-
ការកើតម្ដងទៀត តើបើកផ្លូវឲ្យព្រះសង្គ្រោះទេ?ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ ឧសភា
-
-
ការកើតម្ដងទៀត តើបើកផ្លូវឲ្យព្រះសង្គ្រោះទេ?
«តើអ្នកបានកើតម្ដងទៀតទេ?»។ តើអ្នកនឹងឆ្លើយសំណួរនេះយ៉ាងដូចម្ដេច? គ្រិស្តសាសនិករាប់លាននាក់ទូទាំងផែនដីនឹងឆ្លើយខ្លាំងៗថា «មែន!»។ ពួកគេជឿថាការកើតម្ដងទៀតជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាពួកគេជាគ្រិស្តសាសនិកពិត ហើយនេះជាវិធីតែមួយគត់ដើម្បីឲ្យព្រះសង្គ្រោះយើង។ ពួកគេយល់ស្របនឹងទស្សនៈរបស់អ្នកដឹកនាំសាសនាដូចជាសាសនវិទូម្នាក់ឈ្មោះរ៉ូបឺត សាប្រួល ដែលបានសរសេរថា៖ «ប្រសិនបើបុគ្គលម្នាក់មិនកើតម្ដងទៀត . . . បុគ្គលនោះមិនមែនជាគ្រិស្តសាសនិកឡើយ»។
តើអ្នកស្ថិតក្នុងចំណោមអស់អ្នកដែលជឿថាការកើតម្ដងទៀតបើកផ្លូវឲ្យព្រះសង្គ្រោះអ្នកឬទេ? បើមែន អ្នកពិតជាចង់ជួយញាតិសន្ដាននិងមិត្តភក្ដិរបស់អ្នកឲ្យរកឃើញហើយចាប់ផ្ដើមដើរតាមផ្លូវនោះដែរ មែនទេ? ក៏ប៉ុន្តែ ដើម្បីឲ្យពួកគេធ្វើដូចនេះ ពួកគេត្រូវយល់ភាពខុសគ្នារវាងអ្នកដែលកើតម្ដងទៀត និងអ្នកដែលមិនបានកើតម្ដងទៀត។ តើអ្នកនឹងពន្យល់យ៉ាងណាឲ្យពួកគេយល់អត្ថន័យនៃការកើតម្ដងទៀត?
មនុស្សជាច្រើនជឿថាពាក្យ«កើតម្ដងទៀត»សំដៅទៅលើអ្នកដែលបានសន្យាយ៉ាងស្មោះដើម្បីបម្រើព្រះនិងគ្រិស្ត ហើយជាលទ្ធផលត្រូវបានផ្លាស់ប្ដូរពីការគ្មានចំណងមេត្រីភាពជាមួយព្រះ ទៅជាមានចំណងមេត្រីភាពជាមួយលោក។
តើអ្នកនឹងភ្ញាក់ផ្អើលទេ បើដឹងថាគម្ពីរមិនឯកភាពនឹងជំនឿនេះ? តើអ្នកចង់ដឹងអ្វីដែលគម្ពីរពិតជាបង្រៀនអំពីការកើតម្ដងទៀតទេ? អ្នកនឹងពិតជាទទួលប្រយោជន៍ពីការពិចារណាយ៉ាងហ្មត់ចត់អំពីរឿងនេះ។ ហេតុអ្វី? ដោយសារការយល់ត្រឹមត្រូវអំពីអត្ថន័យនៃការកើតម្ដងទៀតនឹងមានឥទ្ធិពលលើជីវិតរបស់អ្នក ហើយអ្វីដែលអ្នកសង្ឃឹមនឹងបាននៅអនាគត។
តើគម្ពីរបង្រៀនយ៉ាងណា?
ក្នុងគម្ពីរទាំងមូល មានតែយ៉ូហាន ៣:១-១២ទេដែលប្រើពាក្យ«កើតម្ដងទៀត»។ កំណត់ហេតុនោះរៀបរាប់ពីការសន្ទនាដែលគួរឲ្យចាប់អារម្មណ៍រវាងលោកយេស៊ូនិងអ្នកនាំមុខសាសនាម្នាក់ក្នុងទីក្រុងយេរូសាឡិម។ អ្នកអាចអានកំណត់ហេតុដែលបានដកស្រង់ទាំងមូលពីគម្ពីរក្នុងប្រអប់នៅទំព័រនេះ ដូច្នេះយើងសូមអញ្ជើញលោកអ្នកឲ្យអានកំណត់ហេតុនេះយ៉ាងដិតដល់។
ក្នុងកំណត់ហេតុនោះ លោកយេស៊ូបានលើកចំណុចផ្សេងៗពី‹ការកើតជាថ្មី›។a តាមពិត ការសន្ទនារបស់លោកយេស៊ូជួយយើងឲ្យឆ្លើយសំណួរសំខាន់ៗទាំងប្រាំនេះ:
◼ តើការកើតជាថ្មីសំខាន់យ៉ាងណា?
◼ តើការកើតជាថ្មីស្រេចទៅលើយើងចង់ឬមិនចង់ឬ?
◼ តើកើតជាថ្មីក្នុងបំណងអ្វី?
◼ តើមនុស្សកើតម្ដងទៀតយ៉ាងដូចម្ដេច?
◼ ព្រះនិងមនុស្សដែលបានកើតជាថ្មីតើត្រូវអ្វីនឹងគ្នា?
សូមឲ្យយើងពិចារណាសំណួរទាំងនេះម្ដងមួយៗ។
[កំណត់សម្គាល់]
a ពាក្យ«កើតជាថ្មី»មាននៅក្នុងសៀវភៅពេត្រុសទី១ ១:៣, ២៣។ ពាក្យនេះក៏សំដៅទៅលើការ«កើតម្ដងទៀត»ដែរ។ ពាក្យទាំងពីរនេះមកពីកិរិយាសព្ទជាភាសាក្រិចដែលអានថាយិនណេអូ (gen·naʹo)។
[ប្រអប់/រូបភាពនៅទំព័រ៤]
«អ្នករាល់គ្នាត្រូវកើតម្ដងទៀត»
«មានបុរសផារិស៊ីម្នាក់ឈ្មោះនីកូដេម ដែលជាអ្នកគ្រប់គ្រងម្នាក់របស់ជនជាតិយូដា។ គាត់មកជួបលោកនៅពេលយប់ ហើយជម្រាបថា៖ ‹រ៉ាប៊ី យើងដឹងថាលោកជាអ្នកបង្រៀនដែលមកពីព្រះ ព្រោះគ្មានអ្នកណាអាចធ្វើសញ្ញាសម្គាល់ទាំងប៉ុន្មានដែលលោកធ្វើ លុះត្រាតែព្រះនៅជាមួយនឹងអ្នកនោះ›។ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំប្រាប់អ្នកការពិតថា អ្នកណាដែលមិនកើតម្ដងទៀត អ្នកនោះមិនអាចឃើញរាជាណាចក្ររបស់ព្រះបានឡើយ›។ នីកូដេមសួរលោកថា៖ ‹តើបុរសវ័យចាស់ម្នាក់អាចកើតម្ដងទៀតដូចម្ដេចបាន? គាត់មិនអាចចូលក្នុងផ្ទៃម្ដាយម្ដងទៀតហើយកើតមកបានឡើយ មែនទេ?›។ លោកយេស៊ូឆ្លើយថា៖ ‹ខ្ញុំប្រាប់អ្នកការពិតថា គ្មានអ្នកណាអាចចូលក្នុងរាជាណាចក្ររបស់ព្រះបានឡើយ លុះត្រាតែអ្នកនោះកើតពីទឹកនិងពីសកម្មពលរបស់ព្រះ។ អ្វីដែលកើតពីសាច់ឈាមគឺជាកូនមនុស្ស ហើយអ្វីដែលកើតពីសកម្មពលរបស់ព្រះគឺជាកូនព្រះ។ កុំឲ្យពាក្យដែលខ្ញុំប្រាប់អ្នកថា អ្នករាល់គ្នាត្រូវកើតម្ដងទៀតធ្វើឲ្យអ្នកឆ្ងល់ឡើយ។ ខ្យល់បក់ទៅទិសណាក៏បាន ហើយអ្នកឮសូរខ្យល់ តែមិនដឹងថាខ្យល់នោះមកពីណានិងកំពុងបក់ទៅណាទេ។ អស់អ្នកដែលកើតពីសកម្មពលរបស់ព្រះក៏ដូច្នោះដែរ›។ នីកូដេមតបទៅលោកថា៖ ‹តើការទាំងនេះអាចកើតឡើងយ៉ាងដូចម្ដេច?›។ លោកយេស៊ូតបទៅគាត់ថា៖ ‹តើអ្នកជាអ្នកបង្រៀនជនជាតិអ៊ីស្រាអែល តែមិនដឹងការទាំងនេះទេឬ? ខ្ញុំប្រាប់អ្នកការពិតថា យើងនិយាយអំពីអ្វីដែលយើងដឹង ក៏ធ្វើការបញ្ជាក់អំពីអ្វីដែលយើងបានឃើញ ប៉ុន្តែអ្នករាល់គ្នាមិនទទួលការបញ្ជាក់ពីយើងទេ។ ប្រសិនបើអ្នករាល់គ្នាមិនជឿពេលដែលខ្ញុំប្រាប់នូវអ្វីដែលទាក់ទងនឹងផែនដីទៅហើយ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន បើខ្ញុំប្រាប់នូវអ្វីដែលទាក់ទងនឹងស្ថានសួគ៌វិញ?›»។—យ៉ូហាន ៣:១-១២
-
-
ការកើតជាថ្មី តើសំខាន់យ៉ាងណា?ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ ឧសភា
-
-
ការកើតជាថ្មី តើសំខាន់យ៉ាងណា?
ក្នុងការសន្ទនាជាមួយនីកូដេម លោកយេស៊ូបានដៅបញ្ជាក់ថាការកើតជាថ្មី ឬកើតម្ដងទៀតមានសារៈសំខាន់ណាស់។ តើលោកបានបញ្ជាក់ពីសារៈសំខាន់នៃការកើតជាថ្មីយ៉ាងដូចម្ដេច?
សូមកត់សម្គាល់នូវរបៀបដែលលោកយេស៊ូបានដៅបញ្ជាក់សារៈសំខាន់នៃការកើតជាថ្មី ពេលលោកសន្ទនាជាមួយនីកូដេម។ លោកមានប្រសាសន៍ថា៖ «អ្នកណាដែលមិនកើតម្ដងទៀត អ្នកនោះមិនអាចឃើញរាជាណាចក្ររបស់ព្រះបានឡើយ»។ (យ៉ូហាន ៣:៣) ពាក្យដែលថា«មិន» សង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការកើតជាថ្មី។ ជាឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់និយាយថា «បើថ្ងៃមិនរះ នោះមិនអាចឃើញពន្លឺថ្ងៃ» គាត់ចង់និយាយថាត្រូវការថ្ងៃរះជាចាំបាច់ទើបអាចឃើញពន្លឺថ្ងៃ។ ស្រដៀងគ្នាដែរ លោកយេស៊ូមានប្រសាសន៍ថា គឺចាំបាច់ត្រូវកើតម្ដងទៀតទើបអាចឃើញរាជាណាចក្ររបស់ព្រះ។
នៅចុងបំផុត លោកយេស៊ូបានធ្វើឲ្យលែងមានការសង្ស័យអំពីរឿងនេះទៀត ដោយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាត្រូវកើតម្ដងទៀត»។ (យ៉ូហាន ៣:៧) យ៉ាងច្បាស់ណាស់ យោងទៅតាមលោកយេស៊ូ ការកើតម្ដងទៀតជាតម្រូវការចាំបាច់ដើម្បី«ចូលក្នុងរាជាណាចក្ររបស់ព្រះ»។—យ៉ូហាន ៣:៥
ដោយសារលោកយេស៊ូមានទស្សនៈថាការកើតជាថ្មីមានសារៈសំខាន់ណាស់ នោះគប្បីឲ្យពួកគ្រិស្តសាសនិកប្រាកដថា ពួកគេយល់អំពីរឿងនេះយ៉ាងត្រឹមត្រូវ។ ជាឧទាហរណ៍ តើអ្នកគិតថាគ្រិស្តសាសនិកម្នាក់អាចសម្រេចចិត្តដោយខ្លួនឯងថាគាត់ចង់ឬមិនចង់កើតម្ដងទៀតបានទេ?
[រូបភាពនៅទំព័រ៥]
«បើថ្ងៃមិនរះ នោះមិនអាចឃើញពន្លឺថ្ងៃ»
-
-
ការកើតជាថ្មី តើស្រេចទៅលើយើងទេ?ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ ឧសភា
-
-
ការកើតជាថ្មី តើស្រេចទៅលើយើងទេ?
តើអ្នកណាធ្វើឲ្យមនុស្សកើតជាថ្មី? ពេលអ្នកផ្សាយសាសនាខ្លះដាស់តឿនអ្នកស្ដាប់ឲ្យធ្វើជាគ្រិស្តសាសនិកដែលកើតម្ដងទៀត នោះជាញយដង ពួកគេដកស្រង់ពាក្យរបស់លោកយេស៊ូដែលថា៖ «អ្នករាល់គ្នាត្រូវកើតម្ដងទៀត»។ (យ៉ូហាន ៣:៧) អ្នកផ្សាយនោះយកពាក្យទាំងនេះធ្វើជាការបញ្ជាមួយ ហើយបើនិយាយឲ្យចំទៅ ពួកគេពោលថា «ចូរកើតម្ដងទៀតចុះ!»។ យ៉ាងនេះ ពួកគេផ្សាយថា ការស្ដាប់តាមលោកយេស៊ូហើយកើតជាថ្មីគឺស្រេចទៅលើគ្រិស្តសាសនិកម្នាក់ៗ។ យោងទៅតាមការវែកញែកបែបនេះ ការកើតជាថ្មីគឺស្រេចទៅលើចិត្តយើងម្នាក់ៗ។ ប៉ុន្តែ តើទស្សនៈនេះសមស្របនឹងអ្វីដែលលោកយេស៊ូប្រាប់នីកូដេមឬទេ?
ពេលយើងអានពាក្យរបស់លោកយេស៊ូដោយយកចិត្តទុកដាក់ នោះបញ្ជាក់ថាលោកមិនបង្រៀនថាការកើតជាថ្មីអាស្រ័យទៅលើចិត្តយើងម្នាក់ៗទេ។ ហេតុអ្វីបានជាយើងអាចនិយាយដូចនេះ? ពាក្យភាសាក្រិចដែលបានបកប្រែថា «កើតម្ដងទៀត» ក៏អាចបកប្រែថា «គួរកើតពីស្ថានលើ»។a យោងទៅតាមការបកប្រែនេះ ការកើតជាថ្មីគឺមក«ពីស្ថានលើ» ពោលគឺ«ពីស្ថានសួគ៌»ឬ«ពីបិតា»នៅស្ថានសួគ៌។ (យ៉ូហាន ១៩:១១; យ៉ាកុប ១:១៧) ត្រូវហើយ ការកើតជាថ្មីគឺមកពីព្រះ។—យ៉ូហានទី១ ៣:៩
ដូច្នេះ បើយើងចាំថាក្នុងភាសាដើមពាក្យកើតម្ដងទៀតអាចត្រូវបកប្រែថា «ពីស្ថានលើ» នោះមិនពិបាកឲ្យយើងយល់ថា មនុស្សមិនអាចផ្ដល់កំណើតឲ្យខ្លួនឯងបានឡើយ។ សូមគិតអំពីកំណើតរបស់ខ្លួន តើអ្នកកើតមកដោយសារបានសម្រេចចិត្តខ្លួនឯងថាចង់កើតទេ? មិនមែនទេ! អ្នកកើតមកដោយសារមាតាបិតាផ្ដល់កំណើតឲ្យអ្នក។ ស្រដៀងគ្នាដែរ លុះត្រាតែព្រះដែលជាបិតានៅស្ថានសួគ៌ធ្វើឲ្យយើងកើតជាថ្មី ទើបយើងអាចកើតជាថ្មីបាន។ (យ៉ូហាន ១:១៣) យ៉ាងនេះ សាវ័កប៉ូលនិយាយត្រឹមត្រូវថា៖ «សូមសរសើរលោកដែលជាព្រះនិងជាបិតារបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ព្រោះដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅរបស់លោក លោកបានធ្វើឲ្យយើងកើតជាថ្មី»។—ពេត្រុសទី១ ១:៣
តើការកើតម្ដងទៀតគឺជាបញ្ជាឬ?
មនុស្សខ្លះប្រហែលជាឆ្ងល់ថា ‹បើការកើតជាថ្មីមិនស្រេចទៅលើយើង ហេតុអ្វីបានជាលោកយេស៊ូបញ្ជាថា៖ «អ្នករាល់គ្នាត្រូវកើតម្ដងទៀត»?›។ នេះជាសំណួរល្អ។ យ៉ាងណាមិញ ប្រសិនបើពាក្យរបស់លោកយេស៊ូគឺជាបញ្ជាមែន លោកបានបង្គាប់ឲ្យយើងធ្វើអ្វីមួយដែលយើងមិនអាចធ្វើបាន។ នេះមិនសមហេតុសមផលទេ។ បើដូច្នេះ តើយើងគួរយល់យ៉ាងណាចំពោះពាក្យដែលថា អ្នកត្រូវ«កើតម្ដងទៀត»?
ការពិនិត្យមើលពាក្យនេះក្នុងភាសាដើមបង្ហាញថា នេះមិនមែនជាបញ្ជាទេ។ ផ្ទុយទៅវិញ ពាក្យនេះជាឃ្លាធម្មតា។ ដូច្នេះ ពេលលោកយេស៊ូមានប្រសាសន៍ថា អ្នកត្រូវ«កើតម្ដងទៀត» នោះលោកប្រាប់ពីការពិតមួយ មិនមែនជាបញ្ជាទេ។ ស្តីអំពីប្រសាសន៍របស់លោកយេស៊ូ សេចក្ដីបកប្រែមួយទៀតចែងថា៖ «គឺចាំបាច់ឲ្យអ្នកកើតពីស្ថានលើ»។—យ៉ូហាន ៣:៧, Modern Young’s Literal Translation
ដើម្បីបង្ហាញភាពខុសគ្នារវាងឃ្លាបញ្ជានិងឃ្លាធម្មតា សូមគិតអំពីការប្រៀបធៀបមួយដូចតទៅនេះ: សូមគិតអំពីទីក្រុងដែលមានសាលារៀនមួយចំនួន។ ក្នុងចំណោមសាលាទាំងនោះ មានតែសាលារៀនមួយសម្រាប់ក្មេងជនជាតិភាគតិចដែលរស់នៅឆ្ងាយពីទីក្រុង។ ថ្ងៃមួយ ក្មេងជំទង់ម្នាក់ដែលមិនមែនជាជនជាតិភាគតិច ប្រាប់នាយកសាលាថា៖ «ខ្ញុំចង់ចុះឈ្មោះនៅសាលានេះ»។ នាយកសាលាប្រាប់ក្មេងនោះថា៖ «ដើម្បីចុះឈ្មោះបាន ប្អូនត្រូវជាជនជាតិភាគតិច»។ ពាក្យរបស់នាយកសាលាមិនមែនជាបញ្ជាទេ។ គាត់មិនបង្គាប់ក្មេងជំទង់នោះថា «ឯងត្រូវតែជាជនជាតិភាគតិច!»។ ផ្ទុយទៅវិញ នាយកសាលាចង់និយាយថា៖ «ដើម្បីចុះឈ្មោះបាន គឺចាំបាច់ឲ្យប្អូនជាជនជាតិភាគតិច»។ នាយកសាលាគ្រាន់តែប្រាប់ពីការពិតមួយ ពោលគឺតម្រូវការដើម្បីចូលរៀននៅសាលានោះ។ ស្រដៀងគ្នាដែរ ពេលលោកយេស៊ូមានប្រសាសន៍ថា៖ «អ្នករាល់គ្នាត្រូវកើតម្ដងទៀត» នោះលោកគ្រាន់តែប្រាប់ពីការពិត គឺតម្រូវការដើម្បី«ចូលក្នុងរាជាណាចក្ររបស់ព្រះ»។
ប៉ុន្តែ រាជាណាចក្ររបស់ព្រះជាប់ពាក់ព័ន្ធនឹងចំណុចមួយទៀតដែលទាក់ទងនឹងការកើតជាថ្មី។ ចំណុចនេះទាក់ទងនឹងសំណួរដែលថា តើកើតម្ដងទៀតគឺក្នុងបំណងអ្វី? ការដឹងចម្លើយចំពោះសំណួរនេះគឺសំខាន់ចាំបាច់ដើម្បីឲ្យយើងយល់យ៉ាងត្រឹមត្រូវនូវអត្ថន័យនៃការកើតម្ដងទៀត។
[កំណត់សម្គាល់]
a សេចក្ដីបកប្រែគម្ពីរមួយចំនួនក៏បានបកប្រែយ៉ូហាន ៣:៣ ដូចនេះដែរ។ ជាឧទាហរណ៍ សេចក្ដីបកប្រែគម្ពីរតាមន័យត្រង់ បកប្រែខនេះថា៖ «ប្រសិនបើមនុស្សមិនទទួលកំណើតពីស្ថានលើ នោះគាត់មិនអាចឃើញរាជាណាចក្ររបស់ព្រះបានឡើយ»។
[រូបភាពនៅទំព័រ៦]
ពេលមាតាបិតាផ្ដល់កំណើតឲ្យយើង និងពេលកើតជាថ្មីដូចបានរៀបរាប់ក្នុងគម្ពីរ តើទាំងពីរនេះមានភាពស្រដៀងគ្នាយ៉ាងណា?
-
-
ការកើតជាថ្មី តើក្នុងបំណងអ្វី?ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ ឧសភា
-
-
ការកើតជាថ្មី តើក្នុងបំណងអ្វី?
មនុស្សជាច្រើនជឿថាយើងត្រូវកើតម្ដងទៀតទើបអាចមានជីវិតរស់ជារៀងរហូតបាន។ ប៉ុន្តែ សូមកត់សម្គាល់អ្វីដែលលោកយេស៊ូមានប្រសាសន៍អំពីបំណងនៃការកើតជាថ្មី។ លោកចែងថា៖ «អ្នកណាដែលមិនកើតម្ដងទៀត អ្នកនោះមិនអាចឃើញរាជាណាចក្ររបស់ព្រះបានឡើយ»។ (យ៉ូហាន ៣:៣) យ៉ាងនេះ មនុស្សត្រូវកើតម្ដងទៀតដើម្បីអាចចូលក្នុងរាជាណាចក្ររបស់ព្រះបាន មិនមែនដើម្បីទទួលសេចក្ដីសង្គ្រោះឡើយ។ មនុស្សខ្លះប្រហែលជាប្រកែកថា៖ ‹ប៉ុន្តែ តើឃ្លាទាំងពីរនេះ ពោលគឺការចូលក្នុងរាជាណាចក្ររបស់ព្រះ និងការទទួលសេចក្ដីសង្គ្រោះ សំដៅទៅលើរង្វាន់តែមួយទេ?›។ មិនមែនទេ! ដើម្បីយល់ភាពខុសគ្នា មុនដំបូងសូមឲ្យយើងពិចារណាអត្ថន័យនៃពាក្យ«រាជាណាចក្ររបស់ព្រះ»។
រាជាណាចក្រជារដ្ឋាភិបាលមួយ ដូច្នេះ ពាក្យ«រាជាណាចក្ររបស់ព្រះ» មានន័យថា «រដ្ឋាភិបាលរបស់ព្រះ»។ គម្ពីរបង្រៀនថាលោកយេស៊ូគ្រិស្ត ដែលជា‹កូនមនុស្ស› ជាស្តេចនៃរាជាណាចក្ររបស់ព្រះ ហើយក៏មានអ្នកគ្រប់គ្រងជាមួយនឹងគ្រិស្តដែរ។ (ដានីយ៉ែល ៧:១, ១៣, ១៤; ម៉ាថាយ ២៦:៦៣, ៦៤) ម្យ៉ាងទៀត សាវ័កយ៉ូហានបានឃើញក្នុងគំនិតថាអ្នកគ្រប់គ្រងជាមួយគ្រិស្តបានត្រូវយកពី«គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ពូជសាសន៍ និងគ្រប់ប្រជាជាតិ» ហើយនឹង«ធ្វើជាស្តេចគ្រប់គ្រងលើផែនដី»។ (ការបើកបង្ហាញ ៥:៩, ១០; ២០:៦) បណ្ដាំរបស់ព្រះបានបង្ហាញថាអស់អ្នកដែលនឹងគ្រប់គ្រងជាស្តេចមានចំនួន១៤៤.០០០នាក់ដែលជា«ហ្វូងតូច»«បានត្រូវទិញពីផែនដី»។—លូកា ១២:៣២; ការបើកបង្ហាញ ១៤:១, ៣
តើរាជាណាចក្ររបស់ព្រះគ្រប់គ្រងពីកន្លែងណា? «រាជាណាចក្ររបស់ព្រះ»ក៏បានត្រូវហៅថា «រាជាណាចក្រស្ថានសួគ៌»ដែរ។ ដូច្នេះ នេះបង្ហាញថាលោកយេស៊ូនិងស្តេចឯទៀតគ្រប់គ្រងពីស្ថានសួគ៌។ (លូកា ៨:១០; ម៉ាថាយ ១៣:១១) យ៉ាងនេះ រាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលនៅស្ថានសួគ៌ដែលមានលោកយេស៊ូគ្រិស្តនិងអ្នកគ្រប់គ្រងជាមួយលោក ដែលបានត្រូវជ្រើសរើសពីមនុស្សជាតិ។
បើដូច្នេះ តើលោកយេស៊ូបង្កប់អត្ថន័យអ្វីពេលលោកមានប្រសាសន៍ថា មនុស្សត្រូវកើតម្ដងទៀតដើម្បី«ចូលក្នុងរាជាណាចក្ររបស់ព្រះ»? លោកចង់បញ្ជាក់ថាមនុស្សត្រូវកើតម្ដងទៀតដើម្បីក្លាយទៅជាអ្នកគ្រប់គ្រងជាមួយគ្រិស្តនៅស្ថានសួគ៌។ បើនិយាយឲ្យស្រួលយល់វិញ បំណងនៃការកើតជាថ្មីគឺដើម្បីរៀបចំមនុស្សមួយចំនួនឲ្យគ្រប់គ្រងនៅស្ថានសួគ៌។
រហូតមកដល់ពេលនេះ យើងបានរៀនថាការកើតជាថ្មីមានសារៈសំខាន់ណាស់ គឺស្រេចលើព្រះ ហើយព្រះកំពុងរៀបចំមនុស្សមួយក្រុមឲ្យគ្រប់គ្រងនៅស្ថានសួគ៌។ ក៏ប៉ុន្តែ តើមនុស្សកើតជាថ្មីយ៉ាងដូចម្ដេច?
[ឃ្លាអក្សរធំនៅទំព័រ៧]
បំណងនៃការកើតជាថ្មីគឺដើម្បីរៀបចំមនុស្សមួយក្រុមឲ្យគ្រប់គ្រងនៅស្ថានសួគ៌
[រូបភាពនៅទំព័រ៧]
រាជាណាចក្ររបស់ព្រះមានលោកយេស៊ូគ្រិស្ត និងអ្នកគ្រប់គ្រងជាមួយលោកដែលបានត្រូវរើសពីចំណោមមនុស្សជាតិ
-
-
ការកើតជាថ្មី តើកើតឡើងយ៉ាងដូចម្ដេច?ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ ឧសភា
-
-
ការកើតជាថ្មី តើកើតឡើងយ៉ាងដូចម្ដេច?
លោកយេស៊ូមិនគ្រាន់តែបាននិយាយជាមួយនីកូដេមអំពីសារៈសំខាន់ បំណង ហើយការពិតថាព្រះធ្វើឲ្យមនុស្សកើតជាថ្មីប៉ុណ្ណោះឡើយ តែក៏បានប្រាប់អំពីរបៀបដែលមនុស្សអាចកើតជាថ្មី។ លោកយេស៊ូមានប្រសាសន៍ថា៖ «គ្មានអ្នកណាអាចចូលក្នុងរាជាណាចក្ររបស់ព្រះបានឡើយ លុះត្រាតែអ្នកនោះកើតពីទឹកនិងពីសកម្មពលរបស់ព្រះ»។ (យ៉ូហាន ៣:៥) ដូច្នេះ មនុស្សកើតជាថ្មីតាមរយៈទឹកនិងសកម្មពលរបស់ព្រះ។ ប៉ុន្តែ តើ‹ទឹកនិងសកម្មពលរបស់ព្រះ›សំដៅទៅលើអ្វី?
តើ‹ទឹកនិងសកម្មពលរបស់ព្រះ›ជាអ្វី?
លោកនីកូដេមជាអ្នកប្រាជ្ញខាងសាសនា ដូច្នេះ គាត់ពិតជាដឹងពីរបៀបដែលបទគម្ពីរភាសាហេប្រឺប្រើពាក្យ«វិញ្ញាណ[ឬសកម្មពល]របស់ព្រះ» ថាជាថាមពលដែលអាចមានឥទ្ធិពលលើមនុស្សឲ្យធ្វើកិច្ចការដ៏អស្ចារ្យ។ (លោកុប្បត្តិ ៤១:៣៨; និក្ខមនំ ៣១:៣; សាំយូអែលទី១ ១០:៦) ដូច្នេះ ពេលលោកយេស៊ូប្រើពាក្យ«សកម្មពលរបស់ព្រះ» នោះនីកូដេមពិតជាយល់ច្បាស់ថានេះសំដៅទៅលើសកម្មពលបរិសុទ្ធរបស់ព្រះ។
ចុះយ៉ាងណាចំពោះទឹកដែលលោកយេស៊ូចង់ដៅបញ្ជាក់? សូមពិចារណាពីព្រឹត្ដិការណ៍ដែលបានកត់ទុកមុននិងក្រោយការសន្ទនាជាមួយនីកូដេម។ ព្រឹត្ដិការណ៍ទាំងនេះបង្ហាញថាយ៉ូហានដែលជាអ្នកជ្រមុជទឹក និងអ្នកកាន់តាមលោកយេស៊ូកំពុងជ្រមុជមនុស្សក្នុងទឹក។ (យ៉ូហាន ១:១៩, ៣១; ៣:២២; ៤:១-៣) ការជ្រមុជមនុស្សក្នុងទឹកជាពិធីមួយដែលមនុស្សស្គាល់ជាទូទៅក្នុងក្រុងយេរូសាឡិម។ ដូច្នេះហើយ ពេលលោកយេស៊ូមានប្រសាសន៍អំពីទឹក នោះនីកូដេមពិតជាយល់ថាលោកសំដៅទៅលើការជ្រមុជមនុស្សក្នុងទឹក មិនមែនសំដៅទៅលើទឹកដែលមានជាទូទៅនោះឡើយ។
ការជ្រមុជ«ក្នុងសកម្មពលបរិសុទ្ធ»របស់ព្រះ
ប្រសិនបើការ«កើតពីទឹក»ទាក់ទងនឹងការជ្រមុជក្នុងទឹក តើការ«កើតពី . . . សកម្មពលរបស់ព្រះ»មានន័យអ្វី? មុនការសន្ទនារវាងលោកយេស៊ូនិងនីកូដេម យ៉ូហានដែលជាអ្នកជ្រមុជទឹកបានប្រកាសប្រាប់ថា មនុស្សអាចទទួលការជ្រមុជក្នុងសកម្មពលរបស់ព្រះដែរ មិនគ្រាន់តែក្នុងទឹកប៉ុណ្ណោះទេ។ គាត់បាននិយាយថា៖ «ខ្ញុំបានជ្រមុជអ្នករាល់គ្នាក្នុងទឹក តែលោក[យេស៊ូ]នឹងជ្រមុជអ្នករាល់គ្នាក្នុងសកម្មពលបរិសុទ្ធ»។ (ម៉ាកុស ១:៧, ៨) ម៉ាកុសដែលបានសរសេរសៀវភៅដំណឹងល្អ រៀបរាប់អំពីលើកដំបូងដែលការជ្រមុជក្នុងសកម្មពលរបស់ព្រះកើតឡើង។ គាត់សរសេរថា៖ «នៅគ្រានោះ លោកយេស៊ូបានមកពីក្រុងណាសារ៉ែតនៅស្រុកកាលីឡេ ហើយយ៉ូហានបានជ្រមុជទឹកឲ្យលោកក្នុងទន្លេយ៉ូដាន់។ ក្រោយពីងើបឡើងពីទឹកមកភ្លាម លោកក៏ឃើញមេឃបើកចំហ ហើយឃើញសកម្មពលរបស់ព្រះដូចជាសត្វព្រាប ចុះមកសណ្ឋិតលើលោក»។ (ម៉ាកុស ១:៩, ១០) កាលដែលលោកយេស៊ូបានត្រូវជ្រមុជក្នុងទន្លេយ៉ូដាន់ នោះលោកបានត្រូវជ្រមុជក្នុងទឹក។ នៅពេលដែលលោកបានទទួលសកម្មពលពីស្ថានសួគ៌ នោះលោកបានត្រូវជ្រមុជក្នុងសកម្មពលបរិសុទ្ធរបស់ព្រះ។
ប្រហែលជាបីឆ្នាំក្រោយពីលោកយេស៊ូទទួលការជ្រមុជទឹក នោះលោកបានធានាអ្នកកាន់តាមថា៖ «អ្នករាល់គ្នានឹងទទួលការជ្រមុជក្នុងសកម្មពលបរិសុទ្ធរបស់ព្រះ នៅប៉ុន្មានថ្ងៃខាងមុខនេះ»។ (សកម្មភាព ១:៥) តើនេះកើតឡើងនៅពេលណា?
នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. មានអ្នកកាន់តាមលោកយេស៊ូប្រហែលជា១២០នាក់បានជួបជុំគ្នានៅផ្ទះមួយក្នុងក្រុងយេរូសាឡិម។ «ស្រាប់តែមានសូរសំឡេងពីលើមេឃ ដូចសន្ធឹកខ្យល់បក់យ៉ាងខ្លាំង ឮពេញផ្ទះដែលពួកគាត់អង្គុយ។ រួចពួកគាត់ឃើញអ្វីដែលមើលទៅដូចជាអណ្ដាតភ្លើងជាច្រើនលេចមក . . . រួចពួកគាត់គ្រប់គ្នាក៏បានពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ»។ (សកម្មភាព ២:១-៤) នៅថ្ងៃដដែលនោះ មនុស្សឯទៀតក្នុងក្រុងយេរូសាឡិមបានត្រូវដាស់តឿនឲ្យទទួលការជ្រមុជទឹក។ សាវ័កពេត្រុសបានប្រាប់មនុស្សមួយក្រុមថា៖ «ចូរប្រែចិត្ត ហើយអ្នករាល់គ្នាម្នាក់ៗត្រូវទទួលការជ្រមុជទឹកដោយនូវនាមលោកយេស៊ូគ្រិស្ត ដើម្បីឲ្យការខុសឆ្គងរបស់អ្នករាល់គ្នាបានត្រូវអភ័យទោសឲ្យ រួចអ្នករាល់គ្នានឹងទទួលសកម្មពលបរិសុទ្ធរបស់ព្រះជាអំណោយទាន»។ តើពួកគេបានធ្វើអ្វី? «អស់អ្នកដែលបានជឿពាក្យរបស់គាត់យ៉ាងអស់ពីចិត្តបានទទួលការជ្រមុជទឹក ហើយនៅថ្ងៃនោះប្រហែលបីពាន់នាក់ បានត្រូវបន្ថែម»។—សកម្មភាព ២:៣៨, ៤១
ដំណាក់កាលពីរ
តើការជ្រមុជទាំងពីរនេះបង្ហាញអ្វីស្តីអំពីការកើតជាថ្មី? គឺបង្ហាញថាការកើតជាថ្មីកើតឡើងតាមរយៈដំណាក់កាលពីរ។ សូមកត់សម្គាល់ថា មុនដំបូងលោកយេស៊ូទទួលការជ្រមុជក្នុងទឹក។ បន្ទាប់មក លោកបានទទួលសកម្មពលបរិសុទ្ធរបស់ព្រះ។ ស្រដៀងគ្នាដែរ អ្នកកាន់តាមលោកយេស៊ូបានត្រូវជ្រមុជក្នុងទឹកជាមុន (ខ្លះបានត្រូវជ្រមុជក្នុងទឹកដោយយ៉ូហានដែលជាអ្នកជ្រមុជទឹក) ហើយក្រោយមកទទួលសកម្មពលបរិសុទ្ធរបស់ព្រះ។ (យ៉ូហាន ១:២៦- ៣៦) ដូចគ្នាដែរ អ្នកកាន់តាមលោកយេស៊ូថ្មីៗ៣.០០០នាក់នោះ បានទទួលការជ្រមុជក្នុងទឹកមុន ហើយក្រោយមកទទួលសកម្មពលបរិសុទ្ធរបស់ព្រះ។
ប្រសិនបើយើងចងចាំអំពីការជ្រមុជទាំងពីរដែលកើតឡើងនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ចុះសព្វថ្ងៃនេះ តើការកើតជាថ្មីគួរកើតឡើងយ៉ាងដូចម្ដេច? គឺដូចគ្នានឹងអ្វីដែលកើតឡើងដល់ពួកសាវ័កនិងអ្នកកាន់តាមលោកយេស៊ូនៅសម័យដើម។ មុនដំបូង បុគ្គលម្នាក់កែប្រែចិត្ត លែងប្រព្រឹត្តអំពើអាក្រក់ ហើយប្រគល់ជីវិតចំពោះព្រះយេហូវ៉ាដើម្បីគោរពប្រណិប័តន៍និងបម្រើលោក ព្រមទាំងបង្ហាញជាសាធារណៈអំពីការប្រគល់ខ្លួនដោយទទួលការជ្រមុជទឹក។ ក្រោយមក ប្រសិនបើព្រះជ្រើសរើសគាត់ឲ្យបម្រើជាអ្នកគ្រប់គ្រងក្នុងរាជាណាចក្ររបស់លោក នោះគាត់នឹងត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ ដំណាក់កាលទី១គឺការជ្រមុជក្នុងទឹក ហើយបុគ្គលនោះត្រូវសម្រេចចិត្តដោយខ្លួនឯង តែដំណាក់កាលទី២គឺការជ្រមុជក្នុងសកម្មពលរបស់ព្រះ និងព្រះជាអ្នកសម្រេចចិត្ត។ កាលណាបុគ្គលម្នាក់ទទួលការជ្រមុជទាំងពីរនេះ នោះគាត់បានកើតម្ដងទៀតហើយ។
ប៉ុន្តែ ក្នុងការសន្ទនាជាមួយនីកូដេម ហេតុអ្វីបានជាលោកយេស៊ូប្រើពាក្យ«កើតពីទឹកនិងពីសកម្មពលរបស់ព្រះ»? គឺពីព្រោះលោកចង់បង្ហាញថាអស់អ្នកដែលទទួលការជ្រមុជក្នុងទឹកនិងក្នុងសកម្មពលរបស់ព្រះ នឹងមានការផ្លាស់ប្ដូរដ៏អស្ចារ្យមួយ។ អត្ថបទបន្ទាប់នឹងពិចារណាអំពីការផ្លាស់ប្ដូរដ៏អស្ចារ្យនេះពេលកើតជាថ្មី។
[រូបភាពនៅទំព័រ៩]
យ៉ូហានជ្រមុជទឹកជនជាតិអ៊ីស្រាអែលដែលបានប្រែចិត្ត
-
-
ការកើតជាថ្មី តើបានសម្រេចបំណងអ្វី?ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ ឧសភា
-
-
ការកើតជាថ្មី តើបានសម្រេចបំណងអ្វី?
ពេលលោកយេស៊ូរៀបរាប់អំពីការជ្រមុជក្នុងសកម្មពលបរិសុទ្ធ ហេតុអ្វីបានជាលោកប្រើពាក្យ«កើត . . . ពីសកម្មពលរបស់ព្រះ»? (យ៉ូហាន ៣:៥) ពេលប្រើពាក្យ«កើត»ក្នុងន័យធៀប នេះមានន័យថា «ការចាប់ផ្ដើម» ដូចជាឃ្លាដែលថា «ប្រទេសបានកកើត»។ អាស្រ័យហេតុនេះ ពាក្យ‹ការកើតជាថ្មី›បញ្ជាក់ពី«ការចាប់ផ្ដើមជាថ្មី»។ ហេតុនេះហើយបានជាពាក្យ«កើត»និង«កើតជាថ្មី»ក្នុងន័យធៀប បញ្ជាក់ពីការចាប់ផ្ដើមថ្មីក្នុងទំនាក់ទំនងរវាងព្រះនិងអស់អ្នកដែលបានត្រូវជ្រមុជក្នុងសកម្មពលរបស់ព្រះ។ តើទំនាក់ទំនងនេះទៅជាយ៉ាងណាដែរ?
សាវ័កប៉ូលបានប្រើរឿងប្រៀបប្រដូចមួយពីជីវិតគ្រួសារដើម្បីពន្យល់របៀបដែលព្រះរៀបចំមនុស្សឲ្យគ្រប់គ្រងនៅស្ថានសួគ៌។ គាត់បានសរសេរទៅកាន់គ្រិស្តសាសនិកនៅសម័យនោះថាព្រះនឹង‹ទទួលពួកគេជាកូន› ហេតុនេះហើយបានជាព្រះអាចប្រព្រឹត្តនឹងពួកគេ«ដូចកូន»។ (កាឡាទី ៤:៥; ហេប្រឺ ១២:៧) ឧទាហរណ៍នោះស្តីអំពីការយកកូនមកចិញ្ចឹមជួយយើងឲ្យយល់ការផ្លាស់ប្ដូរដែលកើតឡើងពេលមនុស្សទទួលការជ្រមុជក្នុងសកម្មពលបរិសុទ្ធរបស់ព្រះ។ ដើម្បីដឹង សូមឲ្យយើងពិចារណាម្ដងទៀតអំពីក្មេងជំទង់ដែលចង់ចុះឈ្មោះក្នុងសាលាសម្រាប់ជនជាតិភាគតិច។
បានក្លាយជាកូនចិញ្ចឹម
ក្នុងរឿងប្រៀបប្រដូច ក្មេងជំទង់នោះមិនអាចចុះឈ្មោះចូលសាលាដោយសារគាត់មិនមែនជាជនជាតិភាគតិច។ ឥឡូវ សូមគិតថាមានការផ្លាស់ប្ដូរដ៏ធំមួយកើតឡើង។ បិតាមួយរូបដែលជាជនជាតិភាគតិច យកក្មេងនោះមកធ្វើជាកូនចិញ្ចឹមសមស្របតាមច្បាប់។ តើទង្វើនេះមានឥទ្ធិពលលើក្មេងនោះយ៉ាងណា? ដោយសារជាកូនចិញ្ចឹម ឥឡូវគាត់អាចមានសិទ្ធិដូចក្មេងជនជាតិភាគតិចឯទៀត រួមទាំងមានសិទ្ធិចុះឈ្មោះក្នុងសាលានោះដែរ។ ការយកក្មេងនោះមកចិញ្ចឹមជាកូននាំឲ្យគាត់មានសិទ្ធិផ្សេងៗទៀតដែលគាត់មិនធ្លាប់មានពីមុន នេះជាការផ្លាស់ប្ដូរដ៏ធំសម្រាប់ក្មេងនោះ។
នេះជួយឲ្យយើងយល់ពីការផ្លាស់ប្ដូរដ៏ធំជាងដែលកើតឡើងពេលដែលមនុស្សកើតជាថ្មី។ សូមគិតអំពីភាពស្រដៀងគ្នាខ្លះៗ។ ក្មេងប្រុសនោះអាចចុះឈ្មោះរៀននៅសាលានោះបាន លុះត្រាតែក្មេងប្រុសនោះបំពេញតាមតម្រូវការរបស់សាលា ទើបអាចចុះឈ្មោះរៀននៅសាលានោះបាន ពោលគឺគាត់ត្រូវជាសមាជិកជនជាតិភាគតិច។ ប៉ុន្តែ គាត់មិនអាចបំពេញតាមតម្រូវការនោះដោយខ្លួនឯងបានទេ។ ស្រដៀងគ្នាដែរ មនុស្សខ្លះនឹងក្លាយទៅជាអ្នកគ្រប់គ្រងក្នុងរាជាណាចក្ររបស់ព្រះ បើពួកគេមានលក្ខណៈគ្រប់គ្រាន់ដើម្បីអាចចូលបានប៉ុណ្ណោះ ពោលគឺត្រូវ«កើតម្ដងទៀត»។ ក៏ប៉ុន្តែ ពួកគេមិនអាចបំពេញតាមតម្រូវការនោះដោយខ្លួនឯងបានទេ ពីព្រោះការកើតម្ដងទៀតគឺស្រេចទៅលើព្រះ។
តើអ្វីបានផ្លាស់ប្ដូរសភាពរបស់ក្មេងប្រុសនោះ? គឺការយកគាត់មកចិញ្ចឹមជាកូនតាមច្បាប់។ ពិតមែនហើយ នេះមិនបានផ្លាស់ប្ដូរលក្ខណៈរបស់ក្មេងប្រុសនោះឡើយ។ ក្រោយពីគេយកមកធ្វើជាកូនចិញ្ចឹម នោះគាត់នៅតែមានលក្ខណៈដូចពីមុន។ យ៉ាងណាក៏ដោយ ក្រោយពីបានយកមកធ្វើជាកូនចិញ្ចឹមសមស្របតាមច្បាប់ ក្មេងប្រុសនោះមានអត្តសញ្ញាណថ្មី។ ពិតមែន គាត់មានការចាប់ផ្ដើមជាថ្មី នេះហាក់ដូចជាគាត់កើតជាថ្មី។ ពេលគាត់ក្លាយទៅជាកូនជនជាតិភាគតិច នេះមានន័យថាគាត់មានសិទ្ធិទៅសាលា ហើយមានសិទ្ធិធ្វើជាសមាជិកនៃក្រុមគ្រួសាររបស់ឪពុកចិញ្ចឹម។
ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាបានផ្លាស់ប្ដូរសភាពនៃមនុស្សមិនល្អឥតខ្ចោះមួយក្រុមដោយទទួលពួកគាត់ជាកូនចិញ្ចឹមស្របតាមច្បាប់។ សាវ័កប៉ូលដែលរួមចំណែកក្នុងក្រុមនោះ បានសរសេរទៅអ្នករួមជំនឿថា៖ «ដោយសកម្មពលនោះ យើងបានត្រូវទទួលជាកូន ហើយសកម្មពលនោះជំរុញឲ្យយើងស្រែកឡើងថា៖ ‹អប្បា! បិតាអើយ!›។ សកម្មពលរបស់ព្រះធ្វើជាសាក្សី ដែលបញ្ជាក់ជាមួយនឹងចិត្តគំនិតរបស់យើងថា យើងជាកូនព្រះ»។ (រ៉ូម ៨:១៥, ១៦) ត្រូវហើយ តាមរយៈការទទួលជាកូន ពួកគ្រិស្តសាសនិកនោះបានក្លាយទៅជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះ ឬ«កូនព្រះ»។—យ៉ូហានទី១ ៣:១; កូរិនថូសទី២ ៦:១៨
ពិតមែនហើយ ដោយព្រះទទួលជាកូន នោះមិនបានកែប្រែលក្ខណៈរបស់កូនចិញ្ចឹមឡើយ ពីព្រោះពួកគេនៅតែមានភាពមិនល្អឥតខ្ចោះ។ (យ៉ូហានទី១ ១:៨) យ៉ាងណាក្ដី ដូចប៉ូលបានពន្យល់ ក្រោយពីបានទទួលជាកូនសមស្របតាមច្បាប់ នោះពួកគេទទួលអត្តសញ្ញាណថ្មី។ ដំណាលគ្នានេះដែរ សកម្មពលបរិសុទ្ធរបស់ព្រះបានធ្វើឲ្យពួកគេជឿស៊ប់ថាពួកគេនឹងរស់នៅជាមួយគ្រិស្តនៅស្ថានសួគ៌។ (យ៉ូហានទី១ ៣:២) ការជឿជាក់ដែលបណ្ដាលមកពីសកម្មពលបរិសុទ្ធរបស់ព្រះ នាំឲ្យពួកគេមានទស្សនៈថ្មីចំពោះជីវិត។ (កូរិនថូសទី២ ១:២១, ២២) ត្រូវមែន ពួកគេមានការចាប់ផ្ដើមថ្មី ហាក់ដូចជាកើតជាថ្មី។
គម្ពីរបានរៀបរាប់អំពីមនុស្សដែលព្រះបានទទួលជាកូនថា៖ «ពួកគេនឹងធ្វើជាសង្ឃរបស់ព្រះនិងរបស់គ្រិស្ត ក៏នឹងគ្រប់គ្រងជាស្តេចជាមួយនឹងលោកអស់មួយពាន់ឆ្នាំ»។ (ការបើកបង្ហាញ ២០:៦) មនុស្សដែលព្រះទទួលជាកូននឹងធ្វើជាស្តេចជាមួយគ្រិស្តក្នុងរាជាណាចក្ររបស់ព្រះ ឬរដ្ឋាភិបាលនៅស្ថានសួគ៌របស់ព្រះ។ សាវ័កពេត្រុសបានប្រាប់អ្នករួមជំនឿថា ពួកគេនឹងទទួល«មត៌កដែលមិនអាចខូចទៅ ដែលឥតសៅហ្មង ហើយដែលស្ថិតស្ថេរជានិរន្តរ៍» ពោលគឺមត៌កដែលបានត្រូវ«បម្រុងទុកនៅស្ថានសួគ៌»សម្រាប់ពួកគាត់។ (ពេត្រុសទី១ ១:៣, ៤) នេះពិតជាមត៌កដែលមានតម្លៃមែន!
យ៉ាងណាក៏ដោយ ការគ្រប់គ្រងពីស្ថានសួគ៌នាំឲ្យយើងសួរសំណួរមួយទៀត។ ប្រសិនបើអស់អ្នកដែលបានកើតម្ដងទៀតនឹងគ្រប់គ្រងជាស្តេចនៅស្ថានសួគ៌ តើពួកគេនឹងគ្រប់គ្រងលើអ្នកណា? សំណួរនេះនឹងពិចារណានៅអត្ថបទបន្ទាប់។
[រូបភាពនៅទំព័រ១០]
តើប៉ូលបានរៀបរាប់អ្វីស្តីអំពីការទទួលមនុស្សមួយចំនួនជាកូន?
-
-
អ្នកគ្រប់គ្រងតិច អ្នកទទួលប្រយោជន៍ច្រើនទស្សនាវដ្ដីប៉មយាម ២០០៩ | ១ ឧសភា
-
-
អ្នកគ្រប់គ្រងតិច អ្នកទទួលប្រយោជន៍ច្រើន
តាំងពីសម័យពួកសាវ័កមក ព្រះបានជ្រើសរើសពួកគ្រិស្តសាសនិកដ៏ស្មោះត្រង់មួយចំនួនពីចំណោមមនុស្សជាតិ ហើយទទួលយកពួកគេជាកូន។ កូនដែលព្រះទទួលនោះមានការផ្លាស់ប្ដូរខ្លាំងដល់ម្ល៉េះ ដែលបណ្ដាំរបស់ព្រះរៀបរាប់ការផ្លាស់ប្ដូរនោះដូចជាការកើតជាថ្មី។ បំណងនៃការកើតជាថ្មីគឺដើម្បីរៀបចំអ្នកបម្រើរបស់ព្រះដែលបានកើតម្ដងទៀតឲ្យទៅជាអ្នកគ្រប់គ្រងនៅស្ថានសួគ៌។ (ធីម៉ូថេទី២ ២:១២) ដើម្បីក្លាយទៅជាអ្នកគ្រប់គ្រង នោះព្រះប្រោសពួកគេឲ្យរស់ឡើងវិញនៅស្ថានសួគ៌ពេលស្លាប់ទៅ។ (រ៉ូម ៦:៣-៥) នៅស្ថានសួគ៌ «ពួកគេនឹងធ្វើជាស្តេចគ្រប់គ្រងលើផែនដី»ជាមួយគ្រិស្ត។—ការបើកបង្ហាញ ៥:១០; ១១:១៥
យ៉ាងណាក៏ដោយ បណ្ដាំរបស់ព្រះក៏បានរៀបរាប់ថា ក្រៅពីអស់អ្នកដែលបានកើតម្ដងទៀត នៅមានអ្នកឯទៀតដែលនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។ គម្ពីរទាំងមូល(សញ្ញាចាស់និងសញ្ញាថ្មី)បានរៀបរាប់ថា ព្រះមានបំណងសង្គ្រោះមនុស្សពីរក្រុម គឺក្រុមតូចដែលគ្រប់គ្រងពីស្ថានសួគ៌ ហើយក្រុមធំដែលរស់នៅផែនដី។ ជាឧទាហរណ៍ សូមកត់សម្គាល់អ្វីដែលសាវ័កយ៉ូហានបានសរសេរទៅកាន់អ្នករួមជំនឿដែលបានកើតម្ដងទៀត។ គាត់បានសរសេរស្តីអំពីលោកយេស៊ូថា៖ «លោកបានធ្វើជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ ហើយលោះយើងពីការខុសឆ្គង មិនគ្រាន់តែការខុសឆ្គងរបស់យើង[ក្រុមតូច]ប៉ុណ្ណោះទេ តែការខុសឆ្គងរបស់មនុស្សក្នុងពិភពលោកទាំងមូលដែរ[ក្រុមធំ]»។—យ៉ូហានទី១ ២:២
ស្រដៀងគ្នាដែរ សាវ័កប៉ូលបានសរសេរថា៖ «អ្វីៗដែលព្រះបានបង្កើត[ក្រុមធំ]កំពុងទន្ទឹងរង់ចាំយ៉ាងរំភើបនូវគ្រាដែលកូនព្រះ[ក្រុមតូច]នឹងត្រូវសម្ដែង»។ (រ៉ូម ៨:១៩-២១) តើពាក្យទាំងនេះរបស់សាវ័កយ៉ូហាននិងប៉ូលមានន័យយ៉ាងណា? យើងយល់ថា អស់អ្នកដែលបានកើតម្ដងទៀតនឹងទៅជាសមាជិកនៃរដ្ឋាភិបាលនៅស្ថានសួគ៌។ តើពួកគេនឹងសម្រេចបំណងអ្វីនៅស្ថានសួគ៌? ពួកគេនឹងផ្ដល់ប្រយោជន៍ដែលគ្មានទីបញ្ចប់ដល់មនុស្សរាប់លាននាក់ដែលរស់នៅផែនដីជារាស្ត្ររបស់រដ្ឋាភិបាលព្រះ។ ហេតុនេះហើយបានជាលោកយេស៊ូបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថាយ ៦:១០
ម្យ៉ាងទៀត បទគម្ពីរភាសាហេប្រឺក៏រៀបរាប់ថាមនុស្សពីរក្រុមនឹងទទួលសេចក្ដីសង្គ្រោះ។ ជាឧទាហរណ៍ សូមកត់សម្គាល់អ្វីដែលព្រះយេហូវ៉ាមានប្រសាសន៍ប្រាប់អាប្រាហាំដែលជាបុព្វបុរសរបស់លោកយេស៊ូថា៖ «គ្រប់ទាំងសាសន៍នៅផែនដី[ក្រុមធំ]នឹងបានពរដោយសារពូជឯង[ក្រុមតូច]»។ (លោកុប្បត្តិ ២២:១៨) ត្រូវមែន គ្រប់ទាំងសាសន៍ត្រូវទទួលពរតាមរយៈ«ពូជ»របស់អាប្រាហាំ។
តើ«ពូជ»នោះជានរណា? ពូជនោះគឺលោកយេស៊ូគ្រិស្តនិងពួកអ្នកដែលបានកើតជាថ្មីដែលព្រះទទួលជាកូន។ សាវ័កប៉ូលពន្យល់ថា៖ «ប្រសិនបើអ្នករាល់គ្នាជារបស់គ្រិស្ត អ្នករាល់គ្នាពិតជាពូជអាប្រាហាំ»។ (កាឡាទី ៣:១៦, ២៩) ចុះយ៉ាងណាវិញចំពោះពរដែលមនុស្សពីគ្រប់ទាំងសាសន៍ទទួលតាមរយៈ«ពូជ»នោះ? ពរនោះគឺឯកសិទ្ធិដែលថាព្រះពេញចិត្តនឹងពួកគេ ហើយសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់ក្នុងសួនឧទ្យាននៅផែនដី។ ដាវីឌដែលជាអ្នកតែងទំនុកតម្កើងបានប្រកាសទំនាយថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកតម្កើង ៣៧:២៩; អេសាយ ៤៥:១៨; ការបើកបង្ហាញ ២១:១-៥
ប្រាកដហើយ ការគ្រប់គ្រងនៅស្ថានសួគ៌បានត្រូវទុកបម្រុងឲ្យមនុស្សតិច ប៉ុន្តែ មនុស្សច្រើនអាចទទួលពរដែលមកពីការគ្រប់គ្រងពីស្ថានសួគ៌ ពោលគឺជីវិតដែលគ្មានទីបញ្ចប់នៅផែនដី និងពរទាំងអស់ឯទៀតផងដែរ។ សូមឲ្យរូបអ្នកនិងក្រុមគ្រួសាររបស់អ្នកស្ថិតក្នុងចំណោមមនុស្សដែលនឹងទទួលពរដែលគ្មានទីបញ្ចប់ ដែលរាជាណាចក្ររបស់ព្រះផ្ដល់ឲ្យ។
-