បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៩ ទំ. ៣-៦
  • ចូរឲ្យភាពផ្ទុយគ្នាជួយអ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរឲ្យភាពផ្ទុយគ្នាជួយអ្នក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ទទួល​ប្រយោជន៍​ពី​ភាព​ផ្ទុយ​គ្នា
  • ព្រះយេហូវ៉ាបង្រួបបង្រួមក្រុមគ្រួសាររបស់លោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ‹ចូរបំពេញកិច្ចបំរើផ្សាយរបស់ខ្លួនគ្រប់ជំពូក›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ឯកភាពរបស់គ្រិស្តសាសនិកធ្វើឲ្យគេសរសើរតម្កើងព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ចូរជៀសចេញពីភាពងងឹត តែបន្ដនៅក្នុងពន្លឺ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៩ ទំ. ៣-៦

ចូរ​ឲ្យ​ភាព​ផ្ទុយ​គ្នា​ជួយ​អ្នក

អ្នក​ប្រហែលជា​យល់​ស្រប​ដែរ​ថា លោក​យេស៊ូ​ជា​គ្រូ​ដ៏​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ​ផែនដី។ អ្នក​ប្រហែលជា​ធ្លាប់​ព្យាយាម​ធ្វើ​តាម​របៀប​ដែល​លោក​បង្រៀន ដូច​ជា​របៀប​លោក​ប្រើ​សំណួរ​និង​ឧទាហរណ៍​ជា​ដើម។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​ពិចារណា​ទេ​ថា លោក​ច្រើន​តែ​ប្រើ​ភាព​ផ្ទុយ​គ្នា​ក្នុង​សេចក្ដី​បង្រៀន​របស់​លោក?

មនុស្ស​ជា​ច្រើន​ប្រើ​ភាព​ផ្ទុយ​គ្នា​ពេល​ពួក​គេ​និយាយ។ អ្នក​ប្រហែលជា​ច្រើន​តែ​ធ្វើ​ដូច្នេះ​ដែរ ដោយ​មិន​បាន​គិត។ អ្នក​ប្រហែលជា​និយាយ​ថា​៖ ​«​គេ​និយាយ​ថា​ផ្លែ​ឈើ​ទាំង​អស់​ទុំ ក៏​ប៉ុន្តែ​ផ្លែ​ទាំង​នេះ​នៅ​ខ្ចី​នៅ​ឡើយ​»​ ឬ​«​ពី​មុន​នាង​ជា​ក្មេង​ស្រី​ដែល​អៀន​ខ្លាំង​ណាស់ តែ​ឥឡូវ​នេះ​នាង​រួស​រាយ​មែនទែន​»។

ក្នុង​ករណី​ស្រដៀង​គ្នា​នេះ មុន​ដំបូង​អ្នក​បង្ហាញ​ហេតុ​ការណ៍​ពិត​មួយ​ឬ​គំនិត​មួយ បន្ទាប់​មក​អ្នក​បង្ហាញ​ភាព​ផ្ទុយ​គ្នា​ដោយ​ប្រើ​ពាក្យ​ដូច​ជា តែ ក៏​ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ឬ​អ្នក​ប្រហែលជា​ប្រើ​ភាព​ផ្ទុយ​គ្នា​ដោយ​បន្ថែម​ព័ត៌មាន​ទៅ​លើ​ពាក្យ​នោះ។ ពេល​អ្នក​និយាយ​តាម​របៀប​នេះ របៀប​និយាយ​របស់​អ្នក​ស្ដាប់​ទៅ​ដូច​ជា​របៀប​និយាយ​ធម្មតា ហើយ​អ្នក​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​អ្វី​ដែល​អ្នក​និយាយ។

ទោះ​ជា​ភាព​ផ្ទុយ​គ្នា​មិន​សូវ​មាន​ជា​ញឹក​ញាប់​ក្នុង​ភាសា​ឬ​វប្បធម៌​ខ្លះ​ក៏​ដោយ ជា​ការ​ល្អ​ដែល​យើង​ស្គាល់​ប្រយោជន៍​របស់​វា។ ហេតុ​អ្វី? ដោយ​សារ​យើង​ឃើញ​ពាក្យ​ផ្ទុយ​គ្នា​ជា​ច្រើន​ក្នុង​បណ្ដាំ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ។ លោក​យេស៊ូ​បាន​ប្រើ​ភាព​ផ្ទុយ​គ្នា​ជា​ញឹក​ញាប់។ សូម​ចាំ​ពាក្យ​ផ្ទុយ​គ្នា​ទាំង​នេះ​៖ ​«​មនុស្ស​មិន​ដែល​អុជ​ចង្កៀង​រួច​ដាក់​ក្រោម​ប្រដាប់​វាល់​ស្រូវ​ឡើយ តែ​ពួក​គេ​ដាក់​លើ​ជើង​ចង្កៀង​វិញ​»។ ​«​ខ្ញុំ​មិន​បាន​មក​ដើម្បី​បំផ្លាញ[​ច្បាប់​]នោះ​ទេ តែ​ដើម្បី​ធ្វើ​ឲ្យ​ច្បាប់ . . . នោះ​បាន​សម្រេច​វិញ​»។ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឲ្យ​សោះ›។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី . . . ​»។ ​«​គេ​ថា​៖ ‹បើ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​របួស​ភ្នែក អ្នក​ត្រូវ​ទទួល​ទោស​ឲ្យ​របួស​ភ្នែក​ដែរ ហើយ​បើ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​បាក់​ធ្មេញ អ្នក​ត្រូវ​ទទួល​ទោស​ឲ្យ​បាក់​ធ្មេញ​ដែរ›។ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​សង​សឹក​នឹង​មនុស្ស​ទុច្ចរិត​ឡើយ តែ​បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ​»។—ម៉ាថ. ៥:១៥, ១៧, ២៧, ២៨, ៣៨, ៣៩

មាន​ពាក្យ​ផ្ទុយ​គ្នា​ដែល​ស្រដៀង​គ្នា​ក្នុង​សៀវភៅ​ឯ​ទៀត​នៃ​គម្ពីរ។ ពាក្យ​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​យល់​នូវ​ចំណុច​ណា​មួយ ឬ​លើក​បញ្ជាក់​អំពី​របៀប​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ បើ​អ្នក​ជា​ឪពុក​ម្ដាយ ចូរ​រំពឹង​គិត​អំពី​ភាព​ផ្ទុយ​គ្នា​នេះ​៖ ​«​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក កុំ​ធ្វើ​ឲ្យ​កូន​ខឹង តែ​ចូរ​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»។ (​អេភ. ៦:៤​) បើ​សាវ័ក​ប៉ូល​គ្រាន់តែ​បាន​សរសេរ​ថា ឪពុក (​ឬ​ម្ដាយ​) គួរ​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ នោះ​នឹង​ជា​អ្វី​ដែល​ល្អ​និង​ត្រឹម​ត្រូវ​ហើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដោយ​សារ​គាត់​ប្រើ​ពាក្យ​ផ្ទុយ​គ្នា​ថា​៖ ‹កុំ​ធ្វើ​ឲ្យ​ពួក​គេ​ខឹង តែ​ចូរ​អប់រំ​ពួក​គេ​ឲ្យ​មាន​គំនិត​ដូច​ព្រះ​យេហូវ៉ា› នោះ​គាត់​បញ្ជាក់​គំនិត​កាន់​តែ​ច្បាស់​ជាង។

ក្រោយ​មក​នៅ​ក្នុង​ជំពូក​នោះ ប៉ូល​បាន​សរសេរ​ថា​៖ ​«​យើង​មាន​ការ​ប្រយុទ្ធ មិន​មែន​ប្រយុទ្ធ​នឹង​សាច់​ឈាម​ទេ តែ​ប្រយុទ្ធ​នឹង . . . ពួក​វិញ្ញាណ​ទុច្ចរិត​នៅ​ស្ថាន​សួគ៌​»។ (​អេភ. ៦:១២​) ភាព​ផ្ទុយ​គ្នា​នោះ​ទំនង​ជា​ជួយ​អ្នក​ឲ្យ​យល់​ថា អ្នក​មាន​ការ​ប្រយុទ្ធ​ដ៏​ធំ​មួយ។ មិន​មែន​ជា​ការ​ប្រយុទ្ធ​នឹង​មនុស្ស​ទេ ផ្ទុយ​ទៅ​វិញ​ជា​ការ​ប្រយុទ្ធ​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត។

ចូរ​ទទួល​ប្រយោជន៍​ពី​ភាព​ផ្ទុយ​គ្នា

ក្នុង​សៀវភៅ​អេភេសូរ​ដដែល​នោះ អ្នក​នឹង​ឃើញ​ខ​គម្ពីរ​ជា​ច្រើន​ទៀត​ដែល​ប៉ូល​បាន​ប្រើ​ភាព​ផ្ទុយ​គ្នា។ ការ​គិត​អំពី​ខ​ទាំង​នោះ​អាច​ជួយ​យើង​ឲ្យ​យល់​ចំណុច​ដែល​ប៉ូល​បាន​លើក​ឡើង ហើយ​ទំនង​ជា​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ។

អ្នក​ប្រហែលជា​ឃើញ​ថា អ្នក​នឹង​ទទួល​ប្រយោជន៍ ហើយ​សប្បាយ​រីករាយ ពេល​ពិចារណា​អំពី​តារាង​នៅ​ក្នុង​អត្ថបទ​នេះ​ដែល​ពន្យល់​យ៉ាង​ច្បាស់​នូវ​ភាព​ផ្ទុយ​គ្នា​ខ្លះ​ដែល​អ្នក​ឃើញ​នៅ​ក្នុង​សៀវភៅ​អេភេសូរ​ជំពូក​ទី​៤​និង​ទី​៥។ កាល​ដែល​អ្នក​អាន​អំពី​ភាព​ផ្ទុយ​គ្នា​នីមួយ​ៗ ចូរ​គិត​អំពី​ជីវិត​របស់​អ្នក។ ចូរ​សួរ​ខ្លួន​អ្នក​ថា​៖ ‹តាម​ពិត តើ​ខ្ញុំ​មាន​ចិត្ត​គំនិត​យ៉ាង​ណា? តើ​ខ្ញុំ​មាន​ប្រតិកម្ម​យ៉ាង​ណា​ក្នុង​ស្ថានភាព​នេះ​ឬ​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ? តើ​អ្នក​ឯ​ទៀត​នឹង​គិត​ថា ខ្ញុំ​នៅ​ខាង​ណា​ក្នុង​ភាព​ផ្ទុយ​គ្នា​នេះ?›។ ប្រសិនបើ​ភាព​ផ្ទុយ​គ្នា​ណា​មួយ​ជួយ​អ្នក​ឲ្យ​ដឹង​ថា មាន​អ្វី​មួយ​ដែល​អ្នក​ត្រូវ​កែ​លម្អ ចូរ​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​អ្នក​បាន​រៀន។ ចូរ​ឲ្យ​ភាព​ផ្ទុយ​គ្នា​ជួយ​អ្នក។

ឬ​អ្នក​ប្រហែលជា​ប្រើ​តារាង​នេះ​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​របស់​អ្នក។ មុន​ដំបូង សមាជិក​ទាំង​អស់​នៃ​គ្រួសារ​របស់​អ្នក​អាច​អាន​ភាព​ផ្ទុយ​គ្នា​ទាំង​នោះ។ បន្ទាប់​មក សមាជិក​ម្នាក់​អាច​ប្រាប់​អំពី​ផ្នែក​ទី​១​នៃ​ភាព​ផ្ទុយ​គ្នា​មួយ ដោយ​អនុញ្ញាត​ឲ្យ​សមាជិក​ឯ​ទៀត​ក្នុង​គ្រួសារ​ខំ​ចាំ​ចំណុច​ដែល​បាន​ត្រូវ​បញ្ជាក់​នៅ​ក្នុង​ផ្នែក​ទី​២។ នោះ​អាច​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​ដ៏​សប្បាយ​រីករាយ​ក្នុង​គ្រួសារ អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ជាង​នូវ​ផ្នែក​ទី​២។ មែន​ហើយ ការ​ពិនិត្យ​មើល​ភាព​ផ្ទុយ​គ្នា​តាម​របៀប​នោះ​ប្រហែលជា​ជួយ​ទាំង​ក្មេង​ទាំង​ចាស់​ខំ​ប្រឹង​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ជា​គ្រិស្ត​សាសនិក​ក្នុង​គ្រួសារ​និង​នៅ​កន្លែង​ផ្សេង​ទៀត។

កាល​ដែល​អ្នក​កាន់​តែ​ដឹង​អំពី​ប្រយោជន៍​នៃ​ភាព​ផ្ទុយ​គ្នា អ្នក​ប្រហែលជា​ស្គាល់​កាន់​តែ​ច្បាស់​ជាង​នូវ​ពាក្យ​ផ្ទុយ​គ្នា​ដែល​មាន​ក្នុង​គម្ពីរ ហើយ​អ្នក​ប្រហែលជា​ឃើញ​ថា ពាក្យ​ផ្ទុយ​គ្នា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​គ្រិស្ត​សាសនិក។ ជា​ឧទាហរណ៍ អ្នក​អាច​និយាយ​ទៅ​កាន់​ម្ចាស់​ផ្ទះ​ថា​៖ ​«​មនុស្ស​ជា​ច្រើន​និយាយ​ថា ព្រលឹង​របស់​បុគ្គល​គ្រប់​រូប​គឺ​អមតៈ ប៉ុន្តែ​សូម​កត់​សម្គាល់​អ្វី​ដែល​បណ្ដាំ​របស់​ព្រះ​ចែង​នៅ​ក្នុង​ខ​នេះ​»។ ឬ​នៅ​ពេល​អ្នក​បង្រៀន​គម្ពីរ អ្នក​អាច​សួរ​ថា​៖ ​«​មនុស្ស​ភាគ​ច្រើន​ក្នុង​តំបន់​នេះ​ជឿ​ថា ព្រះ​និង​លោក​យេស៊ូ​គឺជា​បុគ្គល​តែ​មួយ ក៏​ប៉ុន្តែ តើ​គម្ពីរ​ចែង​យ៉ាង​ណា? តើ​លោក​អ្នក​យល់​យ៉ាង​ណា?​»។

មែន​ហើយ បទ​គម្ពីរ​ឲ្យ​យើង​ដឹង​នូវ​ភាព​ផ្ទុយ​គ្នា​ជា​ច្រើន​ដែល​បង្កប់​នូវ​មេរៀន​សម្រាប់​យើង ដែល​ជួយ​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ព្រះ ហើយ​យើង​អាច​ប្រើ​ភាព​ផ្ទុយ​គ្នា​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ។

ភាព​ផ្ទុយ​គ្នា​ខ្លះ​ក្នុង​សៀវភៅ​អេភេសូរ​ជំពូក​ទី​៤​និង​ទី​៥

សូម​ព្យាយាម​ប្រើ​តារាង​នេះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​របស់​អ្នក!

​«​កុំ​ឲ្យ​យើង . . . មាន​គំនិត​រេ​ចុះ​រេ​ឡើង . . . ដោយ​ស្ដាប់​មនុស្ស​ដែល​ជា​អ្នក​បោក​បញ្ឆោត ហើយ​ប្រើ​កលល្បិច​ដើម្បី​ប្រឌិត​រឿង​មិន​ពិត​»។—៤:១៤

​«​តែ​ដោយ​និយាយ​សេចក្ដី​ពិត ចូរ​ឲ្យ​យើង​ធំ​លូត​លាស់​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់​ឲ្យ​ពេញ​វ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់​នៅ​ក្រោម​គ្រិស្ត​ដែល​ជា​ប្រមុខ​»។—៤:១៥

​«​[​ប្រជាជាតិ​នានា​]ងងឹតងងល់ . . . ដោយ​សារ​ចិត្ត​របស់​ពួក​គេ​ស្ពឹក​»។—៤:១៨, ១៩

​«​ប៉ុន្តែ​អ្នក​មិន​បាន​រៀន​ថា​គ្រិស្ត​គឺជា​បុគ្គល​ដូច្នោះ​ទេ ប្រសិនបើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ឮ​លោក​យេស៊ូ ហើយ​បាន​ត្រូវ​បង្រៀន​ដោយ​លោក​»។—៤:២០, ២១

​«​អ្នក​រាល់​គ្នា​ត្រូវ​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់ ដែល​ស្រប​គ្នា​នឹង​ការ​ប្រព្រឹត្ត​របស់​អ្នក​ពី​មុន​»។—៤:២២

​«​[​ប៉ុន្តែ​]ត្រូវ​ឲ្យ​ឥទ្ធិពល​ថ្មី​កាន់កាប់​គំនិត​របស់​អ្នក​រាល់​គ្នា​វិញ ហើយ​ត្រូវ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​»។—៤:២៣, ២៤

​«​អ្នក​ដែល​លួច​ត្រូវ​ឈប់​លួច​ត​ទៅ​ទៀត​»។—៤:២៨

​«​តែ​ត្រូវ​ឲ្យ​អ្នក​នោះ​ធ្វើ​ការ​ទៀង​ត្រង់​យ៉ាង​នឿយ​ហត់​ដោយ​ដៃ​ខ្លួន​ឯង​»។—៤:២៨

​«​កុំ​ឲ្យ​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់ អ្នក​រាល់​គ្នា​ឡើយ​»។—៤:២៩

​«​តែ​ត្រូវ​ពោល​ពាក្យ​ណា​ដែល​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​»។—៤:២៩

​«​ចូរ​អ្នក​រាល់​គ្នា​បោះបង់​ចោល​គំនុំ កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ការ​ស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ​ជា​មួយ​នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​»។—៤:៣១

​«​ប៉ុន្តែ​ចូរ​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក មាន​សេចក្ដី​អាណិត​មេត្ដា ហើយ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។—៤:៣២

​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ទាំង​និយាយ​អំពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោកគ្រោក ឬ​ការ​លោភ​លន់​ឡើយ​»។—៥:៣

​«​តែ​ត្រូវ​អរគុណ​ព្រះ​វិញ​»។—៥:៤

​«​អ្នក​រាល់​គ្នា​ធ្លាប់​ជា​ភាព​ងងឹត​»។—៥:៨

​«​តែ​ឥឡូវ​ជា​ពន្លឺ​វិញ​ពីព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​លោក​ម្ចាស់​»។—៥:៨

​«​ឈប់​រួម​ចំណែក​ជា​មួយ​នឹង​ពួក​គេ​ក្នុង​ការ​ប្រព្រឹត្ត​ដែល​មិន​កើត​ផល​និង​ជា​ការ​ប្រព្រឹត្ត​ខាង​ភាព​ងងឹត​»។—៥:១១

​«​តែ​ចូរ​ប្រដៅ​តម្រង់​ពួក​គេ​វិញ​»។—៥:១១

​«​ម្ល៉ោះ​ហើយ ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន កុំ​ឲ្យ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា​»។—៥:១៥

​«​តែ​ដូច​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា​វិញ ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»។—៥:១៥, ១៦

​«​ហេតុ​នេះ កុំ​ធ្វើ​ជា​មនុស្ស​ឥត​វិចារណញ្ញាណ​»។—៥:១៧

​«​តែ​ចូរ​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​»។—៥:១៧

​«​កុំ​ស្រវឹង​ស្រា​ឡើយ ព្រោះ​នោះ​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អបាយមុខ​»។—៥:១៨

​«​តែ​ចូរ​ឲ្យ​បាន​ពេញ​ទៅ​ដោយ​សកម្មពល​របស់​ព្រះ​ជា​និច្ច​»។—៥:១៨

​«​ដើម្បី​លោក[​យេស៊ូ​]អាច​នាំ​ក្រុម​ជំនុំ​មក​នៅ​ចំពោះ​មុខ​លោក ដោយ​មាន​ភាព​រុងរឿង ឥត​មាន​ប្រឡាក់ ជ្រួញ ឬ​លក្ខណៈ​ឯ​ទៀត​បែប​នោះ​ឡើយ​»។—៥:២៧

​«​តែ​ដើម្បី​ឲ្យ​បាន​បរិសុទ្ធ ឥត​សៅហ្មង​វិញ​»។—៥:២៧

​«​គ្មាន​អ្នក​ណា​ស្អប់​រូប​កាយ​របស់​ខ្លួន​ទេ​»។—៥:២៩

​«​តែ​គេ​តែង​ចិញ្ចឹម​ហើយ​ស្រឡាញ់​ថ្នាក់​ថ្នម ដូច​គ្រិស្ត​ប្រព្រឹត្ត​នឹង​ក្រុម​ជំនុំ​»។—៥:២៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក