សំណួរពីយុវវ័យ
តើតាមរបៀបណាខ្ញុំអាចមានរបបអាហារដែលមានតុល្យភាព?
អ្នកប្រហែលជាដឹងថា របបអាហារដែលគ្មានតុល្យភាពអាចបង្ខូចសុខភាពរបស់អ្នក។ បើក្មេងម្នាក់មិនមានសុខភាពល្អ នោះគាត់ប្រហែលជាពិបាកមានសុខភាពល្អពេលធំឡើង។ ដូច្នេះ ដើម្បីមានសុខភាពល្អតាំងពីក្មេង គឺជាការល្អដែលអ្នកបរិភោគអាហារដែលមានប្រយោជន៍សម្រាប់សុខភាពចាប់ពីឥឡូវនេះ។
តើរបបអាហារដែលមានតុល្យភាពជាអ្វី?
គម្ពីរប្រាប់យើងឲ្យ«ប្រព្រឹត្តដោយមានតុល្យភាព» ហើយនោះរួមបញ្ចូលទម្លាប់បរិភោគរបស់យើងដែរ។ (ធីម៉ូថេទី១ ៣:១១) ដោយគិតអំពីគោលការណ៍នេះ ជាការល្អឲ្យយើងដឹងថា...
របបអាហារដែលមានតុល្យភាពរួមបញ្ចូលក្រុមអាហារទាំងអស់។ ក្រុមអាហារទាំងប្រាំ រួមបញ្ចូលផលិតផលធ្វើពីទឹកដោះសត្វ ប្រូតេអ៊ីន ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ។ មនុស្សខ្លះមិនទទួលទានក្រុមអាហារខ្លះ ដោយគិតថានោះអាចជួយពួកគេស្រកទម្ងន់។ ប៉ុន្តែ ការធ្វើដូច្នេះ អាចធ្វើឲ្យរូបកាយរបស់អ្នកខ្វះជីវជាតិដែលចាំបាច់សម្រាប់ទ្រទ្រង់រាងកាយ។
សូមសាកធ្វើដូច្នេះ : សូមធ្វើការស្រាវជ្រាវ ឬពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីដឹងអំពីអត្ថប្រយោជន៍នៃសារធាតុផ្សេងៗដែលមានក្នុងអាហារ។ ជាឧទាហរណ៍:
កាបូអ៊ីដ្រាតអាចផ្ដល់ថាមពលដល់អ្នក។ ប្រូតេអ៊ីនអាចជួយរាងកាយរបស់អ្នកប្រយុទ្ធនឹងជំងឺ ហើយក៏ជួយបង្កើតជាលិកា និងជួសជុលជាលិកា។ ជាតិខ្លាញ់ក្នុងកម្រិតត្រឹមត្រូវ អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង និងជួយឲ្យអ្នកឲ្យមានកម្លាំងគ្រប់គ្រាន់។
ប្អូនស្រីប្រេនដឺរៀបរាប់ថា៖«ខ្ញុំព្យាយាមបរិភោគអាហារទាំងប្រាំក្រុម។ ហើយខ្ញុំមិនគិតថាខុសទេ បើយូរៗម្ដងខ្ញុំញ៉ាំស្ករគ្រាប់ឬមីកញ្ចប់។ ប៉ុន្តែ យើងមិនគួរញ៉ាំតែស្ករគ្រាប់ឬមីកញ្ចប់ប៉ុណ្ណោះទេ។ គឺជាការល្អបើយើងបរិភោគដោយមានតុល្យភាព»។
របបអាហារដែលខ្វះជីវជាតិសំខាន់ៗ គឺប្រៀបដូចជាកៅអីដែលខ្វះជើងមួយ
របបអាហារដែលគ្មានតុល្យភាព គឺបង្ខូចសុខភាព។ នេះរួមបញ្ចូលការបរិភោគមិនគ្រប់គ្រាន់ ការបរិភោគច្រើនពេក ឬបង្អត់ខ្លួនមិនបរិភោគអ្វីដែលខ្លួនចូលចិត្ត។
សូមសាកធ្វើដូច្នេះ: ក្នុងរយៈពេលមួយខែ សូមតាមដានទម្លាប់ដែលអ្នកបរិភោគ។ តើអ្នកមានទម្លាប់ដែលបានរៀបរាប់ដូចខាងលើនេះទេ? តើអ្នកអាចកែប្រែអ្វីខ្លះដើម្បីមានរបបអាហារដែលមានតុល្យភាព?
ប្អូនស្រីហាលីរៀបរាប់ថា៖«កាលពីមុន នៅថ្ងៃខ្លះ ខ្ញុំបរិភោគអាហារដែលមានកាឡូរីខ្ពស់ តែថ្ងៃខ្លះទៀត ខ្ញុំបរិភោគអាហារដែលមានកាឡូរីទាប។ ក្រោយមក ខ្ញុំសម្រេចចិត្តឈប់គិតអំពីកាឡូរីទៀត តែប្រយ័ត្នមិនញ៉ាំច្រើនពេក និងឈប់ញ៉ាំពេលដែលឆ្អែតហើយ។ គឺត្រូវការពេលដើម្បីធ្វើដូច្នេះ ប៉ុន្តែឥឡូវខ្ញុំចេះទទួលទានអាហារដែលមានតុល្យភាព»។
តើតាមរបៀបណាខ្ញុំអាចមានទម្លាប់បរិភោគរបបអាហារដែលមានតុល្យភាព?
គិតទុកជាមុន។ គម្ពីរចែងថា៖«គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើងតែម្យ៉ាង»។ (សុភាសិត ២១:៥) ដើម្បីមានទម្លាប់ល្អក្នុងការបរិភោគអាហារដែលនាំឲ្យមានសុខភាពល្អ អ្នកត្រូវគិតទុកជាមុន។
ប្អូនប្រុសថូម៉ាស់រៀបរាប់ថា៖«គឺត្រូវគិតជាមុនដើម្បីបរិភោគអាហារដែលនាំឲ្យមានសុខភាពល្អ ហើយអាហារបែបនោះច្រើនតែបានត្រូវរៀបចំនៅផ្ទះ។ ទោះជាពិបាកក្ដី តែនោះនាំឲ្យមានប្រយោជន៍ច្រើន ថែមទាំងអាចសន្សំលុយទៀតផង»។
ប្ដូរមកបរិភោគអាហារដែលមានសុខភាពល្អ ជំនួសអាហារដែលគ្មានជីវជាតិ។ គម្ពីរចែងថា៖«ចូររក្សាសេចក្ដីដែលមានប្រយោជន៍»ឬប្រាជ្ញាដែលមានប្រយោជន៍។ (សុភាសិត ៣:២១) ប្រាជ្ញាដែលមានប្រយោជន៍ នឹងជួយអ្នកឲ្យរកវិធីដែលល្អបំផុតសម្រាប់អ្នក។
ប្អូនស្រីឃីអារៀបរាប់ថា៖«រៀងរាល់ថ្ងៃ ខ្ញុំប្ដូរមកញ៉ាំអាហារដែលមានសុខភាពល្អមួយមុខ ជំនួសអាហារដែលគ្មានជីវជាតិមួយមុខ។ ជាឧទាហរណ៍ ជាជាងញ៉ាំស្ករគ្រាប់ ខ្ញុំញ៉ាំផ្លែប៉ោមវិញ។ មិនយូរក្រោយមក ខ្ញុំចាប់ផ្ដើមញ៉ាំអាហារដែលមានសុខភាពល្អជំនួសអាហារដែលគ្មានជីវជាតិបានច្រើនមុខ»។
សូមមានគំនិតសមហេតុផល អំពីអ្វីដែលអ្នកតម្រូវចំពោះខ្លួនឯង។ គម្ពីរចែងថា៖«ចូរ...បរិភោគអាហាររបស់ឯងដោយអំណរ»។ (សាស្ដា ៩:៧) ការមានរបបអាហារដែលមានតុល្យភាពមិនមានន័យថាអ្នកមិនអាចបរិភោគដោយអំណរនោះទេ ហើយក៏មិនមានន័យថាអ្នកត្រូវខ្វល់អំពីម្ហូបគ្រប់មុខដែលអ្នកបរិភោគដែរ។ ទោះជាអ្នកត្រូវសម្រកទម្ងន់ក្ដី សូមចាំថាគោលដៅរបស់អ្នកគឺមានសុខភាពល្អ។ ដូច្នេះ សូមមានគំនិតសមហេតុផល អំពីអ្វីដែលអ្នកតម្រូវចំពោះខ្លួនឯង។
ប្អូនស្រីមេឡនីរៀបរាប់ថា៖«ថ្មីៗនេះ ខ្ញុំចុះទម្ងន់អស់ជាង១៣គីឡូក្រាម ហើយអំឡុងពេលនោះ ខ្ញុំមិនដែលបង្អត់អាហារ ឬរំលងក្រុមអាហារណាមួយទេ។ ខ្ញុំក៏មិនបន្ទោសខ្លួនពេលខ្ញុំញ៉ាំនំមួយដែរ។ ខ្ញុំទទួលស្គាល់ការពិតថា ការចុះទម្ងន់នេះមិនមែនកើតឡើងភ្លាមៗទេ តែខ្ញុំត្រូវកែប្រែចិត្តគំនិតរបស់ខ្ញុំស្ដីអំពីទម្លាប់បរិភោគអាហារ»។