បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • គេឌានបានវាយឈ្នះពួកម៉ាឌាន
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • គេឌាននិងពួកបុរសរបស់គាត់ផ្លុំស្នែង និងវាយបំបែកក្អម រួចគ្រវីចន្លុះ ទាំងស្រែកយ៉ាងខ្លាំង

      មេ​រៀន​ទី​៣៤

      គេឌាន​បាន​វាយ​ឈ្នះ​ពួក​ម៉ាឌាន

      ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ម្ដង​ទៀត ហើយ​បែរ​ទៅ​គោរព​បូជា​ព្រះ​មិន​ពិត។ អស់​រយៈ​ពេល​៧​ឆ្នាំ ពួក​ម៉ាឌាន​បាន​លួច​ហ្វូង​សត្វ​និង​បំផ្លាញ​ផល​ដំណាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ នេះ​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​បង្ខំ​ចិត្ត​រត់​ទៅ​ជ្រក​កោន​ក្នុង​រូង​ភ្នំ​និង​លើ​ភ្នំ។ ពួក​គេ​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។ ដូច្នេះ ព្រះ​យេហូវ៉ា​ចាត់​ទេវតា​មួយ​រូប ឲ្យ​ទៅ​ជួប​យុវជន​ម្នាក់​ឈ្មោះ​គេឌាន។ ទេវតា​ប្រាប់​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច›។ ប៉ុន្តែ គេឌាន​សួរ​ថា​៖ ‹តើ​ខ្ញុំ​អាច​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ម្ដេច​បាន? ខ្ញុំ​មិន​មែន​ជា​មនុស្ស​សំខាន់​ទេ›។

      តើ​គេឌាន​ធ្វើ​អ្វី​ដើម្បី​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​គាត់? គាត់​បាន​ហាល​រោម​ចៀម​នៅ​លើ​ដី ហើយ​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ‹នៅ​ព្រឹក​ថ្ងៃ​ស្អែក បើ​រោម​ចៀម​នេះ​សើម តែ​ដី​ស្ងួត នោះ​ខ្ញុំ​ដឹង​ប្រាកដ​ថា លោក​ចង់​ឲ្យ​ខ្ញុំ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល›។ លុះ​ព្រឹក​ឡើង រោម​ចៀម​ទទឹក​ជោក តែ​ដី​ស្ងួត​ចែស! រួច​មក គេឌាន​បាន​សុំ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត​ថា នៅ​ព្រឹក​ស្អែក សូម​ឲ្យ​រោម​ចៀម​ស្ងួត តែ​ដី​សើម​វិញ។ ពេល​អ្វី​ទាំង​នេះ​កើត​ឡើង​មែន គេឌាន​ជឿ​ជាក់​ទាំង​ស្រុង​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​គាត់។ ដូច្នេះ គាត់​ប្រមូល​ទាហាន​របស់​គាត់ ដើម្បី​ទៅ​ប្រយុទ្ធ​នឹង​ពួក​ម៉ាឌាន។

      ព្រះ​យេហូវ៉ា​ប្រាប់​គេឌាន​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ឈ្នះ​សង្គ្រាម​នេះ។ ប៉ុន្តែ ដោយ​សារ​អ្នក​មាន​ទាហាន​ច្រើន​ពេក អ្នក​ប្រហែល​ជា​គិត​ថា អ្នក​ឈ្នះ​សង្គ្រាម​នេះ​ដោយ​កម្លាំង​ខ្លួន​ឯង។ ចូរ​ទៅ​ប្រាប់​ទាហាន​ទាំង​អស់​ថា អ្នក​ណា​ដែល​ភ័យ​ខ្លាច អ្នក​នោះ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ›។ ហេតុ​នេះ ទាហាន​២២.០០០​នាក់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​សល់​ទាហាន​ត្រឹម​តែ​១០.០០០​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​នៅ​តែ​មាន​ទាហាន​ច្រើន​នៅ​ឡើយ។ ចូរ​នាំ​ពួក​គេ​ទៅ​ផឹក​ទឹក​នៅ​ឯ​ស្ទឹង ហើយ​ជ្រើស​រើស​តែ​ទាហាន​ណា​ដែល​ឃ្លាំ​មើល​សត្រូវ​បណ្ដើរ ក្បង់​ទឹក​ផឹក​បណ្ដើរ›។ រួច​មក ឃើញ​មាន​ទាហាន​៣០០​នាក់​ប៉ុណ្ណោះ ដែល​ឃ្លាំ​មើល​សត្រូវ​ពេល​ក្បង់​ទឹក​ផឹក។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា ទាហាន​មាន​គ្នា​តិច​នេះ នឹង​វាយ​ឈ្នះ​កង​ទ័ព​ម៉ាឌាន​ចំនួន​១៣៥.០០០​នាក់។

      នៅ​យប់​នោះ ព្រះ​យេហូវ៉ា​ប្រាប់​គេឌាន​ថា​៖ ‹ឥឡូវ ចូរ​ទៅ​វាយ​ប្រហារ​ពួក​ម៉ាឌាន​ចុះ!›។ ដូច្នេះ គេឌាន​បាន​ឲ្យ​ទាហាន​ទាំង​អស់​កាន់​ស្នែង​និង​ក្អម ដែល​មាន​ចន្លុះ​នៅ​ខាង​ក្នុង។ គាត់​បញ្ជា​ពួក​គេ​ថា​៖ ‹ចូរ​មើល​ខ្ញុំ ហើយ​ធ្វើ​តាម​ខ្ញុំ›។ គេឌាន​ក៏​ផ្លុំ​ស្នែង ហើយ​វាយ​បំបែក​ក្អម រួច​គ្រវី​ចន្លុះ ទាំង​ស្រែក​ខ្លាំង​ៗ​ថា​៖ ​«​ចម្បាំង​របស់​ព្រះ​យេហូវ៉ា​និង​របស់​គេឌាន!​»។ ពេល​នោះ​ទាហាន​ទាំង​៣០០​នាក់ បាន​ធ្វើ​តាម​គាត់។ ក្នុង​ភាព​ចលាចល​នោះ កង​ទ័ព​ម៉ាឌាន​ភ័យ​ស្លន់​ស្លោ ហើយ​រត់​ទៅ​គ្រប់​ទិស។ ពួក​គេ​ថែម​ទាំង​ប្រយុទ្ធ​នឹង​គ្នា​ឯង​ទៀត​ផង។ ជា​ថ្មី​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ច្បាំង​ឈ្នះ​ពួក​សត្រូវ។

      កងទ័ពម៉ាឌានភ័យស្លន់ស្លោ

      ​«​ដើម្បី​ស​ឲ្យ​ឃើញ​ថា ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​បាន​មក​ពី​ព្រះ មិន​មែន​មក​ពី​យើង​ទេ​»។—កូរិនថូស​ទី២ ៤:៧

      សំណួរ​៖ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​គេឌាន​ថា លោក​បាន​ជ្រើស​រើស​គាត់? ហេតុ​អ្វី​ទាហាន​របស់​គេឌាន​នៅ​សល់​តែ​៣០០​នាក់?

      អ្នក​សម្រេច​ក្ដី ៦:១​-​១៦; ៦:៣៦–៧:២៥; ៨:២៨

  • ហាណាអធិដ្ឋានសុំមានកូនប្រុស
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • ហាណានាំសាំយូអែលទៅបង្ហាញអេលីនៅឯវិហារព្រះ

      មេ​រៀន​ទី​៣៥

      ហាណា​អធិដ្ឋាន​សុំ​មាន​កូន​ប្រុស

      បុរស​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​អេលកាណា មាន​ប្រពន្ធ​ពីរ​នាក់ ម្នាក់​ឈ្មោះ​ហាណា ហើយ​ម្នាក់​ទៀត​ឈ្មោះ​ផេនីណា។ ប៉ុន្តែ គាត់​ស្រឡាញ់​ហាណា​ច្រើន​ជាង។ ផេនីណា​មាន​កូន​ច្រើន តែ​ហាណា​គ្មាន​កូន​ទេ ដូច្នេះ​ផេនីណា​ចំអក​មើល​ងាយ​ហាណា​គ្រប់​ពេល​វេលា។ ជា​រៀង​រាល់​ឆ្នាំ អេលកាណា​នាំ​ក្រុម​គ្រួសារ​ទាំង​មូល​ទៅ​គោរព​ប្រណិប័តន៍​ព្រះ នៅ​ឯ​វិហារ​ក្នុង​ក្រុង​ស៊ីឡូរ។ កាល​ដែល​ពួក​គេ​នៅ​ទី​នោះ អេលកាណា​បាន​សង្កេត​ឃើញ​ហាណា​ប្រពន្ធ​ជា​ទី​ស្រឡាញ់ កំពុង​សោកសៅ​ជា​ខ្លាំង។ គាត់​លួង​លោម​នាង​ថា​៖ ‹កុំ​យំ​អី​ហាណា អូន​នៅ​មាន​បង។ បង​ស្រឡាញ់​អូន›។

      បន្ទាប់​មក ហាណា​បាន​ចេញ​ទៅ​អធិដ្ឋាន​តែ​ម្នាក់​ឯង។ នាង​អធិដ្ឋាន​ទាំង​ទឹក​ភ្នែក អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​នាង។ នាង​សន្យា​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា បើ​លោក​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ ខ្ញុំ​នឹង​ឲ្យ​កូន​នៅ​បម្រើ​លោក​អស់​មួយ​ជីវិត›។

      សម្ដេចសង្ឃអេលីឃើញហាណាកំពុងយំពេលនាងអធិដ្ឋាន

      ពេល​សម្ដេច​សង្ឃ​អេលី​ឃើញ​ហាណា​យំ​អណ្ដឺតអណ្ដក គាត់​គិត​ថា​នាង​ស្រវឹង​ស្រា។ ប៉ុន្តែ ហាណា​និយាយ​ថា​៖ ‹មិន​មែន​ទេ​លោក​ម្ចាស់ ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទេ។ ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់ បាន​ជា​ខ្ញុំ​កំពុង​ជម្រាប​ព្រះ​យេហូវ៉ា​អំពី​ទុក្ខ​លំបាក​របស់​ខ្ញុំ›។ កាល​អេលី​ដឹង​ថា​ខ្លួន​យល់​ខុស គាត់​ប្រាប់​នាង​ថា​៖ ‹សូម​ឲ្យ​ព្រះ​ធ្វើ​តាម​សំណូម​ពរ​របស់​នាង›។ ដូច្នេះ ហាណា​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​មុន រួច​នាង​ក៏​ត្រឡប់​ទៅ​វិញ។ មិន​ដល់​មួយ​ឆ្នាំ​ផង នាង​មាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​សាំយូអែល។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ហាណា​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា​ទេ?

      ហាណា​មិន​ភ្លេច​ពាក្យ​សន្យា​របស់​នាង​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ បន្ទាប់​ពី​នាង​ផ្ដាច់​ដោះ​សាំយូអែល​ភ្លាម នាង​ក៏​នាំ​កូន​ឲ្យ​ទៅ​បម្រើ​នៅ​ឯ​វិហារ​របស់​ព្រះ។ នាង​ជម្រាប​អេលី​ថា​៖ ‹នេះ​ជា​កូន​ប្រុស​ដែល​ខ្ញុំ​បាន​អធិដ្ឋាន​សុំ។ កូន​នេះ​ជា​របស់​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត›។ អេលកាណា​និង​ហាណា​ទៅ​លេង​សាំយូអែល​រាល់​ឆ្នាំ ហើយ​តែង​តែ​មាន​អាវ​ថ្មី​ឲ្យ​កូន​ជា​និច្ច។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ឲ្យ​ហាណា​មាន​កូន​ប្រុស​បី​នាក់ និង​កូន​ស្រី​ពីរ​នាក់​ទៀត។

      ​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ​»។—ម៉ាថាយ ៧:៧

      សំណួរ​៖ ហេតុ​អ្វី​ហាណា​កើត​ទុក្ខ​ខ្លាំង​ម្ល៉េះ? តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​អ្វី​ខ្លះ​ដល់​ហាណា?

      សាំយូអែល​ទី១ ១:១–២:១១, ១៨​-​២១

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក