សេចក្ដីពន្យល់បន្ថែម
តើស្ត្រីត្រូវពាក់អ្វីលើក្បាលនៅពេលណា ហើយហេតុអ្វី?
តើនៅពេលណាហើយហេតុអ្វីស្ត្រីគ្រិស្តសាសនិកត្រូវពាក់អ្វីលើក្បាល ពេលគោរពប្រណិប័តន៍ព្រះ? ដើម្បីឆ្លើយសំណួរទាំងនេះ យើងនឹងពិចារណាអ្វីដែលប៉ូលបានពន្យល់ក្រោមការដឹកនាំរបស់ព្រះ។ គាត់ផ្ដល់ការណែនាំដែលយើងត្រូវការដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ ពោលគឺការសម្រេចចិត្តដែលលើកកិត្ដិយសព្រះ។ (កូរិនថូសទី១ ១១:៣-១៦) ប៉ូលបញ្ជាក់អំពីកត្ដាបីយ៉ាងដែលយើងត្រូវថ្លឹងថ្លែង គឺ(១) ទង្វើដែលតម្រូវឲ្យស្ត្រីពាក់អ្វីលើក្បាល (២) ស្ថានភាពដែលតម្រូវឲ្យនាងធ្វើដូច្នោះ ហើយ(៣) បំណងចិត្តដែលគួរជំរុញនាងឲ្យធ្វើតាមខ្នាតតម្រានេះ។
ទង្វើ។ ប៉ូលបញ្ជាក់អំពីទង្វើពីរយ៉ាង គឺការអធិដ្ឋាននិងការប្រកាសទំនាយ។ (ខ៤និង៥) ក្នុងគម្ពីរសេចក្ដីអធិដ្ឋានសំដៅទៅការជម្រាបព្រះយេហូវ៉ាដោយការគោរព។ ចុះការប្រកាសទំនាយវិញ? សព្វថ្ងៃនេះ ការប្រកាសទំនាយសំដៅទៅលើគ្រិស្តសាសនិកម្នាក់បង្រៀនអ្នកឯទៀតអំពីគម្ពីរ ទោះជានៅពេលណាឬក្នុងស្ថានភាពណាក៏ដោយ។ ប៉ុន្តែតើប៉ូលចង់និយាយថាស្ត្រីត្រូវពាក់អ្វីលើក្បាលរាល់ដងដែលនាងអធិដ្ឋានឬបង្រៀនសេចក្ដីពិតពីគម្ពីរឬទេ? មិនមែនទេ។ នោះអាស្រ័យទៅលើស្ថានភាព ពេលដែលស្ត្រីអធិដ្ឋានឬបង្រៀន។
ស្ថានភាព។ ពាក្យរបស់ប៉ូលនាំឲ្យគិតអំពីស្ថានភាពពីរយ៉ាង គឺក្នុងក្រុមគ្រួសារនិងក្នុងក្រុមជំនុំ។ ប៉ូលប្រាប់ថា៖ «ប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស . . . ស្ត្រីណាដែលអធិដ្ឋានឬប្រកាសទំនាយដោយមិនពាក់អ្វីលើក្បាល ធ្វើឲ្យក្បាល[ឬ«ប្រមុខ»]ខ្លួនអាប់ឱនកិត្ដិយស»។ (ខ៣និង៥; កំណត់សម្គាល់) ក្នុងក្រុមគ្រួសារ ប្ដីរបស់ស្ត្រីជាអ្នកដែលព្រះយេហូវ៉ាបានតែងតាំងជាប្រមុខរបស់នាង។ បើនាងបំពេញភារកិច្ចដែលព្រះយេហូវ៉ាប្រគល់ឲ្យប្ដី តែនាងមិនទទួលស្គាល់សិទ្ធិអំណាចរបស់ប្ដីទេ នោះនាងធ្វើឲ្យប្ដីអាប់ឱនកិត្ដិយស។ ជាឧទាហរណ៍ បើស្ត្រីត្រូវដឹកនាំការសិក្សាគម្ពីរពេលដែលប្ដីរបស់នាងនៅក្បែរៗ នោះនាងត្រូវទទួលស្គាល់សិទ្ធិអំណាចរបស់ប្ដីដោយពាក់អ្វីលើក្បាល។ នាងត្រូវធ្វើដូច្នេះ ទោះជាប្ដីរបស់នាងបានទទួលការជ្រមុជទឹករួចហើយ ឬមិនទាន់ទទួលក្ដី ដោយសារគាត់ជាប្រមុខក្រុមគ្រួសារ។a ដូចគ្នាដែរ បើនាងមានកូនប្រុសដែលមិនទាន់គ្រប់អាយុតែបានទទួលការជ្រមុជទឹក ហើយនាងត្រូវអធិដ្ឋានឬបង្រៀនពេលដែលកូនប្រុសនៅក្បែរៗ នោះនាងត្រូវពាក់អ្វីលើក្បាលដែរ មិនមែនដោយសារកូនប្រុសជាប្រមុខគ្រួសារទេ តែដោយសារនាងទទួលស្គាល់សិទ្ធិអំណាចរបស់បុរសដែលបានទទួលការជ្រមុជទឹកជាសមាជិកក្នុងក្រុមជំនុំគ្រិស្តសាសនិក។
ប៉ូលបញ្ជាក់អំពីស្ថានភាពទី២ ពោលគឺក្នុងក្រុមជំនុំ ដោយនិយាយថា៖ «ប្រសិនបើមានអ្នកណាដែលមើលទៅដូចជាចង់តវ៉ាដើម្បីធ្វើតាមទម្លាប់ណាផ្សេងទៀត យើងគ្មានទម្លាប់ណាផ្សេងទៀតទេ ហើយក្រុមជំនុំទាំងឡាយរបស់ព្រះក៏គ្មានដែរ»។ (ខ១៦) ក្នុងក្រុមជំនុំគ្រិស្តសាសនិក បុរសដែលបានទទួលការជ្រមុជទឹកបានទទួលសិទ្ធិអំណាចជាប្រមុខ។ (ធីម៉ូថេទី១ ២:១១-១៤; ហេប្រឺ ១៣:១៧) មានតែបុរសប៉ុណ្ណោះដែលអាចទទួលតំណែងជាអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើ ដែលព្រះប្រគល់ភារកិច្ចឲ្យថែរក្សាហ្វូងចៀមរបស់លោក។ (សកម្មភាព ២០:២៨) ប៉ុន្តែម្ដងម្កាល ប្រហែលជាស្ត្រីគ្រិស្តសាសនិកត្រូវបំពេញភារកិច្ចមួយ ដែលតាមធម្មតាត្រូវបំពេញដោយបុរសដែលបានទទួលការជ្រមុជទឹក ហើយមានគុណសម្បត្ដិគ្រប់គ្រាន់។ ជាឧទាហរណ៍ នាងប្រហែលជាត្រូវដឹកនាំក្រុមផ្សព្វផ្សាយដោយសារគ្មានបុរសដែលបានទទួលការជ្រមុជទឹក ហើយមានគុណសម្បត្ដិគ្រប់គ្រាន់នៅទីនោះទេ។ ឬក៏នាងប្រហែលជាដឹកនាំការសិក្សាដែលបានត្រូវរៀបចំទុកជាមុន ដោយមានបុរសដែលបានទទួលការជ្រមុជទឹកនៅជាមួយ។b ដោយសារសកម្មភាពទាំងនេះតាមពិតជានាទីរបស់ក្រុមជំនុំគ្រិស្តសាសនិក នាងត្រូវពាក់អ្វីលើក្បាលដើម្បីបង្ហាញថា នាងទទួលស្គាល់ថានាងកំពុងបំពេញតួនាទីមួយដែលតាមធម្មតាជាតួនាទីរបស់បុរស។
ប៉ុន្តែមានផ្នែកជាច្រើននៃការគោរពប្រណិប័តន៍ពិតដែលមិនតម្រូវឲ្យបងស្រីម្នាក់ពាក់អ្វីលើក្បាលទេ។ ជាឧទាហរណ៍ នាងមិនចាំបាច់ពាក់អ្វីលើក្បាលពេលឆ្លើយនៅកិច្ចប្រជុំ ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាមួយនឹងប្ដីរបស់នាង ឬបុរសផ្សេងទៀតដែលបានទទួលការជ្រមុជទឹកហើយ ឬពេលនាងសិក្សាឬអធិដ្ឋានជាមួយនឹងកូនដែលមិនទាន់ទទួលការជ្រមុជទឹកទេ។ ប៉ុន្តែប្រហែលជាបងស្រីណាម្នាក់នឹងមានសំណួរផ្សេងទៀតអំពីរឿងនេះ ហើយបើនាងមិនច្បាស់ថាត្រូវធ្វើយ៉ាងណា នាងអាចស្រាវជ្រាវថែមទៀតបាន។ បើនាងនៅតែមិនប្រាកដ ហើយបើសមត្ថភាពវិនិច្ឆ័យរបស់នាងជំរុញឲ្យពាក់អ្វីលើក្បាល នោះមិនខុសទេ ដូចរូបភាពក្នុងអត្ថបទនេះបានបង្ហាញ។
បំណងចិត្ត។ នៅខ១០ យើងឃើញនូវមូលហេតុពីរយ៉ាងដែលស្ត្រីគ្រិស្តសាសនិកគួរមានចិត្តចង់ធ្វើតាមខ្នាតតម្រានេះ: «ស្ត្រីត្រូវមានអ្វីលើក្បាលដែលបញ្ជាក់ពីការចុះចូល ហើយដោយសារបណ្ដាទេវតា»។ មុនបង្អស់សូមកត់សម្គាល់ពាក្យថា‹អ្វីដែលបញ្ជាក់ពីការចុះចូល›។ ពេលស្ត្រីពាក់អ្វីលើក្បាល នាងបង្ហាញថានាងទទួលស្គាល់សិទ្ធិអំណាចដែលព្រះយេហូវ៉ាបានប្រគល់ឲ្យបុរសក្នុងក្រុមជំនុំដែលបានទទួលការជ្រមុជទឹក។ ដូច្នេះ ដោយពាក់អ្វីលើក្បាល នាងបង្ហាញនូវសេចក្ដីស្រឡាញ់និងភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ មូលហេតុទី២បានត្រូវបញ្ជាក់ដោយពាក្យថា«ដោយសារបណ្ដាទេវតា»។ ដោយពាក់អ្វីលើក្បាល តើស្ត្រីមានឥទ្ធិពលយ៉ាងណាទៅលើបុគ្គលវិញ្ញាណខ្លាំងក្លាទាំងនោះ?
ទេវតាចាប់អារម្មណ៍ចង់ឃើញបុគ្គលទាំងអស់ទទួលស្គាល់អំណាចរបស់ព្រះយេហូវ៉ាក្នុងអង្គការរបស់លោក ទាំងនៅស្ថានសួគ៌ទាំងនៅផែនដី។ ពួកគេទទួលប្រយោជន៍ពីគំរូរបស់មនុស្សមិនល្អឥតខ្ចោះក្នុងរឿងនេះផងដែរ។ យ៉ាងណាមិញ ពួកគេក៏ត្រូវចុះចូលចំពោះរបៀបរៀបចំរបស់ព្រះយេហូវ៉ាដែរ ហើយនេះជាអ្វីមួយដែលទេវតាច្រើនរូបមិនបានធ្វើនៅអតីតកាល។ (យូដាស ៦) ទេវតាប្រហែលជាឃើញបងស្រីម្នាក់ដែលមានបទពិសោធន៍ ចំណេះដឹង និងប្រាជ្ញាច្រើនជាងបងប្រុសម្នាក់ដែលបានទទួលការជ្រមុជទឹក ប៉ុន្តែនាងពេញចិត្តចុះចូលចំពោះសិទ្ធិអំណាចរបស់គាត់។ ក្នុងករណីខ្លះ ស្ត្រីនោះជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំងឲ្យគ្រប់គ្រងជាមួយគ្រិស្តនៅអនាគត។ នៅទីបំផុតនាងនឹងមានឋានៈខ្ពស់ជាងទេវតាទៅទៀត។ នេះជាគំរូល្អប្រសើរណាស់សម្រាប់បណ្ដាទេវតា! តាមពិត បងប្អូនស្រីទាំងឡាយមានឯកសិទ្ធិដ៏អស្ចារ្យណាស់ ពោលគឺពួកគេអាចបង្ហាញថាពួកគេស្ដាប់បង្គាប់ព្រះដោយចិត្តរាបទាប តាមរយៈការចុះចូលដោយភក្ដីភាព ដោយមានទេវតារាប់លានរូបមើល!
a ធម្មតា ស្ត្រីជាគ្រិស្តសាសនិកនឹងមិនអធិដ្ឋានដោយឮៗទេ ពេលដែលប្ដីរបស់នាងដែលជាអ្នកជឿនៅក្បែរៗនាង លើកលែងតែមានស្ថានភាពខុសពីធម្មតា ឧទាហរណ៍ដូចជាប្ដីរបស់នាងមានជំងឺដែលនាំឲ្យគាត់ទៅជាគ។
b បើស្ត្រីម្នាក់ដែលជាគ្រិស្តសាសនិកដឹកនាំការសិក្សាដែលបានត្រូវរៀបចំទុកជាមុន ហើយនាងនៅជាមួយបុរសជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក និងដែលមិនមែនជាប្ដីនាង នោះនាងមិនចាំបាច់ពាក់អ្វីលើក្បាលទេ។