បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
    • ព្រះ​យេហូវ៉ា​គឺជា​«​ព្រះ​ដែល​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង​»​

      ​«​ពិត​ប្រាកដជា​ព្រះ​នៃ​អ្នក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ទ្រង់​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ស្តេច គឺជា​ព្រះ​ដែល​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង​»។—ដាន. ២:៤៧

      តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

      តើ​ព័ត៌មាន​ល្អិត​ល្អន់​អ្វី​ស្តី​អំពី​អនាគត​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​យើង​ដឹង?

      តើ​ក្បាល​៦​ដំបូង​របស់​សត្វ​សាហាវ​ជា​តំណាង​ប្រទេស​ណា?

      តើ​រូបសំណាក​ដែល​ស្តេច​នេប៊ូក្នេសា​បាន​យល់សប្ដិ​ឃើញ​និង​សត្វ​សាហាវ​ទាក់​ទង​គ្នា​យ៉ាង​ណា?

      ១, ២​. តើ​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​យើង​ដឹង​អំពី​អ្វី ហើយ​ហេតុ​អ្វី​លោក​ធ្វើ​ដូច្នេះ?

      ពេល​រាជាណាចក្រ​ព្រះ​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស តើ​រដ្ឋាភិបាល​ណា​ជា​មហាអំណាច? យើង​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង​»​បាន​បើក​បង្ហាញ​ដល់​យើង។ លោក​ជួយ​យើង​ឲ្យ​ដឹង​អំពី​អត្តសញ្ញាណ​នៃ​រដ្ឋាភិបាល​ទាំង​នោះ តាម​រយៈ​សំណេរ​របស់​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​និង​សាវ័ក​យ៉ូហាន។

      ២ ព្រះ​យេហូវ៉ា​បាន​ឲ្យ​បុរស​ទាំង​នោះ​នូវ​ការ​ឃើញ​ក្នុង​គំនិត​ជា​បន្ត​បន្ទាប់​ដែល​ទាក់​ទង​នឹង​សត្វ​សាហាវ​នានា​ដែល​គ្រប់​គ្រង​ត​ៗ​គ្នា។ លោក​ថែម​ទាំង​ប្រាប់​ដានីយ៉ែល​អំពី​អត្ថន័យ​នៃ​ការ​យល់សប្ដិ​ដែល​ព្រះ​បាន​បើក​ឲ្យ​ឃើញ​អំពី​រូប​ធំ​សម្បើម​ដែល​ធ្វើ​ពី​លោហធាតុ​ផ្សេង​ៗ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដានីយ៉ែល​និង​យ៉ូហាន​សរសេរ ហើយ​រក្សា​ទុក​កំណត់​ហេតុ​ទាំង​នោះ​ក្នុង​គម្ពីរ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ (​រ៉ូម ១៥:​៤​) លោក​ធ្វើ​ដូច្នេះ​ដើម្បី​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង​ដែល​ថា មិន​យូរ​ទៀត​រាជាណាចក្រ​របស់​លោក​នឹង​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស។—ដាន. ២:៤៤

      ៣​. ដើម្បី​យល់​ទំនាយ​យ៉ាង​ត្រឹម​ត្រូវ តើ​មុន​ដំបូង​យើង​ត្រូវ​យល់​អំពី​អ្វី ហើយ​ហេតុ​អ្វី?

      ៣ ពេល​យក​កំណត់​ហេតុ​របស់​ដានីយ៉ែល​និង​យ៉ូហាន​មក​ប្រៀប​ធៀប​ជា​មួយ​គ្នា កំណត់​ហេតុ​ទាំង​នោះ​មិន​គ្រាន់តែ​ប្រាប់​អំពី​អត្តសញ្ញាណ​នៃ​ស្តេច​ទាំង​៨​ឬ​ការ​គ្រប់​គ្រង​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​អំពី​លំដាប់​ពេល​ដែល​មហាអំណាច​ទាំង​នោះ​នឹង​លេច​មក។ ក៏​ប៉ុន្តែ​យើង​អាច​យល់​យ៉ាង​ត្រឹម​ត្រូវ​នូវ​ទំនាយ​ទាំង​នោះ​បាន លុះ​ត្រា​តែ​យើង​យល់​អត្ថន័យ​នៃ​ទំនាយ​ទី​១​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ។ ហេតុ​អ្វី? ពីព្រោះ​គម្ពីរ​ទាំង​មូល​និង​ទំនាយ​ទាំង​អស់​ក្នុង​គម្ពីរ​ជាប់​ទាក់​ទង​នឹង​ទំនាយ​នេះ។

      ពូជ​របស់​ពស់​និង​សត្វ​សាហាវ

      ៤​. តើ​អ្នក​ណាខ្លះ​ជា​ពូជ​របស់​ស្ត្រី ហើយ​តើ​ពូជ​នោះ​នឹង​ធ្វើ​អ្វី?

      ៤ មិន​យូរ​ក្រោយ​ពី​ការ​បះបោរ​នៅ​សួន​អេដែន ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​«​ស្ត្រី​»​ម្នាក់​នឹង​បង្កើត​«​ពូជ​»​មួយ។a (​សូម​អាន លោកុប្បត្តិ ៣:១៥​) នៅ​ទី​បំផុត ពូជ​នោះ​នឹង​កិន​ក្បាល​សត្វ​ពស់ ពោល​គឺ​សាថាន។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ថា ពូជ​នោះ​នឹង​មក​តាម​រយៈ​អាប្រាហាំ នឹង​ជា​ជន​ជាតិ​អ៊ីស្រាអែល មក​ពី​តំបន់​យូឌា ហើយ​ជា​ពូជ​ពង្ស​របស់​ស្តេច​ដាវីឌ។ (​លោ. ២២:១៥​-​១៨; ៤៩:១០; ទំនុក. ៨៩:៣, ៤; លូក. ១:៣០​-​៣៣​) ផ្នែក​សំខាន់​បំផុត​នៃ​ពូជ​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត។ (​កាឡ. ៣:១៦​) ផ្នែក​មួយ​ទៀត​នៃ​ពូជ​នោះ​គឺ​សមាជិក​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​របស់​ព្រះ។ (​កាឡ. ៣:២៦​-​២៩​) លោក​យេស៊ូ​និង​អ្នក​ទាំង​នេះ​ដែល​ព្រះ​បាន​រើស​តាំង​រួម​គ្នា​ជា​រាជាណាចក្រ​របស់​ព្រះ ហើយ​ព្រះ​នឹង​ប្រើ​រាជាណាចក្រ​នេះ​ដើម្បី​បំផ្លាញ​សាថាន។—លូក. ១២:​៣២; រ៉ូម ១៦:២០

      ៥, ៦​. ​(​ក​) តើ​ដានីយ៉ែល​និង​យ៉ូហាន​បាន​ប្រាប់​ឲ្យ​ស្គាល់​មហាអំណាច​ប៉ុន្មាន? (​ខ​) តើ​ក្បាល​របស់​សត្វ​សាហាវ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ជា​តំណាង​អ្វី?

      ៥ ទំនាយ​ទី​១​នេះ​ដែល​ព្រះ​បាន​ទាយ​នៅ​សួន​អេដែន​ក៏​បាន​ចែង​ថា​សាថាន​នឹង​បង្កើត​«​ពូជ​»​មួយ​ដែរ។ ពូជ​របស់​សាថាន​នឹង​ស្អប់​ឬ​ប្រឆាំង​នឹង​ពូជ​របស់​ស្ត្រី។ តើ​អ្នក​ណា​ជា​ពូជ​របស់​ពស់? គឺ​អស់​អ្នក​ដែល​ស្អប់​ព្រះ​ហើយ​ប្រឆាំង​នឹង​រាស្ត្រ​របស់​លោក​ដូច​សាថាន។ តាំង​ពី​សម័យ​បុរាណ​មក សាថាន​បាន​រៀបចំ​ពូជ​របស់​វា​ឲ្យ​ទៅ​ជា​រដ្ឋាភិបាល​ឬ​រាជាណាចក្រ​ជា​ច្រើន។ (​លូក. ៤:៥, ៦​) រដ្ឋាភិបាល​ខ្លះ​ក្នុង​ចំណោម​រដ្ឋាភិបាល​ទាំង​នេះ​បាន​ប្រឆាំង​យ៉ាង​ចំ​ៗ​នឹង​រាស្ត្រ​របស់​ព្រះ ពោល​គឺ​ប្រឆាំង​ប្រជាជាតិ​អ៊ីស្រាអែល​ឬ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ ហេតុ​អ្វី​ចំណុច​នេះ​សំខាន់​ម្ល៉េះ? ពីព្រោះ​ចំណុច​នេះ​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​បើក​បង្ហាញ​ដែល​ដានីយ៉ែល​និង​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត រៀប​រាប់​តែ​រដ្ឋាភិបាល​៨​ដែល​មាន​អំណាច​ខ្លាំងក្លា។

      ៦ នៅ​ចុង​សតវត្សរ៍​ទី​១ គ.ស. លោក​យេស៊ូ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​បើក​បង្ហាញ​ឲ្យ​សាវ័ក​យ៉ូហាន​ឃើញ​អ្វី​ដ៏​អស្ចារ្យ​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់។ (​បប. ១:១​) នៅ​ពេល​មួយ យ៉ូហាន​បាន​ឃើញ​មេកំណាច​ដែល​តំណាង​ដោយ​នាគ​មួយ​កំពុង​ឈរ​នៅ​ឆ្នេរ​សមុទ្រ​ដ៏​ធំ​មួយ។ (​សូម​អាន ការ​បើក​បង្ហាញ ១៣:១, ២​) យ៉ូហាន​ក៏​បាន​ឃើញ​សត្វ​ចម្លែក​មួយ​ឡើង​ចេញ​ពី​សមុទ្រ​នោះ ហើយ​បាន​ទទួល​អំណាច​យ៉ាង​ធំ​ពី​មេកំណាច។ ក្រោយ​មក ទេវតា​មួយ​រូប​បាន​ប្រាប់​យ៉ូហាន​ថា​ក្បាល​ទាំង​៧​របស់​សត្វ​សាហាវ​ពណ៌​ក្រហម​ឆ្អៅ​មួយ ដែល​ជា​រូប​នៃ​សត្វ​សាហាវ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ ១៣:​១ ជា​តំណាង​«​ស្តេច​ប្រាំពីរ​»​ឬ​រដ្ឋាភិបាល។ (​បប. ១៣:១, ១៤, ១៥; ១៧:៣, ៩, ១០​) ពេល​ដែល​យ៉ូហាន​សរសេរ​ទំនាយ​នេះ ស្តេច​ប្រាំ​បាន​រលំ​ហើយ ស្តេច​មួយ​កំពុង​កាន់​អំណាច ហើយ​ស្តេច​មួយ​ទៀត​«​មិន​ទាន់​មក​ដល់​»​នៅ​ឡើយ។ តើ​រាជាណាចក្រ​ឬ​មហាអំណាច​ទាំង​នេះ​ជា​អ្នក​ណា? សូម​យើង​ពិចារណា​អំពី​ក្បាល​នីមួយ​ៗ​របស់​សត្វ​សាហាវ​ដែល​បាន​រៀប​រាប់​នៅ​សៀវភៅ​ការ​បើក​បង្ហាញ។ យើង​ក៏​នឹង​រៀន​ថែម​ទៀត​អំពី​រដ្ឋាភិបាល​ទាំង​នេះ​ក្នុង​សៀវភៅ​ដានីយ៉ែល។ តាំង​ពី​ច្រើន​រយ​ឆ្នាំ​មុន​មាន​រដ្ឋាភិបាល​ទាំង​នេះ ទំនាយ​ដានីយ៉ែល​បាន​ផ្ដល់​ព័ត៌មាន​ល្អិត​ល្អន់​អំពី​រដ្ឋាភិបាល​ខ្លះ​ទាំង​នេះ។

      ក្បាល​ពីរ​ដំបូង​គឺ​អេស៊ីប​និង​អាសស៊ើរ

      ៧​. តើ​ក្បាល​ទី​១​របស់​សត្វ​សាហាវ​ជា​តំណាង​អ្វី ហើយ​ហេតុ​អ្វី?

      ៧ ក្បាល​ទី​១​របស់​សត្វ​សាហាវ​ជា​តំណាង​អេស៊ីប ពីព្រោះ​អេស៊ីប​គឺជា​មហាអំណាច​ទី​១​ដែល​ស្អប់ ហើយ​ប្រឆាំង​រាស្ត្រ​របស់​ព្រះ។ ព្រះ​បាន​សន្យា​នឹង​អាប្រាហាំ​ថា​ពូជ​របស់​ស្ត្រី​នឹង​កើត​ពី​ក្រុម​គ្រួសារ​របស់​គាត់។ ជន​ជាតិ​អ៊ីស្រាអែល​គឺជា​ពូជ​ពង្ស​របស់​អាប្រាហាំ។ ក្រោយ​មក​ពួក​គេ​ទៅ​រស់​នៅ​ស្រុក​អេស៊ីប ហើយ​បង្កើត​បាន​កូន​ចៅ​ជា​ច្រើន។ ក្រោយ​មក​ជន​ជាតិ​អេស៊ីប​បាន​ជិះ​ជាន់​ជន​ជាតិ​អ៊ីស្រាអែល។ សាថាន​បាន​ប៉ុនប៉ង​បំផ្លាញ​រាស្ត្រ​របស់​ព្រះ​ចោល​មុន​ពូជ​នោះ​កើត​មក។ តើ​តាម​របៀប​ណា? គឺ​ដោយ​ជំរុញ​ឲ្យ​ផារ៉ូ​សម្លាប់​កូន​ក្មេង​ប្រុស​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​បាន​ទប់​ស្កាត់​ការ​ប៉ុនប៉ង​នោះ ហើយ​បាន​រំដោះ​រាស្ត្រ​របស់​លោក​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប។ (​និក្ខ. ១:១៥​-​២០; ១៤:១៣​) ក្រោយ​មក​លោក​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នូវ​ទឹក​ដី​ដែល​លោក​បាន​សន្យា។

      ៨​. តើ​ក្បាល​ទី​២​ជា​អ្នក​ណា ហើយ​តើ​វា​បាន​ប៉ុនប៉ង​ធ្វើ​អ្វី?

      ៨ ក្បាល​ទី​២​របស់​សត្វ​សាហាវ​ជា​តំណាង​អាសស៊ើរ។ រាជាណាចក្រ​ដ៏​ខ្លាំងក្លា​នេះ​ក៏​បាន​ប៉ុនប៉ង​បំផ្លាញ​រាស្ត្រ​របស់​ព្រះ​ដែរ។ ពិត​មែន​តែ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ជន​ជាតិ​អាសស៊ើរ​ដើម្បី​ដាក់​ទោស​រាជាណាចក្រ​ដែល​មាន​កុលសម្ព័ន្ធ​១០ ដោយ​សារ​ពួក​គេ​គោរព​បូជា​រូប​ព្រះ ហើយ​បាន​បះបោរ​ប្រឆាំង​នឹង​លោក ប៉ុន្តែ​ក្រោយ​មក​ជន​ជាតិ​អាសស៊ើរ​បាន​វាយ​ប្រហារ​ក្រុង​យេរូសាឡិម។ សាថាន​ប្រហែលជា​មាន​គោល​បំណង​បំផ្លាញ​ចោល​ពូជ​ពង្ស​ដែល​លោក​យេស៊ូ​នឹង​កើត​ចេញ​មក។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ចោល​ទេ ហេតុ​នេះ​លោក​បាន​បំផ្លាញ​កង​ទ័ព​អាសស៊ើរ ហើយ​បាន​សង្គ្រោះ​រាស្ត្រ​របស់​លោក។—២ព. ១៩:៣២​-​៣៥; អេ. ១០:៥, ៦, ១២​-​១៥

      ក្បាល​ទី​៣​គឺ​បាប៊ីឡូន

      ៩, ១០​. ​(​ក​) តើ​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ពួក​បាប៊ីឡូន​ធ្វើ​អ្វី? (​ខ​) ដើម្បី​ឲ្យ​ទំនាយ​នេះ​បាន​សម្រេច តើ​អ្វី​នឹង​កើត​ឡើង?

      ៩ ក្បាល​ទី​៣​នៃ​សត្វ​សាហាវ​ដែល​យ៉ូហាន​បាន​ឃើញ​ជា​តំណាង​រាជាណាចក្រ​ដែល​មាន​ក្រុង​បាប៊ីឡូន​ជា​រាជធានី។ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ពួក​បាប៊ីឡូន​ផ្ដួល​រំលំ​ក្រុង​យេរូសាឡិម ហើយ​ចាប់​បណ្ដា​ជន​នៅ​ក្រុង​នោះ​ជា​ឈ្លើយ។ ក៏​ប៉ុន្តែ​មុន​រឿង​នេះ​កើត​ឡើង ព្រះ​យេហូវ៉ា​បាន​ប្រាប់​រាស្ត្រ​ដ៏​រឹង​ទទឹង​របស់​លោក​អំពី​អ្វី​ដែល​រាជាណាចក្រ​បាប៊ីឡូន​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ។ (​២ព. ២០:១៦​-​១៨​) លោក​ក៏​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ស្តេច​របស់​ពួក​គេ​អង្គុយ​លើ​«​បល្ល័ង្ក​»​របស់​លោក​នៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ។ (​២ព. ២០:១៦​-​១៨​) ប៉ុន្តែ ព្រះ​យេហូវ៉ា​ក៏​បាន​សន្យា​ដែរ​ថា​ពូជ​ពង្ស​មួយ​របស់​ស្តេច​ដាវីឌ​ជា​អ្នក​ដែល​មាន​«​ច្បាប់​ទទួល​»​នឹង​កើត​មក ហើយ​យក​អំណាច​នោះ​មក​វិញ។—អេស. ២១:​២៥​-​២៧

      ១០ ទំនាយ​មួយ​ទៀត​បាន​បង្ហាញ​ថា​ជន​ជាតិ​យូដា​កំពុង​គោរព​ប្រណិប័តន៍​នៅ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម ពេល​ដែល​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​នឹង​លេច​មក។ (​ដាន. ៩:២៤​-​២៧​) មុន​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ចាប់​ជា​ឈ្លើយ​ទៅ​ក្នុង​បាប៊ីឡូន ទំនាយ​មួយ​ទៀត​បាន​ចែង​ថា​មេស្ស៊ី​នឹង​កើត​នៅ​ក្រុង​បេថ្លេហិម។ (​មីកា ៥:១​) ដើម្បី​ឲ្យ​ទំនាយ​ទាំង​នោះ​បាន​សម្រេច ជន​ជាតិ​យូដា​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​របស់​ពួក​គេ ហើយ​សង់​វិហារ​របស់​ព្រះ​ឡើង​វិញ។ ប៉ុន្តែ ធម្មតា​ពួក​បាប៊ីឡូន​មិន​ដោះ​លែង​ឈ្លើយ​សឹក​របស់​ពួក​គេ​ទេ។ ដូច្នេះ​តើ​រាស្ត្រ​របស់​ព្រះ​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​បាន​ប្រាប់​ចម្លើយ​នេះ​ដល់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក។—អេម. ៣:៧

      ១១​. នៅ​ក្នុង​ទំនាយ​របស់​ដានីយ៉ែល​និង​យ៉ូហាន តើ​ចក្រភព​បាប៊ីឡូន​បាន​ត្រូវ​តំណាង​ដោយ​អ្វី? (​សូម​មើល​កំណត់​សម្គាល់​)

      ១១ ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​នៅ​ក្នុង​ចំណោម​ពួក​ឈ្លើយ​សឹក​ដែល​គេ​ចាប់​ទៅ​បាប៊ីឡូន។ (​ដាន. ១:១​-​៦​) ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​ឲ្យ​បើក​សម្ដែង​អំពី​ការ​គ្រប់​គ្រង​បន្ត​បន្ទាប់​គ្នា​នៃ​រាជាណាចក្រ​នានា​ដែល​នឹង​មក​ក្រោយ​មហាអំណាច​បាប៊ីឡូន។ ព្រះ​យេហូវ៉ា​បើក​សម្ដែង​នូវ​អាថ៌​កំបាំង​ទាំង​នេះ ដោយ​ប្រើ​និមិត្តរូប​ផ្សេង​ៗ​មួយ​ចំនួន។ ជា​ឧទាហរណ៍ លោក​បាន​ធ្វើ​ឲ្យ​ស្តេច​បាប៊ីឡូន​ឈ្មោះ​នេប៊ូក្នេសា​យល់សប្ដិ​ឃើញ​រូបសំណាក​ដ៏​ធំ​មួយ​ដែល​ធ្វើ​ពី​លោហធាតុ​ផ្សេង​ៗ។ (​សូម​អាន ដានីយ៉ែល ២:១, ១៩, ៣១​-​៣៨​) តាម​រយៈ​ដានីយ៉ែល ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ថា​ក្បាល​មាស​នៃ​រូបសំណាក​នោះ​ជា​តំណាង​ចក្រភព​បាប៊ីឡូន។b មហាអំណាច​បន្ទាប់​ពី​បាប៊ីឡូន បាន​ត្រូវ​តំណាង​ដោយ​ដើម​ទ្រូង​និង​ដៃ​ដែល​ធ្វើ​ពី​ប្រាក់។ តើ​មហាអំណាច​នោះ​ជា​ប្រទេស​ណា ហើយ​តើ​ពួក​គេ​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​រាស្ត្រ​របស់​ព្រះ?

      ក្បាល​ទី​៤​គឺ​មេឌី​និង​ពើ​ស៊ី

      ១២, ១៣​. ​(​ក​) តើ​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​អ្វី​អំពី​មហាអំណាច​ដែល​ច្បាំង​ឈ្នះ​បាប៊ីឡូន? (​ខ​) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ចក្រភព​មេឌី​និង​ពើ​ស៊ី​គឺជា​ក្បាល​ទី​៤​នៃ​សត្វ​សាហាវ?

      ១២ ជាង​មួយ​សតវត្សរ៍​មុន​សម័យ​ដានីយ៉ែល តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​អេសាយ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​យ៉ាង​ល្អិត​ល្អន់​អំពី​មហាអំណាច​ដែល​នឹង​ច្បាំង​ឈ្នះ​បាប៊ីឡូន។ ព្រះ​យេហូវ៉ា​មិន​គ្រាន់តែ​បើក​បង្ហាញ​អំពី​របៀប​ដែល​មហាអំណាច​នោះ​វាយ​យក​បាន​ក្រុង​បាប៊ីឡូន​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រាប់​អំពី​ឈ្មោះ​របស់​អ្នក​ដឹក​នាំ​នៃ​មហា​អំណាច​នោះ​ដែរ។ អ្នក​ដឹក​នាំ​នោះ​ឈ្មោះ​ស៊ី​រូស​ជា​ជន​ជាតិ​ពើ​ស៊ី។ (​អេ. ៤៤:២៨–៤៥:២​) ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ដានីយ៉ែល​ឃើញ​ក្នុង​គំនិត​នូវ​អ្វី​ពីរ​ផ្សេង​ទៀត​ស្តី​អំពី​មហាអំណាច​មេឌី​និង​ពើ​ស៊ី។ នៅ​ពេល​មួយ​គាត់​ឃើញ​រាជាណាចក្រ​នោះ​បាន​ត្រូវ​តំណាង​ដោយ​សត្វ​ខ្លា​ឃ្មុំ​ដែល​កំពុង​ឈរ ហើយ​នឹង​ត្របាក់​«​ស៊ី​សាច់ . . . ច្រើន​»។ (​ដាន. ៧:៥​) នៅ​ពេល​មួយ​ទៀត​ដានីយ៉ែល​បាន​ឃើញ​មហាអំណាច​មួយ​ដែល​មាន​ជាតិ​សាសន៍​ពីរ​ដែល​បាន​ត្រូវ​តំណាង​ដោយ​សត្វ​ចៀម​ឈ្មោល​មាន​ស្នែង​ពីរ។—ដាន. ៨:៣, ២០

      ១៣ ព្រះ​យេហូវ៉ា​បាន​ប្រើ​ចក្រភព​មេឌី​និង​ពើ​ស៊ី​ឲ្យ​វាយ​ដណ្ដើម​យក​បាប៊ីឡូន ហើយ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ដូច​លោក​បាន​ទាយ​ទុក។ (​២រប. ៣៦:​២២, ២៣​) ក៏​ប៉ុន្តែ ក្រោយ​មក​មហាអំណាច​នេះ​ហៀបនឹង​បំផ្លាញ​រាស្ត្រ​របស់​ព្រះ។ សៀវភៅ​អេសធើរ​កត់​ទុក​នូវ​គម្រោង​ការណ៍​មួយ​ដែល​រៀបចំ​ដោយ​នាយក​រដ្ឋ​មន្ត្រី​នៃ​ចក្រភព​ពើ​ស៊ី​ឈ្មោះ​ហាម៉ាន។ គាត់​បាន​រៀបចំ​ផែនការ​ដើម្បី​បំផ្លាញ​ជន​ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ចក្រភព​ពើ​ស៊ី​ដ៏​ធំ​ទូលាយ ហើយ​បាន​កំណត់​ថ្ងៃ​ជាក់​លាក់​មួយ​ដើម្បី​ប្រល័យពូជសាសន៍​យូដា។ ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អន្តរាគមន៍ នោះ​រាស្ត្រ​របស់​លោក​បាន​ត្រូវ​សង្គ្រោះ​ម្ដង​ទៀត​ពី​ការ​ព្យាបាទ​ពី​ពូជ​របស់​សាថាន។ (​អេធ. ១:១​-​៣; ៣:៨, ៩; ៨:៣, ៩​-​១៤​) ហេតុ​នេះ ជា​ការ​ត្រឹម​ត្រូវ​ដែល​ចក្រភព​មេឌី​និង​ពើ​ស៊ី​បាន​ត្រូវ​តំណាង​ដោយ​ក្បាល​ទី​៤​របស់​សត្វ​សាហាវ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ។

      ក្បាល​ទី​៥​គឺ​ក្រិច

      ១៤, ១៥​. តើ​ព័ត៌មាន​ល្អិត​ល្អន់​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​អំពី​ចក្រភព​ក្រិច​សម័យ​បុរាណ?

      ១៤ ក្បាល​ទី​៥​របស់​សត្វ​សាហាវ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ជា​តំណាង​មហាអំណាច​ក្រិច។ ដូច​ដានីយ៉ែល​បាន​បើក​បង្ហាញ​នៅ​ដើម​ដំបូង ពេល​គាត់​បក​ស្រាយ​សុបិន​របស់​នេប៊ូក្នេសា មហាអំណាច​នេះ​បាន​ត្រូវ​តំណាង​ដោយ​ពោះ​និង​ភ្លៅ​ដែល​ធ្វើ​ពី​ស្ពាន់​របស់​រូបសំណាក។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដានីយ៉ែល​ឃើញ​នូវ​អ្វី​ពីរ​ទៀត​ក្នុង​គំនិត​ដែល​មាន​ព័ត៌មាន​កាន់​តែ​ល្អិត​ល្អន់​អំពី​រាជាណាចក្រ​ក្រិច​និង​អ្នក​គ្រប់​គ្រង​ដ៏​ល្បីល្បាញ​បំផុត។

      ១៥ នៅ​ពេល​មួយ​ដានីយ៉ែល​បាន​ឃើញ​ចក្រភព​ក្រិច​ដែល​តំណាង​ដោយ​ខ្លារខិន​មាន​ស្លាប​បួន​ដែល​បញ្ជាក់​ថា​ចក្រភព​នេះ​នឹង​ច្បាំង​ឈ្នះ​យ៉ាង​ឆាប់​រហ័ស។ (​ដាន. ៧:៦​) នៅ​ពេល​មួយ​ទៀត​ដានីយ៉ែល​បាន​ឃើញ​ពពែ​ឈ្មោល​មួយ​ដែល​មាន​ស្នែង​ធំ​មួយ ហើយ​ពពែ​នោះ​បាន​សម្លាប់​ចៀម​ឈ្មោល​ស្នែង​ពីរ​ដែល​ជា​តំណាង​ចក្រភព​មេឌី​និង​ពើ​ស៊ី។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ដានីយ៉ែល​ថា​ពពែ​ឈ្មោល​ជា​តំណាង​ចក្រភព​ក្រិច ហើយ​ស្នែង​ធំ​នោះ​ជា​តំណាង​ស្តេច​មួយ​របស់​ចក្រភព​នោះ។ ដានីយ៉ែល​បាន​កត់​ទុក​ថែម​ទៀត​ថា​ស្នែង​ធំ​នោះ​នឹង​បាក់​ហើយ​ស្នែង​បួន​ដែល​តូច​ជាង​នឹង​ដុះ​ឡើង​ជំនួស​វិញ។ ទោះ​ជា​ទំនាយ​នេះ​បាន​ត្រូវ​សរសេរ​រាប់​រយ​ឆ្នាំ​មុន​ក្រិច​ក្លាយ​ជា​មហាអំណាច​ក៏​ដោយ ទំនាយ​នេះ​បាន​សម្រេច​យ៉ាង​ល្អិត​ល្អន់។ អាឡិចសង់​ដ៏​ខ្លាំងក្លា​ជា​ស្តេច​ដែល​ល្បីល្បាញ​ជាង​គេ​បំផុត​នៅ​ប្រទេស​ក្រិច​សម័យ​បុរាណ បាន​ច្បាំង​នឹង​ចក្រភព​មេឌី​និង​ពើ​ស៊ី។ ក៏​ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ស្នែង​នេះ​បាន​បាក់ ស្តេច​ដ៏​ខ្លាំងក្លា​នេះ​បាន​ស្លាប់​នៅ​ពេល​ដែល​គាត់​មាន​អំណាច​ខ្លាំង​បំផុត​និង​នៅ​ពេល​ដែល​គាត់​មាន​អាយុ​តែ​៣២​ឆ្នាំ​ប៉ុណ្ណោះ។ ក្រោយ​មក មេទ័ព​បួន​នាក់​របស់​គាត់​បាន​បែងចែក​រាជាណាចក្រ​របស់​គាត់។—សូម​អាន ដានីយ៉ែល ៨:២០​-​២២

      ១៦​. តើ​ស្តេច​អាន់ទីយ៉ូកឹស​ទី​៤​បាន​ធ្វើ​អ្វី?

      ១៦ បន្ទាប់​ពី​ច្បាំង​ឈ្នះ​ចក្រភព​ពើ​ស៊ី មហាអំណាច​ក្រិច​បាន​គ្រប់​គ្រង​លើ​ទឹក​ដី​នៃ​រាស្ត្រ​របស់​ព្រះ។ កាល​នោះ​ជន​ជាតិ​យូដា​បាន​តាំង​លំនៅ​ទឹក​ដី​ដែល​ព្រះ​បាន​សន្យា ហើយ​បាន​សង់​វិហារ​នៅ​ក្រុង​យេរូសាឡិម​ឡើង​វិញ។ ជន​ជាតិ​អ៊ីស្រាអែល​នៅ​តែ​ជា​រាស្ត្រ​ដែល​ព្រះ​បាន​ជ្រើស​រើស ហើយ​វិហារ​ដែល​បាន​សង់​ឡើង​វិញ​នៅ​តែ​ជា​មជ្ឈមណ្ឌល​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។ ក៏​ប៉ុន្តែ នៅ​សតវត្សរ៍​ទី​២ មុន​គ.ស. មហាអំណាច​ក្រិច​ដែល​ជា​ក្បាល​ទី​៥​នៃ​សត្វ​សាហាវ​បាន​វាយ​ប្រហារ​លើ​រាស្ត្រ​របស់​ព្រះ។ ស្តេច​អាន់ទីយ៉ូកឹស​ទី​៤​ដែល​បាន​ទទួល​ចំណែក​មួយ​ពី​ការ​បែងចែក​ទឹក​ដី​ចក្រភព​ក្រិច​របស់​អាឡិចសង់ បាន​សង់​ទី​បូជា​របស់​ព្រះ​មិន​ពិត​នៅ​វិហារ​ក្រុង​យេរូសាឡិម ហើយ​បាន​ប្រកាស​ថា​ពួក​អ្នក​ដែល​កាន់​សាសនាយូដា​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ នេះ​ជា​ការ​បង្ហាញ​នូវ​ការ​ស្អប់​និង​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សំណាក់​ពូជ​របស់​សាថាន! ប៉ុន្តែ​មិន​យូរ​ក្រោយ​មក មហាអំណាច​មួយ​ទៀត​បាន​ជំនួស​មហាអំណាច​ក្រិច។ តើ​ប្រទេស​ណា​ជា​ក្បាល​ទី​៦​នៃ​សត្វ​សាហាវ?

      ក្បាល​ទី​៦​គឺ​រ៉ូម​ដែល​«​គួរ​ស្បើម​គួរ​ស្ញែង​ខ្លាច​»​

      ១៧​. តើ​ក្បាល​ទី​៦​មាន​តួនាទី​ដ៏​សំខាន់​អ្វី​ក្នុង​ការ​សម្រេច​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥?

      ១៧ ចក្រភព​រ៉ូម​ជា​មហាអំណាច​ពេល​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​អំពី​សត្វ​សាហាវ។ (​បប. ១៧:១០​) ក្បាល​ទី​៦​នេះ​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥។ សាថាន​បាន​ប្រើ​អាជ្ញាធរ​រ៉ូម​ឲ្យ​វាយ​ប្រហារ​ពូជ​របស់​ស្ត្រី​ដោយ​ចឹក​«​កែង​ជើង​»។ ដោយ​ធ្វើ​ដូច្នេះ ពូជ​នោះ​មិន​អាច​មាន​សកម្មភាព​មួយ​រយៈ​ពេល។ តើ​តាម​របៀប​ណា? ពួក​គេ​បាន​កាត់​ទោស​លោក​យេស៊ូ​ដោយ​ចោទ​ប្រកាន់​មិន​ពិត​អំពី​បទ​បំបះបំបោរ ហើយ​បាន​ប្រហារ​ជីវិត​លោក។ (​ម៉ាថ. ២៧:២៦​) ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​របួស​នោះ​បាន​ជា​សះ​ស្បើយ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។

      ១៨​. ​(​ក​) តើ​ប្រជាជាតិ​ថ្មី​មួយ​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស ហើយ​ហេតុ​អ្វី? (​ខ​) តើ​ពូជ​របស់​ពស់​បន្ត​ស្អប់​និង​ប្រឆាំង​ពូជ​របស់​ស្ត្រី​យ៉ាង​ដូច​ម្ដេច?

      ១៨ អ្នក​ដឹក​នាំ​សាសនា​នៃ​ប្រទេស​អ៊ីស្រាអែល​បាន​ឃុបឃិត​ជា​មួយ​អាជ្ញាធរ​រ៉ូម​ប្រឆាំង​នឹង​លោក​យេស៊ូ ហើយ​បណ្ដា​ជន​ភាគ​ច្រើន​ក៏​បាន​បដិសេធ​លោក​ដែរ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ប្រជាជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​ទៀត។ (​ម៉ាថ. ២៣:​៣៨; សកម្ម. ២:២២, ២៣​) ក្រោយ​មក​លោក​បាន​ជ្រើស​រើស​ប្រជាជាតិ​ថ្មី​មួយ​គឺ​«​អ៊ីស្រាអែល​នៃ​ព្រះ​»។ (​កាឡ. ៣:​២៦​-​២៩; ៦:​១៦​) ប្រជាជាតិ​នេះ​គឺជា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដែល​មាន​ទាំង​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​ផង​ដែរ។ (​អេភ. ២:១១​-​១៨​) ក្រោយ​មរណភាព​និង​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ពូជ​របស់​ពស់​បាន​បន្ត​ស្អប់​និង​ប្រឆាំង​ពូជ​របស់​ស្ត្រី។ ជា​ច្រើន​ដង អាជ្ញាធរ​រ៉ូម​បាន​ព្យាយាម​បំផ្លាញ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ជា​ផ្នែក​នៃ​ពូជ​របស់​ស្ត្រី។c

      ១៩​. ​(​ក​) តើ​ដានីយ៉ែល​រៀប​រាប់​យ៉ាង​ណា​អំពី​មហាអំណាច​ទី​៦? (​ខ​) តើ​អត្ថបទ​មួយ​ទៀត​នឹង​ពិចារណា​អំពី​អ្វី?

      ១៩ ក្នុង​សុបិន​ដែល​ដានីយ៉ែល​បាន​បក​ស្រាយ​ជូន​ស្តេច​នេប៊ូក្នេសា ចក្រភព​រ៉ូម​បាន​ត្រូវ​តំណាង​ដោយ​ជើង​ធ្វើ​ពី​ដែក។ (​ដាន. ២:៣៣​) នៅ​ពេល​មួយ ដានីយ៉ែល​ក៏​បាន​ឃើញ​មិន​គ្រាន់តែ​ចក្រភព​រ៉ូម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មហាអំណាច​ដែល​នឹង​កើត​ចេញ​ពី​ចក្រភព​រ៉ូម​ផង​ដែរ។ (​សូម​អាន ដានីយ៉ែល ៧:៧, ៨​) អស់​ជា​ច្រើន​រយ​ឆ្នាំ ចក្រភព​រ៉ូម​គឺ​ដូច​ជា​សត្វ​សាហាវ​ដែល​«​គួរ​ស្បើម គួរ​ស្ញែង​ខ្លាច​ហើយ​មាន​កម្លាំង​យ៉ាង​ក្រៃ​លែង​»។ ប៉ុន្តែ យោង​តាម​ទំនាយ​នេះ ​«​ស្នែង​១០​»​នឹង​កើត​ចេញ​ពី​ចក្រភព​នេះ។ ក្រោយ​មក​«​ស្នែង​មួយ​ទៀត ជា​ស្នែង​តូច​»​នឹង​លេច​មក ហើយ​បាន​ទៅ​ជា​ខ្លាំងក្លា​ជាង​ស្នែង​ឯ​ទៀត។ តើ​ស្នែង​ទាំង​១០​នេះ​ជា​តំណាង​អ្វី ហើយ​តើ​ស្នែង​តូច​ជា​អ្នក​ណា? តើ​ផ្នែក​មួយ​ណា​នៃ​រូបសំណាក​ដ៏​ធំ​ក្នុង​សុបិន​របស់​ស្តេច​នេប៊ូក្នេសា​ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ស្នែង​តូច​នោះ? អត្ថបទ​នៅ​ទំព័រ​១៤​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។

      [​កំណត់​សម្គាល់​]

      a ស្ត្រី​នេះ​ជា​តំណាង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌ ហើយ​ប្រៀប​ដូច​ជា​ភរិយា​របស់​លោក។—អេ. ៥៤:១; កាឡ. ៤:២៦; បប. ១២:១, ២

      b បាប៊ីឡូន​បាន​ត្រូវ​តំណាង​ដោយ​ក្បាល​របស់​រូបសំណាក​ក្នុង​សៀវភៅ​ដានីយ៉ែល​និង​ក្បាល​ទី​៣​របស់​សត្វ​សាហាវ​ដែល​បាន​រៀប​រាប់​នៅ​សៀវភៅ​ការ​បើក​បង្ហាញ។ សូម​មើល​រូបភាព​នៅ​ទំព័រ​១២​-​១៣។

      c ទោះ​ជា​អាជ្ញាធរ​រ៉ូម​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៧០ គ.ស. ក៏​ដោយ ការ​វាយ​ប្រហារ​នោះ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ការ​សម្រេច​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥​ទេ។ នៅ​ពេល​នោះ​ប្រជាជាតិ​អ៊ីស្រាអែល​លែង​ជា​ប្រជាជាតិ​ដែល​ព្រះ​បាន​ជ្រើស​រើស​ទៀត​ហើយ។

  • ព្រះយេហូវ៉ាបើកបង្ហាញអ្វីដែល«ត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ»
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
    • ព្រះ​យេហូវ៉ា​បើក​បង្ហាញ​អ្វី​ដែល​«​ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»​

      ​«​ការ​បើក​បង្ហាញ​ដោយ​លោក​យេស៊ូ​គ្រិស្ត​ជា​អ្វី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​លោក ដើម្បី​បង្ហាញ​ពួក​ខ្ញុំ​បម្រើ​របស់​លោក ឲ្យ​ឃើញ​អ្វី​ដែល​ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»។—បប. ១:១

      តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

      តើ​ផ្នែក​មួយ​ណា​របស់​រូប​ធំ​សម្បើម​ដែល​ជា​និមិត្តរូប​នៃ​មហាអំណាច​អង់គ្លេស​អាម៉េរិក?

      តើ​យ៉ូហាន​រៀប​រាប់​យ៉ាង​ណា​អំពី​ទំនាក់​ទំនង​រវាង​មហាអំណាច​អង់គ្លេស​អាម៉េរិក​និង​អង្គការ​សហប្រជាជាតិ?

      តើ​ដានីយ៉ែល​និង​យ៉ូហាន​រៀប​រាប់​យ៉ាង​ណា​អំពី​ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​មនុស្ស?

      ១, ២​. ​(​ក​) តើ​ទំនាយ​របស់​ដានីយ៉ែល​និង​យ៉ូហាន​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី? (​ខ​) តើ​ក្បាល​៦​ដំបូង​របស់​សត្វ​សាហាវ​ជា​តំណាង​អ្វី?

      ទំនាយ​របស់​ដានីយ៉ែល​និង​យ៉ូហាន​មាន​ភាព​ស្រប​គ្នា​ដែល​ធ្វើ​ឲ្យ​យើង​យល់​អំពី​អត្ថន័យ​នៃ​ព្រឹត្ដិការណ៍​ជា​ច្រើន​ដែល​កើត​ឡើង​នៅ​បច្ចុប្បន្ន​និង​នៅ​អនាគត។ តើ​យើង​អាច​ដឹង​អំពី​អ្វី​ពេល​ប្រៀប​ធៀប​ការ​ឃើញ​ក្នុង​គំនិត​របស់​យ៉ូហាន​អំពី​សត្វ​សាហាវ និង​កំណត់​ហេតុ​របស់​ដានីយ៉ែល​អំពី​សត្វ​សាហាវ​គួរ​ស្ញែង​ខ្លាច​ដែល​មាន​ស្នែង​១០ និង​ការ​ពន្យល់​របស់​ដានីយ៉ែល​អំពី​រូប​ធំ​សម្បើម​នោះ? ហើយ​តើ​ការ​យល់​ច្បាស់​អំពី​ទំនាយ​ទាំង​នោះ​គួរ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី?

      ២ សូម​យើង​ពិចារណា​អំពី​សត្វ​សាហាវ​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត។ (​បប., ជំពូក ១៣​) ដូច​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​មុន ក្បាល​៦​ដំបូង​របស់​សត្វ​សាហាវ​តំណាង អេស៊ីប អាសស៊ើរ បាប៊ីឡូន មេឌី​និង​ពើ​ស៊ី ក្រិច​និង​រ៉ូម។ មហាអំណាច​ទាំង​នេះ​បាន​ស្អប់​និង​ប្រឆាំង​ពូជ​របស់​ស្ត្រី។ (​លោ. ៣:១៥​) រ៉ូម​ដែល​ជា​ក្បាល​ទី​៦​នៅ​តែ​ជា​មហាអំណាច​រាប់​សតវត្សរ៍​ក្រោយ​យ៉ូហាន​បាន​សរសេរ​ការ​ឃើញ​ក្នុង​គំនិត​របស់​គាត់។ នៅ​ទី​បំផុត ក្បាល​ទី​៧​នឹង​មក​ជំនួស​រ៉ូម។ តើ​មហាអំណាច​ណា​ដែល​ជា​ក្បាល​ទី​៧ ហើយ​តើ​មហាអំណាច​នោះ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ពូជ​របស់​ស្ត្រី?

      ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​ឡើង​ជា​មហាអំណាច

      ៣​. តើ​សត្វ​សាហាវ​ដែល​គួរ​ស្ញែង​ខ្លាច​ដែល​មាន​ស្នែង​១០​ជា​តំណាង​អ្វី ហើយ​តើ​ស្នែង​ទាំង​១០​ជា​តំណាង​អ្វី?

      ៣ យើង​អាច​ដឹង​អត្តសញ្ញាណ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ​ជំពូក​១៣ ដោយ​ប្រៀប​ធៀប​ការ​ឃើញ​ក្នុង​គំនិត​របស់​យ៉ូហាន​និង​ការ​ឃើញ​ក្នុង​គំនិត​របស់​ដានីយ៉ែល​អំពី​សត្វ​សាហាវ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ដែល​មាន​ស្នែង​១០។a (​សូម​អាន ដានីយ៉ែល ៧:៧, ៨, ២៣, ២៤​) សត្វ​សាហាវ​ដែល​ដានីយ៉ែល​បាន​ឃើញ​ជា​តំណាង​មហាអំណាច​រ៉ូម។ (​សូម​មើល​រូបភាព​នៅ​ទំព័រ​១២​-​១៣​) នៅ​សតវត្សរ៍ទី​៥ គ.ស. ចក្រភព​រ៉ូម​ចាប់​ផ្ដើម​បែកខ្ញែក​គ្នា។ ហើយ​ស្នែង​១០​ដែល​ដុះ​ចេញ​ពី​ក្បាល​នៃ​សត្វ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ជា​តំណាង​រាជាណាចក្រ​ដែល​កើត​ចេញ​ពី​ចក្រភព​នោះ។

      ៤, ៥​. ​(​ក​) តើ​ស្នែង​តូច​របស់​សត្វ​សាហាវ​បាន​ធ្វើ​អ្វី? (​ខ​) តើ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ​គឺជា​អ្វី?

      ៤ ស្នែង​បួន​ឬ​រាជាណាចក្រ​បួន​ដែល​ដុះ​ចេញ​ពី​ក្បាល​នៃ​សត្វ​សាហាវ​មាន​លក្ខណៈ​ពិសេស​គួរ​ឲ្យ​កត់​សម្គាល់។ ស្នែង​បី​បាន​ត្រូវ​ដក​ចេញ​ដោយ​ស្នែង​មួយ​ទៀត​«​ជា​ស្នែង​តូច​»។ នេះ​បាន​ត្រូវ​សម្រេច​នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​ដែល​ពី​មុន​ជា​ផ្នែក​ដ៏​តូច​មួយ​នៃ​ចក្រភព​រ៉ូម បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​ដ៏​ខ្លាំងក្លា​មួយ។ រហូត​ដល់​សតវត្សរ៍​ទី​១៧​ចក្រភព​អង់គ្លេស​ជា​រាជាណាចក្រ​មួយ​ដែល​មិន​សូវ​មាន​អំណាច​ប៉ុន្មាន​ទេ។ តំបន់​បី​ទៀត​នៃ​អតីត​ចក្រភព​រ៉ូម​គឺ អេស្ប៉ាញ ហូឡង់ បារាំង មាន​អំណាច​ខ្លាំង​ជាង​អង់គ្លេស​ឆ្ងាយ។ ប៉ុន្តែ ចក្រភព​អង់គ្លេស​បាន​ច្បាំង​នឹង​រាជាណាចក្រ​ទាំង​នោះ​ម្ដង​មួយ​ៗ ហើយ​មាន​អំណាច​ខ្លាំង​ជាង​រាជាណាចក្រ​ទាំង​នោះ។ នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១៨ ចក្រភព​អង់គ្លេស​កំពុង​ក្លាយ​ជា​មហា​អំណាច​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​ពិភព​លោក។ ប៉ុន្តែ ចក្រភព​អង់គ្លេស​មិន​ទាន់​ក្លាយ​ជា​ក្បាល​ទី​៧​នៃ​សត្វ​សាហាវ​នៅ​ឡើយ​ទេ។

      ៥ ទោះ​ជា​ចក្រភព​អង់គ្លេស​បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​ដ៏​ខ្លាំងក្លា​បំផុត​ក៏​ដោយ អាណានិគម​របស់​អង់គ្លេស​នៅ​អាម៉េរិក​ខាង​ជើង​បាន​បះបោរ​ឡើង ហើយ​បាន​ក្លាយ​ទៅ​ជា​សហរដ្ឋអាម៉េរិក។ ចក្រភព​អង់គ្លេស​មិន​បាន​រារាំង​មិន​ឲ្យ​សហរដ្ឋអាម៉េរិក​ក្លាយ​ទៅ​ជា​ប្រទេស​ដ៏​ខ្លាំងក្លា​មួយ​ទេ ហើយ​ថែម​ទាំង​បាន​ការពារ​សហរដ្ឋអាម៉េរិក​ដោយ​កង​នាវាចរ​អង់គ្លេស​ទៀត​ផង។ នៅ​ក្នុង​អំឡុង​ថ្ងៃ​របស់​លោក​ម្ចាស់​ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ ចក្រភព​អង់គ្លេស​បាន​ស្ថាបនា​នូវ​ចក្រភព​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ ហើយ​សហរដ្ឋអាម៉េរិក​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ដ៏​ខ្លាំង​បំផុត​លើ​ពិភព​លោក។b ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ សហរដ្ឋអាម៉េរិក​បាន​ក្លាយ​ទៅ​ជា​ដៃ​គូ​ដ៏​ជិត​ស្និទ្ធ​របស់​អង់គ្លេស។ ឥឡូវ​នេះ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ​គឺ​ច្បាស់​ជា​មហាអំណាច​អង់គ្លេស​អាម៉េរិក។ តើ​ក្បាល​នេះ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពូជ​របស់​ស្ត្រី?

      ៦​. តើ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​លើ​រាស្ត្រ​របស់​ព្រះ?

      ៦ មិន​យូរ​ក្រោយ​ពី​ថ្ងៃ​របស់​លោក​ម្ចាស់​ចាប់​ផ្ដើម ក្បាល​ទី​៧​បាន​វាយ​ប្រហារ​លើ​រាស្ត្រ​របស់​ព្រះ ពោល​គឺ​បង​ប្អូន​របស់​គ្រិស្ត​ដែល​នៅ​ផែនដី​នៅ​ឡើយ។ (​ម៉ាថ. ២៥:៤០​) លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ក្នុង​អំឡុង​វត្តមាន​របស់​លោក ពូជ​របស់​ស្ត្រី​ដែល​នៅ​សល់​នៅ​ផែនដី​នឹង​មាន​សកម្មភាព​លើ​ផែនដី។ (​ម៉ាថ. ២៤:៤៥​-​៤៧; កាឡ. ៣:​២៦​-​២៩​) មហាអំណាច​អង់គ្លេស​អាម៉េរិក​បាន​ធ្វើសង្គ្រាម​នឹង​ពួក​អ្នក​បរិសុទ្ធ​ទាំង​នេះ។ (​បប. ១៣:៣, ៧​) ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ មហាអំណាច​នេះ​បាន​បៀតបៀន​រាស្ត្រ​របស់​ព្រះ បាន​ហាម​មិន​ឲ្យ​ចែក​ចាយ​សៀវភៅ​ខ្លះ​របស់​ពួក​គេ ហើយ​បាន​ចាប់​អ្នក​តំណាង​ក្រុម​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ដាក់​គុក។ ក្បាល​ទី​៧​របស់​សត្វ​សាហាវ​ស្ទើរតែ​បាន​បញ្ឈប់​កិច្ចការ​ផ្សព្វ​ផ្សាយ​អស់​មួយ​រយៈ​ពេល។ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​យ៉ូហាន​ឃើញ​ក្នុង​គំនិត​ថា​នេះ​នឹង​កើត​ឡើង។ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រាប់​យ៉ូហាន​ដែរ​ថា​ផ្នែក​ទី​២​នៃ​ពូជ​នោះ​នឹង​មាន​ជីវិត​ឡើង​វិញ ដើម្បី​បង្កើន​សកម្មភាព​ផ្សព្វ​ផ្សាយ។ (​បប. ១១:៣, ៧​-​១១​) ប្រវត្ដិ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​បញ្ជាក់​ថា​ព្រឹត្ដិការណ៍​ទាំង​នេះ​បាន​កើត​ឡើង​មែន។

      មហាអំណាច​អង់គ្លេស​អាម៉េរិក​និង​ប្រអប់ជើង​ធ្វើ​ពី​ដែក​និង​ដី​ឥដ្ឋ​នៃ​រូប​ធំ​សម្បើម

      ៧​. តើ​ផ្នែក​មួយ​ណា​នៃ​រូប​ធំ​សម្បើម​ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ក្បាល​ទី​៧​នៃ​សត្វ​សាហាវ?

      ៧ ប្រអប់ជើង​នៃ​រូប​ធំ​សម្បើម​មាន​ន័យ​ដូច​គ្នា​នឹង​ក្បាល​ទី​៧​របស់​សត្វ​សាហាវ ពោល​គឺ​មហាអំណាច​អង់គ្លេស​អាម៉េរិក។ ចក្រភព​អង់គ្លេស​គឺ​ចេញ​ពី​ចក្រភព​រ៉ូម។ ដោយ​សារ​សហរដ្ឋអាម៉េរិក​ចេញ​ពី​ចក្រភព​អង់គ្លេស យើង​អាច​និយាយ​ជា​ប្រយោល​ថា​សហរដ្ឋ​អាម៉េរិក​ក៏​ចេញ​ពី​ចក្រភព​រ៉ូម​ដែរ។ ដូច្នេះ ប្រអប់ជើង​របស់​រូប​សំណាក​មាន​ដែក​ក្នុង​នោះ។ ប៉ុន្តែ ប្រអប់ជើង​នោះ​ក៏​មាន​ដី​ឥដ្ឋ​ដែរ។ (​សូម​អាន ដានីយ៉ែល ២:៤១​-​៤៣​) ការ​រៀប​រាប់​នេះ​អំពី​ប្រអប់ជើង​និង​ក្បាល​ទី​៧​នៃ​សត្វ​សាហាវ​បញ្ជាក់​អំពី​ព្រឹត្ដិការណ៍​តែ​មួយ ពោល​គឺ​ពេល​ដែល​ចក្រភព​អង់គ្លេស​អាម៉េរិក​ក្លាយ​ទៅ​ជា​មហាអំណាច។ ដូច​ជា​សំណង់​មួយ​ដែល​ធ្វើ​ពី​ដែក​លាយ​ជា​មួយ​ដី​ឥដ្ឋ​គឺ​ខ្សោយ​ជាង​សំណង់​ដែល​ធ្វើ​ពី​ដែក​សុទ្ធ ដូច្នេះ​មហាអំណាច​អង់គ្លេស​អាម៉េរិក​ខ្សោយ​ជាង​មហាអំណាច​ដែល​វា​បាន​ចេញ​មក។ តើ​តាម​របៀប​ណា?

      ៨, ៩​. ​(​ក​) តើ​មហាអំណាច​ទី​៧​បាន​បង្ហាញ​ថា​ខ្លាំង​ដូច​ដែក​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ដី​ឥដ្ឋ​ដែល​លាយ​ក្នុង​ប្រអប់ជើង​របស់​រូប​នោះ​ជា​តំណាង​អ្វី?

      ៨ ជួនកាល​ក្បាល​ទី​៧​នៃ​សត្វ​សាហាវ​បាន​បង្ហាញ​លក្ខណៈ​ដូច​ដែក។ ជា​ឧទាហរណ៍ វា​បាន​បង្ហាញ​អំណាច​របស់​វា​ពេល​ដែល​វា​ឈ្នះ​សង្គ្រាម​លោក​លើក​ទី​១។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ អំណាច​ដែល​ប្រៀប​ដូច​ជា​ដែក​នៃ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ​ក៏​បាន​ត្រូវ​បង្ហាញ​យ៉ាង​ច្បាស់​ដែរ។c ក្រោយ​សង្គ្រាម​នោះ ជួនកាល​ក្បាល​ទី​៧​នៅ​តែ​បង្ហាញ​លក្ខណៈ​ដែល​ប្រៀប​ដូច​ជា​ដែក។ ក៏​ប៉ុន្តែ តាំង​ពី​ដំបូង​មក​ដែក​នោះ​បាន​លាយ​ជា​មួយ​នឹង​ដី​ឥដ្ឋ​វិញ។

      ៩ ជា​យូរ​មក​ហើយ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បាន​ស្វែង​យល់​អំពី​អត្ថន័យ​ជា​និមិត្តរូប​នៃ​ប្រអប់ជើង​នៃ​រូប​នោះ។ ដានីយ៉ែល ២:៤១ រៀប​រាប់​ថា​ដែក​បាន​លាយ​ជា​មួយ​នឹង​ដី​ឥដ្ឋ​ជា​«​នគរ​»​ឬ​រាជាណាចក្រ​មួយ មិន​មែន​រាជាណាចក្រ​ច្រើន​ទេ។ ដូច្នេះ យើង​អាច​យល់​ថា​ដី​ឥដ្ឋ​មាន​ន័យ​ថា​អ្វី​មួយ​នៅ​ក្នុង​មហាអំណាច​អង់គ្លេស​អាម៉េរិក​ធ្វើ​ឲ្យ​វា​ខ្សោយ​ជាង​ចក្រភព​រ៉ូម​ដែល​បាន​ត្រូវ​តំណាង​ដោយ​ជើង​ធ្វើ​ពី​ដែក​សុទ្ធ។ ដី​ឥដ្ឋ​សំដៅ​ទៅ​«​ពូជ​មនុស្ស​»​ឬ​បណ្ដា​ជន​សាមញ្ញ។ (​ដាន. ២:​៤៣​) បណ្ដា​ជន​បាន​ធ្វើ​ឲ្យ​មហាអំណាច​អង់គ្លេស​អាម៉េរិក​ចុះ​ខ្សោយ ពេល​ពួក​គេ​បាន​តស៊ូ​ដើម្បី​ទាម​ទារ​សិទ្ធិ​ពល​រដ្ឋ ដើម្បី​មាន​សិទ្ធិ​ថែម​ទៀត​នៅ​កន្លែង​ធ្វើ​ការ និង​រហូត​ដល់​ក្លាយ​ជា​ប្រជាជាតិ​ឯករាជ្យ។ បណ្ដា​ជន​សាមញ្ញ​ធ្វើ​ឲ្យ​មហាអំណាច​នេះ​ពិបាក​បញ្ចេញ​កម្លាំង​ដែល​ប្រៀប​ដូច​ជា​ដែក។ បណ្ដា​ជន​មាន​ទស្សនៈ​នយោបាយ​ខុស​ៗ​គ្នា។ កាល​ណា​អ្នក​ដឹក​នាំ​ឈ្នះ​ឆ្នោត​តែ​បន្ដិច​បន្តួច​គាត់​មិន​មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​អ្វី​ដែល​គាត់​បាន​សន្យា​នោះ​ទេ។ ដានីយ៉ែល​បាន​ទាយ​ថា​៖ ​«​នគរ​នោះ​នឹង​មាន​កម្លាំង​១​ចំណែក ហើយ​ស្រួយ​១​ចំណែក​»។—ដាន. ២:៤២; ២ធី. ៣:១​-​៣

      ១០, ១១​. ​(​ក​) តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​«​ប្រអប់ជើង​»​របស់​រូប​ធំ​សម្បើម? (​ខ​) តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ចំនួន​នៃ​ម្រាម​ជើង​របស់​រូប​នោះ?

      ១០ នៅ​សម័យ​យើង​នេះ ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​នៅ​តែ​ជា​ដៃ​គូ​ពិសេស។ ពួក​គេ​ច្រើន​តែ​សហការ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​រឿង​សំខាន់​ៗ។ ទំនាយ​អំពី​រូប​ធំ​សម្បើម​និង​សត្វ​សាហាវ​បញ្ជាក់​ថា​គ្មាន​មហាអំណាច​ណា​នៅ​អនាគត​នឹង​ជំនួស​មហាអំណាច​អង់គ្លេស​អាម៉េរិក​ទេ។ មហាអំណាច​ចុង​ក្រោយ​នេះ​ប្រហែលជា​ខ្សោយ​ជាង​មហាអំណាច​ដែល​តំណាង​ដោយ​ដែក ប៉ុន្តែ​វា​នឹង​មិន​ដួល​រលំ​ដោយ​ខ្លួន​ឯង​ទេ។

      ១១ តើ​ចំនួន​ម្រាម​ជើង​នៃ​រូប​នោះ​មាន​អត្ថន័យ​ពិសេស​ឬ​ទេ? សូម​ពិចារណា​អំពី​អ្វី​ផ្សេង​ទៀត​ដែល​ដានីយ៉ែល​បាន​ឃើញ​ក្នុង​គំនិត​ដែល​រៀប​រាប់​អំពី​ចំនួន​ជាក់​លាក់។ ជា​ឧទាហរណ៍​ចំនួន​ស្នែង​នៅ​លើ​ក្បាល​សត្វ​សាហាវ​ផ្សេង​ៗ។ ចំនួន​ទាំង​នេះ​មាន​សារៈសំខាន់។ ប៉ុន្តែ ពេល​រៀប​រាប់​អំពី​រូប​នោះ ដានីយ៉ែល​មិន​បាន​និយាយ​អំពី​ចំនួន​ម្រាម​ជើង​ឡើយ។ ដូច្នេះ តាម​មើល​ទៅ ចំនួន​នៃ​ម្រាម​ជើង​មិន​សំខាន់​ទេ ដូច​ចំនួន​ដៃ ប្រអប់ដៃ ម្រាម​ដៃ ឬ​ចំនួន​ជើង​និង​ប្រអប់ជើង​នៃ​រូប​នោះ​ក៏​មិន​សំខាន់​ដែរ។ ដានីយ៉ែល​ពិត​ជា​រៀប​រាប់​យ៉ាង​ជាក់​លាក់​ថា​ម្រាម​ជើង​ធ្វើ​ពី​ដែក​និង​ដី​ឥដ្ឋ។ តាម​រយៈ​ការ​រៀប​រាប់​របស់​គាត់ យើង​អាច​សន្និដ្ឋាន​ថា​មហាអំណាច​អង់គ្លេស​អាម៉េរិក​គឺជា​មហាអំណាច ពេល​ដែល​«​ថ្ម​»​ជា​តំណាង​រាជាណាចក្រ​ព្រះ​ទង្គិច​នឹង​ប្រអប់ជើង​របស់​រូប​នោះ។—ដាន. ២:៤៥

      មហាអំណាច​អង់គ្លេស​អាម៉េរិក​និង​សត្វ​សាហាវ​ដែល​មាន​ស្នែង​ពីរ

      ១២, ១៣​. តើ​សត្វ​សាហាវ​ស្នែង​ពីរ​ជា​តំណាង​អ្វី ហើយ​តើ​វា​ធ្វើ​អ្វី?

      ១២ ទោះ​ជា​មហាអំណាច​អង់គ្លេស​អាម៉េរិក​ធ្វើ​ពី​ដែក​លាយ​ដី​ឥដ្ឋ​ក៏​ដោយ ការ​បើក​បង្ហាញ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​យ៉ូហាន​ឃើញ​ក្នុង​គំនិត បង្ហាញ​ថា​មហាអំណាច​នេះ​នឹង​បន្ត​មាន​តួនាទី​សំខាន់​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់។ តើ​តួនាទី​នោះ​គឺ​អ្វី? ក្នុង​ការ​ឃើញ​ក្នុង​គំនិត​យ៉ូហាន​បាន​ឃើញ​សត្វ​សាហាវ​មួយ​មាន​ស្នែង​ពីរ​ដែល​និយាយ​ដូច​នាគ។ តើ​សត្វ​សាហាវ​ចម្លែក​នេះ​ជា​តំណាង​អ្វី? សត្វ​នេះ​មាន​ស្នែង​ពីរ ដូច្នេះ​វា​ជា​មហាអំណាច​ដែល​មាន​ប្រទេស​ពីរ។ ម្ដង​នេះ​ទៀត យ៉ូហាន​កំពុង​ឃើញ​មហាអំណាច​អង់គ្លេស​អាម៉េរិក ប៉ុន្តែ​ក្នុង​តួនាទី​ពិសេស​មួយ។—សូម​អាន ការ​បើក​បង្ហាញ ១៣:១១​-​១៥

      ១៣ សត្វ​សាហាវ​ស្នែង​ពីរ​«​ប្រាប់​»​មនុស្ស​ឲ្យ​ធ្វើ​រូប​សត្វ​សាហាវ​ដែល​មាន​ក្បាល​៧។ យ៉ូហាន​បាន​សរសេរ​ថា​រូប​នៃ​សត្វ​សាហាវ​នឹង​លេច​មក បាត់​ទៅ​វិញ ហើយ​ក្រោយ​មក​ឡើង​មក​ម្ដង​ទៀត។ នេះ​បាន​កើត​ឡើង​មែន​ចំពោះ​អង្គការ​មួយ​ដែល​បាន​ត្រូវ​លើក​ស្ទួយ​ដោយ​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក ជា​អង្គការ​មួយ​ដែល​មាន​គោល​បំណង​បង្រួប​បង្រួម​និង​ធ្វើ​ជា​តំណាង​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក។d អង្គការ​នេះ​បាន​លេច​មក​ក្រោយ​សង្គ្រាម​លោក​លើក​ទី​១ ហើយ​បាន​ត្រូវ​ស្គាល់​ថា​ជា​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ។ អង្គការ​នេះ​បាន​រលាយ​ទៅ​វិញ​ពេល​ចាប់​ផ្ដើម​សង្គ្រាម​លោក​លើក​ទី​២។ ក្នុង​អំឡុង​សង្គ្រាម​នេះ រាស្ត្រ​របស់​ព្រះ​បាន​ប្រកាស​ថា​ស្រប​តាម​ទំនាយ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ រូប​នៃ​សត្វ​សាហាវ​នឹង​ឡើង​មក​ម្ដង​ទៀត។ រួច​សត្វ​នោះ​បាន​ឡើង​មក​ម្ដង​ទៀត​មែន ជា​អង្គការ​សហប្រជាជាតិ។—បប. ១៧:៨

      ១៤​. តើ​រូប​របស់​សត្វ​សាហាវ​ជា​«​ស្តេច​ទី​ប្រាំបី​»​ក្នុង​ន័យ​ដូច​ម្ដេច?

      ១៤ យ៉ូហាន​បាន​រៀប​រាប់​ថា​រូប​សត្វ​សាហាវ​ជា​«​ស្តេច​ទី​ប្រាំបី​»។ តើ​ក្នុង​ន័យ​អ្វី? រូប​សត្វ​សាហាវ​នោះ​មិន​បាន​ត្រូវ​រៀប​រាប់​ថា​ជា​ក្បាល​ទី​៨​នៃ​សត្វ​សាហាវ​ដំបូង​នោះ​ទេ។ នេះ​គ្រាន់តែ​ជា​រូប​នៃ​សត្វ​សាហាវ​នោះ​ប៉ុណ្ណោះ។ អំណាច​របស់​រូប​នេះ​មក​ពី​ប្រជាជាតិ​ទាំង​ឡាយ​ដែល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ជា​ពិសេស​ពី​មហាអំណាច​អង់គ្លេស​អាម៉េរិក។ (​បប. ១៧:១០, ១១​) ប៉ុន្តែ វា​ពិត​ជា​ទទួល​អំណាច​ដើម្បី​ប្រព្រឹត្ត​ដូច​ជា​ស្តេច ដើម្បី​បំពេញ​ភារកិច្ច​ជាក់​លាក់​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់​ដែល​នឹង​ផ្លាស់​ប្ដូរ​ស្ថានភាព​ពិភព​លោក​ទាំង​មូល។

      រូប​នៃ​សត្វ​សាហាវ​លេប​ត្របាក់​ស្ត្រី​ពេស្យា

      ១៥, ១៦​. តើ​ស្ត្រី​ពេស្យា​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​ជា​តំណាង​អ្វី? តើ​អ្វី​កំពុង​កើត​ឡើង​ដល់​សាសនា​នៅ​សព្វ​ថ្ងៃ​នេះ?

      ១៥ យ៉ូហាន​ក៏​បាន​រៀប​រាប់​ដែរ​អំពី​ស្ត្រី​ពេស្យា​ម្នាក់​ដែល​ជិះ​លើ​សត្វ​សាហាវ​សម្បុរ​ក្រហម​ឆ្អៅ។ សត្វ​នេះ​គឺ​ដូច​គ្នា​នឹង​រូប​សត្វ​សាហាវ​ដែល​មាន​ក្បាល​៧។ ស្ត្រី​ពេស្យា​នេះ​មាន​ឈ្មោះ​ថា​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»។ (​បប. ១៧:១​-​៦​) ស្ត្រី​ពេស្យា​នេះ​ជា​តំណាង​យ៉ាង​ត្រឹម​ត្រូវ​នៃ​សាសនា​មិន​ពិត​ទាំង​អស់ ជា​ពិសេស​ពិភព​គ្រិស្ត​សាសនា។ សាសនា​មិន​ពិត​បាន​ឲ្យ​ពរ​ដល់​រូប​សត្វ​សាហាវ ហើយ​បាន​ព្យាយាម​មាន​ឥទ្ធិពល​ទៅ​លើ​រូប​នោះ។

      ១៦ ក៏​ប៉ុន្តែ ក្នុង​អំឡុង​ថ្ងៃ​របស់​លោក​ម្ចាស់ បាប៊ីឡូន​ដ៏​ខ្លាំងក្លា​បាន​ឃើញ​ទឹក ពោល​គឺ​រាស្ត្រ​ដែល​គាំទ្រ​នាង រីង​អស់។ (​បប. ១៦:១២; ១៧:១៥​) ជា​ឧទាហរណ៍ ពេល​ដែល​រូប​នៃ​សត្វ​សាហាវ​បាន​លេច​មក​ជា​លើក​ដំបូង ពិភព​គ្រិស្ត​សាសនា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​បស្ចិម​ប្រទេស។ សព្វ​ថ្ងៃ​នេះ បណ្ដា​ជន​លែង​គោរព និង​លែង​គាំទ្រ​វិហារ​និង​ពួក​បព្វជិត​នៃ​វិហារ​ទាំង​នោះ​ទៀត​ហើយ។ តាម​ការ​ពិត មនុស្ស​ជា​ច្រើន​ជឿ​ថា​សាសនា​បណ្ដាល​ឲ្យ​មាន​ជម្លោះ។ អ្នក​ខ្លះ​ទៀត​និយាយ​ជា​សាធារណៈ​ថា​ពិភព​លោក​គួរ​បំបាត់​សាសនា​ទាំង​អស់​ចោល។

      ១៧​. មិន​យូរ​ទៀត​តើ​អ្វី​នឹង​កើត​ឡើង​ដល់​សាសនា​មិន​ពិត ហើយ​ហេតុ​អ្វី?

      ១៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សាសនា​មិន​ពិត​នឹង​មិន​បាត់បង់​អំណាច​បន្ដិច​ម្ដង​ៗ ហើយ​ក្រោយ​មក​រលាយ​សាប​សូន្យ​ទេ។ ស្ត្រី​ពេស្យា​នឹង​នៅ​តែ​ខ្លាំងក្លា​ដោយ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ស្តេច​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​នាង រហូត​ដល់​ព្រះ​បណ្ដាល​ចិត្ត​ពួក​អ្នក​គ្រប់​គ្រង​ទាំង​នោះ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក។ (​សូម​អាន ការ​បើក​បង្ហាញ ១៧:​១៦, ១៧​) មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​នៃ​របៀប​របប​សាថាន​ប្រើ​អង្គការ​សហប្រជាជាតិ​ដើម្បី​វាយ​ប្រហារ​សាសនា​មិន​ពិត។ ស្ត្រី​ពេស្យា​នោះ​នឹង​មិន​អាច​គ្រប់​គ្រង​លើ​រដ្ឋាភិបាល​ទាំង​នោះ​ទៀត​ទេ ហើយ​នាង​នឹង​បាត់បង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​នាង។ ព្រឹត្ដិការណ៍​ដូច​នេះ​ប្រហែលជា​មិន​ទំនង​កើត​ឡើង​ទេ​នៅ​ពីរ​បី​ទសវត្សរ៍​មុន។ ឥឡូវ​នេះ​ស្ថានភាព​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ហើយ។ ប៉ុន្តែ ស្ត្រី​ពេស្យា​មិន​បាត់បង់​អំណាច​របស់​នាង​បន្ដិច​ម្ដង​ៗ​ឡើយ។ នាង​នឹង​ត្រូវ​បំផ្លាញ​ចោល​មួយ​រំពេច។—បប. ១៨:៧, ៨, ១៥​-​១៩

      សត្វ​សាហាវ​បាន​ត្រូវ​បំផ្លាញ

      ១៨​. ​(​ក​) តើ​សត្វ​សាហាវ​នឹង​ធ្វើ​អ្វី? ជា​លទ្ធផល​តើ​នឹង​មាន​អ្វី​កើត​ឡើង? (​ខ​) យោង​តាម​ដានីយ៉ែល ២:៤៤ តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​រាជាណាចក្រ​ណាខ្លះ? (​សូម​មើល​ប្រអប់​នៅ​ទំព័រ​១៧​)

      ១៨ បន្ទាប់​ពី​សាសនា​មិន​ពិត​ត្រូវ​បំផ្លាញ សត្វ​សាហាវ​ដែល​ជា​ប្រព័ន្ធ​នយោបាយ​របស់​សាថាន​នៅ​ផែនដី នឹង​ត្រូវ​ជំរុញ​ឲ្យ​វាយ​ប្រហារ​លើ​រាជាណាចក្រ​ព្រះ។ ស្តេច​នៅ​ផែនដី​នឹង​មិន​អាច​វាយ​ប្រហារ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ ដូច្នេះ​ពួក​គេ​នឹង​ព្យាយាម​វាយ​ប្រហារ​ពួក​អ្នក​គាំទ្រ​រាជាណាចក្រ​នោះ​ដែល​រស់​នៅ​ផែន​ដី។ នេះ​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​ព្រះ។ (​បប. ១៦:​១៣​-​១៦; ១៧:១២​-​១៤​) ដានីយ៉ែល​រៀប​រាប់​អំពី​លក្ខណៈ​មួយ​នៃ​សង្គ្រាម​ផ្ដាច់​ព្រ័ត្រ​នោះ។ (​សូម​អាន ដានីយ៉ែល ២:៤៤​) សត្វ​សាហាវ​ដែល​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ១៣:១​និង​រូប​របស់​វា និង​សត្វ​សាហាវ​ស្នែង​ពីរ​នឹង​ត្រូវ​បំផ្លាញ។

      ១៩​. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​យ៉ាង​ណា ហើយ​ឥឡូវ​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​ធ្វើ​អ្វី?

      ១៩ យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​នៃ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ។ មុន​នឹង​សត្វ​នេះ​ត្រូវ​បំផ្លាញ គ្មាន​ក្បាល​ណា​ទៀត​របស់​សត្វ​សាហាវ​នឹង​លេច​មក​ទៀត​ទេ។ មហាអំណាច​អង់គ្លេស​អាម៉េរិក​នឹង​ជា​មហា​អំណាច​ដែល​ខ្លាំងក្លា​ជាង​គេ​ពេល​សាសនា​មិន​ពិត​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ។ ទំនាយ​របស់​ដានីយ៉ែល​និង​យ៉ូហាន​បាន​សម្រេច​យ៉ាង​ល្អិត​ល្អន់​បំផុត។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​សាសនា​មិន​ពិត​នឹង​ត្រូវ​បំផ្លាញ ហើយ​មិន​យូរ​ទៀត​សង្គ្រាម​ហាម៉ាគេដូន​នឹង​មក​ដល់។ ព្រះ​បាន​ប្រាប់​យើង​ឲ្យ​ដឹង​ច្បាស់​ថា​អ្វី​នឹង​កើត​ឡើង។ តើ​យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​តាម​រយៈ​ទំនាយ​ទាំង​នេះ​ឬ​ទេ? (​២ពេ. ១:​១៩​) ឥឡូវ​នេះ​ជា​ពេល​ដែល​យើង​កាន់​ជំហរ​ខាង​ព្រះ​យេហូវ៉ា​ហើយ​គាំទ្រ​រាជាណាចក្រ​លោក។—បប. ១៤:៦, ៧

      [​កំណត់​សម្គាល់​]

      a នៅ​ក្នុង​គម្ពីរ ចំនួន​១០​ច្រើន​តែ​ជា​តំណាង​ភាព​ពេញ​លេញ ក្នុង​ករណី​នេះ​គឺ​រាជាណាចក្រ​ទាំង​អស់​ដែល​កើត​ចេញ​ពី​ចក្រភព​រ៉ូម។

      b ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​មាន​រួច​ហើយ​តាំង​ពី​សតវត្សរ៍​ទី​១៨​ម្ល៉េះ។ ប៉ុន្តែ យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​ថា​នៅ​ពេល​ដែល​«​ថ្ងៃ​របស់​លោក​ម្ចាស់​»​ចាប់​ផ្ដើម ប្រទេស​ទាំង​ពីរ​នឹង​ទៅ​ជា​មហាអំណាច​មួយ។ ទំនាយ​ផ្សេង​ៗ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​សម្រេច​នៅ​«​ថ្ងៃ​របស់​លោក​ម្ចាស់​»។ (​បប. ១:១០​) គឺ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១​ដែល​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​បាន​ចាប់​ផ្ដើម​សហការ​គ្នា​ជា​មហាអំណាច​មួយ។

      c ដានីយ៉ែល​បាន​ទាយ​អំពី​សេចក្ដី​ហិន​វិនាស​ដ៏​ធំ​សម្បើម ដែល​ស្តេច​នោះ​នឹង​បណ្ដាល​ឲ្យ​មាន​ក្នុង​អំឡុង​សង្គ្រាម​នោះ​ដោយ​សរសេរ​ថា​៖ ​«​វា​នឹង​បំផ្លាញ​យ៉ាង​អស្ចារ្យ​[​គួរ​ឲ្យ​ខ្លាច​]​»។ (​ដាន. ៨:២៤​) ជា​ឧទាហរណ៍ សហរដ្ឋអាម៉េរិក​បាន​បណ្ដាល​ឲ្យ​មាន​ការ​ហិន​វិនាស​ដ៏​គួរ​ឲ្យ​ខ្លាច​ដែល​មិន​ធ្លាប់​មាន​ពី​មុន នៅ​ពេល​ដែល​វា​ទម្លាក់​គ្រាប់​បែក​បរមាណូ​ពីរ​គ្រាប់​ទៅ​លើ​ប្រទេស​មួយ​ដែល​ជា​សត្រូវ​របស់​មហាអំណាច​អង់គ្លេស​អាម៉េរិក។

      d សូម​មើល​សៀវភៅ​ការ​បើក​បង្ហាញ ការ​សម្រេច​ផ្ដាច់​ព្រ័ត្រ​ជិត​មក​ដល់​ហើយ!(​Rev-​elation—Its Grand Climax at Hand!​) ទំព័រ​២៤០, ២៤១, ២៥៣។

      [​ប្រអប់​នៅ​ទំព័រ​១៧​]

      តើ​«​នគរ​[​ឬ​រាជាណាចក្រ​]​ទាំង​នោះ​»​គឺ​រាជាណាចក្រ​ណាខ្លះ?

      ទំនាយ​នៅ​ដានីយ៉ែល ២:៤៤ ចែង​ថា​រាជាណាចក្រ​ព្រះ​‹នឹង​បំបាក់បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ›។ ទំនាយ​នោះ​សំដៅ​ទៅ​រាជាណាចក្រ​នានា​ដែល​តំណាង​ដោយ​ផ្នែក​ផ្សេង​ៗ​នៃ​រូប​នោះ​ប៉ុណ្ណោះ។

      ចុះ​យ៉ាង​ណា​ចំពោះ​រដ្ឋាភិបាល​ឯ​ទៀត​ទាំង​អស់​របស់​មនុស្ស? ទំនាយ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ​ដែល​រៀប​រាប់​អំពី​រឿង​ដូច​គ្នា​ប្រាប់​យើង​ថែម​ទៀត។ ទំនាយ​នោះ​ប្រាប់​ថា​៖ ​«​ស្តេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»​នឹង​ត្រូវ​ប្រមូល​គ្នា​មក​ប្រឆាំង​ព្រះ​យេហូវ៉ា​នៅ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​»។ (​បប. ១៦:​១៤; ១៩:​១៩​-​២១​) ហេតុ​នេះ មិន​ត្រឹម​តែ​រាជាណាចក្រ​ដែល​តំណាង​ដោយ​ផ្នែក​ផ្សេង​ៗ​នៃ​រូប​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ឯ​ទៀត​ទាំង​អស់​របស់​មនុស្ស​នឹង​ត្រូវ​បំផ្លាញ​នៅ​សង្គ្រាម​ហាម៉ាគេដូន។

  • ស្ដេចទាំង៨បានត្រូវបើកបង្ហាញ
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
    • ស្តេច​ទាំង​៨​បាន​ត្រូវ​បើក​បង្ហាញ

      ពេល​យក​ទំនាយ​នៅ​សៀវភៅ​ដានីយ៉ែល​មក​ប្រៀប​ជា​មួយ​នឹង​សៀវភៅ​ការ​បើក​បង្ហាញ សៀវភៅ​ទាំង​នោះ​មិន​ត្រឹម​តែ​ប្រាប់​អំពី​អត្តសញ្ញាណ​នៃ​ស្តេច​ទាំង​៨​ឬ​ការ​គ្រប់​គ្រង​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ដែរ​អំពី​លំដាប់​ពេល​ដែល​ស្តេច​ទាំង​នោះ​នឹង​លេច​មក។ យើង​អាច​សន្និដ្ឋាន​អំពី​ទំនាយ​ទាំង​នេះ​កាល​ដែល​យើង​យល់​ទំនាយ​ទី​១​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ។

      ក្នុង​ប្រវត្ដិសាស្ត្រ សាថាន​បាន​រៀបចំ​ពូជ​របស់​វា​ឲ្យ​ទៅ​ជា​រដ្ឋាភិបាល​ឬ​រាជាណាចក្រ​ជា​ច្រើន។ (​លូក. ៤:៥, ៦​) រដ្ឋាភិបាល​ខ្លះ​ក្នុង​ចំណោម​រដ្ឋាភិបាល​ទាំង​នេះ​បាន​ប្រឆាំង​យ៉ាង​ចំ​ៗ​នឹង​រាស្ត្រ​របស់​ព្រះ ពោល​គឺ​ប្រឆាំង​នឹង​ប្រជាជាតិ​អ៊ីស្រាអែល​ឬ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ ការ​បើក​បង្ហាញ​ដែល​ដានីយ៉ែល​និង​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​រៀប​រាប់​តែ​រដ្ឋាភិបាល​៨​ដែល​មាន​អំណាច​ខ្លាំងក្លា។

      [​តារាង​/​រូបភាព​នៅ​ទំព័រ​១២​]

      (ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

      ទំនាយ​នៅ​សៀវភៅ​ដានីយ៉ែល ទំនាយ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ

      ១​. អេស៊ីប

      ២​. អាសស៊ើរ

      ៣​. បាប៊ីឡូន

      ៤​. មេឌី​និង​ពើ​ស៊ី

      ៥​. ក្រិច

      ៦​. រ៉ូម

      ៧​. ចក្រភព​អង់គ្លេស និង​សហរដ្ឋអាម៉េរិកa

      ៨​. អង្គការ​សម្ព័ន្ធ​ប្រជាជាតិ និង​អង្គការ​សហប្រជាជាតិb

      រាស្ត្រ​របស់​ព្រះ

      ឆ្នាំ​២០០០ មុន​គ.ស.

      អាប្រាហាំ

      ឆ្នាំ​១៥០០

      ប្រជាជាតិ​អ៊ីស្រាអែល

      ឆ្នាំ​១០០០

      ដានីយ៉ែល ឆ្នាំ​៥០០

      មុន​គ.ស./គ.ស.

      យ៉ូហាន

      អ៊ីស្រាអែល​នៃ​ព្រះ ឆ្នាំ​៥០០

      ឆ្នាំ​១០០០

      ឆ្នាំ​១៥០០

      ឆ្នាំ​២០០០ គ.ស.

      [​កំណត់​សម្គាល់​]

      a រដ្ឋាភិបាល​និង​អង្គការ​ទាំង​នេះ​មាន​នៅ​អំឡុង​គ្រា​ជាន់​ក្រោយ​បង្អស់។ សូម​មើល​ទំព័រ​១៩។

      b រដ្ឋាភិបាល​និង​អង្គការ​ទាំង​នេះ​មាន​នៅ​អំឡុង​គ្រា​ជាន់​ក្រោយ​បង្អស់។ សូម​មើល​ទំព័រ​១៩។

      [​រូបភាព​]

      រូបសំណាក​ធំ​សម្បើម ​(​ដាន. ២:៣១​-​៤៥​)

      សត្វ​សាហាវ​បួន ឡើង​ចេញ​ពី​សមុទ្រ ​(​ដាន. ៧:៣​-​៨,១៧,២៥​)

      ចៀម​ឈ្មោល​ និង​ពពែ ​(​ដាន., ជំពូក ៨​)

      សត្វ​សាហាវ​ដែល​មាន​ក្បាល​៧ (​បប. ១៣:១​-​១០, ១៦​-​១៨​)

      សត្វ​សាហាវ​ដែល​មាន​ស្នែង​ពីរ​ជំរុញ​ឲ្យ​ធ្វើ​រូប​សត្វ​សាហាវ (​បប. ១៣:១១​-​១៥​)

      [​អ្នក​ផ្ដល់​សិទ្ធិ​]

      Photo credits: Egypt and Rome: Photograph taken by courtesy of the British Museum; Medo-Persia: Musée du Louvre, Paris

  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
    • សំណួរ​ពី​អ្នក​អាន

      តើ​ពេល​ណា​ដែល​មហាអំណាច​អង់គ្លេស​អាម៉េរិក​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​ទី​៧​តាម​ទំនាយ​ក្នុង​គម្ពីរ?

      ▪ រូប​ធំ​សម្បើម​ធ្វើ​ពី​លោហធាតុ​ដែល​ស្តេច​នេប៊ូក្នេសា​បាន​ឃើញ​មិន​មែន​ជា​តំណាង​មហាអំណាច​ទាំង​អស់​ទេ។ (​ដាន. ២:៣១​-​៤៥​) រូប​នោះ​តំណាង​តែ​មហាអំណាច​ប្រាំ​ប៉ុណ្ណោះ​ដែល​បាន​គ្រប់​គ្រង​តាំង​ពី​សម័យ​របស់​ដានីយ៉ែល​រហូត​ដល់​ឥឡូវ ហើយ​ដែល​បាន​ប្រឆាំង​រាស្ត្រ​របស់​ព្រះ។

      ការ​រៀប​រាប់​របស់​ដានីយ៉ែល​អំពី​រូប​ធ្វើ​ពី​លោហធាតុ​ធ្វើ​ឲ្យ​យើង​ដឹង​ថា​មហាអំណាច​អង់គ្លេស​អាម៉េរិក នឹង​ចេញ​មក​ពី​ចក្រភព​រ៉ូម មិន​មែន​ច្បាំង​ឈ្នះ​ចក្រភព​រ៉ូម​ទេ។ ក្នុង​រូប​នោះ​ដានីយ៉ែល​បាន​ឃើញ​ថា ធាតុ​ដែក​ក្នុង​ជើង​មាន​ចាប់​តាំង​ពី​ជើង​រហូត​ដល់​ប្រអប់ជើង​និង​ម្រាម​ជើង។ (​ដែក​ដែល​នៅ​ក្នុង​ប្រអប់ជើង​និង​ម្រាម​ជើង​បាន​លាយ​ជា​មួយ​ដី​ឥដ្ឋ​)a ការ​រៀប​រាប់​នេះ​បញ្ជាក់​ថា​មហាអំណាច​អង់គ្លេស​អាម៉េរិក​នឹង​ចេញ​ពី​ចក្រភព​រ៉ូម​ដែល​ជា​ជើង​ធ្វើ​ពី​ដែក។ ប្រវត្ដិសាស្ត្រ​បញ្ជាក់​ថា​ការ​រៀប​រាប់​នេះ​គឺ​ត្រឹម​ត្រូវ។ ប្រទេស​អង់គ្លេស​ដែល​ពី​មុន​ជា​ផ្នែក​តូច​មួយ​នៃ​ចក្រភព​រ៉ូម តែ​បាន​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​រាជាណាចក្រ​ដ៏​ខ្លាំងក្លា​មួយ​នៅ​ចុង​សតវត្សរ៍​ទី​១៨។ ក្រោយ​មក សហរដ្ឋអាម៉េរិក​បាន​ក្លាយ​ទៅ​ជា​ប្រជាជាតិ​មួយ​ដ៏​ខ្លាំងក្លា។ ប៉ុន្តែ មហាអំណាច​ទី​៧​នៃ​ទំនាយ​ក្នុង​គម្ពីរ​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​មិន​ទាន់​សហការ​គ្នា​យ៉ាង​ស្អិត​ល្មួត​នៅ​ឡើយ​ទេ។ នេះ​បាន​កើត​ឡើង​នៅ​អំឡុង​សង្គ្រាម​លោក​លើក​ទី​១។

      កាល​នោះ​«​កូន​នៃ​រាជាណាចក្រ​»​កំពុង​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​ជា​ពិសេស​នៅ​សហរដ្ឋអាម៉េរិក ហើយ​ទី​ស្នាក់​ការ​ពិភព​លោក​របស់​ពួក​គេ​មាន​ទី​តាំង​នៅ​ក្រុង​ប៊្រុគ្លីន រដ្ឋ​ញូវ​យ៉ក។ (​ម៉ាថ. ១៣:៣៦​-​៤៣​) សមាជិក​នៃ​ក្រុម​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​នៅ​ប្រទេស​ដែល​គ្រប់​គ្រង​ដោយ​ចក្រភព​អង់គ្លេស។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​បាន​ក្លាយ​ជា​ដៃ​គូ​ពិសេស។ ពួក​គេ​បាន​រួម​ដៃ​គ្នា​ច្បាំង​នឹង​ប្រទេស​ដែល​ជា​សត្រូវ​របស់​ពួក​គេ។ ដោយ​សារ​សង្គ្រាម​បាន​បណ្ដាល​ឲ្យ​មនុស្ស​មាន​គំនិត​ជាតិ​និយម​កាន់​តែ​ខ្លាំង​ឡើង នោះ​ពួក​គេ​ក៏​បាន​ស្អប់​និង​ប្រឆាំង​ពួក​អ្នក​ដែល​ជា​ផ្នែក​នៃ​ពូជ​«​ស្ត្រី​»​របស់​ព្រះ ដោយ​ហាម​មិន​ឲ្យ​ចែក​ចាយ​សៀវភៅ​ដែល​ពួក​គេ​បាន​បោះពុម្ព ហើយ​ចាប់​ពួក​អ្នក​ដឹក​នាំ​កិច្ច​ផ្សព្វ​ផ្សាយ​ដាក់​គុក។—បប. ១២:១៧

      អាស្រ័យ​ហេតុ​នេះ យោង​ទៅ​តាម​ទំនាយ​គម្ពីរ មហាអំណាច​ទី​៧​មិន​បាន​លេច​មក​នៅ​ចុង​សតវត្សរ៍​ទី​១៨​ទេ ពេល​ប្រទេស​អង់គ្លេស​ទើប​នឹង​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​រាជាណាចក្រ​ដ៏​ខ្លាំងក្លា​មួយ។ ផ្ទុយ​ទៅ​វិញ មហា​អំណាច​ទី​៧​បាន​លេច​មក​នៅ​ពេល​ដែល​ថ្ងៃ​របស់​លោក​ម្ចាស់​ចាប់​ផ្ដើម។b

      [​កំណត់​សម្គាល់​]

      a ដី​ឥដ្ឋ​ដែល​លាយ​ជា​មួយ​ដែក​ជា​តំណាង​បណ្ដា​ជន​នៅ​ក្នុង​មហា​អំណាច​អង់គ្លេស​អាម៉េរិក។ បន្ដិច​ម្ដង​ៗ​បណ្ដា​ជន​ដែល​តំណាង​ដោយ​ដី​ឥដ្ឋ​នេះ​បាន​ធ្វើ​ឲ្យ​មហាអំណាច​នោះ​គ្មាន​ភាព​រឹង​មាំ​ដូច​វា​ចង់​បាន​ទេ។

      b ការ​ពន្យល់​នេះ​កែ​ព័ត៌មាន​នៅ​សៀវភៅ​ទំនាយ​របស់​ដានីយ៉ែល (​Daniel’s Prophecy​) ទំព័រ​៥៧, វគ្គ​២៤ ហើយ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​តារាង​រូបភាព​នៅ​ទំព័រ​៥៦​និង​១៣៩​ក្នុង​សៀវភៅ​នោះ។

      [​រូបភាព​នៅ​ទំព័រ​១៩​]

      បង​ប្រុស​៨​នាក់​ពី​ទី​ស្នាក់​ការ​ពិភព​លោក​នៃ​សមាគម​ប៉មយាម​បាន​ត្រូវ​បញ្ជូន​ទៅ​គុក​នៅ​ខែ​មិថុនា ឆ្នាំ​១៩១៨

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក