បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/២ ទំ. ៣-៧
  • នេះជាកេរដំណែលរបស់យើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • នេះជាកេរដំណែលរបស់យើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • យើង​មាន​កេរ​ដំណែល​ដ៏​មាន​តម្លៃ
  • ព្រះ​យេហូវ៉ា​បាន​ការពារ​បណ្ដាំ​របស់​លោក
  • ព្រះ​យេហូវ៉ា​ការពារ​នាម​របស់​លោក
  • ព្រះ​យេហូវ៉ា​ការពារ​សេចក្ដី​ពិត​ក្នុង​គម្ពីរ
  • ព្រះ​យេហូវ៉ា​រារាំង​សាថាន​មិន​ឲ្យ​លាក់​សេចក្ដី​ពិត
  • ព្រះយេហូវ៉ាលើកតម្កើងនាមរបស់លោក
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • ចូរលើកតម្កើងនាមដ៏ឧត្ដមរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • កេរ្ដិ៍ដំណែលរបស់យើង—តើនេះមានន័យយ៉ាងណាចំពោះអ្នក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ក៤ នាមរបស់ព្រះក្នុងបទគម្ពីរភាសាហេប្រឺ
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/២ ទំ. ៣-៧

នេះ​ជា​កេរ​ដំណែល​របស់​យើង

​«​នេះ​ហើយ​ជា​សេចក្ដី ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ជាម​រដក​»។—អេ. ៥៤:១៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ព្រះ​បាន​ធ្វើ​អ្វី​ដើម្បី​ការពារ​បណ្ដាំ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​លោក?

តើ​តាម​របៀប​ណា​នាម​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ការពារ​ដើម្បី​ឲ្យ​រាស្ត្រ​របស់​លោក​ប្រើ?

សូម​ពន្យល់​នូវ​របៀប​ដែល​ព្រះ​បាន​ការពារ​សេចក្ដី​ពិត​ទោះ​ជា​មាន​ការ​ពាធា​ក៏​ដោយ។

១​. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ការពារ​អ្វី ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ?

ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ជា​និរន្តរ៍​»​ បាន​ការពារ​សារ​របស់​លោក​ដែល​ផ្ដល់​ជីវិត​សម្រាប់​មនុស្ស​ជាតិ។ បណ្ដាំ​របស់​ព្រះ​ប្រាកដជា​មិន​សាប​សូន្យ​ទេ ពី​ព្រោះ​«​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ស្ថិតស្ថេរ​ជា​រៀង​រហូត​»។ (​១ពេ. ១:២៣​-​២៥​) យើង​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដោយ​ការពារ​ព័ត៌មាន​ដ៏​សំខាន់​ចាំ​បាច់​បែប​នេះ​នៅ​ក្នុង​បណ្ដាំ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​លោក ពោល​គឺ​គម្ពីរ!

២​. ក្នុង​បណ្ដាំ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​ព្រះ តើ​លោក​បាន​រក្សា​អ្វី ដើម្បី​ឲ្យ​រាស្ត្រ​របស់​លោក​អាច​ប្រើ?

២ ក្នុង​បណ្ដាំ​របស់​លោក ព្រះ​បាន​ការពារ​នាម​របស់​លោក​ដែល​លោក​បាន​ជ្រើស​រើស​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​រាស្ត្រ​របស់​លោក​ប្រើ។ បទ​គម្ពីរ​ចែង​ជា​លើក​ដំបូង​អំពី​នាម​ព្រះ​យេហូវ៉ា ពេល​រៀប​រាប់​អំពី​របៀប​ដែល​លោក​បាន​បង្កើត​មេឃ​និង​ផែនដី។ (​លោ. ២:៤​) នាម​របស់​ព្រះ​បាន​ត្រូវ​ចារឹក​ជា​ច្រើន​ដង​ដោយ​អព្ភូតហេតុ​នៅ​លើ​បន្ទះ​ថ្ម​ដែល​មាន​បញ្ញត្ដិ​១០​ប្រការ។ ជា​ឧទាហរណ៍ បញ្ញត្ដិ​ទី​១​ចែង​ថា​៖ ​«​អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​»។ (​និក្ខ. ២០:១​-​១៧​) នាម​របស់​ព្រះ​នៅ​ស្ថិតស្ថេរ​ដោយ​សារ​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត បាន​ការពារ​បណ្ដាំ​និង​នាម​របស់​លោក ទោះ​ជា​សាថាន​ខំ​ប្រឹង​បំផ្លាញ​យ៉ាង​ណា​ក៏​ដោយ។—ទំនុក. ៧៣:២៨

៣​. ទោះ​ជា​សេចក្ដី​បង្រៀន​មិន​ពិត​ខាង​ជំនឿ​សាសនា​មាន​ពាស​ពេញ​ពិភព​លោក​ក៏​ដោយ តើ​ព្រះ​បាន​ការពារ​អ្វី?

៣ ក្នុង​បណ្ដាំ​របស់​លោក ព្រះ​យេហូវ៉ា​ក៏​បាន​ការពារ​សេចក្ដី​ពិត​ដែរ។ ទោះ​ជា​សេចក្ដី​បង្រៀន​មិន​ពិត​ខាង​ជំនឿ​សាសនា​មាន​ពាស​ពេញ​ពិភព​លោក​ក៏​ដោយ យើង​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​ឲ្យ​សេចក្ដី​ពិត​ដល់​យើង ដែល​ហាក់​ដូច​ជា​ពន្លឺ​ដែល​បំភ្លឺ​ភ្នែក​យើង! (​សូម​អាន ទំនុកតម្កើង ៤៣:៣, ៤​) កាល​ដែល​មនុស្ស​ជា​ច្រើន​នាក់​ដើរ​ក្នុង​ភាព​ងងឹត យើង​សប្បាយ​នឹង​បន្ត​ដើរ​ក្នុង​ពន្លឺ​ដែល​ព្រះ​បាន​ឲ្យ​យើង។—១យ៉ូន. ១:៦, ៧

យើង​មាន​កេរ​ដំណែល​ដ៏​មាន​តម្លៃ

៤, ៥​. តើ​ឯកសិទ្ធិ​ដ៏​ពិសេស​អ្វី​ដែល​យើង​បាន​ទទួល​តាំង​ពី​ឆ្នាំ​១៩៣១​មក?

៤ ជា​គ្រិស្ត​សាសនិក យើង​មាន​កេរ​ដំណែល​មួយ​ដ៏​មាន​តម្លៃ។ កេរ​ដំណែល​គឺជា​អ្វី​មួយ​ដែល​បាន​ត្រូវ​បន្សល់​ទុក​សម្រាប់​មនុស្ស​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ កេរ​ដំណែល​ដែល​យើង​ទទួល​ពី​ព្រះ រួម​មាន​ចំណេះ​ត្រឹម​ត្រូវ​ពី​បណ្ដាំ​របស់​ព្រះ និង​ការ​យល់​ច្បាស់​នូវ​សេចក្ដី​ពិត​អំពី​លោក ព្រម​ទាំង​គោល​បំណង​របស់​លោក។ នេះ​ក៏​រួម​បញ្ចូល​ឯកសិទ្ធិ​ដ៏​ពិសេស​មួយ​ដែរ។

៥ យើង​បាន​ទទួល​ឈ្មោះ​របស់​យើង​នៅ​មហាសន្និបាត​មួយ​នៅ​ក្រុង​កូឡាំបឺស រដ្ឋ​អូហៃយ៉ូ សហរដ្ឋអាម៉េរិក នៅ​ឆ្នាំ​១៩៣១។ អក្សរ​«​JW​»​បាន​ត្រូវ​បោះពុម្ព​ក្នុង​កម្មវិធី​នៃ​មហាសន្និបាត​នេះ។ បង​ស្រី​ម្នាក់​និយាយ​ថា បង​ប្អូន​បាន​គិត​ថា​អក្សរ​នេះ​មាន​ន័យ​ថា​«​សូម​ចាំ​»​ឬ​«​សូម​ចាំ​យាម​»​ ហើយ​បង​ប្អូន​ខ្លះ​ទៀត​បាន​ស្មានថា​ជា​«​សាក្សី​ព្រះ​យេហូវ៉ា​»​ទៀត​ផង។ ពី​មុន​យើង​មាន​ឈ្មោះ​ថា​និស្សិត​គម្ពីរ ប៉ុន្តែ​យើង​យក​ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​កក្កដា ឆ្នាំ​១៩៣១។ យើង​ពិត​ជា​រំភើប​ចិត្ត​ណាស់​ដែល​យើង​បាន​ទទួល​ឈ្មោះ​នេះ​ពី​បទ​គម្ពីរ។ (​សូម​អាន អេសាយ ៤៣:១២​) បង​ប្រុស​ម្នាក់​បាន​ចាំ​ថា​៖ ​«​ខ្ញុំ​មិន​ភ្លេច​ការ​ស្រែក​ហ៊ោ​និង​ការ​ទះ​ដៃ​យ៉ាង​ខ្លាំង​ដែល​ឮ​រំពង​នៅ​កន្លែង​សន្និបាត​នោះ​ឡើយ​»។ គ្មាន​អ្នក​ណា​ទៀត​ក្នុង​ពិភព​លោក​ចង់​បាន​ឈ្មោះ​នេះ​ទេ ប៉ុន្តែ​ព្រះ​បាន​ឲ្យ​ពរ​យើង​ដោយ​សារ​យើង​បាន​ប្រើ​ឈ្មោះ​នេះ​ជាង​៨​ទសវត្សរ៍​មក​ហើយ។ ការ​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ពិត​ជា​ឯកសិទ្ធិ​ដ៏​ពិសេស​មែន!

៦​. តើ​កេរ​ដំណែល​របស់​យើង​រួម​បញ្ចូល​ព័ត៌មាន​ត្រឹម​ត្រូវ​អំពី​អ្វី?

៦ កេរ​ដំណែល​របស់​យើង​រួម​បញ្ចូល​ភាព​ត្រឹម​ត្រូវ​និង​ព័ត៌មាន​ដ៏​មាន​តម្លៃ​ពី​សម័យ​មុន។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប។ បុព្វបុរស​ទាំង​នេះ​និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ច្បាស់​ជា​បាន​ពិភាក្សា​អំពី​របៀប​ដែល​ពួក​គាត់​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ដូច្នេះ​មិន​មែន​ជា​ការ​ចម្លែក​ទេ​ដែល​យ៉ូសែប​ដែល​ជា​បុរស​ទៀង​ត្រង់​បាន​បដិសេធ​មិន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ដើម្បី​មិន​ឲ្យ​គាត់​«​មាន​បាប​នៅ​ចំពោះ​ព្រះ​»។ (​លោ. ៣៩:៧​-​៩​) នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​សាសនិក​ប្រាប់​ព័ត៌មាន​អំពី​ព្រះ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ព័ត៌មាន​ទាំង​នេះ​រួម​បញ្ចូល​អ្វី​ដែល​ប៉ូល​បាន​ប្រាប់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​អំពី​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ (​១កូ. ១១:២, ២៣​) សព្វ​ថ្ងៃ​នេះ​យើង​ត្រូវ​ការ​ព័ត៌មាន​ល្អិត​ល្អន់​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​«​សកម្មពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត​»។ (​សូម​អាន យ៉ូហាន ៤:២៣, ២៤​) គម្ពីរ​បំភ្លឺ​មនុស្ស​ជាតិ​ទាំង​អស់ ប៉ុន្តែ​យើង​ដែល​ជា​អ្នក​បម្រើ​ព្រះ​ឲ្យ​តម្លៃ​យ៉ាង​ពិសេស​ទៅ​លើ​ការ​បំភ្លឺ​នេះ។

៧​. តើ​កេរ​ដំណែល​របស់​យើង​រួម​បញ្ចូល​សេចក្ដី​សន្យា​អ្វី ដែល​លើក​ទឹក​ចិត្ត?

៧ កេរ​ដំណែល​របស់​យើង​ពី​ព្រះ​តែង​តែ​កើន​ឡើង​ជា​និច្ច។ នេះ​រួម​បញ្ចូល​សេចក្ដី​សន្យា​មួយ​ដែល​លើក​ទឹក​ចិត្ត។ សេចក្ដី​សន្យា​នោះ​ចែង​ថា​៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​កាន់​ខាង​យើង›។ (​ទំនុក. ១១៨:៧​) នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ទោះ​ជា​យើង​ទទួល​ការ​បៀតបៀន​ក៏​ដោយ។ ផ្នែក​មួយ​នៃ​កេរ​ដំណែល​ដែល​ធ្វើ​ឲ្យ​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​គឺ ការ​រីក​ចម្រើន​នូវ​កេរ​ដំណែល​ដែល​ព្រះ​បាន​សន្យា​ថា​៖ ​«​ឯ​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ ហើយ​អស់​ទាំង​អណ្ដាត​ណា​ដែល​កំរើក​ទាស់​នឹង​ឯង​ក្នុង​រឿង​ក្ដី នោះ​ឯង​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី​ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ជាម​រដក ហើយ​សេចក្ដី​របស់​គេ​ក៏​មក​ពី​អញ នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​»។ (​អេ. ៥៤:១៧​) គ្មាន​គ្រឿង​សស្ដ្រាវុធ​ណា​របស់​សាថាន​អាច​ធ្វើ​ទុក្ខ​យើង​ជា​រៀង​រហូត​ឡើយ។

៨​. តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​អត្ថបទ​នេះ​និង​នៅ​អត្ថបទ​បន្ទាប់?

៨ សាថាន​បាន​ព្យាយាម​បំផ្លាញ​បណ្ដាំ​របស់​ព្រះ នាម​ព្រះ​យេហូវ៉ា និង​បាន​លាក់​សេចក្ដី​ពិត​អំពី​ព្រះ។ ប៉ុន្តែ​វា​ពិត​ជា​មិន​អាច​ឈ្នះ​ព្រះ​យេហូវ៉ា​បាន​ទេ។ ព្រះ​បាន​រារាំង​ទង្វើ​ទាំង​នេះ​របស់​សាថាន។ នៅ​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា (​១​) របៀប​ដែល​ព្រះ​បាន​ការពារ​បណ្ដាំ​របស់​លោក (​២​) របៀប​ដែល​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ដើម្បី​ការពារ​នាម​របស់​លោក និង (​៣​) របៀប​ដែល​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ជា​អ្នក​ការពារ​សេចក្ដី​ពិត​និង​ជា​ប្រភព​នៃ​សេចក្ដី​ពិត​ដែល​យើង​មាន។

ព្រះ​យេហូវ៉ា​បាន​ការពារ​បណ្ដាំ​របស់​លោក

៩​-​១១​. តើ​ឧទាហរណ៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​គម្ពីរ​នៅ​តែ​គង់វង្ស​ទោះ​ជា​មាន​ការ​ពាធា​តាម​វិធី​ផ្សេង​ៗ​ក៏​ដោយ?

៩ មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ព្យាយាម​បំផ្លាញ​គម្ពីរ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ការពារ​បណ្ដាំ​របស់​លោក។ សាសនា​កាតូលិក​បាន​ព្យាយាម​រារាំង​មនុស្ស​មិន​ឲ្យ​អាន​គម្ពីរ។ សម្ដេច​ប៉ាប​បាន​និយាយ​ថា ការ​អាន​គម្ពីរ​នាំ​ឲ្យ​មនុស្ស​មាន​គ្រោះ​ថ្នាក់។ នៅ​ឆ្នាំ​១២៤២ អ្នក​ដឹក​នាំ​ពិភព​គ្រិស្ត​សាសនា​បាន​បង្កើត​ច្បាប់​ថា ត្រូវ​តែ​ដុត​ចោល​គម្ពីរ​ទាំង​អស់​ដែល​មាន​ជា​ភាសា​ដែល​មនុស្ស​ស្រួល​យល់។ ក្រោយ​មក​មាន​សេចក្ដី​សម្រេច​ស្រដៀង​គ្នា​នេះ​រួម​មាន​សេចក្ដី​បង្គាប់​ពី​សម្ដេច​ប៉ាប​នៅ​ឆ្នាំ​១៨១៦ ឆ្នាំ​១៨២៤​និង​ឆ្នាំ​១៨៣២។

១០ ទោះ​ជា​មាន​ការ​ពាធា​តាម​របៀប​ផ្សេង​ៗ​មក​លើ​គម្ពីរ​ក៏​ដោយ ក៏​គម្ពីរ​បាន​ត្រូវ​ការពារ។ ប្រហែលជា​នៅ​ឆ្នាំ​១៣៨២ ចន វ៉ាយឃ្លីហ្វ​និង​មិត្ត​ភក្ដិ​របស់​គាត់​បាន​ចេញ​គម្ពីរ​ទី​១​ដែល​បក​ប្រែ​ជា​ភាសា​អង់គ្លេស។ អ្នក​បក​ប្រែ​គម្ពីរ​ម្នាក់​ទៀត​គឺ វី​លៀម ធីនដេល ដែល​បាន​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ឆ្នាំ​១៥៣៦។ ពេល​គេ​ចង​គាត់​នឹង​បង្គោល គាត់​ស្រែក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ព្រះ​ជា​ម្ចាស់​អើយ សូម​ជួយ​ស្តេច​អង់គ្លេស​ឲ្យ​ដឹង​ការ​ពិត​»។ បន្ទាប់​មក​គេ​បាន​រឹត​ក​សម្លាប់ ហើយ​បាន​ដុត​គាត់។

១១ គម្ពីរ​នៅ​តែ​គង់វង្ស​ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៥៣៥ សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ភាសា​អង់គ្លេស​របស់​ម៉ែ​ល ខូវឺដេល​បាន​ចេញ​ផ្សាយ។ ខូវឺដេល​បាន​ប្រើ​សេចក្ដី​បក​ប្រែ​របស់​ធីនដេល​នៃ​គម្ពីរ​«​សញ្ញា​ថ្មី​»​និង​«​សញ្ញា​ចាស់​»​ពី​សៀវភៅ​លោកុប្បត្តិ​រហូត​ដល់​របាក្សត្រ។ គាត់​បាន​បក​ប្រែ​ផ្នែក​ឯ​ទៀត​នៃ​បទ​គម្ពីរ​ពី​ភាសា​ឡាតាំង​និង​ពី​គម្ពីរ​របស់​ម៉ាថិន លូទែរ​ជា​ភាសា​អាឡឺម៉ង់។ សព្វ​ថ្ងៃ​នេះ​យើង​ពេញ​ចិត្ត​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ ដោយ​សារ​ការ​បក​ប្រែ​នេះ​គឺ​ច្បាស់ ត្រឹម​ត្រូវ​តាម​ឯកសារ​ដើម​នៃ​គម្ពីរ ហើយ​ស្រួល​ប្រើ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ ទោះ​ជា​សាថាន​ឬ​មនុស្ស​ណា​ក៏​ដោយ ក៏​មិន​អាច​បំផ្លាញ​គម្ពីរ​បាន​ដែរ។

ព្រះ​យេហូវ៉ា​ការពារ​នាម​របស់​លោក

១២​. តើ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​មាន​តួនាទី​សំខាន់​យ៉ាង​ណា​ក្នុង​ការ​ការ​ពារ​នាម​របស់​ព្រះ?

១២ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដើម្បី​ការពារ​នាម​របស់​លោក​នៅ​ក្នុង​គម្ពីរ។ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​មាន​តួនាទី​សំខាន់​ក្នុង​ការ​ការ​ពារ​នាម​របស់​ព្រះ។ ក្នុង​បុព្វកថា​របស់​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី គណៈកម្មាធិការ​នៃ​អ្នក​បក​ប្រែ​បាន​សរសេរ​ថា​៖ ​«​លក្ខណៈ​សំខាន់​នៃ​ការ​បក​ប្រែ​នេះ​គឺ​ការ​ដាក់​បញ្ចូល​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​ឡើង​វិញ​នៅ​កន្លែង​ត្រឹម​ត្រូវ​ក្នុង​ឯកសារ​ភាសា​អង់គ្លេស។ នាម​ដ៏​ពិសេស​របស់​ព្រះ​គឺ​យេហូវ៉ា មាន​២៣៧​ដង​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​១​ក្នុង​គម្ពីរ​នេះ​ពន្យល់​អំពី​មូលហេតុ​នោះ។ ដោយ​សារ​ការ​ញែក​នាម​របស់​ព្រះ​ចេញ​ជា​បរិសុទ្ធ​ជា​អ្វី​ដ៏​សំខាន់ ហើយ​ដោយ​សារ​ចាំ​បាច់​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ហៅ​រក​នាម​របស់​ព្រះ​ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ នោះ​សេចក្ដី​បក​ប្រែ​នេះ​បាន​ដាក់​បញ្ចូល​នាម​យេហូវ៉ា​មក​វិញ ក្នុង​ខ​គម្ពីរ​ណា​ដែល​បទ​គម្ពីរ​បរិសុទ្ធ​គួរ​មាន​នាម​នោះ​»។ ឥឡូវ​នេះ​យើង​មាន​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ទាំង​មូល​ឬ​ផ្នែក​ខ្លះ ដែល​មាន​ជាង​១១៦​ភាសា ហើយ​មាន​ជាង​១៧៨.៥៤៥.៨៦២​ក្បាល​បាន​ត្រូវ​បោះពុម្ព។

១៣​. ហេតុ​អ្វី​គេ​អាច​និយាយ​បាន​ថា មនុស្ស​ស្គាល់​នាម​របស់​ព្រះ​តាំង​ពី​ពេល​ដែល​លោក​បាន​បង្កើត​មនុស្ស​មក​ម្ល៉េះ?

១៣ មនុស្ស​បាន​ស្គាល់​នាម​របស់​ព្រះ​តាំង​ពី​លោក​បង្កើត​មនុស្ស​ជាតិ។ អាដាម​និង​អា​វ៉ា​បាន​ស្គាល់​នាម​របស់​ព្រះ ហើយ​បាន​ប្រើ​នាម​របស់​លោក។ ក្រោយ​ទឹក​ជំនន់ ពេល​ហាំ​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ណូអេ​ដែល​ជា​ឪពុក​របស់​គាត់ ណូអេ​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សិម​បាន​ប្រកប​ដោយ​ព្រះ​ពរ ហើយ​ត្រូវ​ឲ្យ​កាណាន​[​កូន​របស់​ហាំ​]​ធ្វើ​ជា​បាវ​បំរើ​ដល់​សិម​វិញ​»។ (​លោ. ៤:១; ៩:២៦​) ព្រះ​បាន​ប្រកាស​ដោយ​ផ្ទាល់​ថា​៖ ​«​អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី​ល្អ​របស់​អញ​ដល់​អ្នក​ណា​ទៀត​»។ ព្រះ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​អញ​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​អញ​ឥត​មាន​ព្រះ​ណា​ទៀត​សោះ​»។ (​អេ. ៤២:៨; ៤៥:៥​) ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដើម្បី​ការ​ពារ​នាម​របស់​លោក ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទូ​ទាំង​ផែនដី​ស្គាល់​នាម​របស់​លោក។ យើង​ពិត​ជា​មាន​ឯកសិទ្ធិ​មែន​ដែល​យើង​អាច​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា ហើយ​បម្រើ​ជា​សាក្សី​របស់​លោក! មែន​ហើយ យើង​ស្រែក​ឡើង​ថា​៖ ​«​យើង . . . នឹង​លើក​ទង់​ជ័យ​ឡើង​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​របស់​យើង​»។—ទំនុក. ២០:៥

១៤​. ក្រៅ​ពី​ក្នុង​គម្ពីរ តើ​អាច​រក​ឃើញ​នាម​ព្រះ​នៅ​កន្លែង​ណា?

១៤ នាម​របស់​ព្រះ​មិន​មែន​មាន​តែ​ក្នុង​គម្ពីរ​ប៉ុណ្ណោះ​ទេ។ សូម​ពិចារណា​អំពី​អក្សរ​លើ​ផ្ទាំង​ថ្ម​ម៉ូអាប់​ដែល​បាន​ត្រូវ​រក​ឃើញ​នៅ​ឌីបាន (​ឌីបូន​) ដែល​មាន​ចម្ងាយ​២១​គីឡូម៉ែត្រ (​១៣​ម៉ៃល៍​) ខាង​កើត​សមុទ្រ​ស្លាប់។ អក្សរ​លើ​ផ្ទាំង​ថ្ម​នេះ​ចែង​អំពី​ស្តេច​អំរី និង​អំពី​អ្វី​ដែល​ស្តេច​មេ​សា​ដែល​ជា​ស្តេច​សាសន៍​ម៉ូអាប់​បាន​និយាយ​អំពី​ការ​បះបោរ​របស់​គាត់​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ (​១ព. ១៦:២៨; ២ព. ១:១; ៣:៤, ៥​) ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ពិសេស​គឺ ផ្ទាំង​ថ្ម​ម៉ូអាប់​មាន​នាម​របស់​ព្រះ​ជា​អក្សរ​បួន​តួ​ដែល​ហៅ​ថា​តេត្រាក្រាម។ តេត្រាក្រាម​នេះ​ក៏​មាន​ជា​ច្រើន​ដង​នៅ​ក្នុង​បំណែក​ដែល​ធ្វើ​ពី​ដី​ឥដ្ឋ ដែល​គេ​បាន​រក​ឃើញ​នៅ​អ៊ីស្រាអែល។ បំណែក​ទាំង​នេះ​បាន​ត្រូវ​ហៅ​ថា​សំបុត្រ​នៃ​ក្រុង​ឡា​គីស។

១៥​. តើ​គម្ពីរ​សេបធួជីន​ជា​អ្វី ហើយ​តើ​គម្ពីរ​នេះ​បាន​ត្រូវ​បង្កើត​យ៉ាង​ដូច​ម្ដេច?

១៥ អ្នក​បក​ប្រែ​គម្ពីរ​នៅ​សម័យ​មុន​បាន​រួម​ចំណែក​ក្នុង​ការ​ការពារ​នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ។ ក្រោយ​ពី​ពួក​គេ​បាន​ត្រូវ​និរទេស​ទៅ​បាប៊ីឡូន​ពី​ឆ្នាំ​៦០៧ មុន​គ.ស. ដល់​ឆ្នាំ​៥៣៧ មុន​គ.ស. ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​មិន​បាន​ត្រឡប់​មក​ស្រុក​យូដា​និង​ស្រុក​អ៊ីស្រាអែល​វិញ​ឡើយ។ ប្រហែលជា​នៅ​សតវត្សរ៍​ទី​៣ មុន​គ.ស. ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​បាន​មក​តាំង​លំនៅ​នៅ​ក្រុង​អាឡិចសង់ទ្រា​ក្នុង​ស្រុក​អេស៊ីប​ដែល​គេ​និយាយ​ភាសា​ក្រិច។ ជន​ជាតិ​យូដា​ទាំង​នេះ​ត្រូវ​ការ​សេចក្ដី​បក​ប្រែ​បទ​គម្ពីរ​ពី​ភាសា​ហេប្រឺ​ទៅ​ភាសា​ក្រិច ដែល​កាល​នោះ​ជា​ភាសា​អន្តរជាតិ។ សេចក្ដី​បក​ប្រែ​នេះ​បាន​ចប់​សព្វ​គ្រប់​នៅ​សតវត្សរ៍​ទី​២ មុន​គ.ស. ហើយ​បាន​ត្រូវ​ហៅ​ថា​គម្ពីរ​សេបធួជីន។ គម្ពីរ​នេះ​ខ្លះ​មាន​នាម​របស់​ព្រះ​យេហូវ៉ា​ជា​ភាសា​ហេប្រឺ។

១៦​. សូម​លើក​ឧទាហរណ៍​អំពី​សៀវភៅ​មួយ​ដែល​ប្រើ​នាម​របស់​ព្រះ​ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ជា​លើក​ទី​១​នៅ​ឆ្នាំ​១៦៤០។

១៦ គេ​ឃើញ​នាម​របស់​ព្រះ​ក្នុង​សៀវភៅ​មួយ (​Bay Psalm Book​) ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ជា​លើក​ដំបូង​នៅ​ក្នុង​អាណានិគម​អង់គ្លេស​នៅ​ទ្វីប​អាម៉េរិក។ សៀវភៅ​នេះ​បាន​ត្រូវ​បោះពុម្ព​ជា​លើក​ទី​១ នៅ​ឆ្នាំ​១៦៤០ ហើយ​ក្នុង​នោះ​មាន​សៀវភៅ​ទំនុកតម្កើង​ដែល​បាន​ត្រូវ​បក​ប្រែ​ពី​ភាសា​ហេប្រឺ​ទៅ​ភាសា​អង់គ្លេស​នៅ​សម័យ​នោះ។ សៀវភៅ​នេះ​ប្រើ​នាម​របស់​ព្រះ​នៅ​ខ​គម្ពីរ​ផ្សេង​ៗ​ដូច​ជា​នៅ​ទំនុក​តម្កើង ១:១, ២​ដែល​ចែង​ថា​៖ ​«​មាន​ពរ​ហើយ​អ្នក​ណា​»​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ តែ​«​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ​»​ (​ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​នាម​របស់​ព្រះ សូម​មើល​សៀវភៅ​ព្រះ​នាម​ដែល​នឹង​ស្ថិត​នៅ​ជា​និរន្តរ៍ ជា​ភាសា​អង់គ្លេស​)។

ព្រះ​យេហូវ៉ា​ការពារ​សេចក្ដី​ពិត​ក្នុង​គម្ពីរ

១៧, ១៨​. ​(​ក​) តើ​«​សេចក្ដី​ពិត​»​ជា​អ្វី? (​ខ​) តើ​«​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​»​រួម​បញ្ចូល​អ្វី​ខ្លះ?

១៧ យើង​សប្បាយ​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ដែល​ជា​«​ព្រះ​នៃ​សេចក្ដី​ពិត​»។ (​ទំនុក. ៣១:៥​) វចនានុក្រម​អង់គ្លេស​មួយ​ចែង​ថា​៖ ​«​សេចក្ដី​ពិត​អំពី​អ្វី​មួយ​គឺជា​ហេតុ​ការណ៍​ពិត​អំពី​អ្វី​នោះ មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ស្រមៃ​គិត​ឬ​ប្រឌិត​ឡើង​នោះ​ទេ​»។ (​Collins Cobuild Eng-​lish Dictionary​) នៅ​ក្នុង​គម្ពីរ ពាក្យ​ហេប្រឺ​ដែល​ច្រើន​តែ​បក​ប្រែ​ថា ​«​សេចក្ដី​ពិត​»​ សំដៅ​ទៅ​អ្វី​មួយ​ដែល​ពិត គួរ​ឲ្យ​ទុក​ចិត្ត ស្មោះ​ត្រង់ ឬ​ដែល​ជា​ហេតុ​ការណ៍​ពិត។ ពាក្យ​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា ​«​សេចក្ដី​ពិត​»​សំដៅ​ទៅ​លើ​អ្វី​មួយ​ដែល​ស្រប​តាម​ហេតុ​ការណ៍​ពិត​ឬ​អ្វី​ដែល​ត្រឹម​ត្រូវ។

១៨ ព្រះ​យេហូវ៉ា​បាន​ការពារ​សេចក្ដី​ពិត និង​បាន​ជួយ​យើង​ឲ្យ​មាន​ចំណេះ​អំពី​សេចក្ដី​ពិត​កាន់​តែ​ច្រើន​ឡើង។ (​២យ៉ូន. ១, ២​) យើង​អាច​យល់​សេចក្ដី​ពិត​កាន់​តែ​ច្បាស់​ឡើង​ៗ ពីព្រោះ​«​ផ្លូវ​របស់​មនុស្ស​សុចរិត​ធៀប​ដូច​ជា​ពន្លឺ​ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង​ដរាប​ដល់​ពេញ​កំឡាំង​»​! (​សុភ. ៤:១៨​) យើង​ប្រាកដជា​យល់​ស្រប​ទាំង​ស្រុង​នឹង​លោក​យេស៊ូ​ដែល​បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​លោក​ទៅ​ព្រះ​ថា​៖ ​«​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។ (​យ៉ូន. ១៧:១៧​) បណ្ដាំ​របស់​ព្រះ​ដែល​បាន​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​មាន​«​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​»​ ដែល​មាន​សេចក្ដី​បង្រៀន​ទាំង​ឡាយ​របស់​គ្រិស្ត​សាសនិក​ពិត។ (​កាឡ. ២:១៤​) សេចក្ដី​ពិត​ទាំង​នេះ​រួម​មាន​សេចក្ដី​ពិត​អំពី​នាម​របស់​ព្រះ​យេហូវ៉ា សិទ្ធិ​គ្រប់​គ្រង​របស់​លោក គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ និង​រាជាណាចក្រ​របស់​ព្រះ។ ឥឡូវ​នេះ​សូម​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការពារ​សេចក្ដី​ពិត ទោះ​ជា​សាថាន​ប៉ុនប៉ង​បំផ្លាញ​ក៏​ដោយ។

ព្រះ​យេហូវ៉ា​រារាំង​សាថាន​មិន​ឲ្យ​លាក់​សេចក្ដី​ពិត

១៩, ២០​. តើ​នីមរ៉ុឌ​ជា​អ្នក​ណា ហើយ​តើ​គម្រោង​អ្វី​បាន​បរាជ័យ​នៅ​សម័យ​របស់​គាត់?

១៩ ក្រោយ​ទឹក​ជំនន់​នៅ​សម័យ​ណូអេ មាន​សុភាសិត​មួយ​ចែង​ថា​៖ ​«​ដូច​ជា​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​»។ (​លោ. ១០:៩​) ដោយ​សារ​នីមរ៉ុឌ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា នោះ​គាត់​ពិត​ជា​គោរព​បូជា​សាថាន ហើយ​ដូច​ពួក​អ្នក​ប្រឆាំង​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មេកំណាច​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ឪពុក​អ្នក។ មេកំណាច . . . មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ​»។—យ៉ូន. ៨:៤៤

២០ នីមរ៉ុឌ​គ្រប់​គ្រង​ទាំង​ក្រុង​បាបិល​ទាំង​ក្រុង​ឯ​ទៀត​ដែល​នៅ​ចន្លោះ​ទន្លេ​ទីគ្រី​និង​ទន្លេ​អឺប្រាត។ (​លោ. ១០:១០​) គាត់​ប្រហែលជា​អ្នក​ដែល​ចាប់​ផ្ដើម​សាងសង់​ក្រុង​និង​ប៉ម​បាបិល ប្រហែលជា​នៅ​ឆ្នាំ​២២៦៩ មុន​គ.ស.។ ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ដែល​ចង់​ឲ្យ​មនុស្ស​ជាតិ​រស់​នៅ​គ្រប់​ទី​កន្លែង​លើ​ផែនដី អ្នក​សង់​ប៉ម​ទាំង​នោះ​បាន​និយាយ​ថា​៖ ​«​ចូរ​យើង​សង់​ក្រុង​១​សំ​រាប់​យើង នឹង​ប៉ម​១​ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្ដិ៍​ឈ្មោះ ក្រែង​យើង​រាល់​គ្នា​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​លើ​ផែនដី​ទៅ​»។ ពួក​គេ​មិន​អាច​សង់​ប៉ម​នេះ​បាន​រួច​រាល់​ទេ ដោយ​សារ​ព្រះ​បាន​«​បំភាន់​ភាសា​លោកីយ​ទាំង​អស់​»។ ដូច្នេះ​មនុស្ស​បាន​រើ​ចេញ​ពី​ក្រុង​បាបិល។ (​លោ. ១១:១​-​៤, ៨, ៩​) ហេតុ​នេះ គម្រោង​របស់​សាថាន​ដើម្បី​បង្កើត​សាសនា​មួយ​ដែល​មនុស្ស​ទាំង​អស់​គោរព​បូជា​វា បាន​ត្រូវ​បរាជ័យ។ ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​ទទួល​ជោគជ័យ ហើយ​បាន​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

២១, ២២​. ​(​ក​) ហេតុ​អ្វី​សាសនា​មិន​ពិត​មិន​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​គោរព​ប្រណិប័តន៍​ពិត​បាន? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​អត្ថបទ​បន្ទាប់?

២១ សាសនា​មិន​ពិត​មិន​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើយ។ ហេតុ​អ្វី? ដោយ​សារ​គ្រូ​បង្រៀន​ដ៏​ឧត្តម​របស់​យើង​បាន​ចាត់​វិធានការ​ដើម្បី​ការពារ​បណ្ដាំ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​លោក បាន​ការពារ​នាម​របស់​លោក​ដើម្បី​ឲ្យ​មនុស្ស​ជាតិ​ស្គាល់ នឹង​ដើម្បី​ឲ្យ​យើង​ស្គាល់​សេចក្ដី​ពិត។ (​អេ. ៣០:២០, ២១​) ការ​គោរព​ប្រណិប័តន៍​ព្រះ​ស្រប​តាម​សេចក្ដី​ពិត​នាំ​ឲ្យ​យើង​មាន​អំណរ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​តម្រូវ​ឲ្យ​យើង​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ពិត ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ការ​ណែនាំ​ពី​សកម្មពល​បរិសុទ្ធ​របស់​លោក។

២២ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​រៀន​អំពី​របៀប​ដែល​មេ​ដឹក​នាំ​ពិភព​គ្រិស្ត​សាសនា​បាន​ចាប់​ផ្ដើម​បង្រៀន​សេចក្ដី​មិន​ពិត​អំពី​ព្រះ។ យើង​នឹង​រៀន​ថា​បទ​គម្ពីរ​មិន​បង្រៀន​សេចក្ដី​មិន​ពិត​ទាំង​នេះ​ទេ។ ម្យ៉ាង​ទៀត យើង​នឹង​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ការ​ពារ​សេចក្ដី​ពិត​ដែល​ប្រៀប​ផ្ទឹម​មិន​បាន បាន​ឲ្យ​យើង​នូវ​សេចក្ដី​បង្រៀន​ពិត ដែល​យើង​ឲ្យ​តម្លៃ​ដូច​ជា​កេរ​ដំណែល​របស់​យើង។

[​រូបភាព​នៅ​ទំព័រ​៣​]

[​រូបភាព​នៅ​ទំព័រ​៤​]

យើង​សប្បាយ​រីករាយ​ដោយ​បាន​ទទួល​យក​ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​មហាសន្និបាត​របស់​យើង​នៅ​ឆ្នាំ​១៩៣១

[​រូបភាព​នៅ​ទំព័រ​៥​]

បុរស​ជា​ច្រើន​នាក់​ដូច​ធីនដេល​បាន​លះ​បង់​ជីវិត​របស់​ពួក​គេ​ដើម្បី​បណ្ដាំ​របស់​ព្រះ

[អ្នក​ផ្ដល់​សិទ្ធិ]

From Foxe’s Book of Martyrs

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក