៣៤
ម្ហូបអាហារបែបថ្មី
តើអ្នកដឹងថាប្រជាជនកំពុងតែរើសអ្វីពីដីទេ? របស់នេះដូចជាកំណកទឹកសន្សើម។ វាមានពណ៌ស ហើយជាបន្ទះស្តើងៗនិងយ៉ាងស្រាលផង។ ប៉ុន្តែ នេះមិនមែនជាកំណកទឹកសន្សើមទេ នេះជាវត្ថុសំរាប់បរិភោគជាអាហារ។
ប្រជាជនអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីព្ទ ទើបតែបានប្រហែលជាមួយខែប៉ុណ្ណោះ។ ពួកគេស្នាក់នៅក្នុងទីរហោស្ថាន។ នៅទីនោះមានម្ហូបអាហារស្តួចស្តើងណាស់ ដូច្នេះប្រជាជនក៏ត្អូញត្អែរថា៖ ‹យើងស៊ូឲ្យព្រះយេហូវ៉ាបានសម្លាប់យើងនៅស្រុកអេស៊ីព្ទវិញ។ យ៉ាងហោចណាស់ នៅទីនោះយើងអាចមានម្ហូបអាហារជាច្រើនដែលយើងចង់បាន›។
ដូច្នេះ ព្រះយេហូវ៉ាមានបន្ទូលថា៖ ‹អញនឹងបណ្ដាលឲ្យធ្លាក់ភ្លៀងជាអាហារពីលើមេឃមកឲ្យឯងរាល់គ្នា›។ ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យមានយ៉ាងដូច្នោះមែន។ ព្រឹកស្អែកឡើង នៅពេលដែលប្រជាជនអ៊ីស្រាអែលឃើញវត្ថុសនេះធ្លាក់មក គេក៏សួរគ្នាទៅវិញទៅមកថា៖ ‹តើរបស់នេះជាអ្វីហ្ន៎›?
ម៉ូសេនិយាយថា៖ ‹នេះជាម្ហូបអាហារដែលព្រះយេហូវ៉ាបានប្រទានឲ្យអ្នករាល់គ្នាបរិភោគ›។ ប្រជាជនក៏ហៅអាហារនោះថា ម៉ាន៉ា។ អាហារនោះមានរសជាតិដូចនំស្តើងៗធ្វើមកពីទឹកឃ្មុំ។
ម៉ូសេប្រាប់ប្រជាជនថា៖ ‹អ្នកត្រូវទៅរើសយកល្មមតែនឹងបរិភោគឆ្អែតគ្រប់គ្នាចុះ›។ ដូច្នេះ ពួកគេក៏ទៅរើសយកនំនោះជារៀងរាល់ព្រឹក។ បន្ទាប់មក នៅពេលដែលថ្ងៃរឹតតែក្ដៅឡើង នំម៉ាន៉ាដែលនៅសល់លើដីទាំងប៉ុន្មានក៏រលាយអស់ទៅ។
ម៉ូសេនិយាយទៀតថា៖ ‹មិនត្រូវឲ្យអ្នកណាមួយទុកនំម៉ាន៉ាឲ្យសល់ដល់ថ្ងៃស្អែកឡើយ›។ ប៉ុន្តែ ប្រជាជនខ្លះមិនស្ដាប់តាមទេ។ តើអ្នកដឹងអ្វីកើតឡើងទេ? ព្រឹកស្អែកឡើង នំម៉ាន៉ាដែលគេបានទុកនោះក៏កើតមានដង្កូវ ហើយក៏ចាប់ផ្ដើមមានក្លិនស្អុយ!
ប៉ុន្តែ មានមួយថ្ងៃក្នុងមួយអាទិត្យ ដែលព្រះយេហូវ៉ាមានបន្ទូលប្រាប់ប្រជាជនឲ្យរើសយកនំម៉ាន៉ាមួយភាគជាពីរ។ នេះគឺនៅថ្ងៃទីប្រាំមួយ។ ហើយព្រះយេហូវ៉ាមានបន្ទូលប្រាប់ឲ្យទុកនំនោះខ្លះសំរាប់ថ្ងៃស្អែក ពីព្រោះទ្រង់នឹងមិនធ្វើឲ្យធ្លាក់មកនៅថ្ងៃទីប្រាំពីរឡើយ។ នៅពេលដែលពួកគេបានទុកនំម៉ាន៉ាដល់ថ្ងៃទីប្រាំពីរ នោះវាមិនបានកើតមានដង្កូវ ហើយក៏មិនមានក្លិនស្អុយដែរ! នេះជាអព្ភូតហេតុមួយទៀត!
ជារៀងរាល់ឆ្នាំដែលប្រជាជនអ៊ីស្រាអែលបានរស់នៅក្នុងទីរហោស្ថាននោះ ព្រះយេហូវ៉ាបានប្រទានឲ្យនំម៉ាន៉ាជាអាហារដល់គេ។
និក្ខមនំ ១៦:១-៣៦; ជនគណនា ១១:៧-៩; យ៉ូស្វេ ៥:១០-១២