៣៧
ត្រសាលសំរាប់ធ្វើសក្ការៈ
តើអ្នកដឹងអាគារនេះជាអ្វីទេ? នេះជាត្រសាលដ៏ពិសេសមួយសំរាប់ធ្វើសក្ការៈដល់ព្រះយេហូវ៉ា។ នេះក៏ត្រូវគេហៅជារោងឧបោសថដែរ។ ប្រជាជនបានបញ្ចប់ការសង់រោងឧបោសថនេះ មួយឆ្នាំក្រោយពីបានចាកចេញពីស្រុកអេស៊ីព្ទមក។ តើអ្នកដឹងថា គំនិតរបស់អ្នកណាទេ ដែលអាគារនេះត្រូវសង់នោះ?
នេះជាគំនិតរបស់ព្រះយេហូវ៉ា។ កាលដែលលោកម៉ូសេនៅលើភ្នំស៊ីណាយ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់លោកនូវរបៀបដែលត្រូវសង់។ ទ្រង់បានមានបន្ទូលប្រាប់ឲ្យសង់យ៉ាងណា ដែលអាចដោះពីគ្នាចេញបានយ៉ាងស្រួល។ តាមរបៀបនេះ គ្រឿងផ្សេងៗអាចយកទៅកន្លែងឯទៀត ហើយក៏អាចតម្លើងម្ដងទៀតបាន។ ដូច្នេះ នៅពេលដែលប្រជាជនអ៊ីស្រាអែលបានផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ នៅក្នុងទីរហោស្ថាន ពួកគេបានយកត្រសាលនោះទៅជាមួយគេ។
បើសិនជាអ្នកក្រឡេកមើលទៅក្នុងបន្ទប់តូចដែលនៅចុងត្រសាលនោះ អ្នកអាចឃើញប្រអប់ឬក៏ហឹបមួយ។ នេះត្រូវគេហៅ ហឹបនៃសេចក្ដីសញ្ញា។ ហើយមានទេវតាពីរនាក់ឬក៏ចេរូប៊ីន ដែលធ្វើពីមាសនៅចុងទាំងសងខាង។ ព្រះបានចារឹកក្រិត្យទាំងដប់ប្រការម្ដងទៀតនៅលើបន្ទះថ្មពីរ ពីព្រោះលោកម៉ូសេបានបំបែកបន្ទះថ្មពីលើកមុនទៅហើយ។ ហើយបន្ទះថ្មទាំងនេះបានទុកក្នុងហឹបនៃសេចក្ដីសញ្ញា។ នំម៉ាន៉ាមួយក្រឡក៏បានទុកក្នុងនោះដែរ។ តើអ្នកនៅចាំនំម៉ាន៉ាជាអ្វីទេ?
អើរ៉ុនជាបងប្រុសរបស់ម៉ូសេ ជាអ្នកដែលព្រះយេហូវ៉ារើសតាំងឲ្យធ្វើជាសម្ដេចសង្ឃ។ លោកដឹកនាំប្រជាជនក្នុងការធ្វើសក្ការៈដល់ព្រះយេហូវ៉ា។ ហើយកូនប្រុសៗរបស់លោកក៏ជាសង្ឃដែរ។
ឥឡូវនេះសូមក្រឡេកមើលឯបន្ទប់ធំក្នុងត្រសាលនេះ។ បន្ទប់នេះមានទំហំធំជាងបន្ទប់តូចពីរដងទៅទៀត។ តើអ្នកឃើញប្រអប់ ឬក៏ហឹបតូច ដែលមានផ្សែងហុយចេញពីនោះទេ? នេះជាអាសនាដែលសង្ឃដុតវត្ថុក្លិនឈ្ងុយ ដែលហៅថាគ្រឿងក្រអូប។ បន្ទាប់មក មានជើងចង្កៀងដែលមានចង្កៀងប្រាំពីរ។ ហើយវត្ថុទីបីក្នុងបន្ទប់នោះគឺតុ។ ហើយនៅលើតុនោះមាននំប៉័ង១២ដុំ។
នៅក្នុងទីលាននៃរោងឧបោសថនោះមានផើងទឹកដ៏ធំមួយ ឬក៏អាងដែលមានទឹកពេញ។ ពួកសង្ឃប្រើផើងទឹកនេះសំរាប់លាងសំអាត។ ហើយក៏មានអាសនាដ៏ធំមួយដែរ។ នេះជាកន្លែងដែលគេដុតសពសត្វជាតង្វាយថ្វាយដល់ព្រះយេហូវ៉ា។ ត្រសាលសំរាប់ធ្វើសក្ការៈស្ថិតនៅចំកណ្ដាលជំរំ ហើយប្រជាជនអ៊ីស្រាអែលរស់នៅក្នុងត្រសាលរបស់គេរៀងៗខ្លួននៅជុំវិញត្រសាលនោះ។
និក្ខមនំ ២៥:៨-៤០; ២៦:១-៣៧; ២៧:១-៨; ២៨:១; ៣០:១-១០, ១៧-២១; ៣៤:១, ២; ហេព្រើរ ៩:១-៥