សំណួរពីអ្នកអាន
តើពេលណាដែលមហាអំណាចអង់គ្លេសអាម៉េរិកបានក្លាយទៅជាមហាអំណាចទី៧តាមទំនាយក្នុងគម្ពីរ?
▪ រូបធំសម្បើមធ្វើពីលោហធាតុដែលស្តេចនេប៊ូក្នេសាបានឃើញមិនមែនជាតំណាងមហាអំណាចទាំងអស់ទេ។ (ដាន. ២:៣១-៤៥) រូបនោះតំណាងតែមហាអំណាចប្រាំប៉ុណ្ណោះដែលបានគ្រប់គ្រងតាំងពីសម័យរបស់ដានីយ៉ែលរហូតដល់ឥឡូវ ហើយដែលបានប្រឆាំងរាស្ត្ររបស់ព្រះ។
ការរៀបរាប់របស់ដានីយ៉ែលអំពីរូបធ្វើពីលោហធាតុធ្វើឲ្យយើងដឹងថាមហាអំណាចអង់គ្លេសអាម៉េរិក នឹងចេញមកពីចក្រភពរ៉ូម មិនមែនច្បាំងឈ្នះចក្រភពរ៉ូមទេ។ ក្នុងរូបនោះដានីយ៉ែលបានឃើញថា ធាតុដែកក្នុងជើងមានចាប់តាំងពីជើងរហូតដល់ប្រអប់ជើងនិងម្រាមជើង។ (ដែកដែលនៅក្នុងប្រអប់ជើងនិងម្រាមជើងបានលាយជាមួយដីឥដ្ឋ)a ការរៀបរាប់នេះបញ្ជាក់ថាមហាអំណាចអង់គ្លេសអាម៉េរិកនឹងចេញពីចក្រភពរ៉ូមដែលជាជើងធ្វើពីដែក។ ប្រវត្ដិសាស្ត្របញ្ជាក់ថាការរៀបរាប់នេះគឺត្រឹមត្រូវ។ ប្រទេសអង់គ្លេសដែលពីមុនជាផ្នែកតូចមួយនៃចក្រភពរ៉ូម តែបានចាប់ផ្ដើមក្លាយទៅជារាជាណាចក្រដ៏ខ្លាំងក្លាមួយនៅចុងសតវត្សរ៍ទី១៨។ ក្រោយមក សហរដ្ឋអាម៉េរិកបានក្លាយទៅជាប្រជាជាតិមួយដ៏ខ្លាំងក្លា។ ប៉ុន្តែ មហាអំណាចទី៧នៃទំនាយក្នុងគម្ពីរមិនទាន់កើតឡើងនៅឡើយ។ ហេតុអ្វី? ពីព្រោះចក្រភពអង់គ្លេសនិងសហរដ្ឋអាម៉េរិកមិនទាន់សហការគ្នាយ៉ាងស្អិតល្មួតនៅឡើយទេ។ នេះបានកើតឡើងនៅអំឡុងសង្គ្រាមលោកលើកទី១។
កាលនោះ«កូននៃរាជាណាចក្រ»កំពុងផ្សព្វផ្សាយយ៉ាងសកម្មជាពិសេសនៅសហរដ្ឋអាម៉េរិក ហើយទីស្នាក់ការពិភពលោករបស់ពួកគេមានទីតាំងនៅក្រុងប៊្រុគ្លីន រដ្ឋញូវយ៉ក។ (ម៉ាថ. ១៣:៣៦-៤៣) សមាជិកនៃក្រុមអ្នកដែលព្រះបានរើសតាំងបានផ្សព្វផ្សាយយ៉ាងសកម្មនៅប្រទេសដែលគ្រប់គ្រងដោយចក្រភពអង់គ្លេស។ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ចក្រភពអង់គ្លេសនិងសហរដ្ឋអាម៉េរិកបានក្លាយជាដៃគូពិសេស។ ពួកគេបានរួមដៃគ្នាច្បាំងនឹងប្រទេសដែលជាសត្រូវរបស់ពួកគេ។ ដោយសារសង្គ្រាមបានបណ្ដាលឲ្យមនុស្សមានគំនិតជាតិនិយមកាន់តែខ្លាំងឡើង នោះពួកគេក៏បានស្អប់និងប្រឆាំងពួកអ្នកដែលជាផ្នែកនៃពូជ«ស្ត្រី»របស់ព្រះ ដោយហាមមិនឲ្យចែកចាយសៀវភៅដែលពួកគេបានបោះពុម្ព ហើយចាប់ពួកអ្នកដឹកនាំកិច្ចផ្សព្វផ្សាយដាក់គុក។—បប. ១២:១៧
អាស្រ័យហេតុនេះ យោងទៅតាមទំនាយគម្ពីរ មហាអំណាចទី៧មិនបានលេចមកនៅចុងសតវត្សរ៍ទី១៨ទេ ពេលប្រទេសអង់គ្លេសទើបនឹងចាប់ផ្ដើមក្លាយទៅជារាជាណាចក្រដ៏ខ្លាំងក្លាមួយ។ ផ្ទុយទៅវិញ មហាអំណាចទី៧បានលេចមកនៅពេលដែលថ្ងៃរបស់លោកម្ចាស់ចាប់ផ្ដើម។b
[កំណត់សម្គាល់]
a ដីឥដ្ឋដែលលាយជាមួយដែកជាតំណាងបណ្ដាជននៅក្នុងមហាអំណាចអង់គ្លេសអាម៉េរិក។ បន្ដិចម្ដងៗបណ្ដាជនដែលតំណាងដោយដីឥដ្ឋនេះបានធ្វើឲ្យមហាអំណាចនោះគ្មានភាពរឹងមាំដូចវាចង់បានទេ។
b ការពន្យល់នេះកែព័ត៌មាននៅសៀវភៅទំនាយរបស់ដានីយ៉ែល (Daniel’s Prophecy) ទំព័រ៥៧, វគ្គ២៤ ហើយដែលបានត្រូវរៀបរាប់ក្នុងតារាងរូបភាពនៅទំព័រ៥៦និង១៣៩ក្នុងសៀវភៅនោះ។
[រូបភាពនៅទំព័រ១៩]
បងប្រុស៨នាក់ពីទីស្នាក់ការពិភពលោកនៃសមាគមប៉មយាមបានត្រូវបញ្ជូនទៅគុកនៅខែមិថុនា ឆ្នាំ១៩១៨