សំណួរសម្រាប់ពួកអ្នក ដែលចង់ទទួលការជ្រមុជទឹក
ផ្នែកទី២: របៀបរស់នៅជាគ្រិស្តសាសនិកពិត
តាមរយៈការសិក្សាគម្ពីរ អ្នកបានទទួលចំណេះដឹងអំពីអ្វីដែលព្រះយេហូវ៉ាតម្រូវពីអ្នក និងអំពីរបៀបដែលអ្នកអាចធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់លោក។ ដោយសារអ្នកអនុវត្តអ្វីដែលអ្នកបានរៀន អ្នកប្រហែលជាបានកែប្រែការប្រព្រឹត្តនិងចិត្តគំនិតរបស់អ្នក។ អ្នកបានតាំងចិត្តរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា ដូច្នេះ អ្នកមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកផ្សព្វផ្សាយដំណឹងល្អ។ ការពិចារណានូវសំណួរតទៅនេះ នឹងជួយអ្នកឲ្យចាំជានិច្ចអំពីតម្រូវការដ៏សុចរិតរបស់ព្រះយេហូវ៉ា ក៏នឹងរំលឹកអ្នកដែរ អំពីអ្វីដែលអ្នកអាចធ្វើដើម្បីធ្វើជាអ្នកបម្រើម្នាក់ដែលលោកពេញចិត្ត។ ព័ត៌មាននៅខាងក្រោមនេះ នឹងបញ្ជាក់ឲ្យអ្នកឃើញសារៈសំខាន់នៃការធ្វើអ្វីៗទាំងអស់ដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស និងសារៈសំខាន់នៃការលើកកិត្តិយសព្រះយេហូវ៉ា។—២កូ. ១:១២; ១ធី. ១:១៩; ១ពេ. ៣:១៦, ២១ ដោយសារអ្នកបានសិក្សាមកដល់ចំណុចនេះ អ្នកច្បាស់ជាចង់ចុះចូលចំពោះការគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងអង្គការរបស់លោកដែរ។ សំណួរនិងបទគម្ពីរយោងផ្សេងៗ នឹងជួយឲ្យអ្នកពិចារណាអំពីការយល់ដឹងរបស់អ្នកស្ដីអំពីការចុះចូលចំពោះរបៀបរៀបចំរបស់ព្រះយេហូវ៉ា ទោះជានៅក្នុងក្រុមជំនុំ ក្នុងក្រុមគ្រួសារ ឬចំពោះច្បាប់ផ្សេងៗរបស់ពួកអាជ្ញាធរនៃពិភពលោកនេះក្ដី។ អ្នកនឹងកាន់តែឲ្យតម្លៃចំពោះអ្វីដែលព្រះយេហូវ៉ាកំពុងធ្វើដើម្បីអប់រំនិងពង្រឹងជំនឿរាស្ត្ររបស់លោក។ លោកបានរៀបចំឲ្យមានកិច្ចប្រជុំក្រុមជំនុំ ដូច្នេះ អ្នកគួរចូលរួមកិច្ចប្រជុំ និងរួមចំណែកក្នុងកិច្ចប្រជុំទាំងនេះ តាមដែលអាចធ្វើបាន។ បន្ថែមទៀត ព័ត៌មានក្នុងផ្នែកនេះក៏នឹងបង្ហាញអំពីសារៈសំខាន់នៃការចូលរួមជាទៀងទាត់ក្នុងការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ ដើម្បីជួយអ្នកឯទៀតឲ្យស្គាល់ព្រះយេហូវ៉ា និងអ្វីដែលលោកកំពុងធ្វើដើម្បីមនុស្សជាតិ។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ទីបំផុត ផ្នែកនេះនឹងជួយឲ្យអ្នកយល់ថា ការប្រគល់ខ្លួនជូនព្រះយេហូវ៉ានិងការជ្រមុជទឹកគឺជាការសម្រេចចិត្តដ៏សំខាន់។ អ្នកអាចទុកចិត្តថា ព្រះយេហូវ៉ាឲ្យតម្លៃចំពោះរបៀបដែលអ្នកទទួលយកយ៉ាងស្មោះអស់ពីចិត្ត នូវគុណដ៏វិសេសលើសលប់ដែលលោកបានបង្ហាញចំពោះអ្នក។
១. តើព្រះពេញចិត្តនឹងអាពាហ៍ពិពាហ៍បែបណា? តើអ្វីជាមូលហេតុតែមួយគត់ពីគម្ពីរចំពោះការលែងលះគ្នា?
• «តើអ្នករាល់គ្នាមិនធ្លាប់អានទេថា លោកដែលបានបង្កើតមនុស្សជាតិដំបូង បានបង្កើតពួកគេជាប្រុសនិងស្រី ហើយមានប្រសាសន៍ថា៖ ‹ហេតុនេះហើយ បុរសនឹងចាកចេញពីឪពុកនិងម្ដាយខ្លួន ហើយនឹងនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ›នោះ? ដូច្នេះ ពួកគេលែងជាពីរទៀតហើយ ប៉ុន្តែជាសាច់ឈាមតែមួយវិញ។ ម្ល៉ោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ . . . អ្នកណាដែលលែងលះប្រពន្ធដែលមិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ រួចរៀបការជាមួយនឹងស្ត្រីម្នាក់ទៀត អ្នកនោះជាអ្នកផិតក្បត់»។—ម៉ាថ. ១៩:៤-៦, ៩
២. ហេតុអ្វីពួកអ្នកដែលរស់នៅជាមួយគ្នាជាប្ដីប្រពន្ធគួររៀបការស្របច្បាប់? បើអ្នកបានរៀបការហើយ តើអ្នកប្រាកដថាអាពាហ៍ពិពាហ៍របស់អ្នកគឺត្រឹមត្រូវតាមច្បាប់ ហើយបានត្រូវទទួលស្គាល់ពីរដ្ឋាភិបាលឬទេ?
• «ចូរបន្តរំលឹកពួកគេឲ្យចុះចូលស្ដាប់បង្គាប់រដ្ឋាភិបាលនិងពួកអាជ្ញាធរជាអ្នកគ្រប់គ្រង»។—ទីត. ៣:១
• «ចូរឲ្យមនុស្សទាំងអស់គ្នាចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ ហើយឲ្យការរួមរស់ជាប្ដីប្រពន្ធត្រូវឥតសៅហ្មង ព្រោះព្រះនឹងវិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌និងអ្នកផិតក្បត់»។—ហេ. ១៣:៤
៣. តើអ្វីជាតួនាទីរបស់អ្នកក្នុងក្រុមគ្រួសារ?
• «នែ កូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្ដាយឯងឡើយ»។—សុភ. ១:៨, យើងកែជាអក្សរទ្រេត
• «ប្ដីជាប្រមុខរបស់ប្រពន្ធ ដូចគ្រិស្តជាប្រមុខនៃក្រុមជំនុំ . . . ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជាដរាប ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ»។—អេភ. ៥:២៣, ២៥
• «អ្នករាល់គ្នាដែលជាឪពុក កុំធ្វើឲ្យកូនខឹង តែចូរអប់រំកូនទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា ហើយបណ្ដុះឲ្យកូនមានគំនិតដូចលោក»។—អេភ. ៦:៤
• «កូនរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយក្នុងគ្រប់ការទាំងអស់ ព្រោះធ្វើដូច្នេះនាំឲ្យលោកម្ចាស់ពេញចិត្ត»។—កូឡ. ៣:២០
• «ចូរអ្នករាល់គ្នាដែលជាប្រពន្ធចុះចូលនឹងប្ដីខ្លួន»។—១ពេ. ៣:១
៤. ហេតុអ្វីយើងគួរបង្ហាញការគោរពចំពោះជីវិត?
• «[ព្រះ]ដែលផ្ដល់ជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់រូប។ . . . គឺដោយសារលោកទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង»។—សកម្ម. ១៧:២៥, ២៨
៥. ហេតុអ្វីយើងមិនសម្លាប់អ្នកឯទៀត រួមបញ្ចូលកូនដែលមិនទាន់កើត?
• «បើអ្នកណាឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះឲ្យរលូតកូន . . . ហើយ . . . បើមានគ្រោះថ្នាក់ នោះត្រូវសងជីវិតឲ្យធួននឹងជីវិត»។—និក្ខ. ២១:២២, ២៣
• «ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានដំរូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ»។—ទំនុក. ១៣៩:១៦
• «ព្រះយេហូវ៉ាទ្រង់ស្អប់ . . . ដៃដែលកំចាយឈាមមនុស្សឥតទោស»។—សុភ. ៦:១៦, ១៧
៦. តើអ្វីជាបង្គាប់របស់ព្រះស្ដីអំពីឈាម?
• «ជៀសវាងជាដាច់ខាត . . . ពីឈាម [និង]សាច់សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក»។—សកម្ម. ១៥:២៩
៧. ហេតុអ្វីយើងត្រូវស្រឡាញ់បងប្អូនរួមជំនឿរបស់យើង?
• «ខ្ញុំឲ្យបញ្ញត្ដិថ្មីមួយដល់អ្នករាល់គ្នា គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។—យ៉ូន. ១៣:៣៤, ៣៥
៨. បើបុគ្គលម្នាក់មានជំងឺដែលអាចឆ្លងបាន និងដែលអាចនាំឲ្យអ្នកឯទៀតស្លាប់ ហេតុអ្វីគាត់ (ក) មិនគួរទៅឱបឬថើបអ្នកឯទៀត? (ខ) មិនគួរអាក់អន់ចិត្ត បើអ្នកខ្លះមិនអញ្ជើញគាត់ឲ្យមកលេងផ្ទះ? (គ) ប្រសិនបើបុគ្គលម្នាក់សង្ស័យថាខ្លួនមានរោគដែលអាចឆ្លងបាន ហេតុអ្វីគាត់គួរស្ម័គ្រចិត្តទៅពិនិត្យឈាមមុននឹងចាប់ផ្ដើមស្វែងយល់ចិត្តគ្នា? (ឃ) ហេតុអ្វីបុគ្គលដែលមានរោគឆ្លង ត្រូវជម្រាបអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំមុននឹងទទួលការជ្រមុជទឹក?
• «អ្នករាល់គ្នាមិនត្រូវជំពាក់អ្វីអ្នកណាទេ សូម្បីតែអ្វីមួយក៏ដោយ ក្រៅពីការបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក . . . ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›។ អ្នកដែលមានសេចក្ដីស្រឡាញ់មិនធ្វើអំពើអាក្រក់ទៅលើអ្នកជិតខាងរបស់ខ្លួនឡើយ»។—រ៉ូម ១៣:៨-១០
• «បន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតអំពីរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ»។—ភី. ២:៤
៩. ហេតុអ្វីព្រះយេហូវ៉ាតម្រូវឲ្យយើងអភ័យទោសឲ្យអ្នកដទៃ?
• «ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់។ ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម្ល៉ោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ»។—កូឡ. ៣:១៣
១០. បើបងប្អូនណាម្នាក់ឆបោកឬនិយាយបង្កាច់បង្ខូចអ្នក តើអ្នកគួរធ្វើយ៉ាងណា?
• «ប្រសិនបើបងប្អូនណាម្នាក់របស់អ្នកធ្វើខុសអ្វីមួយ ចូរទៅជួបគាត់ម្នាក់ឯង ហើយលាតត្រដាងកំហុសរបស់គាត់។ បើគាត់ស្ដាប់អ្នក នោះអ្នកបានបងប្អូននោះមកវិញ។ ប៉ុន្តែបើគាត់មិនស្ដាប់អ្នកទេ ចូរយកមនុស្សម្នាក់ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់រឿងទាំងអស់អាចត្រូវទុកជាការពិត ដោយការបញ្ជាក់របស់សាក្សីពីរឬបីនាក់។ បើគាត់មិនស្ដាប់ពួកគេទេ ចូរប្រាប់ដល់ក្រុមជំនុំ។ ប្រសិនបើគាត់មិនស្ដាប់ក្រុមជំនុំទៀត នោះចូរចាត់ទុកគាត់ជាជនជាតិដទៃ និងជាអ្នកយកពន្ធ»។—ម៉ាថ. ១៨:១៥-១៧
១១. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះអំពើខុសឆ្គងដូចខាងក្រោម?
▪ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ
▪ ការប្រើរូបព្រះក្នុងការគោរពប្រណិប័តន៍
▪ ការស្រឡាញ់ភេទដូចគ្នា
▪ ការលួច
▪ ការលេងល្បែងស៊ីសង
▪ ការផឹកស្រាឲ្យស្រវឹង
• «កុំច្រឡំឲ្យសោះ។ អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អ្នកដែលគោរពបូជារូបព្រះ អ្នកផិតក្បត់ បុរសដែលសុខចិត្តបម្រើបុរសឯទៀតខាងផ្លូវភេទ បុរសដែលរួមដំណេកជាមួយនឹងបុរសឯទៀត ពួកចោរ មនុស្សលោភលន់ អ្នកប្រមឹកស្រា អ្នកជេរប្រមាថ និងអ្នកគំរាមយកទ្រព្យ នឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។—១កូ. ៦:៩, ១០
១២. ស្ដីអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ដែលរួមបញ្ចូលអំពើផ្សេងៗខាងផ្លូវភេទជាមួយដៃគូដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន តើអ្នកតាំងចិត្តធ្វើអ្វី?
• «ចូររត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។—១កូ. ៦:១៨
១៣. ហេតុអ្វីយើងគួរជៀសវាងពីការប្រើសារធាតុដែលធ្វើឲ្យញៀនឬធ្វើឲ្យសតិប្រែប្រួល ដោយគ្មានការត្រួតពិនិត្យពីគ្រូពេទ្យ?
• «ប្រគល់រូបកាយរបស់ខ្លួនជាគ្រឿងបូជាដែលមានជីវិត ក៏បរិសុទ្ធ ហើយគាប់ចិត្តព្រះ ធ្វើដូច្នេះអ្នករាល់គ្នានឹងបំពេញកិច្ចបម្រើពិសិដ្ឋដោយប្រើសមត្ថភាពរិះគិត។ ហើយឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ»។—រ៉ូម ១២:១, ២
១៤. តើការទាក់ទងនឹងពួកវិញ្ញាណកំណាចតាមរបៀបណាខ្លះដែលព្រះហាម?
• «នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមាន . . . គ្រូទាយ គ្រូគន់គូរនក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូសន្ធាប់គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចណាឡើយ»។—ចោ. ១៨:១០, ១១
១៥. បើបុគ្គលម្នាក់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តឡើងវិញ តើគាត់គួរធ្វើអ្វីភ្លាមៗ?
• «ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា»។—ទំនុក. ៣២:៥
• «តើមានអ្នកណាឈឺក្នុងចំណោមអ្នករាល់គ្នាទេ? ចូរឲ្យអ្នកនោះហៅបុរសចាស់ទុំក្នុងក្រុមជំនុំមក ហើយឲ្យពួកគាត់អធិដ្ឋានឲ្យអ្នកនោះ ដោយលាបប្រេងក្នុងនាមព្រះយេហូវ៉ា។ រួចសេចក្ដីអធិដ្ឋានដែលបានត្រូវពោលដោយជំនឿនឹងធ្វើឲ្យអ្នកដែលមិនស្រួលខ្លួនបានជាសះស្បើយ ហើយព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកនោះមានសុខភាពល្អឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកនោះបានប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះនឹងទទួលការអភ័យទោស»។—យ៉ា. ៥:១៤, ១៥
១៦. តើអ្នកគួរធ្វើអ្វីពេលដឹងថាបងប្អូនរួមជំនឿម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ?
• «ក្រោយដែលបានទទួលស្បថ ធ្វើស្មរបន្ទាល់ហើយ នោះបើអ្នកណាធ្វើបាប ដោយមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញឬដឹង អ្នកនោះឈ្មោះថាមានទោសវិញ»។—លេវី. ៥:១
១៧. តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះបុគ្គលម្នាក់ ក្រោយពីស្ដាប់សេចក្ដីជូនដំណឹងថាគាត់លែងជាសាក្សីព្រះយេហូវ៉ាហើយ?
• «ឈប់ចូលលាយឡំជាមួយនឹងអ្នកណាដែលមានឈ្មោះថាជាបងប្អូនរួមជំនឿ ដែលជាអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ជាអ្នកលោភលន់ អ្នកគោរពបូជារូបព្រះ អ្នកជេរប្រមាថ អ្នកប្រមឹកស្រា អ្នកគំរាមយកទ្រព្យ សូម្បីតែបរិភោគ ក៏កុំបរិភោគជាមួយនឹងមនុស្សបែបនោះដែរ»។—១កូ. ៥:១១
• «ប្រសិនបើមានអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនសេចក្ដីនេះ កុំទទួលអ្នកនោះចូលក្នុងផ្ទះរបស់អ្នក ឬសូម្បីតែជម្រាបសួរអ្នកនោះឡើយ»។—២យ៉ូន. ១០
១៨. ហេតុអ្វីមិត្តជិតស្និទ្ធរបស់អ្នកគួរតែជាពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា?
• «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។—សុភ. ១៣:២០
• «កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ»។—១កូ. ១៥:៣៣
១៩. ហេតុអ្វីសាក្សីព្រះយេហូវ៉ារក្សាជំហរអព្យាក្រឹតខាងនយោបាយ?
• «ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំ[លោកយេស៊ូ]ក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។—យ៉ូន. ១៧:១៦
២០. ហេតុអ្វីអ្នកគួរចុះចូលនឹងរដ្ឋាភិបាល?
• «ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងពួកអាជ្ញាធរ ព្រោះគ្រប់ទាំងអំណាចគឺមកពីព្រះ។ ព្រះជាអ្នកតែងតាំងពួកអាជ្ញាធរឲ្យមានអំណាចតាមថ្នាក់របស់ពួកគេរៀងខ្លួន»។—រ៉ូម ១៣:១
២១. តើអ្នកនឹងធ្វើយ៉ាងណាបើការធ្វើតាមច្បាប់របស់មនុស្សនាំឲ្យប្រឆាំងនឹងច្បាប់របស់ព្រះ?
• «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។—សកម្ម. ៥:២៩
២២. តើបទគម្ពីរណាខ្លះអាចជួយអ្នកជៀសវាងពីការរួមចំណែកក្នុងពិភពលោក ពេលជ្រើសយកការងារ?
• «អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ»។—មីកា ៤:៣
• «រាស្ត្រខ្ញុំអើយ ចូរចេញពីក្រុងនោះមក[បាប៊ីឡូនដ៏ខ្លាំងក្លា] ប្រសិនបើអ្នករាល់គ្នាមិនចង់មានចំណែកក្នុងអំពើខុសឆ្គងរបស់នាង ហើយប្រសិនបើអ្នករាល់គ្នាមិនចង់ទទួលចំណែកពីសេចក្ដីវេទនារបស់នាង»។—បប. ១៨:៤
២៣. តើការកម្សាន្តនិងការសម្រាកលម្ហែកាយបែបណា ដែលអ្នកនឹងជ្រើសរើសឬបដិសេធ?
• «ព្រះយេហូវ៉ា . . . ស្អប់ . . . ពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោត»។—ទំនុក. ១១:៥
• «ចូរស្អប់ខ្ពើមអ្វីៗដែលទុច្ចរិត ហើយកាន់ខ្ជាប់អ្វីៗដែលល្អ»។—រ៉ូម ១២:៩
• «អ្វីៗដែលពិត អ្វីៗដែលថ្លៃថ្នូរ អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរឲ្យស្រឡាញ់ អ្វីៗដែលមានកេរ្ដិ៍ឈ្មោះល្អ អ្វីដែលប្រកបដោយគុណធម៌ និងអ្វីដែលគួរឲ្យសរសើរ ចូរបន្តពិចារណាអ្វីៗទាំងនោះ»។—ភី. ៤:៨
២៤. ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនចូលរួមគោរពប្រណិប័តន៍ជាមួយក្រុមសាសនាផ្សេងទៀត?
• «អ្នករាល់គ្នាមិនអាចបរិភោគពី‹តុរបស់ព្រះយេហូវ៉ា›ផងនិងពីតុរបស់ពួកវិញ្ញាណកំណាចផងបានឡើយ»។—១កូ. ១០:២១
• «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ចូរ . . . ញែកខ្លួនចេញ។ ឈប់ពាល់អ្វីដែលមិនស្អាត›‹រួចខ្ញុំនឹងទទួលអ្នករាល់គ្នា›»។—២កូ. ៦:១៧
២៥. តើគោលការណ៍ណាខ្លះដែលនឹងជួយឲ្យអ្នកសម្រេចចិត្តថា ចូលរួមឬមិនចូលរួមពិធីបុណ្យណាមួយ?
• «គេបានទៅប្រព្រឹត្តច្របូកច្របល់ជាមួយ ព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ ក៏គោរពប្រតិបត្ដិដល់រូបព្រះរបស់សាសន៍ទាំងនោះដែរ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ»។—ទំនុក. ១០៦:៣៥, ៣៦
• «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។—សាស្ដ. ៩:៥
• «ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។—យ៉ូន. ១៧:១៦
• «វេលាដែលអ្នករាល់គ្នាបានចំណាយក្នុងការធ្វើតាមបំណងប្រាថ្នារបស់ពិភពលោកនេះគឺល្មមហើយជាវេលាដែលអ្នករាល់គ្នាបានដើរក្នុងផ្លូវសីលធម៌ធូររលុង តណ្ហាក្រាស់ ការផឹកស្រាច្រើនហួសប្រមាណ ការជប់លៀងសប្បាយឥតបើគិត ការប្រកួតគ្នាផឹកស្រា ហើយការគោរពបូជារូបព្រះខុសច្បាប់»។—១ពេ. ៤:៣
២៦. តើមានកំណត់ហេតុណាខ្លះក្នុងគម្ពីរស្ដីអំពីពិធីបុណ្យខួបកំណើត? តើយើងអាចរៀនអ្វីពីកំណត់ហេតុទាំងនេះ?
• «ក្រោយ៣ថ្ងៃមក ជាថ្ងៃបុណ្យចំរើនព្រះជន្មផារ៉ោន នោះទ្រង់រៀបជប់លៀងដល់ពួកនាម៉ឺនទាំងប៉ុន្មាន ហើយទ្រង់ហៅនាយពិសេសថ្វាយពែង នឹងមេពួកដុតនំមកនៅកណ្ដាលពួកនាម៉ឺនទាំងនោះ ទ្រង់ក៏តាំងនាយពិសេសថ្វាយពែងក្នុងដំណែងដើមឡើងវិញ . . . តែឯមេពួកដុតនំ ទ្រង់បានចងព្យួរវិញ»។—លោ. ៤០:២០-២២
• «ពេលដែលកំពុងជប់លៀងអបអរថ្ងៃកំណើតរបស់ហេរ៉ូឌ នោះកូនស្រីរបស់ហេរ៉ូឌាសបានរាំនៅពិធីនោះ ហើយធ្វើឲ្យហេរ៉ូឌពេញចិត្តដល់ម្ល៉េះ បានជាលោកស្បថថានឹងឲ្យនាងអ្វីក៏ដោយដែលនាងសុំ។ រួចមក នាងបានសុំតាមពាក្យបង្គាប់របស់ម្ដាយថា៖ ‹សូមឲ្យក្បាលរបស់យ៉ូហាន ជាអ្នកជ្រមុជទឹក ដាក់លើថាសមួយមកឲ្យខ្ញុំ›។ ដូច្នេះ លោកចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក»។—ម៉ាថ. ១៤:៦-៨, ១០
២៧. ហេតុអ្វីអ្នកចង់ធ្វើតាមការណែនាំពីពួកអ្នកចាស់ទុំ?
• «ចូរស្ដាប់បង្គាប់ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា ព្រោះពួកគេកំពុងថែរក្សាអ្នករាល់គ្នា ហើយទទួលខុសត្រូវអំពីរបៀបដែលពួកគេបានធ្វើការនោះ។ ដូច្នេះ ពួកគេអាចធ្វើការនេះដោយមានអំណរ មិនមែនដោយដកដង្ហើមធំទេ ព្រោះបើដូច្នេះនឹងនាំឲ្យអ្នករាល់គ្នាបង់ប្រយោជន៍វិញ»។—ហេ. ១៣:១៧
២៨. ហេតុអ្វីជាការសំខាន់ដែលអ្នកនិងក្រុមគ្រួសារអ្នក លៃទុកពេលជាទៀងទាត់ដើម្បីអាននិងសិក្សាគម្ពីរ?
• «អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។—ទំនុក. ១:២, ៣
២៩. ហេតុអ្វីអ្នកចូលចិត្តចូលរួមកិច្ចប្រជុំ និងរួមចំណែកក្នុងកិច្ចប្រជុំ?
• «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្ដាលពួកជំនុំ»។—ទំនុក. ២២:២២
• «ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ មិនមែនដោយគេចវេះពីការប្រជុំគ្នា ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ ប៉ុន្តែដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់»។—ហេ. ១០:២៤, ២៥
៣០. តើកិច្ចការមួយណាសំខាន់ជាងគេក្នុងចំណោមកិច្ចការដែលលោកយេស៊ូប្រគល់ឲ្យយើងធ្វើ?
• «ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ...បង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។—ម៉ាថ. ២៨:១៩, ២០
៣១. តើព្រះយេហូវ៉ាពេញចិត្តនឹងចិត្តគំនិតបែបណា ពេលយើងធ្វើវិភាគទានដើម្បីកិច្ចការរាជាណាចក្រ ឬជួយបងប្អូនរបស់យើង?
• «ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ»។—សុភ. ៣:៩
• «ចូរអ្នករាល់គ្នាម្នាក់ៗធ្វើតាមការសម្រេចចិត្តរបស់ខ្លួនចុះ មិនមែនដោយទើសទាល់ឬដោយមានគេបង្ខំឡើយ ព្រោះព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»។—២កូ. ៩:៧
៣២. តើគ្រិស្តសាសនិកពិតប្រហែលជានឹងជួបការពិបាកអ្វីខ្លះ?
• «អស់អ្នកដែលមនុស្សបានបៀតបៀនដោយសារសេចក្ដីសុចរិត នោះមានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រស្ថានសួគ៌ ជារបស់អ្នកទាំងនោះ។ នៅពេលដែលមនុស្សតិះដៀល បៀតបៀន និងនិយាយរឿងអាក្រក់គ្រប់បែបយ៉ាង ដើម្បីបង្កាច់បង្ខូចអ្នករាល់គ្នាដោយព្រោះអ្នកកាន់តាមខ្ញុំ នោះអ្នកមានសុភមង្គលហើយ! ពីព្រោះគេធ្លាប់បៀតបៀនពួកអ្នកប្រកាសទំនាយ ដែលបានរស់នៅមុនអ្នករាល់គ្នាដូច្នេះដែរ។ ហេតុនេះចូរសប្បាយ ហើយត្រេកអរចុះ! ពីព្រោះអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌»។—ម៉ាថ. ៥:១០-១២
៣៣. ហេតុអ្វីការទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ាម្នាក់ ជាឯកសិទ្ធិដ៏ពិសេសមួយ?
• «ព្រះបន្ទូលរបស់ទ្រង់ជាសេចក្ដីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា . . . ទូលបង្គំបានហៅតាមព្រះនាមទ្រង់»។—យេ. ១៥:១៦