តើលោកអ្នកដឹងឬទេ?
ហេតុអ្វីទីក្រុងនីនីវេពីបុរាណបានត្រូវហៅជា «ទីក្រុងដែលប្រឡាក់ដោយឈាម»?
ទីក្រុងនីនីវេធ្លាប់ជារាជធានីនៃចក្រភពអាសស៊ើរ។ ទីក្រុងនីនីវេជាទីក្រុងដ៏ខ្លាំងក្លាមួយ ដែលមានរាជវាំងនិងវិហារដ៏ល្អប្រណីត ផ្លូវធំៗ និងកំពែងធំសម្បើម។ អ្នកប្រកាសទំនាយជនជាតិហេប្រឺម្នាក់ឈ្មោះណាហ៊ុមបានហៅក្រុងនីនីវេជា«ទីក្រុងដែលប្រឡាក់ដោយឈាម»។—ណាហ៊ុម ៣:១
ការពណ៌នានេះអំពីជនជាតិអាសស៊ើរគឺត្រឹមត្រូវមែន ព្រោះចម្លាក់នៅលើជញ្ជាំងរាជវាំងរបស់ស្តេចសានហេរីបនៅទីក្រុងនីនីវេ រៀបរាប់អំពីការប្រព្រឹត្តដ៏សាហាវឃោរឃៅរបស់ជនជាតិអាសស៊ើរ។ ចម្លាក់មួយបង្ហាញអំពីអ្នកធ្វើទារុណកម្មសង្កត់អ្នកទោសនៅលើដីហើយចាប់ទាញដកអណ្ដាត។ សិលាចារឹកខ្លះបានអួតអំពីរបៀបដែលពួកគេទាញអូសពួកឈ្លើយ គឺពួកគេបានយកខ្សែដែលមានដែកថ្ពក់មកចោះច្រមុះឬបបូរមាត់របស់ពួកឈ្លើយទាំងនោះ។ ពួកគេបានកាត់ក្បាលស្តេចដោតធ្វើជាខ្សែក បង្ខំឲ្យពួកមន្ត្រីដែលជាឈ្លើយពាក់ នេះជាអ្វីដែលគួរឲ្យរន្ធត់ណាស់។
អ្នកស្រាវជ្រាវអំពីចក្រភពអាសស៊ើរម្នាក់ឈ្មោះអាឆឺបូល ហេនរី សេស្ស បានរៀបរាប់អំពីអំពើសាហាវព្រៃផ្សៃរបស់ពួកគេក្រោយពីដណ្ដើមយកទីក្រុងមួយ។ គាត់រៀបរាប់ថា៖ «ក្បាលមនុស្សដែលគរឡើងជាគំនរគឺជាសញ្ញាដែលបង្ហាញថាអ្នកដែលមានជ័យជម្នះបានឆ្លងកាត់កន្លែងនោះ។ ក្មេងៗទាំងប្រុសទាំងស្រីត្រូវដុតទាំងរស់ ឬទុកឲ្យរស់ដើម្បីធ្វើទារុណកម្មដែលសាហាវជាងនោះទៅទៀត។ ពួកបុរសពេញវ័យត្រូវគេដោតព្យួរលើបង្គោល ពន្លាត់ស្បែកទាំងរស់ ខ្វេះភ្នែក កាត់ដៃកាត់ជើង កាត់ស្លឹកត្រចៀកនិងច្រមុះ»។
ហេតុអ្វីដំបូលផ្ទះរបស់ជនជាតិយូដាត្រូវមានបង្កាន់ដៃនៅជុំវិញ?
ព្រះបានបង្គាប់ជនជាតិយូដាថា៖ «កាលណាសង់ផ្ទះថ្មី នោះត្រូវឲ្យធ្វើបង្កាន់ដៃលើដំបូល ដើម្បីកុំឲ្យមានអ្នកណាធ្លាក់ពីលើនោះ . . . នាំឲ្យមានទោសចំពោះឈាមគេលើផ្ទះឯងឡើយ»។ (ចោទិយកថា ២២:៨) បង្កាន់ដៃគឺត្រូវការជាចាំបាច់ដើម្បីរក្សាសុវត្ថិភាព ដោយសារនៅសម័យគម្ពីរ ក្រុមគ្រួសារជនជាតិយូដាឧស្សាហ៍ប្រើដំបូលផ្ទះដើម្បីធ្វើអ្វីៗជាច្រើន។
ភាគច្រើន ផ្ទះរបស់ជនជាតិអ៊ីស្រាអែលមានដំបូលរាបស្មើ។ ប្រជាជនចូលចិត្តអង្គុយក្រោមពន្លឺថ្ងៃនៅលើដំបូលផ្ទះ យកខ្យល់អាកាស ឬធ្វើកិច្ចការផ្ទះផ្សេងៗ។ នៅរដូវក្ដៅ ដំបូលផ្ទះជាកន្លែងដែលស្រួលគេង។ (សាំយូអែលទី១ ៩:២៦) កសិករអាចប្រើដំបូលផ្ទះដើម្បីហាលគ្រាប់ធញ្ញជាតិមុននឹងគេយកទៅកិន ឬហាលផ្លែទំពាំងបាយជូរនិងផ្លែល្វាតូច។—យ៉ូស្វេ ២:៦
គេក៏ប្រើដំបូលផ្ទះក្នុងការគោរពប្រណិប័តន៍ដែរ ទាំងព្រះពិតទាំងរូបព្រះ។ (នេហេមា ៨:១៦-១៨; យេរេមា ១៩:១៣) សាវ័កពេត្រុសបានឡើងទៅលើដំបូលផ្ទះនៅពេលថ្ងៃត្រង់ដើម្បីអធិដ្ឋាន។ (សកម្មភាព ១០:៩-១៦) បើដំបូលផ្ទះមានម្លប់ដែលប្រក់ពីវល្លិឬធាងលម៉ើ នោះនឹងក្លាយជាកន្លែងដ៏គួរឲ្យរីករាយ។
សៀវភៅមួយបានរៀបរាប់ថា «នៅខាងក្រៅផ្ទះ»របស់ជនជាតិអ៊ីស្រាអែល«តែក្នុងបរិវេណដី»របស់ពួកគេ មានជណ្ដើរដែលគេសង់ជាប់នឹងជញ្ជាំង ឬជណ្ដើរដែលគេដាក់ដើម្បីឡើងទៅលើដំបូលផ្ទះ។ (The Land and the Book) ដូច្នេះម្ចាស់ផ្ទះអាចឡើងលើដំបូលដោយមិនចាំបាច់ចូលក្នុងផ្ទះទេ។ ព័ត៌មាននេះអាចជួយយើងឲ្យយល់អំពីការព្រមានរបស់លោកយេស៊ូដែលឲ្យបណ្ដាជនរត់ចេញជាប្រញាប់ពេលទីក្រុងត្រូវបំផ្លាញ លោកបានមានប្រសាសន៍ថា៖ «អ្នកណាដែលនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកទ្រព្យសម្បត្ដិចេញពីផ្ទះឡើយ»។—ម៉ាថាយ ២៤:១៧
[រូបភាពនៅទំព័រ១០]
ចម្លាក់លើជញ្ជាំងបង្ហាញពីពួកទ័ព កំពុងកាន់ក្បាលរបស់សត្រូវដែលជាឈ្លើយ ហើយបោះចោលជាគំនរ
[អ្នកផ្ដល់សិទ្ធិ]
Erich Lessing/Art Resource, NY
[រូបភាពនៅទំព័រ១០]