដិដែលមានភាពចាស់ទុំនិងគួរឲ្យទុកចិត្ត។ គម្ពីរចែងថា៖ «មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមក ដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។ (សុភាសិត ១៧:១៧) យ៉ូបដែលជាបុរសដ៏សុចរិតម្នាក់ដែលបានត្រូវរៀបរាប់ក្នុងគម្ពីរ បានប្រាប់ពីអារម្មណ៍របស់គាត់ទៅកាន់អ្នកឯទៀតក្នុងអំឡុងពេលដែលគាត់ជួបទុក្ខលំបាក។ ពេលគាត់មានអារម្មណ៍ថាគាត់«ស្អប់ខ្ពើមជីវិត»របស់គាត់ គាត់បាននិយាយថា៖ «ខ្ញុំនឹងទម្លាយទុក្ខម្នេញចេញឲ្យអស់។ ខ្ញុំនឹងបរិយាយអំពីទុក្ខធ្ងន់របស់ខ្ញុំចេញមក!»។ (យ៉ូប ១០:១) ការប្រាប់ពីអារម្មណ៍របស់ខ្លួនឯងទៅអ្នកឯទៀតអាចកាត់បន្ថយអារម្មណ៍តានតឹង ហើយជួយអ្នកឲ្យមានទស្សនៈត្រឹមត្រូវចំពោះបញ្ហាដែលអ្នកកំពុងជួប។
អធិដ្ឋានអស់ពីចិត្តទៅព្រះ។ មនុស្សខ្លះគិតថាការអធិដ្ឋានជាជំនួយខាងផ្លូវចិត្តតែប៉ុណ្ណោះ តែគម្ពីរប្រាប់ផ្ទុយពីនេះ។ ចម្រៀងសរសើរព្រះ ៦៥:២ ហៅព្រះយេហូវ៉ាថា«ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន» ហើយពេត្រុសទី១ ៥:៧ ចែងថា៖ «លោករមែងគិតអំពីអ្នករាល់គ្នា»។ គម្ពីរក៏បង្ហាញម្ដងហើយម្ដងទៀតថាគឺសំខាន់ឲ្យយើងពឹងផ្អែកទៅលើព្រះយេហូវ៉ា ពេលយើងមានការតានតឹងចិត្ត។ ជាឧទាហរណ៍៖
«ចូរទុកចិត្តព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្ត កុំពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឡើយ។ ទោះជាកូនធ្វើអ្វីក៏ដោយ ចូរគិតដល់លោក នោះលោកនឹងធ្វើឲ្យផ្លូវជីវិតរបស់កូនបានរលូន»។—សុភាសិត ៣:៥, ៦
‹[ព្រះយេហូវ៉ា]បំពេញបំណងប្រាថ្នារបស់អស់អ្នកដែលកោតខ្លាចលោក លោកឮពាក្យស្រែកអង្វរសុំរបស់ពួកគេ ហើយលោកក៏ជួយពួកគេ›។—ចម្រៀងសរសើរព្រះ ១៤៥:១៩
«យើងមានទំនុកចិត្តថា អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង»។—យ៉ូហានទី១ ៥:១៤
«ព្រះយេហូវ៉ានៅឆ្ងាយពីមនុស្សទុច្ចរិត តែលោកឮសេចក្ដីអធិដ្ឋានរបស់មនុស្សសុចរិត»។—សុភាសិត ១៥:២៩
បើសិនជាអ្នកប្រាប់ព្រះយេហូវ៉ាអំពីការពិបាកដែលអ្នកជួបប្រទះ នោះលោកនឹងគាំទ្រអ្នក។ មានមូលហេតុល្អដែលគម្ពីរលើកទឹកចិត្តយើងឲ្យ«ទុកចិត្តលោកគ្រប់ពេលវេលា . . . ជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់អ្នក»។—ចម្រៀងសរសើរព្រះ ៦២:៨
ថ្ងៃទី២៣-២៩ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ៨-១០
«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះការពារយើងពីការកុហករបស់សាថាន»
w១៥-E ១/៧ ទំ.១២ វ.៣
តើយើងពិតជាអាចធ្វើឲ្យព្រះពេញចិត្តបានដែរឬទេ?
យ៉ូបបានរងទុក្ខវេទនាយ៉ាងខ្លាំងដែលមើលទៅហាក់ដូចជាអយុត្តិធម៌។ គាត់មានទស្សនៈមិនត្រឹមត្រូវ ហើយសន្និដ្ឋានថាព្រះមិនបានយកចិត្តទុកដាក់ចំពោះគាត់ឡើយ ទោះបីជាគាត់រក្សាជំនឿទៅលើលោកក្ដី។ (យ៉ូប ៩:២០-២២) គាត់ជឿជាក់ថាគាត់ជាមនុស្សសុចរិត ហើយចំពោះអ្នកឯទៀត ស្ដាប់មើលទៅគាត់ដូចជាសុចរិតជាងព្រះទៅទៀត។—យ៉ូប ៣២:១, ២; ៣៥:១, ២។
ថ្ងៃទី៣០ ខែតុលា-ថ្ងៃទី៥ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ១១-១២
«វិធីបីយ៉ាងដើម្បីទទួលប្រាជ្ញាហើយទទួលប្រយោជន៍»
it-2-E ទំ.១១៩០ វ.២
ប្រាជ្ញា
ប្រាជ្ញាពីព្រះ។ ប្រាជ្ញាដ៏ល្អបំផុតគឺមកពីព្រះយេហូវ៉ា ហើយមានតែ‹លោកប៉ុណ្ណោះដែលមានប្រាជ្ញា›ពិតប្រាកដ។ (រ៉ូម ១៦:២៧; បប ៧:១២) ប្រាជ្ញាគឺជាការស្គាល់ការពិត ដូច្នេះដោយសារព្រះយេហូវ៉ាគឺជាអ្នកបង្កើតអ្វីៗទាំងអស់ ហើយ«គ្មានទីចាប់ផ្ដើម និងគ្មានទីបញ្ចប់» (ចសព. ៩០:១, ២) នោះលោកដឹងអ្វីទាំងអស់អំពីសកលលោក លក្ខណៈនិងអ្វីៗដែលមាននៅក្នុងសកលលោក និងប្រវត្តិរបស់វារហូតមកដល់សព្វថ្ងៃនេះ។ ច្បាប់ធម្មជាតិ វដ្ដធម្មជាតិផ្សេងៗ និងស្តង់ដាក្នុងសកលលោក ដែលមនុស្សត្រូវការដើម្បីស្រាវជ្រាវនិងបង្កើតអ្វីផ្សេងៗ គឺមកពីការបង្កើតរបស់ព្រះ។ បើគ្មានអ្វីទាំងនេះទេ មនុស្សមិនអាចធ្វើអ្វីបានឡើយ។ (យ៉ូប ៣៨:៣៤-៣៨; ចសព. ១០៤:២៤; សុភ. ៣:១៩; យេ. ១០:១២, ១៣) ហេតុនេះហើយខ្នាតតម្រាសីលធម៌របស់ព្រះគឺសំខាន់ចាំបាច់ដើម្បីឲ្យមនុស្សមានភាពនឹងនរ ធ្វើការសម្រេចចិត្តត្រឹមត្រូវ និងមានសុភមង្គលក្នុងជីវិត។ (បច. ៣២:៤-៦) គ្មានអ្វីដែលហួសពីការយល់ដឹងរបស់លោកឡើយ។ (អេ. ៤០:១៣, ១៤) ទោះជាលោកប្រហែលជាអនុញ្ញាតឲ្យអ្វីៗដែលខុសពីខ្នាតតម្រាដ៏សុចរិតរបស់លោកកើតឡើង ហើយរីកចម្រើនជាបណ្ដោះអាសន្នក៏ដោយ តែអនាគតគឺស្រេចទៅលើលោកទាំងស្រុង ហើយនឹងកើតឡើងស្របតាមបំណងប្រាថ្នារបស់លោក។ ប្រសាសន៍របស់លោក«នឹងបានសម្រេចគ្រប់ជំពូក»។—អេ. ៥៥:៨-១១; ៤៦:៩-១១
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០៨-E ១/៨ ទំ.១១ វ.៥
ការប្រាស្រ័យទាក់ទងជាមួយនឹងកូនវ័យជំទង់
▪ ‹តើខ្ញុំយល់អត្ថន័យនៃពាក្យសម្ដីរបស់កូនឬទេ?›។ យ៉ូប ១២:១១ ចែងថា៖ «ត្រចៀកគឺសម្រាប់ស្ដាប់ដើម្បីពិចារណាពាក្យសម្ដី ដូចអណ្ដាតគឺសម្រាប់ភ្លក់ឲ្យដឹងរសជាតិអាហារ មែនទេ?»។ ឥឡូវលើសពីពេលមុនៗទៅទៀត អ្នកត្រូវតែ«ស្ដាប់ដើម្បីពិចារណា»អ្វីៗដែលកូនប្រុសឬកូនស្រីរបស់អ្នកនិយាយ។ ក្មេងជំទង់ភាគច្រើននិយាយដោយពន្លើស។ ជាឧទាហរណ៍ កូនប្រុសឬកូនស្រីរបស់អ្នកប្រហែលនិយាយថា «ប៉ាម៉ាក់តែងតែគិតថាខ្ញុំដូចជាកូនក្មេងអ៊ីចឹង!» ឬ «ប៉ាម៉ាក់មិនដែលស្ដាប់កូនសោះ!»។ ជាជាងផ្ដោតអារម្មណ៍ទៅលើពាក្យ«តែងតែ»និង«មិនដែល» សូមយល់ឃើញថាកូនរបស់អ្នកប្រហែលជាមិននិយាយក្នុងន័យត្រង់ទេ។ ជាឧទាហរណ៍ «ប៉ាម៉ាក់តែងតែគិតថាខ្ញុំដូចជាកូនក្មេងអ៊ីចឹង!» អាចមានន័យថា «ខ្ញុំមានអារម្មណ៍ថាប៉ាម៉ាក់មិនទុកចិត្តខ្ញុំទេ» ហើយ «ប៉ាម៉ាក់មិនដែលស្ដាប់កូនសោះ!» ប្រហែលជាមានន័យថា «កូនចង់ប្រាប់ប៉ាម៉ាក់អំពីអារម្មណ៍របស់កូន»។ ដូច្នេះ សូមព្យាយាមយល់អត្ថន័យនៃពាក្យសម្ដីរបស់កូនៗ។