បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 មីនា ទំ. ២-៧
  • សូម​កុំ​បង្អែ​បង្អង់​ទទួល​ការ​ជ្រមុជ​ទឹក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូម​កុំ​បង្អែ​បង្អង់​ទទួល​ការ​ជ្រមុជ​ទឹក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​សាម៉ារី​បាន​ទទួល​ការ​ជ្រមុជ​ទឹក
  • សុល​អ្នក​ក្រុង​តើសុស​បាន​ទទួល​ការ​ជ្រមុជ​ទឹក
  • កូនេលាស​បាន​ទទួល​ការ​ជ្រមុជ​ទឹក
  • អ្នក​ក្រុង​កូរិនថូស​បាន​ទទួល​ការ​ជ្រមុជ​ទឹក
  • ជំនឿ​របស់​អ្នក​អាច​រើ​ភ្នំ​បាន
  • ‹ចូរមកតាមលោកយេស៊ូជាដរាប›ក្រោយពីទទួលការជ្រមុជទឹក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • តើអ្នកត្រៀមខ្លួនដើម្បីប្រគល់ខ្លួនជូនព្រះយេហូវ៉ាហើយឬនៅ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ការជ្រមុជទឹកគឺជាតម្រូវការដើម្បីធ្វើជាគ្រិស្តសាសនិក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 មីនា ទំ. ២-៧

អត្ថបទសិក្សា ៩

ចម្រៀង​លេខ​៥១ យើង​ប្រគល់​ខ្លួន​ជូន​ព្រះ!

សូម​កុំ​បង្អែ​បង្អង់​ទទួល​ការ​ជ្រមុជ​ទឹក

​«​ហេតុ​អ្វី​បាន​ជា​អ្នក​បង្អែ​បង្អង់​ដូច្នេះ? ចូរ​ក្រោក​ឡើង ទទួល​ការ​ជ្រមុជ​ទឹក​»។—សកម្ម. ២២:១៦

ចំណុច​ផ្ដោត

អ្នក​នឹង​ទទួល​កម្លាំង​ចិត្ត​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក ដោយ​ពិចារណា​គំរូ​របស់​ពួក​សាម៉ារី សុល​ជា​អ្នក​ក្រុង​តើសុស កូនេលាស និង​ពួក​អ្នក​ក្រុង​កូរិនថូស។

១. តើ​មាន​មូលហេតុ​ល្អ​អ្វី​ខ្លះ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?

តើ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ផ្ដល់​គ្រប់​ទាំង​របស់​ល្អ​ឲ្យ​អ្នក រួម​ទាំង​ផ្ដល់​ជីវិត​ដល់​អ្នក​ឬ​ទេ? តើ​អ្នក​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ចំពោះ​ព្រះ​ឬ​ទេ? របៀប​ល្អ​បំផុត​ដើម្បី​ធ្វើ​ដូច្នោះ​គឺ​ដោយ​ប្រគល់​ខ្លួន​ជូន​លោក​និង​ទទួល​ការ​ជ្រមុជ​ទឹក។ ដោយ​ធ្វើ​ដូច្នោះ អ្នក​ក្លាយ​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល បិតា​ដែល​ជា​មិត្ត​សម្លាញ់​របស់​អ្នក​នឹង​ណែនាំ​អ្នក ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ដោយ​សារ​អ្នក​គឺ​ជា​កម្មសិទ្ធិ​របស់​លោក។ (​ចសព. ៧៣:២៤; អេ. ៤៣:១, ២​) ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ជ្រមុជ​ទឹក​ក៏​បើក​ឱកាស​ឲ្យ​អ្នក​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដែរ។—១ពេ. ៣:២១

២. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

២ តើ​មាន​អ្វី​ធ្វើ​ឲ្យ​អ្នក​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? បើ​មាន សូម​កុំ​គិត​ថា​មាន​តែ​អ្នក​ឡើយ។ មុន​អ្នក មាន​មនុស្ស​រាប់​លាន​នាក់​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត​និង​របៀប​គិត​គូរ​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ឥឡូវ​ពួក​គេ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ​និង​ចិត្ត​ខ្នះខ្នែង។ តើ​អ្នក​អាច​រៀន​អ្វី​ពី​បុគ្គល​ខ្លះ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​សតវត្សរ៍​ទី​១? សូម​យើង​ពិចារណា​អំពី​ឧបសគ្គ​ដែល​ពួក​គេ​ជួប​ប្រទះ​និង​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ពួក​គេ។

ពួក​សាម៉ារី​បាន​ទទួល​ការ​ជ្រមុជ​ទឹក

៣. ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក តើ​ពួក​សាម៉ារី​ប្រហែល​ជា​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​អ្វី​ខ្លះ?

៣ នៅ​សម័យ​លោក​យេស៊ូ ពួក​សាម៉ារី​គឺ​ជា​អ្នក​កាន់​តាម​និកាយ​សាសនា​មួយ។ ពួក​គេ​ជា​ច្រើន​នាក់​រស់​នៅ​ជិត​ក្រុង​ស៊ីគឹម ហើយ​នៅ​ក្នុង​តំបន់​សាម៉ារី​ដែល​នៅ​ខាង​ជើង​តំបន់​យូឌា។ មុន​ពួក​សាម៉ារី​អាច​ទទួល​ការ​ជ្រមុជ​ទឹក ពួក​គេ​ត្រូវ​ទទួល​យក​បណ្ដាំ​របស់​ព្រះ​ទាំង​មូល ហើយ​រៀន​ថែម​ទៀត​ពី​បណ្ដាំ​នោះ។ ពួក​សាម៉ារី​ជឿ​ថា​មាន​តែ​សៀវភៅ​ប្រាំ​ក្បាល គឺ​សៀវភៅ​ដើម​កំណើត​រហូត​ដល់​សៀវភៅ​ការ​បំភ្លឺ​ច្បាប់ និង​ប្រហែល​ជា​សៀវភៅ​យ៉ូស្វេ​ប៉ុណ្ណោះ​ដែល​មក​ពី​ព្រះ។ យោង​ទៅ​តាម​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ការ​បំភ្លឺ​ច្បាប់ ១៨:១៨, ១៩ ពួក​សាម៉ារី​រំពឹង​ថា​មេស្ស៊ី​នឹង​មក​ដល់។ (​យ៉ូន. ៤:២៥​) ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ពួក​គេ​ត្រូវ​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា ហើយ​«​ជន​ជាតិ​សាម៉ារី​ជា​ច្រើន​នាក់​»​បាន​ធ្វើ​ដូច្នោះ។ (​យ៉ូន. ៤:៣៩​) ម្យ៉ាង​ទៀត ដោយ​សារ​គ្រិស្ត​សាសនិក​ជា​ច្រើន​នៅ​សម័យ​ដើម​គឺ​ជា​ជនជាតិ​យូដា ពួក​សាម៉ារី​ខ្លះ​ប្រហែល​ជា​ត្រូវ​យក​ឈ្នះ​ការ​រើស​អើង​ចំពោះ​ជនជាតិ​យូដា។—លូក. ៩:៥២​-​៥៤

៤. យោង​ទៅ​តាម​សកម្មភាព ៨:៥, ៦, ១៤ ពេល​ភីលីព​ផ្សព្វ​ផ្សាយ​ដល់​ពួក​សាម៉ារី តើ​ពួក​គេ​ខ្លះ​មាន​ប្រតិកម្ម​យ៉ាង​ណា?

៤ តើ​អ្វី​បាន​ជួយ​ពួក​សាម៉ារី​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក? ពេល​ភីលីព​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​បាន​ផ្សព្វ​ផ្សាយ​ប្រាប់​ពួក​សាម៉ារី​«​អំពី​គ្រិស្ត​»​ ពួក​គេ​ខ្លះ​បាន​«​ទទួល​យក​បណ្ដាំ​របស់​ព្រះ​»។ (​សូម​អាន សកម្មភាព ៨:៥, ៦, ១៤​) ពួក​គេ​បាន​ស្ដាប់​ភីលីព ទោះ​ជា​គាត់​ជា​ជនជាតិ​យូដា​ក្ដី។ ពួក​គេ​ប្រហែល​ជា​ចាំ​ខ​គម្ពីរ​ដែល​ថា​ព្រះ​មិន​រើស​មុខ​ទេ។ (​បច. ១០:១៧​-​១៩​) ពួក​គេ​បាន​«​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ភីលីព​និយាយ​»​អំពី​គ្រិស្ត ហើយ​ពួក​គេ​ទទួល​យក​ទី​សំអាង​ដែល​បង្ហាញ​ថា​ភីលីព​មាន​ឫទ្ធានុភាព​ពី​ព្រះ។ គាត់​ក៏​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​ដូច​ជា​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ និង​បណ្ដេញ​វិញ្ញាណ​កំណាច។—សកម្ម. ៨:៧

៥. តើ​អ្នក​អាច​រៀន​មេ​រៀន​អ្វី​ពី​ពួក​សាម៉ារី?

៥ ពួក​សាម៉ារី​ទាំង​នោះ​អាច​អនុញ្ញាត​ឲ្យ​ការ​រើស​អើង​ឬ​ការ​ខ្វះ​ចំណេះ​រា​រាំង​ពួក​គេ​ពី​ការ​រីក​ចម្រើន។ ប៉ុន្តែ ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ពួក​សាម៉ារី​មិន​បាន​បង្អែ​បង្អង់​ទទួល​ការ​ជ្រមុជ​ទឹក​ទេ ក្រោយ​ពី​ពួក​គេ​ជឿ​ជាក់​ថា​ភីលីព​បាន​បង្រៀន​ពួក​គេ​សេចក្ដី​ពិត។ គម្ពីរ​ពន្យល់​ថា​៖ ​«​ពេល​ពួក​គេ​បាន​ជឿ​ភីលីព​ដែល​កំពុង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ និង​អំពី​នាម​របស់​លោក​យេស៊ូ​គ្រិស្ត នោះ​ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី​ក៏​ទទួល​ការ​ជ្រមុជ​ទឹក​»។ (​សកម្ម. ៨:១២​) តើ​អ្នក​ជឿ​ជាក់​ថា​បណ្ដាំ​របស់​ព្រះ​គឺ​ជា​សេចក្ដី​ពិត​ឬ​ទេ? តើ​អ្នក​ជឿ​ជាក់​ថា​សាក្សី​ព្រះ​យេហូវ៉ា​យក​ឈ្នះ​ការ​រើស​អើង និង​ព្យាយាម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​សញ្ញា​សម្គាល់​នៃ​គ្រិស្ត​សាសនិក​ពិត​ឬ​ទេ? (​យ៉ូន. ១៣:៣៥​) បើ​ដូច្នេះ​មែន សូម​កុំ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក​ឡើយ។ អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក។

៦. តើ​អ្នក​អាច​រៀន​អ្វី​ពី​គំរូ​របស់​បង​រូបិន?

៦ បង​រូបិន​ពី​ប្រទេស​អាល្លឺម៉ង់​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​ជា​សាក្សី។ ប៉ុន្តែ ពេល​គាត់​នៅ​ក្មេង គាត់​មិន​ប្រាកដ​ថា​ពិត​ជា​មាន​ព្រះ​ទេ។ តើ​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​បំបាត់​ការ​សង្ស័យ​របស់​គាត់? គាត់​ទទួល​ស្គាល់​ថា​គាត់​ខ្វះ​ចំណេះ​អំពី​រឿង​នោះ។ ដូច្នេះ គាត់​បាន​សម្រេច​ចិត្ត​ស្វែង​យល់​ថែម​ទៀត។ គាត់​និយាយ​ថា​៖ ​«​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​ស្វែង​យល់​អំពី​អ្វី​ដែល​ជា​ការ​ពិត​និង​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត ហើយ​បាន​សិក្សា​អំពី​ការ​វិវត្តន៍​ម្ដង​ហើយ​ម្ដង​ទៀត​»។ គាត់​បាន​អាន​សៀវភៅ​តើ​មាន​អ្នក​បង្កើត​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ឬ​ទេ?​(​Is There a Creator Who Cares About You?​)។ សៀវភៅ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​បង​រូបិន។ គាត់​គិត​ក្នុង​ចិត្ត​ថា ‹អស្ចារ្យ​ណាស់! គឺ​មាន​ព្រះ​យេហូវ៉ា​មែន›។ ពេល​បង​រូបិន​ទៅ​លេង​មន្ទីរ​ចាត់​ការ​ពិភព​លោក គាត់​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​សាមគ្គីភាព​របស់​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក។ ពេល​គាត់​ត្រឡប់​ទៅ​ប្រទេស​អាល្លឺម៉ង់​វិញ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​កាល​ដែល​គាត់​មាន​អាយុ​១៧​ឆ្នាំ។ បើ​អ្នក​មាន​ការ​សង្ស័យ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន សូម​ធ្វើ​ការ​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​យើង។ អ្នក​អាច​បំបាត់​ការ​សង្ស័យ​របស់​អ្នក​ដោយ​មាន​«​ចំណេះ​ត្រឹម​ត្រូវ​»។ (​អេភ. ៤:១៣, ១៤​) ម្យ៉ាង​ទៀត ពេល​អ្នក​ឃើញ​សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក ហើយ​ឮ​បទ​ពិសោធន៍​អំពី​សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ពិភព​លោក អ្នក​នឹង​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​នៅ​ទូ​ទាំង​ពិភព​លោក។

សុល​អ្នក​ក្រុង​តើសុស​បាន​ទទួល​ការ​ជ្រមុជ​ទឹក

៧. តើ​សុល​ត្រូវ​កែ​តម្រូវ​របៀប​គិត​គូរ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

៧ សូម​គិត​ពិចារណា​អំពី​គំរូ​របស់​សុល​ដែល​ជា​អ្នក​ក្រុង​តើសុស។ គាត់​ជា​អ្នក​កាន់​សាសនា​យូដា​យ៉ាង​ខ្ជាប់​ខ្ជួន ហើយ​បាន​ទទួល​ការ​អប់រំ​ខ្ពស់​ក្នុង​ច្បាប់​ជនជាតិ​យូដា។ (​កាឡ. ១:១៣, ១៤; ភី. ៣:៥​) នៅ​ពេល​នោះ ជនជាតិ​យូដា​ជា​ច្រើន​គិត​ថា​គ្រិស្ត​សាសនិក​ជា​អ្នក​ក្បត់​ជំនឿ។ ដូច្នេះ សុល​ខឹង​នឹង​គ្រិស្ត​សាសនិក​ជា​ខ្លាំង​រហូត​ដល់​បៀតបៀន​ពួក​គេ។ គាត់​យល់​ច្រឡំ​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ។ (​សកម្ម. ៨:៣; ៩:១, ២; ២៦:៩​-​១១​) បើ​សុល​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក គាត់​ត្រូវ​សុខ​ចិត្ត​ទទួល​ការ​បៀតបៀន។

៨. (​ក​) តើ​អ្វី​បាន​ជួយ​សុល​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក? (​ខ​)​ យោង​ទៅ​តាម​សកម្មភាព ២២:១២​-​១៦ តើ​អាណានាស​បាន​ជួយ​សុល​តាម​របៀប​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

៨ តើ​អ្វី​បាន​ជួយ​សុល​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក? ពេល​លោក​យេស៊ូ​និយាយ​ទៅ​កាន់​សុល​ពី​ស្ថាន​សួគ៌ មាន​ពន្លឺ​ភ្លឺ​ចាំង​ចែង​ធ្វើ​ឲ្យ​គាត់​មើល​មិន​ឃើញ​សោះ។ (​សកម្ម. ៩:៣​-​៩​) អស់​បី​ថ្ងៃ​គាត់​បាន​តម​អាហារ ហើយ​ទំនង​ជា​បាន​រំពឹង​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់។ មែន​ហើយ សុល​ចាប់​ផ្ដើម​ជឿ​ជាក់​ថា​លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី ហើយ​ថា​អ្នក​កាន់​តាម​របស់​លោក​គឺ​កាន់​តាម​សាសនា​ពិត។ សុល​ទំនង​ជា​ស្ដាយ​ក្រោយ​ជា​ខ្លាំង​ដែល​គាត់​បាន​រួម​ចំណែក​ក្នុង​ការ​សម្លាប់​ស្ទេផាន! (​សកម្ម. ២២:២០​) ក្រោយ​ពី​សុល​មើល​អ្វី​មិន​ឃើញ​អស់​បី​ថ្ងៃ អ្នក​កាន់​តាម​ម្នាក់​ឈ្មោះ​អាណានាស​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ពេល​ទៅ​ជួប​គាត់ បាន​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ និង​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​បង្អែ​បង្អង់។ (​សូម​អាន សកម្មភាព ២២:១២​-​១៦​) សុល​មាន​ចិត្ត​រាប​ទាប​ស្ដាប់​តាម​អាណានាស ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។—សកម្ម. ៩:១៧, ១៨

សុល​ដើរ​ចូល​ទៅ​ក្នុង​ទឹក​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ មនុស្ស​មួយ​ចំនួន​ឈរ​មើល​យ៉ាង​អរ​សប្បាយ។

ដូច​សុល តើ​អ្នក​នឹង​ព្រម​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ​(​សូម​មើល​វគ្គ​៨​)​


៩. តើ​អ្នក​អាច​រៀន​មេ​រៀន​អ្វី​ពី​សុល?

៩ យើង​អាច​រៀន​មេ​រៀន​ពី​សុល។ គាត់​អាច​អនុញ្ញាត​ឲ្យ​អំណួត​ឬ​ការ​ខ្លាច​មនុស្ស រា​រាំង​គាត់​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្តែ​គាត់​មិន​បាន​ឲ្យ​នោះ​កើត​ឡើង​ទេ។ សុល​មាន​ចិត្ត​រាប​ទាប ហើយ​សុខ​ចិត្ត​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវិត​ដើម្បី​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ (​សកម្ម. ២៦:១៤, ១៩​) សុល​សុខ​ចិត្ត​ទៅ​ជា​គ្រិស្ត​សាសនិក ទោះ​បី​ជា​គាត់​ដឹង​ថា​គាត់​នឹង​ទទួល​ការ​បៀតបៀន​ក៏​ដោយ។ (​សកម្ម. ៩:១៥, ១៦; ២០:២២, ២៣​) ក្រោយ​ពី​គាត់​ទទួល​ការ​ជ្រមុជ​ទឹក គាត់​បាន​បន្ដ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ។ (​២កូ. ៤:៧​-​១០​) ស្រដៀង​គ្នា​ដែរ ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា ប្រហែល​ជា​នាំ​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ល្បង​ល​ជំនឿ​ឬ​ទុក្ខ​លំបាក​ផ្សេង​ៗ។ ប៉ុន្តែ អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​និង​គ្រិស្ត​នឹង​តែង​តែ​ផ្ដល់​ជំនួយ​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ ហើយ​រក្សា​ចិត្ត​ស្មោះ​ត្រង់។—ភី. ៤:១៣

១០. តើ​អ្នក​អាច​រៀន​អ្វី​ពី​គំរូ​របស់​បង​អាណា?

១០ បង​ស្រី​អាណា​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ជន​ជាតិ​ឃឺត នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត។ ក្រោយ​ពី​ម្ដាយ​របស់​បង​អាណា​បាន​ទទួល​ការ​ជ្រមុជ​ទឹក និង​ដោយ​មាន​ការ​អនុញ្ញាត​ពី​ឪពុក បង​អាណា​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ពេល​គាត់​មាន​អាយុ​៩​ឆ្នាំ។ ប៉ុន្តែ នេះ​នាំ​ឲ្យ​សាច់​ញាតិ​របស់​បង​អាណា​ដែល​រស់​នៅ​ជុំ​គ្នា​ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់​មិន​ពេញ​ចិត្ត​ជា​ខ្លាំង។ សាច់​ញាតិ​របស់​បង​អាណា​ចាត់​ទុក​ថា​ការ​ឈប់​កាន់​តាម​សាសនា​របស់​ជីដូន​ជីតា នាំ​ឲ្យ​ក្រុម​គ្រួសារ​រង​ការ​អាម៉ាស់។ ពេល​បង​អាណា​មាន​អាយុ​១២​ឆ្នាំ គាត់​បាន​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​របស់​គាត់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ ឪពុក​គាត់​ចង់​ដឹង​ថា​តើ​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់​ផ្ទាល់ ឬ​តើ​គាត់​ទទួល​ការ​បង្ខិត​បង្ខំ​ពី​អ្នក​ឯ​ទៀត? បង​អាណា​ឆ្លើយ​តប​ទៅ​ឪពុក​ថា​៖ ​«​កូន​ស្រឡាញ់​ព្រះ​យេហូវ៉ា​»។ ដូច្នេះ ឪពុក​គាត់​បាន​អនុញ្ញាត​ឲ្យ​គាត់​ទទួល​ការ​ជ្រមុជ​ទឹក។ ក្រោយ​ពី​បង​អាណា​ទទួល​ការ​ជ្រមុជ​ទឹក សាច់​ញាតិ​របស់​គាត់​បាន​បន្ដ​ប្រមាថ​មើល​ងាយ​និង​ប្រព្រឹត្ត​មិន​ល្អ​មក​លើ​គាត់។ សាច់​ញាតិ​ម្នាក់​របស់​គាត់​បាន​ប្រាប់​គាត់​ថា​៖ ​«​បើ​ឯង​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​និង​ជក់​បារី នោះ​គឺ​ល្អ​ប្រសើរ​ជាង​ឲ្យ​ឯង​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​»។ តើ​បង​អាណា​បាន​ស៊ូ​ទ្រាំ​និង​ស្ថានភាព​នេះ​យ៉ាង​ដូច​ម្ដេច? គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ឲ្យ​រឹង​មាំ ហើយ​ឪពុក​ម្ដាយ​ខ្ញុំ​គាំទ្រ​ខ្ញុំ​ខ្លាំង​ណាស់​»។ បង​អាណា​បាន​កត់​ទុក​អំពី​ពេល​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់។ ម្ដង​ម្កាល គាត់​មើល​បញ្ជី​នោះ​ដើម្បី​ជួយ​គាត់​មិន​ឲ្យ​ភ្លេច​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់។ បើ​អ្នក​ខ្លាច​ការ​ប្រឆាំង សូម​ចង​ចាំ​ថា​ព្រះ​យេហូវ៉ា​ក៏​នឹង​ជួយ​អ្នក​ដែរ។—ហេ. ១៣:៦

កូនេលាស​បាន​ទទួល​ការ​ជ្រមុជ​ទឹក

១១. តើ​កូនេលាស​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា?

១១ យើង​ក៏​អាច​ទាញ​យក​មេ​រៀន​សំខាន់​ពី​គំរូ​របស់​កូនេលាស​ដែរ។ គាត់​គឺ​ជា​«​មេ​ទាហាន​»​ម្នាក់ ដែល​ត្រួត​ត្រា​លើ​ទាហាន​១០០​នាក់​ក្នុង​កង​ទ័ព​រ៉ូម។ (​សកម្ម. ១០:១, កំ.ស.​) ហេតុ​នេះ គាត់​ប្រហែល​ជា​មាន​មុខ​មាត់​ក្នុង​សង្គម​និង​ក្នុង​វិស័យ​យោធា។ គាត់​បាន​«​ធ្វើ​ទាន​ជា​ច្រើន​ដល់​បណ្ដា​ជន​»។ (​សកម្ម. ១០:២​) ព្រះ​យេហូវ៉ា​បាន​ចាត់​សាវ័ក​ពេត្រុស​ឲ្យ​ទៅ​ប្រាប់​ដំណឹង​ល្អ​ដល់​គាត់។ តើ​កូនេលាស​ឲ្យ​ឋានៈ​របស់​គាត់​រា​រាំង​គាត់​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?

១២. តើ​អ្វី​បាន​ជួយ​កូនេលាស​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?

១២ តើ​អ្វី​បាន​ជួយ​កូនេលាស​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក? គម្ពីរ​ចែង​ថា​៖ ​«​គាត់​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់ ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ​»​ ហើយ​គាត់​ក៏​អធិដ្ឋាន​អង្វរ​ព្រះ​ជា​និច្ច​ដែរ។ (​សកម្ម. ១០:២​) ពេល​ពេត្រុស​ប្រកាស​ដំណឹង​ល្អ​ដល់​កូនេលាស គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បង្ហាញ​ជំនឿ​លើ​គ្រិស្ត ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ភ្លាម​ៗ។ (​សកម្ម. ១០:៤៧, ៤៨​) កូនេលាស​ទំនង​ជា​បាន​សុខ​ចិត្ត​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ណា​ក៏​ដោយ​ដែល​ចាំ​បាច់ ដើម្បី​គាត់​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់។—យ៉ូស. ២៤:១៥; សកម្ម. ១០:២៤, ៣៣

១៣. តើ​អ្នក​អាច​រៀន​មេ​រៀន​អ្វី​ពី​កូនេលាស?

១៣ ដូច​សុល​ដែរ កូនេលាស​អាច​អនុញ្ញាត​ឲ្យ​ឋានៈ​របស់​គាត់​រា​រាំង​គាត់​ពី​ការ​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក។ ប៉ុន្តែ គាត់​មិន​បាន​អនុញ្ញាត​ឲ្យ​នោះ​កើត​ឡើង​ទេ។ តើ​អ្នក​នឹង​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ធំ​ក្នុង​ជីវិត​របស់​អ្នក​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? បើ​ដូច្នេះ​មែន ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក។ លោក​នឹង​ឲ្យ​ពរ​អ្នក បើ​អ្នក​តាំង​ចិត្ត​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​របស់​អ្នក​ដើម្បី​បម្រើ​លោក។

១៤. តើ​អ្នក​អាច​រៀន​អ្វី​ពី​គំរូ​របស់​បង​ស៊ូយ៉ូស្ស៊ី?

១៤ បង​ប្រុស​ស៊ូយ៉ូស្ស៊ី​ពី​ប្រទេស​ជប៉ុន​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នៅ​កន្លែង​ការ​ងារ​របស់​គាត់ ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​ជា​ជំនួយ​ការ​របស់​នាយក​សាលា​អ៊ីខាណូបូ​ដែល​បង្ហាត់​បង្រៀន​ខាង​ការ​រៀប​ចំ​ផ្កា។ ពេល​នាយក​សាលា​មិន​អាច​ចូល​រួម​ពិធី​បុណ្យ​សព​ណា​មួយ បង​ស៊ូយ៉ូស្ស៊ី​ច្រើន​តែ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ខាង​ពុទ្ធសាសនា​តំណាង​គាត់។ ប៉ុន្តែ ពេល​បង​ស៊ូយ៉ូស្ស៊ី​បាន​រៀន​សេចក្ដី​ពិត​អំពី​មនុស្ស​ស្លាប់ គាត់​ដឹង​ថា​គាត់​មិន​អាច​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ទេ បើ​គាត់​បន្ដ​ធ្វើ​ដូច្នេះ។ គាត់​បាន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា គាត់​នឹង​ឈប់​ធ្វើ​តាម​ទំនៀម​ទម្លាប់​ពុទ្ធសាសនា​នោះ​ទៀត។ (​២កូ. ៦:១៥, ១៦​) បង​ស៊ូយ៉ូស្ស៊ី​បាន​និយាយ​ប្រាប់​នាយក​សាលា​អំពី​រឿង​នោះ។ តើ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? បង​ស៊ូយ៉ូស្ស៊ី​នៅ​តែ​អាច​ធ្វើ​ការ​នៅ​សាលា​ដោយ​មិន​ធ្វើ​តាម​ទំនៀម​ទម្លាប់​សាសនា​នោះ។ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​មួយ​ឆ្នាំ​ក្រោយ​ពី​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។ បើ​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការ​ងារ​របស់​អ្នក​ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត សូម​ជឿ​ជាក់​ថា​លោក​នឹង​ផ្ដល់​អ្វី​ដែល​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​ត្រូវ​ការ។—ចសព. ១២៧:២; ម៉ាថ. ៦:៣៣

អ្នក​ក្រុង​កូរិនថូស​បាន​ទទួល​ការ​ជ្រមុជ​ទឹក

១៥. ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក តើ​អ្នក​ក្រុង​កូរិនថូស​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​អ្វី​ខ្លះ?

១៥ អ្នក​ក្រុង​កូរិនថូស​សម័យ​បុរាណ​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្តិ និង​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌។ មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​ទី​នោះ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​មិន​ពេញ​ចិត្ត។ ដូច្នេះ គឺ​ពិបាក​ខ្លាំង​ណាស់​ឲ្យ​មនុស្ស​ដែល​រស់​នៅ​ទី​ក្រុង​នោះ​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ពេល​សាវ័ក​ប៉ូល​បាន​ទៅ​ដល់​ទី​ក្រុង​នោះ ហើយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​គ្រិស្ត នោះ​«​អ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​នាក់​ដែល​បាន​ឮ ក៏​ចាប់​ផ្ដើម​ជឿ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​»។ (​សកម្ម. ១៨:៧​-​១១​) ក្រោយ​មក លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​បាន​លេច​មក​ជួប​ប៉ូល​ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត ហើយ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្រុង​នេះ​»។ ដូច្នេះ ប៉ូល​បាន​បន្ដ​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ​អស់​មួយ​ឆ្នាំ​កន្លះ។

១៦. តើ​អ្វី​បាន​ជួយ​អ្នក​ក្រុង​កូរិនថូស​ខ្លះ​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក? (​កូរិនថូស​ទី​២ ១០:៤, ៥​)

១៦ តើ​អ្វី​បាន​ជួយ​អ្នក​ក្រុង​កូរិនថូស​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក? (​សូម​អាន កូរិនថូស​ទី​២ ១០:៤, ៥​) ពួក​គេ​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ក្នុង​ជីវិត​ដោយ​សារ​បណ្ដាំ​របស់​ព្រះ​និង​ឫទ្ធានុភាព​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​លោក​បាន​ជួយ​ពួក​គេ។ (​ហេ. ៤:១២​) ពួក​អ្នក​ក្រុង​កូរិនថូស​ដែល​ទទួល​យក​ដំណឹង​ល្អ​អំពី​គ្រិស្ត​បាន​លះ​ចោល​ការ​ប្រព្រឹត្ត​និង​ទម្លាប់​ដូច​ជា​ការ​ប្រមឹក​ស្រា ការ​លួច និង​ការ​រួម​ដំណេក​ជា​មួយ​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា។—១កូ. ៦:៩​-​១១a

១៧. តើ​អ្នក​អាច​រៀន​អ្វី​ពី​អ្នក​ក្រុង​កូរិនថូស?

១៧ សូម​កត់​សម្គាល់​ថា ទោះ​ជា​អ្នក​ក្រុង​កូរិនថូស​ខ្លះ​ត្រូវ​យក​ឈ្នះ​ទម្លាប់​ដែល​ចាក់​ឫស​ជ្រៅ​ក្ដី ពួក​គេ​មិន​សន្និដ្ឋាន​ថា​គឺ​ពិបាក​ពេក​ឲ្យ​ពួក​គេ​ទៅ​ជា​គ្រិស្ត​សាសនិក​ទេ។ ពួក​គេ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ដើរ​នៅ​លើ​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​ម៉ាថ. ៧:១៣, ១៤​) តើ​អ្នក​កំពុង​ព្យាយាម​យក​ឈ្នះ​ទម្លាប់​ឬ​ការ​ប្រព្រឹត្ត​អាក្រក់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? សូម​កុំ​ឈប់​ព្យាយាម​ឡើយ! សូម​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក ដើម្បី​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​ធ្វើ​អ្វី​ដែល​អាក្រក់។

១៨. តើ​អ្នក​អាច​រៀន​អ្វី​ពី​គំរូ​របស់​បង​ម៉ូនីកា?

១៨ បង​ម៉ូនីកា​ពី​ប្រទេស​ហ្សកហ្ស៊ី​បាន​ខំ​ព្យាយាម​ដើម្បី​លះ​ចោល​ពាក្យ​សម្ដី​មិន​សមរម្យ ហើយ​ឈប់​ស្ដាប់​និង​មើល​ការ​កម្សាន្ត​ដែល​អាក្រក់ ដើម្បី​រីក​ចម្រើន​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​វ័យ​ជំទង់ ការ​អធិដ្ឋាន​បាន​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​ដើម្បី​ធ្វើ​ការ​កែ​ប្រែ។ ព្រះ​យេហូវ៉ា​ដឹង​ថា​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​លោក​តែង​តែ​ជួយ​និង​ណែនាំ​ខ្ញុំ​»។ បង​ម៉ូនីកា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​គាត់​មាន​អាយុ​១៦​ឆ្នាំ។ ចុះ​អ្នក​វិញ? តើ​មាន​ការ​ប្រព្រឹត្ត​ណា​ខ្លះ​ដែល​អ្នក​ត្រូវ​លះ​ចោល​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត​ឬ​ទេ? សូម​បន្ដ​សុំ​ឫទ្ធានុភាព​ពី​លោក​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ។ ព្រះ​យេហូវ៉ា​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដោយ​ចិត្ត​ទូលាយ។—យ៉ូន. ៣:៣៤

ជំនឿ​របស់​អ្នក​អាច​រើ​ភ្នំ​បាន

១៩. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ដែល​ធំ​ប៉ុន​ភ្នំ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៩ សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក ហើយ​ចង់​ឲ្យ​អ្នក​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក។ នេះ​គឺ​ជា​ការ​ពិត ទោះ​ជា​ស្ថានភាព​ក្នុង​ជីវិត​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទទួល​ការ​ជ្រមុជ​ទឹក​ក៏​ដោយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​កាន់​តាម​មួយ​ក្រុម​របស់​លោក​នៅ​សតវត្សរ៍​ទី​១​ថា​៖ ​«​ប្រសិន​បើ​អ្នក​មាន​ជំនឿ​ប៉ុន​គ្រាប់​មូស្ដាត នោះ​អ្នក​អាច​បញ្ជា​ទៅ​ភ្នំ​នេះ​ថា​៖ ‹ចូរ​រើ​ចេញ​ពី​កន្លែង​នេះ ទៅ​កន្លែង​ផ្សេង› នោះ​ភ្នំ​នឹង​រើ​ទៅ​មែន ហើយ​នឹង​គ្មាន​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​ឡើយ​»។ (​ម៉ាថ. ១៧:២០​) ពួក​អ្នក​ដែល​ឮ​ពាក្យ​ដែល​លោក​បាន​មាន​ប្រសាសន៍​នេះ បាន​កាន់​តាម​លោក​យេស៊ូ​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ជំនឿ​កាន់​តែ​ខ្លាំង​ឡើង។ ប៉ុន្តែ លោក​យេស៊ូ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គេ​ថា​បើ​ពួក​គេ​មាន​ជំនឿ​រឹង​មាំ ព្រះ​យេហូវ៉ា​នឹង​ជួយ​ពួក​គេ​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ដែល​ធំ​ប៉ុន​ភ្នំ ហើយ​ព្រះ​យេហូវ៉ា​ក៏​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ!

បង​ប្អូន​មួយ​ក្រុម​ឈរ​ទះ​ដៃ​យ៉ាង​សប្បាយ​រីករាយ ពេល​បុគ្គល​ដែល​ទើប​តែ​ទទួល​ការ​ជ្រមុជ​ទឹក​ដើរ​កាត់​មុខ​ពួក​គេ។

សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក ហើយ​ចង់​ឲ្យ​អ្នក​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក ​(​សូម​មើល​វគ្គ​១៩​)​b


២០. តើ​គំរូ​របស់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​និង​នៅ​សព្វ​ថ្ងៃ​ដែល​បាន​លើក​ឡើង​ក្នុង​អត្ថបទ​នេះ​ជំរុញ​ចិត្ត​អ្នក​យ៉ាង​ដូច​ម្ដេច?

២០ បើ​មាន​អ្វី​ក្នុង​ជីវិត​របស់​អ្នក​ដែល​អាច​រា​រាំង​អ្នក​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក សូម​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​នោះ។ សូម​ទទួល​កម្លាំង​និង​ការ​សម្រាល​ទុក្ខ​ពី​គំរូ​របស់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​និង​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​សង្ឃឹម​ថា​គំរូ​របស់​ពួក​គេ​នឹង​លើក​ទឹក​ចិត្ត​អ្នក និង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​ពួក​សាម៉ារី​បាន​យក​ឈ្នះ​ឧបសគ្គ​ដែល​អាច​រា​រាំង​ពួក​គេ​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​យ៉ាង​ដូច​ម្ដេច?

  • តើ​តាម​របៀប​ណា​សុល​ជា​អ្នក​ក្រុង​តើសុស និង​កូនេលាស​បាន​យក​ឈ្នះ​ឧបសគ្គ​ដែល​អាច​រា​រាំង​ពួក​គាត់​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក?

  • តើ​អ្នក​ក្រុង​កូរិនថូស​យក​ឈ្នះ​ឧបសគ្គ​ដែល​អាច​រា​រាំង​ពួក​គេ​ពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​យ៉ាង​ដូច​ម្ដេច?

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

a សូម​មើល​វីដេអូ​‹តើ​អ្វី​ដែល​រា​រាំង​អ្នក​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក›? នៅ​ក្នុង​គេហទំព័រ​jw.org/km។

b ការ​ពណ៌នា​អំពី​រូប​ភាព​៖ បង​ប្អូន​មួយ​ក្រុម​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​នូវ​ពួក​អ្នក​ដែល​ទើប​តែ​ទទួល​ការ​ជ្រមុជ​ទឹក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក