សំណួរពីអ្នកអាន
នៅតំបន់ស្ងាត់ជ្រងំ តើជនជាតិអ៊ីស្រាអែលមានអ្វីបរិភោគក្រៅពីម៉ាណានិងសត្វក្រួចឬទេ?
ម៉ាណាជាអាហារដ៏សំខាន់ចម្បងរបស់ជនជាតិអ៊ីស្រាអែលក្នុងអំឡុង៤០ឆ្នាំដែលពួកគេនៅតំបន់ស្ងាត់ជ្រងំ។ (ដច. ១៦:៣៥) ព្រះយេហូវ៉ាក៏បានផ្ដល់សត្វក្រួចអស់ពីរលើកផងដែរ។ (ដច. ១៦:១២, ១៣; ជប. ១១:៣១) ប៉ុន្តែ ជនជាតិអ៊ីស្រាអែលក៏មានអាហារតិចតួចទៀតដើម្បីបរិភោគ។
ជាឧទាហរណ៍ ជួនកាលព្រះយេហូវ៉ានាំរាស្ត្រលោកឲ្យទៅ«កន្លែងសម្រាក» ជាកន្លែងដែលមានទឹកផឹកនិងអាហារបរិភោគ។ (ជប. ១០:៣៣) កន្លែងមួយក្នុងចំណោមកន្លែងទាំងនោះ គឺ«អេលីមដែលមានប្រភពទឹក១២កន្លែង និងមានដើមលម៉ើ៧០ដើម»។ (ដច. ១៥:២៧) សៀវភៅមួយចែងថា ដើមលម៉ើដែល«ដុះនៅកន្លែងផ្សេងៗជាច្រើន គឺជារុក្ខជាតិសំខាន់ចម្បងដែលបានត្រូវប្រើសម្រាប់អាហារនៅខ្សាច់សមុទ្រ។ ដើមលម៉ើផ្ដល់ប្រយោជន៍ជាអាហារ ប្រេង និងទីជ្រកដល់មនុស្សរាប់លាននាក់»។ (Plants of the Bible)
ជនជាតិអ៊ីស្រាអែលក៏ប្រហែលជាបានឈប់នៅកន្លែងមួយក្នុងទីរហោស្ថានដែលបានត្រូវគេស្គាល់នៅសព្វថ្ងៃនេះថាហ្វេរិន។ កន្លែងនោះមានដើមឈើច្រើន ហើយនៅក្នុងជ្រលងហ្វេរិន។ សៀវភៅមួយចែងថា ជ្រលងនេះ«មានប្រវែង១៣០គីឡូម៉ែត្រ និងជាជ្រលងវែង ស្រស់ស្អាត និងល្បីជាងគេបំផុតមួយនៅតំបន់ស៊ីណាយ»។ សៀវភៅនោះក៏បន្តថា៖ «បើបុគ្គលណាម្នាក់ធ្វើដំណើរអស់៤៥គីឡូម៉ែត្រពីមាត់ជ្រលងនោះ គាត់នឹងទៅឯហ្វេរិន។ ទីនោះនៅលើកម្ពស់សមុទ្រប្រមាណ៦១០ម៉ែត្រ ហើយមានប្រវែងប្រមាណ៤,៨គីឡូម៉ែត្រ។ នៅកន្លែងហ្វេរិននោះមានដើមលម៉ើដុះជាច្រើន ហើយស្រស់ស្អាតណាស់បានជាគេប្រដូចទៅនឹងសួនអេដែន។ អស់រាប់ពាន់ឆ្នាំ មនុស្សបានមកទីនោះដោយសារមានដើមលម៉ើដែលដុះរាប់ពាន់ដើម»។ (Discovering the World of the Bible)
ដើមលម៉ើនៅឯហ្វេរិន
ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេហ្ស៊ីប ពួកគេបាននាំយកមកជាមួយនូវដុំម្សៅ ផើងសម្រាប់ច្របាច់ម្សៅ ហើយប្រហែលជាគ្រាប់ធញ្ញជាតិខ្លះ ព្រមទាំងប្រេងផងដែរ។ អ្វីទាំងនេះមិនមានរហូតទេ។ បណ្ដាជនក៏បានយក«ហ្វូងគោហ្វូងចៀម និងហ្វូងសត្វយ៉ាងច្រើនសន្ធឹក»។ (ដច. ១២:៣៤-៣៩) ប៉ុន្តែដោយសារស្ថានភាពពិបាកនៅតំបន់ស្ងាត់ជ្រងំ ចំនួនសត្វរបស់ពួកគេទំនងជាបានថយចុះ។ ពួកវាខ្លះក៏ប្រហែលជាបានត្រូវប្រើជាអាហារសម្រាប់ជនជាតិអ៊ីស្រាអែល។ រីឯសត្វខ្លះទៀត ប្រហែលជាបានត្រូវជូនជាគ្រឿងបូជាa ហើយថែមទាំងជូនទៅព្រះមិនពិតផងដែរ។ (សកម្ម. ៧:៣៩-៤៣) ប៉ុន្តែជនជាតិអ៊ីស្រាអែលមានហ្វូងគោនិងហ្វូងចៀមខ្លះ។ យើងអាចដឹងដូច្នេះពីអ្វីដែលព្រះយេហូវ៉ាបានប្រាប់រាស្ត្រលោកពេលដែលពួកគេមិនស្ដាប់បង្គាប់លោក គឺថា៖ «កូនចៅរបស់អ្នករាល់គ្នានឹងធ្វើជាគង្វាលនៅតំបន់ស្ងាត់ជ្រងំអស់រយៈពេល៤០ឆ្នាំ»។ (ជប. ១៤:៣៣) ដូច្នេះ ហ្វូងសត្វរបស់ពួកគេប្រហែលជាបានផ្ដល់ទឹកដោះនិងសាច់ខ្លះ ប៉ុន្តែច្បាស់ជាមិនមានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់មនុស្សប្រមាណបីលាននាក់សម្រាប់៤០ឆ្នាំទេ។b
តើសត្វបានរកឃើញចំណីនិងទឹកនៅឯណា?c នៅពេលនោះ ប្រហែលជាមានភ្លៀងធ្លាក់ច្រើនជាង ហើយនោះនាំឲ្យមានរុក្ខជាតិច្រើនជាងនៅតំបន់ស្ងាត់ជ្រងំ។ សៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ក្បាលទី១ចែងថា ៣.៥០០ឆ្នាំមុន«នៅស្រុកអារ៉ាប់មានទឹកច្រើនជាងសព្វថ្ងៃ។ យើងដឹងដូច្នេះ ដោយសារមានជ្រលងជ្រៅនិងរីងស្ងួតជាច្រើនដែលធ្លាប់ជាទន្លេពីមុនមក»។ (Insight on the Scriptures) ទោះជាយ៉ាងនេះក្ដី តំបន់ស្ងាត់ជ្រងំជាកន្លែងដែលស្ងួតហួតហែងនិងគួរឲ្យស្ញែងខ្លាច។ (បច. ៨:១៤-១៦) បើគ្មានទឹកដែលព្រះយេហូវ៉ាធ្វើអព្ភូតហេតុផ្ដល់ឲ្យទេ ទាំងជនជាតិអ៊ីស្រាអែលទាំងសត្វរបស់ពួកគេច្បាស់ជាស្លាប់។—ដច. ១៥:២២-២៥; ១៧:១-៦; ជប. ២០:២, ១១
ម៉ូសេបានប្រាប់ជនជាតិអ៊ីស្រាអែលថាព្រះយេហូវ៉ាបានផ្ដល់ម៉ាណាឲ្យពួកគេបរិភោគ។ «យ៉ាងនេះ [ពួកគេ]បានដឹងថា មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ តែដោយសារគ្រប់ទាំងប្រសាសន៍ដែលចេញពីមាត់ព្រះយេហូវ៉ាមក»។—បច. ៨:៣
a គម្ពីររៀបរាប់អំពីពេលពីរដងដែលសត្វបានត្រូវជូនជាគ្រឿងបូជាទៅព្រះយេហូវ៉ានៅតំបន់ស្ងាត់ជ្រងំ។ លើកទី១គឺនៅពេលដែលពួកសង្ឃបានត្រូវតែងតាំង។ លើកទី២គឺនៅបុណ្យរំលង។ ព្រឹត្តិការណ៍ទាំងពីរនេះបានកើតឡើងនៅឆ្នាំ១៥១២ មុនគ.ស. ប្រហែលជាមួយឆ្នាំក្រោយពីជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេហ្ស៊ីប។—ចល. ៨:១៤–៩:២៤; ជប. ៩:១-៥
b នៅជិតទីបញ្ចប់នៃ៤០ឆ្នាំក្នុងតំបន់ស្ងាត់ជ្រងំ ជនជាតិអ៊ីស្រាអែលបានចាប់យកសត្វរាប់សែនក្បាលជាជ័យភណ្ឌ។ (ជប. ៣១:៣២-៣៤) ទោះជាយ៉ាងនោះក៏ដោយ ពួកគេបានបន្តបរិភោគម៉ាណារហូតដល់ពួកគេបានចូលស្រុកដែលព្រះបានសន្យា។—យ៉ូស. ៥:១០-១២
c យើងអាចសន្និដ្ឋានថាសត្វមិនស៊ីម៉ាណាទេ ដោយសារព្រះយេហូវ៉ាបានប្រាប់បណ្ដាជនឲ្យប្រមូលម៉ាណាល្មមតាមដែលបុគ្គលម្នាក់ៗបរិភោគ តែលោកមិនបានរៀបរាប់អំពីសត្វទេ។—ដច. ១៦:១៥, ១៦