-
តើយ៉ូបជាអ្នកណា?មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី១៦
តើយ៉ូបជាអ្នកណា?
នៅស្រុកអ៊ូស មានបុរសម្នាក់ជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា គាត់ឈ្មោះយ៉ូប។ គាត់ជាអ្នកមានស្តុកស្តម្ភ ហើយមានក្រុមគ្រួសារដ៏ធំមួយ។ គាត់មានចិត្តសប្បុរស តែងតែជួយមនុស្សក្រីក្រ ជួយស្ត្រីដែលប្ដីស្លាប់ និងក្មេងកំព្រា។ ប៉ុន្តែ ដោយសារគាត់មានជីវិតចម្រុងចម្រើន តើគាត់នឹងជួបតែរឿងល្អប៉ុណ្ណោះឬ?
យ៉ូបមិនបានដឹងថា មេកំណាចសាថានកំពុងមើលគាត់ទេ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅសាថានថា៖ ‹តើអ្នកបានសង្កេតមើលយ៉ូបជាអ្នកបម្រើរបស់ខ្ញុំឬទេ? នៅផែនដីគ្មានមនុស្សណាម្នាក់ដូចគាត់ឡើយ។ គាត់ស្ដាប់បង្គាប់ខ្ញុំ ហើយធ្វើអ្វីដែលត្រឹមត្រូវ›។ សាថានតបវិញថា៖ ‹គាត់ស្ដាប់បង្គាប់លោក ដោយសារលោកការពារនិងឲ្យពរដល់គាត់។ លោកឲ្យដីនិងហ្វូងសត្វផ្សេងៗដល់គាត់។ ប៉ុន្តែ បើលោកធ្វើឲ្យគាត់បាត់បង់អ្វីៗទាំងអស់ នោះគាត់នឹងឈប់គោរពប្រណិប័តន៍លោកទៀត›។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹អ្នកអាចល្បងលគាត់បាន។ ប៉ុន្តែ កុំសម្លាប់គាត់ឲ្យសោះ›។ ហេតុអ្វីព្រះយេហូវ៉ាអនុញ្ញាតឲ្យសាថានល្បងលយ៉ូប? ពីព្រោះលោកទុកចិត្តថា យ៉ូបអាចយកឈ្នះការល្បងលនេះ។
សាថានចាប់ផ្ដើមធ្វើឲ្យមានអន្តរាយជាច្រើន ដើម្បីល្បងលយ៉ូប។ ដំបូង សាថានធ្វើឲ្យពួកសេបៀនមកប្លន់យកហ្វូងគោ និងហ្វូងលារបស់យ៉ូប។ រួចមក ធ្វើឲ្យមានភ្លើងធ្លាក់ពីលើមេឃ មកឆាបឆេះចៀមទាំងអស់របស់គាត់។ បន្ទាប់មក ធ្វើឲ្យពួកខាល់ដេចូលមកប្លន់យកហ្វូងអូដ្ឋ និងសម្លាប់ពួកអ្នកបម្រើដែលមើលថែសត្វទាំងនោះ។ បន្ទាប់មកទៀត មហន្តរាយដែលគួរឲ្យតក់ស្លុតបំផុតក៏កើតឡើង។ កូនៗទាំងអស់របស់យ៉ូបដែលកំពុងជប់លៀង ត្រូវផ្ទះបាក់សង្កត់ស្លាប់គ្មានសល់។ យ៉ូបសោកសៅនិងខ្លោចផ្សាណាស់ តែគាត់មិនឈប់គោរពប្រណិប័តន៍ព្រះយេហូវ៉ាទេ។
សាថានចង់ឲ្យយ៉ូបរងទុក្ខវេទនាថែមទៀត ដូច្នេះសាថានបានធ្វើឲ្យយ៉ូបកើតដំបៅរលួយពេញខ្លួន។ យ៉ូបមានការឈឺចាប់យ៉ាងខ្លាំង។ គាត់មិនដឹងថាហេតុអ្វីរឿងទាំងអស់នេះបានកើតឡើងចំពោះគាត់ទេ។ ទោះជាយ៉ាងនោះក្ដី គាត់នៅតែបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ព្រះមើលឃើញអ្វីៗទាំងអស់នេះ ហើយលោកពេញចិត្តចំពោះយ៉ូបខ្លាំងណាស់។
រួចមក សាថានបានបញ្ជូនបុរសបីនាក់ឲ្យទៅល្បងលយ៉ូប។ ពួកគេនិយាយទៅគាត់ថា៖ ‹អ្នកប្រាកដជាបានប្រព្រឹត្តអំពើខុសឆ្គង ហើយព្យាយាមលាក់បាំងរឿងនោះ។ ព្រះកំពុងដាក់ទោសអ្នក›។ យ៉ូបឆ្លើយថា៖ ‹ខ្ញុំមិនបានធ្វើខុសអ្វីទាល់តែសោះ›។ ប៉ុន្តែ គាត់ចាប់ផ្ដើមគិតថា ព្រះយេហូវ៉ាជាអ្នកបង្កឲ្យមានរឿងទាំងអស់នេះ ហើយថាព្រះមិនយុត្តិធម៌ចំពោះគាត់ទេ។
យុវជនម្នាក់ឈ្មោះអេលីហ៊ូ កំពុងស្ដាប់ការសន្ទនានេះដោយស្ងៀមស្ងាត់។ រួចមក គាត់ពោលឡើងថា៖ ‹អ្វីដែលអ្នករាល់គ្នានិយាយមិនត្រឹមត្រូវទេ។ ព្រះយេហូវ៉ាខ្ពង់ខ្ពស់ហួសពីអ្វីដែលយើងអាចយល់បាន។ លោកមិនដែលធ្វើអាក្រក់ឡើយ។ លោកឃើញអ្វីៗទាំងអស់ ហើយតែងជួយមនុស្សដែលមានបញ្ហា›។
បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូប។ លោកសួរគាត់ថា៖ ‹តើអ្នកនៅឯណាពេលដែលខ្ញុំបង្កើតមេឃនិងផែនដី? ហេតុអ្វីបានជាអ្នកនិយាយថាខ្ញុំមិនយុត្តិធម៌? អ្នកនិយាយដោយមិនដឹងមូលហេតុអំពីរឿងទាំងអស់នេះទេ›។ យ៉ូបបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយនិយាយថា៖ ‹ខ្ញុំបានឮអំពីលោក តែពេលនេះខ្ញុំស្គាល់លោកច្បាស់ហើយ។ គ្មានអ្វីដែលលោកមិនអាចធ្វើបានឡើយ។ ខ្ញុំសុំទោសដែលនិយាយដូច្នេះ›។
ក្រោយពីចប់ការល្បងល ព្រះយេហូវ៉ាបានធ្វើឲ្យយ៉ូបមានសុខភាពល្អឡើងវិញ ហើយបានឲ្យគាត់មានអ្វីៗច្រើនជាងមុនទៅទៀត។ យ៉ូបមានអាយុវែង និងរស់នៅដោយសប្បាយរីករាយ។ ព្រះយេហូវ៉ាឲ្យពរដល់យ៉ូប ដោយសារគាត់ស្ដាប់បង្គាប់លោក សូម្បីតែគាត់ជួបរឿងដ៏អាក្រក់។ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ តើអ្នកនឹងបន្តស្ដាប់បង្គាប់ព្រះយេហូវ៉ាដូចយ៉ូបឬទេ?
«អ្នករាល់គ្នាធ្លាប់ឮអំពីការស៊ូទ្រាំរបស់យ៉ូប ក៏ដឹងអំពីពរដែលព្រះយេហូវ៉ាបានឲ្យដល់គាត់»។—យ៉ាកុប ៥:១១
-
-
ម៉ូសេជ្រើសរើសគោរពប្រណិប័តន៍ព្រះយេហូវ៉ាមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី១៧
ម៉ូសេជ្រើសរើសគោរពប្រណិប័តន៍ព្រះយេហូវ៉ា
ពេលរស់នៅក្នុងស្រុកអេហ្ស៊ីប កូនចៅយ៉ាកុបបានត្រូវហៅថាជនជាតិអ៊ីស្រាអែល។ ក្រោយពីយ៉ាកុបនិងយ៉ូសែបស្លាប់ ផារ៉ូថ្មីបានឡើងគ្រប់គ្រង។ ផារ៉ូម្នាក់នេះភ័យខ្លាចថា ជនជាតិអ៊ីស្រាអែលមានអំណាចខ្លាំងជាងជនជាតិអេហ្ស៊ីប។ ដូច្នេះ គាត់បានឲ្យជនជាតិអ៊ីស្រាអែលធ្វើជាទាសករ ដោយបង្ខំពួកគេឲ្យធ្វើឥដ្ឋ និងឲ្យធ្វើការយ៉ាងលំបាកក្នុងស្រែចម្ការ។ ប៉ុន្តែ កាលដែលជនជាតិអេហ្ស៊ីបគាបសង្កត់ជនជាតិអ៊ីស្រាអែលខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលក៏កើនចំនួនច្រើនយ៉ាងនោះដែរ។ នេះធ្វើឲ្យផារ៉ូមិនពេញចិត្តទាល់តែសោះ។ ហេតុនេះ គាត់បានចេញបញ្ជាឲ្យសម្លាប់ទារកប្រុសទាំងអស់របស់ជនជាតិអ៊ីស្រាអែល ដែលទើបនឹងកើត។ តើអ្នកអាចស្រមៃឃើញជនជាតិអ៊ីស្រាអែលមានអារម្មណ៍ភ័យខ្លាចខ្លាំងយ៉ាងណាទេ?
ស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះយ៉ុកេបេត កើតបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់។ ដើម្បីការពារកូនង៉ែត យ៉ុកេបេតបានដាក់កូននៅក្នុងកញ្ជើ ហើយយកទៅលាក់នៅកណ្ដាលគុម្ពត្រែងក្បែរច្រាំងទន្លេនីល។ បងស្រីទារកឈ្មោះមីរៀម កំពុងឈរចាំនៅជិតនោះ ដើម្បីមើលថានឹងមានអ្វីកើតឡើង។
ពេលនោះ កូនស្រីផារ៉ូចុះទៅងូតទឹកក្នុងទន្លេនីល ហើយនាងបានឃើញកញ្ជើ។ នាងបើកមើល ក៏ឃើញទារកកំពុងយំ ធ្វើឲ្យនាងរំជួលចិត្តដោយក្ដីអាណិត។ ឃើញដូច្នោះ មីរៀមបានសួរកូនស្រីផារ៉ូថា៖ «តើអ្នកនាងម្ចាស់ចង់ឲ្យខ្ញុំទៅហៅមេដោះឲ្យមកបំបៅកូននេះទេ?»។ កូនស្រីផារ៉ូយល់ព្រម ដូច្នេះមីរៀមបានទៅហៅម្ដាយមក។ កូនស្រីផារ៉ូបានប្រាប់យ៉ុកេបេតថា៖ «ចូរយកទារកនេះទៅបំបៅឲ្យខ្ញុំ។ ខ្ញុំនឹងឲ្យថ្លៃឈ្នួលដល់អ្នក»។
ពេលកូននោះធំឡើងបន្តិច យ៉ុកេបេតបាននាំកូនទៅជួបកូនស្រីផារ៉ូ។ កូនស្រីផារ៉ូបានដាក់ឈ្មោះកូននោះថាម៉ូសេ ហើយចិញ្ចឹមបីបាច់ទុកដូចជាកូនរបស់នាង។ ម៉ូសេបានធំឡើងជាបុត្រដែលមានឋានៈខ្ពង់ខ្ពស់ ហើយគាត់អាចធ្វើអ្វីទាំងអស់តាមដែលគាត់ចង់បាន។ ប៉ុន្តែ ម៉ូសេមិនដែលភ្លេចព្រះយេហូវ៉ាទេ។ គាត់ដឹងច្បាស់ថាខ្លួនជាជនជាតិអ៊ីស្រាអែល មិនមែនជាជនជាតិអេហ្ស៊ីបឡើយ។ ម្ល៉ោះហើយ គាត់ជ្រើសរើសបម្រើព្រះយេហូវ៉ា។
ពេលអាយុ៤០ឆ្នាំ ម៉ូសេបានសម្រេចចិត្តជួយជនរួមជាតិរបស់គាត់។ នៅថ្ងៃមួយ ម៉ូសេបានឃើញជនជាតិអេហ្ស៊ីបវាយធ្វើបាបជនជាតិអ៊ីស្រាអែល ហេតុនេះគាត់បានវាយសម្លាប់ជនជាតិអេហ្ស៊ីបនោះ ហើយកប់សាកសពនៅក្នុងខ្សាច់។ ប៉ុន្តែ ពេលផារ៉ូដឹងរឿងនោះ គាត់ចង់សម្លាប់ម៉ូសេ។ ដូច្នេះ ម៉ូសេក៏រត់ភៀសខ្លួនទៅស្រុកម៉ាឌាន។ នៅទីនោះ ព្រះយេហូវ៉ាបានមើលថែគាត់។
«ដោយសារជំនឿ . . . [ម៉ូសេ]មិនព្រមឲ្យគេហៅគាត់ថាជាកូនរបស់កូនស្រីផារ៉ូឡើយ។ គាត់សម្រេចចិត្តឲ្យគេធ្វើបាបគាត់ជាមួយនឹងរាស្ដ្ររបស់ព្រះ»។—ហេប្រឺ ១១:២៤, ២៥
-