ហេប្រឺ
១១ ជំនឿគឺជាការទុកចិត្តដោយមានទីសំអាងមាំមួនថា អ្វីៗនឹងកើតឡើងដូចសង្ឃឹម ហើយជាការឃើញភ័ស្តុតាងដែលនាំឲ្យជឿជាក់ថា អ្វីដែលភ្នែកមើលមិនឃើញពិតជាមានមែន។ ២ ព្រោះដោយមានជំនឿនេះ មនុស្សនៅសម័យបុរាណបានទទួលការបញ្ជាក់ថាព្រះពេញចិត្តនឹងពួកគេ។
៣ ដោយសារជំនឿ យើងយល់ឃើញថាអ្វីៗក្នុងសកលលោក* បានត្រូវរៀបចំឡើងដោយប្រសាសន៍របស់ព្រះ ហេតុនេះ អ្វីដែលយើងមើលឃើញបានកើតចេញពីអ្វីដែលយើងមើលមិនឃើញ។
៤ ដោយសារជំនឿ អេបិលបានជូនគ្រឿងបូជាដែលមានតម្លៃខ្ពស់ជាងគ្រឿងបូជារបស់កាអ៊ីន ហើយដោយសារជំនឿនោះ គាត់បានទទួលការបញ្ជាក់ថាគាត់ជាមនុស្សសុចរិត ព្រោះព្រះបានបញ្ជាក់អំពីជំនូននោះឲ្យឃើញថាលោកព្រមទទួល ហើយទោះជាអេបិលបានស្លាប់ហើយក៏ដោយ ក៏គាត់និយាយនៅឡើយ តាមរយៈជំនឿរបស់គាត់។
៥ ដោយសារជំនឿ អេណុកបានត្រូវយកចេញ ដើម្បីកុំឲ្យជួបសេចក្ដីស្លាប់ ហើយគេមិនអាចរកគាត់ឃើញឡើយ ពីព្រោះព្រះបានយកគាត់ចេញហើយ ព្រោះមុនពេលដែលគាត់ត្រូវយកចេញ គាត់ទទួលការបញ្ជាក់ថា គាត់បានធ្វើឲ្យព្រះពេញចិត្ត។ ៦ ម្យ៉ាងទៀត បើគ្មានជំនឿ មិនអាចធ្វើឲ្យព្រះពេញចិត្តបានឡើយ ព្រោះអ្នកដែលចូលទៅជិតព្រះ ត្រូវតែជឿថាមានព្រះ ហើយជឿថាលោកឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត។
៧ ដោយសារជំនឿ ពេលណូអេទទួលការព្រមានពីព្រះស្តីអំពីការដែលគាត់មិនទាន់ឃើញនៅឡើយ នោះគាត់បង្ហាញការកោតខ្លាចចំពោះព្រះ ហើយសង់ទូកធំដើម្បីសង្គ្រោះពួកអ្នកផ្ទះរបស់គាត់ ហើយតាមរយៈជំនឿនេះ គាត់បានផ្ដន្ទាទោសពិភពលោក ក៏ទទួលបានសេចក្ដីសុចរិតដែលមកពីជំនឿ។
៨ ដោយសារជំនឿ ពេលដែលអាប្រាហាំបានត្រូវហៅ នោះគាត់ស្ដាប់បង្គាប់ដោយចេញទៅកន្លែងដែលគាត់ត្រូវទទួលជាមត៌ក ហើយគាត់ទៅ ទោះជាមិនបានដឹងថាគាត់ទៅកន្លែងណាក្ដី។ ៩ ដោយសារជំនឿ គាត់ស្នាក់នៅជាជនបរទេសក្នុងស្រុកសន្យា ដូចកំពុងស្នាក់នៅប្រទេសផ្សេង ក៏បានរស់នៅក្នុងត្រសាលជាមួយនឹងអ៊ីសាកនិងយ៉ាកុប ជាអ្នកទទួលសេចក្ដីសន្យាដដែលនោះជាមត៌ករួមជាមួយនឹងគាត់។ ១០ ព្រោះគាត់រង់ចាំក្រុងដែលមានគ្រឹះដ៏ពិត ជាក្រុងដែលមានព្រះជាអ្នកសង់និងជាអ្នកបង្កើត។
១១ ក៏ដោយសារជំនឿដែរ សារ៉ាបានទទួលសមត្ថភាពឲ្យមានផ្ទៃពោះបង្កើតកូន* ពេលដែលនាងហួសអាយុនឹងបង្កើតកូនទៅហើយ ពីព្រោះនាងចាត់ទុកថាលោកដែលបានសន្យាការនោះគឺស្មោះត្រង់។ ១២ ដូច្នេះ ពីបុរសតែម្នាក់ដែលប្រៀបដូចជាស្លាប់ មានកូនកើតមកដែលមានចំនួនច្រើនដូចផ្កាយនៅលើមេឃ ហើយដែលរាប់ពុំអស់ដូចខ្សាច់នៅឆ្នេរសមុទ្រ។
១៣ អ្នកទាំងអស់នោះបានស្លាប់ដោយមានជំនឿ ទោះជាពួកគេមិនបានទទួលអ្វីដែលបានត្រូវសន្យាក៏ដោយ ក៏ពួកគេបានឃើញការនោះពីចម្ងាយ ហើយបានរីករាយនឹងការនោះ ថែមទាំងបានប្រកាសដោយចំហថា ពួកគេជាជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុក។ ១៤ ព្រោះមនុស្សដែលនិយាយដូច្នោះ បញ្ជាក់ថាពួកគេកំពុងស្វែងរកយ៉ាងអស់ពីចិត្តនូវកន្លែងដែលនឹងក្លាយទៅជារបស់ខ្លួន។ ១៥ ទោះជាយ៉ាងនោះក៏ដោយ ប្រសិនបើពួកគេបាននឹកនាដល់កន្លែងដែលពួកគេចាកចេញនោះ ពួកគេនឹងមានឱកាសត្រឡប់ទៅវិញ។ ១៦ ប៉ុន្តែតាមការពិត ពួកគេកំពុងខំប្រឹងដើម្បីទទួលកន្លែងដែលប្រសើរជាង ជាកន្លែងរបស់ស្ថានសួគ៌។ ដូច្នេះ ព្រះមិនអៀនខ្មាសដោយត្រូវគេហៅរកជាព្រះរបស់ពួកគេទេ ព្រោះថា លោកបានរៀបចំក្រុងមួយឲ្យពួកគេ។
១៧ ដោយសារជំនឿ ពេលដែលអាប្រាហាំបានត្រូវពិសោធ គាត់បង្ហាញជំនឿរបស់គាត់ដោយបម្រុងនឹងបូជាអ៊ីសាក គឺបុរសដែលបានទទួលសេចក្ដីសន្យាដោយអំណរ បានប៉ុនប៉ងបូជាកូនប្រុសតែមួយរបស់គាត់ ១៨ ទោះជាគាត់បានត្រូវប្រាប់ថា៖ «អ្នកដែលនឹងត្រូវហៅថា‹ពូជរបស់អ្នក› នឹងកើតពីអ៊ីសាក»។ ១៩ ប៉ុន្តែគាត់យល់ឃើញថា ព្រះអាចប្រោសឲ្យអ៊ីសាករស់ឡើងវិញ សូម្បីតែស្លាប់ទៅហើយក្ដី ហើយគាត់បានទទួលអ៊ីសាកពីសេចក្ដីស្លាប់ក្នុងន័យធៀបមែន។
២០ ក៏ដោយសារជំនឿដែរ អ៊ីសាកបានឲ្យពរដល់យ៉ាកុបនិងអេសាវស្តីអំពីអ្វីៗនៅថ្ងៃមុខ។
២១ ដោយសារជំនឿ ពេលដែលយ៉ាកុបជិតស្លាប់ គាត់ឲ្យពរដល់កូនប្រុសម្នាក់ៗរបស់យ៉ូសែប រួចលំឱនកាយគោរពព្រះដោយច្រត់លើដំបងរបស់គាត់។
២២ ដោយសារជំនឿ ពេលដែលយ៉ូសែបជិតស្លាប់ គាត់និយាយអំពីការចាកចេញ* របស់ពួកកូនអ៊ីស្រាអែល ហើយគាត់ឲ្យបង្គាប់ដល់ពួកគេស្តីអំពីឆ្អឹងរបស់គាត់។
២៣ ដោយសារជំនឿ ឪពុកម្ដាយរបស់ម៉ូសេបានលាក់គាត់អស់បីខែ ពីព្រោះពួកគាត់ឃើញថាកូនតូចនោះស្អាតណាស់ ហើយពួកគាត់មិនខ្លាចបង្គាប់របស់ស្តេចទេ។ ២៤ ដោយសារជំនឿ ពេលដែលម៉ូសេធំពេញវ័យហើយ គាត់មិនព្រមឲ្យគេហៅគាត់ថាជាកូនរបស់កូនស្រីផារ៉ូឡើយ ២៥ ដោយសម្រេចចិត្តឲ្យគេធ្វើបាបគាត់ជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងសប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង ២៦ ពីព្រោះគាត់ចាត់ទុកការរងការជេរប្រមាថក្នុងនាមជាគ្រិស្ត* ថាជាទ្រព្យវិសេសជាងទ្រព្យទាំងអស់ក្នុងស្រុកអេស៊ីប ព្រោះគាត់សម្លឹងចំទៅរង្វាន់។ ២៧ ដោយសារជំនឿ គាត់ចេញពីស្រុកអេស៊ីប ប៉ុន្តែមិនមែនដោយខ្លាចសេចក្ដីក្រោធរបស់ស្តេចទេ ព្រោះគាត់បន្តស៊ូទ្រាំយ៉ាងអត់ធ្មត់ ហាក់ដូចជាមើលឃើញលោកដែលមនុស្សមើលពុំឃើញ។ ២៨ ដោយសារជំនឿ គាត់បានធ្វើបុណ្យរំលងហើយប្រោះឈាម ដើម្បីកុំឲ្យអ្នកពិឃាតប៉ះពាល់កូនច្បងរបស់ពួកគាត់។
២៩ ដោយសារជំនឿ ពួកគេបានដើរកាត់សមុទ្រក្រហមដូចដើរលើដីគោក ប៉ុន្តែពេលដែលជនជាតិអេស៊ីបខំចេញទៅដើរកាត់ នោះទឹកសមុទ្របានលេបពួកគេបាត់។
៣០ ដោយសារជំនឿ កំពែងក្រុងយេរីខូបានរលំ បន្ទាប់ពីជនជាតិអ៊ីស្រាអែលបានដើរជុំវិញកំពែងនោះអស់ប្រាំពីរថ្ងៃ។ ៣១ ដោយសារជំនឿ រ៉ាហាបដែលជាស្រីពេស្យាមិនបានវិនាសជីវិតជាមួយនឹងពួកអ្នកដែលមិនស្ដាប់បង្គាប់ឡើយ ពីព្រោះពេលដែលពួកអ្នកស៊ើបការណ៍មក នាងបានទទួលពួកគេដោយមេត្រី។
៣២ តើគួរនិយាយអ្វីទៀត? ព្រោះគ្មានពេលគ្រប់គ្រាន់ឲ្យខ្ញុំរៀបរាប់អំពីគេឌាន បារ៉ាក់ សាំសុន យែបថា ដាវីឌ ព្រមទាំងសាំយូអែល និងពួកអ្នកប្រកាសទំនាយឯទៀត ៣៣ ដែលតាមរយៈជំនឿ បានច្បាំងឈ្នះរាជាណាចក្រផ្សេងៗ បានធ្វើឲ្យមានសេចក្ដីសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់តោ ៣៤ បានទប់កម្ដៅភ្លើង បានរួចពីមុខដាវ ធ្លាប់ខ្សោយតែបានត្រូវធ្វើឲ្យមានកម្លាំងខ្លាំងក្លា បានក្លាយទៅជាអ្នកច្បាំងអង់អាចក្នុងសង្គ្រាម បានបំបាក់ទ័ពបរទេស។ ៣៥ ស្ត្រីខ្លះដែលមានពួកអ្នកជាទីស្រឡាញ់ស្លាប់ទៅ បានទទួលពួកគេមកវិញ តាមរយៈការប្រោសឲ្យរស់ឡើងវិញ ប៉ុន្តែបុរសឯទៀតត្រូវគេធ្វើទារុណកម្មដោយសារពួកគេមិនព្រមផ្ដល់អ្វីដើម្បីឲ្យរួចខ្លួនទេ ដើម្បីពួកគេអាចទទួលការប្រោសឲ្យរស់ឡើងវិញដែលប្រសើរជាង។ ៣៦ អ្នកឯទៀតបានត្រូវល្បងលដោយការសើចចំអកមើលងាយ ហើយដោយត្រូវគេវាយនឹងរំពាត់ខ្សែតី មិនត្រឹមតែប៉ុណ្ណោះ ត្រូវគេដាក់ច្រវាក់ និងត្រូវជាប់គុក។ ៣៧ ពួកគេបានត្រូវគេគប់ដុំថ្មសម្លាប់ ត្រូវគេល្បងល និងត្រូវគេអារបណ្ដាច់ខ្លួន។ ពួកគេបានត្រូវគេធ្វើឃាតដោយដាវ បានស្លៀករោមចៀមនិងរោមពពែ ក៏បានខ្វះខាត រងទុក្ខលំបាក និងត្រូវគេធ្វើបាប ៣៨ ហើយពិភពលោកមិនសមនឹងពួកគេឡើយ។ ពួកគេបានរស់នៅក្នុងរអាង តំបន់ស្ងាត់ជ្រងំ ភ្នំ និងរូងនៃផែនដី។
៣៩ ទោះជាយ៉ាងនោះក៏ដោយ អ្នកទាំងអស់នោះមិនបានទទួលអ្វីដែលបានត្រូវសន្យា ថ្វីបើពួកគេបានទទួលការបញ្ជាក់ដោយសារជំនឿរបស់ពួកគេក៏ដោយ ៤០ ព្រោះព្រះមានគំនិតផ្ដល់អ្វីដែលប្រសើរជាងនោះដល់យើង ដើម្បីកុំឲ្យពួកគេក្លាយទៅជាល្អឥតខ្ចោះដោយគ្មានយើង។