បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៤ ទំ. ២១-២៦
  • ចូរទុកចិត្តព្រះយេហូវ៉ាជានិច្ច!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរទុកចិត្តព្រះយេហូវ៉ាជានិច្ច!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ឱកាស​ដែល​យើង​ត្រូវ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា
  • យើង​ត្រូវ​តែ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា
  • ​«​មាត់​តោ​»​
  • កាល​ដែល​យើង​រង់​ចាំ
  • អ្នកអាចទុកចិត្តបងប្អូនបាន!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ការទុកចិត្ដអ្នកដទៃគឺចាំបាច់ដើម្បីឲ្យជីវិតបានសប្បាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ចូរទុកចិត្តទៅលើព្រះយេហូវ៉ាទាំងស្រុង ពេលជួបប្រទះទុក្ខលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • តើចំណងមិត្តភាពរវាងអ្នកនិងព្រះយេហូវ៉ាគឺពិតប្រាកដយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៤ ទំ. ២១-២៦

ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ជា​និច្ច!

​«​ជន​ទាំង​ឡាយ​អើយ ចូរ​ទុក​ចិត្ត​នឹង​ទ្រង់​ជា​និច្ច​»។—ទំនុក​តម្កើង ៦២:៨

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​តែង​តែ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ភ្លាម​ៗ​?

  • តើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នៅ​កូរិនថូស​ទី១ ១០:១៣ សម្រាល​ទុក្ខ​អ្នក​យ៉ាង​ណា?

  • តើ​សកម្មភាព​អ្វី​ខ្លះ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​អ្នក​និង​លោក​កាន់​តែ​រឹង​មាំ?

១​-​៣​. ហេតុ​អ្វី​ប៉ូល​ជឿ​ជាក់​ថា​គាត់​អាច​ទុក​ចិត្ត​ព្រះ​យេហូវ៉ា? (សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ)

បើ​អ្នក​ជា​គ្រិស្ត​សាសនិក​នា​ក្រុង​រ៉ូម​នៅ​សតវត្សរ៍​ទី១ នោះ​អ្នក​កំពុង​រស់​នៅ​គ្រា​មួយ​ដែល​អ្នក​អាច​ជួប​គ្រោះ​ថ្នាក់។ គ្រិស្ត​សាសនិក​បាន​ត្រូវ​ជន​ជាតិ​រ៉ូម​បៀត​បៀន​យ៉ាង​ឃោរ​ឃៅ។ ជន​ជាតិ​រ៉ូម​បាន​ទម្លាក់​កំហុស​ទៅ​លើ​គ្រិស្ត​សាសនិក​ថា​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្រុង​រ៉ូម ហើយ​បាន​ចោទ​ប្រកាន់​ពួក​គាត់​ថា​មិន​រាប់​រក​មនុស្ស​ឯ​ទៀត​ទេ។ បង​ប្អូន​គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​របស់​អ្នក​បាន​ត្រូវ​គេ​ចាប់​ខ្លួន។ ពួក​គាត់​ខ្លះ​បាន​ត្រូវ​សត្វ​ហែក​ស៊ី។ បង​ប្អូន​ផ្សេង​ទៀត​បាន​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ឈើ ហើយ​បន្ទាប់​មក​គេ​ដុត​ពួក​គាត់​ទាំង​រស់​ដើម្បី​ធ្វើ​ជា​ពន្លឺ​នៅ​ពេល​រាត្រី។ រាល់​ថ្ងៃ​អ្នក​ដឹង​ថា​អ្វី​មួយ​ក្នុង​ចំណោម​អ្វី​ទាំង​នេះ​អាច​កើត​ឡើង​ចំពោះ​អ្នក។

២ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ សាវ័ក​ប៉ូល​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក។ គាត់​ប្រហែល​ជា​ឆ្ងល់​ថា បង​ប្អូន​គ្រិស្ត​សាសនិក​នឹង​ជួយ​គាត់ ឬ​មិន​ជួយ ដោយ​សារ​គាត់​បាន​ចាំ​ថា​លើក​មុន​ពេល​គាត់​ជួប​បញ្ហា​គ្មាន​អ្នក​ណា​ជួយ​គាត់​ទេ។ ប៉ុន្តែ ប៉ូល​បាន​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​លោក​ម្ចាស់​យេស៊ូ។ គាត់​បាន​សរសេរ​ថា​៖ ​«​លោក​ម្ចាស់​បាន​ឈរ​ក្បែរ​ខ្ញុំ ហើយ​ពង្រឹង​កម្លាំង​ខ្ញុំ​»។ លោក​យេស៊ូ​បាន​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ។ ប៉ូល​ថែមទាំង​បាន​សរសេរ​ថា គាត់​«​បាន​ត្រូវ​សង្គ្រោះ​ឲ្យ​រួច​ពី​មាត់​តោ​»​ទៀត​ផងa (​សូម​មើល​កំណត់​សម្គាល់​)។—ធីម៉ូថេ​ទី២ ៤:១៦, ១៧

៣ ប៉ូល​បាន​ចាំ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​កាល​ពី​មុន។ ដូច្នេះ គាត់​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ដែល​គាត់​កំពុង​ជួប​ប្រទះ​នៅ​ឥឡូវ​នេះ និង​ដើម្បី​ស៊ូ​ទ្រាំ​ការ​ពិបាក​ណា​ក៏​ដោយ​ដែល​អាច​កើត​មាន​នៅ​អនាគត។ គាត់​ប្រាកដ​ដល់​ម្ល៉េះ​បាន​ជា​គាត់​សរសេរ​ថា​៖ ​«​លោក​ម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង​»។ (​ធីម៉ូថេ​ទី២ ៤:១៨​) ប៉ូល​បាន​ដឹង​ថា​ទោះ​ជា​ក្នុង​ស្ថានភាព​ដែល​បង​ប្អូន​មិន​អាច​ជួយ​គាត់​ក៏​ដោយ គាត់​អាច​ទុក​ចិត្ត​ជា​និច្ច​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នឹង​ជួយ​គាត់។ គាត់​មិន​សង្ស័យ​ទាល់​តែ​សោះ។

ឱកាស​ដែល​យើង​ត្រូវ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា

៤, ៥​. (ក) តើ​អ្នក​ណា​អាច​ជួយ​អ្នក​ជា​និច្ច​ពេល​ដែល​អ្នក​ត្រូវ​ការ​ជំនួយ? (ខ) តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា​កាន់​តែ​រឹង​មាំ?

៤ តើ​អ្នក​ធ្លាប់​មាន​បញ្ហា​ពិបាក ហើយ​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​ជួយ​អ្នក​ឬ​ទេ? ប្រហែល​ជា​អ្នក​បាន​បាត់​បង់​ការ​ងារ ឬ​មាន​ការ​បង្ខិត​បង្ខំ​នៅ​សាលា។ ប្រហែល​ជា​អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​មាន​ទុក្ខ​លំបាក​ផ្សេង​ទៀត។ អ្នក​ប្រហែល​ជា​បាន​សុំ​ជំនួយ​ពី​អ្នក​ឯ​ទៀត ប៉ុន្តែ​អ្នក​ខក​ចិត្ត​ដោយ​សារ​ពួក​គេ​មិន​បាន​ជួយ​អ្នក​ដូច​ដែល​អ្នក​ត្រូវ​ការ។ មាន​បញ្ហា​ខ្លះ​មនុស្សជាតិ​មិន​អាច​ដោះ​ស្រាយ​បាន​ទេ។ នៅ​ពេល​នោះ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? គម្ពីរ​ប្រាប់​យើង​ឲ្យ​«​ពឹង[​ទុក​ចិត្ត​]ដល់​ព្រះ​យេហូវ៉ា​»។ (​សុភាសិត ៣:៥, ៦​) ប៉ុន្តែ តើ​អ្នក​អាច​ប្រាកដ​ថា​លោក​នឹង​ជួយ​អ្នក​ឬ​ទេ? ពិត​ជា​អាច​មែន! យើង​អាច​រៀន​អំពី​គំរូ​ជា​ច្រើន​ក្នុង​គម្ពីរ​ដែល​ឲ្យ​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ជួយ​រាស្ត្រ​របស់​លោក​មែន។

ទុក្ខ​លំបាក​ផ្ដល់​ឲ្យ​អ្នក​នូវ​ឱកាស​ដែល​អ្នក​អាច​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទាំង​ស្រុង

៥ សូម​កុំ​ខឹង​ពេល​អ្នក​ឯ​ទៀត​មិន​ផ្ដល់​ជំនួយ​ដែល​អ្នក​ត្រូវ​ការ។ ផ្ទុយ​ទៅ​វិញ ដូច​ប៉ូល​ដែរ សូម​ចាត់​ទុក​ថា​ទុក្ខ​លំបាក​នោះ​គឺ​ជា​ឱកាស​ដែល​អ្នក​ត្រូវ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ ទុក្ខ​លំបាក​នោះ​ក៏​ជា​ឱកាស​ដែល​អ្នក​អាច​ឃើញ​អំពី​របៀប​ដែល​លោក​ថែ​រក្សា​អ្នក​ដែរ។ នេះ​នឹង​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​លើ​ព្រះ​យេហូវ៉ា ហើយ​ជួយ​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​អ្នក​និង​លោក​កាន់​តែ​រឹង​មាំ។

យើង​ត្រូវ​តែ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា

៦​. ពេល​យើង​មាន​បញ្ហា​ពិបាក ហេតុ​អ្វី​យើង​ប្រហែល​ជា​មិន​ងាយ​ស្រួល​ទុក​ចិត្ត​ព្រះ​យេហូវ៉ា?

៦ អ្នក​ប្រហែល​ជា​មាន​បញ្ហា​ពិបាក​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ចិត្ត។ អ្នក​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ ហើយ​អ្នក​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ឥឡូវ​នេះ តើ​អ្នក​អាច​មាន​ចិត្ត​ស្ងប់​ដោយ​សារ​អ្នក​ទុក​ចិត្ត​ថា​លោក​នឹង​ជួយ​អ្នក​ឬ​ទេ? អ្នក​អាច​មាន​ចិត្ត​ស្ងប់​មែន! (​សូម​អាន ទំនុក​តម្កើង ៦២:៨; ពេត្រុស​ទី១ ៥:៧​) បើ​អ្នក​ចង់​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​រៀន​ឲ្យ​ចេះ​ទុក​ចិត្ត​លោក។ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​គឺ​មិន​តែង​តែ​ងាយ​ស្រួល​ឡើយ។ ហេតុ​អ្វី? មូលហេតុ​មួយ​គឺ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ភ្លាម​ៗ​ទេ។—ទំនុក​តម្កើង ១៣:១, ២; ៧៤:១០; ៨៩:៤៦; ៩០:១៣; ហាបាគុក ១:២

ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​យើង ហើយ​លោក​ដឹង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ

៧​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​តែង​តែ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ភ្លាមៗ?

៧ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មិន​តែង​តែ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ភ្លាម​ៗ​? គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​គឺ​ជាបិតា​របស់​យើង ហើយ​យើង​គឺ​ជា​កូន​របស់​លោក។ (​ទំនុក​តម្កើង ១០៣:១៣​) ជា​ឧទាហរណ៍ ឪពុក​មិន​ឲ្យ​កូន​នូវ​អ្វី​ទាំង​អស់​ដែល​កូន​សុំ ឬ​ឲ្យ​អ្វី​នោះ​ដល់​កូន​ភ្លាម​ៗ​ទេ។ ឪពុក​ដឹង​ថា​កូន​ប្រហែល​ជា​ឃើញ​អ្វី​មួយ​ភ្លាម​ចង់​បាន​ភ្លាម ហើយ​ក្រោយ​មក​លែង​ចង់​បាន​វិញ។ ឪពុក​ក៏​ដឹង​ដែរ​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន ហើយ​គាត់​ដឹង​ថា​នោះ​អាច​មាន​ឥទ្ធិពល​លើ​អ្នក​ឯ​ទៀត​ឬ​យ៉ាង​ណា។ គាត់​ដឹង​អំពី​អ្វី​ដែល​កូន​ត្រូវ​ការ ហើយ​ពេល​ណា​ដែល​កូន​គួរ​មាន​អ្វី​នោះ។ បើ​ឪពុក​ចេះ​តែ​ឲ្យ​កូន​ភ្លាម​ៗ​នូវ​អ្វី​ៗ​ដែល​កូន​សុំ ឪពុក​នោះ​នឹង​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​របស់​កូន។ ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​យើង។ ក្នុង​នាម​ជា​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​ប្រាជ្ញា លោក​ដឹង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ហើយ​លោក​សម្រេច​ចិត្ត​ថា​ពេល​ណា​ជា​ពេល​ល្អ​បំផុត​ដែល​លោក​គួរ​ឲ្យ​នូវ​អ្វី​ដែល​យើង​សុំ។ ជា​ការ​ល្អ​ដែល​យើង​គួរ​ចាំ​មើល​ថា​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​យ៉ាង​ណា​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង។—សូម​ពិនិត្យ​បន្ថែម អេសាយ ២៩:១៦; ៤៥:៩

៨​. តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​ស្តី​អំពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង?

៨ សូម​ចាំ​ដែរ​ថា​ព្រះ​យេហូវ៉ា​ដឹង​អំពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​មនុស្ស​ម្នាក់​ៗ។ (​ទំនុក​តម្កើង ១០៣:១៤​) ហេតុ​នេះ លោក​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ។ ពិត​មែន​តែ​ពេល​ខ្លះ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​មិន​អាច​ស៊ូ​ទ្រាំ​បាន​ទៀត​ទេ ប៉ុន្តែ​ព្រះ​យេហូវ៉ា​សន្យា​ថា​បើ​យើង​រង​ទុក្ខ​លំបាក​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង នោះ​លោក​នឹង​«​រៀបចំ​ផ្លូវ​ចេញ​»។ (​សូម​អាន កូរិនថូស​ទី១ ១០:១៣​) យើង​ពិត​ជា​ទទួល​ការ​សម្រាល​ទុក្ខ​មែន ពេល​យើង​ដឹង​ថា​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ស្គាល់​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង។

៩​. បើ​យើង​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ប៉ុន្តែ​លោក​មិន​បាន​តប​ឆ្លើយ​ភ្លាមៗទេ តើ​យើង​គួរ​ធ្វើ​អ្វី?

៩ បើ​យើង​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ប៉ុន្តែ​លោក​មិន​បាន​តប​ឆ្លើយ​ភ្លាម​ៗ​ទេ សូម​មាន​ចិត្ត​អត់​ធ្មត់។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ជួយ​យើង​ខ្លាំង​ណាស់ ប៉ុន្តែ​ដោយ​ចិត្ត​អត់​ធ្មត់ លោក​រង់​ចាំ​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។ គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​រង់​ចាំ​ឱកាស[​ដោយ​ចិត្ត​អត់​ធ្មត់​]នឹង​ផ្ដល់​ព្រះ​គុណ​ដល់​ឯង​រាល់​គ្នា​»​ ហើយ​«​ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្ដី​អាណិត​មេត្ដា​ដល់​ឯង​ពី​ព្រោះ​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្ដិធម៌។ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់​ចាំ​ទ្រង់​»។—អេសាយ ៣០:១៨

​«​មាត់​តោ​»​

១០​-​១២​. (ក) តើ​អ្វី​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ពិបាក​មើល​ថែ​រក្សា​សមាជិក​គ្រួសារ​ដែល​ឈឺ? (ខ) កាល​ដែល​អ្នក​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ក្នុង​គ្រា​លំបាក តើ​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចំណង​មិត្តភាព​រវាង​អ្នក​និង​លោក? សូម​លើក​ឧទាហរណ៍​មួយ។

១០ ស្ថានភាព​របស់​អ្នក​ប្រហែល​ជា​ពិបាក​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​អ្នក​មាន​អារម្មណ៍​ដូច​ប៉ូល ហើយ​ត្រូវ​ការ​គេ​ជួយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​ពី​«​មាត់​តោ​»។ (​ធីម៉ូថេ​ទី២ ៤:១៧​) ក្នុង​អំឡុង​គ្រា​ដ៏​ពិបាក​ទាំង​នេះ ជា​ការ​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​ត្រូវ​ថែ​រក្សា​សមាជិក​ក្រុម​គ្រួសារ​ម្នាក់​ដែល​ឈឺ។ អ្នក​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​លោក​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ហើយ​សុំ​លោក​ពង្រឹង​កម្លាំង​របស់​អ្នក។b (​សូម​មើល​កំណត់​សម្គាល់​) ឥឡូវ​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្នក​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ពេល​អ្នក​នឹក​ចាំ​ថា​ព្រះ​យេហូវ៉ាឃើញ ហើយ​យល់​អំពី​អ្នក ព្រម​ទាំង​ស្ថានភាព​របស់​អ្នក។ លោក​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ ហើយ​ជួយ​អ្នក​ឲ្យ​នៅ​ស្មោះ​ត្រង់​ចំពោះ​លោក។—ទំនុក​តម្កើង ៣២:៨

ចូរ​ទុក​ចិត្ត​ថា​បិតា​ដែល​នៅ​ស្ថាន​សួគ៌​នឹង​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​ដើម្បី​ស្ដាប់​បង្គាប់​លោក​ដោយ​ស្មោះ​ត្រង់

១១ ប៉ុន្តែ ក្នុង​ស្ថានភាព​ខ្លះ​មើល​ទៅ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​មិន​បាន​ជួយ​អ្នក​ទេ។ ជា​ឧទាហរណ៍ វេជ្ជបណ្ឌិត​ផ្សេង​ៗ​ឲ្យ​យោបល់​ខុស​ៗ​គ្នា​ស្តី​អំពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ ឬ​ក៏​អ្នក​សង្ឃឹម​ថា​សាច់​ញាតិ​របស់​អ្នក​នឹង​សម្រាល​ទុក្ខ​អ្នក ផ្ទុយ​ទៅ​វិញ ពួក​គេ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ស្ថានភាព​របស់​អ្នក​កាន់​តែ​ពិបាក​ជាង​មុន។ សូម​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ជា​និច្ច​ដើម្បី​ឲ្យ​លោក​ផ្ដល់​កម្លាំង​ដល់​អ្នក។ ចូរ​បន្ត​ចូល​ទៅ​ជិត​លោក។ (​សូម​អាន សាំយូអែល​ទី១ ៣០:៣, ៦​) ក្រោយ​មក ពេល​អ្នក​ទទួល​ស្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក នោះ​ចំណង​មិត្តភាព​រវាង​អ្នក​និង​លោក​នឹង​កាន់​តែ​រឹង​មាំ។

១២ បង​ស្រី​លីនដា​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ។c (​សូម​មើល​កំណត់​សម្គាល់​) គាត់​ត្រូវ​មើល​ថែ​រក្សា​ឪពុក​ម្ដាយ​របស់​គាត់​ដែល​មាន​ជំងឺ​អស់​មួយ​រយៈ​ពេល​យូរ​មុន​ពួក​គាត់​ស្លាប់។ គាត់​និយាយ​ថា​៖ ​«​នៅ​ពេល​នោះ ខ្ញុំ ប្ដី​ខ្ញុំ និង​ប្អូន​ប្រុស​ខ្ញុំ យើង​ច្រើន​តែ​ពិបាក​ដឹង​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ ជួន​កាល យើង​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​ជួយ​យើង​សោះ។ ប៉ុន្តែ ពេល​យើង​គិត​អំពី​អ្វី​ដែល​នៅ​អតីតកាល យើង​យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​នៅ​ជា​មួយ​នឹង​យើង។ លោក​បាន​ពង្រឹង​កម្លាំង​យើង ហើយ​បាន​ផ្ដល់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ទោះ​ជា​ពេល​ដែល​យើង​ហាក់​ដូច​ជា​គ្មាន​ជម្រើស​ក៏​ដោយ​»។

១៣​. តើ​តាម​របៀប​ណា​ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​បាន​ជួយ​បង​រ៉នដា​ឲ្យ​ស៊ូ​ទ្រាំ​នឹង​រឿង​ខ្លោច​ផ្សា​មួយ​ហើយ​មួយ​ទៀត?

១៣ ពេល​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទាំង​ស្រុង នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​រឿង​ខ្លោច​ផ្សា​ផ្សេង​ៗ​ដែរ។ នេះ​ជា​អ្វី​ដែល​បង​ស្រី​រ៉នដា​បាន​ឆ្លង​កាត់។ ប្ដី​របស់​គាត់​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​លែង​លះ​គាត់។ ក្នុង​អំឡុង​ពេល​នោះ ប្អូន​ប្រុស​របស់​គាត់​បាន​ត្រូវ​ពិនិត្យ​ឃើញ​ថា​មាន​ជំងឺ​ធ្ងន់ធ្ងរ​ម្យ៉ាង។ ប៉ុន្មាន​ខែ​ក្រោយ​មក ប្រពន្ធ​របស់​ប្អូន​ប្រុស​គាត់​បាន​ស្លាប់។ ពេល​បង​រ៉នដា​ចាប់​ផ្ដើម​មាន​អារម្មណ៍​ធូរ​ស្រាល​ឡើង​វិញ​ពី​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ទាំង​នេះ គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ មិន​យូរ​ក្រោយ​មក​ម្ដាយ​របស់​គាត់​បាន​ស្លាប់។ តើ​បង​រ៉នដា​អាច​ស៊ូ​ទ្រាំ​នឹង​រឿង​ខ្លោច​ផ្សា​ទាំង​នេះ​បាន​យ៉ាង​ដូច​ម្ដេច? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ សូម្បី​តែ​ក្នុង​ការ​សម្រេច​ចិត្ត​តូច​តាច​ក្ដី។ នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទៅ​ជា​បុគ្គល​ពិត​ចំពោះ​ខ្ញុំ ហើយ​ក៏​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ពឹង​ផ្អែក​លើ​លោក​ជា​ជាង​ខ្លួន​ឯង ឬ​អ្នក​ឯ​ទៀត។ ម្យ៉ាង​ទៀត លោក​ពិត​ជា​បាន​ជួយ​ខ្ញុំ​មែន ពោល​គឺ​លោក​បាន​បំពេញ​រាល់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ។ ជា​លទ្ធផល ខ្ញុំ​មាន​បទ​ពិសោធន៍​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​»។

១៤​. បើ​សមាជិក​គ្រួសារ​របស់​អ្នក​បាន​ត្រូវ​បណ្ដាច់​មិត្តភាព តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

១៤ សូម​គិត​អំពី​ស្ថានភាព​ដ៏​ពិបាក​មួយ​ទៀត។ ប្រហែល​ជា​មាន​សមាជិក​គ្រួសារ​ម្នាក់​របស់​អ្នក​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ អ្នក​ដឹង​អ្វី​ដែល​គម្ពីរ​ចែង​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ (​កូរិនថូស​ទី១ ៥:១១; យ៉ូហាន​ទី២ ១០​) ប៉ុន្តែ ដោយ​សារ​អ្នក​ស្រឡាញ់​បុគ្គល​នោះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពិបាក​ធ្វើ​តាម​បង្គាប់​ក្នុង​គម្ពីរ ឬ​ថែម​ទាំង​មាន​អារម្មណ៍​ថា​អ្នក​មិន​អាច​ធ្វើ​តាម​បង្គាប់​នោះ​ទៀត​ផង។ តើ​អ្នក​នឹង​ទុក​ចិត្ត​ថា​បិតា​ដែល​នៅ​ស្ថាន​សួគ៌​នឹង​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​ដើម្បី​ស្ដាប់​បង្គាប់​លោក​ដោយ​ស្មោះ​ត្រង់​ឬ​ទេ? តើ​អ្នក​នឹង​ចាត់​ទុក​ស្ថានភាព​នេះ​ថា​ជា​ឱកាស​ដែល​អ្នក​អាច​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ឬ​ទេ?

១៥​. ហេតុ​អ្វី​អាដាម​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា?

១៥ តើ​យើង​អាច​ប្រដូច​ស្ថានភាព​នេះ​ទៅ​នឹង​ស្ថានភាព​របស់​អាដាម​ដែល​ជា​បុរស​ទី១​យ៉ាង​ដូច​ម្ដេច? តើ​គាត់​ជឿ​ថា​គាត់​អាច​ឈប់​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​រស់​ត​ទៅ​ទៀត​ឬ? មិន​មែន​ទេ ពី​ព្រោះ​គម្ពីរ​ចែង​ថា អាដាម​«​មិន​បាន​ត្រូវ​បោក​បញ្ឆោត​»​ឡើយ។ (​ធីម៉ូថេ​ទី១ ២:១៤​) ដូច្នេះ ហេតុ​អ្វី​បាន​ជា​គាត់​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា? ដោយ​សារ​អាដាម​ស្រឡាញ់​ប្រពន្ធ​របស់​គាត់​ជាង​ព្រះ​យេហូវ៉ា គាត់​បាន​បរិភោគ​ផ្លែ​ឈើ​ដែល​នាង​បាន​ឲ្យ​គាត់។ គាត់​បាន​ស្ដាប់​ប្រពន្ធ​របស់​គាត់​ជា​ជាង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។—លោកុប្បត្តិ ៣:៦, ១៧

១៦​. តើ​យើង​គួរ​ស្រឡាញ់​អ្នក​ណា​ខ្លាំង​ជាង​គេ ហើយ​ហេតុ​អ្វី?

១៦ តើ​នេះ​មាន​ន័យ​ថា​យើង​មិន​គួរ​ស្រឡាញ់​សាច់​ញាតិ​របស់​យើង​យ៉ាង​ខ្លាំង​ឬ? មិន​មែន​ទេ។ ប៉ុន្តែ យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​គេ។ (​សូម​អាន ម៉ាថាយ ២២:៣៧, ៣៨​) ម្យ៉ាង​ទៀត ពេល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​គេ យើង​អាច​ជួយ​សាច់​ញាតិ​របស់​យើង​តាម​របៀប​ដែល​ល្អ​បំផុត ទោះ​ជា​ពួក​គេ​កំពុង​បម្រើ​ព្រះ​យេហូវ៉ា ឬ​មិន​បម្រើ​ក៏​ដោយ។ ដូច្នេះ ចូរ​បន្ត​ស្រឡាញ់​និង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង។ បើ​អ្នក​បារម្ភ​អំពី​សមាជិក​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ជម្រាប​លោក​អំពី​អារម្មណ៍​របស់​អ្នក​ក្នុង​គ្រប់​រឿង​ទាំង​អស់។d (​សូម​មើល​កំណត់​សម្គាល់​) (​រ៉ូម ១២:១២; ភីលីព ៤:៦, ៧​) ទោះ​ជា​អ្នក​កំពុង​រង​ទុក្ខ​យ៉ាង​ខ្លាំង​ក៏​ដោយ ចូរ​ចាត់​ទុក​ស្ថានភាព​នេះ​ថា​ជា​ឱកាស​មួយ​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា​កាន់​តែ​រឹង​មាំ​ថែម​ទៀត។ ក្រោយ​មក អ្នក​នឹង​អាច​ទុក​ចិត្ត​លោក ហើយ​ដឹង​ថា​ការ​ស្ដាប់​បង្គាប់​លោក​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​បំផុត។

កាល​ដែល​យើង​រង់​ចាំ

១៧​. បើ​យើង​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ តើ​យើង​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី?

១៧ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ប៉ូល​ពី​«​មាត់​តោ​»​? ប៉ូល​និយាយ​ថា​៖ ​«​ដើម្បី​ឲ្យ​ខ្ញុំ​ផ្សព្វ​ផ្សាយ​យ៉ាង​សព្វ​គ្រប់​»។ (​ធីម៉ូថេ​ទី២ ៤:១៧​) ព្រះ​យេហូវ៉ា​ក៏​បាន​ឲ្យ​យើង​នូវ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​»​ដែរ ហើយ​លោក​ហៅ​យើង​ថា​ជា​«​អ្នក​រួម​ការ​ងារ​»​ជា​មួយ​នឹង​លោក។ (​ថែស្សាឡូនិច​ទី១ ២:៤; កូរិនថូស​ទី១ ៣:៩​) បើ​យើង​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ យើង​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ។ (​ម៉ាថាយ ៦:៣៣​) ម្យ៉ាង​ទៀត បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ងាយ​ស្រួល​ជាង​ក្នុង​ការ​រង់​ចាំ​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង។

១៨​. តើ​តាម​របៀប​ណា​អ្នក​អាច​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​អ្នក​និង​លោក​កាន់​តែ​រឹង​មាំ?

១៨ ដូច្នេះ​ជា​រៀង​រាល់​ថ្ងៃ ចូរ​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា​កាន់​តែ​រឹង​មាំ។ ពេល​អ្នក​ជួប​ប្រទះ​ស្ថានភាព​ណា​ដែល​នាំ​ឲ្យ​អ្នក​ខ្វល់​ចិត្ត ចូរ​ប្រើ​ស្ថានភាព​នោះ​ដើម្បី​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ចូរ​អាន សិក្សា និង​រំពឹង​គិត​អំពី​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។ ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​និច្ច ហើយ​បន្ត​ជាប់​រវល់​ក្នុង​ការ​បម្រើ​លោក។ បើ​អ្នក​ធ្វើ​អ្វី​ទាំង​អស់​នេះ អ្នក​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​អស់​ដែល​អ្នក​មាន​នៅ​ឥឡូវ​នេះ និង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​ប្រហែល​ជា​កើត​ឡើង​នៅ​អនាគត។

a ប៉ូល​ប្រហែល​ជា​បាន​ត្រូវ​ជួយ​សង្គ្រោះ​ពី​តោ​មែនទែន ឬ​ពី​ស្ថានភាព​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​គាត់​ជួប​គ្រោះ​ថ្នាក់។

b មាន​អត្ថបទ​ផ្សេង​ៗ​ដែល​អាច​ជួយ​គ្រិស្ត​សាសនិក​ដែល​មាន​ជំងឺ​ឲ្យ​ស៊ូ​ទ្រាំ ហើយ​ក៏​ជួយ​បុគ្គល​ដែល​មើល​ថែ​រក្សា​ពួក​គេ​ដែរ។ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៧ ទំព័រ​១៩​-​២៤ ទស្សនាវដ្ដី​ប៉ម​យាម ខែ​មេសា–មិថុនា ឆ្នាំ​២០១៣ ទំព័រ​១០​-​១២ និង​សៀវភៅគន្លឹះ​នៃ​សុភមង្គល​គ្រួសារ ជំពូក​ទី​ដប់។

c ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

d មាន​អត្ថបទ​ផ្សេងៗដែល​អាច​ជួយ​យើង​ពេល​ដែល​សមាជិក​គ្រួសារ​របស់​យើង​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា។ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៣ ទំព័រ​១៥​-​១៦ វគ្គ​១៦​-​២០។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន​ទៅ​លោក ហើយ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ថា​លោក​នឹង​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ដំណាល​គ្នា​នោះ យើង​បន្ត​ជាប់​រវល់​ក្នុង​ការ​បម្រើ​លោក ដោយ​ដឹង​ថា​លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក