-
អ្នកស៊ើបការណ៍១២នាក់មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី២៦
អ្នកស៊ើបការណ៍១២នាក់
ជនជាតិអ៊ីស្រាអែលចាកចេញពីភ្នំស៊ីណាយ ហើយធ្វើដំណើរកាត់តំបន់ស្ងាត់ជ្រងំប៉ារ៉ាន ទៅដល់កន្លែងមួយឈ្មោះថាកាដេស។ នៅទីនោះ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ ‹ចូរចាត់បុរស១២នាក់ គឺម្នាក់ពីកុលសម្ព័ន្ធមួយៗឲ្យទៅសង្កេតមើលស្រុកកាណាន ជាទឹកដីដែលខ្ញុំនឹងប្រគល់ឲ្យជនជាតិអ៊ីស្រាអែល›។ ដូច្នេះ ម៉ូសេបានជ្រើសរើសបុរស១២នាក់ ហើយប្រាប់ថា៖ ‹ចូរទៅស្រុកកាណាន ហើយស៊ើបមើលថា តើដីនៅទីនោះល្អសម្រាប់ដាំដំណាំឬទេ ហើយតើមនុស្សនៅទីនោះខ្លាំងឬខ្សោយ ហើយតើពួកគេរស់នៅក្រុងឬក្នុងជំរំ?›។ រួចមក អ្នកស៊ើបការណ៍ទាំង១២នាក់ រួមមានយ៉ូស្វេនិងកាលែប ក៏ចេញទៅស្រុកកាណាន។
បន្ទាប់ពីស៊ើបការណ៍អស់៤០ថ្ងៃ ពួកគេក៏ត្រឡប់មកវិញ ទាំងនាំយកផ្លែល្វា ផ្លែទទឹម និងផ្លែទំពាំងបាយជូរមកជាមួយផង។ ពួកគេប្រាប់ថា៖ ‹នៅស្រុកនោះទឹកដីល្អណាស់។ ប៉ុន្តែ មនុស្សនៅស្រុកនោះខ្លាំងពូកែ ហើយក្រុងរបស់ពួកគេមានកំពែងរឹងមាំ›។ ពេលនោះ កាលែបនិយាយថា៖ ‹យើងអាចវាយឈ្នះពួកគេបាន។ តោះយើងទៅ!›។ អ្នកដឹងទេថា ហេតុអ្វីកាលែបនិយាយដូច្នេះ? គឺដោយសារគាត់និងយ៉ូស្វេទុកចិត្តព្រះយេហូវ៉ា។ ប៉ុន្តែ ពួកអ្នកស៊ើបការណ៍១០នាក់ទៀតនិយាយថា៖ ‹កុំទៅឲ្យសោះ! មនុស្សនៅស្រុកនោះ មានមាឌធំខ្លាំងណាស់! បើប្រៀបធៀបនឹងពួកគេ យើងដូចជាកណ្ដូប›។
ពេលឮដូច្នេះ ជនជាតិអ៊ីស្រាអែលក៏ធ្លាក់ទឹកចិត្ត។ ពួកគេចាប់ផ្ដើមត្អូញត្អែរ ហើយនិយាយគ្នាថា៖ ‹ចូរយើងជ្រើសរើសអ្នកដឹកនាំថ្មី ហើយត្រឡប់ទៅស្រុកអេហ្ស៊ីបវិញ។ ហេតុអ្វីយើងត្រូវទៅទឹកដីនោះដើម្បីឲ្យពួកគេសម្លាប់យើង?›។ យ៉ូស្វេនិងកាលែបនិយាយថា៖ ‹យើងត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយកុំភ័យខ្លាចឡើយ។ ព្រះយេហូវ៉ានឹងការពារយើង›។ ប៉ុន្តែ បណ្ដាជនអ៊ីស្រាអែលមិនស្ដាប់ឡើយ ពួកគេថែមទាំងចង់សម្លាប់យ៉ូស្វេនិងកាលែបទៀតផង!
តើព្រះយេហូវ៉ានឹងធ្វើយ៉ាងណា? លោកមានប្រសាសន៍ទៅម៉ូសេថា៖ ‹ខ្ញុំបានធ្វើអ្វីៗជាច្រើនដើម្បីជនជាតិអ៊ីស្រាអែល ប៉ុន្តែពួកគេនៅតែមិនស្ដាប់បង្គាប់ខ្ញុំ។ ដូច្នេះ ពួកគេនឹងរស់នៅក្នុងតំបន់ស្ងាត់ជ្រងំនេះអស់៤០ឆ្នាំ ហើយស្លាប់នៅទីនេះ។ មានតែកូនៗរបស់ពួកគេ យ៉ូស្វេ និងកាលែបប៉ុណ្ណោះ ដែលនឹងរស់នៅក្នុងទឹកដីដែលខ្ញុំបានសន្យាប្រគល់ឲ្យពួកគេ›។
«អ្នករាល់គ្នាដែលមានជំនឿតិច ហេតុអ្វីបានជាភ័យខ្លាចដូច្នេះ?»។—ម៉ាថាយ ៨:២៦
-
-
ពួកគេបះបោរប្រឆាំងនឹងព្រះយេហូវ៉ាមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី២៧
ពួកគេបះបោរប្រឆាំងនឹងព្រះយេហូវ៉ា
ក្រោយមក ពេលជនជាតិអ៊ីស្រាអែលនៅក្នុងតំបន់ស្ងាត់ជ្រងំ កូរ៉ា ដាថាន អាបាយរ៉ាម និងមនុស្ស២៥០នាក់ទៀត នាំគ្នាបះបោរប្រឆាំងនឹងម៉ូសេ។ ពួកគេនិយាយទៅម៉ូសេថា៖ ‹យើងទ្រាំនឹងអ្នកយូរហើយ! ហេតុអ្វីបានជាអ្នកតាំងខ្លួនធ្វើជាមេដឹកនាំយើង ហើយឲ្យអេរ៉ុនធ្វើជាសម្ដេចសង្ឃ? ព្រះយេហូវ៉ាក៏នៅជាមួយពួកយើងដែរ មិនគ្រាន់តែនៅជាមួយអ្នកនិងអេរ៉ុនទេ›។ ព្រះយេហូវ៉ាមិនពេញចិត្តឡើយ។ លោកចាត់ទុកទង្វើរបស់ពួកគេថា ជាការបះបោរប្រឆាំងនឹងលោក!
ម៉ូសេបានតបទៅកូរ៉ានិងពួកអ្នកគាំទ្រកូរ៉ាថា៖ ‹ថ្ងៃស្អែក ចូរមកត្រសាលជំនុំ ហើយយកប្រដាប់ដាក់រងើកភ្លើង និងគ្រឿងក្រអូបមកជាមួយផង។ ព្រះយេហូវ៉ានឹងបញ្ជាក់ច្បាស់ថា អ្នកណាដែលលោកបានជ្រើសរើស›។
នៅថ្ងៃបន្ទាប់ កូរ៉ានិងពួកអ្នកគាំទ្រ២៥០នាក់ បានទៅជួបម៉ូសេនៅឯត្រសាលជំនុំ។ ពួកគេបានដុតគ្រឿងក្រអូបនៅទីនោះ ធ្វើដូចជាពួកគេជាសង្ឃ។ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេនិងអេរ៉ុនថា៖ ‹ចូរញែកខ្លួនចេញពីកូរ៉ានិងពួកអ្នកគាំទ្រគាត់›។
ពេលកូរ៉ាទៅជួបម៉ូសេនៅឯត្រសាលជំនុំ ដាថាន អាបាយរ៉ាម និងក្រុមគ្រួសាររបស់ពួកគេមិនព្រមទៅទេ។ ព្រះយេហូវ៉ាបានប្រាប់ជនជាតិអ៊ីស្រាអែលឲ្យចេញឆ្ងាយពីជំរំរបស់កូរ៉ា ដាថាន និងអាបាយរ៉ាម។ បណ្ដាជនអ៊ីស្រាអែលក៏ធ្វើតាមភ្លាមៗ។ រីឯដាថាន អាបាយរ៉ាម និងក្រុមគ្រួសារពួកគេ បានចេញមកឈរនៅមាត់ទ្វារជំរំរបស់ខ្លួន។ រំពេចនោះ ដីចាប់ផ្ដើមប្រេះ ហើយលេបត្របាក់ពួកគេទាំងរស់! នៅឯត្រសាលជំនុំវិញ ភ្លើងបានធ្លាក់ពីលើមេឃ មកឆាបឆេះកូរ៉ា និងមនុស្ស២៥០នាក់ដែលគាំទ្រគាត់។
រួចមក ព្រះយេហូវ៉ាបង្គាប់ម៉ូសេថា៖ ‹ចូរឲ្យមេដឹកនាំកុលសម្ព័ន្ធនីមួយៗយកដំបងម្នាក់មួយៗ ហើយចារឈ្មោះរៀងខ្លួននៅលើដំបងរបស់ពួកគេ។ ប៉ុន្តែ ដំបងពីកុលសម្ព័ន្ធលេវី ត្រូវចារឈ្មោះរបស់អេរ៉ុន។ បន្ទាប់មក ចូរដាក់ដំបងទាំងនោះនៅក្នុងត្រសាលជំនុំ។ ដំបងរបស់អ្នកណាដែលខ្ញុំជ្រើសរើស នោះនឹងចេញពន្លកផ្កា›។
នៅថ្ងៃបន្ទាប់ ម៉ូសេបានយកដំបងទាំងអស់មកបង្ហាញមេដឹកនាំនីមួយៗ។ ដំបងរបស់អេរ៉ុនមានពន្លកផ្កា ថែមទាំងចេញផ្លែអល់ម៉ុនទុំនៅពីលើទៀតផង។ នេះបញ្ជាក់ច្បាស់ថា ព្រះយេហូវ៉ាបានជ្រើសរើសអេរ៉ុនឲ្យធ្វើជាសម្ដេចសង្ឃ។
«ចូរស្ដាប់បង្គាប់ ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា»។—ហេប្រឺ ១៣:១៧
-