ជំនឿមិនពិតទី៣: មនុស្សល្អទាំងអស់ទៅស្ថានសួគ៌
តើអ្វីជាប្រភពដើមនៃជំនឿមិនពិតនោះ? នៅដើមសតវត្សរ៍ទី២គ.ស. ក្រោយពួកសាវ័ករបស់លោកយេស៊ូបានស្លាប់ទៅ នោះមានបុរសមួយចំនួនដែលគេចាត់ទុកថាជាអ្នកជំនាញខាងសេចក្ដីបង្រៀនរបស់គ្រិស្តសាសនា ចាប់ផ្ដើមល្បីឈ្មោះ។ សៀវភៅមួយបានរៀបរាប់អំពីការបង្រៀនរបស់ពួកគេថា៖ «ពួកគេច្រើនតែបង្រៀនថាក្រោយរូបកាយស្លាប់ នោះព្រលឹងវិញ្ញាណនឹងត្រូវអនុញ្ញាតឲ្យឡើងទៅស្ថានសួគ៌ភ្លាមៗ បន្ទាប់ពីបានត្រូវធ្វើឲ្យបរិសុទ្ធ» (New Catholic Encyclopedia (2003), Volume 6, page 687)។
តើគម្ពីរបង្រៀនយ៉ាងណា? «អស់អ្នកដែលមានចិត្តស្លូតបូត នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងទទួលផែនដីជាមត៌ក»។—ម៉ាថាយ ៥:៥
ទោះជាលោកយេស៊ូបានសន្យាថា លោកនឹង«រៀបចំកន្លែងមួយ»នៅស្ថានសួគ៌សម្រាប់ពួកអ្នកកាន់តាមលោកក៏ពិតមែន ប៉ុន្តែលោកបានបញ្ជាក់ថាមិនមែនមនុស្សសុចរិតទាំងអស់នឹងឡើងទៅស្ថានសួគ៌នោះទេ។ (យ៉ូហាន ៣:១៣; ១៤:២, ៣) លោកយេស៊ូបានអធិដ្ឋានសុំឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេច«នៅផែនដី ដូចនៅស្ថានសួគ៌ដែរ» មែនទេ? (ម៉ាថាយ ៦:៩, ១០) តាមពិត មនុស្សសុចរិតនឹងទទួលបានរង្វាន់មួយ ក្នុងចំណោមរង្វាន់ពីរដែលបានត្រូវកំណត់ហើយ។ គឺមានមនុស្សមួយចំនួនតិចនឹងគ្រប់គ្រងជាមួយនឹងគ្រិស្តនៅស្ថានសួគ៌ រីឯមនុស្សភាគច្រើននឹងរស់ជារៀងរហូតនៅលើផែនដី។—ការបើកបង្ហាញ ៥:១០
បន្ដិចម្ដងៗ ពិភពគ្រិស្តសាសនាសម័យមុនបានផ្លាស់ប្ដូរទស្សនៈរបស់គេស្តីអំពីតួនាទីរបស់ពួកគេនៅលើផែនដី។ តើមានលទ្ធផលយ៉ាងណា? សៀវភៅមួយបញ្ជាក់ថា៖ «រាជាណាចក្ររបស់ព្រះ គឺជាអ្វីដែលមនុស្សកំពុងរង់ចាំ ប៉ុន្តែយូរៗទៅ ពិភពគ្រិស្តសាសនាបានប្រែក្លាយទៅជាស្ថាប័នមួយដែលជំនួសរាជាណាចក្រនោះវិញ»។ (The New Encyclopædia Britannica) ពិភពគ្រិស្តសាសនាចាប់ផ្ដើមពង្រឹងអំណាចរបស់ពួកគេដោយចូលប្រឡូកក្នុងរឿងនយោបាយ។ នេះបង្ហាញថាពួកគេមិនអើពើនឹងប្រសាសន៍ចំៗរបស់លោកយេស៊ូដែលថា ពួកអ្នកកាន់តាមលោកមិនត្រូវ«រួមចំណែកក្នុងពិភពលោក»នេះឡើយ។ (យ៉ូហាន ១៥:១៩; ១៧:១៤-១៦; ១៨:៣៦) អានុភាពនៃអធិរាជរ៉ូម ឈ្មោះខន់ស្ទែនធីន បានធ្វើឲ្យពិភពគ្រិស្តសាសនាបោះបង់ចោលជំនឿខ្លះៗរបស់ពួកគេ។ ជំនឿមួយដែលពួកគេបានបោះបង់នោះ គឺជំនឿស្តីអំពីភាពពិតរបស់ព្រះ។
សូមអានបទគម្ពីរ: ទំនុកតម្កើង ៣៧:១០, ១១, ២៩; យ៉ូហាន ១៧:៣; ធីម៉ូថេទី២ ២:១១, ១២
ការពិត:
មនុស្សល្អភាគច្រើននឹងរស់នៅលើផែនដី មិនមែននៅស្ថានសួគ៌ទេ
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៦]
Art Resource, NY