បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «ស្ដេចខាងជើង»ក្នុងអំឡុងគ្រាចុងបញ្ចប់
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | ឧសភា
    • អត្ថបទ​សិក្សា ១៩

      «​ស្ដេច​ខាង​ជើង​»​ក្នុងអំឡុងគ្រាចុងបញ្ចប់

      «​លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្ដេច​ខាង​ត្បូង​នឹង​តយុទ្ធ​នឹង​វា[​ស្ដេច​ខាង​ជើង​]​»។ —ដាន. ១១:៤០

      ចម្រៀង​លេខ​១៥០ ចូរ​ស្វែង​រក​សេចក្ដី​សង្គ្រោះ​ពី​ព្រះ

      សេចក្ដី​សង្ខេបa

      ១. តើ​ទំនាយ​ក្នុង​គម្ពីរ​ជួយ​យើង​ឲ្យ​ដឹង​អំពី​អ្វី?

      នៅ​ឆាប់​ៗ​ខាង​មុខ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​រាស្ត្រ​របស់​ព្រះយេហូវ៉ា? តាម​រយៈ​ទំនាយ​ក្នុង​គម្ពីរ យើង​អាច​ដឹង​អំពី​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​ដែល​នឹង​មាន​ឥទ្ធិពល​លើ​យើង​ទាំង​អស់​គ្នា។ ជា​ពិសេស​ទំនាយ​មួយ​ជួយ​យើង​ឲ្យ​ដឹង​អំពី​អ្វីដែល​រដ្ឋាភិបាល​មួយ​ចំនួន​ដ៏​ខ្លាំង​បំផុត​នៅ​លើផែន​ដី​នឹង​ធ្វើ។ ទំនាយ​នោះ​បាន​ត្រូវ​កត់​ទុក​នៅ​សៀវភៅ​ដានីយ៉ែល​ជំពូក​ទី១១ ហើយ​រៀប​រាប់​អំពី​ជម្លោះ​រវាង​ស្ដេច​ពីរ ពោល​គឺ​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង។ មួយ​ផ្នែក​ធំ​នៃ​ទំនាយ​នោះ​បាន​ត្រូវ​សម្រេច​រួច​ហើយ ដូច្នេះ​យើង​អាច​ជឿ​ជាក់​ថា​ផ្នែក​ឯ​ទៀត​នៃ​ទំនាយ​នោះ​ក៏​នឹង​ត្រូវ​សម្រេច​ដែរ។

      ២. ដូច​បាន​បង្ហាញ​នៅ​លោកុប្បត្តិ ៣:១៥ និង​ការបើកបង្ហាញ ១១:៧ និង​១២:១៧ តើ​យើង​ត្រូវ​ចាំ​ចំណុច​អ្វី​ខ្លះ​ពេល​សិក្សា​ទំនាយ​ក្នុង​សៀវភៅ​ដានីយ៉ែល?

      ២ ដើម្បី​យល់​ទំនាយ​នៅ​សៀវភៅ​ដានីយ៉ែល​ជំពូក​ទី១១ យើង​ត្រូវ​ចាំ​ថា​ទំនាយ​នោះ​គឺ​សំដៅ​ទៅ​លើតែ​អ្នក​គ្រប់​គ្រង​ឬ​រដ្ឋាភិបាល​ដែល​មាន​ឥទ្ធិពល​លើ​រាស្ត្រ​របស់​ព្រះ​ប៉ុណ្ណោះ។ បើ​ប្រៀប​ធៀប​នឹង​ចំនួន​ប្រជាជន​នៃ​ពិភព​លោក រាស្ត្រ​របស់​ព្រះ​មាន​ចំនួន​តិច​ណាស់។ ដូច្នេះ ហេតុ​អ្វី​រដ្ឋាភិបាល​ទាំង​នេះ​ផ្ដោត​គោល​ដៅ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ? ពី​ព្រោះ​សាថាន​និង​របៀប​របប​ពិភព​លោក​ទាំង​មូល​របស់​វា​មាន​គោល​ដៅ​តែ​មួយ គឺ​បំផ្លាញ​ពួក​អ្នក​ដែល​បម្រើ​ព្រះយេហូវ៉ា​និង​លោក​យេស៊ូ។ (​សូម​អាន លោកុប្បត្តិ ៣:១៥ និង​ការបើកបង្ហាញ ១១:៧; ១២:១៧​) យើង​ក៏​ត្រូវ​ចាំ​ដែរ​ថា ទំនាយ​នៅ​ក្នុង​សៀវភៅ​ដានីយ៉ែល​ត្រូវ​ស្រប​ជា​មួយ​នឹង​ទំនាយ​ឯ​ទៀត​ក្នុង​បណ្ដាំ​របស់​ព្រះ។ តាម​ពិត យើង​អាច​យល់​ទំនាយ​របស់​ដានីយ៉ែល​យ៉ាង​ត្រឹម​ត្រូវ​បាន លុះ​ត្រា​តែ​យើង​ប្រៀប​ធៀប​ទំនាយ​នោះ​ជា​មួយ​នឹង​បទ​គម្ពីរ​ឯ​ទៀត។

      ៣. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ និង​អត្ថបទ​បន្ទាប់?

      ៣ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ដានីយ៉ែល ១១:​២៥​-​៣៩។ យើង​នឹង​រៀន​ថា តើ​អ្នក​ណា​គឺ​ជា​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​ពី​ឆ្នាំ​១៨៧០​ដល់​១៩៩១។ យើង​ក៏​នឹង​រៀន​ដែរ​អំពី​មូលហេតុ​ដែល​សម​ហេតុ​ផល​ឲ្យ​យើង​កែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង​អំពីផ្នែក​មួយ​នៃ​ទំនាយ​នេះ។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​ដានីយ៉ែល ១១:៤០–១២:១ ហើយ​យើង​នឹង​កែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង​អំពី​អ្វីដែល​បទ​គម្ពីរ​នោះ​រៀប​រាប់​អំពី​គ្រា​ចាប់​ពី​ឆ្នាំ​១៩៩១​ដល់​សង្គ្រាម​ហាម៉ាគេដូន។ កាល​ដែល​អ្នក​សិក្សា​អត្ថបទ​ទាំង​ពីរ​នេះ នឹង​មាន​ប្រយោជន៍​បើ​អ្នក​មើល​តារាង​ដែល​មាន​ចំណង​ជើង​ថា ​«​ស្ដេច​ពីរ​ដែល​ប្រឆាំង​គ្នា​នៅ​គ្រា​ចុង​បំផុត​»។ តែ​មុន​ដំបូង យើង​ត្រូវ​ដឹង​ថា​ស្ដេច​ទាំង​ពីរ​ក្នុង​ទំនាយ​នេះ​គឺ​ជា​នរណា។

      តើ​អ្នក​ណា​ជា​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង?

      ៤. តើ​ចំណុច​បី​យ៉ាង​អ្វី​ជួយ​យើង​ឲ្យ​ស្គាល់​ថា​អ្នក​ណា​ជា​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង?

      ៤ នៅ​ដើម​ដំបូង ​«​ស្ដេច​ខាង​ជើង​»​និង​«​ស្ដេច​ខាង​ត្បូង​»​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ដែល​នៅ​ទិស​ខាង​ជើង​និង​ទិស​ខាង​ត្បូង​នៃ​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ។ ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ? សូម​មើល​អ្វីដែល​ទេវតា​បាន​និយាយ​ទៅ​កាន់​ដានីយ៉ែល ដែល​ថា​៖ ​«​ឥឡូវ​នេះ​បាន​មក ដើម្បីឲ្យ​អ្នក​យល់​ពី​ការ​ដែល​ត្រូវ​កើត​ដល់​សាសន៍​អ្នក[​រាស្ត្រ​របស់​ព្រះ​] នៅ​គ្រា​ក្រោយ​បង្អស់​»។ (​ដាន. ១០:​១៤, យើង​កែ​ជា​អក្សរ​ទ្រេត​និង​ដិត​) រហូត​ដល់​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. ប្រជា​ជាតិ​អ៊ីស្រាអែល​គឺ​ជា​រាស្ត្រ​របស់​ព្រះ។ ប៉ុន្តែ​ចាប់​ពី​ពេល​នោះ ព្រះយេហូវ៉ា​បាន​បញ្ជាក់​ថា​លោក​ចាត់​ទុក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ​ជា​រាស្ត្រ​លោក។ យ៉ាង​នេះ មួយ​ផ្នែក​ធំ​នៃ​ទំនាយ​នៅ​សៀវភៅ​ដានីយ៉ែល​ជំពូក​ទី១១​មិន​សំដៅ​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល​ទេ តែ​សំដៅ​ទៅ​លើ​អ្នក​កាន់​តាម​គ្រិស្ត។ (​សកម្ម. ២:១​-​៤; រ៉ូម ៩:៦​-​៨; កាឡ. ៦:១៥, ១៦​) ម្យ៉ាង​ទៀត អត្តសញ្ញាណ​របស់​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​បាន​ផ្លាស់​ប្ដូរ​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា។ ក៏​ប៉ុន្តែ មាន​អ្វី​មួយ​ចំនួន​ដែល​មិន​បាន​ផ្លាស់​ប្ដូរ។ ទី១ ស្ដេច​ទាំង​នោះ​គ្រប់​គ្រង​លើ​ទឹក​ដីដែល​រាស្ត្រ​ជា​ច្រើន​របស់​ព្រះ​រស់​នៅ ឬ​បៀត​បៀន​ពួក​គេ។ ទី២ របៀប​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ទៅ​លើ​រាស្ត្រ​ព្រះ​បង្ហាញ​ថា​ពួក​គេ​ស្អប់​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​ពិត។ ទី៣ ស្ដេច​ទាំង​ពីរ​នោះ​ប្រយុទ្ធ​ប្រឆាំង​គ្នា​ដើម្បី​អំណាច។

      ៥. តើ​មាន​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​រវាង​ឆ្នាំ​១០០​និង​ឆ្នាំ​១៨៧០​ឬ​ទេ? សូម​ពន្យល់។

      ៥ ក្នុង​អំឡុង​សតវត្សរ៍ទី២ គ.ស. គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​កាន់​តែ​ច្រើន​ឡើង​ៗ​មាន​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត។ ពួក​គេ​បាន​ទទួល​យក​សេចក្ដី​បង្រៀន​មិន​ពិត ហើយ​លាក់​បាំង​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ។ ចាប់​ពី​ពេល​នោះ​រហូត​ដល់​ចុង​សតវត្សរ៍ទី១៩ គ្មាន​អ្នក​បម្រើ​របស់​ព្រះយេហូវ៉ា​នៅ​លើផែន​ដី​ជា​ក្រុម​ទេ។ គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ចាប់​ផ្ដើម​ចម្រើន​ឡើង​ប្រៀប​ដូច​ជា​ស្រងែ​ក្នុង​វាល​ស្រូវ ហេតុ​នេះ​ពិបាក​ដឹង​ថា​អ្នក​ណា​គឺ​ជា​គ្រិស្ត​សាសនិក​ពិត។ (​ម៉ាថ. ១៣:៣៦​-​៤៣​) ហេតុ​អ្វី​ចំណុច​នេះ​គឺ​សំខាន់​ចំពោះ​យើង? ពី​ព្រោះ​នេះ​បង្ហាញ​ថា​អ្វីដែល​យើង​អាន​អំពី​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង មិន​អាច​សំដៅ​ទៅ​លើ​អ្នក​គ្រប់​គ្រង​ឬ​រាជាណាចក្រ​ដែល​មាន​អំណាច​ចាប់​ពី​ឆ្នាំ​១០០​ដល់​ឆ្នាំ​១៨៧០​ឡើយ។ ដោយ​សារ​ពេល​នោះ​គ្មាន​រាស្ត្រ​របស់​ព្រះ​ជា​ក្រុម​ដែល​ពួក​គេ​អាច​វាយ​ប្រហារ​ទេ។b ប៉ុន្តែ យើង​អាច​យល់​ថា​មិន​យូរ​ក្រោយ​ពី​ឆ្នាំ​១៨៧០ នឹង​មាន​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​ម្ដង​ទៀត។ ហេតុ​អ្វី?

      ៦. តើ​រាស្ត្រ​របស់​ព្រះ​ចាប់​ផ្ដើម​រៀប​ចំ​ជា​ក្រុម​ម្ដង​ទៀត​នៅ​ពេល​ណា? សូម​ពន្យល់។

      ៦ តាំង​ពី​ឆ្នាំ​១៨៧០ រាស្ត្រ​របស់​ព្រះ​ចាប់​ផ្ដើម​មាន​ការ​រៀប​ចំ​ជា​ក្រុម។ នៅ​ឆ្នាំ​នោះ បង​ឆាល ថេស រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​បាន​ចាប់​ផ្ដើម​បង្កើត​ក្រុម​សិក្សា​គម្ពីរ។ បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គាត់​គឺ​ជា​ទូត​ដែល​«​រៀប​ចំ​ផ្លូវ​»​សម្រាប់​ការ​ស្ថាបនា​ឡើង​នៃ​រាជាណាចក្រ​មេស្ស៊ី។ (​ម៉ាឡ. ៣:១​) ដូច្នេះ នៅ​ពេល​នោះ​មាន​មនុស្ស​មួយ​ក្រុម​ដែល​បម្រើ​ព្រះយេហូវ៉ា​តាម​របៀប​ត្រឹម​ត្រូវ​ម្ដង​ទៀត។ តើ​មាន​រដ្ឋាភិបាល​ណា​នៅ​សម័យ​នោះ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​បម្រើ​របស់​ព្រះ​ឬ​ទេ? សូ​មមើ​ល​ព័ត៌មាន​បន្ត​បន្ទាប់។

      តើ​អ្នក​ណា​ជា​ស្ដេច​ខាង​ត្បូង?

      ៧. រហូត​ដល់​មួយ​រយៈ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី១​បាន​ចាប់​ផ្ដើម តើ​អ្នក​ណា​គឺ​ជា​ស្ដេច​ខាង​ត្បូង?

      ៧ នៅ​ឆ្នាំ​១៨៧០ អង់គ្លេស​បាន​ទៅ​ជា​ចក្រភព​ធំ​បំផុត​នៅ​លើផែន​ដី ហើយ​មាន​អំណាច​យោធា​ខ្លាំង​ជាង​គេ។ ទំនាយ​ក្នុង​សៀវភៅ​ដានីយ៉ែល​រៀប​រាប់​អំពីស្នែង​តូច​ដែល​ច្បាំង​ឈ្នះ​ស្នែង​បី​ឯ​ទៀត។ ស្នែង​តូច​ជា​តំណាង​ចក្រភព​អង់គ្លេស ហើយ​ស្នែង​ឯ​ទៀត​ជា​តំណាង​ចក្រភព​បារាំង អេស្ប៉ាញ និង​ហូឡង់។ (​ដាន. ៧:៧, ៨​) ចក្រភព​អង់គ្លេស​គឺ​ជា​ស្ដេច​ខាង​ត្បូង​រហូត​ដល់​មួយ​រយៈ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី១​បាន​ចាប់​ផ្ដើម។ ក្នុង​អំឡុង​ពេល​នោះ សហរដ្ឋ​អាម៉េរិក​បាន​ទៅ​ជា​ប្រទេស​អ្នក​មាន​បំផុត​ក្នុង​ពិភព​លោក ហើយ​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អង់គ្លេស។

      ៨. ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ តើ​អ្នក​ណា​ជា​ស្ដេច​ខាង​ត្បូង?

      ៨ ក្នុង​សង្គ្រាម​លោក​លើក​ទី១ អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក​បាន​រួម​ដៃ​គ្នា​ក្នុង​ចម្បាំង ហើយ​កាន់​អំណាច​យ៉ាង​ខ្លាំង​ក្លា។ នៅ​ពេល​នោះ ពួក​គេ​បាន​ទៅ​ជាម​ហា​អំណាច​អង់គ្លេស​អាម៉េរិក។ ដូច​ដានីយ៉ែល​បាន​ប្រាប់​ទុក​ជា​មុន ស្ដេច​នេះ​មាន​«​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ខ្លាំង​ពូកែ​ផង​»។ (​ដាន. ១១:២៥​) ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ ស្ដេច​ខាង​ត្បូង​គឺ​ជាម​ហា​អំណាច​អង់គ្លេស​អាម៉េរិក។c ប៉ុន្តែ​ចុះ​យ៉ាង​ណា​ស្ដេច​ខាង​ជើង? តើ​នោះ​ជា​នរណា?

      មហា​អំណាច​អង់គ្លេស​អាម៉េរិក​ក្នុង​ទំនាយ​គម្ពីរ

      ក្នុង​ទំនាយ​គម្ពីរ ស្ដេច​ខាង​ត្បូង​ដែល​ជា​មហា​អំណាច​អង់គ្លេស​អាម៉េរិក​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​អ្វី​ផ្សេង​ៗ​ដូច​ជា . . .

      • ប្រអប់ជើងដែលធ្វើពីដែកលាយដីឥដ្ឋ។

        ប្រអប់​ជើង​ធ្វើ​ពី ដែក​និង​ដី​ឥដ្ឋ ​(​ដាន. ២:៤១​-​៤៣​)

      • ក្បាលនៃសត្វសាហាវដែលមានស្នែង។ ស្នែងតូចមួយដែលមានភ្នែកនិងមាត់ដុះឡើងពីក្នុងចំណោមស្នែងវា។

        ស្នែង​ដែល​ដុះ​ចេញ​ ពី​ក្បាល​របស់​សត្វ​សាហាវ​ ដ៏​គួរ​ស្ញែង​ខ្លាច ​(​ដាន. ៧:៧, ៨​)

      • សត្វសាហាវមួយដែលមានក្បាល៧និងស្នែង១០។

        ក្បាល​ទី៧​ នៃ​សត្វ​សាហាវ ​(​បប. ១៣:១​)

      • សត្វសាហាវមួយដែលមានស្នែងពីរ។

        សត្វ​សាហាវ​ ដែល​មាន​ស្នែង​ពីរ ​(​បប. ១៣:១១​-​១៥​)

      • អគាររដ្ឋាភិបាលដែលជាតំណាងមហាអំណាចអង់គ្លេសអាម៉េរិក។

        ​«​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​»​ ​(​បប. ១៩:២០​)

      តើ​អ្នក​ណា​ជា​ស្ដេច​ខាង​ជើង?

      ៩. តើ​ស្ដេច​ខាង​ជើង​បាន​លេច​មក​ម្ដង​ទៀត​នៅ​ពេល​ណា ហើយ​តើ​ដានីយ៉ែល ១១:២៥​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

      ៩ ស្ដេច​ខាង​ជើង​បាន​លេច​មក​ម្ដង​ទៀត​នៅ​ឆ្នាំ​១៨៧១ នោះ​គឺ​មួយ​ឆ្នាំ​ក្រោយ​ពី​បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​បង្កើត​ក្រុម​សិក្សា​គម្ពីរ។ នៅ​ឆ្នាំ​នោះ បុរស​ម្នាក់​ឈ្មោះ​អតូ ហ្វុន ប៊ីស្មាក បាន​បង្រួប​បង្រួម​តំបន់​មួយ​ចំនួន​ទៅ​ជា​ចក្រភព​អាល្លឺម៉ង់។ វីលហឹម​ទី១​បាន​ទៅ​ជា​អធិរាជ​ដំបូង​គេ ហើយ​គាត់​បាន​តែង​តាំង​ប៊ី​ស្មា​ក​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី។d ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក អាល្លឺម៉ង់​បាន​កាន់​អំណាច​លើ​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ហើយ​បាន​ព្យាយាម​មាន​អំណាច​ច្រើន​ជាង​អង់គ្លេស។ (​សូម​អាន ដានីយ៉ែល ១១:២៥​) អាល្លឺម៉ង់​បាន​ពង្រីក​កង​ទ័ព ហើយ​មាន​កង​ទ័ព​ជើង​ទឹក​ធំ​ជាង​គេ​ទី២​ក្នុង​ពិភព​លោក។ ក្នុង​សង្គ្រាម​លោក​លើក​ទី១ អាល្លឺម៉ង់​បាន​ប្រើ​កង​ទ័ព​ទាំង​នោះ​ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវ។

      ១០. តើ​ដានីយ៉ែល ១១:២៥​ខ, ២៦​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

      ១០ ក្រោយ​មក ដានីយ៉ែល​បាន​ប្រាប់​ទុក​ជា​មុន​អំពី​អ្វីដែល​នឹង​កើត​ឡើង​ចំពោះ​ចក្រភព​អាល្លឺម៉ង់​និង​កង​កម្លាំង​យោធា​របស់​ពួក​គេ។ ទំនាយ​នេះ​ចែង​ថា​ស្ដេច​ខាង​ជើង​«​នឹង​ទប់​ទល់​មិន​បាន​ទេ​»។ ហេតុ​អ្វី? ​«​ពី​ព្រោះ​នឹង​មាន​គេបង្កើត​កិច្ច​កល​ទាស់​នឹង​ទ្រង់។ អើ អ្នក​១ដែល​ធ្លាប់​ស៊ី​ចំណី​របស់​ទ្រង់​នឹង​បំផ្លាញ​ទ្រង់​បង់​»។ (​ដាន. ១១:២៥​ខ, ២៦​ក, យើង​កែ​ជា​អក្សរ​ទ្រេត​និង​ដិត​) នៅ​សម័យ​របស់​ដានីយ៉ែល ពួក​អ្នក​បរិភោគ​«​អាហារ​ហ្លួង​»​ រួម​បញ្ចូល​មន្ត្រីដែល​«​ធ្វើ​ការ​ងារ​នៅ​ចំពោះ​ស្ដេច​»។ (​ដាន. ១:៥​) តើ​ទំនាយ​នេះ​សំដៅ​ទៅ​លើ​អ្នក​ណា? នេះ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​អាល្លឺម៉ង់ ដូច​ជា​មេ​ទ័ព​និង​មេ​បញ្ជាការ​របស់​ស្ដេច។ បុគ្គល​ទាំង​នេះ​បាន​ផ្ដួល​រលំ​អំណាច​ស្ដេច។e ទំនាយ​នេះ​មិន​គ្រាន់​តែ​ប្រាប់​ទុក​ជា​មុន​អំពី​ការ​ដួល​រលំ​នៃ​ចក្រភព​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រៀប​រាប់​អំពី​លទ្ធផល​នៃ​សង្គ្រាម​ជា​មួយ​នឹង​ស្ដេច​ខាង​ត្បូង។ ស្ដី​អំពី​ស្ដេច​ខាង​ជើង ទំនាយ​នេះ​ចែង​ថា​៖ ​«​កង​ទ័ព​របស់​ទ្រង់​នឹង​បែក​ខ្ញែក​រត់​ទៅ​តែ​ពាស ក៏​នឹង​មាន​ជា​ច្រើន​ដួល​ស្លាប់​ដែរ​»។ (​ដាន. ១១:២៦​ខ​) ដូច​បាន​ប្រកាស​ទុក​ជា​មុន នៅ​សង្គ្រាម​លោក​លើក​ទី១ កង​ទ័ព​អាល្លឺម៉ង់​បាន​«​បែក​ខ្ញែក​»​ ហើយ​មាន​ជា​ច្រើន​«​ដួល​ស្លាប់​»។ សង្គ្រាម​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​រហូត​ដល់​ពេល​នោះ។

      ១១. តើ​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​បាន​ធ្វើ​អ្វី?

      ១១ ដានីយ៉ែល ១១:២៧, ២៨​រៀប​រាប់​អំពី​អ្វីដែល​បាន​កើត​ឡើង​មុន​សង្គ្រាម​លោក​លើក​ទី១ គឺ​ថា​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​នឹង​«​កុហក​ដល់​គ្នា​នឹង​គ្នា ក្នុង​ពេល​កំពុង​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​»។ នេះ​ជា​អ្វីដែល​បាន​កើត​ឡើង​មែន! ទោះ​ជា​អាល្លឺម៉ង់​និង​អង់គ្លេស​បាន​ប្រាប់​គ្នា​ទៅវិញ​ទៅ​មក​ថា​ពួក​គេ​ចង់​មាន​សន្តិភាព​ក្ដី សង្គ្រាម​លោក​លើក​ទី១​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩១៤។ នេះ​បង្ហាញ​ថា​ពួក​គេ​បាន​និយាយ​កុហក​គ្នា។ ទំនាយ​នេះ​ក៏​រៀប​រាប់​ដែរ​ថា​ស្ដេច​ខាង​ជើង​នឹង​ប្រមូល​«​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​»។ នេះ​បាន​កើត​ឡើង​មុន​ឆ្នាំ​១៩១៤ ពេល​ដែល​អាល្លឺម៉ង់​បាន​ក្លាយ​ទៅ​ជា​ប្រទេស​អ្នក​មាន​ទី២​ក្នុង​ពិភព​លោក។ ក្រោយ​មក ទំនាយ​នៅ​ដានីយ៉ែល ១១:២៩​និង​ផ្នែក​ដំបូង​នៃ​ខ​៣០​បាន​ត្រូវ​សម្រេច​នៅ​ពេល​ដែល​អាល្លឺម៉ង់​បាន​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ត្បូង ប៉ុន្តែ​បាន​បរាជ័យ។

      ស្ដេច​ប្រឆាំង​រាស្ត្រ​ព្រះ

      ១២. ក្នុង​សង្គ្រាម​លោក​លើក​ទី១ តើ​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​បាន​ធ្វើ​អ្វី?

      ១២ តាំង​ពី​ឆ្នាំ​១៩១៤ ស្ដេច​ទាំង​ពីរ​នេះ​បាន​បន្ត​ប្រយុទ្ធ​គ្នា ហើយ​ប្រយុទ្ធ​នឹង​រាស្ត្រ​របស់​ព្រះ​កាន់​តែ​ខ្លាំង​ទៅ​ៗ។ ជា​ឧទាហរណ៍ នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី១ ទាំង​រដ្ឋាភិបាល​អាល្លឺម៉ង់​ទាំង​រដ្ឋាភិបាល​អង់គ្លេស​បាន​បៀត​បៀន​អ្នក​បម្រើ​របស់​ព្រះ​ដែល​មិន​ព្រម​ចូល​ធ្វើ​សង្គ្រាម។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​អាម៉េរិក​បាន​ចាប់​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដាក់​គុក។ ការ​បៀត​បៀន​នេះ​បាន​សម្រេច​ទំនាយ​នៅ​ការបើកបង្ហាញ ១១:៧​-​១០។

      ១៣. ក្រោយ​ឆ្នាំ​១៩៣០​និង​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ តើ​ស្ដេច​ខាង​ជើង​បាន​ធ្វើ​អ្វី?

      ១៣ ក្រោយ​ពី​ឆ្នាំ​១៩៣០ ហើយ​ជា​ពិសេស​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ស្ដេច​ខាង​ជើង​បាន​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​ដោយ​គ្មាន​ត្រា​ប្រណី។ ពេល​គណបក្ស​ណាត្ស៊ី​បាន​កាន់​អំណាច​លើ​អាល្លឺម៉ង់ ហ៊ីត្លែ​រនិង​អ្នក​គាំ​ទ្រ​គាត់​បាន​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​រាស្ត្រ​ព្រះ។ ពួក​អ្នក​ប្រឆាំង​ទាំង​នោះ​បាន​សម្លាប់​រាស្ត្រ​របស់​ព្រះយេហូវ៉ា​រាប់​រយ​នាក់ ហើយ​បាន​បញ្ជូន​រាប់​ពាន់​នាក់​ទៅ​ជំរំ​ឃុំ​ឃាំង។ ព្រឹត្តិ​ការណ៍​ទាំង​នេះ​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ក្នុង​សៀវភៅ​ដានីយ៉ែល។ ស្ដេច​ខាង​ជើង​បាន​«​បង្អាប់​ទី​បរិសុទ្ធ​»​ ហើយ​«​បញ្ឈប់​បំបាត់​ការ​ថ្វាយ​ដង្វាយ​ជា​និច្ច​ចេញ​»​ ដោយ​រឹត​បន្តឹង​សិទ្ធិ​សេរី​ភាព​របស់​អ្នក​បម្រើ​ព្រះ​ក្នុង​ការ​សរសើរ​នាម​របស់​លោក​ជា​សាធារណៈ។ (​ដាន. ១១:៣០​ខ, ៣១​ក​) ហ៊ីត្លែ​រដែ​ល​ជា​មេ​ដឹក​នាំ​ប្រទេស​នោះ ថែម​ទាំង​បាន​ស្បថ​ថា គាត់​នឹង​បំបាត់​រាស្ត្រ​របស់​ព្រះ​ពី​ប្រទេស​អាល្លឺម៉ង់។

      ស្ដេច​ខាង​ជើង​ថ្មី​បាន​លេច​មក

      ១៤. តើ​អ្នក​ណា​បាន​ទៅ​ជា​ស្ដេច​ខាង​ជើង​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី២? សូម​ពន្យល់។

      ១៤ ក្រោយ​សង្គ្រាម​លោក​លើក​ទី២ រដ្ឋាភិបាល​កុម្មុយនីស្ត​របស់​សហភាព​សូវៀត​បាន​ដណ្ដើម​យក​តំបន់​ជា​ច្រើន​ពី​អាល្លឺម៉ង់ ហើយ​បាន​ទៅ​ជា​ស្ដេច​ខាង​ជើង។ ដូច​របប​ផ្ដាច់​ការ​របស់​ពួក​ណាត្ស៊ី សហភាព​សូវៀត​បាន​បៀត​បៀន​អស់​អ្នក​ដែល​ចាត់ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ពិត​ថា​សំខាន់​ជាង​ការ​ស្ដាប់​បង្គាប់​រដ្ឋាភិបាល។

      ១៥. តើ​ស្ដេច​ខាង​ជើង​បាន​ធ្វើ​អ្វី​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី២​បាន​ចប់?

      ១៥ មិន​យូរ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី២​បាន​ចប់ ស្ដេច​ខាង​ជើង​ថ្មី ពោល​គឺ​សហភាព​សូវៀត​និង​ប្រទេស​ឯ​ទៀត​ដែល​សហការ​ជា​មួយ​បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ។ ដូចទំនាយដែល​បាន​កត់​ទុក​នៅ​ការបើកបង្ហាញ ១២:១៥​-​១៧ ស្ដេច​នេះ​បាន​ដាក់​បម្រាម​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង ហើយ​បាន​និរទេស​អ្នក​បម្រើ​រាប់​ពាន់​នាក់​របស់​ព្រះយេហូវ៉ា។ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ ស្ដេច​ខាង​ជើង​បាន​បញ្ចេញ​ទឹក​ច្រើន​ដូច​«​ទន្លេ​»​ដែល​សំដៅ​លើ​ការ​បៀត​បៀន។ ពួក​គេ​បាន​ធ្វើ​ដូច្នេះ​ក្នុង​គោល​បំណង​បញ្ឈប់​កិច្ច​ការ​របស់​រាស្ត្រ​ព្រះ ប៉ុន្តែ​ពួក​គេ​បាន​បរាជ័យ។f

      ១៦. តើ​សហភាព​សូវៀត​បាន​ធ្វើ​ឲ្យ​ទំនាយ​នៅ​ដានីយ៉ែល ១១:៣៧​-​៣៩​សម្រេច​យ៉ាង​ដូច​ម្ដេច?

      ១៦ សូម​អាន ដានីយ៉ែល ១១:៣៧​-​៣៩។ សម​ស្រប​តាម​ទំនាយ​នេះ ស្ដេច​ខាង​ជើង​មិន​«​កោត​ខ្លាច​ដល់​ព្រះ​ណា​ផង​»​ឬ​មិន​គោរព​ដល់​ព្រះ​របស់​បុព្វ​បុរស​ពួក​គេ។ តើ​នេះ​បាន​កើត​ឡើង​តាម​របៀប​ណា? សហភាព​សូវៀត​មាន​គោល​ដៅ​បំបាត់​ចោល​សាសនា ដូច្នេះ​ពួក​គេ​បាន​ព្យាយាម​ដក​អំណាច​របស់​សាសនា។ ដើម្បី​សម្រេច​គោល​ដៅ​នេះ តាំង​ពី​ឆ្នាំ​១៩១៨ រដ្ឋាភិបាល​សូវៀត​រៀប​ចំ​ឲ្យ​សាលា​បង្រៀន​ថា​គ្មាន​ព្រះ​ទេ។ ចុះ​យ៉ាង​ណា​តើ​ស្ដេច​ខាង​ជើង​គោរព​តាម​ព្រះ​នៃ​បន្ទាយ​ក្នុង​ន័យ​អ្វី? គឺ​ក្នុង​ន័យ​ថាស​ហ​ភាព​សូវៀត​បាន​ចំណាយ​លុយ​ច្រើន​សន្ធឹក​ដើម្បី​ពង្រីក​កង​ទ័ព​របស់​ខ្លួន ហើយ​បាន​ផលិត​អាវុធ​នុយក្លេអ៊ែរ​រាប់​ពាន់​ដើម្បី​ពង្រឹង​អំណាច។ នៅ​ទី​បំផុត ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​មាន​អាវុធ​ដែល​អាច​សម្លាប់​មនុស្ស​រាប់​ពាន់​លាន​នាក់!

      ស្ដេច​ទាំង​ពីរ​សហការ​គ្នា

      ១៧. តើ​«​សេចក្ដី​គួរ​ស្អប់ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​»​គឺ​ជា​អ្វី?

      ១៧ ស្ដេច​ខាង​ជើង​បាន​គាំ​ទ្រ​ស្ដេច​ខាង​ត្បូង​ក្នុង​ការ​បង្កើត​អ្វី​ដ៏​សំខាន់​មួយ ពោល​គឺ​«​សេចក្ដី​គួរ​ស្អប់ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​»។ (​ដាន. ១១:៣១​) ​«​សេចក្ដី​គួរ​ស្អប់ខ្ពើម​»​នោះ គឺ​អង្គ​ការ​សហប្រជាជាតិ។

      ១៨. ហេតុ​អ្វី​គម្ពីរ​ហៅ​អង្គ​ការ​សហប្រជាជាតិ​ថា ​«​សេចក្ដី​គួរ​ស្អប់​ខ្ពើម​»​?

      ១៨ អង្គ​ការ​សហប្រជាជាតិ​បាន​ត្រូវ​ហៅ​ថា​«​សេចក្ដី​គួរ​ស្អប់​ខ្ពើម​»​ ដោយ​សារ​អង្គ​ការ​នោះ​បាន​អះអាង​ថា​ពួក​គេ​អាច​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សន្តិភាព។ នេះ​ជា​អ្វីដែល​មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​អាច​ធ្វើ​បាន។ ទំនាយ​នេះ​ចែង​ថា​សេចក្ដី​គួរ​ស្អប់ខ្ពើម​នឹង​«​បង្ខូច​បំផ្លាញ​»​ ដោយ​សារ​អង្គ​ការ​សហប្រជាជាតិ​នឹង​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​បំផ្លាញ​សាសនា​មិន​ពិត​ទាំង​អស់ (​សូម​មើល​តារាង​ដែល​មាន​ចំណង​ជើង​ថា​«​ស្ដេច​ពីរ​ដែល​ប្រឆាំង​គ្នា​នៅ​គ្រា​ចុង​បំផុត​»​)។

      ហេតុ​អ្វី​យើង​ត្រូវ​ដឹង​ព័ត៌មាន​នេះ?

      ១៩​-​២០. (​ក​) ហេតុ​អ្វី​យើង​ត្រូវ​ដឹង​ព័ត៌មាន​នេះ? (​ខ​) តើ​យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

      ១៩ យើង​ត្រូវ​ដឹង​អំពី​ព័ត៌មាន​ទាំង​នេះ ដោយ​សារ​នេះ​បង្ហាញ​ថា​តាំង​ពី​ឆ្នាំ​១៨៧០​ដល់​ឆ្នាំ​១៩៩១ ទំនាយ​របស់​ដានីយ៉ែល​អំពី​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​បាន​ត្រូវ​សម្រេច។ ដូច្នេះ​យើង​អាច​ជឿ​ជាក់​ថា​ផ្នែក​ឯ​ទៀត​នៃ​ទំនាយ​នេះ​ក៏​នឹង​ត្រូវ​សម្រេច​ដែរ។

      ២០ នៅ​ឆ្នាំ​១៩៩១ សហភាព​សូវៀត​បាន​ដួល​រលំ។ ដូច្នេះ​តើ​អ្នក​ណា​ជា​ស្ដេច​ខាង​ជើង​នៅ​សព្វ​ថ្ងៃ​នេះ? អត្ថបទ​បន្ទាប់​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ។

      តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

      • តើ​ចំណុច​បី​យ៉ាង​អ្វី​ជួយ​យើង​ឲ្យ​ស្គាល់​អត្តសញ្ញាណ​របស់​«​ស្ដេច​ខាង​ជើង​»​និង​«​ស្ដេច​ខាង​ត្បូង​»​?

      • តើ​អ្នក​ណា​គឺ​ជា​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​ចាប់​ពី​ឆ្នាំ​១៨៧០​ដល់​ឆ្នាំ​១៩៩១?

      • ហេតុ​អ្វី​យើង​ត្រូវ​ដឹង​ព័ត៌មាន​នេះ?

      ចម្រៀង​លេខ​១២៨ ចូរ​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់

      a យើង​អាច​ឃើញ​ទី​សំអាង​ដែលបញ្ជាក់​ថា​ទំនាយ​របស់​ដានីយ៉ែល​អំពី​«​ស្ដេច​ខាង​ជើង​»​និង​«​ស្ដេច​ខាង​ត្បូង​»​កំពុង​ក្លាយ​ជាការ​ពិត។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? ម្យ៉ាង​ទៀត ហេតុ​អ្វី​យើង​ត្រូវ​យល់​អំពី​ព័ត៌មាន​ក្នុង​ទំនាយ​នេះ?

      b ជំពូក​១៣ និង​១៤​ក្នុង​សៀវភៅ​មួយ​របស់​យើង (​Pay Attention to Daniel’s Prophecy!​) បាន​ពន្យល់​ថា អធិរាជ​រ៉ូម​អូរេលាន (​ឆ្នាំ២៧០​-​២៧៥ គ.ស.​) ជា​«​ស្ដេច​ខាង​ជើង​»​ និង​មហាក្សត្រី​ហ្សេណូបៀ (​ឆ្នាំ២៦៧​-​២៧២ គ.ស.​) ជា​«​ស្ដេច​ខាង​ត្បូង​»។ ប៉ុន្តែ តាម​មើល​ទៅ គឺ​មិន​សម​ត្រឹម​ត្រូវ​ឲ្យ​និយាយ​ដូច្នេះ​ទៀត​ទេ ដោយ​សារ​មិន​មាន​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ត្រឹម​ត្រូវ​ជា​ក្រុម​នៅ​ពេល​នោះ​ឡើយ។

      c សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​មហា​អំណាច​អង់គ្លេស​អាម៉េរិក​ក្នុង​ទំនាយ​គម្ពីរ​»។

      d នៅ​ឆ្នាំ​១៨៩០ ប៊ី​ស្មា​ក​បាន​ត្រូវ​អធិរាជ​វីលហឹម​ទី២​ដក​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី។

      e ពួក​អ្នក​ដែល​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្រើ​វិធី​ជា​ច្រើន​ដើម្បី​ផ្ដួល​រលំ​រដ្ឋាភិបាល​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់។ ជា​ឧទាហរណ៍ ពួក​គេ​បាន​ឈប់​គាំ​ទ្រ​ស្ដេច បាន​ប្រាប់​រឿង​សម្ងាត់​អំពី​សង្គ្រាម​ដល់​អ្នក​ឯ​ទៀត ហើយ​បាន​ធ្វើ​រដ្ឋ​ប្រហារ។

      f ដូច​បាន​បង្ហាញ​នៅ​ដានីយ៉ែល ១១:៣៤ អស់​មួយ​រយៈ​ពេល ស្ដេច​ខាង​ជើង​បាន​ឈប់​បៀត​បៀន​គ្រិស្ត​សាសនិក។ ជា​ឧទាហរណ៍ នេះ​បាន​កើត​ឡើង​ពេល​សហភាព​សូវៀត​បាន​ដួល​រលំ​នៅ​ឆ្នាំ​១៩៩១។

  • នៅសព្វថ្ងៃនេះ តើអ្នកណាជា«ស្ដេចខាងជើង»?
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | ឧសភា
    • អត្ថបទ​សិក្សា ២០

      នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ជា​«​ស្ដេចខាង​ជើង​»​?

      ​«​វា​នឹង​មក​ដល់​ចុង​បំផុត​របស់​វា ឥត​មាន​អ្នក​ណា​ជួយ​ឡើយ​»។—ដាន. ១១:៤៥

      ចម្រៀង​លេខ​៩៥ ពន្លឺ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង

      សេចក្ដី​សង្ខេបa

      ១​-​២. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​អ្វី?

      យើង​មាន​ទី​សំអាង​កាន់​តែ​ច្រើន​ជាង​ពេល​ណា​ទាំង​អស់​ដែល​បញ្ជាក់​ថា យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ។ មិន​យូរ​ទៀត ព្រះយេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​នឹង​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​ដែល​ប្រឆាំង​នឹង​រាជាណាចក្រ​ព្រះ។ មុន​ពេល​នោះ ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​នឹង​បន្ត​ប្រឆាំង​គ្នា ហើយ​ប្រឆាំង​នឹង​រាស្ត្រ​ព្រះ។

      ២ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ទំនាយ​នៅ​ដានីយ៉ែល ១១:៤០​–​១២:១។ យើង​នឹង​រៀន​ថា​អ្នក​ណា​ជា​ស្ដេច​ខាង​ជើង​នៅ​សព្វ​ថ្ងៃ​នេះ និង​អំពី​មូលហេតុ​ដែល​យើង​មិន​តក់​ស្លុត ហើយ​ទុក​ចិត្ត​ថា​ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​យើង ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។

      ស្ដេច​ខាង​ជើង​ថ្មី​លេច​មក

      ៣​-​៤. តើ​អ្នក​ណា​ជា​ស្ដេច​ខាង​ជើង​នៅ​សព្វ​ថ្ងៃ​នេះ? សូម​ពន្យល់។

      ៣ ក្រោយ​ពីស​ហ​ភាព​សូវៀត​បាន​ដួល​រលំ​នៅ​ឆ្នាំ​១៩៩១ រាស្ត្រ​របស់​ព្រះ​នៅ​តំបន់​ដ៏​ធំ​នោះ​មាន​«​ជំនួយ​បន្តិច​»​ ពោល​គឺ​សេរី​ភាព​អស់​មួយ​រយៈ​ពេល។ (​ដាន. ១១:៣៤​) ជា​លទ្ធផល ពួក​គេ​អាច​ផ្សព្វ​ផ្សាយ​ដោយ​សេរី ហើយ​មិន​យូរ​ក្រោយ​មក ចំនួន​អ្នក​ផ្សាយ​ដែល​ធ្លាប់​នៅ​ក្រោម​អំណាច​របប​កុម្មុយនីស្ត មាន​ចំនួន​រាប់​សែន​នាក់។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ​បាន​ទៅ​ជា​ស្ដេច​ខាង​ជើង។ ដូច​បាន​ពិចារណា​នៅ​អត្ថបទ​មុន រដ្ឋាភិបាល​ដែល​អាច​ទៅ​ជា​ស្ដេច​ខាង​ជើង​ឬ​ស្ដេច​ខាង​ត្បូង​ត្រូវ​ធ្វើ​អ្វី​បី​យ៉ាង​៖ (​១​) ស្ដេច​ទាំង​នោះ​គ្រប់​គ្រង​លើ​ទឹក​ដីដែល​រាស្ត្រ​ជា​ច្រើន​របស់​ព្រះ​រស់​នៅ ឬ​បៀត​បៀន​ពួក​គេ (​២​) របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​បង្ហាញ​ថា ពួក​គេ​គឺ​ជាស​ត្រូវ​របស់​ព្រះយេហូវ៉ា​និង​រាស្ត្រ​លោក (​៣​) ស្ដេច​ទាំង​នោះ​ប្រយុទ្ធ​ប្រឆាំង​គ្នា​ដើម្បី​អំណាច។

      ៤ មាន​មូលហេតុ​ដែល​យើង​អាច​និយាយ​ថា​រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ គឺ​ជា​ស្ដេច​ខាង​ជើង​នៅ​សព្វ​ថ្ងៃ​នេះ។ (​១​) ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​រាស្ត្រ​របស់​ព្រះ ដោយ​ដាក់​បម្រាម​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បៀត​បៀន​បង​ប្អូន​រាប់​សែន​នាក់​ដែល​រស់​នៅ​ក្រោម​អំណាច​របស់​ពួក​គេ។ (​២​) ទង្វើ​ទាំង​នេះ​បង្ហាញ​ថា​ពួក​គេ​ស្អប់​ព្រះយេហូវ៉ា​និង​រាស្ត្រ​របស់​លោក។ (​៣​) ពួក​គេ​កំពុង​ប្រឆាំង​ជា​មួយ​នឹង​ស្ដេច​ខាង​ត្បូង ពោល​គឺ​មហា​អំណាច​អង់គ្លេស​អាម៉េរិក។ សូម​យើង​រៀន​អំពី​អ្វីដែល​រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ​បាន​ធ្វើដែល​បង្ហាញ​ថា​ពួក​គេ​គឺ​ជា​ស្ដេច​ខាង​ជើង។

      ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​បន្ត​ប្រឆាំង​គ្នា

      ៥. តើ​ដានីយ៉ែល ១១:៤០​-​៤៣រៀប​រាប់​អំពី​គ្រា​ណា ហើយ​តើ​អ្វី​កើត​ឡើង​ក្នុង​អំឡុង​គ្រា​នោះ?

      ៥ សូម​អាន ដានីយ៉ែល ១១:៤០​-​៤៣។ ផ្នែក​នេះ​នៃ​ទំនាយ​ដានីយ៉ែល ប្រាប់​អំពី​គ្រា​ចុង​បញ្ចប់ ហើយ​រៀប​រាប់​អំពី​ការ​ប្រឆាំង​គ្នា​រវាង​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង។ ដូច​ដានីយ៉ែល​បាន​ប្រាប់​ទុក​ជា​មុន នៅ​គ្រា​ចុង​បញ្ចប់ ស្ដេច​ខាង​ត្បូង​នឹង​«​តយុទ្ធ​»​នឹង​ស្ដេច​ខាង​ជើង។—ដាន. ១១:៤០

      ៦. តើ​មាន​ទី​សំអាង​អ្វីដែល​បញ្ជាក់​ថា​ស្ដេច​ទាំង​ពីរ​កំពុង​ប្រយុទ្ធ​គ្នា?

      ៦ ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​បន្ត​ប្រយុទ្ធ​គ្នា​ដើម្បី​កាន់​អំណាច​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ពិភព​លោក។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វីដែល​បាន​កើត​ឡើង​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ពេល​សហភាព​សូវៀត​និង​ប្រទេស​ដែល​សហការ​ជា​មួយ​កាន់​អំណាច​មួយ​ផ្នែក​ធំ​នៅ​ទ្វីប​អឺរ៉ុប។ នេះ​បណ្ដាល​ឲ្យ​ស្ដេច​ខាង​ត្បូង​បង្កើត​អង្គ​ការ​យោធា​មួយ​ជា​មួយ​នឹង​ប្រទេស​ឯ​ទៀត​ដែល​បាន​ត្រូវ​ហៅ​ថា អង្គ​ការ​សន្ធិ​សញ្ញា​អាត្លង់ទិច​ខាង​ជើង(​NATO​) ស្ដេច​ខាង​ជើង​បន្ត​ប្រកួត​ប្រជែង​នឹង​ស្ដេច​ខាង​ត្បូង​ដើម្បី​មាន​កម្លាំង​យោធា​ខ្លាំង​បំផុត ដោយ​ចំណាយ​លុយ​ជា​ច្រើន។ ស្ដេច​ខាង​ជើង​បាន​គាំ​ទ្រ​សត្រូវ​របស់​ស្ដេច​ខាង​ត្បូង​ក្នុង​សង្គ្រាម​នៅ​ទ្វីប​អាហ្វ្រិក អាស៊ី និង​អាម៉េរិក​ឡា​ទីន។ នៅ​ពេល​ថ្មី​ៗ​នេះ រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ​មាន​អំណាច​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ពិភព​លោក។ ស្ដេច​ទាំង​ពីរ​នេះ បាន​ប្រើ​កុំព្យូទ័រ​ដើម្បី​វាយ​ប្រហារ​គ្នា។ ពួក​គេ​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ថា ម្នាក់​ៗ​បាន​ប្រើ​កម្ម​វិធី​កុំព្យូទ័រ​ដើម្បី​បង្ខូច​ប្រព័ន្ធ​នយោបាយ​និង​សេដ្ឋកិច្ច។ ម្យ៉ាង​ទៀត ដូច​ដានីយ៉ែល​បាន​ប្រាប់​ទុក​ជា​មុន ស្ដេច​ខាង​ជើង​បន្ត​វាយ​ប្រហារ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ។—ដាន. ១១:៤១

      ស្ដេច​ខាង​ជើង​«​ចូល​ទៅ​ក្នុង​ស្រុក​ឧត្ដម​»​

      ៧. តើ​«​ស្រុក​ឧត្ដម​»​គឺ​ជា​អ្វី?

      ៧ ដានីយ៉ែល ១១:៤១​ចែង​ថា​ស្ដេច​ខាង​ជើង​នឹង​«​ចូល​ទៅ​ក្នុង​ស្រុក​ឧត្ដម​»។ តើ​ស្រុក​នោះ​ជា​អ្វី? នៅ​សម័យ​បុរាណ ស្រុក​អ៊ីស្រាអែល​បាន​ត្រូវ​ចាត់​ទុក​ជា​«​ទី​រុង​រឿង​ជាង​ស្រុក​ទាំង​អស់​»។ (​អេស. ២០:៦​) ប៉ុន្តែ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ស្រុក​នោះ​ជា​ទី​រុង​រឿង​ជាង​គេ គឺ​ដោយ​សារ​នោះ​ជា​កន្លែង​ដែល​គេ​គោរព​ប្រណិប័តន៍​ពិត។ តាំង​ពី​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. ​«​ស្រុក​»​នោះ​មិន​អាច​ជា​កន្លែង​មែន​ទែន​បាន​ទេ ព្រោះ​រាស្ត្រ​របស់​ព្រះយេហូវ៉ា​មាន​នៅ​ទូ​ទាំង​ផែន​ដី។ ផ្ទុយ​ទៅវិញ ​«​ស្រុក​ឧត្ដម​»​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ជាស​កម្ម​ភាព​របស់​រាស្ត្រ​ព្រះយេហូវ៉ា​ដែល​រួម​បញ្ចូល​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ចំពោះ​លោក តាម​រយៈ​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ។

      ៨. តើ​ស្ដេច​ខាង​ជើង​បាន​ចូល​«​ស្រុក​ឧត្ដម​»​យ៉ាង​ដូច​ម្ដេច?

      ៨ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ជើង​បាន​ចូល​ក្នុង​«​ស្រុក​ឧត្ដម​»​ម្ដង​ហើយ​ម្ដង​ទៀត។ ជា​ឧទាហរណ៍ ពេល​ពួក​ណាត្ស៊ី​អាល្លឺម៉ង់​ធ្លាប់​ធ្វើ​ជា​ស្ដេច​ខាង​ជើង ជា​ពិសេស​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ស្ដេច​នោះ​បាន​ចូល​«​ស្រុក​ឧត្ដម​»​ដោយ​បៀត​បៀន និង​សម្លាប់​រាស្ត្រ​របស់​ព្រះ។ ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ពេល​សហភាព​សូវៀត​បាន​ទៅ​ជា​ស្ដេច​ខាង​ជើង ស្ដេច​នោះ​បាន​ចូល​«​ស្រុក​ឧត្ដម​»​ ដោយ​បៀត​បៀន​រាស្ត្រ​របស់​ព្រះ ហើយ​និរទេស​ពួក​គេ។

      ៩. ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ តើ​រុស្ស៊ីនិង​ប្រទេស​ដែល​សហការ​ជា​មួយ​បាន​ចូល​«​ស្រុក​ឧត្ដម​»​យ៉ាង​ដូច​ម្ដេច?

      ៩ ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ ក៏​បាន​ចូល​«​ស្រុក​ឧត្ដម​»​ដែរ។ តើ​តាម​របៀប​ណា? នៅ​ឆ្នាំ​២០១៧ ស្ដេច​ខាង​ជើង​នេះ បាន​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​រាស្ត្រ​ព្រះយេហូវ៉ា ហើយ​បាន​ចាប់​បង​ប្អូន​ខ្លះ​ដាក់​គុក។ ស្ដេច​នោះ​ក៏​បាន​ដាក់​បម្រាម​លើ​សៀវភៅ​ផ្សេង​ៗ​របស់​យើង រួម​ទាំង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ លើស​ពី​នេះ​ទៀត គាត់​បាន​រឹប​អូស​យក​ការិយាល័យ​សាខា​របស់​យើង​នៅ​ប្រទេស​រុស្ស៊ី ព្រម​ទាំង​សាល​ប្រជុំ​និង​សាល​សន្និបាត។ ក្រោយ​ពី​ទង្វើ​ទាំង​នេះ នៅ​ឆ្នាំ​២០១៨ គណៈ​អភិបាល​បាន​ប្រាប់​ថា រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ​គឺ​ជា​ស្ដេច​ខាង​ជើង។ ក៏​ប៉ុន្តែ សូម្បីតែ​ពេល​រាស្ត្រ​របស់​ព្រះយេហូវ៉ា​បាន​ទទួល​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​ក្ដី ក៏​ពួក​គេ​មិន​ព្រម​ប្រឆាំង ឬ​ព្យាយាម​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ឡើយ។ ផ្ទុយ​ទៅវិញ ពួក​គេ​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​ដែល​ឲ្យ​អធិដ្ឋាន​ដើម្បី​«​អស់​អ្នក​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​»​ ជា​ពិសេស​ពេល​បុគ្គល​ទាំង​នោះ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​អាច​ប៉ះ​ពាល់​ដល់​សេរី​ភាព​ដែល​រាស្ត្រ​របស់​ព្រះ​មាន​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក។—១ធី. ២:១, ២

      តើ​ស្ដេច​ខាង​ជើង​នឹង​បំផ្លាញ​ ស្ដេច​ខាង​ត្បូង​ឬ​ទេ?

      ១០. តើ​ស្ដេច​ខាង​ជើង​នឹង​ច្បាំង​ឈ្នះ​ស្ដេច​ខាង​ត្បូង​ឬ​ទេ? សូម​ពន្យល់។

      ១០ ទំនាយ​នៅ​ដានីយ៉ែល ១១:៤០​-​៤៥ រៀប​រាប់​ភាគ​ច្រើន​អំពី​សកម្មភាព​របស់​ស្ដេច​ខាង​ជើង។ តើ​នេះ​មាន​ន័យ​ថា​ស្ដេច​នោះ​នឹង​ច្បាំង​ឈ្នះ​ស្ដេច​ខាង​ត្បូង​ឬ​ទេ? មិន​មែន​ទេ។ ស្ដេច​ខាង​ត្បូង​នឹង​នៅតែ​«​នៅ​រស់​នៅ​ឡើយ​»​ឬ​នៅតែ​មាន​អំណាច ពេល​ព្រះយេហូវ៉ា​និង​លោក​យេស៊ូ បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស​នៅ​សង្គ្រាម​ហាម៉ាគេដូន។ (​បប. ១៩:២០​) សូម​ពិចារណា​អំពី​អ្វីដែល​ទំនាយ​នៅ​សៀវភៅ​ដានីយ៉ែល និង​សៀវភៅ​ការបើកបង្ហាញ​បាន​ប្រាប់​ដែល​បង្ហាញ​ថា​នេះ​ជា​ការ​ពិត។

      ដុំថ្មមួយដែលធ្លាក់ចុះពីភ្នំបុកកម្ទេចប្រអប់ជើងរូបសំណាកដ៏ធំសម្បើមមួយដែលធ្វើពីលោហៈ។

      នៅ​សង្គ្រាម​ហាម៉ាគេដូន រាជាណាចក្រ​របស់​ព្រះ​ដែល​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​ថ្ម នឹង​បញ្ចប់​ការគ្រប់​គ្រង​របស់​មនុស្ស ដែល​បាន​ត្រូវ​តំណាង​ដោយ​រូប​ធំ​សម្បើម (​សូម​មើល​វគ្គ​១១​)

      ១១. តើ​ដានីយ៉ែល ២:៤៣​-​៤៥​បង្ហាញ​អំពី​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

      ១១ សូម​អាន ដានីយ៉ែល ២:៤៣​-​៤៥។ ដានីយ៉ែល​ដែល​ជាអ្នក​ប្រកាស​ទំនាយ​បាន​រៀប​រាប់​អំពី​រដ្ឋាភិបាល​មួយ​ចំនួន ដែល​មាន​ឥទ្ធិពល​លើ​រាស្ត្រ​ព្រះ។ ពួក​គេ​ជា​ផ្នែក​ផ្សេង​ៗ​នៃ​រូប​សំណាក​ដ៏​ធំ​សម្បើម​មួយ​ដែល​ធ្វើ​ពី​លោហៈ។ ប្រអប់​ជើង​ដែល​ធ្វើ​ពីដែក​លាយ​ដី​ឥដ្ឋ​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ចុង​ក្រោយ ពោល​គឺ​មហា​អំណាច​អង់គ្លេស​អាម៉េរិក។ ទំនាយ​នេះ​បង្ហាញ​ថា មហា​អំណាច​អង់គ្លេស​អាម៉េរិក​នឹង​នៅតែ​មាន​អំណាច​ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​មក​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស។

      ១២. តើ​ក្បាល​ទី៧​នៃ​សត្វ​សាហាវ​ជា​តំណាង​អ្វី ហើយ​ហេតុ​អ្វី​គឺ​សំខាន់​ដែល​យើង​ដឹង​ចំណុច​នេះ?

      ១២ សាវ័ក​យ៉ូហាន​ក៏​រៀប​រាប់​អំពី​មហា​អំណាច​ផ្សេង​ៗ​ដែល​មាន​ឥទ្ធិពល​លើ​រាស្ត្រ​របស់​ព្រះយេហូវ៉ា។ ក្នុង​ទំនាយ​របស់​យ៉ូហាន រដ្ឋាភិបាល​ទាំង​នោះ​ជា​តំណាង​សត្វ​សាហាវ​មួយ​ដែល​មាន​ក្បាល​៧។ ក្បាល​ទី៧​នៃ​សត្វ​សាហាវ​នោះ​ជា​តំណាង​មហា​អំណាច​អង់គ្លេស​អាម៉េរិក។ ក្បាល​ទី៧​នេះ​គឺ​សំខាន់ ដោយ​សារ​នេះ​ជា​ក្បាល​ចុង​ក្រោយ​នៃ​សត្វ​នោះ។ ក្បាល​ទី៧​នៃ​សត្វ​នោះ នៅតែ​គ្រប់​គ្រង​ពេល​ដែល​គ្រិស្ត​និង​កង​ទ័ព​នៅ​ស្ថាន​សួគ៌ មក​បំផ្លាញ​វា។b—បប. ១៣:១, ២; ១៧:១៣, ១៤

      នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ តើស្ដេចខាងជើងនឹងធ្វើអ្វី?

      ១៣​-​១៤. តើ​‹កូក​នៃ​ស្រុក​ម៉ាកូក›​ជា​នរណា ហើយ​តើ​អ្វី​ប្រហែល​ជា​ជំរុញ​វា​ឲ្យ​វាយ​ប្រហារ​លើ​រាស្ត្រ​របស់​ព្រះ?

      ១៣ ទំនាយ​មួយ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​អេសេគាល ប្រាប់​យើង​អំពី​អ្វីដែល​ប្រហែល​ជា​នឹង​កើត​ឡើង​មុន​ការ​បំផ្លាញ​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង។ តាម​មើល​ទៅ ទំនាយ​នៅ​អេសេគាល ៣៨:១០​-​២៣; ដានីយ៉ែល ២:៤៣​-​៤៥; ១១:៤៤​–​១២:១ និង​ការបើកបង្ហាញ ១៦:១៣​-​១៦, ២១ រៀប​រាប់​អំពី​គ្រា​និង​ព្រឹត្តិ​ការណ៍​ដូច​គ្នា។ បើ​ដូច្នេះ យើង​អាច​រំពឹង​ថា​នឹង​មាន​អ្វី​មួយ​ចំនួន​កើត​ឡើង។

      ១៤ មិន​យូរ​ក្រោយ​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម ​«​ស្ដេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅផែន​ដី​»​ឬ​ប្រជា​ជាតិ​ផ្សេង​ៗ នឹង​ចង​សម្ព័ន្ធ​ជា​មួយ​គ្នា។ (​បប. ១៦:១៣, ១៤; ១៩:១៩​) គម្ពីរ​ហៅ​ប្រជា​ជាតិ​ទាំង​នោះ​ថា​‹កូក​នៃ​ស្រុក​ម៉ាកូក›។ (​អេស. ៣៨:២​) ប្រជា​ជាតិ​ទាំង​នោះ​នឹង​វាយ​ប្រហារ​លើ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ ហើយ​ព្យាយាម​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង។ តើ​អ្វី​នឹង​ជំរុញ​ប្រជា​ជាតិ​ទាំង​នោះ​ឲ្យ​ធ្វើ​ការ​វាយ​ប្រហារ? ក្នុង​ទំនាយ​អំពី​គ្រា​នោះ សាវ័ក​យ៉ូហាន​បាន​និយាយ​ថា​នឹង​មាន​ដុំ​ព្រិល​ធំ​ធ្លាក់​យ៉ាង​ខ្លាំង​លើស​ត្រូវ​ព្រះ។ ដុំ​ព្រិល​នោះ​ប្រហែល​ជា​តំណាង​ការ​វិនិច្ឆ័យ​ទោស​ដែល​រាស្ត្រ​របស់​ព្រះយេហូវ៉ា​នឹង​ផ្សាយ។ ដំណឹង​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​កូក​នៃ​ស្រុក​ម៉ាកូក​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ ហើយ​ព្យាយាម​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង។—បប. ១៦:២១

      ១៥​-​១៦. (​ក​) តើ​ដានីយ៉ែល ១១:៤៤, ៤៥​ប្រហែល​ជា​រៀប​រាប់​អំពី​អ្វី? (​ខ​) តើ​អ្វី​នឹង​កើត​ឡើង​ដល់​ស្ដេច​ខាង​ជើង​និង​ប្រជា​ជាតិ​ផ្សេង​ៗ​ដែល​ជា​កូក​នៃ​ស្រុក​ម៉ាកូក?

      ១៥ ដំណឹង​នេះ​និង​ការ​វាយ​ប្រហារ​ចុង​ក្រោយ​ដោយ​ពួក​សត្រូវ​របស់​ព្រះ ប្រហែល​ជា​សំដៅ​ទៅ​លើ​ព្រឹត្តិ​ការណ៍ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ដានីយ៉ែល ១១:៤៤, ៤៥។ (​សូម​អាន​) នៅ​បទ​គម្ពីរ​នោះ ដានីយ៉ែល​រៀប​រាប់​ថា​៖ ​«​ដំណឹង​ដែល​នឹង​ចេញ​ពី​ស្រុក​ខាង​កើត ហើយ​ពី​ខាង​ជើង​»​ នឹង​នាំ​ឲ្យ​ស្ដេច​ខាង​ជើង​ព្រួយ​បារម្ភ ហើយ​គាត់​នឹង​ចេញ​ទៅ​ដោយ​«​សេចក្ដី​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង​»។ ស្ដេច​ខាង​ជើង​មាន​បំណង​«​រំលាង​មនុស្ស​ជា​ច្រើន​បង់​»​ឬ​សម្លាប់​ពួក​គេ។ ​«​មនុស្ស​ជា​ច្រើន​»​នោះ តាម​មើល​ទៅ​សំដៅ​ទៅ​លើ​រាស្ត្រ​របស់​ព្រះយេហូវ៉ា។c នៅ​ខ​ទាំង​នោះ ដានីយ៉ែល​ប្រហែល​ជា​រៀប​រាប់​អំពី​ការ​វាយ​ប្រហារ​ចុង​ក្រោយ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ។

      ១៦ ពេល​ស្ដេច​ខាង​ជើង​និង​រដ្ឋាភិបាល​ឯ​ទៀត​វាយ​ប្រហារ​លើ​រាស្ត្រ​របស់​ព្រះ នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ខឹង​យ៉ាង​ខ្លាំង ហើយ​បន្ទាប់​មក​សង្គ្រាម​ហាម៉ាគេដូន​នឹង​ចាប់​ផ្ដើម។ (​បប. ១៦:១៤, ១៦​) នៅ​ពេល​នោះ ស្ដេច​ខាង​ជើង​និង​ប្រជា​ជាតិ​ឯ​ទៀត​ដែល​ជា​កូក​នៃ​ស្រុក​ម៉ាកូក​នឹង​ត្រូវ​បំផ្លាញ ហើយ​«​ឥត​មាន​អ្នក​ណា​ជួយ​ឡើយ​»។—ដាន. ១១:៤៥

      លោកយេស៊ូកំពុងជិះសេះសម្បុរស ហើយបម្រុងនឹងបាញ់ព្រួញ។ ទេវតាឯទៀតកំពុងជិះសេះសម្បុរសនិងកាន់ដាវ។

      នៅ​សង្គ្រាម​ហាម៉ាគេដូន លោក​យេស៊ូ​គ្រិស្ត​និង​កង​ទ័ព​ស្ថាន​សួគ៌​របស់​លោក នឹង​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន ហើយ​សង្គ្រោះ​រាស្ត្រ​របស់​ព្រះ (​សូម​មើល​វគ្គ​១៧​)

      ១៧. នៅ​ដានីយ៉ែល ១២:១ តើ​«​មហា​ទេវតា​»​មីកែ​ល​ជា​អ្នក​ណា ហើយ​តើ​លោក​ធ្វើ​អ្វី?

      ១៧ ខ​ទី១​ក្នុង​ជំពូក​១២ នៃ​សៀវភៅ​ដានីយ៉ែល ផ្ដល់​ព័ត៌មាន​ថែម​ទៀត​អំពី​របៀប​ដែល​ស្ដេច​ខាង​ជើង​និង​ប្រទេស​ដែល​សហការ​ជា​មួយ​នឹង​ត្រូវ​បំផ្លាញ និង​អំពី​របៀប​ដែល​យើង​នឹង​ត្រូវ​សង្គ្រោះ។ (​សូម​អាន ដានីយ៉ែល ១២:១​) តើ​បទ​គម្ពីរ​នេះ​មាន​ន័យ​អ្វី? មីកែ​ល​គឺ​ជា​ឈ្មោះ​មួយ​ទៀត​របស់​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​ស្ដេច​យើង។ លោក​បាន​«​ឈរ​ឡើង​»​ដើម្បី​ជួយ​រាស្ត្រ​របស់​ព្រះ​តាំង​ពី​ឆ្នាំ​១៩១៤ ពេល​ដែល​លោក​ទៅ​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។ នៅ​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ លោក​នឹង​«​ឈរ​ឡើង​»​ឬ​បំផ្លាញ​សត្រូវ​របស់​ព្រះ​នៅ​សង្គ្រាម​ហាម៉ាគេដូន។ សង្គ្រាម​នោះ​ជា​ព្រឹត្តិ​ការណ៍​ចុង​ក្រោយ​នៃ​គ្រា​មួយ​ដែល​ដានីយ៉ែល​ហៅ​ថា​«​គ្រា​វេទនា​ជា​ខ្លាំង​»​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ។ ក្នុង​ទំនាយ​របស់​យ៉ូហាន​ដែល​បាន​កត់​ទុក​នៅ​សៀវភៅ​ការបើកបង្ហាញ គាត់​ហៅ​គ្រា​មុន​សង្គ្រាម​នោះ​ថា​«​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»។—បប. ៦:២; ៧:១៤

      តើ​ឈ្មោះ​របស់​អ្នក​នឹង​ត្រូវ​«​កត់​ទុក​ក្នុង​បញ្ជី​»​ឬ​ទេ?

      ១៨. ហេតុ​អ្វី​យើង​អាច​រក្សា​ចិត្ត​ស្ងប់ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ?

      ១៨ ទាំង​ដានីយ៉ែល​ទាំង​យ៉ូហាន បាន​និយាយ​ថា​ពួក​អ្នក​បម្រើ​ព្រះយេហូវ៉ា​និង​លោក​យេស៊ូ​នឹង​ត្រូវ​សង្គ្រោះ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ដូច្នេះ យើង​អាច​រក្សា​ចិត្ត​ស្ងប់ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។ ដានីយ៉ែល​និយាយ​ថា ឈ្មោះ​របស់​អស់​អ្នក​ដែល​នឹង​រួច​ជីវិត បាន​ត្រូវ​«​កត់​ទុក​ក្នុង​បញ្ជី​»។ (​ដាន. ១២:១​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ? យើង​ត្រូវ​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​មាន​ជំនឿ​លើ​លោក​យេស៊ូ ដែល​ជា​កូន​ចៀម​របស់​ព្រះ។ (​យ៉ូន. ១:២៩​) យើង​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ (​១ពេ. ៣:២១​) ម្យ៉ាង​ទៀត យើង​ត្រូវ​បង្ហាញ​ថា​យើង​គាំ​ទ្រ​រាជាណាចក្រ​របស់​ព្រះ ដោយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះយេហូវ៉ា។

      ១៩. នៅ​ឥឡូវ​នេះ​តើ​យើង​គួរ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

      ១៩ នៅ​ឥឡូវ​នេះ យើង​គួរ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​លើ​ព្រះយេហូវ៉ា​និង​អង្គ​ការ​របស់​លោក។ យើង​ក៏​គួរ​គាំ​ទ្រ​រាជាណាចក្រ​របស់​ព្រះ​នៅ​ឥឡូវ​នេះ​ដែរ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ទទួល​សេចក្ដី​សង្គ្រោះ ពេល​ដែល​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​បាន​ត្រូវ​បំផ្លាញ​ដោយ​រាជាណាចក្រ​របស់​ព្រះ។

      តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

      • នៅ​សព្វ​ថ្ងៃ​នេះ តើ​«​ស្ដេច​ខាង​ជើង​»​ជា​អ្នក​ណា?

      • តើ​ស្ដេច​ខាង​ជើង​បាន​ចូល​ទៅ​ក្នុង​«​ស្រុក​ឧត្ដម​»​យ៉ាង​ដូច​ម្ដេច?

      • តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង?

      ចម្រៀង​លេខ​១៤៩ ចម្រៀង​ជ័យ​ជម្នះ

      a នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ជា​«​ស្ដេច​ខាង​ជើង​»​ ហើយ​តើ​ស្ដេច​នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល​យ៉ាង​ដូច​ម្ដេច? ការ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​អាច​ពង្រឹង​ជំនឿ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ទុក្ខ​លំបាក​ដែល​យើង​នឹង​ជួប​ប្រទះ​នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ។

      b ដើម្បី​មើល​ការ​ពន្យល់​អំពី​ដានីយ៉ែល ២:៣៦​-​៤៥ និង​ការបើកបង្ហាញ ១៣:១, ២ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១២ ទំព័រ​៧​-​១៩។

      c ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ​២៧​-​២៨។

  • ស្ដេចពីរដែលប្រឆាំងគ្នានៅគ្រាចុងបំផុត
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | ឧសភា
    • ស្ដេច​ពីរ​ដែល​ប្រឆាំង​គ្នា​នៅ​គ្រា​ចុង​បំផុត

      ទំនាយ​ខ្លះ​ក្នុង​តារាង​នេះ​រៀប​រាប់​អំពី​ព្រឹត្តិ​ការណ៍ដែល​កើត​ឡើង​នៅពេលដំណាលគ្នា។ ទំនាយ​ទាំង​នោះ​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​ក្នុង​«​គ្រាចុងបំផុត​»។—ដាន. ១២:៤

      តារាងដែលបង្ហាញអំពីទំនាយផ្សេងៗនិងអត្តសញ្ញាណរបស់ស្ដេចខាងជើងនិងស្ដេចខាងត្បូងចាប់ពីឆ្នាំ១៨៧០រហូតដល់សព្វថ្ងៃ។
      • តារាងទី១ បង្ហាញអំពីទំនាយមួយចំនួនដែលបានកើតឡើងនៅគ្រាចុងបញ្ចប់។ ទំនាយទាំងនោះចាប់ផ្ដើមពីឆ្នាំ១៨៧០ដល់ឆ្នាំ១៩១៨។ ចាប់ពីឆ្នាំ១៩១៤ទៅ គឺជាគ្រាចុងបញ្ចប់។ ទំនាយទី១៖ សត្វសាហាវដែលមានក្បាល៧ បានលេចមកមុនឆ្នាំដែលមាននៅក្នុងតារាងនេះ។ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ ក្បាលទី៧នៃសត្វសាហាវនោះបានត្រូវរងរបួស។ ចាប់ពីឆ្នាំ១៩១៧ ក្បាលទី៧នៃសត្វសាហាវនោះបានជាសះស្បើយ ហើយសត្វសាហាវមានកម្លាំងឡើងវិញ។ ទំនាយទី២៖ នៅឆ្នាំ១៨៧០ យើងអាចដឹងថាអ្នកណាជាស្ដេចខាងត្បូង ហើយនៅឆ្នាំ១៨៧១ យើងក៏អាចដឹងថាអ្នកណាជាស្ដេចខាងជើងដែរ។ ស្ដេចខាងជើងបានលេចមកនៅឆ្នាំ១៨៧១ជាប្រទេសអាល្លឺម៉ង់។ ដំបូង ស្ដេចខាងត្បូងជាប្រទេសអង់គ្លេស ប៉ុន្តែនៅឆ្នាំ១៩១៧ នេះបានត្រូវជំនួសដោយមហាអំណាចអង់គ្លេសអាម៉េរិក។ ទំនាយទី៣៖ ចាប់ពីឆ្នាំ១៨៧០ បងឆាល ថេស រ៉ាសិលនិងអ្នករួមការងារជាមួយគាត់បានធ្វើជា«ទូត»។ ចាប់ពីឆ្នាំ១៨៨១ ទស្សនាវដ្ដីប៉មយាមនៃភ្នំស៊ីយ៉ូន លើកទឹកចិត្តអ្នកអានឲ្យផ្សព្វផ្សាយដំណឹងល្អ។ ទំនាយទី៤៖ ចាប់ពីឆ្នាំ១៩១៤ រដូវប្រមូលផល។ ស្រងែបានត្រូវញែកចេញពីស្រូវសាលី។ ទំនាយទី៥៖ ចាប់ពីឆ្នាំ១៩១៧ យើងអាចដឹងថាអ្នកណាជាប្រអប់ជើងដែលធ្វើពីដែកលាយដីឥដ្ឋ។ ក្នុងតារាងនោះក៏មាន៖ ព្រឹត្តិការណ៍ពិភពលោកពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨ ដូចជាសង្គ្រាមលោកលើកទី១។ ព្រឹត្តិការណ៍ដែលមានឥទ្ធិពលលើរាស្ត្រព្រះយេហូវ៉ា៖ ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨ និស្សិតគម្ពីរនៅប្រទេសអង់គ្លេសនិងប្រទេសអាល្លឺម៉ង់បានជាប់គុក។ នៅឆ្នាំ១៩១៨ បងប្រុសៗពីមន្ទីរចាត់ការពិភពលោកបានជាប់គុក។
        ទំនាយទី១។

        បទ​គម្ពីរ បប. ១១:៧; ១២:១៣, ១៧; ១៣:១​-​៨, ១២

        ទំនាយ ​«​សត្វ​សាហាវ​»​នោះ គ្រប់​គ្រង​លើ​មនុស្ស​នៅផែន​ដី​អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ។ នៅ​គ្រា​ចុង​បំផុត ក្បាល​ទី៧​បាន​រង​របួស។ ក្រោយ​មក ក្បាល​នោះ​បាន​ជា​សះ​ស្បើយ ហើយ​«​ផែន​ដី​ទាំង​មូល​»​ទៅ​តាម​សត្វ​សាហាវ។ សាថាន​ប្រើ​សត្វ​សាហាវ​នោះ​ដើម្បី​«​ចេញ​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ដែល​នៅ​សល់​»។

        ការ​សម្រេច ក្រោយ​សម័យ​ទឹក​ជំនន់ រដ្ឋាភិបាល​ផ្សេង​ៗ​ដែល​ជាស​ត្រូវ​របស់​ព្រះយេហូវ៉ា​បាន​គ្រប់​គ្រង​លើ​មនុស្ស។ ជាង​៣.០០០​ឆ្នាំ​ក្រោយ​មក ចក្រភព​អង់គ្លេស​បាន​បាត់​បង់​អំណាច​មួយ​កម្រិត ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ តែ​មាន​អំណាច​ឡើង​វិញ ពេល​បាន​រួម​ដៃ​ជា​មួយ​នឹង​សហរដ្ឋ​អាម៉េរិក។ ជា​ពិសេស​ក្នុង​អំឡុង​គ្រា​ចុង​បំផុត​នេះ សាថាន​ប្រើ​រដ្ឋាភិបាល​ទាំង​អស់​នៅ​លើផែន​ដី​ដើម្បី​បៀត​បៀន​រាស្ត្រ​របស់​ព្រះ។

      • ទំនាយទី២។

        បទ​គម្ពីរ ដាន. ១១:២៥​-​៤៥

        ទំនាយ ក្នុង​អំឡុង​គ្រា​ចុង​បំផុត ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​ប្រឆាំង​គ្នា​ដើម្បី​បាន​អំណាច។

        ការ​សម្រេច អាល្លឺម៉ង់​ច្បាំង​នឹង​អង់គ្លេស​អាម៉េរិក។ នៅ​ឆ្នាំ​១៩៤៥ សហភាព​សូវៀត​និង​ប្រទេស​ដែល​សហការ​ជា​មួយ​ទៅ​ជា​ស្ដេច​ខាង​ជើង។ នៅ​ឆ្នាំ​១៩៩១ សហភាព​សូវៀត​ដួល​រលំ ហើយ​ក្រោយ​មក រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ​ទៅ​ជា​ស្ដេច​ខាង​ជើង។

      • ទំនាយទី៣។

        បទ​គម្ពីរ អេ. ៦១:១; ម៉ាឡ. ៣:១; លូក. ៤:១៨

        ទំនាយ ព្រះយេហូវ៉ា​ចាត់​«​ទូត​»​របស់​លោក​ឲ្យ​«​រៀប​ចំ​ផ្លូវ​»​ មុន​ស្ថាបនា​រាជាណាចក្រ​មេស្ស៊ី។ ​«​ទូត​»​នេះ​បាន​ចាប់​ផ្ដើម​«​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ​»​ឬ​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​រាប​ទាប។

        ការ​សម្រេច ចាប់​ពី​ឆ្នាំ​១៨៧០ បង​ឆាល ថេស រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់ សិក្សា​គម្ពីរ​យ៉ាង​ខ្នះ​ខ្នែង​ដើម្បីស្វែង​យល់​អ្វីដែល​គម្ពីរ​ពិត​ជា​បង្រៀន។ នៅ​ឆ្នាំ​១៨៨១ ពួក​គាត់​បាន​ទទួល​ស្គាល់​ថា​គឺ​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​បម្រើ​របស់​ព្រះ​ផ្សព្វ​ផ្សាយ។ ពួក​គាត់​បាន​ចេញ​ផ្សាយ​អត្ថបទ​ដូច​ជា​«​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​១.០០០​នាក់​»​និង​«​គ្រិស្ត​សាសនិក​បាន​ត្រូវ​រើស​តាំង​ដើម្បី​ផ្សព្វ​ផ្សាយ​»។

      • ទំនាយទី៤។

        បទ​គម្ពីរ ម៉ាថ. ១៣:២៤​-​៣០, ៣៦​-​៤៣

        ទំនាយ បុរស​ម្នាក់​សាប​ព្រោះ​ស្រូវ​សាលី​នៅ​វាល​មួយ រួច​មក​សត្រូវ​ម្នាក់​មក​សាប​ព្រោះ​ស្រងែ​នៅ​វាល​នោះ​ដែរ។ ស្រងែ​ដុះ​ឡើង​គ្រប​បាំង​ស្រូវ​សាលី។ លុះ​ដល់​រដូវ​ច្រូត​កាត់ ស្រងែ​បាន​ត្រូវ​ញែក​ចេញ​ពី​ស្រូវ​សាលី។

        ការ​សម្រេច ចាប់​ពី​ឆ្នាំ​១៨៧០ ភាព​ខុស​គ្នា​រវាង​គ្រិស្ត​សាសនិក​ពិត​និង​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់។ ក្នុង​អំឡុង​គ្រា​ចុង​បំផុត គ្រិស្ត​សាសនិក​ពិត​បាន​ត្រូវ​ប្រមូល​ទៅ​ក្នុង​ក្រុម​ជំនុំ ហើយ​បាន​ត្រូវ​ញែក​ចេញ​ពី​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ។

      • ទំនាយទី៥។

        បទ​គម្ពីរ ដាន. ២:៣១​-​៣៣, ៤១​-​៤៣

        ទំនាយ ប្រអប់​ជើង​ដែល​ធ្វើ​ពីដែក​លាយ​ដី​ឥដ្ឋ​ជា​ផ្នែក​មួយ​នៃ​រូប​សំណាក​ដែល​ធ្វើ​ពី​លោហៈ​ផ្សេង​ៗ។

        ការ​សម្រេច ដី​ឥដ្ឋ​ជា​តំណាង​មនុស្ស​សាមញ្ញ​ធម្មតា​ដែល​នៅ​ក្រោម​អំណាច​រដ្ឋាភិបាល​អង់គ្លេស​និង​អាម៉េរិក​ដែល​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទាំង​នោះ។ ដោយ​សារ​មនុស្ស​បែប​នេះ រដ្ឋាភិបាល​ទាំង​នោះ​មិន​អាច​ប្រើ​អំណាច​របស់​ពួក​គេ​យ៉ាង​ពេញ​លេញ​បាន​ទេ។

      • តារាងទី២ បង្ហាញអំពីទំនាយមួយចំនួនដែលបានកើតឡើងនៅគ្រាចុងបញ្ចប់ រវាងឆ្នាំ១៩១៩ដល់ឆ្នាំ១៩៤៥។ អាល្លឺម៉ង់ជាស្ដេចខាងជើងរហូតដល់ឆ្នាំ១៩៤៥។ មហាអំណាចអង់គ្លេសអាម៉េរិកជាស្ដេចខាងត្បូង។ ទំនាយទី៦៖ នៅឆ្នាំ១៩១៩ គ្រិស្តសាសនិកដែលព្រះបានរើសតាំងបានត្រូវប្រមូលចូលក្នុងក្រុមជំនុំស្អាតស្អំ។ ចាប់ពីឆ្នាំ១៩១៩ យើងបង្កើនកិច្ចបម្រើផ្សាយនិងបន្តក្នុងកិច្ចការនោះ។ ទំនាយទី៧៖ នៅឆ្នាំ១៩២០ អង្គការសម្ព័ន្ធប្រជាជាតិបានត្រូវបង្កើតឡើង និងបន្តមានសកម្មភាពរហូតដល់សង្គ្រាមលោកលើកទី២ចាប់ផ្ដើម។ ក្នុងតារាងនោះក៏មាន៖ ទំនាយទី១ បន្តមានសត្វសាហាវដែលមានក្បាល៧។ ទំនាយទី៥ បន្តមានប្រអប់ជើងដែលធ្វើពីដែកលាយដីឥដ្ឋ។ ព្រឹត្តិការណ៍ពិភពលោកពីឆ្នាំ១៩៣៩ដល់ឆ្នាំ១៩៤៥ សង្គ្រាមលោកលើកទី២។ ព្រឹត្តិការណ៍ដែលមានឥទ្ធិពលលើរាស្ត្រព្រះយេហូវ៉ា៖ រវាងឆ្នាំ១៩៣៣ដល់ឆ្នាំ១៩៤៥ សាក្សីជាង១១.០០០នាក់ជាប់គុកនៅប្រទេសអាល្លឺម៉ង់។ នៅប្រទេសអង់គ្លេសរវាងឆ្នាំ១៩៣៩ដល់ឆ្នាំ១៩៤៥ សាក្សីជិត១.៦០០នាក់បានជាប់គុក។ នៅសហរដ្ឋអាម៉េរិក រវាងឆ្នាំ១៩៤០ដល់ឆ្នាំ១៩៤៤ ក្រុមមនុស្សដែលមានកំហឹង វាយប្រហារសាក្សីជាង២.៥០០ដង។
        ទំនាយទី៦។

        បទ​គម្ពីរ ម៉ាថ. ១៣:៣០; ២៤:១៤, ៤៥; ២៨:១៩, ២០

        ទំនាយ ​«​ស្រូវ​សាលី​»​បាន​ត្រូវ​ប្រមូល​ទុក​ក្នុង​«​ជង្រុក​»​ ហើយ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»។ ‹ដំណឹង​ល្អ​អំពី​រាជាណាចក្រ›​បាន​ត្រូវ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដល់​«​គ្រប់​ទី​អាស្រ័យ​នៅផែន​ដី​»។

        ការ​សម្រេច នៅ​ឆ្នាំ​១៩១៩ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​រាស្ត្រ​របស់​ព្រះ។ ចាប់​ពី​ពេល​នោះ​មក និស្សិត​គម្ពីរ​បាន​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន​ឡើង​ៗ។ សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះយេហូវ៉ា​ផ្សព្វ​ផ្សាយ​នៅ​ជាង​២០០​ប្រទេស ហើយ​បោះ​ពុម្ព​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ជាង​១.០០០​ភាសា។

      • ទំនាយទី៧។

        បទ​គម្ពីរ ដាន. ១២:១១; បប. ១៣:១១, ១៤, ១៥

        ទំនាយ សត្វ​សាហាវ​ដែល​មាន​ស្នែង​ពីរ​ប្រាប់​មនុស្ស​នៅ​លើផែន​ដីឲ្យ​ធ្វើ​«​រូប​សត្វ​សាហាវ​នោះ​»​ ហើយ​ផ្ដល់​«​ដង្ហើម​ជីវិត​ឲ្យ​រូប​សត្វ​សាហាវ​នោះ​»។

        ការ​សម្រេច មហា​អំណាច​អង់គ្លេស​អាម៉េរិក​នាំ​មុខ​ក្នុង​ការ​បង្កើត​អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ។ ប្រជា​ជាតិ​ផ្សេង​ៗ​គាំ​ទ្រ​អង្គ​ការ​នេះ។ ចាប់​ពី​ឆ្នាំ​១៩២៦​ដល់​ឆ្នាំ​១៩៣៣ ស្ដេច​ខាង​ជើង​ក៏​ចូល​រួម​ជា​មួយ​នឹង​អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ​នេះ​ដែរ។ មនុស្ស​បាន​ជឿ​ថា អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ​អាច​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សន្តិភាព ហើយ​នៅ​ពេល​ក្រោយ​មក គេ​ក៏​ជឿ​ដូច្នេះ​លើ​អង្គ​ការ​សហប្រជាជាតិ​ដែរ ប៉ុន្តែ​មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​អាច​ធ្វើ​ដូច្នេះ​បាន។

      • តារាងទី៣ បង្ហាញអំពីទំនាយមួយចំនួនដែលបានកើតឡើងនៅគ្រាចុងបញ្ចប់ រវាងឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៩១។ សហភាពសូវៀតនិងប្រទេសដែលសហការជាមួយ ជាស្ដេចខាងជើងរហូតដល់ឆ្នាំ១៩៩១ ហើយក្រោយមក រុស្ស៊ីនិងប្រទេសដែលសហការជាមួយគឺជាស្ដេចខាងជើង។ ស្ដេចខាងត្បូងជាមហាអំណាចអង់គ្លេសអាម៉េរិក។ ទំនាយទី៨ គ្រាប់បែកបរមាណូដែលផ្ទុះឡើងបង្ហាញអំពីការបំផ្លាញដែលមហាអំណាចអង់គ្លេសអាម៉េរិកបណ្ដាលឲ្យមាន។ ទំនាយទី៩៖ អង្គការសហប្រជាជាតិបានត្រូវបង្កើតឡើងនៅឆ្នាំ១៩៤៥ ជំនួសអង្គការសម្ព័ន្ធប្រជាជាតិ។ ក្នុងតារាងនោះក៏មាន៖ ទំនាយទី១ បន្តមានសត្វសាហាវដែលមានក្បាល៧។ ទំនាយទី៥ បន្តមានប្រអប់ជើងដែលធ្វើពីដែកលាយដីឥដ្ឋ។ ទំនាយទី៦ នៅឆ្នាំ១៩៤៥ មានអ្នកផ្សព្វផ្សាយជាង១៥៦.០០០នាក់។ នៅឆ្នាំ១៩៩១ មានអ្នកផ្សព្វផ្សាយជាង៤.២៧៨.០០០នាក់។ ព្រឹត្តិការណ៍ដែលមានឥទ្ធិពលលើរាស្ត្រព្រះយេហូវ៉ា៖ នៅសហភាពសូវៀតរវាងឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៥១ សាក្សីរាប់ពាន់នាក់បានត្រូវគេបង្ខំឲ្យទៅតំបន់ស៊ីបេរី។
        ទំនាយទី៨។

        បទ​គម្ពីរ ដាន. ៨:២៣, ២៤

        ទំនាយ ស្ដេច​មួយ​រូប​ដែល​មើល​ទៅ​មាន​ទឹក​មុខ​សាហាវ​«​នឹង​បំផ្លាញ​យ៉ាង​អស្ចារ្យ​»។

        ការ​សម្រេច មហា​អំណាច​អង់គ្លេស​អាម៉េរិក​បាន​សម្លាប់​មនុស្ស​ជា​ច្រើន ហើយ​បង្ក​ឲ្យ​មាន​ការ​បំផ្លាញ​យ៉ាង​ធំ។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ សហរដ្ឋ​អាម៉េរិក​បាន​ទម្លាក់​គ្រាប់​បែក​បរមាណូ​លើ​ប្រជា​ជាតិ​មួយ​ដែល​ជាស​ត្រូវ​របស់​អង់គ្លេស​និង​អាម៉េរិក។ គ្រឿង​សាស្ដ្រា​វុធ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ច្រើន​ជាង​គ្រឿង​សាស្ដ្រា​វុធ​ឯ​ទៀត​រហូត​ដល់​ពេល​នោះ។

      • ទំនាយទី៩។

        បទ​គម្ពីរ ដាន. ១១:៣១; បប. ១៧:៣, ៧​-​១១

        ទំនាយ សត្វ​សាហាវ​ដែល​មាន​«​សម្បុរ​ក្រហម​ឆ្អៅ​»​និង​មាន​ស្នែង​១០ ឡើង​មក​ពី​ទី​ជ្រៅ​បំផុត ហើយ​វា​គឺ​ជា​ស្ដេច​ទី៨។ សៀវភៅ​ដានីយ៉ែល​រៀប​រាប់​អំពី​ស្ដេច​នេះ​ថា​ជា​«​សេចក្ដី​គួរ​ស្អប់ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​»។

        ការ​សម្រេច ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ​លែង​មាន​សកម្មភាព។ ក្រោយ​ពី​សង្គ្រាម​នោះ អង្គ​ការ​សហប្រជាជាតិ​បាន​ត្រូវ​‹តាំង​ឡើង›។ ដូច​អង្គ​ការ​សម្ព័ន្ធ​ប្រជា​ជាតិ អង្គ​ការ​សហប្រជាជាតិ​ទទួល​កិត្តិយស​ដែល​រាជាណាចក្រ​ព្រះ​សម​នឹង​ទទួល។ អង្គ​ការ​សហប្រជាជាតិ​នឹង​វាយ​ប្រហារ​សាសនា។

      • តារាងទី៤ បង្ហាញអំពីទំនាយមួយចំនួនដែលបានកើតឡើងនៅគ្រាចុងបញ្ចប់ ចាប់ពីគ្រាឥឡូវនេះរហូតដល់សង្គ្រាមហាម៉ាគេដូន។ រុស្ស៊ីនិងប្រទេសដែលសហការជាមួយគឺជាស្ដេចខាងជើង។ មហាអំណាចអង់គ្លេសអាម៉េរិកគឺជាស្ដេចខាងត្បូង។ ទំនាយទី១០៖ អ្នកដឹកនាំប្រជាជាតិនានា ប្រកាសថា«មានសន្តិភាពនិងសន្តិសុខហើយ»។ បន្ទាប់មក គ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។ ទំនាយទី១១៖ ប្រជាជាតិនានាបំផ្លាញអង្គការសាសនាមិនពិត។ ទំនាយទី១២៖ រដ្ឋាភិបាលពិភពលោកវាយប្រហាររាស្ត្ររបស់ព្រះ។ ពួកអ្នករើសតាំងដែលនៅសល់នៅផែនដីនឹងត្រូវប្រមូលទៅស្ថានសួគ៌។ ទំនាយទី១៣៖ សង្គ្រាមហាម៉ាគេដូន។ អ្នកដែលជិះសេះសម្បុរសបង្ហើយជ័យជម្នះរបស់លោក។ សត្វសាហាវដែលមានក្បាល៧បានត្រូវបំផ្លាញ។ រូបសំណាក់ធំសម្បើមបានត្រូវថ្មបុកកម្ទេចប្រអប់ជើងដែលធ្វើពីដែកលាយដីឥដ្ឋ។ ក្នុងតារាងនោះក៏មាន៖ ទំនាយទី១ បន្តមានសត្វសាហាវដែលមានក្បាល៧រហូតដល់សង្គ្រាមហាម៉ាគេដូន។ ទំនាយទី៥ បន្តមានប្រអប់ជើងដែលធ្វើពីដែកលាយដីឥដ្ឋរហូតដល់សង្គ្រាមហាម៉ាគេដូន។ ទំនាយទី៦ នៅសព្វថ្ងៃនេះ មានអ្នកផ្សព្វផ្សាយជាង៨.៥៨០.០០០នាក់។ ព្រឹត្តិការណ៍ដែលមានឥទ្ធិពលលើរាស្ត្រព្រះយេហូវ៉ា៖ នៅឆ្នាំ២០១៧ ពួកអាជ្ញាធររុស្ស៊ីចាប់សាក្សីដាក់គុក ហើយរឹបអូសអគារផ្សេងៗរបស់ការិយាល័យសាខា។
        ទំនាយទី១០និង១១។

        បទ​គម្ពីរ ១ថែ. ៥:៣; បប. ១៧:១៦

        ទំនាយ ប្រជា​ជា​ជាតិ​នា​នា​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​ រួច​មក​«​ស្នែង​ទាំង​ដប់​»​និង​«​សត្វ​សាហាវ​»​វាយ​ប្រហារ​«​ស្ត្រី​ពេស្យា​»​និង​បំផ្លាញ​នាង។ បន្ទាប់​មក ប្រជា​ជាតិ​នា​នា​នឹង​ត្រូវ​បំផ្លាញ។

        ការ​សម្រេច ប្រជា​ជាតិ​នា​នា​នឹង​អះអាង​ថា​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សន្តិភាព​និង​សន្តិសុខ។ បន្ទាប់​មក ប្រជា​ជាតិ​នា​នា​ដែល​ជា​សមាជិក​អង្គ​ការ​សហប្រជាជាតិ​នឹង​បំផ្លាញ​អង្គ​ការ​សាសនា​មិន​ពិត។ នេះ​ជា​ទី​ចាប់​ផ្ដើម​នៃ​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង។ គ្រា​នោះ​នឹង​ចប់​ពេល​ដែល​របៀប​របប​ពិភព​លោក​នេះ​បាន​ត្រូវ​បំផ្លាញ​នៅ​សង្គ្រាម​ហាម៉ាគេដូន។

      • ទំនាយទី១២។

        បទ​គម្ពីរ អេស. ៣៨:១១, ១៤​-​១៧; ម៉ាថ. ២៤:៣១

        ទំនាយ កូក​វាយលុក​ស្រុក​របស់​រាស្ត្រ​ព្រះ។ បន្ទាប់​មក បណ្ដា​ទេវតា​ប្រមូល​«​អ្នក​រើស​តាំង​»។

        ការ​សម្រេច ស្ដេច​ខាង​ជើង​និង​រដ្ឋាភិបាល​ឯ​ទៀត​នឹង​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ។ ក្រោយ​ពី​ការ​វាយ​ប្រហារ​នេះ​ចាប់​ផ្ដើម ពួក​អ្នក​រើស​តាំង​ដែល​នៅ​សល់​នៅផែន​ដី​នឹង​ត្រូវ​ប្រមូល​ទៅ​ស្ថាន​សួគ៌។

      • ទំនាយទី១៣។

        បទ​គម្ពីរ អេស. ៣៨:១៨​-​២៣; ដាន. ២:៣៤, ៣៥, ៤៤, ៤៥; បប. ៦:២; ១៦:១៤, ១៦; ១៧:១៤; ១៩:២០

        ទំនាយ ‹អ្នក​ដែល​ជិះ​សេះ​សម្បុរ​ស›​បង្ហើយ​«​ជ័យ​ជម្នះ​របស់​លោក​»​ដោយ​បំផ្លាញ​កូក​និង​កង​ទ័ព​របស់​វា។ ​«​សត្វ​សាហាវ​»​នឹង​ត្រូវ​«​បោះ​ទៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​»​ ហើយ​ដុំ​ថ្ម​មួយ​បាន​បុក​កម្ទេច​រូប​សំណាក​ដ៏​ធំ​សម្បើម​នោះ។

        ការ​សម្រេច លោក​យេស៊ូ​ដែល​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ នឹង​មក​សង្គ្រោះ​រាស្ត្រ​របស់​ព្រះ។ លោក​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់ ព្រម​ទាំង​បណ្ដា​ទេវតា​នឹង​បំផ្លាញ​ប្រជា​ជាតិ​ទាំង​អស់​ដែល​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ។ ពេល​នោះ នឹង​លែង​មាន​ពិភព​លោក​របស់​សាថាន​ទៀត។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក