-
សេចក្ដីវេទនា៦យ៉ាងទៀតមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី២០
សេចក្ដីវេទនា៦យ៉ាងទៀត
ម៉ូសេនិងអេរ៉ុនបន្តប្រាប់ប្រសាសន៍ពីព្រះយេហូវ៉ា ដល់ផារ៉ូថា៖ ‹បើអ្នកមិនព្រមឲ្យរាស្ត្ររបស់ខ្ញុំចេញទៅទេ នោះខ្ញុំនឹងចាត់សត្វរបោមឲ្យមានពេញពាសក្នុងស្រុកនេះ›។ បន្ទាប់មក សត្វរបោមហើរទាំងហ្វូងៗចូលទៅក្នុងផ្ទះរបស់ជនជាតិអេហ្ស៊ីប ទាំងអ្នកមានទាំងអ្នកក្រ។ ទឹកដីទាំងមូលពេញទៅដោយសត្វរបោម។ ប៉ុន្តែ តំបន់កូសែនដែលជនជាតិអ៊ីស្រាអែលរស់នៅ គ្មានសត្វរបោមទាល់តែសោះ។ ចាប់ពីសេចក្ដីវេទនាទី៤នេះទៅ មានតែជនជាតិអេហ្ស៊ីបប៉ុណ្ណោះ ដែលរងអន្តរាយ។ ផារ៉ូនិយាយថា៖ ‹ចូរអង្វរសុំព្រះយេហូវ៉ាឲ្យដកសត្វរបោមចេញពីយើងទៅ នោះយើងនឹងដោះលែងរាស្ត្ររបស់លោក›។ ប៉ុន្តែ ពេលព្រះយេហូវ៉ាដកសត្វរបោមចេញ ផារ៉ូបានដូរចិត្តវិញ។ តើពេលណាទើបផារ៉ូចេះរាងចាល?
ព្រះយេហូវ៉ាប្រាប់ថា៖ ‹បើផារ៉ូមិនព្រមឲ្យរាស្ត្ររបស់ខ្ញុំចេញទៅទេ ហ្វូងសត្វរបស់ជនជាតិអេហ្ស៊ីបនឹងឈឺហើយស្លាប់›។ នៅថ្ងៃបន្ទាប់ សត្វរបស់ពួកគេចាប់ផ្ដើមស្លាប់។ ប៉ុន្តែ សត្វរបស់ជនជាតិអ៊ីស្រាអែលមិនបានស្លាប់ទេ។ យ៉ាងណាក៏ដោយ ផារ៉ូនៅតែរឹងរូសមិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញទៅឡើយ។
រួចមក ព្រះយេហូវ៉ាបានប្រាប់ម៉ូសេឲ្យត្រឡប់ទៅជួបផារ៉ូវិញ ហើយឲ្យម៉ូសេបាចផេះទៅក្នុងខ្យល់។ ផេះទាំងនោះក៏ក្លាយជាធូលី ហុយពេញទីអាស្រ័យនៅរបស់ជនជាតិអេហ្ស៊ីប ហើយបណ្ដាលឲ្យពួកគេនិងសត្វពួកគេកើតបូសហៀរខ្ទុះទាំងអស់។ ប៉ុន្តែ ផារ៉ូនៅតែមិនព្រមដោះលែងជនជាតិអ៊ីស្រាអែល។
ព្រះយេហូវ៉ាបានចាត់ម៉ូសេឲ្យទៅប្រាប់ផារ៉ូថា៖ ‹បើអ្នកនៅតែរឹងទទឹងមិនព្រមឲ្យរាស្ត្ររបស់ខ្ញុំចេញទៅទេ ថ្ងៃស្អែកខ្ញុំនឹងធ្វើឲ្យមានដុំទឹកកកធ្លាក់មកលើស្រុកនេះ›។ លុះស្អែកឡើង ព្រះយេហូវ៉ាបានធ្វើឲ្យមានដុំទឹកកក ផ្គរលាន់ និងភ្លើង។ នោះគឺជាព្យុះអាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនក្នុងស្រុកអេហ្ស៊ីប។ ដើមឈើនិងដំណាំទាំងអស់បានត្រូវបំផ្លាញ លើកលែងតែនៅតំបន់កូសែន។ ផារ៉ូបាននិយាយថា៖ ‹ចូរអង្វរសុំព្រះយេហូវ៉ាឲ្យបញ្ឈប់ការនេះ! រួចខ្ញុំនឹងឲ្យពួកអ្នកចេញទៅ›។ ប៉ុន្តែ ពេលឈប់មានដុំទឹកកកនិងភ្លៀងទៀត ផារ៉ូក៏ផ្លាស់ប្ដូរចិត្ត។
បន្ទាប់មក ម៉ូសេប្រាប់ថា៖ ‹ឥឡូវសត្វកណ្ដូបនឹងមកស៊ីផលដំណាំទាំងអស់ដែលនៅសល់ពីព្យុះទឹកកក›។ រួចមក កណ្ដូបរាប់លានក្បាលបានមកស៊ីអ្វីៗទាំងអស់ ដែលនៅសេសសល់ក្នុងស្រែចម្ការ និងដើមឈើផ្សេងៗ។ ផារ៉ូបានពោលថា៖ ‹ចូរអង្វរព្រះយេហូវ៉ាឲ្យដកសត្វកណ្ដូបចេញ›។ ប៉ុន្តែ ក្រោយពីព្រះយេហូវ៉ាបណ្ដេញកណ្ដូបទាំងនោះចេញ ផារ៉ូនៅតែរឹងរូសដដែល។
បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់ម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ»។ រំពេចនោះ មេឃក៏ងងឹតសូន្យសុង។ អស់រយៈពេលបីថ្ងៃ ជនជាតិអេហ្ស៊ីបមិនអាចមើលអ្វីឃើញឡើយ។ មានតែផ្ទះរបស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ ដែលមានពន្លឺដូចធម្មតា។
ផារ៉ូប្រាប់ម៉ូសេថា៖ ‹យើងឲ្យពួកអ្នកចេញទៅបាន។ តែយើងមិនឲ្យសត្វរបស់ពួកអ្នកចេញទៅទេ›។ ម៉ូសេនិយាយថា៖ ‹យើងត្រូវយកសត្វរបស់យើងទៅជាមួយ ដើម្បីយើងអាចជូនសត្វទាំងនោះជាគ្រឿងបូជាដល់ព្រះរបស់យើង›។ ឮដូច្នេះ ផារ៉ូខឹងខ្លាំងណាស់ ហើយស្រែកថា៖ ‹ចូរចេញឲ្យឆ្ងាយពីមុខខ្ញុំទៅ! បើខ្ញុំឃើញអ្នកទៀត ខ្ញុំនឹងសម្លាប់អ្នកចោល›។
«អ្នករាល់គ្នានឹងឃើញម្ដងទៀតនូវភាពខុសគ្នារវាងមនុស្សសុចរិតនិងមនុស្សទុច្ចរិត ហើយរវាងអ្នកដែលបម្រើព្រះនិងអ្នកដែលមិនបម្រើព្រះ»។—ម៉ាឡាគី ៣:១៨
-
-
សេចក្ដីវេទនាទី១០មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី២១
សេចក្ដីវេទនាទី១០
ម៉ូសេបានសន្យានឹងផារ៉ូថា គាត់គ្មានថ្ងៃមកជួបមុខផារ៉ូទៀតទេ។ ប៉ុន្តែ មុនពេលចេញទៅ គាត់ប្រាប់ផារ៉ូថា៖ ‹នៅពាក់កណ្ដាលអធ្រាត្រនេះ កូនប្រុសច្បងទាំងអស់ក្នុងស្រុកអេហ្ស៊ីបនឹងស្លាប់ ចាប់ពីកូនច្បងរបស់ផារ៉ូ រហូតដល់កូនច្បងរបស់អ្នកបម្រើ›។
ព្រះយេហូវ៉ាបានប្រាប់ជនជាតិអ៊ីស្រាអែលឲ្យរៀបចំអាហារពិសេស។ លោកមានប្រសាសន៍ថា៖ ‹ចូរសម្លាប់ចៀមឬពពែឈ្មោលមួយក្បាលអាយុមួយខួប ហើយយកឈាមវាទៅលាបលើទ្វារផ្ទះ។ ចូរដុតសត្វនោះ រួចបរិភោគជាមួយនឹងនំប៉័ងឥតដំបែ។ ចូរពាក់សម្លៀកបំពាក់និងស្បែកជើងឲ្យរួចជាស្រេច។ នៅយប់នេះ ខ្ញុំនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព›។ តើអ្នកអាចស្រមៃឃើញ ជនជាតិអ៊ីស្រាអែលរំភើបចិត្តខ្លាំងយ៉ាងណាទេ?
លុះពាក់កណ្ដាលអធ្រាត្រ ទេវតារបស់ព្រះយេហូវ៉ាបានហោះទៅគ្រប់ផ្ទះក្នុងស្រុកអេហ្ស៊ីប។ ផ្ទះណាដែលគ្មានឈាមនៅមាត់ទ្វារ កូនប្រុសច្បងក្នុងផ្ទះនោះក៏ត្រូវស្លាប់។ ប៉ុន្តែ ផ្ទះណាដែលមានឈាមនៅមាត់ទ្វារ ទេវតាក៏រំលងផ្ទះនោះ។ គ្រប់ក្រុមគ្រួសាររបស់ជនជាតិអេហ្ស៊ីប មិនថាអ្នកមានឬអ្នកក្រទេ គឺបាត់បង់កូនប្រុសម្នាក់។ ប៉ុន្តែ គ្មានកូនចៅជនជាតិអ៊ីស្រាអែលណាម្នាក់បានស្លាប់ឡើយ។
សូម្បីតែកូនប្រុសរបស់ផារ៉ូក៏ស្លាប់ដែរ។ ឥឡូវ ផារ៉ូទ្រាំមិនបានទៀតទេ។ ដូច្នេះ ភ្លាមៗគាត់ហៅម៉ូសេនិងអេរ៉ុន ហើយប្រាប់ថា៖ ‹ទៅ! ចូរនាំគ្នាចេញពីទីនេះ ហើយគោរពប្រណិប័តន៍ព្រះរបស់អ្នកចុះ។ ចូរនាំទាំងសត្វរបស់អ្នកទៅផង!›។
នៅក្រោមដួងខែពេញវង់ ជនជាតិអ៊ីស្រាអែលបាននាំគ្នាចេញដំណើរតាមវង្សត្រកូល និងតាមកុលសម្ព័ន្ធ។ ពេលនោះ មានបុរសជនជាតិអ៊ីស្រាអែលចំនួន៦០០.០០០នាក់ ព្រមទាំងស្ត្រីនិងកូនក្មេងជាច្រើននាក់ទៀត។ ជនបរទេសជាច្រើនក៏បានទៅជាមួយដែរ ពីព្រោះពួកគេចង់គោរពប្រណិប័តន៍ព្រះយេហូវ៉ា។ នៅទីបំផុត ជនជាតិអ៊ីស្រាអែលមានសេរីភាព!
ជារៀងរាល់ឆ្នាំ ជនជាតិអ៊ីស្រាអែលតែងបរិភោគអាហារពិសេសនោះដើម្បីរំលឹកថា ព្រះយេហូវ៉ាបានជួយសង្គ្រោះពួកគេ។ អាហារនោះហៅថា បុណ្យរំលង។
«ខ្ញុំបានទុកឲ្យអ្នករស់ដើម្បីការនេះឯង គឺដើម្បីឲ្យខ្ញុំបង្ហាញឫទ្ធានុភាពរបស់ខ្ញុំដោយសារអ្នក និងដើម្បីឲ្យឈ្មោះរបស់ខ្ញុំត្រូវប្រកាសពាសពេញផែនដីទាំងមូល»។—រ៉ូម ៩:១៧
-