ព្រះយេហូវ៉ាបានការពារពួកគាត់នៅក្នុងស្រមោលភ្នំ
ស្ត្រីម្នាក់បានឃើញកញ្ចប់មួយនៅមាត់ទ្វារ ពេលចេញពីផ្ទះនៅពេលព្រឹកព្រលឹម។ គាត់បានរើសវាឡើង ហើយមើលជុំវិញខ្លួន ប៉ុន្តែមិនឃើញនរណាសោះនៅតាមផ្លូវ។ មនុស្សដែលគាត់មិនស្គាល់ច្បាស់ជាបានទុកកញ្ចប់នេះនៅពេលយប់។ គាត់បើកកញ្ចប់នេះបន្ដិច ហើយត្រឡប់ចូលផ្ទះវិញយ៉ាងលឿន រួចបិទទ្វារ។ កញ្ចប់ដែលបានផ្ញើមកនេះគឺជាសៀវភៅដែលមានមូលដ្ឋានលើគម្ពីរដែលគេបានដាក់បម្រាម! គាត់ឱបកញ្ចប់នេះ ហើយអធិដ្ឋានក្នុងចិត្ត អរគុណព្រះយេហូវ៉ាសម្រាប់សៀវភៅដ៏មានតម្លៃនេះ។
រឿងស្រដៀងគ្នានេះបានកើតឡើងនៅប្រទេសអាឡឺម៉ង់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០។ ក្រោយពីពួកណាត្ស៊ីឡើងកាន់អំណាចនៅឆ្នាំ១៩៣៣ សកម្មភាពរបស់សាក្សីព្រះយេហូវ៉ាបានត្រូវហាមប្រាមនៅកន្លែងជាច្រើននាប្រទេសនោះ។ បងរីឆឺដ រូដូលដែលឥឡូវនេះមានអាយុជាង១០០ឆ្នាំa និយាយថា៖ «យើងជឿថាច្បាប់របស់មនុស្សមិនអាចបញ្ឈប់ការប្រកាសអំពីព្រះយេហូវ៉ានិងនាមរបស់លោកឡើយ។ សៀវភៅដែលមានមូលដ្ឋានលើគម្ពីរគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការសិក្សានិងសម្រាប់កិច្ចផ្សព្វផ្សាយ។ ប៉ុន្តែយើងពិបាកទទួលសៀវភៅទាំងនោះ ដោយសារការដាក់បម្រាម។ នៅពេលនោះយើងបានឆ្ងល់ថាតើតាមរបៀបណាយើងអាចបន្តផ្សព្វផ្សាយបាន»។ មិនយូរក្រោយមក បងរីឆឺដបានដឹងថាគាត់អាចជួយផ្គត់ផ្គង់សៀវភៅបានតាមរបៀបដ៏ចម្លែកមួយ។ គាត់អាចធ្វើកិច្ចការនេះបាននៅក្នុងស្រមោលភ្នំ។—ចៅ. ៩:៣៦
ប្រើផ្លូវរបស់ពួកអ្នកជួញដូរខុសច្បាប់
បើអ្នកធ្វើដំណើរបញ្ច្រាសខ្សែទឹកនៅទន្លេអេលបឺ (ឬឡាបឺ) ទីបំផុតអ្នកនឹងទៅដល់ភ្នំដ៏ធំ (ខឺខណូសិ) ដែលឥឡូវនេះនៅព្រំដែនរវាងសាធារណរដ្ឋឆេកូនិងប្រទេសប៉ូឡូញ។ ទោះជាភ្នំនេះមានកម្ពស់តែប្រហែលជា១.៦០០ម៉ែត្រ (៥.២៥០ហ្វីត) ក៏ដោយ ភ្នំនេះបានត្រូវហៅថាកោះអាកទិចដែលនៅកណ្ដាលទ្វីបអឺរ៉ុប។ ព្រិលធ្លាក់កម្រាស់៣ម៉ែត្រ (១០ហ្វីត) គ្របដណ្ដប់លើជួរភ្នំអស់រយៈពេលកន្លះឆ្នាំ។ អាកាសធាតុនៅលើភ្នំនេះតែងតែប្រែប្រួល ហើយអាចចុះអ័ព្ទក្នុងមួយរំពេច។ មនុស្សដែលមើលស្រាលលើអាកាសធាតុនេះអាចវង្វេងនៅលើកំពូលភ្នំ។
អស់ជាច្រើនសតវត្សរ៍មកហើយ ជួរភ្នំនេះជាព្រំដែនធម្មជាតិរវាងខេត្ត រាជាណាចក្រ និងរដ្ឋ។ ដោយសារទឹកដីដ៏គ្រោះថ្នាក់នេះគឺពិបាកគ្រប់គ្រង ដូច្នេះនៅអតីតកាលមនុស្សជាច្រើននៅតំបន់នោះជួញដូរខុសច្បាប់ឆ្លងកាត់ភ្នំទាំងនេះ។ នៅទសវត្សរ៍ឆ្នាំ១៩៣០ ពេលដែលភ្នំដ៏ធំនេះជាព្រំប្រទល់រវាងប្រទេសឆេកូស្លូវ៉ាគីនិងប្រទេសអាឡឺម៉ង់ សាក្សីព្រះយេហូវ៉ាបានចាប់ផ្ដើមប្រើផ្លូវដែលគេបានបោះបង់ចោលនេះ។ ដើម្បីធ្វើអ្វី? ដើម្បីជញ្ជូនសៀវភៅដ៏មានតម្លៃដែលមានមូលដ្ឋានលើគម្ពីរ ពីកន្លែងដែលស្រួលទទួលជាង។ សាក្សីម្នាក់ក្នុងចំណោមនោះគឺយុវជនម្នាក់ឈ្មោះរីឆឺដ។
«ដំណើរ»ដែលប្រកបដោយគ្រោះថ្នាក់
រីឆឺដនឹកចាំថា «នៅចុងសប្ដាហ៍ ក្រុមផ្សេងៗដែលមានគ្នា៧នាក់ឬច្រើនជាងនេះ ស្លៀកពាក់ជាអ្នកដើរភ្នំ ធ្វើដំណើរឆ្ពោះទៅភ្នំនោះ។ ពីខាងអាឡឺម៉ង់យើងចំណាយពេលអស់ប្រហែលជាបីម៉ោងដើម្បីដើរឆ្លងភ្នំទៅស្ពីនដឺលរូវមឺលីន ដែលជាកន្លែងលម្ហែកាយមួយ ដែលមានចម្ងាយប្រហែលជា១៦,៥គីឡូម៉ែត្រ (១០ម៉ៃល៍) នៅខាងសាធារណរដ្ឋឆេកូ។ នៅសម័យនោះ ជនជាតិអាឡឺម៉ង់ជាច្រើននាក់រស់នៅតំបន់នោះ។ កសិករម្នាក់ដែលនៅក្នុងចំណោមនោះបានយល់ព្រមសហការជាមួយបងប្អូនទាំងនោះ។ គាត់បានប្រើរទេះសេះដែលធម្មតាប្រើសម្រាប់ដឹកអ្នកមកលម្ហែកាយពេលវិស្សមកាល ដឹកយកប្រអប់សៀវភៅរបស់យើងពីក្រុងជិតនោះ ជាកន្លែងដែលគេបានផ្ញើមកតាមរយៈរថភ្លើងពីក្រុងប្រ៉ាក។ គាត់បានដឹកប្រអប់ទាំងនោះត្រឡប់ទៅកសិដ្ឋានរបស់គាត់ ហើយលាក់វានៅក្នុងជង្រុកចំបើងរបស់គាត់ ដើម្បីចាំឲ្យបងប្អូនយើងមកយកសៀវភៅទាំងនោះទៅខាងប្រទេសអាឡឺម៉ង់»។
រីឆឺដបន្តថា៖ «ក្រោយពេលយើងទៅដល់កសិដ្ឋាននោះ យើងបានដាក់សៀវភៅទាំងនោះចូលក្នុងកាបូបស្ពាយរបស់យើង ដែលបានរៀបចំជាពិសេសសម្រាប់ដាក់របស់ធ្ងន់ៗ។ យើងម្នាក់ៗស្ពាយសៀវភៅប្រហែលជា៥០គីឡូ (១០០ផោន)»។ ដើម្បីកុំឲ្យគេរកឃើញ ពួកគាត់ដើរពេលងងឹត ដោយចាប់ផ្ដើមចេញដំណើរនៅពេលថ្ងៃលិច ហើយទៅដល់ផ្ទះមុនថ្ងៃរះ។ បងអឺន វេសណឺ ដែលជាអ្នកត្រួតពិនិត្យមណ្ឌលម្នាក់នៅប្រទេសអាឡឺម៉ង់នៅសម័យនោះ បានរៀបរាប់អំពីវិធីខ្លះដែលបងប្អូននៅសម័យនោះបានបង្កើតដើម្បីមានសុវត្ថិភាព ថា៖ «បងប្រុសពីរនាក់បានដើរទៅមុន ហើយពេលពួកគាត់ជួបនរណាម្នាក់ ភ្លាមៗនោះពួកគាត់ឲ្យសញ្ញាដោយប្រើពិលរបស់ពួកគាត់។ នេះជាសញ្ញាឲ្យបងប្រុសដែលស្ពាយអីវ៉ាន់យ៉ាងធ្ងន់ដើរ១០០ម៉ែត្រ[៣២៨ហ្វីត]ខាងក្រោយគាត់ឲ្យលាក់ខ្លួនក្នុងគុម្ពោតព្រៃតាមផ្លូវ រហូតដល់បងប្រុសទាំងពីរនាក់ដែលដើរខាងមុខគាត់ត្រឡប់មកវិញ ហើយនិយាយពាក្យសម្ងាត់មួយដែលតែងតែប្ដូរជារៀងរាល់សប្ដាហ៍»។ ប៉ុន្តែមិនមែនតែប៉ូលិសអាឡឺម៉ង់ដែលមានឯកសណ្ឋានព័ណ៌ខៀវប៉ុណ្ណោះទេ ដែលជាគ្រោះថ្នាក់សម្រាប់ពួកគាត់។
រីឆឺដនឹកចាំថា «ល្ងាចមួយខ្ញុំត្រូវធ្វើការយូរជាងធម្មតា ដូច្នេះខ្ញុំបានចេញទៅខាងសាធារណរដ្ឋឆេកូក្រោយបងប្អូនប្រុសៗរបស់ខ្ញុំ។ ពេលនោះងងឹត ហើយមានចុះអ័ព្ទ ខ្ញុំរងាញ័រខ្លួនពេលដើរកាត់ភ្លៀងដែលត្រជាក់ដូចទឹកកក។ ខ្ញុំបានវង្វេងផ្លូវក្នុងព្រៃស្រល់ ហើយអស់ប៉ុន្មានម៉ោងខ្ញុំរកផ្លូវចេញមិនឃើញទេ។ អ្នកដើរភ្នំជាច្រើននាក់បានស្លាប់ដោយសាររឿងនេះ។ ទាល់តែពេលដែលបងប្អូនប្រុសៗរបស់ខ្ញុំត្រឡប់មកវិញនៅពេលព្រឹកព្រលឹម ទើបខ្ញុំបានជួបពួកគាត់»។
អស់រយៈពេលប្រហែលជាបីឆ្នាំ បងប្អូនមួយក្រុមតូចដែលមានចិត្តក្លាហានបានទៅភ្នំនោះជារៀងរាល់សប្ដាហ៍។ នៅរដូវធ្លាក់ទឹកកក ពួកគាត់នាំយកអីវ៉ាន់ដ៏មានតម្លៃរបស់ពួកគាត់ដោយជិះស្គី។ ម្ដងម្កាល បងប្អូនជាច្រើនក្រុមដែលមានគ្នារហូតដល់២០នាក់ឆ្លងព្រំដែននៅពេលថ្ងៃ ដោយដើរតាមផ្លូវរបស់អ្នកដើរភ្នំ។ ដើម្បីឲ្យមើលទៅដូចជាក្រុមអ្នកដើរភ្នំធម្មតា បងប្អូនស្រីៗខ្លះបានទៅជាមួយពួកគាត់។ បងប្អូនស្រីៗខ្លះដើរមុខ ហើយបោះមួករបស់ពួកគាត់ទៅលើ ពេលពួកគាត់គិតថាមានគ្រោះថ្នាក់។
តើមានអ្វីកើតឡើងក្រោយពីបងប្អូនទាំងនោះត្រឡប់មកវិញពីការធ្វើដំណើរអស់មួយយប់? មានរបៀបរៀបចំដើម្បីប្រាកដថាសៀវភៅទាំងនោះបានត្រូវផ្ញើភ្លាមៗ។ តើតាមរបៀបណា? សៀវភៅទាំងនោះបានត្រូវវេចខ្ចប់ឲ្យមើលទៅដូចជាសាប៊ូដុំ ហើយយកទៅស្ថានីយរថភ្លើងនៅក្រុងហឺសបឺក។ ក្រោយមកប្រអប់ទាំងនោះបានត្រូវផ្ញើទៅកន្លែងផ្សេងៗនៅប្រទេសអាឡឺម៉ង់ ហើយនៅទីនោះ ដោយប្រុងប្រយ័ត្នបងប្អូនប្រុសស្រីបាននាំយកសៀវភៅទាំងនោះទៅឲ្យបងប្អូនរួមជំនឿដូចបានរៀបរាប់នៅដើមអត្ថបទ។ ប្រសិនបើគេរកឃើញការចែកចាយដោយលួចលាក់នេះ នោះបងប្អូនឯទៀតអាចជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ថ្ងៃមួយ មានបញ្ហាមួយកើតឡើងដែលមកពីអ្វីដែលពួកគាត់នឹកស្មានមិនដល់។
នៅឆ្នាំ១៩៣៦ ស្តុកសៀវភៅមួយបានត្រូវរកឃើញនៅជិតក្រុងប៊ែឡាំង។ ក្នុងចំណោមអ្វីដែលពួកគេបានរកឃើញ មានកញ្ចប់បីដែលបានផ្ញើមកដោយគ្មានឈ្មោះអ្នកផ្ញើ ពីក្រុងហឺសបឺក។ ប៉ូលិសបានយកអក្សរដែលសរសេរដោយដៃមកពិនិត្យមើលដើម្បីរកសមាជិកសំខាន់ម្នាក់នៃក្រុមនេះ ហើយបានចាប់គាត់។ មិនយូរក្រោយមក ជនសង្ស័យពីរនាក់ទៀត ដែលរួមបញ្ចូលបងរីឆឺដ រូដូលបានត្រូវចាប់ខ្លួន។ ដោយសារបងប្រុសទាំងនោះបានទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពនោះ បងប្អូនឯទៀតអាចបន្តធ្វើដំណើរដែលកាន់តែមានគ្រោះថ្នាក់នោះ អស់មួយរយៈពេល។
មេរៀនសម្រាប់យើង
ការនាំយកសៀវភៅឆ្លងកាត់ភ្នំដ៏ធំនេះដោយប្រើកាបូបស្ពាយ គឺជារបៀបដ៏សំខាន់មួយដើម្បីឲ្យសាក្សីព្រះយេហូវ៉ានៅប្រទេសអាឡឺម៉ង់ ទទួលសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ។ ប៉ុន្តែបងប្អូនយើងមិនត្រឹមតែប្រើផ្លូវដែលឆ្លងកាត់ភ្នំដ៏ធំនោះប៉ុណ្ណោះទេ។ រហូតដល់ឆ្នាំ១៩៣៩ ពេលកងទ័ពអាឡឺម៉ង់វាយយកប្រទេសឆេកូស្លូវ៉ាគី បងប្អូនយើងបានប្រើផ្លូវស្រដៀងគ្នានេះតាមព្រំដែនរបស់ប្រទេសនោះ។ នៅប្រទេសផ្សេងទៀតដែលជាប់ព្រំដែនប្រទេសអាឡឺម៉ង់ ដូចជាប្រទេសបារាំង ហូឡង់ ស្វីស សាក្សីព្រះយេហូវ៉ាដែលនៅប្រទេសទាំងនោះបានប្រថុយគ្រោះថ្នាក់ដើម្បីផ្គត់ផ្គង់សៀវភៅដល់បងប្អូនរួមជំនឿដែលបានត្រូវគេបៀតបៀន។
សព្វថ្ងៃនេះយើងភាគច្រើនអាចទទួលសៀវភៅដែលមានមូលដ្ឋានលើគម្ពីរតាមចំនួនដែលយើងត្រូវការនិងតាមរបៀបផ្សេងៗ។ ទោះជាអ្នកទទួលសៀវភៅថ្មីនៅសាលប្រជុំឬតាមរយៈការថតចម្លងពីគេហទំព័រjw.orgក៏ដោយ អ្នកចង់គិតថាបងប្អូនត្រូវធ្វើអ្វីខ្លះដើម្បីឲ្យអ្នកអាចទទួលសៀវភៅទាំងនោះ? ប្រហែលជាបងប្អូនមិនចាំបាច់ឆ្លងកាត់ភ្នំដែលមានព្រិលនៅលើកំពូល នាកណ្ដាលអធ្រាត្រដូចបងប្អូននៅសម័យមុនឡើយ ប៉ុន្តែបងប្អូនរួមជំនឿជាច្រើននាក់បានខំប្រឹងធ្វើការយ៉ាងនឿយហត់ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផលិតសៀវភៅទាំងនេះឲ្យអ្នក។
a គាត់បានបម្រើនៅក្រុមជំនុំហឺសបឺក នៅខេត្តស៊ីឡេសៀ។ ក្រុងហឺសបឺកឥឡូវនេះមានឈ្មោះថា យេឡេនយ៉ាហ្គូរ៉ា នៅខាងត្បូងឆៀងខាងលិចនៃប្រទេសប៉ូឡូញ។