តើខ្ញុំគួរឈប់បើកបរឬទេ?
អ្នកបានបើកបរអស់ជាច្រើនឆ្នាំមកហើយ។ អ្នកចូលចិត្តបើកឡានឬម៉ូតូរបស់អ្នក ហើយទៅកន្លែងណាក៏ដោយដែលអ្នកចង់ទៅ។ ប៉ុន្តែ ក្រុមគ្រួសារនិងមិត្តជាទីស្រឡាញ់របស់អ្នកបារម្ភ ហើយចង់ឲ្យអ្នកគិតឡើងវិញអំពីការសម្រេចចិត្តរបស់អ្នកស្ដីអំពីការបន្តបើកបរ។ អ្នកមិនយល់មូលហេតុដែលពួកគេបារម្ភអំពីអ្នកទេ។
តើអ្នកស្ថិតនៅក្នុងស្ថានភាពដូចនេះឬទេ? បើដូច្នេះ តើអ្វីអាចជួយអ្នកឲ្យសម្រេចចិត្តថាអ្នកគួរបន្តបើកបរឬយ៉ាងណា?
នៅប្រទេសខ្លះ អ្នកបើកបរដែលហួសអាយុកំណត់ដែលចង់បន្តប័ណ្ណបើកបរ ត្រូវតែទទួលការអនុញ្ញាតឬការពិនិត្យពីគ្រូពេទ្យ។ គ្រិស្តសាសនិកដែលរស់នៅប្រទេសទាំងនោះ ធ្វើតាមច្បាប់និងការសម្រេចចិត្តរបស់ពួកអ្នកដែលទទួលអំណាចពីរដ្ឋាភិបាល។ (រ៉ូម ១៣:១) ប៉ុន្តែ មិនថាអ្នករស់នៅកន្លែងណាក៏ដោយ មានវិធីផ្សេងៗដែលអាចជួយអ្នកឲ្យពិចារណាថា អ្នកមានសមត្ថភាពបើកបរដោយសុវត្ថិភាពឬយ៉ាងណា។
ចូរពិនិត្យពិចារណាអំពីការបើកបររបស់អ្នក
អង្គការមនុស្សវ័យចាស់មួយនៅសហរដ្ឋអាម៉េរិក(National Institute on Aging) លើកទឹកចិត្តមនុស្សវ័យចាស់ឲ្យសួរខ្លួននូវសំណួរដូចតទៅនេះ៖
តើខ្ញុំពិបាកអានស្លាកសញ្ញាចរាចរណ៍ ឬតើខ្ញុំពិបាកមើលឃើញនៅពេលយប់ឬទេ?
តើខ្ញុំលែងស្រួលបត់បែនដូចពីមុន ហើយនោះធ្វើឲ្យខ្ញុំពិបាកងាកមើលកញ្ចក់ឬមើលកន្លែងពិបាកមើលឃើញឬទេ?
តើខ្ញុំពិបាកមានប្រតិកម្មរហ័សឬទេ ដូចជាពេលលើកជើងពីកន្លែងជាន់ហ៊្គែរទៅជាន់ហ្វ្រាំង?
តើខ្ញុំបើកបរយឺតពេករហូតដល់ធ្វើឲ្យស្ទះចរាចរណ៍ឬទេ?
ថ្មីៗនេះ តើខ្ញុំប៊ិះនឹងបុកគេប៉ុន្មានដង ឬតើឡានឬម៉ូតូរបស់ខ្ញុំមានកំពិតនិងឆ្កូតដោយសារខ្ញុំបុករបស់របរឬទេ?
តើខ្ញុំធ្លាប់ត្រូវប៉ូលិសបញ្ឈប់ដោយសារការបើកបររបស់ខ្ញុំឬទេ?
តើខ្ញុំធ្លាប់ងោកពេលបើកបរឬទេ?
តើខ្ញុំប្រើថ្នាំដែលអាចប៉ះពាល់ដល់ការបើកបររបស់ខ្ញុំឬទេ?
តើសមាជិកក្រុមគ្រួសារឬមិត្តភក្តិបាននិយាយថាពួកគេបារម្ភអំពីរបៀបបើកបររបស់ខ្ញុំឬទេ?
បើអ្នកឆ្លើយថាមែនចំពោះសំណួរមួយឬពីរ អ្នកប្រហែលជាចង់គិតពិចារណាអំពីការផ្លាស់ប្ដូរខ្លះៗដែលអ្នកអាចធ្វើ។ ជាឧទាហរណ៍ អ្នកប្រហែលជាអាចកាត់បន្ថយការបើកបររបស់អ្នក ជាពិសេសនៅពេលយប់។ សូមបន្តពិនិត្យមើលការបើកបររបស់អ្នកឡើងវិញជារឿយៗ។ អ្នកប្រហែលជាអាចសុំមតិពីសមាជិកក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នកថា ការបើកបររបស់អ្នកយ៉ាងណាដែរ។ អ្នកក៏ប្រហែលជាអាចចូលវគ្គសិក្សាដើម្បីបើកបរដោយមានសុវត្ថិភាពជាង។ ប៉ុន្តែ បើអ្នកឆ្លើយថាមែនចំពោះសំណួរមួយចំនួននៅខាងលើ គឺប្រហែលជាល្អឲ្យអ្នកឈប់បើកបរ។
ចូរឲ្យគោលការណ៍គម្ពីរណែនាំអ្នក
យើងប្រហែលជាមិនកត់សម្គាល់ថា សមត្ថភាពបើកបររបស់យើងកំពុងអន់ថយទៅនោះទេ។ យើងក៏ប្រហែលជាមិនស្រួលនិយាយជាមួយនឹងអ្នកឯទៀតអំពីការបើកបររបស់យើងថា យើងគួរឈប់បើកឬយ៉ាងណាដែរ។ ដូច្នេះ តើគោលការណ៍គម្ពីរណាខ្លះអាចជួយអ្នកឲ្យគិតយ៉ាងច្បាស់លាស់ ហើយធ្វើការសម្រេចចិត្តល្អ? សូមពិចារណាគោលការណ៍ពីរយ៉ាង។
ចូររក្សាចិត្តសុភាព។ (សុភ. ១១:២) កាលដែលយើងកាន់តែចាស់ទៅសមត្ថភាពមើលឃើញ ស្ដាប់ឮ សាច់ដុំ និងប្រតិកម្មរហ័សរបស់យើងចុះខ្សោយទៅៗ។ ជាឧទាហរណ៍ មនុស្សភាគច្រើនឈប់លេងកីឡាខ្លះកាលដែលពួកគេចាស់ទៅ ដោយសារពួកគេដឹងថាពួកគេអាចងាយរងរបួស។ យើងអាចគិតអំពីគោលការណ៍ស្រដៀងនឹងនេះស្ដីអំពីការបើកបរ។ នៅពេលមួយ មនុស្សម្នាក់ប្រហែលជាសម្រេចចិត្តដោយចិត្តសុភាពថា គាត់នឹងឈប់បើកបរដោយគិតដល់សុវត្ថិភាពខ្លួន។ (សុភ. ២២:៣) ម្យ៉ាងទៀត បើអ្នកឯទៀតប្រាប់ថាពួកគេបារម្ភអំពីយើង បុគ្គលដែលមានចិត្តសុភាពនឹងសុខចិត្តស្ដាប់។—សូមពិនិត្យបន្ថែម សាំយូអែលទី២ ២១:១៥-១៧
ចូរជៀសវាងពីការមានទោសឈាម។ (បច. ២២:៨) ឡានឬម៉ូតូប្រៀបដូចជាអាវុធដ៏គ្រោះថ្នាក់មួយ បើបុគ្គលណាម្នាក់បើកបរដោយមិនសុវត្ថិភាព។ បុគ្គលម្នាក់ដែលបន្តបើកបរ ទោះបីជាសមត្ថភាពបើកបររបស់គាត់អន់ថយក៏ដោយ គាត់អាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតខ្លួននិងអ្នកឯទៀត។ បើគាត់បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត នោះគាត់អាចមានទោសឈាមទៀតផង។
បើអ្នកត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកថាគួរឈប់បើកបរឬយ៉ាងណា សូមជៀសវាងពីការគិតថាខ្លួននឹងបាត់បង់តម្លៃនិងការគោរពពីអ្នកឯទៀតបើអ្នកឈប់បើកបរ។ ព្រះយេហូវ៉ាស្រឡាញ់អ្នកដោយសារគុណសម្បត្តិរបស់អ្នករួមបញ្ចូលចិត្តសុភាព ចិត្តរាបទាប និងការយកចិត្តទុកដាក់របស់អ្នកចំពោះអ្នកឯទៀត។ ម្យ៉ាងទៀត លោកសន្យាថាលោកនឹងជួយអ្នក ហើយសម្រាលទុក្ខអ្នក។ (អេ. ៤៦:៤) លោកនឹងមិនបោះបង់ចោលអ្នកឡើយ។ ដូច្នេះ សូមសុំលោកឲ្យជួយអ្នកប្រើប្រាជ្ញានិងគោលការណ៍គម្ពីរ កាលដែលអ្នកសម្រេចចិត្តថាគួរឈប់បើកបរឬយ៉ាងណា។