ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2025 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី១៤-២០ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ២២
គោលការណ៍ដែលប្រកបដោយប្រាជ្ញាដើម្បីអប់រំកូន
w០៦-E ១/៤ ទំ.៩ វ.៤
ឪពុកម្ដាយ ចូរធ្វើជាគំរូល្អសម្រាប់កូនៗរបស់អ្នក
ពិតណាស់ កូនក្មេងខ្លះប្រហែលជាចាប់ផ្ដើមដើរផ្លូវខុស។ (ដើមកំណើត ៨:២១) តើឪពុកម្ដាយអាចធ្វើអ្វី? គម្ពីរចែងថា៖ «ភាពល្ងង់ខ្លៅរមែងនៅក្នុងចិត្តរបស់កូនក្មេង តែការប្រៀនប្រដៅដោយប្រើរំពាត់នឹងបណ្ដេញភាពល្ងង់ខ្លៅចេញពីគាត់»។ (សុភាសិត ២២:១៥) អ្នកខ្លះគិតថាការប្រៀនប្រដៅបែបនេះគឺសាហាវនិងហួសសម័យហើយ។ តាមពិត គម្ពីរមិនគាំទ្រការប្រើអំពើហិង្សានិងការធ្វើបាបទេ ទោះតាមរបៀបណាក៏ដោយ។ ពេលខ្លះគម្ពីរប្រើពាក្យ«រំពាត់»ក្នុងន័យត្រង់ តែជួនកាលអាចតំណាងឲ្យអំណាចដែលឪពុកម្ដាយមានក្នុងការកែតម្រង់កូនៗ ដោយសារពួកគេយកចិត្តទុកដាក់ចំពោះអនាគតរបស់កូន។ ការកែតម្រង់នេះគឺម៉ឺងម៉ាត់ តែសមហេតុសមផលនិងប្រកបដោយសេចក្ដីស្រឡាញ់។—ហេប្រឺ ១២:៧-១១
ថ្ងៃទី២១-២៧ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ២៣
គោលការណ៍ដែលប្រកបដោយប្រាជ្ញាពេលពិសាស្រា
it-1-E ទំ.៦៥៦
ការស្រវឹងស្រា
គម្ពីរផ្ដន្ទាទោសការស្រវឹងស្រា។ ការផឹកស្រាខ្លាំងៗរហូតដល់ស្រវឹងបានត្រូវផ្ដន្ទាទោសក្នុងគម្ពីរ។ អ្នកសរសេរសុភាសិតបានពណ៌នាយ៉ាងត្រឹមត្រូវខាងវិទ្យាសាស្ត្រស្ដីអំពីឥទ្ធិពលនៃការផឹកស្រាហួសប្រមាណ។ គាត់ព្រមានថា៖ «តើអ្នកណាមានទុក្ខលំបាក? តើអ្នកណាមានកង្វល់? តើអ្នកណាមានជម្លោះ? តើអ្នកណាត្អូញត្អែរ? តើអ្នកណាមានរបួសដោយឥតហេតុ? តើអ្នកណាស្រវាំងភ្នែក? គឺអស់អ្នកដែលចំណាយពេលច្រើនពេកក្នុងការផឹកស្រា និងអស់អ្នកដែលស្វះស្វែងរកស្រាខ្លាំងៗ។ កុំមើលពណ៌ក្រហមរបស់ស្រា នៅពេលដែលស្រាក្នុងពែងបញ្ចេញពន្លឺចាំងចែង ហើយជាស្រាដែលមានឱជារសឆ្ងាញ់ពិសា ព្រោះនៅទីបំផុត ស្រានឹងចឹកដូចពស់ ហើយស្រានឹងបញ្ចេញពិសដូចពស់ដែលមានពិស [ដែលអាចធ្វើឲ្យគាត់ឈឺ ជាឧទាហរណ៍មានជំងឺក្រិនថ្លើម និងប៉ះពាល់ដល់ស្មារតី ហើយក៏អាចបណ្ដាលឲ្យគាត់ស្លាប់ដែរ]។ អ្នកនឹងមើលឃើញអ្វីចម្លែកៗ [ស្រាប៉ះពាល់ដល់ខួរក្បាល ហើយអាចនាំឲ្យគាត់ធ្វើអ្វីដែលគាត់មិនហ៊ានធ្វើពីមុន ស្រមៃឃើញអ្វីដែលមិនមែនជាការពិត និងមិនអាចចងចាំដូចធម្មតា] ហើយអ្នកនឹងនិយាយសម្ដីអាក្រក់ [គំនិតនិងបំណងប្រាថ្នាដែលគាត់ព្យាយាមបង្ក្រាបនឹងលេចឡើង]»។—សុភ. ២៣:២៩-៣៣; ហូ. ៤:១១; ម៉ាថ. ១៥:១៨, ១៩
អ្នកសរសេរសុភាសិតបានរៀបរាប់អំពីអ្នកប្រមឹកថា៖ «អ្នកនឹងប្រៀបដូចជាមនុស្សដែលដេកនៅកណ្ដាលសមុទ្រ [គាត់វង្វេងស្មារតី ហើយសន្លប់] និងដូចជាមនុស្សដែលដេកនៅចុងក្ដោងសំពៅ [នេះជាកន្លែងដែលខ្ពស់បំផុតនៃសំពៅដែលអាចនាំឲ្យសំពៅក្រឡាប់ ដូច្នេះជីវិតរបស់អ្នកប្រមឹកស្រាគឺប្រឈមមុខនឹងគ្រោះថ្នាក់ ដូចជាការដាច់សរសៃឈាមខួរក្បាលឬការវាយតប់គ្នាជាដើម]។ អ្នកនឹងពោលថា៖ «ពួកគេវាយដំខ្ញុំ តែខ្ញុំមិនឈឺសោះ។ ពួកគេវាយធ្វើបាបខ្ញុំ តែខ្ញុំមិនបានដឹងឡើយ [អ្នកប្រមឹកស្រាមិនដឹងអំពីអ្វីដែលកើតឡើងនៅជុំវិញគាត់ទេ]។ តើពេលណាទើបខ្ញុំភ្ញាក់ឡើង ដើម្បីខ្ញុំអាចផឹកថែមទៀត? [គាត់ផឹកច្រើនពេក ដូច្នេះគាត់ត្រូវទៅដេកសិនដើម្បីឲ្យគាត់ស្វាង ហើយអាចផឹកថែមទៀតក្រោយមក ដោយសារគាត់ញៀនស្រា]»។ គាត់ធ្លាក់ខ្លួនក្រដោយសារគាត់ចំណាយលុយច្រើនពេកដើម្បីទិញស្រា ហើយគេមិនអាចទុកចិត្តគាត់បានទេ ដូច្នេះគាត់ក៏មិនមានការងារធ្វើដែរ។—សុភ. ២៣:២០, ២១, ៣៤, ៣៥
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០៤-E ១/១១ ទំ.៣១ វ.២
សំណួរពីអ្នកអាន
ជាឧទាហរណ៍ បុគ្គលម្នាក់ដែលធាត់ពេកមិនតែងតែជាអ្នកល្មោភស៊ីទេ។ ក្នុងករណីខ្លះ គាត់ប្រហែលជាធាត់ពេកដោយសារជំងឺណាមួយ ឬឆ្លងពីឪពុកម្ដាយជាដើម។ យើងគួរចាំថាការធាត់ពេកគឺទាក់ទងនឹងរូបរាងកាយរបស់បុគ្គលម្នាក់ៗ តែការល្មោភស៊ីគឺទាក់ទងនឹងចិត្តគំនិតរបស់បុគ្គលនោះ។ ការធាត់ពេកបានត្រូវបកស្រាយថា«ជាការមានជាតិខ្លាញ់ច្រើនពេកដែលផ្ទុកក្នុងខ្លួន» រីឯការល្មោភស៊ីជា«ការលោភលន់មិនចេះស្កប់ស្កល់ឬបណ្ដែតបណ្ដោយតាមការសប្បាយ»។ យ៉ាងនេះ បុគ្គលម្នាក់អាចជាអ្នកល្មោភស៊ីដោយសារចិត្តគំនិតរបស់គាត់ចំពោះម្ហូបអាហារ មិនមែនដោយសាររាងកាយឡើយ។ បុគ្គលម្នាក់ប្រហែលជាមានកម្ពស់ធម្មតាឬក៏ស្គម តែជាអ្នកល្មោភស៊ី។ ម្យ៉ាងទៀត ទម្ងន់និងរាងរៅដែលគេចាត់ទុកថាល្អសមរម្យ អាចខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ។
ថ្ងៃទី២៨ ខែកក្កដា–ថ្ងៃទី៣ ខែសីហា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ២៤
ចូរពង្រឹងកម្លាំងរបស់អ្នកពេលជួបទុក្ខលំបាក
it-2-E ទំ.៦១០ វ.៨
ការបៀតបៀន
គ្រិស្តសាសនិកដឹងថាអស់អ្នកដែលស៊ូទ្រាំនឹងទទួលរង្វាន់។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អស់អ្នកដែលត្រូវគេបៀតបៀនដោយសារសេចក្ដីសុចរិត នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ជារបស់អ្នកទាំងនោះ»។ (ម៉ាថ. ៥:១០) ការមានចំណេះដឹងអំពីសេចក្ដីសង្ឃឹមស្ដីអំពីការប្រោសឲ្យរស់ឡើងវិញ និងអំពីព្រះដែលជាប្រភពនៃសេចក្ដីសង្ឃឹមនេះ បានពង្រឹងកម្លាំងចិត្តពួកគេ។ ការយល់ដឹងអំពីរឿងនេះជួយឲ្យពួកគេតាំងចិត្តរក្សាភក្ដីភាពចំពោះព្រះ ទោះជាអ្នកបៀតបៀនគំរាមកំហែងសម្លាប់ពួកគេក៏ដោយ។ ដោយសារពួកគេជឿទៅលើថ្លៃលោះរបស់លោកយេស៊ូ នេះធ្វើឲ្យពួកគេលែងភ័យខ្លាចចំពោះសេចក្ដីស្លាប់។ (ហេ. ២:១៤, ១៥) ការមានចិត្តគំនិតដូចគ្រិស្តគឺសំខាន់ដើម្បីជួយពួកគេឲ្យរក្សាភាពស្មោះត្រង់ ទោះជារងការបៀតបៀនខ្លាំងយ៉ាងណាក៏ដោយ។ គម្ពីរចែងថា៖ «ចូររក្សាឲ្យមានចិត្តគំនិតបែបនេះជានិច្ច គឺចិត្តគំនិតដូចគ្រិស្តយេស៊ូ។ [លោកបាន]ចុះចូលស្ដាប់បង្គាប់រហូតដល់ត្រូវស្លាប់ គឺស្លាប់លើបង្គោលទារុណកម្ម»។ (ភី. ២:៥-៨) «ដោយសារអំណរដែលនៅខាងមុខលោក[យេស៊ូ] លោកបានស៊ូទ្រាំលើបង្គោលទារុណកម្ម ក៏មិនបានអាម៉ាស់ខ្មាសដែរ»។—ហេ. ១២:២; សូមមើលដែរ ២កូ. ១២:១០; ២ថែ. ១:៤; ១ពេ. ២:២១-២៣
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០៩-E ១៥/១០ ទំ.១២
សំណួរពីអ្នកអាន
នៅសម័យគម្ពីរ បើបុរសម្នាក់ចង់‹សង់ផ្ទះរបស់គាត់›ដោយសម្រេចចិត្តរៀបការ នោះគាត់ត្រូវសួរខ្លួនថា ‹តើខ្ញុំមានលទ្ធភាពចិញ្ចឹមបីបាច់ថែរក្សាប្រពន្ធឬទេ? ចុះបើក្រោយមកខ្ញុំមានកូន តើខ្ញុំអាចចិញ្ចឹមពួកគេបានដែរឬទេ?›។ មុនរៀបការ គាត់ត្រូវធ្វើការ ហាក់ដូចជាថែរក្សាស្រែចម្ការនិងផលដំណាំរបស់គាត់។ ដូច្នេះសេចក្ដីបកប្រែព្រះគម្ពីរភាសាខ្មែរសម្រាយ បានបកខនេះថា៖ «ចូរបំពេញកិច្ចការខាងក្រៅផ្ទះ និងបង្ហើយការងារនៅឯស្រែចំការសិន រួចសឹមសង់ផ្ទះ»។ តើគោលការណ៍នេះនៅតែមានប្រយោជន៍នៅសព្វថ្ងៃនេះឬទេ?
ពិតមែន។ បុរសដែលចង់រៀបការត្រូវត្រៀមខ្លួនសម្រាប់ភារកិច្ចនេះ។ ដរាបណាដែលគាត់មានសុខភាពល្អល្មម ហើយអាចធ្វើការបាន នោះគាត់ត្រូវតែធ្វើការ។ ភារកិច្ចរបស់បុរសក្នុងការថែរក្សាក្រុមគ្រួសារ មិនគ្រាន់តែរួមបញ្ចូលការផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះទេ។ ប៉ុន្តែ បណ្ដាំរបស់ព្រះបញ្ជាក់ថា គាត់ក៏ត្រូវផ្ដល់អ្វីដែលពួកគេត្រូវការខាងផ្លូវចិត្តនិងខាងជំនឿដែរ ហើយបើគាត់មិនធ្វើដូច្នេះ នោះគាត់គឺអាក្រក់ជាងអ្នកដែលមិនជឿទៅទៀត! (១ធី. ៥:៨) ដូច្នេះ ពេលត្រៀមខ្លួនដើម្បីរៀបការនិងមានក្រុមគ្រួសារ បុរសវ័យក្មេងគួរសួរខ្លួននូវសំណួរដូចតទៅ ‹តើខ្ញុំបានត្រៀមខ្លួនហើយឬនៅដើម្បីអាចផ្គត់ផ្គង់ក្រុមគ្រួសាររបស់ខ្ញុំ? តើខ្ញុំបានត្រៀមខ្លួនដើម្បីនាំមុខក្រុមគ្រួសារក្នុងការគោរពប្រណិប័តន៍ព្រះហើយឬនៅ? តើខ្ញុំនឹងបំពេញភារកិច្ចរបស់ខ្ញុំក្នុងការដឹកនាំការសិក្សាគម្ពីរជាទៀងទាត់ជាមួយប្រពន្ធនិងកូនៗឬទេ?›។ បណ្ដាំរបស់ព្រះបានបញ្ជាក់អំពីសារៈសំខាន់នៃការបំពេញភារកិច្ចទាំងនោះ។—បច. ៦:៦-៨; អេភ. ៦:៤
ដូច្នេះ បុរសវ័យក្មេងដែលចង់រៀបការគួរគិតយ៉ាងដិតដល់អំពីគោលការណ៍នៅសុភាសិត ២៤:២៧។ ដូចគ្នាដែរ ស្ត្រីវ័យក្មេងក៏គួរសួរខ្លួនថា តើខ្ញុំបានត្រៀមខ្លួនហើយឬនៅដើម្បីទទួលភារកិច្ចជាប្រពន្ធនិងជាម្ដាយ? ប្ដីប្រពន្ធវ័យក្មេងក៏អាចសួរសំណួរស្រដៀងគ្នាដែរ ពេលពួកគេគិតអំពីការយកកូននិងការចិញ្ចឹមកូន។ (លូក. ១៤:២៨) ការរស់នៅស្របតាមការណែនាំទាំងនេះ អាចជួយរាស្ត្ររបស់ព្រះឲ្យជៀសវាងពីការឈឺចាប់ និងជួយពួកគេឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារ។
ថ្ងៃទី៤-១០ ខែសីហា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៣៩៩
ចិត្តស្លូតបូត
មនុស្សដែលមានចិត្តស្លូតបូតមានគុណសម្បត្តិនេះ ដោយសារគាត់មានជំនឿលើព្រះ ដែលជាប្រភពនៃកម្លាំងរបស់គាត់។ គាត់មិនឆាប់បាត់បង់ភាពនឹងនរឬការចេះពិចារណាឡើយ។ ផ្ទុយទៅវិញ បុគ្គលដែលមិនមានចិត្តស្លូតបូតខ្វះទំនុកចិត្តលើខ្លួនឯង មួម៉ៅ ខ្វះជំនឿ អស់សង្ឃឹម និងពិបាកចិត្តខ្លាំង។ សុភាសិតមួយបានរៀបរាប់អំពីបុគ្គលដែលមិនមានចិត្តស្លូតបូតថា៖ «អ្នកណាដែលមិនចេះទប់កំហឹង អ្នកនោះប្រៀបដូចជាក្រុងដែលគេបំផ្លាញកំពែងចោល»។ (សុភ. ២៥:២៨) ចិត្តគំនិតរបស់បុគ្គលបែបនេះគឺបើកចំហចោល ដូចទីក្រុងដែលគ្មានកំពែងការពារ យ៉ាងនេះចិត្តគំនិតមិនត្រឹមត្រូវអាចចូលមកយ៉ាងងាយស្រួល ហើយនាំឲ្យគាត់ធ្វើអ្វីដែលខុស។
ថ្ងៃទី១១-១៧ ខែសីហា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ២៦
ចូរនៅឲ្យឆ្ងាយពី«មនុស្សល្ងីល្ងើ»
it-2-E ទំ.៧២៩ វ.៦
ភ្លៀង
រដូវ។ នៅស្រុកសន្យា មានរដូវពីរ គឺរដូវប្រាំង និងរដូវវស្សា។ (សូមពិនិត្យបន្ថែម ចសព. ៣២:៤; សាឡូ. ២:១១, កំ.ស.) ចាប់ពីពាក់កណ្ដាលខែមេសា រហូតដល់ពាក់កណ្ដាលខែតុលា មិនសូវមានភ្លៀងទេ។ នៅក្នុងអំឡុងពេលនោះគឺជារដូវច្រូតកាត់ ហើយកម្រមានភ្លៀងណាស់។ សុភាសិត ២៦:១ បង្ហាញថាបើភ្លៀងធ្លាក់នៅរដូវចម្រូតនោះគឺខុសពីធម្មតាហើយ។ (សូមពិនិត្យបន្ថែម ១សាំ. ១២:១៧-១៩)
w៨៧-E ១/១០ ទំ.១៩ វ.១២
ការប្រៀនប្រដៅនាំឲ្យទទួលផលជាសេចក្ដីសុខសាន្ត
១២ មនុស្សខ្លះត្រូវការការប្រៀនប្រដៅខ្លាំងជាងអ្នកឯទៀត ដូចសុភាសិត ២៦:៣ បានចែងថា៖ «ខ្សែតីសម្រាប់សត្វសេះ បង្ហៀរសម្រាប់សត្វលា ហើយរំពាត់សម្រាប់ខ្នងរបស់មនុស្សល្ងីល្ងើ»។ ជួនកាលព្រះយេហូវ៉ាអនុញ្ញាតឲ្យជនជាតិដទៃបង្ក្រាបជនជាតិអ៊ីស្រាអែល ដោយសារ«ពួកគេបានបះបោរប្រឆាំងប្រសាសន៍របស់ព្រះ ពួកគេបានមើលងាយការណែនាំពីព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ដូច្នេះ លោកបានបង្រៀនពួកគេឲ្យមានចិត្តរាបទាបតាមរយៈទុក្ខលំបាក។ ពួកគេបានជំពប់ដួល ហើយគ្មានអ្នកណាអាចជួយពួកគេបានឡើយ។ ពេលរងទុក្ខវេទនា ពួកគេហៅរកព្រះយេហូវ៉ាឲ្យជួយ លោកបានសង្គ្រោះពួកគេពីទុក្ខលំបាក»។ (ចម្រៀងសរសើរព្រះ ១០៧:១១-១៣) ក៏ប៉ុន្តែ មនុស្សល្ងីល្ងើខ្លះមានចិត្តរឹងចចេសណាស់ដែលគ្មានអ្នកណាអាចប្រៀនប្រដៅបានឡើយ ហើយគម្ពីរបានចែងថា៖ «អ្នកណាដែលទទួលការកែតម្រង់ច្រើនដង តែនៅតែមានចិត្តរឹងរូស អ្នកនោះនឹងវិនាសទៅក្នុងមួយប៉ប្រិចភ្នែក»។—សុភាសិត ២៩:១
it-2-E ទំ.១៩១ វ.៤
ខ្វិនឬពិការ
ការប្រើពាក្យនេះក្នុងសុភាសិត។ ស្ដេចសាឡូម៉ូនបាននិយាយថា៖ «អ្នកណាដែលប្រគល់កិច្ចការឲ្យមនុស្សល្ងីល្ងើ អ្នកនោះហាក់ដូចជាធ្វើឲ្យជើងខ្លួនពិការ និងនាំទុក្ខដល់ខ្លួន»។ ពិតមែន បុគ្គលណាដែលឲ្យមនុស្សល្ងីល្ងើធ្វើកិច្ចការណាមួយសម្រាប់គាត់ នោះប្រៀបដូចជាធ្វើឲ្យខ្លួនពិការ ឬនាំឲ្យខ្លួនជួបទុក្ខលំបាកនិងខាតបង់ប្រយោជន៍ជាច្រើន ពីព្រោះអ្វីដែលគាត់សុំឲ្យមនុស្សល្ងីល្ងើធ្វើនឹងបរាជ័យជាមិនខាន។—សុភ. ២៦:៦
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៨៤៦
មនុស្សល្ងីល្ងើ
ការតបឆ្លើយទៅមនុស្សល្ងីល្ងើ«តាមភាពល្ងង់ខ្លៅរបស់គាត់» ក្នុងន័យថាយើងបន្ទាបបន្ថោកខ្លួនដោយនិយាយឬប្រព្រឹត្តដូចគាត់ នេះបង្ហាញថាយើងយល់ស្របនឹងទង្វើឬទស្សនៈមិនសមហេតុផលរបស់គាត់ដែរ។ នេះមិនមានន័យថាយើងមិនគួរតបឆ្លើយនឹងគាត់នោះទេ តែដើម្បីកុំឲ្យយើងទៅជាល្ងង់ខ្លៅដូចគាត់ សុភាសិតបានជូនឱវាទថា៖ «កុំតបឆ្លើយទៅមនុស្សល្ងីល្ងើតាមភាពល្ងង់ខ្លៅរបស់គាត់ឡើយ»។ ប៉ុន្តែ សុភាសិត ២៦:៤, ៥បង្ហាញថា ការតបឆ្លើយទៅមនុស្សល្ងីល្ងើ«តាមភាពល្ងង់ខ្លៅរបស់គាត់» គឺនៅក្នុងន័យផ្សេង។ បើយើងតបឆ្លើយទៅមនុស្សល្ងីល្ងើក្នុងន័យថាយើងវែកញែកអ្វីដែលគាត់លើកឡើង និងបកអាក្រាតថាអ្វីទាំងនោះគឺមិនត្រឹមត្រូវ ហើយបង្ហាញថាការគិតគូររបស់គាត់នាំឲ្យមានលទ្ធផលផ្ទុយពីការនឹកស្មានរបស់គាត់ នោះអាចមានប្រយោជន៍ម្យ៉ាង។
ថ្ងៃទី១៨-២៤ ខែសីហា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ២៧
តើមិត្តពិតអាចជួយយើងឲ្យទទួលប្រយោជន៍តាមរបៀបណាខ្លះ?
it-2-E ទំ.៤៩១ វ.៣
អ្នកជិតខាង
សៀវភៅសុភាសិតបានលើកទឹកចិត្តយើងឲ្យទុកចិត្តនិងជឿជាក់ទៅលើមិត្តភក្តិរបស់យើង ហើយពឹងផ្អែកទៅលើគាត់ពេលដែលយើងត្រូវការ ដោយចែងថា៖ «កុំលះចោលមិត្តរបស់អ្នកឬមិត្តរបស់ឪពុកឡើយ ហើយពេលអ្នកមានទុក្ខលំបាក ចូរកុំទៅផ្ទះរបស់បងប្អូនបង្កើត។ មិត្តដែលនៅជិត ប្រសើរជាងបងប្អូនដែលនៅឆ្ងាយ»។ (សុភ. ២៧:១០) អ្នកសរសេរសុភាសិតនេះចង់និយាយថា យើងគួរឲ្យតម្លៃចំពោះមិត្តជិតស្និទ្ធ ហើយសុំជំនួយពីគាត់ជាជាងបងប្អូនឬសាច់ញាតិ ព្រោះបើបងប្អូននោះនៅឆ្ងាយ គាត់ប្រហែលជាមិនមានស្ថានភាព ឬលទ្ធភាពដែលអាចផ្ដល់ជំនួយបានឡើយ។
ថ្ងៃទី២៥-៣១ ខែសីហា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ២៨
ភាពខុសគ្នារវាងមនុស្សទុច្ចរិតនិងមនុស្សសុចរិត
w៩៣-E ១៥/៥ ទំ.២៦ វ.២
តើអ្នកធ្វើតាមព្រះយេហូវ៉ាយ៉ាងពេញលេញឬទេ?
គម្ពីរចែងថា៖ «មនុស្សសុចរិតមានចិត្តក្លាហានដូចតោស្ទាវ»។ (សុភាសិត ២៨:១) ពួកគេបង្ហាញជំនឿ ទុកចិត្តលើបណ្ដាំរបស់ព្រះ ហើយផ្សព្វផ្សាយដោយចិត្តក្លាហានទោះបីជាជួបការប្រឆាំងបៀតបៀនក៏ដោយ។
it-2-E ទំ.១១៣៩ វ.៣
ការយល់ដឹង
បុគ្គលដែលបែរចេញពីប្រភពនៃការយល់ដឹង។ បុគ្គលដែលបែរទៅធ្វើអំពើទុច្ចរិតចាប់ផ្ដើមលែងគិតអំពីព្រះពេលដែលគាត់ត្រូវធ្វើការសម្រេចចិត្តឬរៀបចំគម្រោងផ្សេងៗក្នុងជីវិត។ (យ៉ូប ៣៤:២៧) បុគ្គលបែបនោះលែងឃើញថាអ្វីដែលគាត់ធ្វើគឺមិនត្រឹមត្រូវ ហើយបាត់បង់ការយល់ធ្លុះជ្រៅ។ (ចសព. ៣៦:១-៤) ទោះជាគាត់ប្រហែលជាអះអាងថាគាត់កំពុងគោរពប្រណិប័តន៍ព្រះក៏ដោយ តែចិត្តរបស់គាត់ចូលចិត្តច្បាប់របស់មនុស្សជាជាងរបស់ព្រះ។ (អេ. ២៩:១៣, ១៤) គាត់វែកញែកហើយចាត់ទុកសីលធម៌ធូររលុងរបស់គាត់ ថាគ្រាន់តែជា«ល្បែងកម្សាន្ត»ប៉ុណ្ណោះ (សុភ. ១០:២៣) ហើយនាំឲ្យគាត់មានការគិតគូរស្មោកគ្រោក និងល្ងីល្ងើ រហូតដល់គាត់គិតថាព្រះគ្មានសមត្ថភាពអាចមើលឃើញអំពើខុសឆ្គងរបស់គាត់ ឬមិនដឹងនូវទង្វើអាក្រក់ដែលគាត់បានធ្វើទេ។ (ចសព. ៩៤:៤-១០; អេ. ២៩:១៥, ១៦; យេ. ១០:២១) តាមរយៈការប្រព្រឹត្តនិងរបៀបរស់នៅរបស់គាត់ ហាក់ដូចជាគាត់និយាយថា៖ «គ្មានព្រះយេហូវ៉ាទេ» ហើយគាត់ដូចជាបានដកព្រះយេហូវ៉ាចេញពីជីវិតរបស់គាត់។ (ចសព. ១៤:១-៣) មនុស្សដែលមិនបានទទួលការណែនាំពីគោលការណ៍របស់ព្រះមិនអាចវិនិច្ឆ័យត្រឹមត្រូវ មិនអាចយល់ច្បាស់អំពីបញ្ហា មិនអាចថ្លឹងថ្លែងកត្តាផ្សេងៗ ហើយមិនអាចធ្វើការសម្រេចចិត្តត្រឹមត្រូវទេ។—សុភ. ២៨:៥
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០១-E ១/១២ ទំ.១១ វ.៣
អ្នកអាចជៀសវាងពីការបាត់បង់ជំនឿ
មានទំនុកចិត្តលើខ្លួនឯងហួសហេតុពេក។ មនុស្សជាច្រើនដែលគាំងបេះដូងមានទំនុកចិត្តហួសហេតុពេកអំពីសុខភាពរបស់ខ្លួន។ ពួកគេច្រើនតែមិនអើពើនឹងការថែទាំសុខភាពខ្លួនឬឆែកសុខភាពទេ ថែមទាំងសើចចំអកចំពោះការធ្វើដូច្នេះទៀតផង។ ស្រដៀងគ្នាដែរ អ្នកខ្លះប្រហែលជាមានអារម្មណ៍ថា ដោយសារពួកគេជាគ្រិស្តសាសនិកតាំងពីយូរមកហើយ ដូច្នេះគ្មានអ្វីដែលអាចមកបង្ខូចជំនឿរបស់ពួកគេបានឡើយ។ ពួកគេប្រហែលជាមិនបានអើពើពិនិត្យមើលជំនឿរបស់ពួកគេទេ រហូតដល់មានបញ្ហាកើតឡើង។ គឺសំខាន់ឲ្យយើងចងចាំនូវឱវាទដែលថា កុំឲ្យមានទំនុកចិត្តហួសហេតុពេក ដូចអ្វីដែលសាវ័កប៉ូលបានរៀបរាប់ថា៖ «ចូរឲ្យអ្នកដែលគិតថាខ្លួនឈរ ប្រយ័ត្នក្រែងលោដួល»។ ដូច្នេះ ជាការឈ្លាសវៃដែលយើងទទួលស្គាល់ថាយើងគឺជាមនុស្សមិនល្អឥតខ្ចោះ ហើយម្ដងម្កាលយើងត្រូវពិនិត្យមើលជំនឿរបស់យើង។—កូរិនថូសទី១ ១០:១២; សុភាសិត ២៨:១៤